« ថ្ងៃទី ៤–១០ ខែមីនា ។ ម៉ាថាយ ៨–៩, ម៉ាកុស ២–៥ ៖ ‹ សេចក្ដី ជំនឿ របស់ អ្នក បាន ជួយ សង្គ្រោះ អ្នក ហើយ › »ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ព្រះគម្ពីរសញ្ញាថ្មីឆ្នាំ ២០១៩( ២០១៩ )
« ថ្ងៃទី ៤–១០ ខែមីនា ។ ម៉ាថាយ ៨–៩, ម៉ាកុស ២–៥ »ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ៤–១០ ខែមីនា
ម៉ាថាយ ៨–៩, ម៉ាកុស ២–៥
« សេចក្ដីជំនឿរបស់អ្នកបានជួយសង្គ្រោះអ្នកហើយ »
នៅពេលអ្នក អាន ម៉ាថាយ ៨–៩ and ម៉ាកុស ២–៥, សូមឆ្លើយតបទៅនឹងចំណាប់អារម្មណ៍ដែលអ្នកទទួលបានមកពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមពិចារណាធ្វើការកត់ត្រាទុកការបំផុសគំនិតដែលអ្នកបានទទួល និងរឿងទាំងឡាយដែលអ្នកអាចធ្វើដើម្បីធ្វើតាមការបំផុសគំនិតទាំងនោះ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
វាពិបាកដើម្បីអានព្រះគម្ពីរសញ្ញាថ្មីដោយពុំទទួលបានចំណាប់អារម្មណ៍អំពីដំណើររឿងជាច្រើនអំពីព្រះអង្គសង្គ្រោះព្យាបាលអ្នកឈឺ និងអ្នករងទុក្ខ—មនុស្សគ្រប់រូប ចាប់តាំងពីស្ត្រីម្នាក់ដែលមានជំងឺគ្រុនក្ដៅរហូតដល់យុវនារីម្នាក់ដែលត្រូវបានគេប្រាប់ថាបានស្លាប់ហើយ ។ តើមានសារលិខិតអ្វីខ្លះសម្រាប់យើងនៅក្នុងអព្ភូតហេតុនៃការព្យាបាលខាងសាច់ឈាមទាំងនេះ ? សារលិខិតជាក់ច្បាស់មួយគឺថា ព្រះយេស៊ូវ គ្រីស្ទ គឺជាព្រះរាជបុត្រារបស់ព្រះ ដែលមានអំណាចលើគ្រប់អ្វីៗទាំងអស់ រួមទាំងការឈឺចាប់ និងការមិនល្អឥតខ្ចោះខាងរូបកាយរបស់យើង ។ ប៉ុន្តែអត្ថន័យមួយទៀតដែលឃើញមាននៅក្នុងព្រះបន្ទូលរបស់ទ្រង់ទៅកាន់ពួកអាចារ្យដែលមានគំនិត សង្ស័យថា ៖ « ដើម្បីឲ្យអ្នករាល់គ្នាដឹងថា នៅផែនដីនេះ កូនមនុស្សមានអំណាចនឹងអត់ទោសបាបបាន » ( ម៉ាកុស ២:១០ ) ។ ដូច្នេះនៅ ពេលអ្នកអានអំពីមនុស្សខ្វាក់ ឬមនុស្សឃ្លង់ត្រូវបានព្យាបាលឲ្យជា នោះអ្នកអាចគិតអំពីការព្យាបាល—ទាំងខាងវិញ្ញាណ និងខាងសាច់ឈាម—ដែលអ្នក អាចទទួលបានមកពីព្រះអង្គសង្គ្រោះ ហើយស្ដាប់ឮទ្រង់មានបន្ទូលមកអ្នកថា « សេចក្ដីជំនឿអ្នកបានជួយសង្គ្រោះអ្នកហើយ » ( ម៉ាកុស ៥:៣៤ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះអង្គសង្គ្រោះអាចព្យាបាលភាពទន់ខ្សោយ និងជំងឺទាំងឡាយ ។
ជំពូកពីរបីនេះកត់ត្រាឧទាហរណ៍ជាច្រើនអំពីការព្យាបាលប្រកបដោយអព្ភូតហេតុដែលព្រះអង្គសង្គ្រោះបានធ្វើឡើង ។ នៅពេលអ្នកសិក្សាអំពីការព្យាបាលទាំងនេះ សូមរកមើលសារលិខិតដែលអាចមានសម្រាប់អ្នក ។ អ្នកអាចសួរខ្លួនឯងថា ៖ តើដំណើររឿងណាខ្លះបង្រៀនអំពីសេចក្ដីជំនឿ ? តើដំណើររឿងអ្វីខ្លះបង្រៀនអំពីព្រះអង្គសង្គ្រោះ ? តើព្រះមានព្រះទ័យឲ្យខ្ញុំរៀនអ្វីខ្លះមកពីអព្ភូតហេតុនេះ ?
-
មនុស្សឃ្លង់ ( ម៉ាថាយ ៨:១–៤ )
-
បាវម្នាក់របស់មេទ័ព ( ម៉ាថាយ ៨:៥–១៣ )
-
ម្ដាយក្មេករបស់ពេត្រុស ( ម៉ាថាយ ៨:១៤–១៥ )
-
មនុស្សខ្វាក់ពីរនាក់ ( ម៉ាថាយ ៩:២៧–៣១ )
-
បុរសម្នាក់ដែលស្លាប់ដៃស្លាប់ជើង ( ម៉ាកុស ២:១–១២ )
-
បុរសម្នាក់ដែលមានវិញ្ញាណអារក្សចូល ( ម៉ាកុស ៥:១–២០ )
-
កូនស្រីរបស់យ៉ៃរ៉ុស ( ម៉ាកុស ៥:២២–២៣, ៣៥–៤៣ )
-
ស្ត្រីដែលមាន ធ្លាក់ឈាម ( ម៉ាកុស ៥:២៤–៣៤ )
សូមមើលផងដែរ ដាល្លិន អេក អូក, « Healing the Sick,» Ensign ឬ លីអាហូណា, ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៤៧-៥០ ) ។
ខ្ញុំអាចស្វែងរកជំនួយរបស់ព្រះទោះជាខ្ញុំមានអារម្មណ៍ថាខ្ញុំពុំសមទទួលបានក្ដី ។
មេទ័ព ដែលជាសាសន៍ដទៃម្នាក់ មានអារម្មណ៍ពុំសក្ដិសមដើម្បីឲ្យព្រះអង្គសង្គ្រោះយាងមកផ្ទះរបស់គាត់ ។ ស្ត្រីដែលមានជំងឺធ្លាក់ឈាម ដែលបានគិតថាពុំស្អាតស្អំ ហើយត្រូវបានសង្គមពួកសាសន៍យូដាស្អប់ខ្ពើម ។ ប៉ុន្តែព្រះអង្គសង្គ្រោះបានប្រទានពរដល់ពួកគេទាំងពីរ ។ តើអ្នកបានរៀនអ្វីខ្លះមកពីដំណើររឿងទាំងពីរនេះអំពីការស្វែងរកជំនួយមកពីព្រះអម្ចាស់ ?
ម៉ាថាយ ៨:១៨–២២; ម៉ាកុស ៣:៣១–៣៥
ការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ មានន័យថាខ្ញុំដាក់ទ្រង់ដំបូងគេនៅក្នុងជីវិតរបស់ខ្ញុំ ។
នៅក្នុងខគម្ពីរទាំងនេះ ព្រះយេស៊ូវបង្រៀនថា ការធ្វើជាសិស្សរបស់ទ្រង់តម្រូវឲ្យយើងដាក់ទ្រង់មុនគេបង្អស់នៅក្នុងជីវិតយើង ដែលពេលខ្លះវាមានន័យថាយើងត្រូវលះបង់រឿងផ្សេងៗទៀតដែលយើងឲ្យតម្លៃ ។ នៅពេលអ្នកសិក្សាវគ្គគម្ពីរទាំងនេះ ចូរពិចារណាអំពីភាពជាសិស្សរបស់អ្នកផ្ទាល់ ។ ហេតុអ្វីក៏ពួកសិស្សត្រូវតែមានឆន្ទៈដាក់ទ្រង់ដំបូងគេបង្អស់ដូច្នេះ ? តើអ្នកចាំបាច់ត្រូវលះបង់អ្វីខ្លះ ដើម្បីដាក់ព្រះយេស៊ូវមុនគេបង្អស់ ? ( សូមមើលផងដែរ លូកា ៩:៥៧-៦២) ។
ម៉ាថាយ ៨:២៣–២៧; ម៉ាកុស ៤:៣៥–៤១
ព្រះយេស៊ូវគ្រីស្ទមានអំណាចដើម្បីនាំសេចក្ដីសុខសាន្ដមកក្នុងកណ្ដាលព្យុះភ្លៀងនៃជីវិត ។
តើអ្នកធ្លាប់មានអារម្មណ៍ដូចជាពួកសិស្សរបស់ព្រះយេស៊ូវមាននៅក្នុងពេលមានព្យុះភ្លៀងនៅសមុទ្រ—មើលទឹករលកបោកចូលពេញទូក ហើយងឿងឆ្ងល់ថា « លោកគ្រូអើយ យើងវិនាសហើយ លោកមិនរវល់ទេឬអី ? »
នៅក្នុងម៉ាកុស ៤:៣៥–៤១អ្នកនឹងរកឃើញសំណួរចំនួនបួន ។ សូមសរសេរវានីមួយៗ ហើយពិចារណាអំពីអ្វីដែលវាបង្រៀនអ្នកអំពីការប្រឈមមុខនឹងឧបសគ្គជីវិតតាមរយះការមានសេចក្ដីជំនឿ ទៅលើព្រះយេស៊ូវគ្រីស្ទ ។ តើ ព្រះអង្គសង្គ្រោះនាំសេចក្ដីសុខសាន្ដមកក្នុងជីវិតអ្នកពេលមានព្យុះភ្លៀងយ៉ាងដូចម្ដេច ?
ខ្ញុំអាចការពារជំនឿរបស់ខ្ញុំតាមរយៈការបង្រៀនគោលការណ៍ពិត ។
ពេលខ្លះវាពិបាកដើម្បីដឹងអំពីរបៀបឆ្លើយតបនៅពេលមនុស្សរិះគន់ដល់សាសនា និងការអនុវត្តជំនឿរបស់យើង ។ នៅពេលអ្នកអាន ម៉ាថាយ ៩:១–១៣ និង ម៉ាកុស ២:១៥–១៧, សូមរកមើលការរិះគន់របស់ពួកអ្នកចោទប្រកាន់ និងការឆ្លើយតបរបស់ព្រះអង្គសង្គ្រោះ ។ សូមពិចារណាធ្វើការគូសចំណាំការរិះគន់ និងការឆ្លើយតបជាពណ៌ផ្សេងគ្នា ឬសរសេរវាទុក ។ តើអ្នកកត់សម្គាល់អ្វីខ្លះអំពីរបៀបដែលព្រះអង្គសង្គ្រោះបង្រៀន ? តើគំរូរបស់ទ្រង់ដូចខាងក្រោមអាចជួយអ្នកយ៉ាងដូចម្ដេច ប្រសិនបើអ្នកត្រូវការពារគោលការណ៍នៃដំណឹងល្អមួយ ឬការអនុវត្តមួយរបស់សាសនាចក្រ ?
សូមមើលផងដែរ វីដេអូ « គំរូប្រចាំថ្ងៃ ៖ នៅពេលជំនឿត្រូវបានគេចោទសួរ » ( LDS.org ) ។
ដោយសារតែការប្រែចិត្ត ខ្ញុំអាចមានសេចក្ដីសង្ឃឹមជានិច្ច ។
នៅពេលបុរសស្លាប់ដៃស្លាប់ជើងត្រូវបានគេនាំទៅព្រះអង្គសង្គ្រោះ វាបង្ហាញយ៉ាងច្បាស់ដល់ហ្វូងមនុស្សថា គាត់ត្រូវការនូវការព្យាបាលខាងរូបកាយ ។ ប៉ុន្តែព្រះយេស៊ូវបានថ្លែងពីតម្រូវការធំបំផុតដំបូងគេរបស់បុរសនោះគឺ —ការអត់ទោសបាបរបស់គាត់ ។ ទោះជាបុរសនោះពុំត្រូវបានព្យាបាលខាងរូបកាយក្ដី ក៏គាត់នៅតែអាចធ្វើតាមដំបូន្មានរបស់ព្រះយេស៊ូវឲ្យ « សង្ឃឹមឡើង » (ម៉ាថាយ ៩:២) ។ តើអ្នកមានអារម្មណ៍អំណរដោយសារអ្នកត្រូវបានអត់ទោសឲ្យនៅពេលណា ? ( សូមមើលផងដែរ អាលម៉ា ៣៦:១៨–២៤ )។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលអ្នកបន្ដរៀនអំពីការបម្រើរបស់ព្រះអង្គសង្គ្រោះជាមួយនឹងគ្រួសាររបស់អ្នក នោះព្រះវិញ្ញាណអាចជួយអ្នកស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារអ្នក ។ នេះគឺជាការផ្ដល់យោបល់មួយចំនួន ៖
សូមពិចារណាធ្វើការបង្កើតជាបញ្ជីអព្ភូតហេតុមួយដែលបានពិពណ៌នានៅ ក្នុងជំពូកទាំងនេះ ហើយស្វែងរករូបភាពនោះមួយចំនួនមក ( សូមមើល Gospel Art Book ឬ LDS.org) ។ អ្នកអាចសុំសមាជិកគ្រួសារនីមួយៗឲ្យប្រាប់អំពីអព្ភូតហេតុមួយ ( ដោយប្រើរូបភាព បើមាន ) ហើយចែកចាយពីអ្វីដែលពួកគេបានរៀនមកពីវា ។ អ្នកអាចចែកចាយឧទាហរណ៍អំពីអព្ភូតហេតុមួយចំនួនដែលអ្នកបានធ្វើជាសាក្សី ឬអានអំពីប្រវត្តិសាស្ត្រសាសនាចក្រសម័យបច្ចុប្បន្ននេះ ។
តើយើងរៀនអ្វីខ្លះមកពីរបៀបដែលព្រះអង្គសង្គ្រោះប្រព្រឹត្តនឹងពួកអ្នកទារពន្ធ និងអ្នកមានបាប ដែលត្រូវអ្នកដទៃបដិសេធនោះ ? តើយើងអាចធ្វើតាមគំរូរបស់ទ្រង់យ៉ាងដូចម្ដេច នៅពេលយើងប្រាស្រ័យទាក់ទងនឹងមនុស្សដទៃ ?
តើអ្នកអាចជួយគ្រួសារអ្នកយល់អំពីការអង្វររបស់ព្រះអង្គសង្គ្រោះឲ្យមានអ្នកធ្វើការកាន់តែច្រើនដើម្បីជួយចែកចាយដំណឹងល្អ ? អ្នកអាចធ្វើអ្វីមួយដោយសាមញ្ញដូចជាការធ្វើការរួមគ្នានៅក្នុងការងារមួយ ដែលវាអាចនឹងចំណាយពេលច្រើនបើមនុស្សម្នាក់ធ្វើតែឯង ដូចជាការសម្អាតផ្ទះបាយបន្ទាប់ពីអាហារពេលល្ងាច ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីចែកចាយសារលិខិតនៃដំណឹងល្អ ?
តើដំណើររឿងនេះអាចជួយសមាជិកគ្រួសារ នៅពេលពួកគេមាន អារម្មណ៍ភ័យខ្លាចឬទេ ? ប្រហែលជាពួកគេអាចអាន ខ ៣៩ ហើយចែកចាយបទពិសោធន៍នានា នៅពេលព្រះអង្គសង្គ្រោះបានជួយពួកគេមានអារម្មណ៍សុខសាន្ដអំឡុងពេលចលាចល ឬភ័យខ្លាច ។
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។