ចូរ​មក​តាម​ខ្ញុំ
គំនិតយោបល់​កែលម្អ​ដល់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​អ្នក​


« គំនិតយោបល់​កែលម្អ​ដល់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​អ្នក » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« គំនិតយោបល់​កែលម្អ​ដល់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ឆ្នាំ ២០២០

ស្ត្រីកំពុងសិក្សា​ព្រះគម្ពីរ

គំនិតយោបល់​កែលម្អ​ដល់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​អ្នក​

នេះគឺ​ជា​របៀប​សាមញ្ញ​ខ្លះៗ​ដើម្បី​ពង្រីក​ដល់​ការ​សិក្សា​ព្រះបន្ទូល​របស់​ព្រះ​នៅ​ក្នុង​បទគម្ពីរ​របស់​អ្នក ។

ស្វែង​រក​សេចក្ដីពិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះគម្ពីរបង្រៀន​យើង​ថា រឿង​គ្រប់​យ៉ាង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី ២ ១១:៤; ម៉ូសេ ៦:៦៣ ) ដូច្នេះ​សូម​រក​មើល​ទ្រង់​នៅ​ក្នុង​ព្រឹត្តិការណ៍ រឿង និង​ការ​បង្រៀន​នានា​នៃ​ព្រះគម្ពីរ​មរមន ។ ចូរ​ពិចារណា​ធ្វើ​ការ​កត់ចំណាំ ឬ​គូស​ចំណាំ​ខគម្ពីរ​ដែល​បង្រៀន​អំពី​ព្រះអង្គសង្គ្រោះ និង​របៀប​ដើម្បី​ធ្វើ​តាម​ទ្រង់ ។

ស្វែង​រក​ពាក្យ និង​ឃ្លា​បំផុសគំនិត

អ្នក​អាច​រក​ឃើញ​ថា មាន​ពាក្យ ឬ​ឃ្លា​ជាក់លាក់​នៅ ក្នុង​ព្រះគម្ពីរ​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍ វា​ហាក់​ដូចជា​សរសេរ​មក​កាន់​អ្នក​ចំៗ ។ វា​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ទាក់ទង​ដោយ​ផ្ទាល់ ហើយ​បំផុស​គំនិត និង​លើក​ទឹកចិត្ត​ដល់​អ្នក ។ សូម​គិត​ធ្វើ​ការ​គូសចំណាំ​វា​នៅក្នុង​គម្ពីរ​របស់​អ្នក ឬ​សរសេរ​វា​នៅ​ក្នុង​សៀវភៅ​កត់ត្រា​មួយ ។

ស្វែង​រក​សេចក្ដីពិត​នៃ​ដំណឹងល្អ

ពេល​ខ្លះ​សេចក្ដីពិត​នៃ​ដំណឹង​ល្អ ( ជា​ញឹកញាប់ បាន​ហៅ​ថា គោលលទ្ធិ ឬ​គោលការណ៍ ) ត្រូវ​បាន​ថ្លែង​ចំៗ ហើយពេល​ខ្លះ​វា​ត្រូវ​បាន​បរិយាយ​តាម​រយៈ​ឧទាហរណ៍ ឬ​រឿង​មួយ ។ ចូរ​សួរ​ខ្លួន​អ្នក « តើ​សេចក្ដីពិត​ដ៏​អស់កល្ប​អ្វី​ខ្លះ​ត្រូវ​បាន​បង្រៀន​នៅ ក្នុង​ខគម្ពីរ​ទាំងនេះ ? »

សូម​ស្ដាប់​ព្រះវិញ្ញាណ

សូម​យកចិត្ត​ទុកដាក់​ទៅលើ​គំនិត និង​អារម្មណ៍​របស់​អ្នក ប្រសិន​បើ​វា​មិន​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​កំពុង​អាន ។ ចំណាប់អារម្មណ៍​ទាំងនោះ អាច​នឹង​ជា​រឿង​សំខាន់​ដែល​ព្រះវរបិតាសួគ៌​របស់​អ្នក​ចង់​ឲ្យ​អ្នក​រៀន ។

ប្រដូច​បទគម្ពីរ​មក​ជីវិត​របស់​អ្នក

ចូរ​ពិចារណា​អំពី​របៀប​ដែល​រឿង និង​ការ​បង្រៀន​ទាំងឡាយ​ដែល​អ្នក​កំពុង​អាន​អនុវត្ត​​ក្នុង​ជីវិត​អ្នក ។ ឧទាហរណ៍ អ្នក​អាច​សួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​មាន​បទពិសោធន៍​អ្វី​ខ្លះ​ដែល​ស្រដៀងគ្នា​នឹង​អ្វី​ដែល​ខ្ញុំ​កំពុង​អាន ? » ឬ « តើ​ខ្ញុំ​អាច​ធ្វើ​តាម​គំរូ​របស់​បុគ្គល​នៅ​ក្នុង​គម្ពីរ​នេះ​យ៉ាង​ដូចម្ដេច ? »

សួរ​សំណួរ​ពេល​អ្នក​សិក្សា

នៅពេល​អ្នក​សិក្សា​បទគម្ពីរ នោះ​សំណួរ​ជាច្រើន​អាច​កើត​មាន​ក្នុង​គំនិត​អ្នក ។ សំណួរ​ទាំងនេះ​អាច​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​កំពុង​អាន ឬ​ទាក់ទង​នឹង​ជីវិត​របស់​អ្នក​ជា​ទូទៅ ។ ចូរ​ពិចារណា​អំពី​សំណួរ​ទាំងនេះ ហើយ​រកមើល​ចម្លើយ នៅពេល​អ្នក​បន្ដ​សិក្សា​បទគម្ពីរ ។

ប្រើ​ជំនួយ​ការសិក្សា​ព្រះគម្ពីរ

ដើម្បី​ទទួល​បាន​ការ​យល់ដឹង​បន្ថែម​អំពី​ខ​ដែល​អ្នក​អាន សូម​ប្រើ​លេខ​យោង Topical Guide, Bible Dictionary, សេចក្ដី​ណែនាំ​ដល់​បទ​គម្ពីរ​ទាំងឡាយscriptures.ChurchofJesusChrist.org ) និង​ជំនួយ​ការ​សិក្សា​ដទៃទៀត ។

ពិចារណា​អំពី​បរិបទ​នៃ​បទគម្ពីរ

បងប្អូន​អាចរកឃើញ​គំនិត​យោបល់​ដ៏​មានអត្ថន័យ​អំពី​បទគម្ពីរមួយ បើ​បងប្អូន​ពិចារណា​អំពី​មាតិកា​វា—ស្ថានភាព ឬ​ទីតាំង​នេះ​បទគម្ពីរ ។ ឧទាហរណ៍ ការ​ស្គាល់​ពី​ប្រវត្តិ និង​ជំនឿ​នៃ​មនុស្ស​ដែល​ព្យាការី​បាន​និយាយ​ទៅកាន់​ពួកគេ អាច​ជួយ​បងប្អូន​យល់​អំពីបំណង​នៃ​ពាក្យ​សម្ដី​របស់​គាត់ ។

កត់ត្រា​គំនិត និង​អារម្មណ៍​របស់​អ្នក​ទុក

មាន​វិធី​ជា​ច្រើន​ដើម្បី​កត់ត្រា​ចំណាប់អារម្មណ៍​ដែល​កើត​មាន​នៅពេល​អ្នក​សិក្សា ។ ឧទាហរណ៍ អ្នក​អាច​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​ដ៏​មាន​អត្ថន័យ ហើយ​កត់ត្រា​គំនិត​របស់​អ្នក ជា​កំណត់​ចំណាំ​មួយ​នៅ​ក្នុង​គម្ពីរ​របស់​អ្នក ។ អ្នក​ក៏​អាច​រក្សា​សៀវភៅ​កំណត់ហេតុ​អំពី​គំនិត​យោបល់ អារម្មណ៍ និង​ចំណាប់​អារម្មណ៍​ដែល​អ្នក​បាន​ទទួល​ផងដែរ ។

សូម​សិក្សា​ប្រសាសន៍​របស់​ពួក​ព្យាការី និង ពួក​សាវក​ថ្ងៃ​ចុង​ក្រោយ

អាន​អ្វី​ដែល​ពួក​ព្យាការី និង​ពួក​សាវក​ថ្ងៃ​ចុង​ក្រោយ បាន​បង្រៀន​អំពី​គោលការណ៍​នានា ដែល​អ្នក​បាន​រកឃើញ​នៅក្នុង​គម្ពីរ ( ឧទាហរណ៍ សូមមើល conference.ChurchofJesusChrist.org និង​ទស្សនាវដ្ដី​សាសនាចក្រ ) ។

ការចែកចាយ​ពី​ការយល់ដឹង

ការពិភាក្សា​អំពី​ការ​យល់​ដឹង​មក​ពី​ការ​សិក្សា​ផ្ទាល់ខ្លួន​របស់​អ្នក គឺ​ពុំ​គ្រាន់​តែ​ជា​វិធី​ល្អ​មួយ​ដើម្បី​បង្រៀន​អ្នកដទៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ពង្រឹង​ដល់​ការ​យល់ដឹង​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​បាន​អាន​ផងដែរ ។

រស់នៅ​តាម​អ្វី​ដែល​អ្នក​បាន​រៀន

ការ​សិក្សា​ព្រះគម្ពីរ​ពុំ​គួរ​គ្រាន់​តែ​សម្រាប់​បំផុសគំនិត​យើង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​​ដឹកនាំ​យើង​ឲ្យ​ផ្លាស់ប្តូរ​របៀប​ដែល​យើង​រស់នៅផងដែរ ។ ស្ដាប់​អ្វី​ដែល​ព្រះវិញ្ញាណ​បំផុស​ឲ្យ​អ្នក​ធ្វើ នៅពេល​អ្នក​អាន ហើយ​តាំង​ចិត្ត​ធ្វើ​តាម​ការបំផុសគំនិត​ទាំងនោះ ។

បុរស​ម្នាក់​កំពុងសិក្សា​​ព្រះគម្ពីរ

ប្រធាន រ័សុល អិម ណិលសុន បាន​មានប្រសាសន៍​ថា ៖ « បើ​យើង ‹ ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត … [ យើង ] នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច › [ នីហ្វៃទី ២ ៣១:២០ ] ។

« ដើម្បី​ទទួលទាន​មានន័យ​ច្រើនជាង​ការភ្លក់ ។ ទទួលទាន​មាន​ន័យ​ថា ក្រេប​យក​ឱជារស ។ យើង​ទទួលទាន​ព្រះគម្ពីរ​ដោយ​ការសិក្សា​វា​ដោយ​វិញ្ញាណ​នៃ​ការរកឃើញ​ដោយ​ក្ដីរីករាយ និង ការគោរព​ប្រតិបត្តិ​ដោយ​ស្មោះត្រង់ ។ នៅពេល​យើង​ទទួល​ទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ពួកគេ​បាន​ជាប់ ‹ ក្នុង​ចិត្ត​ខាង​សាច់ឈាម › [ កូរិនថូសទី ២ ៣:៣ ] ។ ពួកគេ​ក្លាយជា​ផ្នែក​ទាំងមូល​នៃ​លក្ខណៈ​របស់​យើង » ( « Living by Scriptural Guidance » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ១៧ ) ។