« ថ្ងៃទី ១៣ – ១៩ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១០២–១០៥ ៖ ‹ បន្ទាប់ពីមានការវេទនា ដ៏ច្រើន… នោះទើបបានព្រះពរ › » ចូរមកតាមខ្ញុំ — សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៣ – ១៩ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២–១០៥ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ១៣–១៩ ខែ កញ្ញា
គោលលទ្ធិ និង សេចក្តីសញ្ញា ១០២–១០៥
« បន្ទាប់ពីមានការវេទនា ដ៏ច្រើន… នោះទើបបានព្រះពរ »
តើគោលការណ៍ដកស្រង់ចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២–១០៥ អ្វីខ្លះដែលមានអត្ថន័យចំពោះអ្នក ? សូមពិចារណាអំពីការកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់អ្នកអំពីគោលការណ៍ទាំងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
ពួកបរិសុទ្ធនៅខឺតឡង់បានខូចចិត្ត នៅពេលដែលឮថាបងប្អូនប្រុសស្រីទាំងឡាយរបស់ពួកគេត្រូវបានបណ្តេញចេញពីស្រុកចាកសុន រដ្ឋមិសសួរី ។ វាប្រាកដជាការលើកទឹកចិត្តដល់ពួកគេ នៅពេលព្រះអម្ចាស់បានប្រកាសថា « ការប្រោសលោះស៊ីយ៉ូន » នឹងមក « ដោយអំណាច » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣:១៥ ) ។ ជាមួយនឹងការសន្យាទាំងនោះនៅក្នុងដួងចិត្តពួកគេ បុរសជាង ២០០ នាក់ បូករួមទាំងស្រ្តី និងកុមារប្រហែលជា ២៥នាក់ បានចូលរួមក្នុងកងទ័ពដែលត្រូវបានគេហៅថា ជំរុំអ៊ីស្រាអែល ក្រោយមកត្រូវបានគេស្គាល់ថា ជំរុំស៊ីយ៉ូន ។ បេសសកម្មរបស់គេត្រូវដើរជាក្បួនទៅកាន់រដ្ឋមិសសួរី និងប្រោសលោះស៊ីយ៉ូន ។
ចំពោះសមាជិកជំរុំ ការប្រោសលោះស៊ីយ៉ូនមានន័យថាការស្ថាបនាពួកបរិសុទ្ធ និងដែនដីរបស់ពួកគេឡើងវិញ ។ ប៉ុន្តែមុនពេលជំរុំធ្វើដំណើរទៅដល់ស្រុកចាកសុន ព្រះអម្ចាស់បានមានបន្ទូលទៅយ៉ូសែប ស្ម៊ីធឲ្យឈប់ ហើយរំសាយជំរុំស៊ីយ៉ូន ។ សមាជិកជំរុំស៊ីយ៉ូនមួយចំនួនបានច្របូកច្របល់ ហើយមិនសប្បាយចិត្តនឹងការណែនាំថ្មីនេះទេ ចំពោះពួកគេ វាមានន័យថាផែនការណ៍ត្រូវបរាជ័យ ហើយការសន្យារបស់ព្រះអម្ចាស់មិនត្រូវបានបំពេញ ។ ប៉ុន្តែមនុស្សផ្សេងទៀតមានមតិផ្ទុយពីនោះ ។ ខណៈដែលពួកបរិសុទ្ធនិរទេសខ្លួនទាំងនោះមិនដែលត្រឡប់ទៅស្រុកចាកសុនទៀត ក៏បទពិសាធន៍នោះនាំឲ្យស្គាល់ទំហំនៃ « ការប្រោសលោះ » ទៅកាន់ស៊ីយ៉ូន ហើយវានាំមក « ដោយអំណាច » ។ ពួកបរិសុទ្ធដ៏ស្មោះត្រង់ទាំងឡាយនៃជំរុំស៊ីយ៉ូន ដែលក្រោយមកភាគច្រើនបានក្លាយជាថ្នាក់ដឹកនាំសាសនាចក្រ បានថ្លែងទីបន្ទាល់ថា បទពិសោធន៍ទាំងនោះបានធ្វើឲ្យសេចក្តីជំនឿរបស់ពួកគេលើព្រះចេស្តារបស់ព្រះកាន់តែជ្រាលជ្រៅឡើង នៅក្នុងការហៅដ៏ទេវភាពរបស់ យ៉ូសែប ស្ម៊ីធ និងនៅក្នុងស៊ីយ៉ូន—ស៊ីយ៉ូនមិនមែនត្រឹមតែជាទីកន្លែងប៉ុណ្ណោះទេ ប៉ុន្តែស៊ីយ៉ូនគឺជារាស្រ្តនៃព្រះផងដែរ ។ ជាជាងការសួរសំណួរអំពីតម្លៃនៃភារៈកិច្ចដែលហាក់មិនបានជោគជ័យនេះ ពួកគេបានរៀនថា កិច្ចការពិតប្រាកដគឺការធ្វើតាមព្រះអង្គសង្គ្រោះ ទោះបីជាយើងមិនយល់អ្វីគ្រប់យ៉ាងក្តី ។ នៅទីបញ្ចប់ នេះគឺជារបៀបដែលស៊ីយ៉ូននឹងបានទទួលការប្រោសលោះ ។
សូមមើល ពួកបរិសុទ្ធ ១:១៩៤–២០៦; « The Acceptable Offering of Zion’s Camp » Revelations in Context ទំព័រ ២១៣–១៨ ។
គំនិតយោបល់ផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:១២–១៣
តើគោលបំណងនៃសេចក្តីណែនាំនៅក្នុងខគម្ពីរទាំងនេះគឺជាអ្វី ?
កណ្ឌទី ១០២ មានកត់ត្រាអំពីការប្រជុំនៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ជាទីកន្លែងដែលក្រុមប្រឹក្សាជាន់ខ្ពស់ដំបូងនៃសាសនាចក្រត្រូវបានបង្កើតឡើង ។ ខទី ១២–២៣ ពិពណ៌នាអំពីនីតិវិធី ដែលក្រុមប្រឹក្សាជាន់ខ្ពស់ធ្វើតាមក្រុមប្រឹក្សាវិន័យ សម្រាប់អស់អ្នកដែលបានប្រព្រឹត្តអំពើរំលងដ៏ធ្ងន់ធ្ងរ ។
ប្រធាន អិម រ័សុល បាឡឺដបានបង្រៀនថា « សមាជិកមួយចំនួនបានសួរថា ហេតុអ្វីសាសនាចក្រត្រូវមានក្រុមប្រឹក្សាវិន័យ ។ គោលបំណងមានបីផ្នែក ៖ ដើម្បីសង្គ្រោះព្រលឹងអ្នកប្រព្រឹត្តអំពើរំលង ដើម្បីការពារមនុស្សគ្មានទោស និងការពារភាពបរិសុទ្ធ សុចរិតភាព និងកេរ្តិ៍ឈ្មោះសាសនាចក្រ » ( « A Chance to Start Over: Church Disciplinary Councils and the Restoration of Blessings » Ensign ខែ កញ្ញា ឆ្នាំ ១៩៩០ ទំព័រ ១៥ ) ។
សូមមើលផងដែរ Topical Guide « Church Disciplinary Councils » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣:១–១២, ៣៦ ; ១០៥:១–១៩
ស៊ីយ៉ូនអាចត្រូវបានស្ថាបនាឡើងតែនៅលើគោលការណ៍នៃសេចក្ដីសុចរិតប៉ុណ្ណោះ ។
តើហេតុអ្វីពួកបរិសុទ្ធបាត់បង់ដែនដីសន្យារបស់ពួកគេនៅរដ្ឋមិសសួរី ? ហើយហេតុអ្វីព្រះអម្ចាស់មិនអនុញ្ញាតឲ្យជំរុំស៊ីយ៉ូនស្តារដែនដីសន្យានោះទៅជាដែនដីរបស់ពួកគេឡើងវិញ ? ប្រាកដណាស់ អំពើហឹង្សានៃពួកមនុស្សកំណាចនៅមិសសួរីជាមូលហេតុមួយនៃការណ៍នេះ ហើយរដ្ឋាភិបាលមិសសួរីបានសន្យាថានឹងគាំទ្រពួកបរិសុទ្ធ ប៉ុន្ដែមិនដែលបានគាំទ្រឡើយ ។ ប៉ុន្តែព្រះអម្ចាស់បានមានព្រះបន្ទូលថា « បើសិនជាពុំមែនដោយសារការរំលងទាំងឡាយនៃរាស្រ្តរបស់យើងទេនោះ » ស៊ីយ៉ូន « អាចបានប្រោសលោះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:២ ) ។ នៅពេលអ្នកអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៣:១–១២, ៣៦; ១០៥:១–១៩ អ្នកអាចសម្គាល់ឃើញអ្វីមួយដែលបង្អាក់ដល់ការស្ថាបនាស៊ីយ៉ូនក្នុងរដ្ឋមិសសួរី និងអ្វីផ្សេងទៀតដែលអាចបានជួយស្ថាបនា ។ តើអ្នករៀនអ្វីខ្លះដែលអាចជួយឲ្យអ្នកស្ថាបនាស៊ីយ៉ូននៅក្នុងបេះដូង និងគេហដ្ឋានរបស់អ្នក ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣:១២–១៣; ១០៥:១–៦, ១៣–១៩
ពរជ័យកើតមានបន្ទាប់ពីសេចក្តីវេទនា និងការសាកល្បងនៃសេចក្តីជំនឿ ។
ការចូលរួមក្នុងជំរុំស៊ីយ៉ូនគឺជាការសាកល្បងនៃសេចក្តីជំនឿតាមរបៀបជាច្រើន ។ ការធ្វើដំណើរវែងឆ្ងាយ អាកាសធាតុក្តៅ ហើយពេលខ្លះខ្វះខាតអាហារ និងទឹក ។ ហើយបន្ទាប់ពីការស៊ូទ្រាំគ្រប់យ៉ាងហើយ ក៏ពួកបរិសុទ្ធនៅតែមិនអាចត្រឡប់ទៅកាន់ដែនដីរបស់ពួកគេវិញដែរ ។ សូមពិចារណាអំពីរបៀបដែលគោលការណ៍នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣:១២–១៣ និង ១០៥:១–៦, ១៣–១៩ អាចនឹងជួយសមាជិកជំរុំស៊ីយ៉ូន ដែលមានការងឿងឆ្ងល់ ថាតើបទបញ្ញត្តិពិតជាបានបង្កើតឡើងតាំងពីដំបូងមកពីព្រះមែនទេ ។ តើគោលការណ៍ទាំងនេះអាចជួយអ្នក កាលអ្នកប្រឈមនឹងការសាកល្បងនៃសេចក្ដីជំនឿដោយរបៀបណា ?
អ្នកក៏អាចអានអំពីបទពិសោធន៍នៃសមាជិកជំរុំស៊ីយ៉ូនក្នុង « សម្លេងនៃការស្ដារឡើងវិញ » នៅចុងបញ្ចប់នៃគម្រោងមេរៀននេះផងដែរ ។ តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីឥរិយាបទរបស់ពួកគេ ? តើអ្នកអាចរៀនអ្វីខ្លះ ចេញពីគំរូរបស់ពួកគេ ?
សូមមើលផងដែរ ដេវីឌ អេ បែដណា « On the Lord’s Side: Lessons from Zion’s Camp » Ensign ខែ កក្កដា ឆ្នាំ ២០១៧ ទំព័រ ២៦–៣៥ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១១–១៨, ៧៨–៨៣
ខ្ញុំគឺជា « នាយតម្រួតការលើព្រះពរទាំងឡាយខាងផែនដី » ។
បន្ថែមពីលើការសាកល្បងទាំងឡាយនៅរដ្ឋមីសសួរីនៅក្នុងឆ្នាំ ១៨៣៤ សាសនាចក្របានប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ រួមទាំងបំណុល និងការចំណាយផ្សេងៗ ។ នៅក្នុង កណ្ឌទី ១០៤ ព្រះអម្ចាស់បានប្រទានការប្រឹក្សាអំពីស្ថានភាពហិរញ្ញវត្ថុរបស់សាសនាចក្រ ។ តើអ្នកអាចអនុវត្តគោលការណ៍នៅក្នុង ខ ទី ១១–១៨ និង ៧៨–៨៣ ដោយរបៀបណាចំពោះការសម្រេចចិត្តលើហិរញ្ញវត្ថុរបស់អ្នកផ្ទាល់ ?
ដើម្បីរៀនអំពីមធ្យោបាយមួយ ដែលព្រះអម្ចាស់បានរៀបចំសម្រាប់សាសនាចក្រ ដើម្បីរួចផុតពីសេវកភាពនៃបំណុល សូមមើល « Treasure in Heaven: The John Tanner Story » ( វីដេអូនៅក្នុងគេហទំព័រ ChurchofJesusChrist.org ) ។
ដើម្បីរៀនបន្ថែមអំពី « របៀប » របស់ព្រះអម្ចាស់ ( ខទី ១៦ ) ក្នុងការប្រទានដល់ពួកបរិសុទ្ធរបស់ទ្រង់ អ្នកក៏អាចសិក្សាបន្ថែមអំពីសារលិខិតរបស់ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ « Providing in the Lord’s Way » ផងដែរ (Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៥៣–៥៦ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៣:១២, ៣៦; ១០៥:៩–១៣ ។តើក្រុមគ្រួសាររបស់អ្នក ( ឬបុព្វការីជនណាម្នាក់របស់អ្នក ) ធ្លាប់ត្រូវបានស្នើសុំឲ្យធ្វើអ្វីមួយតែលទ្ធផលមិនបានសម្រេចតាមការរំពឹងទុកឬទេ ? តើអ្នកអាចរៀនអ្វីខ្លះពីប្រតិកម្មរបស់សមាជិកជំរុំស៊ីយ៉ូន នៅពេលដែលដំណើររបស់ពួកគេមិនបានសម្រេចតាមការរំពឹងទុករបស់ពួកគេ ? ( សូមមើល « សម្លេងនៃការស្ដារឡើងវិញ » នៅចុងបញ្ចប់នៃគម្រោងមេរៀននេះ ) ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១៣–១៨ ។តើព្រះអម្ចាស់បានប្រទានអ្វីខ្លះដល់យើង ? តើទ្រង់រំពឹងឲ្យយើងធ្វើអ្វីខ្លះជាមួយនឹងការណ៍ទាំងនេះ ?
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:២៣–៤៦ ។ក្រុមគ្រួសាររបស់អ្នកអាចស្រាវជ្រាវខគម្ពីរទាំងនេះ ដើម្បីស្វែងរកការសន្យារបស់ព្រះអម្ចាស់ប៉ុន្មានដងក្នុងការ « បង្កើនព្រះពរ » ( ខទី ២៣ ) ដល់អស់អ្នកដែលស្មោះត្រង់ ។ ប្រហែលនេះជាឱកាសល្អក្នុងការ « រាប់ព្រះពរ » របស់អ្នក ( « ចូររាប់ព្រះពរ » ទំនុកតម្កើង លេខ ១៥០ ) ហើយពិភាក្សាតើការធ្វើដូច្នេះអាចជួយអ្នកក្នុងគ្រាលំបាកដោយរបៀបណា ។ កូនតូចៗរបស់អ្នកអាចនឹងចូលចិត្តគូររូបអំពីពរជ័យទាំងឡាយដែលពួកគេមានអំណរគុណជាពិសេស ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:៣៨–៤១ ។តើយើងអាចធ្វើ « សំណូមពរសេចក្តីសុខសាន្ត » ( ខទី ៤០ ) តាមរបៀបណា នៅពេលដែលនរណាម្នាក់ប្រព្រឹត្តដាក់យើងដោយគ្មានសណ្តានចិត្តល្អ ឬមិនយុត្តិធម៌ ? តើយើងអាចធ្វើអ្វីខ្លះដើម្បី « លើកទង់ជ័យនៃសន្តិភាព » ( ខ ទី ៣៩ ) នៅក្នុងគេហដ្ឋានរបស់យើង ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើលគម្រោងមេរៀនប្រចាំសប្ដាហ៍នេះនៅក្នុងសៀវភៅចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « ចូររាប់ព្រះពរ » ទំនុកតម្កើង លេខ ១៥០ ។
សម្លេងនៃការស្ដារឡើងវិញ
កងទ័ពជំរុំស៊ីយ៉ូន
ពីព្រោះកងទ័ពជំរុំស៊ីយ៉ូនមិនបាននាំពួកបរិសុទ្ធទៅកាន់ដែនដីរបស់ពួកគេនៅស្រុកចាកសុនវិញនោះ មនុស្សជាច្រើនមានអារម្មណ៍ថាការខិតខំរបស់ពួកគេបានបរាជ័យ ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកចូលរួមជំរុំស៊ីយ៉ូន ជាច្រើនបានក្រឡេកមើលទៅបទពិសោធន៍របស់ពួកគេ ហើយបានឃើញអំពីរបៀបដែលព្រះអម្ចាស់បានបំពេញគោលបំណងខ្ពស់ជាងនៅក្នុងជីវិតរបស់ពួកគេ និងនៅក្នុងនគររបស់ទ្រង់ ។ នេះគឺជាទីបន្ទាល់មួយចំនួនរបស់ពួកគេ ។
យ៉ូសែប ស៊្មីធ
បន្ទាប់ពីរយៈពេល៤០ ឆ្នាំនៃជំរុំស៊ីយ៉ូន យ៉ូសែប យ៉ង់ ដែលជាសមាជិកនៃជំរុំបានរាយការណ៍ថា យ៉ូសែប ស្ម៊ីធ បានមានប្រសាសន៍ដូចតទៅនេះ ៖
« បងប្អូនប្រុសអើយ មានបងប្អូនមួយចំនួនខឹងនឹងរូបខ្ញុំ ដោយសារបងប្អូនពុំបានធ្វើចម្បាំងនៅក្នុងរដ្ឋមិសសួរី ប៉ុន្តែខ្ញុំសូមប្រាប់បងប្អូនថា ព្រះពុំចង់ឲ្យបងប្អូនធ្វើចម្បាំងឡើយ ។ ទ្រង់ពុំអាចស្ថាបនានគរទ្រង់ឡើង ដោយមានតែបុរសដប់ពីរនាក់ បើកទ្វារនៃដំណឹងល្អឲ្យជាតិសាសន៍ទាំងអស់នៅលើផែនដី និងពួកចិតសិបនាក់ទៀត ដែលស្ថិតក្រោមការដឹកនាំរបស់ពួកគេ ដើម្បីបន្តកិច្ចការបានឡើយ លើកលែងតែទ្រង់ចម្រាញ់ពួកគេចេញមកពីក្រុមបុរសដែលបានថ្វាយជីវិតខ្លួន និងដែលបានលះបង់យ៉ាងធំធេងដូចដែលអ័ប្រាហាំបានធ្វើប៉ុណ្ណោះ ។
« ឥឡូវនេះព្រះអម្ចាស់បានរកឃើញពួកដប់ពីរនាក់ និងពួកចិតសិបនាក់របស់ទ្រង់ ព្រមទាំងបានហៅកូរ៉ុមនៃពួកចិតសិបនាក់ផ្សេងទៀត ជាអ្នកដែលបានធ្វើពលិកម្ម ហើយចំពោះអស់អ្នកដែលមិនបានធ្វើពលិកម្ម និងថ្វាយដង្វាយរបស់ពួកគេនាពេលឥឡូវនេះទេ នឹងធ្វើឡើងនៅពេលក្រោយ » ។១
ព្រិកហាំ យ៉ង់
« នៅពេលយើងធ្វើដំណើរទៅដល់រដ្ឋមិសសួរី ព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់អ្នកបម្រើទ្រង់ យ៉ូសែប ថា ‹ យើងទទួលយកការថ្វាយរបស់ឯង › ហើយយើងមានអភ័យឯកសិទ្ធត្រឡប់ទៅផ្ទះវិញជាថ្មី ។ ពេលខ្ញុំត្រឡប់ទៅវិញមិត្តភភក្ដិរបស់ខ្ញុំជាច្រើនបានសួរថា តើមានប្រយោជន៍អ្វីក្នុងការហៅមនុស្សឲ្យចាកចេញពីការងារ ដើម្បីឡើងទៅរដ្ឋមិសសួរី រួចហើយត្រឡប់មកវិញ ដោយគ្មានបានសម្រេចអ្វីទាំងអស់នោះ ។ ពួកគេបានសួរថា ‹ តើនរណាទទួលបានផលប្រយោជន៍នោះ ? ប្រសិនបើព្រះអម្ចាស់បានបង្គាប់ឲ្យសម្រេចការណ៍នោះ តើទ្រង់មិនទតមើលការណ៏នោះទេឬ ? ›… ខ្ញុំបានប្រាប់បងប្អូនប្រុសទាំងនោះថា ខ្ញុំបានទទួលរង្វាន់យ៉ាងអស្ចារ្យ—រង្វាន់អស្ចារ្យពីស្ថានសួគ៌—មែនហើយខ្ញុំត្រូវបានបំពេញដោយចំណេះដឹងដ៏លើសលប់ ដែលខ្ញុំបានទទួលអំឡុង ពេលដែលខ្ញុំបានធ្វើដំណើរជាមួយព្យាការី » ។២
វិលហ្វូឌ វូឌដ្រុព្វ
« ខ្ញុំបាននៅក្នុងជំរុំស៊ីយ៉ូនជាមួយព្យាការីនៃព្រះ ។ ខ្ញុំបានឃើញទំនាក់ទំនងលោកជាមួយព្រះ ។ ខ្ញុំបានឃើញព្រះចេស្តានៃព្រះជាមួយលោក ។ ខ្ញុំមើលឃើញថា លោកគឺជាព្យាការី ។ អ្វីដែលបានបើកសម្តែងដល់លោកដោយព្រះចេស្តានៃព្រះចំពោះបេសកកម្ម នោះគឺមានតម្លៃយ៉ាងអស្ចារ្យចំពោះខ្ញុំ និងចំពោះអស់អ្នកដែលបានទទួលការណែនាំពីលោក » ។៣
« នៅពេលសមាជិកជំរុំស៊ីយ៉ូនត្រូវបានហៅ យើងភាគច្រើនមិនដែលបានជួបមុខគ្នាទេ យើងជាមនុស្សចម្លែកចំពោះគ្នា ហើយមនុស្សភាគច្រើនមិនធ្លាប់ឃើញព្យាការីទេ ។ យើងត្រូវបានខ្ចាត់ខ្ចាយ ដូចពោតរោយចេញពីកន្រ្តងទៅគ្រប់ជាតិសាសន៍ ។ យើងជាយុវជនវ័យក្មេង ហើយយើងត្រូវបានហៅនៅជំនាន់មុនឲ្យចេញទៅ ហើយសង្រ្គោះក្រុងស៊ីយ៉ូន ហើយអ្វីដែលយើងត្រូវធ្វើនោះគឺធ្វើដោយសេចក្ដីជំនឿ ។ យើងបានមកពីរដ្ឋផ្សេងនានាជាច្រើន ដើម្បីទៅប្រមូលផ្ដុំគ្នានៅទីក្រុងខឺតឡង់ ឡើងទៅប្រោសលោះស៊ីយ៉ូន ជាការបំពេញតាមបទបញ្ញាត្តិរបស់ព្រះមកកាន់យើង ។ ព្រះទទួលយកកិច្ចការរបស់យើង ដូចជាទ្រង់បានទទួលយកកិច្ចការលោកអ័ប្រាហាំដែរ ។ យើងសម្រេចបានកិច្ចការដ៏អស្ចារ្យមួយ ទោះបីជាពួកអ្នកក្បត់សាសនា និងពួកអ្នកមិនជឿ តែងសួរសំណួរនេះជាច្រើនដងថា ‹ តើអ្នកបានធ្វើអ្វីខ្លះ ? › យើងទទួលបានបទពិសោធន៍ដែលនឹងមិនអាចរកបាន [ នៅ ] កន្លែងផ្សេងៗទៀត ។ យើងមានឯកសិទ្ធិឃើញមុខព្យាការី និងធ្វើដំណើរអស់រាប់ពាន់គីឡូជាមួយលោក ហើយមើលឃើញកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះនៅគង់ជាមួយនឹងលោក ព្រមទាំងវិវរណៈនៃព្រះយេស៊ូវគ្រីស្ទប្រទានមកដល់លោក និងការបំពេញនូវវិវរណៈទាំងនោះ ។ ហើយលោកបានប្រមូលផ្តុំពួកអែលឌើរជាងពីររយនាក់ពីគ្រប់ជាតិសាសន៍នៅជំនាន់មុននោះ ហើយបញ្ជូនយើងទៅផ្សាយក្នុងពិភពលោក ដើម្បីផ្សព្វផ្សាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ បើខ្ញុំមិនបានចូលរួមក្នុងជំរុំស៊ីយ៉ូនទេ នោះខ្ញុំនឹងមិននៅទីនេះទេថ្ងៃនេះ [ នៅក្នុង ទីក្រុងសលត៍ លេក កំពុងបម្រើក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ] ។… តាមរយៈការទៅទីនោះ យើងឈានចូលក្នុងចម្ការទំពាំងបាយជូរ ដើម្បីផ្សាយដំណឹងល្អ ហើយព្រះអម្ចាស់ព្រមទទួលយកកិច្ចការរបស់យើង ។ ហើយនៅក្នុងកិច្ចការរបស់យើងតែងមានការបៀតបៀន ដែលធ្វើឲ្យជីវិតយើងជួបគ្រោះថ្នាក់ ប៉ុន្តែយើងត្រូវធ្វើការនោះ ហើយត្រូវរស់នៅដោយសេចក្ដីជំនឿ » ។៤
« បទពិសោធន៍ដែល [ យើង ] ទទួលបានក្នុងការធ្វើដំណើរក្នុងជំរុំស៊ីយ៉ូន គឺមានតម្លៃជាងមាសទៅទៀត » ។៥