« គំនិតយោបល់ដើម្បីកែលម្អដល់ការសិក្សាព្រះគម្ពីរជាគ្រួសាររបស់អ្នក » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« គំនិតយោបល់ដើម្បីកែលម្អដល់ការសិក្សាព្រះគម្ពីរជាគ្រួសាររបស់អ្នក » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០
គំនិតយោបល់ដើម្បីកែលម្អដល់ការសិក្សាព្រះគម្ពីរជាគ្រួសាររបស់អ្នក
ការសិក្សាព្រះគម្ពីរជាគ្រួសារជាទៀងទាត់ គឺជារបៀបមួយដ៏មានអានុភាពដើម្បីជួយដល់គ្រួសាររបស់អ្នករៀនដំណឹងល្អ ។ ទោះបីជាអ្នកអានជាគ្រួសារច្រើន និង យូរប៉ុណ្ណាក៏ដោយ ក៏វាមិនសំខាន់ជាងការមានភាពខ្ជាប់ខ្ជួននៅក្នុងកិច្ចខិតខំរបស់អ្នកឡើយ ។ នៅពេលអ្នកធ្វើឲ្យការសិក្សាព្រះគម្ពីរជាផ្នែកដ៏សំខាន់នៃជីវិតគ្រួសាររបស់អ្នក នោះអ្នកនឹងជួយសមាជិកគ្រួសាររបស់អ្នកខិតមកកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ហើយស្ថាបនាទីបន្ទាល់របស់ពួកគេនៅលើគ្រឹះនៃព្រះបន្ទូលរបស់ទ្រង់ ។
សូមពិចារណាសំណួរខាងក្រោម ៖
-
តើអ្នកអាចលើកទឹកចិត្តសមាជិកគ្រួសាររបស់អ្នក ឲ្យសិក្សាព្រះគម្ពីរដោយខ្លួនគេតាមរបៀបណា ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីលើកទឹកចិត្តដល់សមាជិកគ្រួសារឲ្យចែកចាយនូវអ្វីដែលពួកគេកំពុងរៀន ?
-
តើបងប្អូនអាចគូសបញ្ជាក់អំពីគោលការណ៍ទាំងឡាយ ដែលបងប្អូនកំពុងរៀននៅក្នុងគម្ពីរមរមននៅក្នុងការបង្រៀនរៀងរាល់ថ្ងៃយ៉ាងដូចម្ដេច ?
សូមចាំថា គេហដ្ឋានគឺជាកន្លែងដ៏ពិសិដ្ឋមួយសម្រាប់ការរៀនសូត្រដំណឹងល្អ ។ អ្នកអាចរៀន និងបង្រៀនដំណឹងល្អនៅគេហដ្ឋានតាមរបៀបដែលពុំមាននៅក្នុងថ្នាក់រៀននៅឯព្រះវិហារ ។ សូមមានការឆ្នៃប្រឌិត នៅពេលអ្នកគិតអំពីរបៀប ដើម្បីជួយដល់គ្រួសារអ្នករៀនសូត្រចេញមកពីបទគម្ពីរ ។ សូមប្រើនូវគំនិតមួយចំនួនដូចខាងក្រោម ដើម្បីពង្រីកការសិក្សាបទគម្ពីរជាគ្រួសាររបស់បងប្អូន ។
ប្រើតន្ត្រី
ច្រៀងចម្រៀងដែលគាំទ្រដល់គោលការណ៍ដែលបានបង្រៀននៅក្នុងបទគម្ពីរ ។ ឧបសម្ព័ន្ធ ឃ នៅក្នុងធនធាននេះ រួមមានតន្ត្រីដែលទាក់ទងទៅនឹងគោលលទ្ធិនៅក្នុងគម្រោងរាល់សប្ដាហ៍នីមួយៗ ។
ចែកចាយបទគម្ពីរប្រកបដោយអត្ថន័យ
សូមផ្ដល់ពេលឲ្យសមាជិកគ្រួសារដើម្បីចែកចាយ អំពីវគ្គបទគម្ពីរដែលពួកគេបានរកឃើញថាមានអត្ថន័យ អំឡុងពេលពួកគេសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ។
ប្រើពាក្យរបស់អ្នកផ្ទាល់
សូមអញ្ជើញសមាជិកគ្រួសារឲ្យសង្ខេបជាសម្ដីរបស់គេផ្ទាល់អំពីអ្វី ដែលពួកគេបានរៀនចេញមកពីបទគម្ពីរដែលពួកគេបានសិក្សា ។
អនុវត្ដបទគម្ពីរមកក្នុងជីវិតរបស់អ្នក
បន្ទាប់ពីការអានវគ្គបទគម្ពីរមួយ ចូរសុំឲ្យសមាជិកគ្រួសារចែកចាយអំពីរបៀបដែលបទគម្ពីរអនុវត្តទៅក្នុងជីវិតរបស់ពួកគេ ។
សួរសំណួរមួយ
សូមអញ្ជើញសមាជិកគ្រួសារឲ្យសួរសំណួរដំណឹងល្អ បន្ទាប់មកចំណាយពេលរកមើលខគម្ពីរដែលអាចជួយឆ្លើយសំណួរនោះ ។
ដាក់បង្ហាញបទគម្ពីរមួយ
សូមជ្រើសរើសខមួយដែលអ្នករកឃើញថាមានអត្ថន័យ ហើយដាក់តាំងវានៅកន្លែងដែលសមាជិកគ្រួសារអាចមើលឃើញជាញឹកញាប់ ។ សូមអញ្ជើញសមាជិកគ្រួសារដទៃទៀតផ្លាស់វេណគ្នាជ្រើសរើសបទគម្ពីរមួយមកដាក់តាំង ។
ធ្វើបញ្ជីបទគម្ពីរមួយ
ជាក្រុមគ្រួសារ សូមជ្រើសរើសខគម្ពីរមួយចំនួន ដែលអ្នកចង់ពិភាក្សាអំឡុងសប្ដាហ៍ក្រោយ ។
ទន្ទេញបទគម្ពីរ
សូមជ្រើសរើសវគ្គបទគម្ពីរមួយដែលមានអត្ថន័យចំពោះ គ្រួសារអ្នក ហើយអញ្ជើញសមាជិកគ្រួសារឲ្យទន្ទេញវាដោយការនិយាយវាឡើងវិញប្រចាំថ្ងៃ ឬលេងល្បែងកំសាន្ដទន្ទេញចាំ ។
ចែកចាយមេរៀនដែលមានវត្ថុបង្ហាញ
សូមស្វែងរកវត្ថុដែលទាក់ទងនឹងជំពូក និងខគម្ពីរទាំងឡាយដែលអ្នកកំពុងអានជាគ្រួសារ ។ សូមអញ្ជើញសមាជិកគ្រួសារឲ្យនិយាយអំពីរបៀបដែលវត្ថុនីមួយៗជាប់ទាក់ទងនឹងការបង្រៀននៅក្នុងបទគម្ពីរ ។
ជ្រើសរើសប្រធានបទមួយ
សូមឲ្យសមាជិកគ្រួសារផ្លាស់វេណគ្នាជ្រើសរើសប្រធានបទមួយ ដែលគ្រួសារនឹងសិក្សារួមគ្នា ។ សូមប្រើ Topical Guide, Bible Dictionary, ឬ Guide to the Scriptures ( scriptures.ChurchofJesusChrist.org ) ដើម្បីស្វែងរកវគ្គបទគម្ពីរអំពីប្រធានបទ ។
គូររូបភាព
សូមអានខគម្ពីរមួយចំនួនជាគ្រួសារ បន្ទាប់មកទុកពេលឲ្យសមាជិកគ្រួសារគូរូបអ្វីមួយ ដែលជាប់ទាក់ទងនឹងអ្វីដែលអ្នកអាន ។ សូមចំណាយពេលពិភាក្សាអំពីគំនូររបស់គ្នាទៅវិញទៅមក ។
សម្ដែងជារឿងមួយ
បន្ទាប់ពីអានរឿងមួយចប់ សូមអញ្ជើញសមាជិកគ្រួសារសម្ដែងរឿង ។ បន្ទាប់មក និយាយអំពីរបៀបដែលរឿងនោះទាក់ទងនឹងអ្វី ដែលអ្នកកំពុងជួបប្រទះជាបុគ្គលម្នាក់ៗ ឬជាគ្រួសារ ។
អែលឌើរ ដាវីឌ អេ បែដណា បានបង្រៀនថា ៖ « ការអធិស្ឋានជាគ្រួសារ ការសិក្សាព្រះគម្ពីរជាគ្រួសារ និង រាត្រីជួបជុំក្រុមគ្រួសារនីមួយៗគឺជាស្នាមគំនូសជក់នៅលើផ្ទាំងសំពត់គំនូរនៃព្រលឹងយើង។ គ្មានព្រឹត្តិការណ៍ណាមួយអាចលេចឡើងជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ឬគួរឲ្យចងចាំតែម្នាក់ឯងបានឡើយ។ ប៉ុន្តែដូចជាស្នាមគំនូសជក់ពណ៌លឿង ពណ៌មាស និង ពណ៌ត្នោតបានបំពេញឲ្យគ្នាទៅវិញទៅមក ហើយបង្កើតបានជារូបគំនូរមួយដ៏អស្ចារ្យនោះដូច្នោះដែរភាពខ្ជាប់ខ្ជួនរបស់យើងដែលហាក់ដូចជារឿងតូចតាចនោះអាចដឹកនាំទៅរកលទ្ធផលខាងវិញ្ញាណដ៏អស្ចារ្យបាន » ( « More Diligent and Concerned at Home » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១៩–២០ ) ។