« ថ្ងៃទី ២៨ ខែធ្នូ-ថ្ងៃទី ៣ ខែមករា ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ១ ៖ ‹ ចូរប្រុងស្ដាប់ចុះ ឱ ប្រជារាស្ត្រអើយ ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៨ ខែធ្នូ-ថ្ងៃទី ៣ ខែមករា គោលលទ្ធិ និង សេចក្តីសញ្ញា ១ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ២៨ ខែ ធ្នូ–ថ្ងៃទី ៣ ខែ មករា
គោលលទ្ធិ និង សេចក្តីសញ្ញា ១
« ចូរប្រុងស្ដាប់ចុះ ឱ ប្រជារាស្ត្រអើយ »
ជំហានដំបូងរបស់អ្នកនៅក្នុងការរៀបចំដើម្បីបង្រៀនគួរតែជាការសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១ ប្រកបដោយការអធិស្ឋាន ។ នៅពេលអ្នកធ្វើដូចនោះ សូមស្ដាប់ការបំផុសគំនិតអំពីតម្រូវការរបស់កុមារ ហើយស្វែងរកគោលការណ៍ទាំងឡាយដែលនឹងមានអត្ថន័យចំពោះពួកគេ ។ ចំណាប់អារម្មណ៍ទាំងនេះ នឹងជួយអ្នកដាក់ផែនការសកម្មភាពដើម្បីបង្រៀនអំពីគោលការណ៍ទាំងនេះប្រកបដោយអត្ថន័យ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ចូរលើកគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាឡើង ហើយសុំឲ្យកុមារតូចៗចែកចាយនូវអ្វីដែលពួកគេដឹងអំពីគម្ពីរនេះ ។ តើនរណាសរសេរសៀវភៅនេះ ? តើវាមានផ្ទុកអ្វីខ្លះ ? ហេតុអ្វីវាមានសារៈសំខាន់ ? សម្រាប់ជំនួយ អ្នកអាចយោងទៅ « ជំពូកទី ២៣ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា » ( ដំណើររឿងគោលលទ្ធិ និងសេចក្ដីសញ្ញា ទំព័រ ៩០-៩២ ) ។ សូមចែកចាយសេចក្ដីស្រឡាញ់របស់អ្នកអំពីគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ព្រមទាំងការចង់រៀនសូត្រអំពីវាក្នុងឆ្នាំនេះ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
តាមរយៈពួកព្យាការីរបស់ទ្រង់ ព្រះអម្ចាស់ព្រមានយើងអំពីគ្រោះថ្នាក់ខាងវិញ្ញាណ ។
ព្រះអម្ចាស់បានប្រកាសថា សំឡេងរបស់ទ្រង់ គឺជា « សំឡេងនៃការព្រមាន » ។ តើអ្នកនឹងបំផុសគំនិតកុមារតូចៗឲ្យស្ដាប់ និងគោរពតាមការព្រមានដែលទ្រង់បានប្រទានឲ្យយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារកាន់រូបភាពអំពីសញ្ញានៃការព្រមាន-ដូចជាគ្រោះថ្នាក់ចរាចរណ៍ អាកាសធាតុអាក្រក់ ឬគុក- ហើយនិយាយអំពីរបៀបដែលពួកគេព្រមានយើងអំពីគ្រោះថ្នាក់ ។ ឬប្រាប់រឿងមួយអំពីគ្រាមួយដែលអ្នកបានគោរពតាមការព្រមានមួយ ។ សូមប្រៀបធៀបការព្រមានទាំងនេះទៅនឹងការព្រមាន ដែលព្រះអម្ចាស់បានប្រទានដល់យើងតាមរយៈពួកព្យាការីរបស់ទ្រង់ ។ សូមថ្លែងទីបន្ទាល់ថា ទ្រង់ព្រមានយើងដោយសារតែទ្រង់ស្រឡាញ់យើង ហើយចង់ឲ្យយើងមានសុវត្ថិភាព ( សូមមើលទំព័រសកម្មភាពនាសប្ដាហ៍នេះផងដែរ ) ។
-
សូមអានទៅកាន់កុមារតូចៗចេញមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៤ ៖ « ហើយសំឡេងនៃការព្រមាននឹងត្រូវប្រាប់ដល់មនុស្សទាំងអស់ » ។ សូមចែកចាយអ្វីមួយដែលព្យាការីបានបង្រៀនថ្មីៗនេះ ដែលអាចរក្សាយើងឲ្យមានសុវត្ថិភាព ។ ប្រសិនបើអាច សូមបង្ហាញរូបភាពដែលជាប់ទាក់ទងគ្នា ។ សូមប្រាប់អំពីរបៀបដែលអ្នកកំពុងធ្វើតាមដំបូន្មានរបស់ព្យាការី ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១:១៧, ២៩
យ៉ូសែប ស៊្មីធ គឺជាព្យាការីរបស់ព្រះ ។
នៅពេលអ្នក និងកុមារតូចៗចាប់ផ្ដើមសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញា សូមជួយពួកគេស្ថាបនាទីបន្ទាល់របស់ពួកគេអំពីការហៅដ៏ទេវភាពរបស់យ៉ូសែប ស្ម៊ីធ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពមួយអំពីព្យាការី យ៉ូសែប ស៊្មីធ ( សូមមើល ចូរមកតាមខ្ញុំសម្រាប់បុគ្គល និងក្រុមគ្រួសារ សូមមើលផងដែរ សៀវភៅរូបភាពដំណឹងល្អ ទំព័រ ៨៧ ) ។ ចូរសុំឲ្យកុមារតូចៗឈរនៅជិតនឹងរូបភាព ហើយចែកចាយនូវអ្វីដែលពួកគេដឹងអំពីយ៉ូសែប ស្ម៊ីធ ។
-
ចូរឲ្យកុមារតូចៗកាន់រូបភាពមួយរបស់ព្រះអង្គសង្គ្រោះ និងរូបភាពមួយរបស់យ៉ូសែបស្ម៊ីធ ។ សូមនិយាយទៅកាន់ពួកគេអំពីអ្វីដែលព្រះអង្គសង្គ្រោះបានប្រទានដល់យើងតាមរយៈយ៉ូសែប ស្ម៊ីធ ដូចជាបទបញ្ញត្តិទាំងឡាយ ( សូមមើល ខ ១៧) និង គម្ពីរមរមន ( សូមមើល ខ ២៩ ) ។ សូមប្រាប់កុមារថា នៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ពួកគេនឹងរៀនអំពីបទញ្ញត្តិទាំងឡាយដែលព្រះអម្ចាស់បានប្រទានឲ្យសាសនាចក្រ តាមរយៈយ៉ូសែប ស្ម៊ីធ ។
-
សូមចែកចាយអារម្មណ៍របស់អ្នកអំពីយ៉ូសែប ស្ម៊ីធ ហើយថ្លែងទីបន្ទាល់ថាព្រះ « បានហៅយ៉ូសែបស្ម៊ីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង ហើយបាននិយាយមកកាន់លោកពីលើស្ថានសួគ៌ » ( ខ ១៧ ) ។
ពាក្យសម្ដីរបស់ព្យាការី គឺជាព្រះបន្ទូលរបស់ព្រះ ។
កុមារដែលអ្នកបង្រៀនអាចនឹងបានស្ដាប់ឮប្រធាននៃសាសនាចក្រថ្លែង ប៉ុន្តែពួកគេពុំបានដឹងថា ប្រសាសន៍របស់លោកមកពីព្រះនោះទេ ។ សូមជួយពួកគេរៀនទទួលស្គាល់ពាក្យសម្ដីរបស់ព្យាការីថាជាព្រះបន្ទូលរបស់ព្រះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមលេងល្បែងសាមញ្ញមួយដោយការផ្ដល់ការណែនាំទៅកាន់កុមារម្នាក់ ហើយសុំឲ្យកុមារនោះថាតាមការណែនាំនានាទៅកាន់កុមារដទៃទៀត ។ សូមជួយពួកគេមើលឃើញថា ការធ្វើតាមការណែនាំរបស់កុមារនោះ គឺដូចគ្នានឹងការធ្វើតាមការណែនាំរបស់អ្នក ហើយថាការធ្វើតាមព្យាការី គឺដូចជានឹងការធ្វើតាមព្រះអម្ចាស់ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣៨ ៖ « ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដី គឺដូចតែគ្នា» ។
-
សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីព្យាការី ដូចជាបទ « ធ្វើតាមព្យាការី » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥៨-៥៩ ) ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា ព្យាការីថ្លែងនូវព្រះបន្ទូលរបស់ព្រះ ។
-
សូមចែកចាយរូបភាពមួយ ការថតចម្លង ឬវីដេអូខ្លីមួយអំពីព្យាការី នៅរស់ ។ សូមថ្លែងទីបន្ទាល់របស់អ្នកថា ព្យាការីប្រាប់យើងអំពីអ្វីដែលព្រះចង់ឲ្យយើងដឹង ។ សូមអញ្ជើញឲ្យកុមារចែកចាយអារម្មណ៍របស់ពួកគេអំពីព្យាការី ។
ព្យាការីបង្រៀនយើងអំពីអ្វីដែលព្រះសព្វព្រះទ័យចង់ឲ្យយើងដឹង ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ១:១៥-១៧,២៩–៣០
ព្រះអម្ចាស់ស្គាល់ឧបសគ្គទាំងឡាយដែលយើងជួបប្រទះ ដូច្នេះទ្រង់បានស្ដារដំណឹងល្អតាមរយៈយ៉ូសែប ស្ម៊ីធ ។
អ្នកអាចជួយដល់កុមារឲ្យរៀបចំខ្លួនសម្រាប់ឧបសគ្គនាពេលអនាគតតាមរយៈការបង្រៀនពួកគេអំពីរបៀបដែលការស្ដារឡើងវិញនៃដំណឹងល្អផ្ដល់នូវការការពារខាងវិញ្ញាណ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមជួយកុមារឲ្យគិតអំពីបញ្ហាមួយចំនួននៅក្នុងពិភពលោកសព្វថ្ងៃនេះ ។ សូមរំឭក គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១៥-១៦ ជាមួយពួកគេ ហើយជួយពួកគេឲ្យស្គាល់បញ្ហាមួយចំនួនដែលព្រះអម្ចាស់បានព្យាករថានឹងកើតឡើង ។ សូមអញ្ជើញពួកគេឲ្យរកមើលនៅក្នុង ខ ១៧ និង ២៩-៣០ អំពីអ្វីដែលព្រះអម្ចាស់បានធ្វើដើម្បីជួយយើងប្រឈមមុខនឹងឧបសគ្គនានាក្នុងជំនាន់របស់យើង ។
-
ចូរសុំឲ្យកុមារស្រមៃថាពួកគេកំពុងរៀបចំការធ្វើដំណើរមួយ ។ តើពួកគេនឹងដាក់អ្វីទៅខ្លះ ? តើវានឹងជួយពួកគេឲ្យដឹងថា វានឹងមានភ្លៀងអំឡុងពេលធ្វើដំណើរ ឬក៏ឡាននឹងបែកកង់យ៉ាងដូចម្ដេច ? សូមអាន ខ ១៧ ជាមួយគ្នា ហើយពិភាក្សាអំពីអ្វីដែលព្រះអម្ចាស់បានដឹងថានឹងកើតមានឡើងចំពោះយើង និងរបៀបដែលទ្រង់រៀបចំសម្រាប់វា ។ ( បើចាំបាច់ សូមពន្យល់ថា « គ្រោះ » គឺជាគ្រោះធម្មជាតិ ឬអ្វីដែលអាក្រក់ ) ។ តើបទបញ្ញត្តិរបស់ព្រះជួយយើងប្រឈមមុខនឹងឧបសគ្គក្នុងជំនាន់យើងយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣០
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជា « សាសនាចក្រតែមួយដែលពិត ហើយសកម្ម » ។
តើអ្នកអាចជួយកុមារឲ្យមានអំណរគុណចំពោះពរជ័យដ៏មហិមា ក្នុងការក្លាយជាសមាជិកនៃ « សាសនាចក្រតែមួយដែលពិត ហើយសកម្ម » តាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យរៀបរាប់អំពីរឿងមួយចំនួនដែលមានជីវិត និងរឿងមួយចំនួនដែលគ្មានជីវិត ( បើអាចធ្វើទៅបាន សូមនាំយករូបភាពមក ឬឧទាហរណ៍ ) ។ តើវត្ថុមានជីវិត និងវត្ថុគ្មានជីវិតមានភាពខុសគ្នាដូចម្តេច ? សូមអាន ខ ៣០ ជាមួយគ្នា ។ តើសាសនាចក្រ « ពិត » មានន័យដូចម្តេច ? ដែលជាសាសនាចក្រ « សកម្ម » មានន័យដូចម្តេច ?
-
សូមដាក់តាំងរូបភាព ដូចជាគំនូរព្រះអង្គសង្គ្រោះ ហើយសុំឲ្យកុមារពិពណ៌នាពីរូបនោះដោយការបិទភ្លើងនៅក្នុងបន្ទប់ ។ សូមប្រើសកម្មភាពនេះដើម្បីជួយកុមារឲ្យមើលឃើញថាសម្រាប់មនុស្សជាច្រើនគិតថា សាសនាចក្រពិតរបស់ព្រះអង្គសង្គ្រោះគឺស្ថិតនៅក្នុង «ភាពអាប់អួរ » និង « ភាពងងឹត » ។ តើយើងអាចជួយមនុស្សដទៃទៀតឲ្យរៀនអំពីសាសនាចក្រយ៉ាងដូចម្តេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣៧-៣៨
ព្រះបន្ទូលរបស់ព្រះអម្ចាស់មាននៅរៀងដរាបតទៅ ។
អ្នកអាចជួយកុមារស្ថាបនាសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទតាមរយៈការបង្រៀនពួកគេថា ព្រះបន្ទូលរបស់ទ្រង់ គឺពិតប្រាកដ ហើយអាចពឹងផ្អែកបាន ។
សកម្មភាពដែលអាចជ្រើសរើស
-
ដើម្បីជួយកុមារប្រៀបធៀបអ្វីដែលជារឿងបណ្ដោះអាសន្នដូចជា ពពុះសាប៊ូ ឬព្រិល ជាមួយនឹងវត្ថុអចិន្ត្រៃយ៍ ដូចជាភ្នំ ឬព្រះអាទិត្យ ។ ចូរសុំឲ្យពួកគេស្វែងរកនៅក្នុង ខ ៣៧-៣៨ នូវអ្វីដែលព្រះអម្ចាស់បានមានបន្ទូលថាអចិន្ត្រៃយ៍ ។ ហេតុអ្វីក៏វាជាពរជ័យមួយដើម្បីដឹងថា ព្រះបន្ទូលនៃព្រះ « នឹងមិនកន្លងបាត់ទេ » ?
-
សូមជួយកុមារយល់ថា « សំឡេងនៃពួកអ្នកបម្រើ » រួមមានសំឡេងរបស់ពួកសាវក និងពួកព្យាការីរបស់យើង ។ សូមជួយកុមារស្វែងរក « សេចក្ដីព្យាករណ៍ និងសេចក្ដីសន្យាទាំងឡាយ » នៅក្នុងសុន្ទរកថាសន្និសីទទូទៅមួយថ្មីៗនេះ ដែលថ្លែងមកពីពួកអ្នកបម្រើម្នាក់របស់ព្រះអម្ចាស់ ។ សូមថ្លែងទីបន្ទាល់របស់អ្នកថា ពាក្យទាំងនោះ ត្រូវបានបំផុសគំនិតមកពីព្រះអម្ចាស់ ហើយ « នឹងបានសម្រេចទាំងអស់ » ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមរំឭកជាមួយនឹងកុមារអំពីអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ ហើយអញ្ជើញពួកគេឲ្យជ្រើសរើសអ្វីមួយដែលពួកគេមានអារម្មណ៍ថាមនុស្សគ្រប់រូបគួរតែដឹងអំពីវា ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយវាជាមួយនឹងមិត្តម្នាក់ ឬសមាជិកគ្រួសារ ។
ការកែលម្អការបង្រៀនរបស់យើង
កុមាររៀនតាមវិធីជាច្រើន ។ « កុមារទាំងអស់ពុំដូចគ្នាទេហើយកុមារម្នាក់ៗកំពុងអភិវឌ្ឍខ្លួនយ៉ាងលឿន ។ ការខិតខំរបស់អ្នកដើម្បីបង្រៀនកុមារតូចៗនឹងមានប្រសិទ្ធភាពបំផុតនៅពេលអ្នកប្រើវិធីសាស្ត្របង្រៀនផ្សេងៗគ្នា » រួមមាន ដំណើររឿង សម្ភារជំនួយចក្ខុ និងតន្ត្រី ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ២៥ ) ។