គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១៨–២៤ ខែ មករា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣–៥ ៖ « កិច្ចការ​របស់​យើង​នឹង​ចេញ​ទៅ »


« ថ្ងៃទី ១៨–២៤ ខែ មករា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣–៥ ៖ ‹ កិច្ចការ​របស់​យើង​នឹង​ចេញ​ទៅ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៨–២៤ ខែ មករា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

មនុស្ស​ធ្វើការ​នៅ​វាលស្រែ

រដូវកាល​ច្រូតកាត់​នៅ​ប្រទេស​បារាំង ដោយ ចេមស៍ ថេលើរ ហាវូឌ

ថ្ងៃទី ១៨–២៤ ខែ មករា

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣–៥

« កិច្ចការ​របស់​យើង​នឹង​ចេញ​ទៅ »

សូម​សរសេរ​នូវ​អ្វី​ដែល​បងប្អូន​បាន​រៀន និង​មាន​អារម្មណ៍ កាល​បងប្អូន​សិក្សា​ព្រះគម្ពីរ ។ ការណ៍​នេះ​នឹង​ជួយ​បងប្អូន​ឲ្យ​ចងចាំ​ចំណាប់​អារម្មណ៍​ទាំងនោះ ហើយ​ចែកចាយ​វា​ជាមួយ​មនុស្ស​ដទៃ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

អំឡុង​ពីរ​បី​ឆ្នាំ​ដំបូង​របស់​លោក​ក្នុង​នាម​ជា​ព្យាការី​របស់​ព្រះអម្ចាស់ យ៉ូសែប ស៊្មីធ មិន​បាន​ដឹង​អ្វី​គ្រប់យ៉ាង​អំពី « កិច្ចការ​ដ៏​អស្ចារ្យ » ដែល​លោក​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​នៅ​ឡើយ​ទេ ។ ប៉ុន្ដែ​បទពិសោធន៍​ដំបូង​របស់​លោក​បាន​បង្រៀន​លោក​រឿង​មួយ​ថា ដើម្បី​​ស័ក្ដិសម​នឹង​កិច្ចការ​របស់​ព្រះ នោះ​ភ្នែក​របស់​លោក​ត្រូវតែ « ស្មោះត្រង់​ទាំង​ស្រុង​ចំពោះ​សិរី​ល្អ​នៃ​ព្រះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:១, ៥ ) ។ ឧទាហរណ៍ ប្រសិនបើ​ព្រះអម្ចាស់​ប្រទាន​ការប្រឹក្សា​ដល់​លោក ដែល​ខុស​ពី​បំណង​ផ្ទាល់​របស់​លោក លោក​ត្រូវ​ធ្វើតាម​ការប្រឹក្សា​របស់​ព្រះអម្ចាស់ ។ ហើយ​ទោះបីជា​លោក​បាន​មាន « វិវរណៈ​ជា​ច្រើន ហើយ​មាន​អំណាច​អាច​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​ជា​ច្រើន​បាន​ក៏​ដោយ » តែ​បើ​ឆន្ទៈ​ផ្ទាល់​របស់​លោក​បាន​ក្លាយទៅ​ជា​សំខាន់​ជាង​ព្រះទ័យ​របស់​ព្រះ​ក្នុង​ភ្នែក​របស់​លោក នោះ​លោក « ត្រូវ​តែ​ធ្លាក់​ចុះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៤ ) ។ ប៉ុន្ដែ​យ៉ូសែប​បាន​រៀន​អ្វីមួយ​ផ្សេង​ទៀត ដែល​សំខាន់​ស្មើ​នឹង​ការធ្វើ​កិច្ចការ​របស់​ព្រះ​ដែរ ៖ « ព្រះ​ទ្រង់​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា » ហើយ​ប្រសិនបើ​យ៉ូសែប​ប្រែចិត្ត​ដោយ​ស្មោះសរ នោះ​លោក « នៅ​ជា​អ្នក​ជម្រើស​ដដែល » ( ខទី ១០ ) ។ សរុប​មក កិច្ចការ​របស់​ព្រះ​គឺជា​កិច្ចការ​នៃ​ការប្រោសលោះ ។ ហើយ​កិច្ចការ​នោះ « ពុំ​អាច​ធ្វើ​ឲ្យ​ស្មុគស្មាញ » បាន​ឡើយ ( ខទី ១ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣:១–១៥

ខ្ញុំ​គួរតែ​ទុកចិត្ត​លើ​ព្រះ ជាជាង​ខ្លាច​មនុស្ស ។

នៅ​ការបម្រើ​ដំបូង​របស់​យ៉ូសែប ស៊្មីធ មិត្ត​ល្អៗ​កម្រ​នឹង​រក​បាន​ណាស់—ជាពិសេស​មិត្ត​ដូចជា​ម៉ាទិន ហារីស ជា​បុរស​គួរ​ឲ្យ​គោរព និង​ស្ដុកស្ដម្ភ​ម្នាក់ ដែល​បាន​ផ្ដល់​ការគាំទ្រ​ដ៏​មាន​តម្លៃ ។ ហើយ​ម៉ាទិន​ស្ម័គ្រចិត្ត​គាំទ្រ​យ៉ូសែប ទោះបីជា​វា​ធ្វើ​ឲ្យ​មិត្ត​គាត់​លែង​គោរព​គាត់ ហើយ​តម្រូវ​ឲ្យ​លះបង់​ផ្នែក​ហិរញ្ញវត្ថុ​ក្ដី ។

ដូច្នេះ​វា​ងាយ​នឹង​ឃើញ​ពី​មូលហេតុ​ដែល​យ៉ូសែប​ចង់​គោរព​តាម​សំណើ​របស់​ម៉ាទិន ក្នុង​ការយក​ចំណែក​ទីមួយ​នៃ​ការបកប្រែ​ព្រះគម្ពីរ​មរមន​ឲ្យ​ភរិយា​គាត់​ឃើញ ព្រោះ​នាង​សង្ស័យ​ពី​សេចក្ដីពិត​នៃ​ព្រះគម្ពីរ​មរមន ។ យ៉ូសែប​បាន​បន្ដ​សូម​ដល់​ព្រះអម្ចាស់​អំពី​សំណើ​នេះ ទោះជា​ពេល​ទ្រង់​បាន​ហាម​ឃាត់​ក្ដី រហូត​ដល់​ទីបញ្ចប់​ក្រោយពី​យ៉ូសែប​បាន​ទូល​សូម​ជា​លើក​ទី​បី នោះ​ព្រះអម្ចាស់​បាន​អនុញ្ញាត ។ គួរ​ឲ្យ​សោកស្ដាយ សំណៅ​ដើម​បាន​បាត់ កាល​នៅក្នុង​ដៃ​របស់​ម៉ាទិន ហើយ​យ៉ូសែប និង​ម៉ាទិន​ត្រូវបាន​វាយ​ផ្ចាល​ដោយ​ព្រះអម្ចាស់​យ៉ាង​ខ្លាំង ( សូមមើល Saints ១:៥១–៥៣ ) ។

នៅពេល​បងប្អូន​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣:១–១៥ សូម​ពិចារណា​ពី​របៀប​ដែល​យោបល់​របស់​មនុស្ស​ដទៃ​អាច​ជះឥទ្ធិពល​លើ​បងប្អូន ។ បងប្អូន​ក៏​អាច​សម្គាល់​ឃើញ​ថា បន្ថែម​លើ​ការស្ដី​បន្ទោស​ឲ្យ​យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់​ក៏​បាន​មាន​បន្ទូល​អំពី​សេចក្ដី​មេត្តា​ករុណា​ផងដែរ ។ តើ​បងប្អូន​បាន​រៀន​អ្វីខ្លះ​តាមរយៈ​របៀប​ដែល​ព្រះអម្ចាស់​បាន​កែតម្រូវ​ផង និង​លើក​ទឹកចិត្ត​យ៉ូសែប​ផង ? តើ​បងប្អូន​រកឃើញ​ការប្រឹក្សា​អ្វីខ្លះ ដែល​អាច​ជួយ​ដល់​បងប្អូន នៅពេល​បងប្អូន​ត្រូវបាន​ល្បួង​ឲ្យ​ខ្លាច​មនុស្ស​ដទៃ​ជាង​ខ្លាច​ព្រះ ?

សូមមើល​ផងដែរ « The Contributions of Martin Harris » Revelations in Context ទំព័រ ១–៩ នៅលើ​គេហទំព័រ history.ChurchofJesusChrist.org ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៤

ព្រះអម្ចាស់​សុំ​ឲ្យ​ខ្ញុំ​បម្រើ​ទ្រង់​ឲ្យ​អស់​ពី​ដួងចិត្ត​ខ្ញុំ ។

ជាញឹកញាប់ កណ្ឌ​ទី ៤ អនុវត្ត​ចំពោះ​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។ ប៉ុន្ដែ វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​សម្គាល់​ថា វិវរណៈ​នេះ​ត្រូវបាន​ប្រទាន​ឲ្យ យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ ទេ​ពី​ដំបូងមក ដែល​មិន​ត្រូវបាន​ហៅ​ក្នុង​បេសកកម្ម ប៉ុន្ដែ​នៅតែ​មាន « បំណង​ចង់​បម្រើ​ព្រះ » ( ខទី ៣ ) ។

របៀប​មួយ​ដើម្បី​អាន​កណ្ឌ​នេះ​គឺ ត្រូវ​ស្រមៃ​ថា​វា​ជា​លក្ខខណ្ឌ​ការងារ​សម្រាប់​នរណាម្នាក់​ដែល​ចង់​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ តើ​អ្វី​ជា​លក្ខណៈ​សម្បត្តិ ? ហេតុអ្វី​បាន​ជា​ជំនាញ ឬ​លក្ខណៈ​ទាំងនេះ​ចាំបាច់ ? ប្រហែល​បងប្អូន​អាច​ជ្រើសរើស​ប្រកប​ដោយ​ការអធិស្ឋាន យក​អ្វី​មួយ​ដែល​បងប្អូន​អាច​ធ្វើ​បាន​ដើម្បី « ធ្វើ​ឲ្យ [ បងប្អូន ] សម​នឹង​កិច្ចការ » ( ខទី ៥ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៥

ខ្ញុំ​អាច​ទទួល​បាន​សាក្សី​ផ្ទាល់ខ្លួន​ខ្ញុំ​អំពី​ព្រះគម្ពីរ​មរមន ។

ម៉ាទិន ហារីស

ម៉ាទិន ហារីស ដោយ លេវីស អេ រ៉ាមសេយ

ប្រសិនបើ​បងប្អូន​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​សាក្សី​នៅក្នុង​តុលាការ​អំពី​សេចក្ដីពិត​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន តើ​បងប្អូន​នឹង​ផ្ដល់​ភស្ដុតាង​អ្វី ? សំណួរ​ស្រដៀង​គ្នា​មួយ​ដែល​ម៉ាទិន ហារីស មាន​ក្នុង​ចិត្ត​គឺ​នៅពេល​ដែល​ភរិយា​គាត់ លូស៊ី បាន​ដាក់បណ្តឹង​ថា យ៉ូសែប ស៊្មីធ កំពុង​បោក​ប្រាស​ប្រជាជន​តាមរយៈ​ការធ្វើ​ជា​បកប្រែ​ផ្ទាំងចំណារ​មាស ( សូមមើល Saints ១:៥៦–៥៨ ) ។ ដូច្នេះ​ម៉ាទិន​បាន​សូម​ឲ្យ​យ៉ូសែប​ផ្ដល់​ភស្ដុតាង​បន្ថែម​ទៀត​ថា ផ្ទាំង​ចំណារ​មាស​គឺ​ពិត ។គោលលទ្ធិ និង សេចក្ដីសញ្ញា ៥ គឺជា​វិវរណៈ​មួយ​ដែល​ឆ្លើយតប​នឹង​សំណើ​របស់​ម៉ាទិន ។

តើ​បងប្អូន​រៀន​អ្វី​ខ្លះ​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ៥ អំពី​អ្វី​ដូច​តទៅ​នេះ ៖

  • តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​ដូចម្ដេច អំពី​អ្នក​ទាំង​ឡាយ​ណា​ដែល​មិន​ជឿ​លើ​សេចក្ដីពិត​ខាង​វិញ្ញាណ លុះត្រាតែ​ពួកគេ​មាន​ភស្ដុតាង​នោះ ( សូមមើល ខទី ៥–៨, សូមមើល​ផងដែរ យ៉ូហាន ២០:២៤–២៩ ) ។

  • តួនាទី​នៃ​សាក្សី​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ( សូម​មើល ខទី ១១–១៥, សូមមើល​ផងដែរ កូរិនថូស ទី​២ ១៣:១ ) ។

  • របៀប​ទទួល​បាន​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន​ដោយ​ខ្លួន​ឯង ( សូម​មើល ខទី ១៦, សូមមើល​ផងដែរ មរ៉ូណៃ ១០:៣–៥ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥:១–១០

ជំនាន់​នេះ​គួរតែ​ទទួល​បាន​បន្ទូល​របស់​ព្រះ​តាមរយៈ​យ៉ូសែប ស្ម៊ីធ ។

តើ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥:១–១០ បង្រៀន​បងប្អូន​អ្វីខ្លះ អំពី​តួនាទី​ដ៏​សំខាន់​របស់​យ៉ូសែប ស្ម៊ីធ នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​របស់​យើង—និង​នៅក្នុង​ជីវិត​របស់​បងប្អូន ? សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​បងប្អូន​បាន​ទទួល​បន្ទូល​របស់​ព្រះ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ សូម​គិត​ដល់​ការកត់ត្រា​ក្នុង​កំណត់ហេតុ ឬ​ចែកចាយ​ជាមួយ​នរណាម្នាក់​អំពី​អំណរគុណ​របស់​បងប្អូន​ចំពោះ​សេចក្ដីពិត ដែល​ត្រូវបាន​ស្ដារឡើង​វិញ ឬ​បញ្ជាក់​តាមរយៈ​លោក ។

សូម​មើល នីហ្វៃទី​២ ៣:៦–២៤ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣:១–៤ ។សូម​ឲ្យ​សមាជិក​គ្រួសារ​ម្នាក់​ដើរ​លើ​ខ្សែ « ក្ងិកក្ងក់ » រួច​ហើយ​លើ​ខ្សែ « ត្រង់ » ។ តើ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​គ្រួសារ​របស់​យើង​ដែល​ដឹង​ថា « ផ្លូវ​ទាំង​ឡាយ​របស់ [ ព្រះ ] ត្រង់ » ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៧–១០ ។នៅពេល​នរណាម្នាក់​ជម្រុញ​ឲ្យ​យើង​មិន​គោរព​តាម​ព្រះ តើ​សេចក្ដីពិត​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​អាច​ជួយ​យើង​ឲ្យ​បន្ដ​ស្មោះត្រង់ ? ប្រហែល​សមាជិក​គ្រួសារ​អាច​ដើរ​តួ​សម្ដែង​ពី​ស្ថានភាព​មួយ ដែល​នរណាម្នាក់​នៅ​បន្ដ​ស្មោះត្រង់ ថ្វីបើ​មាន​សម្ពាធ​មិន​ឲ្យ​គោរព​តាម​ព្រះ​ក្ដី ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៤ ។នៅពេល​គ្រួសារ​របស់​បងប្អូន​ពិភាក្សា​ពី​អត្ថន័យ​នៃ​ការធ្វើការ​ក្នុង​វាលស្រែ​របស់​ព្រះ នោះ​ពួកគេ​អាច​ធ្វើ​កិច្ចការ​ខ្លះៗ​នៅក្នុង​សួនច្បារ ( ឬ​ធ្វើ​ជា​ធ្វើ ) ។ តើ​ត្រូវការ​ឧបករណ៍​អ្វីខ្លះ​សម្រាប់​កិច្ចការ​ក្នុង​សួនច្បារ ? តើ​ព្រះ​រៀបរាប់​ពី​អ្វីខ្លះ​នៅក្នុង កណ្ឌ​ទី ៤ ដែល​អាច​ចាត់ទុក​ថា​ជា​ឧបករណ៍​ចាំបាច់​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់ ? គ្រួសារ​របស់​បងប្អូន​អាច​ពិភាក្សា​ពី​មូលហេតុ ដែល​ឧបករណ៍​នីមួយៗ​សំខាន់​ក្នុង​ការធ្វើ​កិច្ចការ​របស់​ព្រះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៥:៧ ។តើ​មាន​គំរូ​ណាខ្លះ​អំពី​សេចក្ដីពិត ដែល​យើង​ជឿ ប៉ុន្ដែ​មិន​អាច​មើល​ឃើញ​បាន ? តើ​យើង​អាច​ឆ្លើយតប​នឹង​មិត្ត​ម្នាក់ ដែល​ចង់​បាន​ភស្ដុតាង​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត​ដោយ​របៀប​ណា ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​ក្លាហាន » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨៥ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

ទន្ទេញ​ខគម្ពីរ ។ « ការទន្ទេញ​ចាំ​បទគម្ពីរ​មួយ​គឺ​ជា​ការបង្កើត​មិត្ត​ភាព​មួយ​ថ្មី ។ វា​គឺ​ដូច​ជា​ការរកឃើញ​នូវ​បុគ្គល​ថ្មី​ម្នាក់ ដែល​អាច​ពឹង​ពាក់បាន​នៅពេល​ត្រូវការ វាផ្ដល់​នូវ​ការបំផុស និង​ការលួងលោម ព្រមទាំង​ជា​ប្រភព​នៃ​ការជំរុញ​ទឹកចិត្ត​ដើម្បី​ធ្វើ​ការផ្លាស់ប្ដូរ​ដែល​ចាំបាច់ » ( រីឆាដ ជី ស្កត « The Power of Scripture » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៦ ) ។

យ៉ូសែប ស៊្មីធ ជាមួយ​នឹង​ឪពុក​ម្ដាយ​របស់​លោក

មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​លើ ១១៦ ទំព័រ ដោយ ក្វានី ប៉ូវី វីនឌើរ