« ថ្ងៃទី ៤–១០ ខែ មករា ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦ ៖ ‹ ខ្ញុំបានឃើញបង្គោលពន្លឺមួយ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៤–១០ ខែ មករា ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ៤–១០ ខែ មករា
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦
« ខ្ញុំបានឃើញបង្គោលពន្លឺមួយ »
នៅពេលបងប្អូនអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦ តើមានសារលិខិតអ្វីខ្លះដែលបងប្អូនរកឃើញសម្រាប់ជីវិតរបស់បងប្អូន ? តើអ្វីខ្លះដែលមានតម្លៃបំផុតចំពោះបងប្អូន និងគ្រួសាររបស់បងប្អូន ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
គោលលទ្ធិ និង សេចក្តីសញ្ញាគឺជាគម្ពីរមួយដែលឆ្លើយតបនឹងការអធិស្ឋាន ៖ វិវរណៈដ៏ពិសិដ្ឋជាច្រើននៅក្នុងគម្ពីរនេះបានមកពីការឆ្លើយតបចំពោះសំណួរ ។ ដូច្នេះ វាសមរម្យដើម្បីចាប់ផ្ដើមការសិក្សាគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញាដោយការគិតដល់សំណួរដែលបានចាប់ផ្ដើមការចាក់ស្រោចវិវរណៈនៅថ្ងៃចុងក្រោយ—វិវរណៈដែលយ៉ូសែប ស៊្មីធបានសួរក្នុងព្រៃនៅឆ្នាំ ១៨២០ ។ « ចម្បាំងខាងពាក្យសំដី និងការជ្រួលច្របល់ខាងគំនិតជឿ » ( យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:១០ ) បានទុកឲ្យយ៉ូសែបយល់ច្រឡំអំពីសាសនា និងសភាពនៃព្រលឹងគាត់ ប្រហែលបងប្អូនអាចយល់រឿងនោះបាន ។ មានគំនិតទាស់គ្នាជាច្រើន និងសំឡេងបញ្ចុះបញ្ចូលនៅជំនាន់របស់យើង ហើយនៅពេលយើងចង់បែងចែកសារលិខិតទាំងនេះ ហើយស្វែងរកសេចក្ដីពិត នោះយើងអាចធ្វើអ្វីដែលយ៉ូសែបបានធ្វើ ។ យើងអាចសួរសំណួរ សិក្សាបទគម្ពីរ សញ្ជឹងគិត ហើយទីបញ្ចប់ទូលសួរដល់ព្រះ ។ ជាចម្លើយដល់ការអធិស្ឋានរបស់យ៉ូសែប នោះមានបង្គោលពន្លឺមួយលេចមកពីស្ថានសួគ៌ ព្រះជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយ ហើយបានឆ្លើយនឹងសំណួររបស់លោក ។ ទីបន្ទាល់របស់យ៉ូសែបអំពីបទពិសោធន៍ប្រកបដោយអព្ភូតហេតុនោះបានប្រកាសយ៉ាងក្លាហានថា នរណាម្នាក់ « ដែលខ្វះប្រាជ្ញា នោះអាចសូមដល់ព្រះ ហើយនឹងបានទទួលដោយឥតបន្ទោសផង » ( យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:២៦ ) ។ យើងទាំងអស់គ្នាអាចទទួលបាន ប្រសិនបើមិនមែនជាការនិមិត្តមកពីស្ថានសួគ៌ទេនោះ យ៉ាងហោចណាស់ក៏ការនិមិត្តដ៏ច្បាស់លាស់មួយ ដែលបង្ហាញដោយសារពន្លឺពីស្ថានសួគ៌ដែរ ។
យោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
យ៉ូសែបគឺជាព្យាការីនៃការស្ដារឡើងវិញ ។
គោលបំណងនៃប្រវត្តិរបស់យ៉ូសែប ស៊្មីធគឺដើម្បីដាក់យើងទៅ « រកសេចក្ដីពិតចំពោះការពិតត្រង់ » ពីព្រោះសេចក្ដីពិតអំពីយ៉ូសែបត្រូវបានគេបកស្រាយខុសជារឿយៗ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១ ) ។ នៅពេលបងប្អូនអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦ តើអ្វីទៅដែលបានពង្រឹងទីបន្ទាល់របស់បងប្អូនអំពីការហៅដ៏ទេវភាពរបស់លោក ? សូមកត់ត្រាភស្តុតាងដែលបងប្អូនរកឃើញថា ព្រះអម្ចាស់បានរៀបចំយ៉ូសែប ស៊្មីធសម្រាប់បេសកកម្មជាព្យាការីរបស់លោក ។ កាលបងប្អូនអាន បងប្អូនក៏អាចកត់ត្រាយោបល់ និងអារម្មណ៍របស់ខ្លួនអំពីយ៉ូសែប ស៊្មីធ និងទីបន្ទាល់របស់លោកផងដែរ ។
សូមមើលផងដែរ Saints ១:៣–១៩ ។
ប្រសិនបើខ្ញុំទូលសូមព្រះដោយសេចក្ដីជំនឿ នោះព្រះប្រទានចម្លើយ ។
តើបងប្អូនធ្លាប់ « ខ្វះប្រាជ្ញា » ឬមានអារម្មណ៍ថាភាន់ច្រឡំដោយសារការសម្រេចចិត្តដែលបងប្អូនត្រូវធ្វើដែរឬទេ ? ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១៣ ) ។ តើបងប្អូនរៀនអ្វីខ្លះមកពីបទពិសោធន៍របស់យ៉ូសែប ស៊្មីធនៅក្នុង ខទី ៥–២០ ? សូមគិតពីតម្រូវការផ្ទាល់របស់បងប្អូនដែលចង់បានប្រាជ្ញា និងការយល់ដឹងកាន់តែច្បាស់ ហើយពិចារណាពីរបៀបដែលបងប្អូននឹងស្វែងរកសេចក្ដីពិត ។
សូមមើលផងដែរ នីហ្វៃទី១ ១០:១៧–១៩; ១៥:៦–១១;រ័សុល អិម ណិលសុន « វិវរណៈសម្រាប់សាសនាចក្រ វិវរណៈសម្រាប់ជីវិតរបស់យើង » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៣–៩៦ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០
ហេតុអ្វីមានដំណើររឿងផ្សេងគ្នាអំពីការនិមិត្តដំបូង ?
ក្នុងឆាកជីវិតរបស់លោក យ៉ូសែប ស៊្មីធ បានកត់ត្រាបទពិសោធន៍របស់លោកនៅក្នុងព្រៃពិសិដ្ឋយ៉ាងហោចណាស់បួនដង ជាញឹកញាប់ដោយប្រើស្មៀនកត់ឲ្យ ។ លើសពីនេះ ដំណើររឿងប្រាប់បន្ដគ្នាជាច្រើនត្រូវបានសរសេរដោយមនុស្ស ដែលបានឮយ៉ូសែបនិយាយអំពីការនិមិត្តរបស់លោក ។ ទោះបីជាដំណើររឿងទាំងនេះខុសគ្នាក្នុងសេចក្ដីលម្អិតខ្លះៗក្ដី អាស្រ័យលើអ្នកស្ដាប់ និងមជ្ឈដ្ឋាន ក៏វានៅតែស៊ីចង្វាក់គ្នាដែរ ។ ហើយដំណើររឿងនីមួយៗបន្ថែមសេចក្ដីលម្អិត ដែលជួយយើងឲ្យយល់ពីបទពិសោធន៍របស់យ៉ូសែប ស៊្មីធកាន់តែច្បាស់ គឺដូចជាដំណឹងល្អទាំងបួននីមួយៗជួយយើងឲ្យយល់ពីការងារបម្រើរបស់ព្រះអង្គសង្គ្រោះកាន់តែច្បាស់ដែរ ។
ដើម្បីអានដំណើររឿងផ្សេងទៀតរបស់យ៉ូសែប សូមមើល « First Vision Accounts » ( Gospel Topics នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។ តើបងប្អូនរៀនអ្វីខ្លះមកពីការអានដំណើរឿងទាំងអស់នេះ ?
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០
ការនិមិត្តដំបូងបានចាប់ផ្ដើមការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
យ៉ូសែប ស៊្មីធបានទុកចិត្តថា ព្រះនឹងឆ្លើយតបការអធិស្ឋានរបស់លោក ប៉ុន្ដែលោកមិនអាចដឹងពីរបៀបដែលចម្លើយនោះនឹងផ្លាស់ប្ដូរជីវិតរបស់លោកឡើយ—ព្រមទាំងពិភពលោកដែរ ។ នៅពេលបងប្អូនអានអំពីបទពិសោធន៍របស់យ៉ូសែប សូមគិតអំពីរបៀបដែលការនិមិត្តដំបូងបានផ្លាស់ប្ដូរជីវិតរបស់បងប្អូន ។ ឧទាហរណ៍ បងប្អូនអាចបំពេញប្រយោគនេះតាមរបៀបខុសគ្នា ៖ « ដោយសារការនិមិត្តដំបូងបានកើតឡើង នោះខ្ញុំដឹងថា … » ។ តើបងប្អូនបានទទួលពរដោយរបៀបណា ដោយសារតែការនិមិត្តដំបូង ?
សូមមើលផងដែរ វីដេអូ « Ask of God: Joseph Smith’s First Vision » នៅលើគេហទំព័រ ChurchofJesusChrist.org; Saints ១:១៤–១៩ សុស អិម ណុលសិន « Hear Him » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០២០ទំព័រ ៨៨-៩២ ។
យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២១–២៦
ខ្ញុំអាចបន្ដស្មោះត្រង់ចំពោះអ្វីដែលខ្ញុំដឹង ទោះបីជាមនុស្សដទៃបដិសេធខ្ញុំក្ដី ។
ពរជ័យមួយនៃព្រះគម្ពីរគឺថា វាមាននូវគំរូដ៏បំផុសគំនិតមកពីបុរស និងស្ដ្រីដ៏ក្លាហានដែលបានប្រឈមនឹងឧបសគ្គដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ នៅពេលយ៉ូសែប ស៊្មីធបានប្រឈមនឹងការប្រឆាំងដោយសារតែការនិមិត្តរបស់លោក លោកគឺដូចជាសាវកប៉ុល ដែលត្រូវបានគេបៀតបៀនដែរ ដោយសារការនិយាយថាលោកបានឃើញការនិមិត្តមួយ ។ នៅពេលបងប្អូនអានដំណើររឿងរបស់យ៉ូសែប តើអ្វីទៅដែលបំផុសគំនិតបងប្អូនឲ្យបន្ដស្មោះត្រង់ចំពោះទីបន្ទាល់របស់បងប្អូន ? តើមានគំរូផ្សេងទៀតអ្វីខ្លះ—មកពីព្រះគម្ពីរ ឬមនុស្សដែលបងប្អូនស្គាល់—ដែលផ្ដល់សេចក្តីក្លាហានឲ្យបងប្អូនបន្ដនៅស្មោះត្រង់ចំពោះបទពិសោធន៍ខាងវិញ្ញាណដែលបងប្អូនបានមាន ?
យោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦ ។តើយើងអាចទ្រាំទ្រនឹងការខ្វែងគំនិតគ្នា ដោយមិនមានការទាស់ទែងដូចជាមនុស្សដែលបានពិពណ៌នានៅក្នុងខគម្ពីរនេះដោយរបៀបណា ?
-
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–១៣ ។ការអានខគម្ពីរទាំងនេះអាចបំផុសគំនិតសមាជិកគ្រួសារឲ្យចែកចាយបទពិសោធន៍ នៅពេលវគ្គបទគម្ពីរមួយបានប៉ះដួងចិត្តគេ ហើយបានបំផុសគំនិតគេឲ្យធ្វើសកម្មភាព ។
-
យ៉ូសែបស្ម៊ីធ—ប្រវត្តិ ១:១៦–២០ ។កាលគ្រួសារបងប្អូនអានខគម្ពីរទាំងនេះ សូមពិចារណាបង្ហាញគំនូរដែលអមមកក្នុងគម្រោងមេរៀននេះ ឬរូបភាពផ្សេងទៀតអំពីការនិមិត្តដំបូង ( ប្រហែលគ្រួសារបងប្អូនរីករាយក្នុងការគូររូបរបស់ពួកគេផ្ទាល់ ) ។ បងប្អូនក៏អាចមើលវីដេអូ « Ask of God: Joseph Smith’s First Vision » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) បានផងដែរ ។ បងប្អូនអាចធ្វើបញ្ជីមួយនៃសេចក្ដីពិត ដែលយើងបានរៀនតាមរយៈការនិមិត្តនេះ រួចហើយចែកចាយបញ្ជីរបស់បងប្អូនជាមួយគ្នា ។ ការណ៍នេះនឹងជាគ្រាល្អមួយដើម្បីឲ្យសមាជិកគ្រួសារចែកចាយអំពីរបៀប ដែលពួកគេទទួលបានទីបន្ទាល់របស់ពួកគេអំពីការនិមិត្តដំបូងរបស់យ៉ូសែប ស៊្មីធ ។
-
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ។នៅពេលព្រះបានបង្ហាញព្រះកាយឲ្យយ៉ូសែប ស្ម៊ីធ ទ្រង់បានហៅយ៉ូសែបដោយឈ្មោះ ។ តើសមាជិកក្នុងគ្រួសារបងប្អូនបានមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ស្គាល់ពួកគេម្នាក់ៗនៅពេលណា ?
-
យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២១–២៦ ។តើយើងអាចឆ្លើយតបយ៉ាងដូចម្ដេច នៅពេលមនុស្សសួរពីទីបន្ទាល់របស់យើង ?
សម្រាប់គំនិតបន្ថែមពីការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែល បានជូនយោបល់ ៖ « ការអធិស្ឋានដំបូងរបស់យ៉ូសែប ស្ម៊ីធ » ទំនុកតម្កើង ល.រ ១១៥ ។
សំឡេងនៃការស្តារឡើងវិញ
គ្រួសាររបស់យ៉ូសែប ស្ម៊ីធ
យើងម្នាក់ៗរងឥទ្ធិពលយ៉ាងខ្លាំងពីជីវិតគ្រួសាររបស់យើង ហើយយ៉ូសែប ស្ម៊ីធក៏មិនខុសគ្នាដែរ ។ ជំនឿសាសនា និងការអនុវត្តរបស់ឪពុកម្ដាយគាត់ បានដាំគ្រាប់ពូជនៃសេចក្ដីជំនឿ ដែលបានធ្វើឲ្យការស្ដារឡើងវិញកើតឡើង ។ កំណត់ហេតុរបស់យ៉ូសែបកត់ត្រាភស្ដុតាងនេះ ៖ « ពាក្យពេចន៍ និងភាសា [ គឺ ] មិនគ្រប់គ្រាន់ដើម្បីបង្ហាញការដឹងគុណ ដែលខ្ញុំជំពាក់ព្រះដែលបានប្រទានដល់ខ្ញុំនូវឪពុកម្ដាយដ៏គួរឲ្យគោរពនោះឡើយ » ។១
សម្ដីដកស្រង់ដូចតទៅនេះមកពីម្ដាយរបស់គាត់ លូស៊ី ម៉ាក ស្ម៊ីធ បងប្រុសរបស់គាត់ វិលលាម ស្ម៊ីធ និងព្យាការីផ្ទាល់ផ្ដល់ឲ្យយើងឃើញត្រួសៗអំពីឥទ្ធិពលសាសនាក្នុងផ្ទះគ្រួសារស្ម៊ីធ ។
លូស៊ី ម៉ាក ស្ម៊ីធ
« [ នៅប្រហែលឆ្នាំ ១៨០២ ] ខ្ញុំបានធ្លាក់ខ្លួនឈឺ ។… ខ្ញុំបាននិយាយទៅខ្លួនឯងថា ខ្ញុំមិនទាន់បានត្រៀមខ្លួនស្លាប់ឡើយ ដោយសារខ្ញុំមិនដឹងពីរបៀបរបស់ព្រះគ្រីស្ទឡើយ ហើយវាហាក់ដូចជាមានចន្លោះដ៏ខ្មៅងងឹត និងឯកោរវាងខ្ញុំ និងព្រះគ្រីស្ទដែលខ្ញុំមិនហ៊ានឆ្លង ។ …
« ខ្ញុំបានមើលទៅព្រះអម្ចាស់ ហើយបានទូលអង្វរ ហើយសូមព្រះអម្ចាស់ថា ទ្រង់នឹងទុកជីវីតឲ្យខ្ញុំ ដើម្បីខ្ញុំអាចចិញ្ចឹមកូនៗខ្ញុំ ហើយលួងលោមចិត្តស្វាមីខ្ញុំ ហេតុដូច្នេះ ខ្ញុំបានទម្រេតខ្លួនពេញមួយយប់ ។ … ខ្ញុំបានចុះសេចក្ដីសញ្ញាជាមួយព្រះ [ ថា ] ប្រសិនបើទ្រង់នឹងទុកឲ្យខ្ញុំរស់ នោះខ្ញុំនឹងខិតខំទទួលយកសាសនា ដែលនឹងធ្វើឲ្យខ្ញុំអាចបម្រើទ្រង់បាន មិនថាវានៅក្នុងព្រះគម្ពីរប៊ីប ឬមិនថានៅទីណាដែលវាមាននោះទេ ទោះជាត្រូវទទួលវាមកពីស្ថានសួគ៌ដោយការអធិស្ឋាន និងសេចក្ដីជំនឿក្ដី ។ ហើយចុងក្រោយមានសំឡេងមួយនិយាយមកខ្ញុំ ហើយពោលថា ‹ ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ។ ឲ្យចិត្តអ្នកបានល្ហើយល្ហែ ។ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ › ។…
តាំងពីពេលនេះតទៅមុខ ខ្ញុំបានទទួលកម្លាំងជារៀងរហូត ។ ខ្ញុំបាននិយាយតិចតួចណាស់អំពីប្រធានបទសាសនា ទោះបីជាវាបាននៅក្នុងគំនិតខ្ញុំគ្រប់ពេល ហើយខ្ញុំបានគិតថា ខ្ញុំនឹងខិតខំយ៉ាងឧស្សាហ៍ព្យាយាម ពេលណាខ្ញុំអាចស្វែងរកឃើញមនុស្សជឿលើសាសនាខ្លះ ដែលដឹងពីរបៀបរបស់ព្រះដើម្បីណែនាំខ្ញុំអំពីរឿងនៃស្ថានសួគ៌ » ។២
វិល្លាម ស៊្មីធ
« ម្ដាយខ្ញុំ ជាស្ដ្រីដែលមានជំនឿរឹងមាំលើសាសនា និងចាប់អារម្មណ៍យ៉ាងខ្លាំងលើសុខុមាលភាពរបស់កូនៗគាត់ ទាំងនៅទីនេះ និងក្រោយពីនេះ គាត់បានប្រើប្រាស់គ្រប់វិធីដែលក្ដីស្រឡាញ់ក្នុងនាមជាម្ដាយអាចផ្តល់ឲ្យ ដើម្បីឲ្យយើងស្វែងរកសេចក្ដីសង្គ្រោះដល់ព្រលឹងយើង ឬ ( ដូចពាក្យកាលនោះប្រើ ) ‹ ទទួលយកសាសនា › ។ គាត់បានជម្នះឲ្យយើងចូលរួមការប្រជុំ ហើយគ្រួសារស្ទើរតែទាំងអស់គ្នាបានចាប់អារម្មណ៍លើបញ្ហានេះ និងជាអ្នកស្វែងរកសេចក្ដីពិត » ។៣
« យើងតែងតែមានការអធិស្ឋានជាគ្រួសារជានិច្ច តាំងពីខ្ញុំអាចចាំបានមក ។ ខ្ញុំចាំបានច្បាស់ថា ពុកធ្លាប់យកវ៉ែនតាគាត់ដាក់ក្នុងហោប៉ាវអាវកាក់គាត់…ហើយពេលយើងជាក្មេងប្រុសៗបានឃើញគាត់រាវរកវ៉ែនតាគាត់ យើងដឹងថាវាគឺជាសញ្ញាប្រាប់ឲ្យត្រៀមខ្លួនអធិស្ឋាន ហើយប្រសិនបើយើងមិនបានឃើញវាទេ ម៉ែនឹងពោលថា ‹ វិលលាម › ឬនរណាដែលធ្វេសប្រហែល ‹ ត្រៀមខ្លួនអធិស្ឋាន › ។ ក្រោយពីការអធិស្ឋាន យើងមានចម្រៀងមួយដែលយើងនឹងច្រៀង » ។៤
យ៉ូសែប ស៊្មីធ
« ឥឡូវនេះខ្ញុំនិយាយថា [ ពុករបស់ខ្ញុំ ] មិនដែលបានធ្វើអាក្រក់ដែលអាចនិយាយថាជាការមិនមានចិត្តល្អនៅក្នុងជីវិតគាត់ឡើយ បើតាមខ្ញុំដឹង ។ ខ្ញុំស្រឡាញ់ពុកខ្ញុំ និងអនុស្សាវរីយ៍របស់គាត់ ហើយអនុស្សាវរីយ៍ពីអំពើល្អដ៏ថ្លៃថ្នូររបស់គាត់ស្ថិតក្នុងដួងចិត្តរបស់ខ្ញុំ ដំបូន្មានរបស់គាត់មកកាន់ខ្ញុំត្រូវបានសរសេរទុកនៅលើសៀវភៅនៃដួងចិត្តរបស់ខ្ញុំ ។ គំនិតនោះគឺពិសិដ្ឋចំពោះខ្ញុំ ដែលខ្ញុំឱបក្រសោបប្រវត្តិជីវិតរបស់គាត់ ដែលបានដក់ជាប់ក្នុងគំនិតខ្ញុំ និងបានដុះនៅក្នុងចិត្តខ្ញុំ តាមរយៈការសង្កេតផ្ទាល់របស់ខ្ញុំតាំងពីខ្ញុំកើតមក ។ … ម្ដាយខ្ញុំក៏ជាស្ដ្រីដ៏ពូកែជាងគេ និងជាស្រ្ដីដ៏ល្អបំផុត » ។៥