គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ២៨ ខែ ធ្នូ–ថ្ងៃទី ៣ ខែ មករា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១ ៖ « ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​ប្រជារាស្ដ្រ​អើយ »


« ថ្ងៃទី ២៨ ខែ ធ្នូ–ថ្ងៃទី ៣ ខែ មករា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១ ៖ ‹ ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​ប្រជារាស្ដ្រ​អើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៨ ខែ ធ្នូ–ថ្ងៃទី ៣ ខែ មករា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

ការអាន​ព្រះគម្ពីរ​ជា​គ្រួសារ

ថ្ងៃទី ២៨ ខែ ធ្នូ–ថ្ងៃទី ៣ ខែ មករា

គោលលទ្ធិ និង សេចក្តីសញ្ញា ១

« ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​ប្រជារាស្ដ្រ​អើយ »

សូម​គិត​ថា គោលលទ្ធិ និង សេចក្តីសញ្ញា ១ គឺជា​សេចក្ដីផ្ដើម​ផ្ទាល់ខ្លួន​របស់​ព្រះអម្ចាស់​ចំពោះ​គម្ពីរ​នៃ​វិវរណៈ​ថ្ងៃ​ចុងក្រោយ​របស់​ទ្រង់​នេះ ។ តើ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​ដឹង​ពី​អ្វីខ្លះ អំពី​គម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា ? សូម​ពិចារណា​អំពី​សំណួរ​នេះ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​នានា​ទុក នៅពេល​បងប្អូន​អាន កណ្ឌ​ទី ១ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅ​ខែ វិច្ឆិកា ឆ្នាំ ១៨៣១ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារឡើង​វិញ ទើប​មាន​អាយុ​មួយ​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ ។ ថ្វីបើ​រីក​លូតលាស់​មែន ក៏​វា​នៅតែ​ជា​ក្រុម​អ្នក​ជឿ​មិន​សូវ​ល្បីល្បាញ​មួយ ដែល​រស់នៅ​ទល់ដែន​ត្រង់​នេះ​បន្ដិច​ត្រង់​នោះ​បន្ដិច ដឹកនាំ​ដោយ​ព្យាការី​ក្នុង​វ័យ​ម្ភៃ​ឆ្នាំ​ផ្លាយ ។ ប៉ុន្ដែ​ព្រះ​បាន​ចាត់ទុក​អ្នកជឿ​ទាំងនេះ​ថា​ជា​អ្នកបម្រើ និង​សារទូត​របស់​ទ្រង់ ហើយ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​វិវរណៈ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ​បាន​ផ្សាយ​ដល់​ពិភពលោក ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១ គឺជា​បុព្វកថា​របស់​ព្រះអម្ចាស់​ស្ដីពី​ការចងក្រង​វិវរណៈ​ទាំងនេះ ហើយ​វា​បង្ហាញ​យ៉ាង​ច្បាស់​ថា ទោះបីជា​សមាជិកភាព​នៃ​សាសនាចក្រ​នៅ​តិច​ក្ដី ក៏​សារលិខិត​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​ពួកបរិសុទ្ធ​របស់​ទ្រង់​ចែកចាយ​នោះ​មិន​តូច​សោះ​ឡើយ ។ វា​គឺជា « សំឡេង​នៃ​ការព្រមាន » សម្រាប់ « បណ្ដាជន​នៅ​លើ​ផែនដី » ទាំងអស់ ហើយ​បង្រៀន​ពួកគេ​ឲ្យ​ប្រែចិត្ត និង​តាំង « សេចក្ដី​សញ្ញា​ដ៏​អស់​កល្ប​ជានិច្ច » របស់​ព្រះ​ឡើង ( ខ​ទី ៤, ៨, ២២ ) ។ អ្នកបម្រើ​ដែល​នាំ​សារលិខិត​នេះ​គឺជា « ពួក​កម្សោយ និង​ពួក​រាបទាប » ប៉ុន្ដែ​អ្នកបម្រើ​ដ៏​រាបទាប​គឺជា​​អ្នកទាំង​ឡាយ​ដែល​ព្រះ​ត្រូវការ—នៅពេល​នោះ និង​នៅ​ពេលនេះ—ដើម្បី​នាំ​សាសនាចក្រ​របស់​ទ្រង់ « ហើយ​ដើម្បី​នាំ​សាសនាចក្រ​ចេញ​ពី​ទី​អាប់អួ និង​ពី​ទី​នៃ​សេចក្ដី​ងងឹត » ( ខទី ២៣, ៣០ ) ។

សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​ប្រវត្តិសាស្ដ្រ​នៅក្រោយ គោលលទ្ធិ និង សេចក្តីសញ្ញា ១ សូមមើល Saints ១:១៤០–៤៣ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្តីសញ្ញា ១

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ « ពិចារណា​មើល​ព្រះបញ្ញត្តិ​ទាំងនេះ » ។

បុព្វកថា​ណែនាំ​អំពី​សៀវភៅ​មួយ ។ វា​ប្រាប់​ពី​គោលគំនិត និង​គោលបំណង​របស់​សៀវភៅ​នោះ ហើយ​ជួយ​អ្នកអាន​ឲ្យ​រៀបចំ​ខ្លួន​អាន ។ នៅពេល​បងប្អូន​អាន កណ្ឌ​ទី ១—​« បុព្វកថា » របស់​ព្រះអម្ចាស់​ចំពោះ​គោលលទ្ធិ និង សេចក្តីសញ្ញា ( ខទី ៦ )​—សូម​រកមើល​គោលគំនិត និង​គោលបំណង​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ក្នុង​វិវរណៈ​របស់​ទ្រង់ ។ តើ​បងប្អូន​បាន​រៀន​អ្វី​មកពី កណ្ឌ​ទី ១ ដែល​នឹង​ជួយ​បងប្អូន​ឲ្យ​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ការសិក្សា​របស់​បងប្អូន​ក្នុង​គម្ពី​គោលលទ្ធិ និង សេចក្តីសញ្ញា ? ឧទាហរណ៍ បងប្អូន​អាច​ពិចារណា​ពី​អត្ថន័យ​នៃ​ការ « ឮ​សំឡេង​នៃ​ព្រះអម្ចាស់ » នៅក្នុង​វិវរណៈ​ទាំងនេះ ( ខទី ១៤ ) ឬ​ការ « ពិចារណា​មើល​ព្រះបញ្ញត្តិ​ទាំងនេះ » ( ខទី ៣៧ ) ។

សូម​មើល​ផងដែរ បុព្វកថា​ដល់​គោលលទ្ធិ និង សេចក្ដី​សញ្ញា ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១:១–៦, ២៣–២៤, ៣៧–៣៩

ព្រះ​មាន​ព្រះបន្ទូល​តាមរយៈ​អ្នកបម្រើ​របស់​ទ្រង់ ហើយ​ព្រះបន្ទូល​របស់​ទ្រង់​នឹង​ត្រូវ​បំពេញ ។

កណ្ឌ​ទី ១ ចាប់ផ្ដើម និង​បញ្ចប់​ដោយ​ការប្រកាស​របស់​ព្រះ​ថា ទ្រង់​មាន​បន្ទូល​តាមរយៈ​អ្នកបម្រើ​ដ៏​ជម្រើស​របស់​ទ្រង់ ( សូមមើល ខទី ៤–៦, ២៣–២៤, ៣៨ ) ។ សូម​សរសេរ​នូវ​អ្វី​ដែល​បងប្អូន​បាន​រៀន​ពី​វិវរណៈ​នេះ​ស្ដីពី​ព្រះអម្ចាស់ និង​សំឡេង​របស់​ទ្រង់ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ? តើ​បងប្អូន​បាន​ឮ​សំឡេង​របស់​ព្រះអម្ចាស់​នៅក្នុង​សំឡេង​របស់​អ្នកបម្រើ​របស់​ទ្រង់​នៅពេល​ណា ? ( សូមមើល ខទី ៣៨ ) ។

សម័យ​ប្រជុំ​សន្និសីទ​ទូទៅ

ពួក​ព្យាការី និង​សាវក​បង្រៀន​យើង​អំពី​បទបញ្ញត្តិ​របស់​ព្រះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣, ២៤–២៨, ៣១–៣៣

ប្រសិនបើ​ខ្ញុំ​បន្ទាប​ខ្លួន ការវាយ​ផ្ចាល​របស់​ព្រះអម្ចាស់​អាច​ដឹកនាំ​ខ្ញុំ​ឲ្យ​ប្រែចិត្ត ។

សូម​កត់​សម្គាល់​ថា នៅក្នុង ខទី ៣ និង ខទី ២៤–២៨ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា អំពើបាប និង​កំហុស​របស់​មនុស្ស​នឹង​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង ។ ក្នុង​ន័យ​មួយ វា​គឺជា​បទពិសោធន៍​ដ៏​ឈឺចាប់ និង​សោកស្ដាយ​មួយ ហើយ​ក្នុង​ន័យ​មួយ​ទៀត វា​គឺជា​ការណែនាំ ។ ហេតុអ្វី​ស្ថានភាព​ទាំងនេះ​ខុសគ្នា​ខ្លាំង​ម៉្លេះ ? សូម​ពិចារណា​ពី​ប្រតិកម្ម​របស់​បងប្អូន នៅពេល​បងប្អូន​ដឹង​ពី​អំពើបាប និង​ភាព​ទន់ខ្សោយ​របស់​ខ្លួន ។ តើ​បងប្អូន​រកឃើញ​គុណសម្បត្តិ​អ្វីខ្លះ​នៅ​ក្នុង ខទី ២៤–២៨ ដែល​អាច​ជួយ​បងប្អូន​ឲ្យ​ឆ្លើយតប​តាម​របៀប​ត្រឹមត្រូវ ? តើ​ខគម្ពីរ​ទាំងនេះ រួមជាមួយ​នឹង ខទី ៣១–៣៣ បង្រៀន​បងប្អូន​អ្វីខ្លះ អំពី​របៀប​ដែល​ព្រះអម្ចាស់​ទត​មក​ភាពទន់ខ្សោយ និង​អំពើបាប​របស់​បងប្អូន ?

សូមមើល​ផងដែរ សុភាសិត ៣:១១–១២; អេធើរ ១២:២៧; មរ៉ូណៃ ៦:៨ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១:១២–៣០, ៣៥–៣៦

ព្រះអម្ចាស់​បាន​ស្ដារ​ដំណឹងល្អ​របស់​ទ្រង់​ឡើង​វិញ ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ប្រឈម​មុខ​នឹង​ឧបសគ្គ​នៅ​ថ្ងៃ​ចុងក្រោយ ។

ទោះជា កណ្ឌទី ១ ព្រមាន​ពី​ថ្ងៃ​ដ៏​មាន​ទុក្ខ​ដែល​កើត​ឡើង​ក្ដី ក៏​វា​មាន​នូវ​សារលិខិត​ធានា​អះអាង​មួយ ៖ « យើង​ជា​ព្រះអម្ចាស់​ដោយ​ជ្រាប​នូវ​គ្រោះ​ដែល​នឹង​មាន​មក​លើ បណ្តា​ជន​ទាំងឡាយ​នៅលើ​ផែនដី នោះ​បាន​ហៅ យ៉ូសែប ស៊្មីធ ជុញ្ញ័រ​ជា​អ្នក​បម្រើ​របស់​យើង ហើយ​បាន​និយាយ​មក​កាន់​លោក​ពីលើ​ស្ថាន​សួគ៌ » ( ខទី ១៧ ) ។

សូម​ចំណាំ​ពី​គ្រោះ​ដែល​ព្រះអម្ចាស់​បាន​ព្រមាន​នោះ ( ឧទាហរណ៍​សូមមើល ខទី ១៣–១៦, ៣៥ ) ។ តើ​បងប្អូន​កត់​ចំណាំ​គ្រោះ​មហន្តរាយ​ផ្សេង​ទៀត​អ្វីខ្លះ ដែល​មាន​ក្នុង​ពិភពលោក​នា​សព្វថ្ងៃ​នេះ​—​ឬ​នៅក្នុង​ជីវិត​របស់​បងប្អូន​ផ្ទាល់ ?ខទី ១៧–៣០ រៀបរាប់​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​បងប្អូន​ពីមុន​គ្រោះ​មហន្តរាយ​ទាំងនេះ ។ សូម​ធ្វើ​បញ្ជី​មួយ​អំពី​អ្វី​ដែល​បងប្អូន​រកឃើញ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១–៦, ៣៧–៣៩ ។ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​អំពី​ការព្រមាន​របស់​ព្រះអម្ចាស់ បងប្អូន​អាច​ជជែក​អំពី​ការព្រមាន​នានា ដែល​យើង​ទទួល​បាន​ពី​មនុស្ស​ដទៃ​ស្ដីពី​គ្រោះថ្នាក់​ដែល​យើង​មិន​អាច​មើល​ឃើញ​បាន—​ដូចជា កម្រាល​ឥដ្ឋ​ដែល​រអិល ព្យុះ​កំណាច ឬ​ឡាន​បើក​មក ។ តើ​ឧទាហរណ៍​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ការព្រមាន​របស់​ព្រះអម្ចាស់ ? យោង​តាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:១–៦, ៣៧–៣៩ តើ​ព្រះអម្ចាស់​ព្រមាន​យើង​ដោយ​របៀប​ណា ? តើ​ទ្រង់​បាន​ព្រមាន​យើង​អ្វីខ្លះ​នា​ពេល​ថ្មីៗ​នេះ ? ប្រហែល​បងប្អូន​អាច​មើល ឬ​អាន​ផ្នែក​នៃ​សារលិខិត​សន្និសីទ​ទូទៅ​នា​ពេល​ថ្មី​នេះ ហើយ​រកមើល​ឧទាហរណ៍​នៃ « សំឡេង​នៃ​ការព្រមាន » របស់​ព្រះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១៦ ។តើ​ការ « តាំង​សេចក្ដី​សុចរិត [ របស់​ព្រះអម្ចាស់ ] » មាន​ន័យ​ដូចម្ដេច ? តើ​យើង​អាច​ប្រាកដ​ថា យើង​កំពុង​ធ្វើ​ការណ៍​នោះ ជាជាង​ដើរ « តាម​ផ្លូវ​របស់​ខ្លួន [ យើង ] ផ្ទាល់ » ដោយ​របៀប​ណា ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣០ ។តើ​វា​មាន​ន័យ​ដូចម្ដេច​ដែល​និយាយ​ថា សាសនាចក្រ​គឺ « ពិត ហើយ​សកម្ម » ? ដើម្បី​នាំ​ឲ្យ​គ្រួសារ​របស់​បងប្អូន​គិត​អំពី​សំណួរ​នេះ ប្រហែល​បងប្អូន​អាច​បង្ហាញ​រូបភាព​នៃ​របស់​ដែល​មាន​ជីវិត និង​គ្មាន​ជីវិត​ដល់​ពួកគេ ។ បងប្អូន​ក៏​អាច​ពិភាក្សា​ពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​បាន ក្នុង​នាម​ជា​គ្រួសារ​ដើម្បី​ជួយ « នាំ​សាសនាចក្រ​ចេញ​ពី​ទី​អាប់អួ និង​ពី​ទី​នៃ​សេចក្ដី​ងងឹត » ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៧ ។សូម​ពិចារណា​ដាក់​ផែនការ​ជា​គ្រួសារ ពី​របៀប​ដែល​បងប្អូន​នឹង « ពិចារណា​មើល​ព្រះបញ្ញត្តិ​ទាំងនេះ » នៅក្នុង​គម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា​ក្នុង​ឆ្នាំ​នេះ ។ តើ​បងប្អូន​នឹង​ធ្វើ​ឲ្យ​ការសិក្សា​ព្រះគម្ពីរ​របស់​បងប្អូន​ជា​ផ្នែក​ដ៏​ទៀងទាត់​មួយ​នៃ​ជីវិត​គ្រួសារ​ដោយ​របៀប​ណា ? តើ​យោបល់​សម្រាប់​ការសិក្សា​អ្វីខ្លះ ដែល​អាច​ជួយ​បងប្អូន​ឲ្យ​រៀន​ពី​បទគម្ពីរ ? ( សូមមើល « គំនិត​យោបល់​កែលម្អ​ដល់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​របស់​បងប្អូន » នៅ​ដើម​ដំបូង​នៃ​ធនធាន​នេះ ) ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

បទចម្រៀង​ស្នើ ៖ « ធ្វើ​តាម​ព្យាការី » សៀវភៅ​ចម្រៀង​កុមារ លេខ ៥៨–៥៩ ជាពិសេស​វគ្គ​ចុងក្រោយ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

ស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ ។ គោលបំណង​នៃ​ព្រះគម្ពីរ​គឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ។ នៅពេល​បងប្អូន​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១ សូមពិចារណា​ធ្វើ​ការ​កត់ចំណាំ ឬ​គូស​ចំណាំ​ខគម្ពីរ​ដែល​បង្រៀន​បងប្អូន​អ្វីមួយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ

វិវរណៈ​ដំបូងៗ​មកកាន់​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ ត្រូវបាន​ចងក្រង​ទៅជា​ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ ។