« ថ្ងៃទី ១៨–២៤ ខែ មីនា ។ ម៉ាថាយ ១៣, លូកា ៨, ១៣ ៖ ‹ អ្នកណាដែលមានត្រចៀកសម្រាប់ស្ដាប់ ឲ្យស្ដាប់ចុះ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )
« ថ្ងៃទី ១៨–២៤ ខែ មីនា ។ ម៉ាថាយ ១៣, លូកា ៨, ១៣ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១៨–២៤ ខែ មីនា
ម៉ាថាយ ១៣; លូកា ៨; ១៣
« អ្នកណាដែលមានត្រចៀកសម្រាប់ស្ដាប់ ឲ្យស្ដាប់ចុះ »
រឿងប្រៀបប្រដូចគឺជារឿងសាមញ្ញដែលអាចទាក់ទាញកុមារបាន ។ គម្រោងមេរៀននេះ និង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ អាចជួយអ្នកឲ្យប្រើរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះដើម្បីបង្រៀនកុមារអំពីសេចក្ដីពិតដ៏មានសារៈសំខាន់នានា ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមយកវត្ថុបីបួនដែលអាចជួយកុមារឲ្យចងចាំនូវរឿងប្រៀបប្រដូចមួយចំនួន នៅក្នុង ម៉ាថាយ ១៣ ដូចជាគ្រាប់ពូជមួយ ត្បូងមុក្ដាមួយ ឬប្រអប់រតនសម្បត្តិមួយ ។ សូមឲ្យកុមារចែកចាយនូវអ្វីដែលពួកគេចងចាំអំពីរឿងប្រៀបប្រដូចទាំងឡាយ ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ខ្ញុំត្រូវរៀបចំខ្លួនជាស្រេចដើម្បីរៀនអំពីការបង្រៀនរបស់ព្រះយេស៊ូវ ។
កុមារតូចៗមិនអាចយល់ពីនិមិត្តសញ្ញាទាំងអស់ដែលមាននៅក្នុងរឿងប្រៀបប្រដូចនៃការសាបព្រួសបានទេ ប៉ុន្ដែពួកគេអាចរៀនពីសេចក្ដីពិតដំណឹងល្អសាមញ្ញនានាដែលដំណឹងល្អបង្រៀន ។ តើអ្នកអាចជួយពួកគេឲ្យយល់ពីរបៀបដែលរឿងប្រៀបប្រដូចនេះទាក់ទងនឹងពួកគេយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញប្រភេទដីខុសៗគ្នា ( ឬរូបភាពដី ) កាលអ្នកសង្ខេប ម៉ាថាយ ១៣:៣–៨ ។ សូមឲ្យគ្រាប់ពូជមួយដល់កុមារម្នាក់ៗឲ្យដាំក្នុងដី ។ សូមសួរកុមារថា តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយគ្រាប់ពូជរបស់យើងឲ្យរីកលូតលាស់ ? សូមពន្យល់ថា ការមានជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទគឺជារបៀបមួយដែលយើងអាចជួយ « គ្រាប់ពូជ » ទីបន្ទាល់របស់យើងរីកលូតលាស់បាន ។
-
សូមប្រើទំព័រសកម្មភាពសប្ដាហ៍នេះ ដើម្បីជួយកុមារឲ្យយល់ពីប្រភេទដីនីមួយៗដែលបានរៀបរាប់នៅក្នុង ម៉ាថាយ ១៣ បង្រៀនយើងអ្វីខ្លះអំពីដួងចិត្តរបស់យើង ។ សូមសួរកុមារថា តើដួងចិត្តប្រភេទណាដែលព្រះយេស៊ូវចង់ឲ្យពួកគេមាន ដើម្បីរៀនសូត្រអំពីការបង្រៀនរបស់ទ្រង់ ។
-
សូមអាន ម៉ាថាយ ១៣:៩, ១៥ ហើយសូមឲ្យកុមារចង្អុលទៅផ្នែកខុសៗគ្នានៃរាងកាយរបស់ពួកគេ កាលពួកគេឮឈ្មោះផ្នែកណាមួយត្រូវបានលើកឡើង ។ តើយើងអាចប្រើផ្នែកនៃរាងកាយទាំងនេះដើម្បីរៀនអំពីការបង្រៀនរបស់ព្រះយេស៊ូវបានដោយរបៀបណា ?
ព្រះវរបិតាមានព្រះទ័យឲ្យខ្ញុំជ្រើសរើសផ្លូវត្រូវ ។
រឿងប្រៀបប្រដូចមួយចំនួនរបស់ព្រះយេស៊ូវបង្រៀនថា នៅថ្ងៃចុងក្រោយ ព្រះនឹងញែកពួកទុច្ចរិតចេញពីពួកសុចរិត ។ តើអ្នកអាចប្រើរឿងប្រៀបប្រដូចទាំងឡាយដើម្បីបំផុសគំនិតដល់កុមារឲ្យជ្រើសរើសផ្លូវត្រូវដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារសម្ដែងរឿងប្រៀបប្រដូចនៃរឿងស្រូវសាលី និងស្រងែ ( សូមមើល ម៉ាថាយ ១៣:២៤–៣០ ) ។ សូមពន្យល់ថាស្រូវសាលីតំណាងឲ្យមនុស្សដែលរើសយកជម្រើសដ៏សុចរិតនានា ហើយស្រងែ ( ជាស្មៅឥតប្រយោជន៍បំផ្លាញស្រូវ ) តំណាងឲ្យមនុស្សដែលមិនជ្រើសរើសយកការណ៍សុចរិត ។ ថ្ងៃមួយ ព្រះវរបិតាសួគ៌នឹងប្រមូលមនុស្សសុចរិតឲ្យទៅរស់នៅជាមួយនឹងទ្រង់ ។
-
សូមប្រាប់រឿងសាមញ្ញមួយចំនួនអំពីការធ្វើការជ្រើសរើសរបស់កុមារ ។ សូមឲ្យកុមារនិយាយថា « ជម្រើសស្រូវសាលី » នៅពេលកុមារនៅក្នុងរឿងនោះជ្រើសរើសផ្លូវត្រូវ ហើយនិយាយថា « ជម្រើសស្រងែ » នៅពេលកុមារនៅក្នុងរឿងនោះជ្រើសរើសផ្លូវខុស ។
-
សូមយករូបភាពដើមស្រូវសាលី ហើយឲ្យកុមារគូរនៅលើរូបភាពនោះនូវរបៀបមួយចំនួនដែលពួកគេអាចធ្វើជាមនុស្សសុចរិត ។
-
សូមច្នៃល្បែងកម្សាន្តមួយ ដែលឲ្យកុមារផ្គូផ្គងសេចក្ដីលម្អិតនៃរឿងប្រៀបប្រដូចនៃការសាបព្រួសនេះទៅនឹងការបកស្រាយរឿងនៅក្នុង ម៉ាថាយ ១៣:១៨–២៣ ។
សមាជិកភាពរបស់ខ្ញុំនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនេះគឺជារតនសម្បត្តិមួយ ។
តើអ្នកអាចប្រើការស្រមៃអំពីរតនសម្បត្តិ និងត្បូងមុក្តាដ៏មានតម្លៃនានា ដើម្បីជួយកុមារឲ្យយល់ពីតម្លៃនៃការក្លាយជាសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទបានដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមលាក់រូបភាពប្រអប់រតនសម្បត្តិមួយ និងត្បូងមុក្ដាមួយនៅ ក្នុងបន្ទប់ ហើយឲ្យកុមារដើររកវា ។ សូមប្រើរូបភាពនានាដើម្បីជួយអ្នកបង្រៀនអំពីរឿងប្រៀបប្រដូចនានានៅក្នុង ម៉ាថាយ ១៣:៤៤–៤៦ ។ តើកុមារនឹងត្រូវឲ្យអ្វី ដើម្បីមានត្បូងមុក្ដាដ៏ស្រស់ស្អាតមួយ ឬរតនសម្បត្តិនៅក្នុងវាលស្រែមួយ ? សូមពន្យល់ថា ពេលខ្លះយើងត្រូវលះបង់អ្វីមួយល្អដើម្បីទទួលបានអ្វីមួយដែលល្អជាងនេះ ។ សូមប្រាប់កុមារពីមូលហេតុដែលដំណឹងល្អមានតម្លៃដល់រូបអ្នក ។
-
សូមដាក់របស់របរផ្សេងៗ ឬរូបភាពបីបួននៅក្នុងប្រអប់មួយដែលតំណាងឲ្យ « រតនសម្បត្តិ » នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដូចជារូបភាពព្រះវិហារបរិសុទ្ធទាំងឡាយ ឬព្រះគម្ពីរមរមន ។ សូមឲ្យកុមារម្នាក់ៗរើសយកវត្ថុមួយ ឬរូបភាពមួយ ហើយប្រាប់ពីមូលហេតុដែលថា របស់នោះគឺជារតនសម្បត្តិមួយ ។
-
សូមច្រៀងរួមគ្នាបទ « សាសនាចក្រព្រះយេស៊ូវគ្រីស្ទ » សៀវភៅចម្រៀងកុមារ ទំព័រ ៤៨ ហើយសូមឲ្យកុមារស្ដាប់រកពរជ័យនានា ដែលបានមកពីការក្លាយជាសមាជិកនៃសាសនាចក្រនេះ ។ សូមថ្លែងទីបន្ទាល់អំពីពរជ័យនានាដែលអ្នកបានទទួលដោយសារតែសមាជិកភាពនៅក្នុងសាសនាចក្ររបស់អ្នកនេះ ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ខ្ញុំត្រូវរៀបចំដួងចិត្តខ្ញុំដើម្បីទទួលយកការបង្រៀនរបស់ព្រះយេស៊ូវ ។
តើអ្នកអាចជួយកុមារឲ្យទទួលស្គាល់ពីសារៈសំខាន់នៃការមានដួងចិត្តទន់ទាប និងមានឆន្ទៈ ដើម្បីឲ្យព្រះយេស៊ូវអាចបង្រៀនពួកគេដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមចាត់តាំងកុមារម្នាក់ៗឲ្យអានប្រភេទដីមួយក្នុងចំណោមប្រភេទដីទាំងបួននៅក្នុង ម៉ាថាយ ១៣:៤–៨ ។ សូមឲ្យពួកគេរកមើល និងចែកចាយអ្វីដែលកើតឡើងដល់គ្រាប់ពូជនៅក្នុងប្រភេទដីដែលពួកគេអាននោះ ។ តើដួងចិត្តយើងអាចក្លាយដូចជាប្រភេទដីខុសៗគ្នាទាំងនេះដោយរបៀបណា ? ( សូមមើល ម៉ាថាយ ១៣:១៩–២៣ ) ។
-
សូមឲ្យគ្រាប់ពូជពីរគ្រាប់ទៅកុមារម្នាក់ៗ ហើយឲ្យពួកគេដាំគ្រាប់ពូជពួកគេនៅក្នុងដីទន់ និងនៅក្នុងគំនរថ្ម ។ តើគ្រាប់ពូជណានឹងមានឱកាសធំធាត់ល្អជាង ? តើយើងអាចធ្វើឲ្យប្រាកដថា ដួងចិត្តយើងគឺដូចជាដីទន់ ដើម្បីឲ្យយើងអាចទទួលបានការបង្រៀនរបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
សូមឲ្យកុមារអាន ម៉ាថាយ ១៣:៩–១៧ ។ សូមគូររូបភ្នែក ត្រចៀក និងបេះដូងនៅលើក្ដារខៀន ។ តើយើងអាចប្រើផ្នែកនៃរាងកាយនីមួយៗដើម្បីរៀនអំពីការបង្រៀនរបស់ព្រះយេស៊ូវបានដោយរបៀបណា ?
ខ្ញុំអាចជ្រើសរើសផ្លូវត្រូវ ទោះបីជាមនុស្សនៅជុំវិញខ្លួនខ្ញុំមិនជ្រើសរើសដូចខ្ញុំក្ដី ។
កាលអ្នកអានខគម្ពីរទាំងនេះក្នុងចិត្តជាមួយនឹងកុមារ តើអ្នកទទួលបានចំណាប់អារម្មណ៍អ្វីខ្លះ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារគូរស្ថានភាពខុសៗគ្នាចេញពីរឿងប្រៀបប្រដូចនៃស្រូវសាលី និងស្រងែ ដែលមាននៅក្នុង ម៉ាថាយ ១៣:២៤–៣០ ហើយចែកចាយគំនូររបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។ សូមឲ្យពួកគេដាក់ចំណងជើងដល់គំនូររបស់ពួកគេដោយប្រើបំណកស្រាយនៃរឿងប្រៀបប្រដូចដែលមាននៅក្នុង ម៉ាថាយ ១៣:៣៦–៤៣ ។ សូមពន្យល់ថា ស្រងែគឺជាស្មៅឥតប្រយោជន៍ដែលបំផ្លាញស្រូវ ។
-
បើអាច សូមបង្ហាញរូបភាពស្រូវសាលី និងស្រងែ ។ សូមពន្យល់ថា ស្រូវសាលី និងស្រងែនឹងដុះជាមួយគ្នា រហូតដល់ចុងបញ្ចប់នៃពិភពលោកនេះ ។ ការណ៍នេះបង្រៀនដល់យើងថា យើងនឹងរស់នៅជាមួយទាំងមនុស្សល្អ និងមនុស្សអាក្រក់ដែលនៅជុំវិញខ្លួនយើង ហើយយើងត្រូវតែប្រយ័ត្នប្រយែងដើម្បីជ្រើសរើសតែផ្លូវត្រូវ ។ សូមឲ្យកុមារចែកចាយរបៀបដែលពួកគេអាចប្រាប់ពីលក្ខណៈខុសគ្នារវាងសេចក្ដីល្អ និងសេចក្ដីអាក្រក់ ។
សមាជិកភាពរបស់ខ្ញុំនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនេះគឺជារតនសម្បត្តិមួយ ។
តើកុមារដែលអ្នកបង្រៀនឃើញថា សមាជិកភាពរបស់ពួកគេនៅក្នុងសាសនាចក្រនេះជារតនសម្បត្តិមួយដ៏មានតម្លៃដែរឬទេ ? ប្រហែលរឿងប្រៀបប្រដូចនៅក្នុង ម៉ាថាយ ១៣:៤៤–៤៦ អាចជួយដល់ពួកគេបាន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារអាន ម៉ាថាយ ១៣:៤៤–៤៦ ដោយខ្លួនឯង ហើយចែកចាយរឿងប្រៀបប្រដូចជាសម្ដីខ្លួនឯងជាមួយនឹងមិត្តក្នុងថ្នាក់ផ្សេងទៀត ។
-
សូមកាត់រូបរង្វង់បីបួនដើម្បីធ្វើជាកាក់ ហើយដាក់វានៅក្នុងប្រអប់រតនសម្បត្តិមួយ ។ សូមឲ្យកុមាររើសយកកាក់មួយ ហើយគូរ ឬសរសេរការណ៍មួយដែលពួកគេស្រឡាញ់អំពីភាពជាសមាជិកនៅក្នុងសាសនាចក្រនេះនៅលើកាក់នោះ ។ សូមឲ្យកុមារចែកចាយនូវអ្វីដែលពួកគេសរសេរនៅលើកាក់របស់ពួកគេ ។
-
សូមអញ្ជើញសមាជិកវួដមួយរូបឲ្យចែកចាយពីដំណើររឿងប្រែចិត្តជឿរបស់គាត់ដល់កុមារ ហើយប្រាប់ពីអ្វីដែលគាត់បានលះបង់ដើម្បីចូលរួមនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនេះ ។
លើកទឹកចិត្តឲ្យរៀនសូត្រនៅផ្ទះ
សូមអញ្ជើញកុមារឲ្យបង្រៀនរឿងប្រៀបប្រដូចមួយដែលពួកគេបានរៀននៅក្នុងថ្នាក់កុមារដល់គ្រួសាររបស់ពួកគេ ។