« ថ្ងៃទី ៨–១៤ ខែ កញ្ញា ៖ ‹ ចូរបង្អង់សិន ឲ្យបានដឹងថា យើងជាព្រះ › ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨–១០១ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨–១០១ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៥
ថ្ងៃទី ៨–១៤ ខែ កញ្ញា ៖ « ចូរបង្អង់សិន ឲ្យបានដឹងថា យើងជាព្រះ »
គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨–១០១
សម្រាប់ពួកបរិសុទ្ធក្នុងទសវត្សរ៍ឆ្នាំ ១៨៣០ ទីក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី គឺជាដែនដីសន្យាដ៏ពិតប្រាកដ ។ វាគឺជា « កន្លែងកណ្ដាល » នៃស៊ីយ៉ូន ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៧:៣ )—ជាទីក្រុងរបស់ព្រះនៅលើផែនដី—ហើយការប្រមូលពួកបរិសុទ្ធគឺជាការចាប់ផ្ដើមដ៏គួរឲ្យរំភើបចំពោះការយាងមកជាលើកទីពីរ ។ ប៉ុន្តែចំពោះអ្នកជិតខាងពួកគេ ដែលនៅតំបន់នោះមើលឃើញគ្រប់យ៉ាងខុសពីពួកគេ ។ ពួកគេបានជំទាស់នឹងការអះអាងថា ព្រះបានប្រទានដែនដីនេះដល់ពួកបរិសុទ្ធ ហើយពួកគេមានអារម្មណ៍មិនស្រួលចិត្តនឹងរឿងនយោបាយ សេដ្ឋកិច្ច និងលទ្ធផលក្នុងសង្គមដែលមានមនុស្សដែលមិនស្គាល់ជាច្រើនបានផ្លាស់លំនៅចូលមកយ៉ាងឆាប់រហ័ស ។ មិនយូរប៉ុន្មាន ភាពមិនស្រួលចិត្តបានក្លាយទៅជាការបៀតបៀន និងអំពើហឹង្សា ។ នៅក្នុងឆ្នាំ ១៨៣៣ ការិយាល័យបោះពុម្ពរបស់សាសនាចក្រត្រូវបានបំផ្លាញ ហើយពួកបរិសុទ្ធត្រូវបានបង្ខំឲ្យចេញពីផ្ទះសម្បែងរបស់ពួកគេ ។
កាលនោះ យ៉ូសែប ស្ម៊ីធ នៅចម្ងាយជាង ១២៨៨ គីឡូម៉ែត្រក្នុងទីក្រុងខឺតឡង់ ហើយដំណឹងនេះចំណាយពេលរាប់សប្តាហ៍ទម្រាំទៅដល់លោក ។ ប៉ុន្តែព្រះអម្ចាស់ទ្រង់ជ្រាបអំពីអ្វីដែលបានកើតឡើង ហើយទ្រង់បានបើកសម្តែងទៅកាន់ព្យាការីរបស់ទ្រង់អំពីគោលការណ៍នៃភាពសុខសាន្ត និងការលើកទឹកចិត្តដែលអាចលួងលោមពួកបរិសុទ្ធ—ជាគោលការណ៍ដែលអាចជួយយើង នៅពេលដែលយើងប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញផងដែរ ។ នៅពេលដែលបំណងប្រាថ្នាសុចរិតរបស់យើងមិនទទួលបានជោគជ័យ ឬនៅពេលដែលយើងត្រូវការអ្នករំព្ញកថា សេចក្តីទុក្ខវេទនាប្រចាំថ្ងៃរបស់យើង នៅពេលណាមួយនៅទីបញ្ចប់នឹង « ផ្សំគ្នាសម្រាប់សេចក្តីល្អដល់ [ យើង ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:៣ ) ។
សូមមើល ពួកបរិសុទ្ធ ១:១៧១–១៩៣; « Waiting for the Word of the Lord » នៅក្នុង Revelations in Context ទំព័រ ១៩៦–២០១ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯព្រះវិហារ
គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨:១–៣, ១១–១៤, ២២; ១០១:១–១៦, ២២–៣១, ៣៦
ការសាកល្បងរបស់ខ្ញុំផ្សំគ្នាសម្រាប់សេចក្ដីល្អដល់ខ្ញុំ ។
ការសាកល្បងមួយចំនួននៅក្នុងជីវិតរបស់យើងកើតឡើងមកពីជម្រើសរបស់យើងផ្ទាល់ ។ មួយចំនួនទៀតបណ្តាលមកពីជម្រើសរបស់អ្នកដទៃ ។ ហើយពេលខ្លះរឿងគ្រាន់តែកើតឡើងដែលជាផ្នែកនៃជីវិតរមែងស្លាប់ ។ មិនថាអ្វីកើតឡើងទេ រឿងអាក្រក់អាចជួយយើងឲ្យបំពេញគោលបំណងដ៍ទេវភាព នៅពេលយើងងាកទៅរកព្រះ ។
នេះគឺជាការពិតសម្រាប់ពួកបរិសុទ្ធនៅរដ្ឋមិសសួរី ក្នុងឆ្នាំ ១៨៣៣ ហើយវាជាការពិតសម្រាប់យើងសព្វថ្ងៃនេះ ។ នៅពេលបងប្អូន អានអ្វីដែលព្រះអម្ចាស់បានប្រាប់ពួកបរិសុទ្ធនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨ និង ១០១ សូមពិចារណាអំពីរបៀបដែលសារលិខិតរបស់ទ្រង់អនុវត្តទៅនឹងការសាកល្បង ឬការលំបាកផ្សេងៗដែលបងប្អូនអាចមាន ។ នេះគឺជាសំណួរ និងធនធានមួយចំនួនដើម្បីជួយបងប្អូន ។
ប្រសិនបើការសាកល្បងជាលទ្ធផលនៃ ៖
-
ការជ្រើសរើសផ្ទាល់ខ្លួន ៖ តើដំបូន្មាន—និងសេចក្តីសន្យា—អ្វីដែលបងប្អូនរកឃើញនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨:១១–១២; ១០១:១–៩ ? តើបងប្អូនរៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? តើបងប្អូនមានអារម្មណ៍ថាព្រះចង់ឲ្យបងប្អូនធ្វើអ្វី ?
-
ការជ្រើសរើសរបស់អ្នកដទៃ ៖ តើបងប្អូនរកឃើញការលួងលោមអ្វីខ្លះនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨:១–៣, ២២; ១០១:១០–១៦, ២២ ? តើព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យយើងឆ្លើយតបនឹងការបៀតបៀន ការធ្វើបាប ឬអំពើហឹង្សាដោយរបៀបណា ? ( សូមមើល ជួយដល់ជីវិត « ការរំលោភបំពាន » នៅលើបណ្ណាល័យដំណឹងល្អ Topics and Questions « Abuse » នៅលើបណ្ណាល័យដំណឹងល្អ ) ។ តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីរបៀបដាក់ការទុកចិត្តរបស់បងប្អូនលើព្រះអម្ចាស់ ?
-
ការលំបាកនៃជីវិតរមែងស្លាប់ ៖ តើទស្សនវិស័យអ្វីដែលបងប្អូនទទួលបានមកពី គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨:១–៣; ១០១:២២–៣១, ៣៦ ? តើបងប្អូនកំពុងរៀនសូត្រអ្វីខ្លះពីការសាកល្បងរបស់បងប្អូន ? តើបងប្អូនកំពុងធ្វើអ្វីដើម្បីអញ្ជើញឲ្យមានជំនួយរបស់ព្រះ ? តើទ្រង់ជួយបងប្អូនដោយរបៀបណា ?
ដើម្បីរៀនបន្ថែមទៀតអំពីរបៀបដែលព្រះអាចធ្វើ « គ្រប់ការណ៍ទាំងអស់ដែលអ្នកត្រូវបានរងទុក្ខ … ផ្សំគ្នាសម្រាប់សេចក្ដីល្អដល់អ្នក » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨:៣ ) សូមពិចារណាសិក្សាសារលិខិតរបស់អែលឌើរ អាន់ថូនី ឌី ភើគីន « Remember Thy Suffering Saints, O Our God » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១០៣–១០៥ ) ។ បងប្អូនអាចនឹងស្វែងរកវគ្គបទគម្ពីរនៅក្នុងសារលិខិតរបស់លោក ដែលជួយបងប្អូនឲ្យយល់អំពីរបៀបដែលព្រះអង្គសង្គ្រោះអញ្ជើញបងប្អូនឲ្យមើលបញ្ហាប្រឈមមុខរបស់បងប្អូន ។ តើការសាកល្បងរបស់បងប្អូនបានធ្វើការរួមគ្នាក្នុងរបៀបណាខ្លះដើម្បីសម្រេចគោលបំណងរបស់ព្រះ ?
សូមមើលផងដែរ រ៉ូម ៨:២៨; នីហ្វៃទី២ ២:២; គោលលទ្ធិ និងសេចក្តីសញ្ញា ៩០:២៤; ឌី ថត គ្រីស្តូហ្វឺសិន « Come to Zion » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៣៧–៤០; « Trial of Adversity », « Feeling the Lord’s Love and Goodness in Trials », « The Refiner’s Fire » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៨:២៣–៤៨
ព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំស្វែងរកភាពសុខសាន្តតាមរបៀបរបស់ទ្រង់ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា ៖ « ប៉ុន្ដែអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ គួរតែធ្វើជាគំរូឲ្យមនុស្សទាំងអស់ក្នុងពិភពលោកនេះធ្វើតាម ។ ខ្ញុំសូមអង្វរបងប្អូនឲ្យធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ចប់ជម្លោះផ្ទាល់ខ្លួនដែលកំពុងដុតរោលនៅក្នុងដួងចិត្ត និងជីវិតរបស់បងប្អូនបច្ចុប្បន្ននេះ » ( « អំណាចនៃសន្ទុះខាងវិញ្ញាណ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៩៧ ) ។
ខណៈមិនមែនអ្វីៗគ្រប់យ៉ាងនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:២៣–៤៨ នឹងអនុវត្តចំពោះអន្តរកម្មរបស់បងប្អូនផ្ទាល់ជាមួយអ្នកដទៃនោះទេ តើគោលលទ្ធិអ្វីខ្លះដែលអាចដឹកនាំបងប្អូនបញ្ចប់បញ្ហាចម្រូងចម្រាសផ្ទាល់ខ្លួននៅក្នុងជីវិតរបស់បងប្អូនបាន ? បងប្អូនអាចស្វែងរកសេចក្តីពិតបន្ថែមនៅក្នុងបទចម្រៀងអំពីសេចក្តីសុខសាន្ត ឬការអភ័យទោស ដូចជាបទ « ក្ដីពិតជះឥទ្ធិពលនៃការវិនិច្ឆ័យរបស់យើង » ( ទំនុកតម្កើង លេខ ១៧១ ) ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៩៩–១០០
ព្រះអម្ចាស់ថែទាំអ្នកដែលបម្រើទ្រង់ ។
វិវរណៈនៅក្នុង កណ្ឌទី ៩៩ និង ១០០ ត្រូវបានផ្តល់ឲ្យទៅមនុស្សដែលមានទំនួលខុសត្រូវសំខាន់ៗនៅក្នុងសាសនាចក្រ ប៉ុន្តែក៏មានការព្រួយបារម្ភអំពីក្រុមគ្រួសាររបស់ពួកគេផងដែរ ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងវិវរណៈទាំងនេះដែលអាចជួយដល់ពួកគេ ? តើសារលិខិតអ្វីដែលព្រះអម្ចាស់មានសម្រាប់បងប្អូននៅក្នុងវិវរណៈទាំងនេះ ?
សូមមើលផងដែរ « John Murdock’s Missions to Missouri » នៅក្នុង « I Quit Other Business’: Early Missionaries » និង « A Mission to Canada » នៅក្នុង Revelations in Context ទំព័រ ៨៧–៨៩, ២០២–២០៧ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១០១:៤៣–៦៥
ការធ្វើតាមដំបូន្មានរបស់ព្រះជួយខ្ញុំឲ្យមានសុវត្ថិភាព ។
រឿងប្រៀបប្រដូចនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១០១:៤៣–៦២ បានពន្យល់អំពីមូលហេតុដែលព្រះអម្ចាស់បានអនុញ្ញាតឲ្យពួកបរិសុទ្ធត្រូវគេបណ្ដេញចេញពីក្រុងស៊ីយ៉ូន ។ នៅពេលបងប្អូនអានខគម្ពីរទាំងនេះ តើបងប្អូនមើលឃើញពីភាពស្រដៀងគ្នាអ្វីខ្លះ ដែលបងប្អូនដូចជាពួកអ្នកបម្រើនៅក្នុងរឿងប្រៀបប្រដូចនេះ ? តើបងប្អូនអាចបង្ហាញដល់ព្រះថា បងប្អូន « យល់ព្រមឲ្យណែនាំក្នុងផ្លូវត្រឹមត្រូវសម្រាប់សេចក្តីសង្គ្រោះ [ របស់បងប្អូន ] » ដោយរបៀបណា ? ( សូមមើល ខទី ៦៣–៦៥ ) ។
គំនិតសម្រាប់បង្រៀនកុមារ
គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨:១–៣
ព្រះយេស៊ូវគ្រីស្ទអាចបង្វែរការសាកល្បងរបស់ខ្ញុំឲ្យទៅជាពរជ័យបាន ។
-
បងប្អូនអាចចាប់ផ្តើមការពិភាក្សាដោយសួរកូនៗរបស់បងប្អូនអំពីបញ្ហាមួយចំនួន ដែលកុមារមានអាយុដូចពួកគេប្រឈមមុខ ។ បងប្អូនអាចអានជាមួយគ្នា គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨:១–៣ ហើយនិយាយអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចបង្វែរការសាកល្បងទៅជាពរជ័យ ។ បងប្អូនអាចចែកចាយជាមួយកូនៗរបស់បងប្អូននូវគំរូអំពីរបៀបដែលទ្រង់បានបង្វែរការសាកល្បងរបស់បងប្អូនទៅជាពរជ័យ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨:៣៩–៤០
ព្រះអង្គសង្គ្រោះជួយខ្ញុំឲ្យអត់ទោស ។
ចំណាំ ៖ នៅពេលបងប្អូនបង្រៀនកូនៗរបស់បងប្អូនអំពីសារៈសំខាន់នៃការអភ័យទោស សូមធ្វើឲ្យប្រាកដថា ពួកគេក៏យល់ផងដែរថា បើមនុស្សម្នាក់ធ្វើឲ្យពួកគេឈឺចាប់ នោះពួកគេគួរតែប្រាប់មជ្ឈិមវ័យម្នាក់ដែលគួរឲ្យទុកចិត្តម្នាក់បានជានិច្ច ។
-
ជំពូកទី ៣៤ និង ៣៥ នៅក្នុង ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ទំព័រ ១២៨–១៣៤ ) អាចជួយបងប្អូនបង្រៀនអំពីរបៀបដែលពួកបរិសុទ្ធត្រូវគេប្រព្រឹត្តចំពោះនៅរដ្ឋមិសសួរី នាឆ្នាំ ១៨៣៣ ។ បងប្អូន និងកូនៗរបស់បងប្អូនអាចនិយាយអំពីអារម្មណ៍របស់ពួកបរិសុទ្ធទាំងនេះ ។ បន្ទាប់មក បងប្អូនអាចអានជាមួយគ្នា គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨:២៣, ៣៩–៤០ ដើម្បីស្វែងរកអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យពួកបរិសុទ្ធធ្វើ ។ បងប្អូន និងកូនៗរបស់បងប្អូនអាចនិយាយអំពីពេលវេលាដែលបងប្អូនត្រូវការដើម្បីអភ័យទោសដល់នរណាម្នាក់ និងរបៀបដែលព្រះអង្គសង្គ្រោះបានជួយដល់បងប្អូន ។
-
បងប្អូនក៏អាចបង្ហាញរូបភាពដល់កូនៗរបស់បងប្អូនអំពីទឹកមុខរីករាយ និងទឹកមុខក្រៀមក្រំផងដែរ ។ សូមនិយាយអំពីស្ថានភាពដែលនរណាម្នាក់មិនមានចិត្តសប្បុរស ហើយផ្តល់យោបល់អំពីវិធីដើម្បីឆ្លើយតប ។ សូមជួយកូនៗរបស់បងប្អូនជ្រើសរើសថាតើការឆ្លើយតបនីមួយៗនឹងធ្វើឲ្យពួកគេសប្បាយចិត្ត ឬក្រៀមក្រំដោយចង្អុលទៅមុខដែលត្រូវ ។ ហេតុអ្វីព្រះយេស៊ូវ សព្វព្រះទ័យឲ្យយើងអភ័យទោសដល់មនុស្សទូទៅ សូម្បីតែអ្នកដែលពុំមានចិត្តល្អនឹងយើងក្ដី ?
គោលលទ្ធិ និងសេចក្តីសញ្ញា ១០១:១៦ , ២៣–៣២
ព្រះយេស៊ូវគ្រីស្ទអាចនាំឲ្យខ្ញុំមានសេចក្ដីសុខសាន្ត ។
-
បន្ទាប់ពីអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១០១:១៦ សូមជួយកូនៗរបស់បងប្អូនឲ្យស្គាល់អារម្មណ៍សុខសាន្តដែលកើតមានពេលយើងបង្អង់ ហើយគិតពីព្រះយេស៊ូវ—ឧទាហរណ៍ ពេលយើងកំពុងអធិស្ឋាន ឬទទួលទានសាក្រាម៉ង់ ។ បងប្អូនក៏អាចច្រៀងជាមួយគ្នាផងដែរនូវបទចម្រៀងដូចជា « ដោយគោរព ដោយស្ងៀមស្ងាត់ឬ « ដើម្បីគិតអំពីព្រះយេស៊ូវ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១១, ១៤១ ) ។ តើយើងអាចទទួលអារម្មណ៍នៃសេចក្តីសុខសាន្តនៅក្នុងគេហដ្ឋានរបស់យើងដោយរបៀបណា ?
-
កូនៗរបស់បងប្អូនប្រហែលជាចាប់អារម្មណ៍ក្នុងការស្វែងយល់ថា តើជីវិតនឹងទៅជាយ៉ាងណានៅពេលដែលព្រះយេស៊ូវគ្រីស្ទយាងមកម្តងទៀត ។ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១០១:២៣–៣២ ជាមួយគ្នា ហើយនិយាយអំពីអ្វីដែលពួកគេរកឃើញនៅក្នុងខគម្ពីរទាំងនេះ ដែលនឹងនាំឲ្យយើងមានអំណរនៅពេលទ្រង់យាងមក ។ ហេតុអ្វីវាមានប្រយោជន៍ដើម្បីដឹងអំពីរឿងទាំងនេះ នៅពេលយើងកំពុងមានការលំបាក ?