ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៦ ខែ សីហា–ថ្ងៃទី ១ ខែ កញ្ញា ៖ « សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង » ។ ហេលេមិន ១–៦


« ថ្ងៃទី ២៦ ខែ សីហា–ថ្ងៃទី ១ ខែ កញ្ញា ៖ ‹ សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង › ។ ហេលេមិន ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ២៦ ខែ សីហា–ថ្ងៃទី ១ ខែ កញ្ញា ។ ហេលេមិន ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

ទឹក​រលក​បោកបក់​លើ​ថ្ម

ថ្ងៃទី ២៦ ខែ សីហា–ថ្ងៃទី ១ ខែ កញ្ញា ៖ « សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង »

ហេលេមិន ១–៦

ព្រះគម្ពីរ​ហេលេមិន​កត់ត្រា​ទាំង​ភាពជោគជ័យ និង​សោកនាដកម្ម​នៅក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន ។ វា​ចាប់ផ្ដើម​ដោយ « មាន​ការពិបាក​យ៉ាង​ធ្ងន់ធ្ងរ​មួយ​នៅក្នុង​ចំណោម​ប្រជាជន​នៃ​ពួក​សាសន៍​នីហ្វៃ » ( ហេលេមិន ១:១ ) ហើយ​ការពិបាក​នេះ​បាន​បន្ដ​មាន​នៅក្នុង​កំណត់ត្រា​ទាំងមូល ។ នៅទីនេះ​យើង​អាន​អំពី​ការរំជើប​រំជួល​ខាង​នយោបាយ ក្រុម​ចោរប្លន់ ការ​បដិសេធ​ពួក​ព្យាការី និង​ភាពឆ្មើង​ឆ្មៃ និង​ការឥត​ជំនឿ​ដែល​មាន​នៅ​ទូទាំង​ដែនដី ។ ប៉ុន្តែ​យើង​ក៏​រកឃើញ​គំរូ​មួយ​ចំនួន​ផងដែរ ដូចជា​នីហ្វៃ និង​លីហៃ និង « ប្រជាជន​ដែល​សុភាព​រាបសា » ដែល​ពុំ​គ្រាន់តែ​នៅ​រស់រាន​មាន​ជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​ការរីកចម្រើន​ខាង​វិញ្ញាណ​ទៀតផង ( ហេលេមិន ៣:៣៤ ) ។ តើ​ពួកគេ​ធ្វើ​បាន​តាម​របៀបណា ? តើ​ពួកគេ​នៅ​រឹងមាំ​បាន​យ៉ាង​ដូចម្ដេច ខណៈ​ដែល​អរិយធម៌​របស់​ពួកគេ​ចាប់​ផ្ដើម​ចុះ​អន់ថយ ឬ​ធ្លាក់ចុះ​នោះ ? វា​ដូចគ្នា​សម្រាប់​ពួក​យើង​ផងដែរ ពួកយើង​បន្ដ​នៅ​រឹងមាំ​នៅក្នុង « ខ្យល់​ព្យុះ​កំណាច » ដែល​ពួក​អារក្ស​បាន​បញ្ជូន​មក​ឲ្យ « បោកបក់​មក​លើ [ យើង ] »—តាមរយៈ​ការស្ថាបនា​ជីវិត​របស់​យើង « នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង គឺ​ព្រះគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ … ជា​គ្រឹះ​មួយ​បើសិន​ណា​មនុស្ស​សង់​នៅលើ​នោះ នោះ​ពួកគេ​មិនអាច​រលំ​បាន​ឡើយ » ( ហេលេមិន ៥:១២ ) ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

ហេលេមិន ១–៦

ភាពឆ្មើងឆ្មៃ​បំបែក​យើង​ចេញពី​ព្រះវិញ្ញាណ និង​កម្លាំង​នៃ​ព្រះ ។

នៅពេល​បងប្អូន​អាន ហេលេមិន ១–៦ បងប្អូន​អាច​កត់​សម្គាល់​ឃើញ​លំនាំ​មួយ​នៅក្នុង​ឥរិយាបថ​របស់​ពួក​សាសន៍​នីហ្វៃ ។ នៅពេល​ពួកគេ​ជា​មនុស្ស​សុចរិត ព្រះ​ប្រទានពរ​ដល់​ពួកគេ ហើយ​ពួកគេ​ចម្រើន​រុងរឿង​ឡើង ។ បន្ទាប់ពី​មួយ​រយៈ​ទៅ ពួកគេ​មាន​សេចក្ដី​ឆ្មើងឆ្មៃ និង​ទុច្ចរិត ហើយ​ធ្វើការ​សម្រេច​ចិត្ត​ដែល​នាំ​ទៅ​រក​ការបំផ្លិច​បំផ្លាញ និង​ការរងទុក្ខ ។ បន្ទាប់​មក ពួកគេ​បាន​បន្ទាបខ្លួន ហើយ​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ប្រែចិត្ត ហើយ​ព្រះ​ប្រទានពរ​ដល់​ពួកគេ​ជា​ថ្មី​ម្ដងទៀត ។ លំនាំ​នេះ​កើត​មាន​ម្ដង​ហើយ​ម្ដង​ទៀត ដែល​ជាញឹកញាប់​មនុស្ស​មួយ​ចំនួន​ហៅ​វា​ថាជា « វដ្ត​នៃ​ភាពឆ្មើងឆ្មៃ » ។

វដ្ត​នៃ​ភាពឆ្មើងឆ្មៃ

« វដ្ត​នៃ​ភាពឆ្មើងឆ្មៃ »

សូម​រក​មើល​ឧទាហរណ៍​នានា​អំពី​វដ្ដ​នេះ នៅពេល​បងប្អូន​អាន ហេលេមិន ១–៦ ។ នេះ​គឺជា​សំណួរ​មួយ​ចំនួន​ដើម្បី​ជួយ​បងប្អូន​ឲ្យ​យល់​អំពី​លំនាំ​នេះ ៖

  • តើ​បងប្អូន​មើល​ឃើញ​មាន​ភស្ដុតាង​នៃ​ភាពឆ្មើងឆ្មៃ​អ្វីខ្លះ​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ? ( សូមមើល​ឧទាហរណ៍ ហេលេមិន ៣:៣៣–៣៤; ៤:១១–១៣ ) ។ តើ​បងប្អូន​មើល​ឃើញ​ភស្តុតាង​នៃ​ភាពឆ្មើងឆ្មៃ​ស្រដៀង​គ្នា​នេះ​មាន​នៅក្នុង​ខ្លួន​របស់​បងប្អូន​ដែរ​ឬទេ ?

  • តើ​លទ្ធផល​នៃ​ភាពឆ្មើងឆ្មៃ និង​អំពើ​ទុច្ចរិត​មាន​អ្វីខ្លះ ?​( សូមមើល ហេលេមិន ៤:២៣–២៦ ) ។ តើ​លទ្ធផល​នៃ​ភាពរាបសា និង​ការប្រែចិត្ត​មាន​អ្វីខ្លះ ? ( សូមមើល ហេលេមិន ៣:២៧–៣០, ៣៥; ៤:១៤–១៦ ) ។

  • តើ​ហេលេមិន​ចង់​ឲ្យ​ពួក​កូន​ប្រុស​របស់​គាត់​ចងចាំ​អ្វី​ខ្លះ ? ( សូម​មើល ហេលេមិន ៥:៤–១២ ) ។ តើ​ការចងចាំ​សេចក្ដីពិត​ទាំងនេះ​អាច​ជួយ​បងប្អូន​ឲ្យ​ចៀសវាង​ពី​ការ​មាន​ភាពឆ្មើងឆ្មៃ​បាន​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ « Chapter 18: Beware of Pride » Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ២២៩–៤០; « ខ្ញុំ​ត្រូវការ​ទ្រង់​ជានិច្ច » ទំនុក​តម្កើង ល.រ. ៤៧ ។

ហេលេមិន ៣:២៤–៣៥

សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ​បំពេញ​ព្រលឹង​របស់​ខ្ញុំ​ដោយ​អំណរ ។

នៅក្នុង ហេលេមិន ៣ មរមន បាន​រៀបរាប់​ពី​គ្រា​នៃ​ការត្រេកអរ នៅពេល​សាសនាចក្រ​មាន​ពរ​យ៉ាង​ខ្លាំង​ដែល​សូម្បី​តែ​ថ្នាក់​ដឹកនាំ​ក៏​មាន​ការភ្ញាក់​ផ្អើល​ដែរ ។ ដោយ​ផ្អែកលើ​អ្វី​ដែល​បងប្អូន​បាន​អាន​នៅក្នុង ខទី ២៤–៣២ តើ​បងប្អូន​គិត​ថា អ្វី​ទៅ​ដែល​នាំឲ្យ​មាន​ស្ថានភាព​ពេញ​ដោយ​អំណរ​នោះ ? ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​មែន​សមាជិក​ទាំង​អស់​បាន​បន្ត​ដោយ​អំណរ​នោះ​ទេ ។ សូម​កត់​សម្គាល់​ពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​ដែល​បាន​ពិពណ៌នា​នៅក្នុង ខទី ៣៣–៣៥ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​គំរូ​របស់​ពួកគេ ?

សូម​រក​មើល​រឿង​ផ្ទាល់ខ្លួន ។ ព្យាការី​មរមន​បាន​ប្រើ​ឃ្លា « ម្ល៉ោះ​ហើយ យើង​ឃើញ » ដើម្បី​សង្កត់​ធ្ងន់​ទៅលើ​សេចក្ដី​ពិត​សំខាន់ៗ នៅ​ពេល​ដែល​លោក​សង្ខេប​ព្រះគម្ពីរ​មរមន ។ ឧទាហរណ៍ តើ​លោក​ចង់​ឲ្យ​យើង​មើល​ឃើញ​អ្វីខ្លះ​នៅក្នុង ហេលេមិន ៣:២៧–៣០ ? នៅពេល​ដែល​បងប្អូន​សិក្សា​ព្រះគម្ពីរ បងប្អូន​អាច​ផ្អាក​ម្តងម្កាល​ដើម្បី​បំពេញ​ឃ្លា « ហើយ​ម្ល៉ោះ​ហើយ យើង​ឃើញ » ទាក់​ទង​ទៅនឹង​អ្វី​ដែល​បងប្អូន​បាន​អាន ។

ហេលេមិន ៥:៦–៧

ខ្ញុំ​អាច​គោរព​ដល់​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ​បាន ។

ការអាន ហេលេមិន ៥:៦–៧ អាច​បំផុសគំនិត​បងប្អូន​ឲ្យ​ពិចារណា​ពី​ឈ្មោះ​ដែល​បងប្អូន​មាន រួមទាំង​ឈ្មោះ​គ្រួសារ​ផងដែរ ។ តើ​ឈ្មោះ​ទាំងនេះ​មាន​ន័យ​អ្វីខ្លះ​ចំពោះ​បងប្អូន ? តើ​បងប្អូន​អាច​គោរព​ឈ្មោះ​ទាំងនោះ​បាន​ដោយ​របៀប​ណា ? រឹតតែ​សំខាន់​ទៅ​ទៀត​នោះ សូម​ពិចារណា​អំពី​អត្ថន័យ​នៃ​ការទទួល​យក​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ ( សូមមើល មរ៉ូណៃ ៤:៣ ) ។ តើ​បងប្អូន​គោរព​ដល់​ព្រះនាម​ដ៏​ពិសិដ្ឋ​នោះ​ដោយ​របៀប​ណា ?

ហេលេមិន ៥:១២–៥២

seminary icon
ប្រសិនបើ​ខ្ញុំ​យក​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើជា​គ្រឹះ​របស់​ខ្ញុំ នោះ​ខ្ញុំ​មិន​អាច​ធ្លាក់ចុះ​បាន​ទេ ។

តើ​វា​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​បងប្អូន​ដើម្បី​ស្ថាបនា « គ្រឹះ​របស់​បងប្អូន » នៅលើ « សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង » ? ( ហេលេមិន ៥:១២ ) ។ តើ​បងប្អូន​រកឃើញ​សុវត្ថិភាព​ពី​ព្យុះភ្លៀង​នៃ​ជីវិត​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ? នៅពេល​បងប្អូន​អាន ហេលេមិន ៥:១២–៥២ សូម​កត់​សម្គាល់​ពី​របៀប​ដែល​នីហ្វៃ និង​លីហៃ​ទទួល​បាន​ពរជ័យ ដោយសារ​ការស្ថាបនា​សេចក្តី​ជំនឿ​របស់​ពួក​លោក​នៅលើ​សិលា​នៃ​ព្រះដ៏​ប្រោសលោះ​របស់​ពួក​លោក ។

មនុស្ស​មួយ​ចំនួន​រកឃើញ​ថា វា​មាន​ប្រយោជន៍​បើ​ពួកគេ​អាច​មើលឃើញ​អ្វី​ដែល​ពួកគេ​កំពុង​សិក្សា ។ ដើម្បី​បង្ហាញ​ពី ហេលេមិន ៥:១២ បងប្អូន​អាចសង់​អ្វី​តូច​មួយ​នៅលើ​ប្រភេទ​គ្រឹះ​ផ្សេងៗ ។ បន្ទាប់​មក បងប្អូន​អាច​បង្កើត​ជា « ខ្យល់ព្យុះ​កំណាច » មួយ​ដោយ​ការបាញ់​ទឹក​ទៅលើ​វា ឬ​ប្រើ​កង្ហារ​ដើម្បី​បង្កើត​ជា​ខ្យល់ ។ តើ​ការណ៍​នេះ​ផ្ដល់​ជា​គំនិត​អ្វីខ្លះ​ដល់​បងប្អូន អំពី​ការស្ថាបនា​គ្រឹះ​របស់​បងប្អូន​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​បងប្អូន​រៀន​អ្វី​ទៀត​មកពី​វីដេអូ « A Secure Anchor » ? ( បណ្ណាល័យ​ដំណឹង​ល្អ ) ។

ខ​ទី ៥០ និយាយ​អំពី « ភាពមហិមា​នៃ​ភស្តុតាង​ទាំង​ឡាយ » ដែល​ពួក​សាសន៍​លេមិន​បាន​ទទួល ។ ការអាន ហេលេមិន ៥:១២–៥២ អាច​នាំ​ឲ្យ​គំនិត​របស់​បងប្អូន​ដឹង​នូវ​ភស្ដុតាង​ទាំងឡាយ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​បងប្អូន ។ ឧទាហរណ៍ ប្រហែលជា « ពាក្យ​ខ្សឹប » មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ពង្រឹង​សេចក្តី​ជំនឿ​របស់​បងប្អូន​នៅលើ​ព្រះអង្គ​សង្រ្គោះ ( ហេលេមិន ៥:៣០; សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:៦៦ ) ។ ឬ​ប្រហែល​ជា​បងប្អូន​បាន​នៅ​ក្នុង​ភាពងងឹត ហើយ​ស្រែក​សូម​ដល់​ព្រះ​នូវ​សេចក្ដី​ជំនឿ​កាន់​តែ​ខ្លាំង​ឡើង ( សូម​មើល ហេលេមិន ៥:៤០–៤៧ ) ។ តើ​បទពិសោធន៍​អ្វី​ផ្សេងទៀត​ដែល​បាន​ជួយ​បងប្អូន​ឲ្យ​ស្ថាបនា​គ្រឹះ​របស់​បងប្អូន​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​មើល​ផងដែរ រ័សុល អិម ណិលសុន « ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៩៣–៩៦; ស៊ាន ឌូក្លាស « Facing Our Spiritual Hurricanes by Believing in Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១០៩–១១១; Gospel Topics « Faith in Jesus Christ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

ហេលេមិន ៣:២៤, ៣៣–៣៤; ៤:១១–១៥

ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​មាន​ការបន្ទាប​ខ្លួន ។

  • សូម​ពិចារណា​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​គូរ​គំនូរ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​មួយ​អំពី « វដ្ត​នៃ​ភាពឆ្មើងឆ្មៃ » ដោយ​ផ្អែក​ទៅលើ​ដ្យាក្រាម​ខាង​លើ ។ បន្ទាប់​មក នៅពេល​បងប្អូន​អាន​ជាមួយ​គ្នា​ក្នុង ហេលេមិន ៣:២៤, ៣៣–៣៤ និង ៤:១១–១៥ នោះ​ពួកគេ​អាច​ចង្អុល​ទៅ​ផ្នែក​នៃ​វដ្ត​នេះ ដែល​ខគម្ពីរ​ទាំងនេះ​កំពុង​ពិពណ៌នា ។ តើ​យើង​អាច​ជ្រើស​រើស​ធ្វើ​ជា​មនុស្ស​រាបសា​—ហើយ​នៅ​បន្ដជា​មនុស្ស​រាបសា​ដោយ​របៀបណា ?

ហេលេមិន ៥:១២

ខ្ញុំ​នឹង​ស្ថាបនា​គ្រឹះ​របស់​ខ្ញុំ​នៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​ពិចារណា​ប្រើ​រូបភាព​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ចាប់​ផ្ដើម​ការសន្ទនា​មួយ​អំពី​មូលហេតុ​ដែល​អគារ​ត្រូវការ​គ្រឹះ​ដែល​រឹងមាំ ។ ឬ​បងប្អូន​អាច​មើល​គ្រឹះ​នៃ​គេហដ្ឋាន ឬ​សាសនាចក្រ​របស់​បងប្អូនក៏បាន ។ ដើម្បី​បញ្ជាក់​ពី​ភាពខ្លាំង​នៃ​គ្រឹះថ្ម​ដ៏​រឹងមាំ កូនៗ​របស់​បងប្អូន​អាច​ព្យាយាម​ផ្លាស់ទី​ថ្ម​មួយ​ដោយ​ការផ្លុំ​លើ​ថ្ម​នោះ ។ នៅពេល​បងប្អូន​អាន ហេលេមិន ៥:១២ ជាមួយ​គ្នា សូម​សួរ​កូនៗ​របស់​បងប្អូន​ពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា « គ្រឹះ​ដ៏​ខ្ជាប់​ខ្ជួន » សម្រាប់​ជីវិត​របស់​យើង ។ តើ​យើង​អាច​កសាង​ជីវិត​របស់​យើង​នៅលើ​ទ្រង់​បាន​ដោយ​របៀបណា ? ( សូមមើល ហេលេមិន ៣:២៧–២៩, ៣៥ និង មាត្រា​នៃ​សេចក្តី​ជំនឿ ១:៤ ) ។

  • សូម​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​សង់​ប៉ម​មួយ​ដោយ​ប្រើ​ដុំ​ឈើ​តូចៗ ឬ​សម្ភារ​ផ្សេងៗ​នៅ​លើ​គ្រឹះ​ផ្សេងៗ​គ្នា ( ដូច​ជា​ដុំ​សំលី ឬ​ថ្ម​រាប​ស្មើ ) ។ តើ​គ្រឹះ​ដ៏​រឹងមាំ​ប្រៀប​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ? ពួក​គេ​អាច​បន្ថែម​ដុំ​ឈើ​តូចៗ​ទៅ​លើ​សំណង់​នោះ សម្រាប់​គំនិត​នីមួយៗ​ដែល​ពួក​គេ​ចែកចាយ​អំពី​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ដើម្បី​ដើរ​តាម​ទ្រង់ ។

ហេលេមិន ៥:២១–៥២

ព្រះវិញ្ញាណ​បរិសុទ្ធ​ខ្សឹប​ប្រាប់​ដោយ​សំឡេង​តូច​រហៀង ។

  • សំឡេង​ដែល​បាន​ពិពណ៌នា​នៅក្នុង ហេលេមិន ៥:២៩–៣០, ៤៥–៤៧ បង្រៀន​យើង​អំពី​របៀប​មួយ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ព្រះបន្ទូល​មក​កាន់​យើង ។ ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់​ពី​សេចក្ដី​ពិត​នេះ សូម​ពិចារណា​អាន « ជំពូក​ទី ៣៧ ៖ នីហ្វៃ និង​លីហៃ​នៅ​ក្នុង​គុក » ( ដំណើររឿង​ព្រះគម្ពីរ​មរមន ទំព័រ ៩៩–១០២ ) ។ នៅពេល​បងប្អូន​និយាយ​អំពី​សំឡេង​ដែល​មនុស្ស​ស្តាប់​ឮ នោះ​សូម​និយាយ​ដោយ​សំឡេង​ស្រទន់ ។ សូម​តំណាល​ដំណើរ​រឿង​នេះ​ពីរ​បី​ដង ហើយ​អញ្ជើញ​កុមារ​ឲ្យ​និយាយ​ខ្សឹបៗ​ជាមួយ​បងប្អូន ។ សូម​ជួយ​ឲ្យ​ពួកគេ​គិត​អំពី​របៀប​ផ្សេងៗ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​មាន​បន្ទូល​មកកាន់​យើង​បាន ។ ដើម្បី​ពង្រឹង​គោលការណ៍​នេះ នោះ​បងប្អូន​អាច​ច្រៀង​ជាមួយគ្នា​នូវ​បទ « The Still Small Voice » ( Children’s Songbook ទំព័រ ១០៦–១០៧ ) ។

ហេលេមិន ៥:២០–៥២

ការប្រែចិត្ត​ជំនួស​ភាពងងឹត​ខាង​វិញ្ញាណ​ដោយ​ពន្លឺ ។

  • ដើម្បី​បញ្ជាក់​អំពី​អ្វី​ដែល ហេលេមិន ៥:២០–៤១ បង្រៀន​អំពី​ភាពងងឹត និង​ពន្លឺ សូម​សាកល្បង​អាន ឬ​សង្ខេប​ខគម្ពីរ​ទាំងនេះ​នៅក្នុង​ទី​ងងឹត ដោយ​គ្រាន់តែ​ប្រើ​ភ្លើង​ពិល​ប៉ុណ្ណោះ ។ កូនៗ​របស់​បងប្អូន​អាច​ស្តាប់​រក​អ្វី​ដែល​មនុស្ស​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​ភាពងងឹត​នោះ​បាន​រសាត់​ចេញទៅ ។ បន្ទាប់មក សូម​បើក​ភ្លើង​មក​វិញ ហើយ​អាន ខ​ទី ៤២–៤៨ ជាមួយគ្នា ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ការប្រែចិត្ត ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

នីហ្វៃ និង​លីហៃ​នៅក្នុង​គុក

សូម្បី​តែ​នៅក្នុង​គុក​ក៏​ដោយ ក៏​នីហ្វៃ និង​លីហៃ​ត្រូវបាន​ការពារ​ដោយ​ព្រះចេស្តា​របស់​ព្រះ​ដែរ ។

© ព្រះគម្ពីរ​មរមន​សម្រាប់​កុមារ និង បង្គោល​ភ្លើង​មួយ​ហ៊ុមព័ទ្ធ​ជុំវិញ​នីហ្វៃ និង​លីហៃ ដោយ ប៊្រីអាណា ស៊ក្រហ្វ មិន​អាច​ថត​ចម្លង​បាន​ទេ