« ថ្ងៃទី ១១–១៧ ខែ មករា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ២; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥ ៖ ‹ បង្វែរចិត្តឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១១–១៧ ខែ មករា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ២; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ១១–១៧ ខែ មករា
គោលលទ្ធិ និងសេចក្ដីសញ្ញា ២, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៦៥
« បង្វែរចិត្តឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ »
ព្រះវិញ្ញាណបរិសុទ្ធអាចបង្រៀនបងប្អូនគ្រប់ពេលដែលបងប្អូនអានព្រះគម្ពីរ—ទោះបីជាព្រះគម្ពីរដែលបងប្អូនបានអានជាច្រើនដងពីមុនហើយក្ដី ។ សូមទទួលយកការយល់ដឹងថ្មីៗ និងការបំផុសគំនិត ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
វាមានរយៈពេលបីឆ្នាំហើយ តាំងពីព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទបានបង្ហាញអង្គទ្រង់ដល់ យ៉ូសែប ស្ម៊ីធនៅក្នុងព្រៃ ប៉ុន្ដែយ៉ូសែបមិនបានទទួលវិវរណៈបន្ថែមផ្សេងទៀតឡើយតាំងពីពេលនោះមក ។ លោកបានចាប់ផ្ដើមឆ្ងល់អំពីជំហររបស់លោកចំពោះព្រះអម្ចាស់ ។ ដូចជាយើងទាំងអស់គ្នាដែរ លោកបានធ្វើខុស ហើយលោកបានមានអារម្មណ៍ថាត្រូវបានដាក់ទោសដោយសារកំហុសនោះ ។ ប៉ុន្ដែព្រះនៅតែមានកិច្ចការមួយឲ្យលោកធ្វើ ។ ហើយកិច្ចការដែលយ៉ូសែបត្រូវបានហៅឲ្យធ្វើនោះគឺ ទាក់ទងទៅនឹងអ្វីដែលព្រះសុំឲ្យយើងធ្វើ ។ យ៉ូសែបនឹងនាំព្រះគម្ពីរមរមនចេញមក តើយើងត្រូវបានសុំឲ្យធ្វើអ្វីជាមួយនឹងគម្ពីរនេះ ? យ៉ូសែបបានទទួលកូនសោបព្វជិតភាពដើម្បីបង្វែរចិត្តឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ តើយើងបង្វែរដួងចិត្តរបស់យើងទៅរកបុព្វបុរសរបស់យើងយ៉ាងដូចម្ដេច ? យ៉ូសែបត្រូវបានប្រាប់អំពីការព្យាករនានា ដែលនឹងត្រូវបានបំពេញនាពេលខាងមុខ តើអ្វីជាចំណែករបស់យើងក្នុងការជួយបំពេញការព្យាករនេះ ? នៅពេលយើងចូលរួមក្នុងកិច្ចការរបស់ព្រះ យើងអាចរំពឹងថានឹងជួបការប្រឆាំង ព្រមទាំងការបៀតបៀនទៀតផង គឺដូចជាព្យាការីបានជួបដែរ ។ ប៉ុន្ដែយើងក៏អាចមានសេចក្ដីជំនឿថា ព្រះអម្ចាស់នឹងយកយើងធ្វើជាឧបករណ៍ក្នុងព្រះហស្ដរបស់ទ្រង់ គឺដូចជាទ្រង់បានធ្វើជាមួយយ៉ូសែបផងដែរ ។
សូមមើល Saints ១:២០–៤៨ ។
យោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៧–៣៣
ព្រះមានកិច្ចការមួយឲ្យខ្ញុំធ្វើ ។
កាលបងប្អូនអាន យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៧–៣៣ សូមពិចារណាថា ព្រះមានកិច្ចការមួយឲ្យបងប្អូនធ្វើ គឺដូចជាទ្រង់បានធ្វើជាមួយយ៉ូសែប ស៊្មីធផងដែរ ។ សូមសញ្ជឹងគិតដល់ការអញ្ជើញនេះមកពីប្រធាន រ័សុល អិម ណិលសុន ៖ « ចូរទូលសួរព្រះវរបិតាសួគ៌របស់អ្នក នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ថាតើទ្រង់មានព្រះទ័យដូចម្ដេចចំពោះអ្នក និង បេសកកម្មរបស់អ្នកលើផែនដីនេះ ។ ប្រសិនបើអ្នកទូលសួរដោយស្មោះអស់ពីចិត្ត មិនយូរមិនឆាប់នោះព្រះវិញ្ញាណនឹងខ្សឹបប្រាប់សេចក្ដីពិតដែលផ្លាស់ប្ដូរជីវិតដល់អ្នក ។… ខ្ញុំសូមសន្យានឹងអ្នកថា បើអ្នកចាប់ផ្ដើមមើលឃើញតែបន្តិចអំពីអ្វីដែលព្រះវរបិតាសួគ៌ទតឃើញក្នុងអ្នក និង អ្វីដែលទ្រង់រំពឹងឲ្យអ្នកធ្វើដើម្បីទ្រង់ នោះជីវិតអ្នកនឹងផ្លាស់ប្ដូរជានិច្ច ! »« Becoming True Millennials » [ ការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យទូទាំងពិភពលោក ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៦ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ) ។
ពេលខ្លះបងប្អូនអាចមានអារម្មណ៍ដូចជាយ៉ូសែបបានមាននៅក្នុង ខទី ២៨–២៩ ផងដែរ ។ តើបងប្អូនអាចរៀនអ្វីខ្លះមកពីគំរូរបស់យ៉ូសែបអំពីអ្វីដែលត្រូវធ្វើ នៅពេលសកម្មភាពរបស់បងប្អូនមិនស៊ីចង្វាក់នឹងកិច្ចការ ដែលព្រះបានហៅបងប្អូនឲ្យធ្វើ ?
យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៣៤–៦៥
ព្រះគម្ពីរមរមនមាននូវ « ភាពពោរពេញនៃដំណឹងល្អដ៏អស់កល្បជានិច្ច » ។
នៅពេលបងប្អូនអាន យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៣៤–៦៥ សូមគិតពីសេចក្ដីលម្អិតមួយចំនួននៅក្នុងខគម្ពីរទាំងនេះ ដែលអាចធ្វើឲ្យបងប្អូនចាប់អារម្មណ៍ ប្រសិនបើបងប្អូនមិនធ្លាប់បានឮពីព្រះគម្ពីរមរមនពីមុនមកនោះ ។ ក្នុងនាមជាអ្នកជឿម្នាក់ ហេតុអ្វីដំណើររឿងនេះសំខាន់ចំពោះទីបន្ទាល់របស់បងប្អូនអំពីព្រះគម្ពីរមរមន ?
សូមគិតអំពីរបៀបដែលព្រះគម្ពីរមរមនបំពេញដល់ការព្យាករនៅក្នុង អេសាយ ២៩:៤, ១១–១៨ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៦–៤១
ការស្ដារដំណឹងល្អឡើងវិញបានបំពេញការព្យាករពីបុរាណ ។
មរ៉ូណៃបានដកស្រង់ប្រាប់យ៉ូសែបអំពីការព្យាករក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីជាច្រើនដូចជា អេសាយ ១១, កិច្ចការ ៣:២២–២៣ និង យ៉ូអែល ២:២៨–៣២ ។ ហេតុអ្វីវាសំខាន់ដែលយ៉ូសែបត្រូវដឹងពីការព្យាករទាំងនេះ ? ហេតុអ្វីវាសំខាន់ដែលបងប្អូនត្រូវដឹងពីការព្យាករទាំងនេះ ?
តើអេលីយ៉ាបានស្ដារអ្វីឡើងវិញ ?
ប្រធាន ហិនរី ប៊ី អាវរិង បានមានប្រសាសន៍ ៖ « វាគឺជាការសំខាន់ដើម្បីដឹងអំពីមូលហេតុដែលព្រះអម្ចាស់បានសន្យាថានឹងបញ្ជូនអេលីយ៉ាមក ។ អេលីយ៉ា គឺជាព្យាការីដ៏អស្ចារ្យម្នាក់ ដែលមាននូវអំណាចដ៏មហិមាដែលប្រទានមកពីព្រះ ។ លោកបានកាន់អំណាចដ៏មហិមាបំផុតដែលព្រះប្រទានដល់កូនចៅរបស់ទ្រង់ ៖ លោកបានកាន់អំណាចនៃការផ្សារភ្ជាប់ ជាអំណាចដែលចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅស្ថានសួគ៌ដែរ » ( « Hearts Bound Together » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៧៨ ) ។
សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១៣-១៦; ដេវីឌ អេ បែដណា « ចូរឲ្យគេហដ្ឋាននេះត្រូវស្ថាបនាចំពោះព្រះនាមរបស់យើង » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៤-៨៧ ) ។
អេលីយ៉ាបានមកដើម្បីបង្វែរដួងចិត្តខ្ញុំឲ្យងាកទៅរកជីដូនជីតារបស់ខ្ញុំ ។
តើពាក្យដូចជា « ដាក់ » « ដួងចិត្ត » និង « បង្វែរ » នៅក្នុងកណ្ឌនេះបង្រៀនអ្វីខ្លះដល់បងប្អូនអំពីបេសកកម្មរបស់អេលីយ៉ា និងពរជ័យនៃកូនសោបព្វជិតភាពដែលលោកបានស្ដារឡើងវិញ ? តើបងប្អូនបានមានអារម្មណ៍ថាដួងចិត្តរបស់បងប្អូនបានបង្វែរទៅរកជីដូនជីតារបស់បងប្អូនដោយរបៀបណា ? សូមគិតអំពីរបៀបដែលបងប្អូនអាចដកពិសោធន៍អារម្មណ៍បែបនេះកាន់តែញឹកញាប់ ។ ប្រហែលបងប្អូនអាចសូមឲ្យសាច់ញាតិម្នាក់ចែកចាយដំណើររឿងមួយជាមួយបងប្អូនអំពីជីដូនជីតាម្នាក់—ហើយកាន់តែប្រសើរនោះគឺ បងប្អូនអាចកត់ត្រាវាទុក ។ ប្រហែលបងប្អូនអាចរកមើលជីដូនជីតាដែលបានស្លាប់ទៅ ដែលមិនធ្លាប់បានទទួលពិធីបរិសុទ្ធនៃដំណឹងល្អ រួចហើយធ្វើកិច្ចការនោះនៅក្នុងព្រះវិហារបរិសុទ្ធ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីក្រុមគ្រួសារ
-
យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៨–២៩ ។តើយ៉ូសែប ស្ម៊ីធបានមានអារម្មណ៍យ៉ាងដូចម្ដេចអំពីកំហុសរបស់លោក ? តើលោកបានធ្វើអ្វីខ្លះ ក្នុងការឆ្លើយតបនឹងអារម្មណ៍ទាំងនោះ ? តើយើងអាចរៀនអ្វីខ្លះមកពីលោក អំពីអ្វីដែលត្រូវធ្វើ នៅពេលយើងធ្វើខុស ?
-
យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៣៣–៥៤ ។បងប្អូនអាចសូមឲ្យសមាជិកគ្រួសារម្នាក់អានឮៗនូវផ្នែកខ្លះ ឬសារលិខិតទាំងអស់របស់មរ៉ូណៃក្នុង យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៣៣–៥៤ ចំនួនបួនដង ( ដោយសារមរ៉ូណៃបានប្រាប់សារលិខិតនេះចំនួនបួនដងដដែលៗ ) ។ នៅចន្លោះការអាននីមួយៗ សូមឲ្យសមាជិកគ្រួសារផ្សេងទៀតចែកចាយអ្វីដែលពួកគេចងចាំមកពីសារលិខិតរបស់លោក ដោយមិនមើលព្រះគម្ពីរ ។ ហេតុអ្វីព្រះអម្ចាស់អាចប្រាប់សារលិខិតដ៏សំខាន់បីបួនដង ? តើរបៀបផ្សេងទៀត ដែលព្រះអម្ចាស់បង្រៀនយើងតាមរយៈការប្រាប់សារឡើងវិញមានអ្វីខ្លះ ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ២:២ ។ដើម្បីជួយកូនៗរបស់បងប្អូនឲ្យយល់ពី « សេចក្ដីសន្យាដែលបានធ្វើដល់ពួកឪពុក » បងប្អូនអាចអាន អ័ប្រាហាំ ២:៩–១១ រួមគ្នា ឬមើលវីដេអូ « Special Witnesses of Christ—President Russell M. Nelson » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមរកមើលសេចក្ដីសន្យាដែលព្រះបានធ្វើ ជាផ្នែកនៃសេចក្ដីសន្យារបស់ទ្រង់ជាមួយអ័ប្រាហាំ ។ តើយើងអាច « ដាក់ » សេចក្ដីសន្យាទាំងនេះទុកក្នុងចិត្តរបស់យើងដោយរបៀបណា ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ២:២–៣ ។ដើម្បីជួយសមាជិកគ្រួសារឲ្យបង្វែរដួងចិត្តរបស់គេទៅរកពួកឪពុករបស់ខ្លួន ( ឬជីដូនជីតា ) បងប្អូនអាចអញ្ជើញពួកគេឲ្យរៀនពីជីដូនជីតាម្នាក់ ហើយចែកចាយពីអ្វីដែលពួកគេបានដឹងជាមួយសមាជិកគ្រួសារគ្រប់រូប ។ ហេតុអ្វីព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងរៀនពីសមាជិកគ្រួសារយើង ហើយធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធសម្រាប់ពួកគេ ? តើយើងមានពរជ័យយ៉ាងណា នៅពេលយើងចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ? ( សូមមើល ឌេល ជី រេនឡាន់ « កិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ៖ ការផ្សារភ្ជាប់ និងការព្យាបាល » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៤៦–៤៩ ) ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងដែលបានផ្តល់យោបល់ ៖ « ខ្ញុំកំពុងធ្វើ—ពង្សប្រវត្តិ » សៀវភៅចម្រៀងកុមារ ទំព័រ ១០០ ។