កណ្ឌទី ៩៣
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី៦ ខែឧសភា ឆ្នាំ១៨៣៣ (History of the Church, ១:៣៤៣–៣៤៦)។
១–៥, អស់អ្នកណាដែលមានចិត្តស្មោះត្រង់នឹងបានឃើញព្រះអម្ចាស់; ៦–១៨, យ៉ូហានបានធ្វើទីបន្ទាល់ថា ព្រះរាជបុត្រានៃព្រះ បានព្រះគុណថែមលើព្រះគុណរហូតដល់ទ្រង់បានទទួលភាពពោរពេញនូវសិរីល្អនៃព្រះវរបិតា; ១៩–២០, ពួកមនុស្សស្មោះត្រង់ដែលបានព្រះគុណថែមលើព្រះគុណ នោះក៏នឹងបានទទួលភាពពោរពេញរបស់ព្រះអង្គយ៉ាងនោះដែរ; ២១–២២, អស់អ្នកណាដែលបានកើតមកតាមរយៈព្រះគ្រីស្ទ នោះជាសាសនាចក្រនៃកូនច្បង; ២៣–២៨, ព្រះគ្រីស្ទបានទទួលភាពពោរពេញនៃសេចក្ដីពិត ហើយដោយសារការគោរពតាម នោះមនុស្សលោកក៏អាចធ្វើដូច្នោះបានដែរ; ២៩–៣២, កាលដើមដំបូង មនុស្សលោកបាននៅជាមួយព្រះ; ៣៣–៣៥, វត្ថុធាតុទាំងឡាយសុទ្ធតែមាននៅអស់កល្បជានិច្ច ហើយមនុស្សលោកអាចបានទទួលនូវភាពពោរពេញនៃសេចក្ដីអំណរនៅក្នុងដំណើររស់ឡើងវិញ; ៣៦–៣៧, សិរីល្អនៃព្រះគឺជាបញ្ញា; ៣៨–៤០, ពួកកូនក្មេងសុទ្ធតែបរិសុទ្ធនៅចំពោះព្រះ ពីព្រោះតែសេចក្ដីប្រោសលោះនៃព្រះគ្រីស្ទ; ៤១–៥៣, ពួកបងប្អូនដែលដឹកនាំគេត្រូវបានបញ្ជាឲ្យតាំងក្រុមគ្រួសាររបស់ខ្លួនឲ្យមានរបៀបរៀបរយ។
១ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ ហេតុការណ៍នឹងកើតឡើងថា មនុស្សគ្រប់រូបដែលលះបង់ចោលអំពើបាបទាំងឡាយរបស់ខ្លួន ហើយមករកយើង ហើយអំពាវនាវដល់ព្រះនាមរបស់យើង ហើយគោរពតាមសំឡេងរបស់យើង ហើយកាន់តាម ព្រះបញ្ញត្តិទាំងឡាយរបស់យើង នោះនឹងបានឃើញព្រះភក្ត្ររបស់យើង ហើយស្គាល់ថាយើងជាព្រះ
២ហើយថាយើងជាពន្លឺពិត ដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកិយ
៣ហើយថាយើងគង់នៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងយើង ហើយឯព្រះវរបិតា និងយើងគឺតែមួយ —
៤ជាព្រះវរបិតា ពីព្រោះព្រះអង្គបានប្រទានដល់យើងនូវភាពពោរពេញរបស់ទ្រង់ ហើយជាព្រះរាជបុត្រា ពីព្រោះយើងបានគង់នៅក្នុងលោកិយ ហើយបានធ្វើរោងឧបោសថរបស់យើងទៅជាសាច់ឈាម ហើយបានគង់នៅក្នុងចំណោមពួកកូនមនុស្ស។
៥យើងបានគង់នៅក្នុងលោកិយ ហើយបានទទួលពីព្រះវរបិតា និងកិច្ចការទាំងឡាយរបស់ទ្រង់ ត្រូវបានសម្ដែងប្រាប់យ៉ាងច្បាស់លាស់។
៦ហើយយ៉ូហានបានឃើញ ហើយបានធ្វើទីបន្ទាល់អំពីភាពពោរពេញនៃសិរីល្អរបស់យើង ហើយភាពពោរពេញនៃបញ្ជីរបស់យ៉ូហាន នឹងត្រូវបានបើកសម្ដែងពីពេលនេះ។
៧ហើយលោកបានធ្វើទីបន្ទាល់ថា ៖ ខ្ញុំបានឃើញសិរីល្អរបស់ទ្រង់ គឺកាលដើមដំបូងមានព្រះអង្គមុនមានលោកិយមកម្ល៉េះ
៨ហេតុដូច្នេះហើយ កាលដើមដំបូងមានព្រះបន្ទូល ត្បិតព្រះអង្គនោះហើយជាព្រះបន្ទូល គឺជាសារទូតអំពីសេចក្ដីសង្គ្រោះ —
៩ជាពន្លឺ និងជាព្រះដ៏ប្រោសលោះនៃពិភពលោក ជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលបានយាងមកក្នុងពិភពលោក ពីព្រោះពិភពលោកត្រូវបានកើតមកដោយសារទ្រង់ ហើយនៅក្នុងទ្រង់ គឺជាជីវិតនៃមនុស្សលោក និងជាពន្លឺនៃមនុស្សលោក។
១០ពិភពទាំងឡាយត្រូវបានកើតមកដោយសារទ្រង់ មនុស្សលោកត្រូវបានកើតមកដោយសារទ្រង់ គ្រប់ទាំងអស់ត្រូវបានកើតមកដោយសារទ្រង់ និងតាមរយៈទ្រង់ និងមកពីទ្រង់។
១១ហើយខ្ញុំ យ៉ូហាន ធ្វើទីបន្ទាល់ថា ខ្ញុំបានឃើញសិរីល្អរបស់ទ្រង់ ដូចជាសិរីល្អនៃព្រះរាជបុត្រាបង្កើតតែមួយនៃព្រះវរបិតា ពោរពេញទៅដោយព្រះគុណ និងសេចក្ដីពិត គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតដែលយាងមក ហើយគង់នៅក្នុងសាច់ឈាម ហើយគង់នៅក្នុងចំណោមពួកយើងរាល់គ្នា។
១២ហើយខ្ញុំ យ៉ូហាន បានឃើញថា មុនដំបូង ទ្រង់ពុំបានទទួលនូវភាពពោរពេញទេ ប៉ុន្តែបានទទួលព្រះគុណថែមលើព្រះគុណ
១៣ហើយមុនដំបូង ទ្រង់ពុំបានទទួលនូវភាពពោរពេញ ប៉ុន្តែបានព្រះគុណថែមលើព្រះគុណជាបន្តបន្ទាប់មក រហូតដល់ទ្រង់បានទទួលនូវភាពពោរពេញ
១៤ដូច្នោះហើយ ទើបទ្រង់ត្រូវបានហៅថាជាព្រះរាជបុត្រានៃព្រះ ពីព្រោះមុនដំបូង ទ្រង់ពុំបានទទួលនូវភាពពោរពេញឡើយ។
១៥ហើយខ្ញុំ យ៉ូហាន ធ្វើទីបន្ទាល់ថា ហើយមើលន៏ ផ្ទៃមេឃត្រូវបានបើកចំហ ហើយព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកសណ្ឋិតលើទ្រង់ក្នុងរូបសណ្ឋានជាព្រាបស ហើយបានគង់នៅលើទ្រង់ ហើយមានឮសំឡេងចេញពីស្ថានសួគ៌ថា ៖ នេះជាកូនស្ងួនភ្ងារបស់យើង
១៦ហើយខ្ញុំ យ៉ូហាន ធ្វើទីបន្ទាល់ថា ទ្រង់បានទទួលភាពពោរពេញនៃសិរីល្អរបស់ព្រះវរបិតា
១៧ហើយទ្រង់បានទទួលគ្រប់ព្រះចេស្ដាទាំងអស់ ទាំងនៅលើស្ថានសួគ៌ និងនៅលើផែនដីផង ហើយសិរីល្អនៃព្រះវរបិតាបានស្ថិតនៅជាមួយនឹងព្រះអង្គ ត្បិតទ្រង់គង់នៅក្នុងព្រះអង្គ។
១៨ហើយហេតុការណ៍នឹងកើតថា បើសិនជាអ្នកមានចិត្តស្មោះត្រង់ នោះអ្នកនឹងបានទទួលភាពពោរពេញអំពីបញ្ជីរបស់យ៉ូហានដែរ។
១៩យើងប្រទានដល់អ្នកនូវពាក្យទាំងនេះ ដើម្បីឲ្យអ្នកអាចយល់ ហើយចេះថ្វាយបង្គំ ហើយស្គាល់នូវអ្វីដែលខ្លួនថ្វាយបង្គំ ប្រយោជន៍ឲ្យអ្នកអាចចូលមកឯព្រះវរបិតាដោយនូវព្រះនាមរបស់យើង ហើយនៅវេលាកំណត់ ឲ្យបានទទួលនូវភាពពោរពេញរបស់ទ្រង់។
២០ត្បិតបើសិនជាអ្នកកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នកនឹងបានទទួលនូវភាពពោរពេញរបស់ទ្រង់ ហើយបានតម្កើងក្នុងយើង ដូចជាយើងនៅក្នុងព្រះវរបិតាដែរ ហេតុដូច្នេះហើយ យើងប្រាប់អ្នកថា អ្នកនឹងបានទទួលព្រះគុណថែមលើព្រះគុណ។
២១ហើយឥឡូវនេះ យើងប្រាប់អ្នកជាប្រាកដថា កាលដើមដំបូង យើងបានគង់នៅជាមួយព្រះវរបិតា ហើយយើងជាកូនច្បង
២២ហើយអស់អ្នកណាដែលបានកើតមកដោយសារយើង សុទ្ធតែជាពួកអ្នកដែលទទួលនូវសិរីល្អដូចគ្នា ហើយសុទ្ធតែជាសាសនាចក្រនៃកូនច្បង។
២៣កាលដើមដំបូង អ្នករាល់គ្នាក៏បាននៅជាមួយព្រះវរបិតាដែរ ជាអ្វីដែលជាព្រះវិញ្ញាណ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត
២៤ហើយសេចក្ដីពិតគឺជាការចេះដឹងអំពីការណ៍ទាំងឡាយដែលមាននៅពេលនេះ និងការណ៍ទាំងឡាយដែលមានមកហើយ ហើយនឹងការណ៍ទាំងឡាយដែលនឹងមាននៅខាងមុខ
២៥ហើយការណ៍ណាដែលលើស ឬតិចជាងនេះ គឺជាវិញ្ញាណនៃអាកំណាច ដែលជាអ្នកកុហកចាប់តាំងពីដើមដំបូងមកម្ល៉េះ។
២៦ព្រះវិញ្ញាណនៃសេចក្ដីពិត គឺមកពីព្រះ។ យើងជាព្រះវិញ្ញាណនៃសេចក្ដីពិត ហើយយ៉ូហានបានធ្វើទីបន្ទាល់អំពីយើងដោយថា ៖ ទ្រង់បានទទួលនូវភាពពោរពេញនៃសេចក្ដីពិត មែនហើយ គឺជាគ្រប់សេចក្ដីពិតទាំងអស់។
២៧ហើយគ្មាននរណាទទួលនូវភាពពោរពេញបានឡើយ លើកលែងតែអ្នកនោះកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់។
២៨អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ នោះបានទទួលសេចក្ដីពិត និងពន្លឺ រហូតដល់អ្នកនោះបានតម្កើងឡើងនៅក្នុងសេចក្ដីពិត ហើយស្គាល់ការណ៍គ្រប់យ៉ាង។
២៩កាលដើមដំបូង មនុស្សក៏បាននៅជាមួយនឹងព្រះដែរ។ បញ្ញា ឬពន្លឺនៃសេចក្ដីពិត ក៏ពុំបានបង្កើត ឬធ្វើឡើង ឬអាចបង្កើត ឬធ្វើឡើងឡើយ។
៣០គ្រប់សេចក្ដីពិតទាំងអស់គឺមានសេរីនៅក្នុងវិស័យដែលព្រះទ្រង់បានដាក់វាទុក ដើម្បីឲ្យប្រព្រឹត្តដោយខ្លួនឯង ដូចជាគ្រប់បញ្ញាទាំងអស់ដែរ បើពុំនោះសោតទេ គ្មានការរស់នៅឡើយ។
៣១មើលចុះ នេះហើយជាសិទ្ធិជ្រើសរើសនៃមនុស្ស និងនេះហើយជាការដាក់ទោសនៃមនុស្ស ពីព្រោះអ្វីដែលមានមកពីដើមដំបូងនោះ ត្រូវបានសម្ដែងយ៉ាងច្បាស់ដល់ពួកគេ ហើយពួកគេពុំបានទទួលពន្លឺទេ។
៣២ហើយមនុស្សគ្រប់រូបដែលវិញ្ញាណរបស់ខ្លួន ពុំបានទទួលពន្លឺទេនោះ គឺនៅក្រោមការដាក់ទោសហើយ។
៣៣ត្បិតមនុស្សជាវិញ្ញាណ។ វត្ថុធាតុទាំងឡាយសុទ្ធតែមាននៅអស់កល្បជានិច្ច ហើយវិញ្ញាណ និងវត្ថុធាតុនៅជាប់គ្នាដោយឥតបែកបាក់ឡើយ គឺបានទទួលនូវភាពពោរពេញនៃសេចក្ដីអំណរ
៣៤ហើយកាលណាបែកបាក់ពីគ្នា នោះមនុស្សពុំអាចទទួលនូវភាពពោរពេញនៃសេចក្ដីអំណរបានឡើយ។
៣៥វត្ថុធាតុទាំងឡាយសុទ្ធតែជារោងឧបោសថនៃព្រះ មែនហើយ មនុស្សជារោងឧបោសថនៃព្រះ គឺជាព្រះវិហារទាំងឡាយ ហើយព្រះវិហារណាក៏ដោយដែលខូច នោះព្រះទ្រង់នឹងបំផ្លាញព្រះវិហារនោះចោល។
៣៦សិរីល្អនៃព្រះ គឺជាបញ្ញា ឬក៏ម្យ៉ាងទៀត ជាពន្លឺ និងសេចក្ដីពិត។
៣៧ពន្លឺ និងសេចក្ដីពិតបោះបង់ចោលអាកំណាចនោះ។
៣៨កាលដើមដំបូង វិញ្ញាណនៃមនុស្សគ្រប់រូបសុទ្ធតែឥតមានទោសឡើយ ហើយព្រះដោយបានប្រោសលោះមនុស្សពីការធ្លាក់ នោះមនុស្សបានត្រឡប់ទៅក្នុងស្ថានភាពទារកវិញ គឺឥតមានទោសនៅចំពោះព្រះ។
៣៩ហើយអាកំណាចនេះមក ហើយយកពន្លឺ និងសេចក្ដីពិត ដោយសារការមិនគោរពតាម ចេញពីកូនចៅមនុស្ស និងពីព្រោះតែសណ្ដាប់ធ្នាប់នៃពួកអយ្យកោរបស់ពួកគេ។
៤០ប៉ុន្តែយើងបានបញ្ជាដល់អ្នកឲ្យចិញ្ចឹមកូនចៅរបស់ខ្លួននៅក្នុងពន្លឺ និងសេចក្ដីពិត។
៤១ប៉ុន្តែយើងប្រាប់អ្នកជាប្រាកដថា ហ្វ្រែឌើរិក ជី វិលលាម្ស ជាអ្នកបម្រើរបស់យើងអើយ អ្នកនៅក្រោមការដាក់ទោសនេះរហូតមក
៤២អ្នកពុំបានបង្រៀនកូនចៅរបស់ខ្លួនពីពន្លឺ និងសេចក្ដីពិត តាមព្រះបញ្ញត្តិទាំងឡាយនោះឡើយ ហើយអាកំណាចនោះ វាមានអំណាចនៅលើអ្នកនៅឡើយ និងនេះហើយជាហេតុនៃសេចក្ដីវេទនារបស់អ្នក។
៤៣ហើយឥឡូវនេះ យើងប្រទានព្រះបញ្ញត្តិមួយដល់អ្នក — បើសិនជាអ្នកនឹងត្រូវបានរំដោះឲ្យរួច នោះអ្នកនឹងត្រូវតាំងគេហដ្ឋានរបស់ខ្លួនឲ្យមានរបៀបរៀបរយ ត្បិតមានការណ៍ជាច្រើន ដែលពុំទាន់បានត្រឹមត្រូវនៅក្នុងគេហដ្ឋានរបស់អ្នកនៅឡើយទេ។
៤៤ប្រាកដមែន យើងប្រាប់ដល់ ស៊ីឌនី រិកដុន ជាអ្នកបម្រើយើងថា នៅក្នុងរឿងខ្លះៗ នោះគាត់ពុំបានកាន់តាមព្រះបញ្ញត្តិទាំងឡាយអំពីកូនចៅគាត់ទេ ហេតុដូច្នេះហើយ ទីមួយ ចូរតាំងគេហដ្ឋានរបស់អ្នកឲ្យមានរបៀបរៀបរយចុះ។
៤៥ប្រាកដមែន យើងប្រាប់ដល់ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង ឬម្យ៉ាងទៀតថា យើងនឹងហៅអ្នកថាជាមិត្ត ត្បិតអ្នកជាមិត្តរបស់យើង ហើយអ្នករាល់គ្នាមានកេរមរតកនៅជាមួយនិងយើងដែរ —
៤៦យើងបានហៅអ្នកជាពួកអ្នកបម្រើ ដោយយល់ដល់ពិភពលោកប៉ុណ្ណោះ ហើយអ្នករាល់គ្នាសុទ្ធតែជាអ្នកបម្រើដល់ពួកគេដោយយល់ដល់យើង —
៤៧ហើយឥឡូវនេះ យើងប្រាប់ដល់យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាប្រាកដថា — អ្នកពុំបានកាន់តាមព្រះបញ្ញត្តិទាំងឡាយទេ ហើយត្រូវតែបានបន្ទោសនៅចំពោះព្រះអម្ចាស់
៤៨ក្រុមគ្រួសាររបស់អ្នកត្រូវតែប្រែចិត្ត ហើយលះបង់ចោលការណ៍ខ្លះៗ ហើយប្រុងស្ដាប់តាមពាក្យសម្ដីរបស់អ្នក បើពុំនោះសោតទេនឹងត្រូវដកចេញពីកន្លែងរបស់ពួកគេ។
៤៩អ្វីៗដែលយើងប្រាប់ដល់មនុស្សម្នាក់យ៉ាងណា នោះយើងប្រាប់ដល់មនុស្សទាំងអស់យ៉ាងនោះដែរ ចូរអធិស្ឋានជានិច្ច ក្រែងលោអាកំណាចនោះមានអំណាចមកលើអ្នក ហើយដកអ្នកចេញពីកន្លែងរបស់អ្នក។
៥០ព្រមទាំងនូវល ខេ វិតនី ជាប៊ីស្សពនៃសាសនាចក្ររបស់យើង ក៏ត្រូវវាយផ្ចាលផងដែរ ហើយត្រូវរៀបចំគ្រួសាររបស់ខ្លួនឲ្យមានរបៀបរៀបរយ ហើយត្រូវមើលឲ្យឃើញថា ពួកគេមានចិត្តព្យាយាម ហើយគិតគូរពីគេហដ្ឋានខ្លាំងឡើង ហើយត្រូវអធិស្ឋានជានិច្ច បើពុំនោះសោតទេ ពួកគេនឹងត្រូវដកចេញពីកន្លែងរបស់ពួកគេ។
៥១ឥឡូវនេះ យើងប្រាប់អ្នក ជាមិត្តទាំងឡាយរបស់យើងថា ចូរឲ្យស៊ីឌនី រិកដុន ជាអ្នកបម្រើរបស់យើងចេញដំណើររបស់គាត់ទៅ ហើយទៅជាបន្ទាន់ ហើយឲ្យប្រកាសប្រាប់ពីឆ្នាំ ដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ និងពីដំណឹងល្អនៃសេចក្ដីសង្គ្រោះ ដូចដែលយើង នឹងប្រទានពាក្យសម្ដីដល់គាត់ ហើយដោយពាក្យអធិស្ឋាននៃសេចក្ដីជំនឿរបស់អ្នក តាមការយល់ព្រមតែមួយ នោះយើងនឹងលើកគាត់ឡើង។
៥២ហើយចូរឲ្យ យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង ហ្វ្រែឌើរិក ជី វិលលាម្ស ជាពួកអ្នកបម្រើរបស់យើង បន្ទាន់ផងចុះ ហើយអ្វីៗនឹងត្រូវបានប្រទានដល់ពួកគេ ស្របតាមពាក្យអធិស្ឋាននៃសេចក្ដីជំនឿ ហើយដរាបណាអ្នកកាន់តាមព្រះបន្ទូលទាំងឡាយរបស់យើង នោះអ្នកនឹងមិនត្រូវធ្វើឲ្យខ្មាសនៅលោកិយនេះ ឬនៅបរលោកឡើយ។
៥៣ហើយយើងប្រាប់អ្នកជាប្រាកដថា គឺជាព្រះហឫទ័យរបស់យើង ដែលអ្នកត្រូវប្រញាប់បកប្រែព្រះគម្ពីររបស់យើង និងដើម្បីឲ្យបានការចេះដឹងអំពីប្រវត្តិសាស្ត្រ និងអំពីប្រទេសទាំងឡាយ និងអំពីនគរទាំងឡាយ និងអំពីក្រឹត្យវិន័យទាំងឡាយនៃព្រះ និងមនុស្ស និងគ្រប់ ការណ៍ទាំងអស់នេះ សម្រាប់សេចក្ដីសង្គ្រោះដល់ស៊ីយ៉ូន។ អាម៉ែន៕