ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៩–១៥ ខែ កញ្ញា ៖ « ដំណឹង​ដ៏​រីករាយ​មួយ​ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ » ។ ហេលេមិន ១៣–១៦


« ថ្ងៃទី ៩–១៥ ខែ កញ្ញា ៖ ‹ ដំណឹង​ដ៏​រីករាយ​មួយ​ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ › ។ ហេលេមិន ១៣–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ៩–១៥ ខែ កញ្ញា ។ ហេលេមិន ១៣–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

សាំយូអែល​ជា​សាសន៍​លេមិន​កំពុង​បង្រៀន​នៅលើ​កំផែង

សាំយូអែល​ជា​សាសន៍​លេមិន​នៅលើ​កំផែង ដោយ អាណុល ហ្វ្រីប៊ើហ្គ

ថ្ងៃទី ៩–១៥ ខែ កញ្ញា ៖ « ដំណឹង​ដ៏​រីករាយ​មួយ​ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ »

ហេលេមិន ១៣–១៦

នៅ​គ្រា​ដំបូង​ដែល​សាំយូអែល​ជា​សាសន៍​លេមិន​បាន​ព្យាយាម​ចែកចាយ « ដំណឹង​ដ៏​រីករាយ » នៅ​ទីក្រុង​សារ៉ាហិមឡា ( ហេលេមិន ១៣:៧ ) ពួក​សាសន៍​នីហ្វៃ​ដែល​មាន​ចិត្ត​រឹងរូស​បាន​បដិសេធ​លោក ហើយ​បណ្ដេញ​លោក​ចេញ ។ បងប្អូន​អាច​និយាយ​បាន​ថា វា​ដូចជា​ពួកគេ​សង់​ជញ្ជាំង​ដ៏​ក្រាស់​មួយ​ហ៊ុមព័ទ្ធ​ដួងចិត្ត​របស់​ពួកគេ ដែល​រារាំង​ពួកគេ​មិន​ឲ្យ​ទទួល​យក​សារលិខិត​របស់​សាំយូអែល​បាន ។ សាំយូអែល​យល់​អំពី​សារៈសំខាន់​នៃ​សារលិខិត​ដែល​លោក​បាន​ថ្លែង ហើយ​បាន​បង្ហាញ​សេចក្ដីជំនឿ​ដោយ​ការធ្វើតាម​បទបញ្ញត្តិ​របស់​ព្រះ « ថា​លោក​ត្រូវ​ត្រឡប់​ទៅវិញ ហើយ​ព្យាករ » ( ហេលេមិន ១៣:៣ ) ។ ដូចជា​សាំយូអែល​ដែរ យើង​ទាំងអស់​គ្នា​ជួបប្រទះ​នឹង​ជញ្ជាំង​នេះ នៅពេល​យើង « រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអម្ចាស់ » ( ហេលេមិន ១៤:៩ ) ហើយ​ព្យាយាម​ធ្វើតាម​ពួក​ព្យាការី​របស់​ទ្រង់ ។ ហើយ​ដូចជា​សាំយូអែល​ដែរ យើង​ក៏​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ « ដែល​ពិតជា​នឹង​យាង​មក » ហើយ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ « ជឿ​ដល់​ព្រះនាម​ទ្រង់ » ផងដែរ ( ហេលេមិន ១៣:៦; ១៤:១៣ ) ។ ពុំ​មែន​មនុស្ស​គ្រប់រូប​នឹង​ស្ដាប់​តាម​នោះទេ ហើយ​មនុស្ស​មួយ​ចំនួន​អាច​នឹង​ជំទាស់​នឹង​យើង​ខ្លាំង​ផងដែរ ។ ប៉ុន្តែ​អស់​អ្នក​ដែល​ជឿ​ទៅលើ​សារលិខិត​នេះ ដោយ​មាន​សេចក្ដី​ជំនឿ​ទៅលើ​ព្រះគ្រីស្ទ ពួកគេ​នឹង​រកឃើញ​ថា សារលិខិត​នេះ​គឺ​ពិតជា « ដំណឹង​ដ៏​រីករាយ​អំពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ » មែន ( ហេលេមិន ១៦:១៤ ) ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

ហេលេមិន ១៣

ព្រះអម្ចាស់​ប្រទាន​ការព្រមាន​តាម​រយៈ​ពួក​ព្យាការី​របស់​ទ្រង់ ។

នៅក្នុង​ព្រះគម្ពីរ ពេលខ្លះ​ពួក​ព្យាការី​ត្រូវបាន​ប្រៀបធៀប​ទៅនឹង​អ្នកចាំយាម​នៅលើ​កំផែង ឬ​ប៉ម​មួយ ដែល​ព្រមាន​អំពី​គ្រោះថ្នាក់​នានា ( សូមមើល អេសាយ ៦២:៦; អេសេគាល ៣៣:១–៧ ) ។ នៅ​ពេល​ដែល​បងប្អូន​សិក្សា​ពាក្យ​របស់​សាំយូអែល​នៅក្នុង ហេលេមិន ១៣ សូម​ពិចារណា​ថា តើ​លោក​ប្រៀប​ដូច​ជា​អ្នកចាំយាម​ដោយ​របៀបណា​ចំពោះ​បងប្អូន ។ តើ​លោក​និយាយ​អ្វីខ្លះ ដែល​មើល​ទៅ​ដូចជា​ទាក់ទង​ទៅនឹង​សម័យ​របស់​យើង ? ( សូមមើល​ជាពិសេស ខទី ៨, ២១–២២, ២៦–២៩, ៣១ និង ៣៨ ) ។ ឧទាហរណ៍ តើ​សាំយូអែល​បាន​បង្រៀន​អ្វី​ខ្លះ​អំពី​ការប្រែ​ចិត្ត ? អំពី​ភាពរាបសា និង​ទ្រព្យសម្បត្តិ ? អំពី​ការស្វែងរក​សុភមង្គល « ដោយ​ធ្វើ​អំពើ​ទុច្ចរិត » ?

បងប្អូន​ក៏​អាច​ស្រាវជ្រាវ​ក្នុង​សារលិខិត​សន្និសីទ​នាពេល​ថ្មីៗ​នេះ​រកមើល​ការព្រមាន​ស្រដៀង​គ្នា​នេះ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​តាមរយៈ​ព្យាការី​សម័យ​ទំនើប​ផងដែរ ។ តើ​បងប្អូន​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ​អំពី​ការព្រមាន​ទាំងនេះ ?

សូម​រក​មើល​លំនាំ​ទាំងឡាយ ។ លំនាំ​គឺ​ជា​ផែនការ ឬ​គំរូ​មួយ​ដែល​អាច​ប្រើ​ជា​ការណែនាំ​សម្រាប់​សម្រេច​ការងារ​មួយ​បាន ។ នៅក្នុង​ព្រះគម្ពីរ យើង​រកឃើញ​លំនាំ​នានា​ដែល​បង្ហាញ​អំពី​របៀប​ដែល​ព្រះអម្ចាស់​សម្រេច​កិច្ចការ​របស់​ទ្រង់ ដូចជា​ការបញ្ជូន​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ឲ្យ​ទៅ​ព្រមាន​ដល់​ប្រជាជន​ជាដើម ។

គ្រួសារ​កំពុង​មើល​សន្និសីទ​ទូទៅ

នៅពេល​យើង​ស្តាប់​ព្យាការី​ទាំងឡាយ នោះ​ពួកលោក​ចង្អុល​បង្ហាញ​យើង​ឲ្យ​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ

ហេលេមិន ១៣–១៥

seminary icon
ព្រះ​អញ្ជើញ​ខ្ញុំ​ឲ្យ​ប្រែចិត្ដ ។

ការព្រមាន​របស់​សាំយូអែល​អំពី​ការជំនុំ​ជម្រះ​របស់​ព្រះ​តែងតែ​មាន​បញ្ចូល​នូវ​ការអញ្ជើញ​ដ៏​មេត្តា​ករុណា​មួយ​ឲ្យ​ប្រែចិត្ត​ជានិច្ច ។ សូម​រកមើល​ការអញ្ជើញ​ទាំងនេះ​នៅ​ទូទាំង ហេលេមិន ១៣–១៥ ( សូម​មើល​ជាពិសេស ហេលេមិន ១៣:៦–១១; ១៤:១៥–១៩; ១៥:៧–៨ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ចេញ​មក​ពី​ខគម្ពីរ​ទាំងនេះ​អំពី​ការប្រែចិត្ត ? មនុស្ស​ខ្លះ​យល់​ថា ការប្រែចិត្ដ​គឺជា​ការដាក់​ទោស​ដ៏​ឃោរឃៅ​មួយ—ជា​អ្វី​ដែល​ត្រូវ​ចៀសវាង ។ តាម​គំនិត​របស់​បងប្អូន​ផ្ទាល់ តើ​សាំយូអែល​ចង់​ឲ្យ​ពួក​សាសន៍​នីហ្វៃ​មើល​ទៅ​ការប្រែចិត្ត​តាម​របៀប​ណា​វិញ ?

ដើម្បី​ឲ្យ​ការសិក្សា​របស់​បងប្អូន​កាន់តែ​ស៊ីជម្រៅ បងប្អូន​អាច​អាន​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន « We Can Do Better and Be Better » បាន ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ) ។ តើ​លោក​កំណត់​និយមន័យ​ការប្រែចិត្ដ​យ៉ាង​ដូចម្តេច ? តើ​ពរជ័យ​នៃ​ការប្រែ​ចិត្ត​ដោយ​ស្មោះ ដែល​បងប្អូន​រកឃើញ​នៅក្នុង​សារលិខិត​របស់​លោក​មាន​អ្វីខ្លះ ? បងប្អូន​ក៏​អាច​ស្វែងរក​អ្វី​ដែល​ជាក់លាក់ ដែល​ព្យាការី​បាន​អញ្ជើញ​យើង​ឲ្យ​ផ្លាស់​ប្ដូរ​ផង​ដែរ ។ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រាប់​បងប្អូន​ថា បងប្អូន​ត្រូវ​តែ​ផ្លាស់​ប្ដូរ​អ្វីខ្លះ ? សូម​ពិចារណា​សរសេរ​វិវរណៈ​ផ្ទាល់​ខ្លួន​ដែល​បងប្អូន​ទទួល​បាន ។

តើ​ការប្រែ​ចិត្ត​ខុស​ពី​ការគ្រាន់តែ​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ? ហេតុអ្វី​វា​មាន​សារៈសំខាន់​ក្នុង​ការទទួល​យក​ការអញ្ជើញ​របស់​ព្រះ​ឲ្យ​ប្រែចិត្ដ ? នៅពេល​ដែល​បងប្អូន​ពិចារណា​អំពី​រឿង​នេះ សូម​ពិចារណា​ច្រៀង ឬ​ស្តាប់​ទំនុក​តម្កើង​មួយ​បទ ដែល​បង្ហាញ​ពី​ការអញ្ជើញ​នេះ​ដូច​ជា​បទ « ឱ! បញ្ញាត្តិ​ទន់ភ្លន់​ទ្រង់ » ( ទំនុក​តម្កើង ល.រ. ៦៨ ) ។

សូម​មើល​ផង​ដែរ « ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយ​អ្នក » ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ទំព័រ ៦–៩; « Repentance: A Joyful Choice » និង « Principles of Peace: Repentance » ( វីដេអូ ) នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ; Gospel Topics « Repentance » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

ហេលេមិន ១៤; ១៦:១៣–២៣

ព្រះ​បាន​បញ្ជូន​ទីសម្គាល់ និង​ការដ៏​អស្ចារ្យ​ជាច្រើន ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ការប្រសូត្រ និង​ការសុគត​របស់​ព្រះអង្គ​សង្គ្រោះ ។

នៅក្នុង ហេលេមិន ១៤ សាំយូអែល​ពន្យល់​ថា ព្រះអម្ចាស់​បាន​ប្រទាន​ទីសម្គាល់​ជាច្រើន​អំពី​ការប្រសូត និង​ការសុគត​របស់​ព្រះអង្គ​សង្រ្គោះ​ដើម្បី​ឲ្យ​មនុស្ស « អាច​ស្គាល់​នូវ​…​ការយាងមក​របស់​ទ្រង់ » និង « ជឿ​ដល់​ព្រះ​នាម​ទ្រង់ » ( ហេលេមិន ១៤:១២ ) ។ នៅពេល​បងប្អូន​សិក្សា ហេលេមិន ១៤ សូម​កត់ចំណាំ​ទីសម្គាល់​អំពី​ការប្រសូត​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង ខទី ១–៨ និង​ទីសម្គាល់​អំពី​ការសុគត​របស់​ទ្រង់​នៅក្នុង ខទី ២០–២៨ ។ ហេតុអ្វី​បងប្អូន​គិត​ថា ទីសម្គាល់​ទាំងនេះ​នឹង​ជា​របៀប​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​បង្ហាញ​ពី​ការប្រសូត និង​ការសុគត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូច្នេះ ?

ទីសម្គាល់​ខ្លះ​ទៀត​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន និង​មិន​សូវ​អស្ចារ្យ​អាច​ជួយ​យើង​ឲ្យ « ជឿ​ដល់​ព្រះនាម [ របស់​ព្រះអង្គ​សង្រ្គោះ ] » បាន ។ តើ​ទ្រង់​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ពង្រឹង​ជំនឿ​របស់​បងប្អូន​ទៅ​លើ​ទ្រង់ ?

តើ​មាន​ការព្រមាន​ឲ្យ​ប្រុងប្រយ័ត្ន​អ្វីខ្លះ ដែល​ប្រាប់​ពី​ទីសម្គាល់​ទាំងឡាយ​នៅ​ក្នុង ហេលេមិន ១៦:១៣–២៣ ? តើ​បងប្អូន​អាច​ចៀសវាង​ពី​អាកប្បកិរិយា​របស់​មនុស្ស​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ដោយ​របៀប​ណា ?

សូមមើល​ផងដែរ អាលម៉ា ៣០:៤៣–៥២; រ៉ូណល អេ រ៉ាសបាន « By Divine Design » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៥៥–៥៧ ។

ហេលេមិន ១៥:៣

ការវាយផ្ចាល​មកពី​ព្រះអម្ចាស់​គឺជា​សញ្ញា​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។

ពាក្យ​សម្តី​របស់​សាំយូអែល​មាន​នូវ​ការប្រដៅ​ដ៏​តឹងរឹង​ជា​ច្រើន ប៉ុន្តែ ហេលេមិន ១៥:៣ ផ្តល់​ឲ្យ​យើង​នូវ​ទស្សនវិស័យ​អំពី​ការវាយផ្ចាល​មកពី​ព្រះអម្ចាស់ ។ តើ​ការវាយ​ផ្ចាល​មកពី​ព្រះអម្ចាស់​អាច​ជា​សញ្ញា​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​បាន​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​ឃើញ​ភស្តុតាង​អ្វី​ខ្លះ​អំពី​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ការព្យាករ និង​ការព្រមាន​ទាំងឡាយ​របស់​សាំយូអែល ?

សូម​ពិចារណា​សិក្សា​សារលិខិត​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « As Many as I Love, I Rebuke and Chasten » ( Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៧–១០០ ) ហើយ​ស្វែងរក​គោល​បំណង​ចំនួន​បី​នៃ​ការវាយផ្ចាល​ដ៏​ទេវភាព ។ តើ​បងប្អូន​បាន​ឃើញ​ព្រះ​ធ្វើការ​តាម​របៀប​ទាំង​នេះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​នៅ​ពេល​ណា ?

ហេលេមិន ១៦

ព្យាការី​ចង្អុល​បង្ហាញ​ខ្ញុំ​ឲ្យ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅក្នុង ហេលេមិន ១៦ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី​អ្នក​ទាំងឡាយ​ដែល​ទទួល​យក​ការបង្រៀន​របស់​សាំយូអែល ? តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​អ្នក​ទាំងឡាយ​ដែល​បដិសេធ​លោក ? សូម​គិត​អំពី​របៀប​ដែល​ការធ្វើ​តាម​ព្យាការី​នៅរស់ បាន​ជួយ​បងប្អូន​ឲ្យ​ខិត​ទៅ​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

ហេលេមិន ១៣:២–៥

ព្រះ​អាច​មាន​ព្រះបន្ទូល​មក​កាន់​ខ្ញុំ​នៅក្នុង​ចិត្ត​របស់​ខ្ញុំ​បាន ។

  • តើ​បងប្អូន​អាច​បង្រៀន​កូនៗ​របស់​បងប្អូន​ថា ព្រះ​អាច​មាន​បន្ទូល​ទៅ​កាន់​ដួងចិត្ត​របស់​យើង ដូច​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ចំពោះ​សាំយូអែល​ដោយ​របៀបណា ? ប្រហែល​ជា​បងប្អូន​អាច​សុំ​ឲ្យ​កូនៗ​បង្ហាញ​អំពី​វិធី​ផ្សេងៗ​ដើម្បី​ទាក់ទងគ្នា​ដោយ​ពុំ​ចាំបាច់​និយាយ​ទេ ( ដូចជា​កាយវិការ ឬ​ការបង្ហាញ​តាមរយៈ​ទឹកមុខ ) ។ ការណ៍​នេះ​អាច​នាំ​ឲ្យ​មាន​ការពិភាក្សា​អំពី​វិធី​ផ្សេងៗ ដែល​ព្រះវរបិតាសួគ៌​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​យើង ។ ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​មើល​រូបភាព​សាំយូអែល​ជា​សាសន៍​លេមិន ( គម្រោង​មេរៀន​នេះ​មាន​រូបភាព​ពីរ ) ហើយ​អាន ហេលេមិន ១៣:២–៥ នៅពេល​ដែល​កូនៗ​របស់​បងប្អូន​ស្តាប់​រក​របៀប​ដែល​ព្រះ​មាន​បន្ទូល​ប្រាប់​សាំយូអែល​អំពី​អ្វី​ដែល​ត្រូវ​និយាយ ។

  • ពួក​យើង​ជាច្រើន—ជាពិសេស​កុមារ—ត្រូវការ​ជំនួយ​ក្នុង​ការរៀន​ដើម្បី​ស្គាល់​អំពី របៀប និង ពេល ព្រះ​មាន​បន្ទូល​មកកាន់​យើង ។ បងប្អូន​អាច​ប្រាប់​កូនៗ​របស់​បងប្អូន​អំពី​គ្រា​មួយ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​បងប្អូន​ឲ្យ​ដឹង​នៅ​ក្នុង​ចិត្ត​របស់​បងប្អូន​អំពី​អ្វី​ដែល​ព្រះ​សព្វព្រះទ័យ​ឲ្យ​បងប្អូន​ធ្វើ ឬ​និយាយ ។ សូម​ពន្យល់​ពី​របៀប​ដែល​បងប្អូន​បាន​ដឹង​ថា ព្រះ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​បងប្អូន ។ ប្រហែលជា​កូនៗ​របស់​បងប្អូន​ក៏​អាច​ចែកចាយ​បទពិសោធន៍​ស្រដៀងគ្នា​នេះ ដែល​ពួកគេ​ធ្លាប់​មាន​ផងដែរ ។

ហេលេមិន ១៤:២–៧, ២០–២៥

ពួក​ព្យាការី​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការច្រៀង​ជាមួយ​គ្នា​នូវ​បទ « Samuel Tells of the Baby Jesus » ( Children’s Songbook ទំព័រ ៣៦ ) អាច​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​បង្រៀន​កូនៗ​របស់​បងប្អូន​នូវ​អ្វី​ដែល​សាំយូអែល​បាន​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ មួយ​ទៀត​គឺ​ការចែកចាយ​នៅក្នុង « ជំពូក​ទី ៤០ ៖ សាំយូអែល​ជា​សាសន៍​លេមិន​ប្រាប់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ » ( ដំណើររឿង​ព្រះគម្ពីរ​មរមន ទំព័រ ១១១–១១៣ ) ។ តើ​សាំយូអែល​បាន​បង្រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ ? ប្រហែល​ជា​បងប្អូន​ក៏​អាច​ចែកចាយ​នូវ​អ្វី​ដែល​ព្យាការី​សម័យ​ទំនើប​បង្រៀន​អំពី​ទ្រង់​បាន​ផងដែរ ។ តើ​ពាក្យ​សម្ដី​របស់​ពួកព្យាការី​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​យើង​ទៅលើ​ទ្រង់​ដោយ​របៀបណា ?

ហេលេមិន ១៦:១–៦

ខ្ញុំ​មាន​ពរ​នៅពេល​ខ្ញុំ​ធ្វើ​តាម​ព្យាការី ។

  • បងប្អូន​អាច​ស្ថាបនា​ទំនុកចិត្ត​របស់​កូនៗ​របស់​បងប្អូន​ទៅលើ​ព្យាការី តាមរយៈ​ការបង្ហាញ​ពួក​គេ​នូវ​គំរូ​របស់​មនុស្ស​ដែល​ស្មោះ​ត្រង់​ទាំងឡាយ ។ គំរូ​ទាំងនេះ​មាន​នៅក្នុង ហេលេមិន ១៦:១, ៥ ។ នៅពេល​ដែល​បងប្អូន​អាន កូនៗ​របស់​បងប្អូន​អាច​ក្រោកឈរ​ឡើង នៅពេល​ពួក​គេ​ឮ​អ្វី​ដែល​មនុស្ស​បាន​ធ្វើ នៅ​ពេល​ពួក​គេ​បាន​ជឿ​លើ​ពាក្យសម្តី​របស់​សាំយូអែល ។ បន្ទាប់​មក កាល​បងប្អូន​អាន ខទី ២ និង ៦ កូនៗ​របស់​បងប្អូន​អាច​អង្គុយ​ចុះ​បាន ពេល​ពួកគេ​ឮ​អ្វី​ដែល​ប្រជាជន​បាន​ធ្វើ នៅពេល​ពួកគេ​ពុំ​បាន​ជឿ ។ តើ​យើង​អាច​បង្ហាញ​ថា យើង​ជឿ​លើ​ពាក្យ​សម្ដី​របស់​ព្យាការី​នៅរស់​តាម​របៀប​ណា ? សូម​ប្រាប់​កូនៗ​របស់​បងប្អូន​អំពី​របៀប​ដែល​បងប្អូន​ទទួល​បាន​ពរជ័យ នៅពេល​បងប្អូន​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអម្ចាស់​តាម​រយៈ​ព្យាការី​របស់​ទ្រង់ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

សាំយូអែល​ជា​សាសន៍​លេមិន

Samuel the Lamanite [ សាំយូអែល​ជា​សាសន៍​លេមិន ] ដោយ ឡេស្ទើរ យូគឹម ។