« ថ្ងៃទី ៤–១០ ខែ មីនា ។ ម៉ាថាយ ៨–៩, ម៉ាកុស ២–៥ ៖ ‹ សេចក្ដីជំនឿនាងបានជួយសង្គ្រោះនាងហើយ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )
« ថ្ងៃទី ៤–១០ ខែ មីនា ។ ម៉ាថាយ ៨–៩, ម៉ាកុស ២–៥ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ប្រោសឲ្យជានៅក្នុងចំអេងស្លាប ដោយចន ម៉ាក់នូតុន
ថ្ងៃទី ៤–១០ ខែ មីនា
ម៉ាថាយ ៨–៩; ម៉ាកុស ២–៥
« សេចក្ដីជំនឿនាងបានជួយសង្គ្រោះនាងហើយ »
សូមចាប់ផ្ដើមដោយការអាន ម៉ាថាយ ៨–៩ និង ម៉ាកុស ២–៥ ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ អាចជួយអ្នកឲ្យយល់ពីជំពូកទាំងនេះ ហើយគម្រោងមេរៀននេះអាចផ្ដល់នូវគំនិតបង្រៀននានាដល់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមឲ្យកុមារចែកចាយរឿងមួយអំពីព្រះយេស៊ូវធ្វើអព្ភូតហេតុមួយ ( សូមមើលបញ្ជីអព្ភូតហេតុនានានៅក្នុង គម្រោងសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ) ។ អ្នកក៏អាចបង្ហាញរូបភាពដែលពាក់ព័ន្ធផ្សេងៗ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៤០, ៤១ ឬLDS.org ) ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ព្រះយេស៊ូវមានអំណាចដើម្បីសម្ដែងអព្ភូតហេតុផ្សេងៗ ។
កាលអ្នកអានអំពីអព្ភូតហេតុនានារបស់ព្រះអង្គសង្គ្រោះក្នុងការព្យាបាល សូមសញ្ជឹងគិតថាតើអ្នកនឹងចែកចាយអព្ភូតហេតុមួយណា ។ តើអ្នកអាចជួយកុមារដែលអ្នកបង្រៀនឲ្យយល់ពីតួនាទីនៃសេចក្ដីជំនឿទៅលើអព្ភូតហេតុដែលព្រះយេស៊ូវបានសម្ដែងឡើងយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកចាយនូវដំណើររឿងអំពីមនុស្សខ្វិនចេញពី ម៉ាកុស ២:១–១២ ។ សម្រាប់ជាជំនួយ សូមមើល « ជំពូកទី ២៣ ៖ មនុស្សដែលមិនអាចដើរបាន » រឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ៥៧–៥៨ ឬវីដេអូដូចគ្នានេះនៅលើ ( LDS.org ) ។ សូមប្រាប់កុមារថា មនុស្សខ្វិនមិនអាចដើរបានទេ ។ សូមជួយពួកគេឲ្យយល់ថា បុរសនេះត្រូវបានព្យាបាល ហើយត្រូវបានអភ័យទោសដោយព្រះអង្គសង្គ្រោះ ។
-
សូមឲ្យកុមារធ្វើជា « ក្រោកពីដំណេក » ដូចជាកូនស្រីលោកយ៉ៃរ៉ុស កាលអ្នកអាននៅក្នុង ម៉ាកុស ៥:២២–២៣, ៣៥–៤៣ ។ សូមជួយឲ្យពួកគេយល់ថា ព្រះយេស៊ូវបានធ្វើឲ្យយើងទាំងអស់គ្នាអាចមានជីវិតដ៏នៅអស់កល្បជានិច្ច ។
-
សូមមើល ម៉ាកុស ៥:៣៤ ។ សូមជួយកុមារឲ្យទន្ទេញចាំនូវឃ្លា « សេចក្ដីជំនឿនាងបានជួយសង្គ្រោះនាងហើយ » ប្រហែលដោយការឲ្យកុមារម្នាក់ចាំពាក្យតែមួយម៉ាត់ ហើយបន្ទាប់មកឲ្យកុមារទាំងអស់និយាយពាក្យរបស់ពួកគេតាមលំដាប់ ។ តើមាននរណាម្នាក់ដែលពួកគេស្គាល់ត្រូវបានព្យាបាល នៅពេលពួកគេឈឺដែរឬទេ ?
-
សូមឲ្យកុមារបិទភ្នែក ហើយស្ដាប់ កាលអ្នកអាននៅក្នុង ម៉ាថាយ ៩:២៧–៣០ ។ នៅពេលអ្នកអានអំពីព្រះយេស៊ូវដែលប្រោសមនុស្សខ្វាក់ពីរនាក់ឲ្យភ្លឺភ្នែក នោះសូមឲ្យកុមារបើកភ្នែករបស់ពួកគេ ។ តើកុមារនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើព្រះយេស៊ូវបានប្រោសពួកគេឲ្យជានោះ ?
-
សូមឲ្យកុមារនិយាយអំពីគ្រាមួយដែលពួកគេបានឈឺ ។ សូមប្រាប់ដំណើររឿងរបស់ព្រះយេស៊ូវដែលប្រោសមនុស្សឈឺ ហើយសូមថ្លែងទីបន្ទាល់ថា អំណាចរបស់ព្រះយេស៊ូវអាចប្រោសឲ្យជា ហើយប្រទានពរយើង កាលយើងអធិស្ឋាន និងទទួលបានពរជ័យបព្វជិតភាព ។ សូមពន្យល់ថា ទោះបីជាពេលខ្លះព្រះអម្ចាស់មិនបានប្រទាននូវអព្ភូតហេតុដែលយើងប្រាថ្នាចង់បានក្ដី ក៏ទ្រង់ស្រឡាញ់យើង ហើយទ្រង់ជ្រាបអំពីតម្រូវការរបស់យើង ។ ទ្រង់នឹងប្រទានមកដល់យើងនូវការលួងលោមដែលយើងត្រូវការ ។
នៅពេលខ្ញុំខ្លាច ឬស្ថិតនៅក្នុងគ្រោះថ្នាក់ នោះព្រះយេស៊ូវអាចជួយខ្ញុំឲ្យមានអារម្មណ៍សុខសាន្ដ ។
ដំណើររឿងព្រះយេស៊ូវធ្វើឲ្យព្យុះស្ងប់អាចជួយកុមារឲ្យដឹងថា ទ្រង់អាចប្រទានដល់ពួកគេនូវសេចក្ដីសុខសាន្ដ កាលពួកគេមានអារម្មណ៍ភ័យខ្លាច ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យស្រមៃថា ពួកគេនៅលើនាវាមួយ កាលអ្នកអាននៅក្នុង ម៉ាកុស ៤:៣៥–៤១ ។ ( សូមមើលផងដែរ « ជំពូកទី ២១ ៖ ព្រះយេស៊ូវបង្គាប់ខ្យល់ និងរលក » រឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ៥៣ ឬវីដេអូដូចគ្នានេះនៅលើ LDS.org ) ។ សូមឲ្យកុមាររៀបរាប់អំពីអារម្មណ៍ដែលពួកគេអាចមាន ប្រសិនបើពួកគេបាននៅទីនោះ ។ តើកុមារភ័យខ្លាចនៅពេលណាដែរ ? តើពួកគេបានរកឃើញការលួងលោមដោយរបៀបណា ?
-
សូមឲ្យកុមារធ្វើសំឡេងព្យុះមួយ ហើយឈប់កាលនរណាម្នាក់និយាយថា « ចូរស្ងៀមទៅ ហើយឈប់ចុះ » ។ សូមថ្លែងទីបន្ទាល់ថា គឺដូចជាព្រះយេស៊ូវអាចនាំសេចក្ដីសុខសាន្ដមកដល់យើងកាលមានព្យុះខាងក្រៅមួយដែរ នោះទ្រង់ក៏អាចនាំសេចក្ដីសុខសាន្ដមកដល់ដួងចិត្តយើង កាលយើងមានអារម្មណ៍មិនល្អក្នុងខ្លួនយើង ។
-
សូមគិតអំពីកាយវិការដើម្បីធ្វើអមវគ្គទីបីនៃបទ « សូមប្រាប់ខ្ញុំពីរឿងព្រះយេស៊ូវ » សៀវភៅចម្រៀងកុមារ ទំព័រ ៣៦ ។
ព្រះគ្រីស្ទធ្វើឲ្យព្យុះស្ងប់ ដោយ រ៉ូប៊ើត ធី បារេត
បង្រៀនគោលលទ្ធិ
កុមារធំៗ
ព្រះយេស៊ូវអាចសម្ដែងអព្ភូតហេតុនានានៅក្នុងជីវិតរបស់ខ្ញុំ កាលខ្ញុំមានសេចក្ដីជំនឿទៅលើទ្រង់ ។
ព្រះយេស៊ូវបានសម្ដែងអព្ភូតហេតុជាច្រើនអំឡុងការបម្រើខាងសាច់ឈាមរបស់ទ្រង់ ។ តើអ្នកអាចជួយកុមារឲ្យដឹងថា អព្ភូតហេតុនៅតែកើតឡើងនាសព្វថ្ងៃនេះដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារជ្រើសយកអព្ភូតហេតុមួយខាងក្រោមមកអាន ហើយគូររូបភាព ៖ ម៉ាកុស ២:១–១២; ម៉ាកុស ៥:២២–២៣, ៣៥–៤៣; ឬ ម៉ាកុស ៥:២៤–៣៤ ។ សូមឲ្យកុមារពន្យល់ពីគំនូររបស់ពួកគេដល់សិស្សក្នុងថ្នាក់ ។ តើពួកគេរៀនអ្វីខ្លះអំពីព្រះយេស៊ូវចេញពីរឿងទាំងនេះ ?
-
សូមឲ្យកុមារសម្ដែងពីអារម្មណ៍កាលពួកគេឈឺ ក្រៀមក្រំ ភ័យខ្លាច ឬព្រួយបារម្ភ ។ តើព្រះយេស៊ូវអាចជួយយើង កាលយើងមានអារម្មណ៍ទាំងនេះដោយរបៀបណា ? សូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវអាចជួយកុមារនៅក្នុងកាលៈទេសៈទាំងអស់នេះបាន ។
-
សូមឲ្យសិស្សចែកចាយនូវបទពិសោធន៍នានា កាលពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់បានទទួលពរជ័យបព្វជិតភាព ។ តើបុគ្គលនោះត្រូវបានព្យាបាល ឬប្រទានពរដោយរបៀបណា ?
ខ្ញុំអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សដទៃ ដូចព្រះយេស៊ូវបានធ្វើដែរ ។
ព្រះយេស៊ូវបានបង្ហាញសេចក្ដីស្រឡាញ់ដ៏អស្ចារ្យដោយការប្រោសអ្នកឈឺ និងអ្នករងទុក្ខឲ្យជា ។ សូមសញ្ជឹងគិតអំពីរបៀបដែលអ្នកអាចបង្រៀនកុមារឲ្យបង្ហាញសេចក្ដីមេត្តាដល់មនុស្សដែលត្រូវការជំនួយ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជ្រើសរើសអព្ភូតហេតុរបស់ព្រះយេស៊ូវមួយ ឬច្រើនដើម្បីរំឭកជាមួយនឹងកុមារ ដូចជាអព្ភូតហេតុនៅក្នុង ម៉ាកុស ២:១–១២; ម៉ាកុស ៥:២២–២៣, ៣៥–៤៣; ឬ ម៉ាកុស ៥:២៤–៣៤ ។ ( សូមមើលវីដេអូ « ព្រះយេស៊ូវអភ័យទោសអំពើបាប ហើយប្រោសមនុស្សខ្វិនម្នាក់ឲ្យជា », « ព្រះយេស៊ូវប្រោសកូនស្រីលោកយ៉ៃរ៉ុសឲ្យរស់ឡើងវិញ » និង « ព្រះយេស៊ូវប្រោសស្ដ្រីមានសេចក្ដីជំនឿឲ្យជា » នៅលើគេហទំព័រ LDS.org ) ។ សូមឲ្យកុមារចែកចាយពីគ្រាមួយ កាលពួកគេបានជួយដល់នរណាម្នាក់ដែលត្រូវការជំនួយ និងពីអារម្មណ៍របស់ពួកគេនាពេលនោះ ។
-
សូមបង្ហាញវីដេអូ « Gordon Hinckley: Lessons I Learned as a Boy » ឬ « The Coat » ( LDS.org ) ។ តើកុមារាទាំងឡាយនៅក្នុងវីដេអូនេះបានធ្វើតាមគំរូរបស់ព្រះយេស៊ូវដោយរបៀបណា ? សូមឲ្យកុមារចែកចាយពីស្ថានភាពផ្សេងទៀត ពេលដែលនរណាម្នាក់អាចត្រូវការជំនួយ ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយដល់ពួកគេ ?
-
សូមរំឭកកុមារថា ការជួយដល់មនុស្សដទៃគឺជាផ្នែកមួយនៃសេចក្ដីសញ្ញាពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ( សូមមើល ម៉ូសាយ ១៨:៨–១០; អាលម៉ា ៣៤:២៨ ) ។
នៅពេលខ្ញុំខ្លាច ឬស្ថិតនៅក្នុងគ្រោះថ្នាក់ នោះព្រះយេស៊ូវអាចជួយខ្ញុំឲ្យមានអារម្មណ៍សុខសាន្ដ ។
កុមារត្រូវដឹងថា ព្រះអង្គសង្គ្រោះអាចប្រទានដល់ពួកគេនូវសេចក្ដីសុខសាន្ដនៅពេលពួកគេជួបនឹងព្យុះជីវិត—នាពេលនេះ និងនៅពេលអនាគត ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារម្នាក់ប្រើបទគម្ពីរ ម៉ាកុស ៤:៣៥–៤១ និង រូបភាព ព្រះយេស៊ូវធ្វើឲ្យព្យុះស្ងប់ ( សៀវភៅរូបភាពដំណឹងល្អ ល.រ. ៤០ ) ដើម្បីតំណាលពីរឿងព្រះយេស៊ូវធ្វើឲ្យព្យុះស្ងប់ ។ សូមឲ្យកុមាររៀបរាប់អំពីអារម្មណ៍ដែលពួកគេអាចមាន ប្រសិនបើពួកគេបាននៅទីនោះ ។
-
សូមឲ្យសិស្សចែកចាយនូវបទពិសោធន៍នានា កាលពួកគេបានមានអារម្មណ៍សុខសាន្ដ បន្ទាប់ពីអធិស្ឋានសុំជំនួយ ។ សូមរំឭកពួកគេថា សេចក្ដីសុខសាន្ដនេះចេញមកពីព្រះអង្គសង្គ្រោះ ។
-
សូមច្រៀងបទ « លោកគ្រូខ្យល់ព្យុះកំពុងបោកបក់ » ទំនុកតម្កើងទំព័រ ៥៤ ជាមួយនឹងកុមារដោយសុំឲ្យពួកគេខ្សឹប នៅពេលពួកគេច្រៀងពាក្យ « ចូរស្ងប់ទៅ » ។
-
សូមឲ្យក្រដាសរាងពពកធ្លាក់ភ្លៀងមួយដល់កុមារម្នាក់ៗ ហើយសូមឲ្យពួកគេសរសេរនៅលើក្រដាសនោះនូវឧបសគ្គមួយដែលមនុស្សម្នាក់អាចមាន ។ សូមផ្គុំរូបពពកទាំងអស់នៅលើក្ដារខៀនគ្របលើរូបភាពព្រះអង្គសង្គ្រោះ ។ សូមឲ្យកុមារម្នាក់ដករូបពពកមួយចេញ ហើយប្រាប់ពីវិធីដែលយើងអាចជួយនរណាម្នាក់ជាមួយនឹងឧបសគ្គនោះដើម្បីឲ្យគេអាចរកឃើញសេចក្ដីសុខសាន្ដបាន ។ នៅពេលពពកទាំងអស់ត្រូវបានដកចេញហើយ សូមថ្លែងទីបន្ទាល់អំពីអំណាចរបស់ព្រះអង្គសង្គ្រោះក្នុងការធ្វើឲ្យព្យុះស្ងប់នៅក្នុងជីវិតរបស់យើង ។
លើកទឹកចិត្តឲ្យរៀនសូត្រនៅផ្ទះ
សូមជួយកុមារឲ្យសរសេរនូវសកម្មភាពបម្រើមួយដែលពួកគេនឹងធ្វើសម្រាប់នរណាម្នាក់នៅសប្ដាហ៍នេះ ។
កែលម្អការបង្រៀនរបស់យើង
សូមជួយកុមារឲ្យសកម្មឡើង ។ នៅពេលខ្លះ អ្នកអាចមានអារម្មណ៍ថា កម្លាំងរបស់កុមារគឺជាការបង្វែរអារម្មណ៍កុមារពីការរៀនសូត្រ ។ ប៉ុន្ដែអ្នកអាចបង្កើតសកម្មភាពដោយផ្អែកលើធម្មជាតិដ៏សកម្មរបស់ពួកគេ ដោយឲ្យពួកគេសម្ដែងរឿង ឬធ្វើសកម្មភាពដែលទាក់ទងនឹងព្រឹត្តិការណ៍នានានៅក្នុងបទចម្រៀង ឬព្រះគម្ពីរ ។ ( សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ២៥ ) ។