«ថ្ងៃទី ១៦–២២ ខែ កញ្ញា ៖ ‹ ចូរងើបឡើង ហើយមានសេចក្ដីសង្ឃឹមចុះ › ។ នីហ្វៃទី៣ ១–៧ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
« ថ្ងៃទី ១៦–២២ ខែ កញ្ញា ។ នីហ្វៃទី៣ ១–៧ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
ថ្ងៃទី ១៦–២២ ខែ កញ្ញា ៖ « ចូរងើបឡើង ហើយមានសេចក្ដីសង្ឃឹមចុះ »
នីហ្វៃទី៣ ១–៧
តាមរបៀបមួយចំនួន វាគឺជាពេលមួយដ៏រំភើបក្នុងនាមជាអ្នកជឿទៅលើព្រះយេស៊ូវគ្រីស្ទ ។ ការព្យាករទាំងឡាយត្រូវបានបំពេញ—មានទីសម្គាល់ និងអព្ភូតហេតុអស្ចារ្យជាច្រើនកើតមាននៅក្នុងចំណោមប្រជាជន ដែលបានបង្ហាញថា ព្រះអង្គសង្គ្រោះនឹងប្រសូតមកក្នុងពេលឆាប់ៗ ។ ម្យ៉ាងវិញទៀត វាក៏ជាពេលដ៏អន្ទះសាផងដែរសម្រាប់ពួកអ្នកជឿ ដោយសារពួកអ្នកមិនជឿទទូចថា « ពេលវេលាបានកន្លងហួសហើយ » សម្រាប់ព្រះអង្គសង្គ្រោះប្រសូតមកនោះ ថ្វីបើមានអព្ភូតហេតុទាំងអស់ក្ដី ( នីហ្វៃទី៣ ១:៥ ) ។ ប្រជាជនទាំងនេះបានបណ្ដាលឲ្យមាន « ចលាចលយ៉ាងធំមួយទូទាំងដែនដី » ( នីហ្វៃទី៣ ១:៧ ) ហើយថែមទាំងបានកំណត់ថ្ងៃមួយដើម្បីសម្លាប់ពួកអ្នកជឿទាំងអស់ទៀតផង បើសិនជាទីសម្គាល់ដែលបានព្យាករដោយសាំយូអែលជាសាសន៍លេមិន—ថានៅពេលយប់គ្មានភាពងងឹត—ពុំកើតមានឡើងនោះទេ ។
នៅក្នុងស្ថានភាពដ៏ពិបាកទាំងនេះ ព្យាការីនីហ្វៃ « បានអំពាវនាវយ៉ាងខ្លាំងដល់ព្រះរបស់លោកជំនួសឲ្យប្រជាជនរបស់លោក » ( នីហ្វៃទី៣ ១:១១ ) ។ ចម្លើយរបស់ព្រះអម្ចាស់បំផុសគំនិតដល់មនុស្សគ្រប់រូប ដែលប្រឈមមុខទៅនឹងការបៀតបៀន ឬការសង្ស័យ ហើយចាំបាច់ត្រូវដឹងថា ពន្លឺនឹងឈ្នះលើភាពងងឹត ៖ « ចូរងើបឡើង ហើយមានសេចក្ដីសង្ឃឹមចុះ … យើងនឹងបំពេញនូវអ្វីៗទាំងអស់ ដែលយើងបានបណ្ដាលឲ្យនិយាយដោយមាត់នៃពួកព្យាការីបរិសុទ្ធរបស់យើង » ( នីហ្វៃទី៣ ១:១៣ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ការប្រែចិត្តជឿទៅលើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទតម្រូវឲ្យមានការអត់ធ្មត់ និងការខិតខំ ។
នីហ្វៃទី៣ ១–៧ ពិពណ៌នាអំពីមនុស្សដែលបានប្រែចិត្តជឿទៅលើព្រះអម្ចាស់ និងមនុស្សដទៃទៀតដែលមិនបានប្រែចិត្តជឿ ។ តើក្រុមទាំងនេះខុសគ្នាយ៉ាងដូចម្តេច ? តារាងខាងក្រោមនេះអាចជួយបងប្អូនឲ្យរៀបចំគំនិតរបស់បងប្អូនបាន ៖
អ្វីដែលធ្វើឲ្យការប្រែចិត្តជឿចុះខ្សោយ |
អ្វីដែលពង្រឹងដល់ការប្រែចិត្តជឿ | |
---|---|---|
ការមិនជឿពាក្យសម្តីរបស់ព្យាការី និងការសើចចំអកដល់មនុស្សសុចរិត |
ការមានសេចក្ដីជំនឿលើពាក្យសម្ដីរបស់ព្យាការី និងការអធិស្ឋានសូមជំនួយ | |
ដោយសារព្រះយេស៊ូវគ្រីស្ទ ខ្ញុំអាច « មានសេចក្ដីសង្ឃឹម » បាន ។
ព្រះវរបិតាសួគ៌របស់បងប្អូនទ្រង់ជ្រាបថា ជីវិតរបស់បងប្អូននឹងមាននូវគ្រាពិបាកៗ ហើយថែមតែគួរឲ្យភ័យខ្លាចទៀតផង ។ ប៉ុន្តែទ្រង់ក៏ចង់ឲ្យបងប្អូនមានអំណរផងដែរ ។ សូមអាន នីហ្វៃទី៣ ១:១–២៣ ដើម្បីរៀនអំពីមូលហេតុដែលពួកសាសន៍នីហ្វៃដ៏ស្មោះត្រង់ត្រូវភ័យខ្លាច ។ តើហេតុផលអ្វីខ្លះដែលព្រះអម្ចាស់បានប្រទានដល់ពួកគេឲ្យ « មានសេចក្ដីសង្ឃឹម » ?
ព្រះអង្គសង្គ្រោះបានប្រើឃ្លា « មានសេចក្ដីសង្ឃឹម » ជាច្រើនលើកច្រើនសា—ឧទាហរណ៍នៅក្នុង ម៉ាថាយ ១៤:២៤–២៧; យ៉ូហាន ១៦:៣៣; គោលលទ្ធិ និង សេចក្តីសញ្ញា ៦១:៣៦; ៧៨:១៧–១៩ ។ តើការអញ្ជើញទាំងនេះបំផុសគំនិតបងប្អូនអ្វីខ្លះ ? បងប្អូនអាចអាននៅជុំវិញខគម្ពីរទាំងនេះ ដើម្បីយល់អំពីកាលៈទេសៈដែលព្រះអង្គសង្គ្រោះបានមានបន្ទូលទាំងនេះ ។ នៅក្នុងករណីនីមួយៗ តើទ្រង់បានផ្ដល់ហេតុផលអ្វីខ្លះ ដើម្បីជួយមនុស្សឲ្យប្រឈមមុខទៅនឹងការភ័យខ្លាចរបស់ពួកគេ ? តើទ្រង់បានធ្វើដូចនេះចំពោះបងប្អូនដោយរបៀបណា ?
សូមពិចារណាសិក្សាអំពីសុន្ទរកថារបស់ប្រធាន រ័សុល អិម ណិលសុន « Joy and Spiritual Survival » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨១–៨៤ ) ។ តើប្រធាន ណិលសុន បង្រៀនបងប្អូនអ្វីខ្លះអំពីការស្វែងរកអំណរនៅគ្រប់ស្ថានភាពទាំងអស់ ? សូមកត់សម្គាល់ថាតើប្រធាន ណិលសុន ប្រើពាក្យផ្តោតអារម្មណ៍ប៉ុន្មានដង ។ ប្រហែលជាបងប្អូនអាចប្រៀបធៀបការផ្ដោតរបស់ម៉ាស៊ីនថត ឬកញ្ចក់ពង្រីកផ្សេងទៀត ទៅនឹងការផ្តោតលើព្រះយេស៊ូវគ្រីស្ទបាន ។ តើបងប្អូននឹងផ្តោតទៅលើទ្រង់បន្ថែមទៀតដោយរបៀបណា ?
សូមមើលផងដែរ « Grief » « Hope » « Mental Health » ឬប្រធានបទផ្សេងៗទៀតនៅក្នុងផ្នែក « Life Help » នៃ Gospel Library ។
ព្រះអម្ចាស់នឹងបំពេញគ្រប់ព្រះបន្ទូលទាំងអស់របស់ទ្រង់តាមពេលវេលារបស់ទ្រង់ ។
សូមអាន នីហ្វៃទី៣ ១:៤–៧ ហើយគិតអំពីអារម្មណ៍ដែលបងប្អូនអាចមាន ប្រសិនបើបងប្អូនគឺជាអ្នកជឿម្នាក់ក្នុងចំណោមអ្នកជឿទាំងនោះ ។ តើពួកគេបានធ្វើអ្វីខ្លះដើម្បីរក្សាសេចក្តីជំនឿរបស់ពួកគេឲ្យរឹងមាំ ? ( សូមមើល នីហ្វៃទី៣ ១:៤–២១ និង ៥:១–៣ ) ។ តើពាក្យសម្តីរបស់សាំយូអែលបានបំពេញតាមរបៀបណា ? ( សូមមើល នីហ្វៃទី៣ ១:១៩–២១ ) ។ តើព្រះអម្ចាស់បានបំពេញនូវព្រះបន្ទូលរបស់ទ្រង់នៅក្នុងជីវិតបងប្អូនដោយរបៀបណា ?
នីហ្វៃទី៣ ១:៤–១៥; ៥:១២–២៦; ៦:១០–១៥; ៧:១៥–២៦
ខ្ញុំជាសិស្សម្នាក់នៃព្រះយេស៊ូវគ្រីស្ទ ។
មរមនបានប្រកាសថា « មើលចុះ ខ្ញុំជាសិស្សម្នាក់នៃព្រះយេស៊ូវគ្រីស្ទ » ( នីហ្វៃទី៣ ៥:១៣ ) ។ តើឃ្លានេះមានអត្ថន័យយ៉ាងណាដែរចំពោះបងប្អូន ? សូមពិចារណាស្រាវជ្រាវ នីហ្វៃទី៣ ១:៤–១៥; ៥:១២–២៦; ៦:១០–១៥ និង ៧:១៥–២៦ ហើយស្វែងរកគុណសម្បត្តិ ជំនឿ និងសកម្មភាពទាំងឡាយរបស់សិស្សនៃព្រះគ្រីស្ទ ។
សូមមើលផងដែរ « ខ្ញុំព្យាយាមក្លាយដូចព្រះយេស៊ូវ » សៀវភៅចម្រៀងកុមារ ទំព័រ ៤០ ។
នៅពេលខ្ញុំអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំមិនចាំបាច់ភ័យខ្លាចឡើយ ។
បទពិសោធន៍របស់ពួកសាសន៍នីហ្វៃជាមួយនឹងក្រុមចោរប្លន់អាចមានមេរៀន ដែលអាចជួយបងប្អូនឲ្យប្រឈមមុខទៅនឹងគ្រោះថ្នាក់ខាងវិញ្ញាណដែលបងប្អូនជួបប្រទះបាន ។ សូមរកមើលមេរៀនទាំងនេះនៅក្នុង នីហ្វៃទី៣ ២:១១–១២ និង ៣:១–២៦ ។ ឧទាហរណ៍ បងប្អូនអាចស្រាវជ្រាវរកពាក្យរបស់ គីឌឌីអានហៃ នៅក្នុង នីហ្វៃទី៣ ៣:២–១០ ហើយប្រៀបធៀបពាក្យទាំងនោះទៅនឹងរបៀបដែលសាតាំងអាចព្យាយាមបោកបញ្ឆោតបងប្អូនបាន ។ តើបងប្អូនរៀនអ្វីខ្លះមកពីគំរូរបស់ ឡាកូនីអូស ?
គំនិតសម្រាប់បង្រៀនកុមារ
ផ្កាយថ្មីមួយបានរះឡើង នៅពេលព្រះយេស៊ូវគ្រីស្ទប្រសូត ។
-
ទំព័រសកម្មភាពសប្ដាហ៍នេះ អាចជួយកូនៗរបស់បងប្អូនឲ្យរៀនអំពីអព្ភូតហេតុដែលពួកសាសន៍នីហ្វៃបានឃើញ នៅពេលព្រះយេស៊ូវប្រសូត ។ បងប្អូនក៏អាចប្រើ « ជំពូកទី ៤១ ៖ ទីសម្គាល់នៃការប្រសូតរបស់ព្រះគ្រីស្ទ » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ១១៤–១១៦ ) ដើម្បីបង្រៀនពួកគេអំពីដំណើររឿងនេះផងដែរ—ឬដើម្បីជួយពួកគេឲ្យប្រាប់ដំណើររឿងនេះដល់បងប្អូន ។
ពាក្យសម្តីរបស់ពួកព្យាការីនឹងត្រូវបានបំពេញជានិច្ច ។
-
នៅពេលដែលបងប្អូន និងកូនៗរបស់បងប្អូនអាន នីហ្វៃទី៣ ១:៤–១០ សូមអញ្ជើញពួកគេឲ្យនិយាយអំពីអារម្មណ៍ដែលអាចមាន ក្នុងនាមជាអ្នកជឿម្នាក់ដែលរស់នៅក្នុងគ្រានោះ ។ បន្ទាប់មក នៅពេលដែលពួកគេអានដំណើររឿងទាំងអស់នៅក្នុង ខទី ១១–១៥ ពួកគេអាចផ្តល់យោបល់អំពីវិធីដើម្បីបំពេញប្រយោគនេះបាន ៖ « សម្រាប់ខ្ញុំ មេរៀននៃដំណើររឿងនេះគឺ … » ។
-
ប្រហែលជាកូនៗរបស់បងប្អូនអាចជួយបងប្អូនឲ្យគិតអំពីគ្រាផ្សេងទៀត នៅពេលព្រះបានបំពេញការសន្យារបស់ទ្រង់ដែលបានប្រទានតាមរយៈព្យាការីរបស់ទ្រង់ ។ ពួកគេប្រហែលជាចង់ស្វែងរករូបភាពនៃដំណើររឿងទាំងនេះនៅក្នុង សៀវភៅរូបភាពដំណឹងល្អ ( សូមមើលឧទាហរណ៍ ល.រ. ៧–៨ និង ៨១ ) ។ សូមឲ្យពួកគេចែកចាយនូវអ្វីដែលពួកគេដឹងអំពីដំណើររឿងទាំងនេះ រួមទាំងរបៀបដែលការសន្យារបស់ព្រះត្រូវបានបំពេញផងដែរ ។ សូមអានជាមួយគ្នាក្នុង នីហ្វៃទី៣ ១:២០ ហើយចែកចាយសក្ខីភាពផ្ទាល់ខ្លួនរបស់បងប្អូនអំពីសេចក្ដីពិតទាំងនេះ ។
នីហ្វៃទី៣ ២:១១–១២; ៣:១៣–១៤, ២៤–២៦
យើងកាន់តែរឹងមាំ នៅពេលយើងប្រមូលផ្តុំគ្នា ។
-
សូមជួយកូនៗរបស់បងប្អូនឲ្យដឹងអំពីមូលហេតុដែលពួកសាសន៍នីហ្វៃបានប្រមូលផ្តុំគ្នា និងពរជ័យទាំងឡាយដែលពួកគេបានទទួលនៅក្នុង នីហ្វៃទី៣ ២:១១–១២ និង ៣:១៣–១៤, ២៤–២៦ ។ ហេតុអ្វីវាមានសារៈសំខាន់ចំពោះយើង ដើម្បីប្រមូលផ្តុំគ្នានៅពេលបច្ចុប្បន្ននេះនៅក្នុងក្រុមគ្រួសាររបស់យើង និងនៅឯព្រះវិហារ ?
-
តើបងប្អូនដឹងអំពីមេរៀនវត្ថុមួយ ដែលបង្រៀនអំពីភាពរឹងមាំនៃសាមគ្គីភាពដែរឬទេ ? ប្រហែលកូនៗរបស់បងប្អូនអាចសាកល្បងកាច់ចង្កឹះមួយ ហើយបន្ទាប់មកកាច់ចង្កឹះមួយបាច់ ឬហែកក្រដាសមួយសន្លឹក ហើយបន្ទាប់មកហែកក្រដាសមួយដុំធំ ។ តើយើងអាចដូចជាចង្កឹះ ឬក្រដាសតាមរបៀបណា ?
នីហ្វៃទី៣ ៥:១២–២៦; ៦:១៤; ៧:១៥–២៦
ខ្ញុំជាសិស្សម្នាក់នៃព្រះយេស៊ូវគ្រីស្ទ ។
-
សូមអាន នីហ្វៃទី៣ ៥:១៣ ហើយអញ្ជើញកូនៗរបស់បងប្អូនឲ្យថាឃ្លានេះសាឡើងវិញ « ខ្ញុំជាសិស្សម្នាក់នៃព្រះយេស៊ូវគ្រីស្ទ » ។ ដើម្បីរៀនអំពីអត្ថន័យនៃការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ សូមអានរួមគ្នានូវគំរូមួយចំនួនទាំងនេះ ៖ ពួកសាសន៍លេមិនដែលបានប្រែចិត្ត ( សូមមើល នីហ្វៃទី៣ ៦:១៤ ) មរមន ( សូមមើល នីហ្វៃទី៣ ៥:១២–២៦ ) និង នីហ្វៃ ( សូមមើល នីហ្វៃទី៣ ៧:១៥–២៦ ) ។ បងប្អូនក៏អាចរកឃើញគំនិតផ្សេងៗនៅក្នុងបទចម្រៀងមួយដូចជាបទ « ខ្ញុំព្យាយាមក្លាយដូចព្រះយេស៊ូវ » ផងដែរ ( សៀវភៅចម្រៀងកុមារ ទំព័រ ៤០–៤១ ) ។
-
សូមជួយកូនៗរបស់បងប្អូនឲ្យដាក់ប្រអប់ដៃលើនៅលើក្រដាសមួយសន្លឹក ហើយគូសចុចៗតាមរាងដៃនោះ រួចកាត់រូបដៃនោះចេញ ។ សូមសរសេរឃ្លា « ខ្ញុំជាសិស្សម្នាក់នៃព្រះយេស៊ូវគ្រីស្ទ » នៅទំព័រម្ខាង ហើយអញ្ជើញសិស្សឲ្យគូរអ្វីដែលពួកគេអាចធ្វើបាន ដើម្បីក្លាយជាសិស្សម្នាក់នៅលើទំព័រម្ខាងទៀត ។