គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ៤–១០ ខែ មករា ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦ ៖ « ខ្ញុំ​បាន​ឃើញ​បង្គោល​ពន្លឺ​មួយ​ »


« ថ្ងៃទី ៤-១០ ខែ មករា ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦ ៖ ‹ ខ្ញុំ​បាន​ឃើញ​បង្គោល​ពន្លឺ​មួយ › »​ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៤-១០ ខែ មករា ។ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០២១

ព្រៃ​ពិសិដ្ឋ

ព្រៃពិសិដ្ឋ ដោយ ហ្រ្គេកខេ អូលសិន

ថ្ងៃទី ៤–១០ ខែ មករា

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦

« ខ្ញុំ​បាន​ឃើញ​បង្គោល​ពន្លឺ​មួយ »

នៅ​ពេល​អ្នកសិក្សាបទគម្ពីរ សូម​គិត​អំពី​កុមារ​ដែល​អ្នក​បង្រៀន ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ អាច​បំផុសគំនិត​អ្នក តាមរយៈ​ចំណាប់អារម្មណ៍ដែល​អ្នក​បាន​ទទួល ដើម្បីដឹង​ថា​ត្រូវ​ផ្ដោត​ទៅលើ​អ្វី​នៅ​ក្នុង​ថ្នាក់​រៀន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​អញ្ជើញ​កុមារ​មួយចំនួន​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​ដឹង​អំពី​យ៉ូសែប ស្ម៊ីធ និង​ការ​អធិស្ឋាន​របស់​លោក​នៅ​ក្នុង​ព្រៃ​ពិសិដ្ឋ ( ការ​បង្ហាញ​រូបភាព​ការនិមិត្ត​ដំបូង អាច​ជាជំនួយ ) ។ ចូរ​សួរ​ពួកគេ​ថា​តើ​ពួកគេ​មានអារម្មណ៍​យ៉ាងណា នៅពេល​ពួកគេ​ស្ដាប់​ឮ​ថា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មកជួប​នឹង​យ៉ូសែប ស្ម៊ីធ ។ បើ​យ៉ូសែប ស្ម៊ីធ​មក​ក្នុង ថ្នាក់​របស់​យើង តើ​យើង​នឹង​សួរ​លោក​អំពី​បទពិសោធន៍​របស់​លោក​អ្វីខ្លះ ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣–២០

យ៉ូសែប ស៊្មីធ ត្រូវ​បាន​រៀបចំឲ្យ​ធ្វើជា​​ព្យាការី​ម្នាក់​របស់​ព្រះ ។

ការ​រៀន​អំពី​យុវវ័យ​របស់​យ៉ូសែប ស្ម៊ីធ អាច​ជួយ​កុមារ​មានទំនាក់ទំនង​នឹង​លោក ហើយ​រៀបចំខ្លួន​ដើម្បី​រៀន​មកពី​បទពិសោធន៍​របស់​លោក ។ ប្រហែលជា​អ្នកអាច​ជួយ​ពួកគេ​ឲ្យ​មើលឃើញ​ថា​បទពិសោធន៍​របស់​យ៉ូសែប​កាល​ពី​ក្មេង បាន​ជួយ​រៀបចំ​លោក​ឲ្យក្លាយជា​ព្យាការីម្នាក់​របស់​ព្រះ​យ៉ាង​ដូចម្ដេច ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ចូរ​សុំ​ឲ្យ​ក្មេង​ម្នាក់​កាន់​រូបភាព​មួយ​របស់​យ៉ូសែប ស្ម៊ីធ ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ លេខ ៨៧) ខណៈ​ដែល​អ្នក​ចែកចាយ​ទិដ្ឋភាព​មួយចំនួន​អំពី​យ៉ូសែប ដែលមាន​នៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣-១៤ ( សូមមើល​ផងដែរ « ជំពូកទី ១៖ យ៉ូសែប ស៊្មីធ និង​គ្រួសារ​របស់​លោក » ដំណើររឿង​ក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦-៨ ឬ​វីដេអូ​ដែលមាន​ដំណើររឿង​នេះ នៅក្នុង ChurchofJesusChrist.org ) ។ សូមជួយ​ពួកគេ​ប្រៀបធៀប​ព័ត៌មានលម្អិត​អំពី​គ្រួសារ​របស់លោក និង​ជីវិត​លោក​ទៅ​នឹងគ្រួសារ និង​ជីវិតផ្ទាល់ខ្លួន​របស់ពួកគេ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា យ៉ូសែប ត្រូវ​បាន​ជ្រើសរើស​ដោយ​ព្រះ ហើយ​បាន​រៀបចំ​ឲ្យ​ធ្វើជា​ព្យាការី​ម្នាក់ ( សូមមើល « វីដេអូ​អំពី​ការ​ស្ដារឡើងវិញ ៖ គ្រួសារ​របស់​យ៉ូសែប ស្ម៊ីធ » នៅក្នុង ចូរ​មក​តាម​ខ្ញុំ​សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ) ។ បើ​ចាំបាច់ សូម​បង្រៀន​កុមារ​ថា ព្យាការី គឺជា​បុគ្គល​ម្នាក់​ដែល​ពោល​ពាក្យ​ជំនួស​ឲ្យ​ព្រះ ។

  • សូម​អញ្ជើញ​យុវជន​ម្នាក់​នៅ​ក្នុង​វួដ​ឲ្យ​មក​ក្នុង​ថ្នាក់​របស់អ្នក សូមដើរតួ​ធ្វើជា​យ៉ូសែប ស្ម៊ីធ ។ សូម​រៀបចំ​សំណួរ​មួយចំនួន​សម្រាប់​កុមារ ដើម្បី​សួរ​ដល់​លោក​ ដែល​មាន​ចម្លើយ​នៅ​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣–២០ ( អ្នក​អាចនឹង​​ចង់​ចែកចាយ​សំណួរ​ទាំងនេះ​ជាមួយ​នឹង​យុវជន​នោះ​ទុក​ជាមុន ) ។ បន្ទាប់​មក​សូម​អញ្ជើញ​យុវជន​ឲ្យ​អានពាក្យ សម្ដី​ផ្ទាល់​របស់​យ៉ូសែប ស្ម៊ីធ​អំពី​ការ​និមិត្តដំបូង ( ឧទាហរណ៍ ​​យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:២៥ ) ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០–១៧

ព្រះវរបិតាសួគ៌ស្ដាប់ឮ ហើយឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។

បទពិសោធន៍​របស់​យ៉ូសែប ស្ម៊ីធ អាច​បំផុសគំនិត​ដល់​កុមារ​ឲ្យ​អធិស្ឋាន​ដោយ​សេចក្ដីជំនឿ​ថា ព្រះ​នឹង​ស្ដាប់ឮ​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រាប់​កុមារ​អំពី​សំណួរ​ដែល​យ៉ូសែប ស្ម៊ីធ​ មាន ( សូមមើល យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:១០ ) ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ នៅពេល​យើង​មាន​សំណួរ​អំពី​ព្រះ ? សូមបង្ហាញ​ព្រះគម្ពីរ​ប៊ីប​មួយ​ក្បាល​ដល់​កុមារ ហើយ​ពន្យល់​ថា នៅពេល​យ៉ូសែប អាន​ព្រះគម្ពីរ​ប៊ីប លោក​បាន​ដឹង​ថា លោក​អាច « សូមសួរ​ដល់​ព្រះ » ( យ៉ាកុប ១:៥ សូមមើល​ផងដែរ សៀវភៅ​រូបភាព​ដំណឹង​ល្អ លេខ ៨៩ ) ។ សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ថា យើង​អាច​សួរ​សំណួរ​ដល់​ព្រះតាមរយៈ​ការ​អធិស្ឋាន ។

  • សូម​ប្រាប់​អំពី​បទពិសោធន៍​មួយ នៅពេល​ដែល​អ្នក​មាន​ភាព​ច្របូកច្របល់ អ្នក​ទូលសូម​ព្រះ​ឲ្យជួយ ហើយ​ទទួល​បាន​ចម្លើយ ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពីគ្រា​ដែល​ពួកគេ​អធិស្ឋានទទួល​បាន​ចម្លើយ ។ អ្នក​ក៏​អាច​ចែកចាយ​រឿង​មួយ​មកពី​ទស្សនាវដ្ដី​សាសនាចក្រ​អំពី​ការ​អធិស្ឋាន​របស់​កុមារ​ត្រូវ​បាន​ឆ្លើយ​តប​ផងដែរ ។

យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:១៧–១៩

យ៉ូសែប ស្ម៊ីធ បាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។

អ្នក​អាច​ជួយ​កុមារ​ឲ្យ​ដាក់​គ្រឹះ​ដើម្បី​មានទីបន្ទាល់​រឹងមាំ​អំពី​ការ​និមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ ។ សូម​ចែកចាយ​ជាមួយ​ពួកគេ​អំពី​របៀប​ដែល​អ្នក​អាច​ទទួល​បាន​ទីបន្ទាល់​អំពី​ព្រឹត្តការណ៍​សំខាន់​នេះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​នៃ​ការ​និមិត្ត​ដំបូង នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—​សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ហើយ​ចែកចាយ​អំពី​អ្វីៗ​ដែល​បាន​កើត​ឡើង​នៅពេល​យ៉ូសែប អធិស្ឋាន​ដោយ​សម្ដី​របស់​អ្នក​ផ្ទាល់ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ភាព​​អំពី​រឿងនោះដោយ​ផ្ទាល់ខ្លួន​ពួកគេ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ផាត់ពណ៌​ទំព័រ​សកម្មភាព​សម្រាប់​សប្ដាហ៍​នេះ ហើយ​ប្រើ​វាដើម្បី​ប្រាប់​អំពី​រឿង​នៃ​ការ​​និមិត្ត​ដំបូង ( សូមមើល​ផងដែរ « ជំពូកទី ២៖ ការនិមិត្ត​ដំបូង​របស់​យ៉ូសែបស្ម៊ីធ» ដំណើរ​រឿង​គោលលទ្ធិ និ​ងសេចក្ដីសញ្ញា ទំព័រ ៩-១២ ឬ​វីដេអូដែលមាន​ដំណើរ​រឿងនេះ នៅក្នុង ChurchofJesusChrist.org ) ។

  • សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ហើយ​ចង្អុល​ប្រាប់​កុមារ​អំពី​ព្រះបន្ទូល​ដែល​ព្រះវរបិតាសួគ៌​មាន​បន្ទូល​ទៅកាន់​យ៉ូសែប ស្ម៊ីធ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០-១៣

ព្រះ​អាច​ឆ្លើយ​តប​ចំពោះ​សំណួរ​របស់​ខ្ញុំ​តាមរយៈ​បទគម្ពីរ ។

យ៉ូសែប ស៊្មីធ ត្រូវ​បាន​បំផុសគំនិត​ដោយ​វគ្គ​បទគម្ពីរមួយ ដែល​លោក​អាន​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប ហើយវា​នាំ​ឲ្យ​មាន​ការ​និមិត្ត​ដំបូង និង​ការ​ស្ដារឡើងវិញ​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ។ សូម​ជួយ​កុមារ​ឲ្យ​មើល​ឃើញ​ថា​ការ​សិក្សា​ព្រះគម្ពីរ​អាច​ជួយ​ពួកគេ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាង​វិញ្ញាណ​របស់​ពួកគេ​របៀប​ណាខ្លះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​សៀវភៅ​ផ្សេងៗ​ដល់​កុមារ ( ដូចជា​សព្វវចនាធិប្បាយ ឬ​សៀវភៅ​ចម្អិន​អាហារ ) ហើយ​ជួយ​ពួកគេ​ឲ្យគិត​អំពី​សំណួរ​ទាំងឡាយ​ដែល​សៀវភៅ​ទាំងនេះ​អាច​ឆ្លើយ ។ បន្ទាប់មក​​សូម​បង្ហាញ​ព្រះគម្ពីរ​មួយ​ក្បាល​ដល់ពួកគេ ។ តើ​មាន​សំណួរ​អ្វីខ្លះ​ដែល​សៀវភៅ​ទាំងនេះ​អាច​ផ្ដល់ចម្លើយ​ឲ្យ​បាន ? អ្នកអាច​ផ្ដល់​ឧទាហរណ៍​អំពី​សំណួរ​មួយ ដែល​ត្រូវ​បាន​ឆ្លើយ​តប​នៅ​ក្នុង​បទគម្ពីរ ។ សូម​អាន​ជាមួយ​គ្នា​នៅ​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០–១១ ដើម្បី​ស្វែងរក​សំណួរ​អ្វីខ្លះ​ដែល​យ៉ូសែប ស្ម៊ីធ​បាន​សួរ និងចម្លើយ​អ្វីខ្លះ​ដែល​លោក​បាន​ទទួល​នៅក្នុង​បទគម្ពីរ​នានា ។

  • សូម​ជួយ​កុមារ​ស្វែងរកពាក្យ​​នៅក្នុង ខ ១២ ដែល​ពិពណ៌នា​អំពី​របៀប​ដែលការ​អាន យ៉ាកុប ១:៥ បាន​ជះឥទ្ធិពល​ដល់​យ៉ូសែប ស្ម៊ីធ ។ សូម​ចែកចាយ​បទពិសោធន៍​មួយ​ដែល​អ្នក​មាន​ជាមួយ​នឹង​បទគម្ពីរ —ឧទាហរណ៍ នៅពេល​អ្នករកបាន​ចម្លើយឆ្លើយ​សំណួរ​មួយ​របស់អ្នក​អំពី​​ការ​អានបទគម្ពីរ ។ សូម​ច្រៀង​ជាមួយគ្នា​នូវ​បទ ស្វែងរក ​គិត ​អធិស្ឋានសៀវភៅ​ចម្រៀង​កុមារទំព័រ ៦៦ ) ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០–១៩

ព្រះវរបិតាសួគ៌ស្ដាប់ឮ ហើយឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។

ព្រះ​ស្គាល់​យ៉ូសែប ស្ម៊ីធ ហើយ​នៅពេល​យ៉ូសែប​បានអធិស្ឋាន ព្រះ​បាន​ស្ដាប់​ឮ​លោក ។ ខណៈ​ដែល​បទពិសោធន៍​របស់​កុមារ​ដែល​អ្នក​បង្រៀន អាច​មានភាព​ផ្សេងៗគ្នា​ពី​យ៉ូសែប នោះ​អ្នក​អាច​ជួយ​ពួកគេឲ្យ​ទទួល​អារម្មណ៍​ថា ព្រះ​ស្គាល់​ពួកគេ ហើយ​ស្ដាប់​ឮ​ពួកគេ នៅពេល​ពួកគេ​អធិស្ឋាន ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមអញ្ជើញ​ឪពុក​​ម្ដាយ​របស់​កុមារ​ម្នាក់​មក​ឈរ​នៅ​ខាង​ក្រៅ​បន្ទប់ ហើយ​ឆ្លើយ​សំណួរ​របស់​កុមារ​ដោយ​ប្រើវិធីសាស្ត្រ​ដូចជា ផ្ញើរ​សារ ទូរសព្ទហៅ ការ​សរសេរ​កំណត់ចំណាំ ឬ​ការ​ផ្ញើសារ​តាមហ្វេសប៊ុក ។ តើ​ព្រះវរបិតាសួគ៌​ទំនាក់ទំនង​ជាមួយ​នឹង​យើង​តាម​របៀប​មួយចំនួន​អ្វីខ្លះ ? ( សូមមើល « វិវរណៈ» សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ scriptures.ChurchofJesusChrist.org ) ។ ស្របតាម យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦–១៩ តើ​ព្រះវរបិតាសួគ៌​ឆ្លើយតប​ការ​អធិស្ឋាន​របស់​យ៉ូសែប ស្ម៊ីធ​យ៉ាង​ដូចម្ដេច ? តើ​ទ្រង់​បាន​ឆ្លើយ​នឹង​ការ​អធិស្ឋាន​របស់​យើង​យ៉ាង​ដូចម្ដេច ?

  • សូម​ច្រៀង​ជាមួយ​គ្នា « ការអធិស្ឋាន​របស់​កុមារ» ( សៀវភៅ​ចម្រៀង​កុមារទំព័រ ៦–៧ ) ។

    យុវនារី​ម្នាក់​កំពុង​អធិស្ឋាន

    ព្រះ​ស្ដាប់​ឮ ហើយ​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង ។

យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១៤–១៩, ២៥

ព្រះ​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប ស៊្មីធ ។

កុមារ​ម្នាក់​ៗដែល​អ្នក​បង្រៀន​ចាំបាច់​ត្រូវ​មាន​ទីបន្ទាល់​មួយ​អំពី​បទពិសោធន៍​របស់​យ៉ូសែប ស្ម៊ីធ​នៅ​ក្នុង​ព្រៃ​ពិសិដ្ឋ ។ តើ​អ្នក​អាច​ជួយ​ពួកគេ​ទទួល ឬ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ដើម្បី​រំឭក​ដំណើរ​រឿង​នៃ​ការ​មិនិត្ត​ដំបូង សូម​សរសេរ​សេចក្ដីសង្ខេប​អំពី​ខគម្ពីរ​នីមួយៗ​មកពី យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤–១៩ នៅ​លើ​សន្លឹក​ក្រដាស​ផ្សេងៗគ្នា ។ សូម​ដាក់​ក្រដាស​នៅ​ក្នុង​ប្រអប់មួយ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ជ្រើសរើស​យក​វា​ម្ដង​មួយៗ ហើយ​ដាក់​វា​នៅលើ​ក្ដាខៀន​តាម​លំដាប់​ត្រឹមត្រូវ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​បិទភ្នែក ហើយ​ស្រមៃ​អំពីយ៉ូសែប​​ជា​យ៉ាងណា នៅពេល​អ្នក​អាន​ផ្នែកជម្រើស​ចេញមក​ពី យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤–១៧ ។ ចូរ​សុំ​ឲ្យ​ពួកគេ​ចែកចាយ​គំនិត និង​អារម្មណ៍​របស់ពួកគេ​អំពី​បទពិសោធន៍​របស់​យ៉ូសែប ។

  • សូម​បង្ហាញ​វីដេអូ « សូមសួរ​ដល់ព្រះ ៖ ការនិមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ » (ChurchofJesusChrist.org ) ហើយ​សុំ​ឲ្យ​កុមារ​ចែកចាយ​អំពី​អ្វី​មួយ​ដែល​ពួកគេ​បាន​រៀន​អំពី​ការនិមិត្ត​របស់​យ៉ូសែប​អំពី ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។

  • សូម​អាន​ទីបន្ទាល់​របស់​យ៉ូសែប​នៅ​ក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៥ ជាមួយគ្នា ។ ចូរ​សុំ​ឲ្យ​កុមារ​រកមើល​ពាក្យ និង​ឃ្លា​នានា​ដែល​បង្ហាញ​ពីជំនឿ​របស់​យ៉ូសែប ។ តើ​យើង​អាច​បន្ដ​ស្មោះត្រង់​ចំពោះ​ព្រះ និង​ទីបន្ទាល់​របស់​យើង នៅពេល​មនុស្ស​ដទៃពុំ​យល់ស្រប​នឹង​យើង​ដោយ​របៀបណា ?

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ដំណើររឿង​នៃ​ការ​និមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ​ ជាមួយ​នរណា​ម្នាក់— បើអាច​ធ្វើទៅបាន ជាមួយ​នឹង​នរណា​ម្នាក់​ដែល​ពុំធ្លាប់​បាន​ស្ដាប់​ឮ​កាល​ពីមុនមក ។ ពួកគេ​អាច​ប្រើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ​ដើម្បី​ជួយ​ពួកគេ​ប្រាប់​អំពី​រឿងនោះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

លើកទឹកចិត្ត​ឲ្យ​មាន​គារវភាព ។ ដើម្បី​រំឭក​ដល់​កុមារ​ឲ្យ​មាន​គារវភាព អ្នកអាច​ច្រៀង ឬ​គ្រហឹម​បទចម្រៀង​មួយ បង្ហាញ​រូបភាព​របស់ព្រះយេស៊ូវ ឬ​ប្រើដៃ​ធ្វើសញ្ញា​ដើម្បី​ឲ្យ​កុមារ​ស្គាល់ ។