ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៥ ខែ កុម្ភៈ​–​ថ្ងៃទី ៣ ខែ មីនា ។ ម៉ាថាយ ៦–៧ ៖ ‹ ទ្រង់​បង្រៀន​ដូចជា​មាន​អំណាច ›


« ថ្ងៃទី ២៥ ខែ កុម្ភៈ​–​ថ្ងៃទី ៣ ខែ មីនា ។ ម៉ាថាយ ៦–៧ ៖ ‹ ទ្រង់​បង្រៀន​ដូចជា​មាន​អំណាច › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )

« ថ្ងៃទី ២៥ ខែ កុម្ភៈ​–​ថ្ងៃទី ៣ ខែ មីនា ។ ម៉ាថាយ ៦–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០១៩

ព្រះយេស៊ូវ​បង្រៀន​នៅ​មាត់​សមុទ្រ

ព្រះយេស៊ូវ​បង្រៀន​ប្រជាជន​នៅ​មាត់​សមុទ្រ ដោយ ជេមស៍ ធីសុទ្ធ

ថ្ងៃទី ២៥ ខែ កុម្ភៈ​–​ថ្ងៃទី ៣ ខែ មីនា

ម៉ាថាយ ៦–៧

« ទ្រង់​បង្រៀនដូចជា​មានអំណាច »

សូម​ចាប់ផ្ដើម​ដោយ​អាន ម៉ាថាយ ៦–៧ កាល​អ្នក​គិត​អំពី​កុមារ​ដែល​អ្នក​បង្រៀន ។ តើ​ពួកគេ​ត្រូវការ​ស្ដាប់​សារលិខិត​អ្វីខ្លះ​ចេញពី​ជំពូក​ទាំងនេះ ? ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ និង​គម្រោង​មេរៀន​នេះ អាច​ជួយ​ផ្ដល់​គំនិត​បង្រៀន​ដល់​អ្នក​តាម​តម្រូវការ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

sharing icon

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ឲ្យ​កុមារ​តូចៗ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ កាល​ពី​សប្ដាហ៍​មុន​ដើម្បី​ក្លាយជា​ពន្លឺ ឬ​គំរូ​មួយ​ដល់​នរណាម្នាក់ ។

teaching icon

បង្រៀន​គោលលទ្ធិ

កុមារ​តូចៗ

ម៉ាថាយ ៦:៥–១៣

ខ្ញុំ​អាច​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌​ដូច​ព្រះយេស៊ូវ​បាន​ធ្វើ​ដែរ ។

កុមារ​អាច​រៀន​អធិស្ឋាន​ដោយ​ការស្ដាប់​តាម​ការអធិស្ឋាន​របស់​អ្នកដទៃ ។ តើ​អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​រៀន​ពី​ការអធិស្ឋាន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​រំឭក​ការបង្រៀន​របស់​ព្រះយេស៊ូវ​អំពី​ការអធិស្ឋាន​ដែល​មាន​នៅក្នុង ម៉ាថាយ ៦:៥–១៣ ។ អ្នក​អាច​ប្រើ « ជំពូក​ទី ២០ ៖ ព្រះយេស៊ូវ​បង្រៀន​អំពី​ការអធិស្ឋាន » រឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ៥១–៥២ ឬ​វីដេអូ​ដូច​គ្នា​នេះ​នៅលើ ( LDS.org ) ។

  • សូម​ប្រើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ ដើម្បី​ជួយ​កុមារ​ឲ្យ​ចងចាំ​នូវ​ផ្នែក​ខុសៗ​គ្នា​នៃ​ការអធិស្ឋាន ។

  • សូម​ដាន​រូប​ដៃ​របស់​កុមារ​ម្នាក់ៗ​នៅលើ​ក្រដាស​មួយ​សន្លឹក ។ សូម​និយាយ​អំពី​អ្វី​ដែល​ប្រអប់​ដៃ និង​ដៃ​របស់​យើង​គួរ​ធ្វើ កាល​យើង​អធិស្ឋាន ។ នៅលើ​គំរូ​ដៃ​ដាន​នីមួយៗ សូម​សរសេរ​អ្វីមួយ​ដែល​យើង​ធ្វើ​ដើម្បី​បង្ហាញ​គារវភាព កាល​យើង​អធិស្ឋាន ( ឧទាហរណ៍ ឱន​ក្បាល​របស់​យើង​ចុះ បិទ​ភ្នែក​យើង ។ល ។ ) ។

  • សូម​ជួយ​កុមារ​ឲ្យ​ធ្វើ​បដា ឬ​តារាង​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ដើម្បី​អធិស្ឋាន​រាល់​ព្រឹក និង​ល្ងាច ហើយ​អញ្ជើញ​ឲ្យ​ពួកគេ​ចែកចាយ​វា​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ ។

  • សូម​ច្រៀង​ចម្រៀង​អំពី​ការអធិស្ឋាន​ជាមួយ​នឹង​កុមារ ( ដូចជា « យើង​បន្ទន់​កេសា » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៨ ) ហើយ​សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​អំណាច​នៃ​ការអធិស្ឋាន ។ អ្នក​ក៏​អាច​ឲ្យ​កុមារ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​អំពី​ការអធិស្ឋាន​ផងដែរ ។

កុមារា​កំពុង​អធិស្ឋាន

ខ្ញុំ​អាច​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌​ដូច​ព្រះយេស៊ូវ​បាន​ធ្វើ​ដែរ ។

ម៉ាថាយ ៧:១២

ខ្ញុំ​គួរ​ប្រព្រឹត្ត​នឹង​មនុស្ស​ដទៃ​តាម​របៀប​ដែល​ខ្ញុំ​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ដាក់​ខ្ញុំ ។

ការបង្រៀន​របស់​ព្រះយេស៊ូវ​នៅក្នុង ម៉ាថាយ ៧:១២—ក៏​ត្រូវ​បាន​ស្គាល់​ថា​ជា​ច្បាប់​មាស—​ផ្ដល់​នូវ​ការដឹកនាំ​ដ៏​សាមញ្ញ​មួយ​អំពី​របៀប​ប្រព្រឹត្ត​នឹង​មនុស្ស​ដទៃ ។ តើ​មាន​អ្វីខ្លះ​ដែល​នឹង​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​រស់នៅ​តាម​គោលការណ៍​នេះ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន ម៉ាថាយ ៧:១២ ហើយ​សម្រាយ​ខគម្ពីរ​នេះ​ជា​ពាក្យ​សាមញ្ញ​ដែល​កុមារ​អាច​យល់​បាន ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​របៀប​ជាច្រើន​ដើម្បី​បំពេញ​ប្រយោគ​មួយ​ដូច​តទៅ​នេះ ៖ « ខ្ញុំ​ពេញ​ចិត្ត ពេល​មនុស្ស​ដទៃ ដាក់​ខ្ញុំ » ។ បន្ទាប់​ពី​បំពេញ​ប្រយោគ​នីមួយៗ​ហើយ សូម​ឲ្យ​ពួកគេ​ថា​ឡើង​វិញ​តាម​អ្នក « ដូច្នេះ​ខ្ញុំ​គួរតែ ដាក់​មនុស្ស​ដទៃ » ។

  • សូម​ច្រៀង​ជាមួយ​នឹង​កុមារ​នូវ​បទ « ព្រះ​យេស៊ូវ​មាន​បន្ទូល​ស្រឡាញ់​មនុស្ស​គ្រប់​រូប » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៣៩ ហើយ​ធ្វើ​កាយវិការ​តាម​ការគួរ​អម​នឹង​ចម្រៀង​នេះ ។ សូម​សួរ​កុមារ​ថា តើ​ពួកគេ​អាច​រៀន​អ្វីខ្លះ​អំពី​របៀប​ដែល​យើង​គួរ​ប្រព្រឹត្ត​នឹង​មនុស្ស​ដទៃ តាមរយៈ​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • សូម​ឲ្យ​កុមារ​សរសេរ​នូវ​រឿង​ដែល​ឪពុកម្ដាយ​របស់​ពួកគេ ឬ​សមាជិក​គ្រួសារ​ផ្សេង​ទៀត​បាន​ធ្វើ​ដាក់​ពួកគេ​ដោយ​សន្ដាន​ចិត្ត​ល្អ ។ សូម​អាន ម៉ាថាយ ៧:១២ ហើយ​សូម​ឲ្យ​កុមារ​សរសេរ​រឿង​ដែល​ពួកគេ​អាច​ធ្វើ​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួកគេ​ដោយ​សន្ដាន​ចិត្ត​ល្អ ។

ម៉ាថាយ ៧:២៤–២៧

ខ្ញុំ​អាច​កសាង​គ្រឹះ​ដ៏​រឹងមាំ​មួយ​ដោយ​ការធ្វើ​តាម​ព្រះយេស៊ូវ ។

ការប្រើ​រឿង​ប្រៀបប្រដូច​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ការសង់​ផ្ទះ​នៅលើ​ខ្សាច់ ឬ​នៅលើ​ថ្ម​អាច​ជា​របៀប​មួយ​ដ៏​ល្អ​ដើម្បី​បង្រៀន​កុមារ​ឲ្យ​ចងចាំ​អំពី​សារៈសំខាន់​នៃ​ការធ្វើ​តាម​អ្វី​ដែល​ពួកគេ​រៀនសូត្រ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ច្រៀង​ជាមួយ​នឹង​កុមារ​នូវ​បទ « មនុស្ស​ប្រាជ្ញា និង​មនុស្ស​ល្ងង់ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៣២ ហើយ​ធ្វើ​កាយវិការ​តាម​ទំនុក​ចម្រៀង ។

  • សូម​ប្រើ ម៉ាថាយ ៧:២៤ ដើម្បី​បង្រៀន​អំពី​ភាពខុសគ្នា​រវាង​មនុស្ស​ប្រាជ្ញា និង​មនុស្ស​ល្ងង់ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​ជា​កំពុង​សាងសង់​ផ្ទះ ។ តើ​យើង​អាច​ក្លាយ​ដូចជា​មនុស្ស​មនុស្ស​ប្រាជ្ញា ដោយ​របៀបណា ?

  • សូម​ឲ្យ​កុមារគូរ​រូបភាព​រឿង​ប្រៀប​ប្រដូច​អំពី​មនុស្ស​​ប្រាជ្ញា និង​មនុស្ស​ល្ងង់ ។

teaching icon

បង្រៀន​គោលលទ្ធិ

កុមារ​ធំៗ

ម៉ាថាយ ៦–៧

ទេសនកថា​នៅ​លើ​ភ្នំ​រួមមាន​នូវ​សារលិខិត​សម្រាប់​រូប​ខ្ញុំ ។

ជំពូក​ទាំងនេះ​មាន​សារលិខិត​ជាច្រើន​ដែល​អាច​អនុវត្ត​ដល់​កុមារ​ដែល​អ្នក​បង្រៀន ។ សូម​អាន​វា​ដោយ​ស្ងាត់ស្ងៀម​ជាមួយ​នឹង​កុមារ ។ តើ​មាន​អ្វីខ្លះ​លេចធ្លោ​ដល់​អ្នក ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​រំឭក​កុមារ​ថា ពួកគេ​កំពុង​រៀន​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំឡុង​ទេសនកថា​នៅលើ​ភ្នំ ។ តើ​ពួកគេ​អាច​ចងចាំ​សេចក្ដី​ពិត​អ្វី​ខ្លះ​មក​ពី​មេរៀន​សប្ដាហ៍​មុន?

  • សូម​សរសេរ​ឃ្លា​មួយ​ចំនួន​មកពី​ទេសនកថា​នៅលើ​ភ្នំ និង​ឃ្លា​ផ្សេង​ទៀត​ខ្លះ​ដែល​មិន​មែន​មកពី​ព្រះគម្ពីរ​ដាក់​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​កុមារ​រកមើល​ថា តើ​ឃ្លា​ណា​ចេញពី​ទេសនកថា​នៅលើ​ភ្នំ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន​ចេញពី​ឃ្លា​ទាំងនោះ ។

  • សូម​ជ្រើសរើស​បទគម្ពីរ​បី​បួន​ចេញពី ម៉ាថាយ ៦–៧ ដែល​អ្នក​យល់​ថា​មាន​អត្ថន័យ​ចំពោះ​កុមារ ។ សូម​សរសេរ​ព្រះគម្ពីរ​យោង​នៅលើ​កាត ហើយ​លាក់​វា​ក្នុង​ថ្នាក់ ។ សូម​ឲ្យ​កុមារ​ដើររក​កាត​ទាំង​នោះ អាន​បទគម្ពីរ​ទាំង​នោះ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​ការបង្រៀន​ទាំងនេះ​មាន​សារៈសំខាន់​ចំពោះ​ពួកគេ ។

  • សូម​ចែកចាយ​បទគម្ពីរ​ចំណូល​ចិត្ត​របស់​អ្នក​មួយ​មកពី ម៉ាថាយ ៦–៧ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​ចូលចិត្ត ។ ប្រសិនបើ​កុមារ​មាន​បទគម្ពីរ​មួយ​ដែល​ពួកគេ​ចូលចិត្ត សូម​ឲ្យ​ពួកគេ​ចែកចាយ​ពី​មូលហេតុ និង​អ្វី​ដែល​ពួកគេ​ចូលចិត្តរៀន​ចេញ​បទគម្ពីរ​នោះ ។

  • សូម​ច្រៀង​បទ « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះ​យេស៊ូវ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤០ ជាមួយ​នឹង​កុមារ ហើយ​ឈប់​ច្រៀង​នៅពេល​អ្នក​ច្រៀង​ដល់​ឃ្លា​មួយ​ដែល​ទាក់ទង​នឹង​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង ម៉ាថាយ ៦–៧ ( ដូចជា « រៀន​បម្រើ​ដល់​មិត្ត​ខ្ញុំ » ) ។ សូម​ជួយ​កុមារ​ឲ្យ​បង្កើត​ទំនាក់ទំនង​ទៅនឹង​រឿង​ដែល​ពួកគេ​កំពុង​រៀន​ចេញពី​ជំពូក​ទាំងនេះ ។

ម៉ាថាយ ៦:៥–១៣; ៧:៧–១១

ព្រះវរបិតាសួគ៌​ព្រះ​សណ្ដាប់ ហើយ​ឆ្លើយតប​នឹង​ខ្ញុំ កាល​ខ្ញុំ​អធិស្ឋាន ។

កាល​អ្នក​សិក្សា ម៉ាថាយ ៦:៥–១៣; ៧:៧–១១ តើ​អ្នក​មាន​អារម្មណ៍​អ្វីខ្លះ​អំពី​ការដែល​កុមារ​ត្រូវ​យល់ដឹង​អំពី​ការអធិស្ឋាន​នោះ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​អាន​ឮៗ​ក្នុង ម៉ាថាយ ៦:៩–១៣ រួច​ហើយ​សរសេរ​នូវ​រឿង​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​នៅក្នុង​ការអធិស្ឋាន​របស់​ទ្រង់ ។ តើ​យើង​អាច​ធ្វើតាម​គំរូ​របស់​ទ្រង់ កាល​យើង​អធិស្ឋាន​ដោយ​របៀបណា ?

  • សូម​ច្រៀង​ចម្រៀង​អំពី​ការអធិស្ឋាន​ជាមួយ​នឹង​កុមារ​ដូចជា​បទ « តើ​បាន​អធិស្ឋាន​ទេ ? » ទំនុក​តម្កើង ល.រ. ៧៩ ។ សូម​ជួយ​កុមារ​ឲ្យ​ស្រាវជ្រាវ​រក​ទំនុក​ចម្រៀង ដើម្បី​រក​ហេតុផល​ដែល​យើង​ត្រូវ​អធិស្ឋាន និង​ពរជ័យ​ដែល​បាន​មកពី​ការអធិស្ឋាន ។

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ​ចាំ ម៉ាថាយ ៧:៧ ដោយ​ការលេង​ល្បែងកម្សាន្ត​ដូច​តទៅ ៖ កុមារ​ម្នាក់​ទន្ទេញ​ពាក្យ ឬ​ឃ្លា​ទីមួយ​មកពី​ខគម្ពីរ​នេះ រួច​ហើយ​បោះ​បាល់​ទៅ​កុមារ​ផ្សេង​ទៀត ដែល​ត្រូវ​ទន្ទេញ​ចាំ​ពាក្យ ឬ​ឃ្លា​បន្ទាប់ ។

  • សូម​សម្ដែង​រឿង​តាម ម៉ាថាយ ៧:៩–១០ ជាមួយ​នឹង​កុមារ​ដោយ​ប្រើ​ឈើ​ធម្មតា ។ សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​បទគម្ពីរ​នេះ​បង្រៀន​ពួកគេ​អំពី​ការអធិស្ឋាន ។

  • សូម​ចែកចាយ​បទពិសោធន៍​មួយ ដែល​ការអធិស្ឋាន​របស់​អ្នក​ត្រូវបាន​ឆ្លើយតប ។

ម៉ាថាយ ៦:១៩–២១

ខ្ញុំ​អាច​ស្វែងរក​បាន​នូវ​រតនសម្បត្តិ​ដ៏​អស់កល្ប ជាជាង​តាម​រក​រតនសម្បត្តិ​ខាង​លោកិយ ។

តើ​អ្នក​នឹង​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​ផ្ដល់​តម្លៃ​ខ្ពស់​លើ​រឿង​ដ៏​អស់កល្ប ជាង​លើ​រឿង​ខាង​លោកិយ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​យក​ប្រអប់ « រតនសម្បត្តិ » មួយ​ដែល​ដាក់​នូវ​វត្ថុ ឬ​រូបភាព​ដែល​តំណាង​ឲ្យ​រឿង​ដែល​ពិភពលោក​នេះ​ឲ្យ​តម្លៃ​—​ឧទាហរណ៍ លុយកាក់ ឬ​ប្រដាប់​លេង ។ សូម​អាន ម៉ាថាយ ៦:១៩–២១ រួម​គ្នា បន្ទាប់មក​សូម​ឲ្យ​កុមារ​ជួយ​អ្នក​គិត​អំពី​រតនសម្បត្តិ​នៅ​ស្ថានសួគ៌​ដែល​អាច​ជំនួស​បាន​នូវ​របស់​របរ​ខាង​លោកិយ​នៅក្នុង​ប្រអប់​នេះ ។

  • សូម​ឲ្យ​កុមារ​ប្រាប់ ឬ​គូរ​រឿង​មួយ​ចំនួន​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី « ប្រមូល​ទ្រព្យសម្បតិ្ត…នៅឯ​ស្ថានសួគ៌​វិញ » ( ម៉ាថាយ ៦:២០ ) ។

learning icon

លើក​ទឹកចិត្ត​ឲ្យ​រៀនសូត្រ​នៅ​ផ្ទះ

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​នឹង​គ្រួសារ​របស់​ពួកគេ​នូវ​ការបង្រៀន​ដែល​ពួកគេ​ចូលចិត្ត​ចេញពី​ទេសនកថា​នៅលើ​ភ្នំ ។

កែលម្អ​ការបង្រៀន​របស់​យើង

សូម​ស្វែង​យល់​ពី​សមាជិក​ថ្នាក់​របស់​អ្នក ។ អ្នក​ស្គាល់​កុមារ​ដែល​អ្នក​បង្រៀន ។ គំនិត​នៅក្នុង​គម្រោង​មេរៀន​ទាំងនេះ​គួរ​សម្រប​តាម​តម្រូវការ​សិស្ស​របស់​អ្នក​ឲ្យ​បាន​ល្អ​បំផុត ។ ដើម្បី​ស្វែងរក​គំនិត​នានា​សម្រាប់​សិស្ស អ្នក​អាច​រំឭក​សកម្មភាព​ទាំងឡាយ​ដែល​មាន​នៅក្នុង​គម្រោង​នេះ​ទាំងអស់ មិនមែន​គ្រាន់​តែ​សកម្មភាព​ដែល​ចាត់​តាម​អាយុ​របស់​កុមារ​ដែល​អ្នក​បង្រៀន​ប៉ុណ្ណោះ​ទេ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ៧ ) ។

ទំព័រ​សកម្មភាព ៖ ខ្ញុំ​អាច​អធិស្ឋាន ដូច​ព្រះយេស៊ូវ​ដែរ