ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៥ ខែ​កុម្ភៈ}–ថ្ងៃទី ៣ ខែ​មីនា ។ ម៉ាថាយ ៦–៧ ៖ ‹ទ្រង់​បង្រៀន ដូច​ជា​មាន​អំណាច ›


« ថ្ងៃទី ២៥ ខែ​កុម្ភៈ–ថ្ងៃទី ៣ ខែ​មីនា ។ ម៉ាថាយ ៦–៧ ៖ ‹ ទ្រង់​បង្រៀន ដូច​ជា​មាន​អំណាច »›ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩( ឆ្នាំ ២០១៩ )

« ថ្ងៃទី ២៥ ខែ​កុម្ភៈ–ថ្ងៃទី ៣ ខែ​មីនា ។ ម៉ាថាយ ៦–៧ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅ​ជិត​ឆ្នេរ​សមុទ្រ

ព្រះយេស៊ូវ​កំពុង​បង្រៀន​មនុស្ស​នៅ​ជិត​ឆ្នេរ​សមុទ្រ, ដោយ ជេមស៍ ធីសសត

ថ្ងៃទី ២៥ ខែ​កុម្ភៈ–ថ្ងៃទី ៣ ខែ​មីនា

ម៉ាថាយ ៦–៧

« ទ្រង់​បង្រៀន ដូច​ជា​មាន​អំណាច »

នៅពេល​យើង​អាន​ព្រះគម្ពីរ​ដោយ​មាន​ចម្ងល់​នៅ ក្នុង​ចិត្ត និង​ដោយ​បំណង​ប្រាថ្នា​ស្មោះ​ដើម្បី​យល់​ដឹង​ពី​អ្វី​ដែល​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​យើង​ដឹង នោះ​យើង​អញ្ជើញ​យាង​ព្រះវិញ្ញាណបរិសុទ្ធ​មក​បំផុសគំនិត​យើង ។ នៅពេល​អ្នក​អានម៉ាថាយ ៦–៧សូម​យក​ចិត្ត​ទុកដាក់​ចំពោះ​ចំណាប់អារម្មណ៍​ទាំង​នេះ ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​អ្នក

ទេសនកថា​នៅ​លើ​ភ្នំ​គឺ​ជា​សេចក្ដីបង្រៀន​ដ៏​ល្បីល្បាញ​មួយ​នៅ ក្នុង​គ្រឹស្តសាសនា ។ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ដោយ​រូបភាព​ជាក់​ច្បាស់ ដូចជា​ទីក្រុង​មួយ​សង់​នៅលើ​ភ្នំ ផ្កាឈូក​នៅ ក្នុង​បឹង និង​ឆ្កែ​ចចក​ពាក់​រោម​ចៀម ។ ប៉ុន្តែ​ទេសនកថា​នៅ​លើ​ភ្នំ​គឺ​មាន​ន័យ​អស្ចារ្យ​ជាង​សុន្ទរកថា​មួយ​ទៅ​ទៀត ។ ព្រះចេស្តា​នៃ​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ ទៅកាន់​ពួក​សិស្ស​របស់​ទ្រង់ អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​យើង ជា​ពិសេស​នៅពេល​យើង​រស់នៅ​តាម ។ បន្ទាប់មក​ព្រះបន្ទូល​របស់​ទ្រង់​មាន​អត្ថន័យ​ខ្លាំង​ជាង​ពាក្យ​សម្ដី វា​ក្លាយ​ជា​គ្រឹះ​ដ៏​រឹងមាំ​មួយ​សម្រាប់​ជីវិត ដូចជា​ផ្ទះ​របស់​មនុស្ស​ប៉ិន​ប្រយ័ត្ន អាច​ទប់​ទល់​នឹង​ខ្យល់ និង​ទឹក​ជំនន់​របស់​លោកិយ ( សូមមើលម៉ាថាយ ៧:២៤–២៥ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ាថាយ ៦–៧

ខ្ញុំ​គួរ​ដាក់​ដួងចិត្ត​របស់​ខ្ញុំ​ទៅ​លើ​រឿង​ខាង​ស្ថានសួគ៌ ។

វា​ពុំ​តែងតែ​ងាយស្រួល​ដើម្បី​ដាក់​អាទិភាព​រឿង​របស់​ព្រះ​លើ​រឿង​របស់​លោកិយ​នោះទេ ។ តើ​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុងម៉ាថាយ ៦–៧មួយ​ណា ដែល​ជួយ​អ្នក​ផ្ដោត​ទៅលើ​រឿង​ស្ថានសួគ៌ ? តើ​អ្នក​មាន​គំនិត ឬ​ចំណាប់អារម្មណ៍​អ្វីខ្លះ ពេល​អ្នក​សិក្សា​ព្រះបន្ទូល​របស់​ទ្រង់ ? តើអ្នក​ត្រូវ​បាន​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វី​ខ្លះ ? ចូរ​ពិចារណា​ធ្វើ​ការកត់ត្រា​ចំណាប់អារម្មណ៍​របស់​អ្នក ។ ឧទាហរណ៍៖

ម៉ាថាយ ៦:១–៤

ខ្ញុំ​គួរ​តែ​ខ្វល់ខ្វាយ​ច្រើន​អំពី​អ្វី​ដែល​ព្រះ​ទ្រង់ព្រះ​តំរិះ​អំពី​ខ្ញុំ​ជាង​អ្វី​ដែល​មនុស្ស​ដទៃ​គិត​ពី​ខ្ញុំ ។

ម៉ាថាយ ៦–៧

ខ្ញុំ​អាច​ខិត​ទៅ​កាន់តែ​ជិត​នឹង​ព្រះ​តាមរយៈ​ការអធិស្ឋាន​ដោយ​រាបសារ និង​ស្មោះស្ម័គ្រ ។

ទេសនកថា​នៅ​លើ​ភ្នំ មាន​នូវ​បាវចនា​ជា​ច្រើន ហើយ​បាវចនា​ដែល​អ្នក​កត់សម្គាល់​នឹង​អាស្រ័យ​ទៅលើ​កម្រិត​នៃ​ស្ថានភាព​បច្ចុប្បន្ន​ក្នុង​ជីវិត​អ្នក និង​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ទំនាក់ទំនង​មក​កាន់​អ្នក ។

បាវចនា​មួយ​នៃម៉ាថាយ ៦–៧គឺ​ការ​អធិស្ឋាន ។ សូម​ចំណាយ​ពេល​មួយ​សន្ទុះ​វាយ​តម្លៃ​អំពី​ការអធិស្ឋាន​របស់​អ្នក ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ពេល​អ្នក​កំពុង​ខិតខំ​ខិត​ទៅ​កាន់តែ​ជិត​នឹង​ព្រះ​តាមរយៈ​ការអធិស្ឋាន ? តើ​ការ​បង្រៀន​អ្វីខ្លះ​នៅក្នុងម៉ាថាយ ៦–៧បំផុស​គំនិត​អ្នក​ឲ្យ​កែលម្អ​របៀប​ដែល​អ្នក​អធិស្ឋាន ? សូម​កត់ត្រា​ចំណាប់អារម្មណ៍​ដែល​អ្នក​ទទួល​បាន​តាមរយៈ​ព្រះវិញ្ញាណ ។ ឧទាហរណ៍៖

ម៉ាថាយ ៦:៩

នៅពេល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​គួរ​តែ​ប្រព្រឹត្ត​ចំពោះ​ព្រះនាម​របស់​ព្រះវរបិតាសួគ៌​ដោយ​មាន​គារវភាព ។

ម៉ាថាយ ៦:១០

នៅពេល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​គួរ​តែ​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ថា ព្រះទ័យ​របស់​ព្រះ​អម្ចាស់​នឹង​បាន​សម្រេច ។

អ្នក​អាច​ពិចារណា​ធ្វើ​ការអាន​ទេសនកថា​នៅ​លើ​ភ្នំ​ម្ដង​ទៀត ដែល​គ្រា​នេះ​ស្វែងរក​មើល​បាវចនា ឬ​សារលិខិត​ដែល​មាន​ជា​ថ្មី​ម្ដងទៀត ដែល​អនុវត្ត​ជា​ពិសេស​ចំពោះ​អ្នក ។ សូម​កត់ត្រា​នូវ​អ្វី​ដែល​អ្នក​រកឃើញ ចូល​ទៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា ព្រម​ទាំង​កត់ត្រា​អំពី​គំនិត និង​ចំណាប់អារម្មណ៍​របស់​អ្នក​ផងដែរ ។

ការអធិស្ឋាន​ជា​គ្រួសារ

យើង​អាច​ខិត​ទៅ​កាន់តែ​ជិត​នឹង​ព្រះ​តាមរយៈ​ការ​អធិស្ឋាន ។

ម៉ាថាយ ៦:៧

តើ​ការ​ប្រើ « ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ » នៅ​ក្នុង​ការ​អធិស្ឋាន​មានន័យ​យ៉ាង​ណា ?

ជា​ញឹកញាប់​មនុស្ស​យល់ថា « ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ » មានន័យ​ថា​ជា​ការ​និយាយ​ពាក្យ​ដដែលៗ​ម្ដងហើយ​ម្ដងទៀត ។ ទោះ ជា​យ៉ាង​ណា​ក៏​ដោយ​ពាក្យឥតប្រយោជន៍អាច​ពិពណ៌នា​អំពី​អ្វី​មួយ​ដែល​ពុំ​មាន​តម្លៃ ។ ការ​ប្រើ « ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ » នៅ​ក្នុង​ការអធិស្ឋាន​អាច​មានន័យ​ថា​ការអធិស្ឋាន​ដោយ​ពុំ​មាន​ចិត្ត​ស្មោះ ពុំ​មាន​អារម្មណ៍​ចេញ​ពី​ចិត្ត ( សូមមើលអាលម៉ា ៣១:១២–២៣) ។

ម៉ាថាយ ៦:៩–១៣

ហេតុអ្វី​ក៏​យើង​មិន​សូត្រ​ការ​អធិស្ឋាន​របស់​ព្រះអម្ចាស់ ?

ប្រធាន រ័សុល  អិម ណិលសុន​ បាន​បង្រៀន​ថា ៖ « ព្រះអម្ចាស់​ចាប់​ផ្ដើម​ការ​អធិស្ឋាន​របស់​ទ្រង់​ជា​លើក​ដំបូង​គឺ​ដោយ​ការ​សុំ​ឲ្យ​អ្នក​ដើរ​តាម​ទ្រង់​ចៀសវាង​ពី ‹ ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ › [ ម៉ាថាយ ៦:៧ ] ហើយ​អធិស្ឋាន ‹ ដោយ​ពោល​ពាក្យ​បែប​នេះ › [ ម៉ាថាយ ៦:៩ ] ។ ហេតុដូច្នេះ ការ​អធិស្ឋាន​របស់​ព្រះអម្ចាស់ បម្រើ​ជា​គំរូ​មួយ​ដើម្បី​ធ្វើ​តាម ហើយ​ពុំ​មែន​ជា​ចំណែក​មួយ​ដើម្បី​ទន្ទេញចាំ និង​សូត្រ​ផ្ទួនៗ​នោះទេ ។ លោក​ចៅហ្វាយ​គ្រាន់​តែ​ចង់​ឲ្យ​យើង​អធិស្ឋាន​សូម​ជំនួយ​របស់​ព្រះ ខណៈ​ដែល​យើង​ព្យាយាម​ដោយ​ខ្ជាប់​ខ្ជួន​ដើម្បី​ទប់ទល់​នឹង​សេចក្ដីអាក្រក់ ហើយ​រស់នៅដោយ​សុចរិត »( « Lessons from the Lord’s Prayers» Ensignលីអាហូណា ខែ​ឧសភា ឆ្នាំ ២០០៩ ទំព័រ ៤៦–៤៧ ) ។

ម៉ាថាយ ៧:១–៥

ខ្ញុំ​គួរ​តែ​វិនិច្ឆ័យ​ដោយសុចរិត ។

នៅក្នុងម៉ាថាយ ៧:១ព្រះអង្គសង្គ្រោះ​ហាក់​ដូចជា​មាន​បន្ទូល​ថា​យើង​ពុំ​គួរ​វិនិច្ឆ័យ​គេ​ទេ ប៉ុន្តែ​នៅ​ក្នុង​បទគម្ពីរ​ផ្សេងទៀត ( រួមទាំង​ខ​ផ្សេង​ទៀត​នៅ ក្នុង​ជំពូក​នេះ ) ទ្រង់​ប្រទាន​ការណែនាំ​ដល់​យើង​អំពី​របៀប​វិនិច្ឆ័យ ។ បើ​រឿង​នោះ​ហាក់​ដូច​ជា​ភ្ញាក់​ផ្អើល ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ អំពី​ខគម្ពីរ​នេះ​អាច​ជួយ​បាន ៖ « កុំ​វិនិច្ឆ័យដោយ​មិន​សុចរិតដើម្បី​កុំ​ឲ្យ​អ្នក​ត្រូវ​បាន​គេ​វិនិច្ឆ័យប៉ុន្ដែ​ចូរ​វិនិច្ឆ័យ​សេចក្ដី​វិនិច្ឆ័យ​សុចរិត​វិញ » ( នៅក្នុងម៉ាថាយ ៧:១ លេខយោង) ។ តើ​អ្នក​រក​ឃើញ​អ្វីខ្លះ​នៅក្នុង ម៉ាថាយ ៧:១–៥, ព្រម​ជា​មួយ​នឹង​អ្វី​ផ្សេងទៀត​ក្នុង​ជំពូក​នោះ ដែល​ជួយ​អ្នក​ឲ្យ​ដឹង​អំពី​របៀប « វិនិច្ឆ័យ​សេចក្ដី​វិនិច្ឆ័យ​សុចរិត » ?

សូមមើល​ផងដែរ « Judging Others» ពិត​ចំពោះ​សេចក្ដីជំនឿ ៩០–៩១; លីន ជី. រ៉ូប៊ីនស៍ « The Righteous Judge » Ensignលីអាហូណា, ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩៦–៩៨ ។

ម៉ាថាយ ៧:២១–២៣

ខ្ញុំ​មក​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ការ​ធ្វើ​តាម​ព្រះទ័យ​របស់​ទ្រង់ ។

ឃ្លា « យើង​មិន​ដែល​ស្គាល់​ឯងរាល់គ្នា​ទេ »​នៅក្នុងម៉ាថាយ ៧:២៣ត្រូវ​បានផ្លាស់ប្ដូរ​នៅ​ក្នុង​ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ​ទៅ​ជា « អ្នក​រាល់គ្នា​ពុំ​ដែល​ស្គាល់​ខ្ញុំ​ទេ » ( ម៉ាថាយ ៧:២៣ លេខយោង  ) ។ តើ​ការ​ផ្លាស់ប្ដូរ​នេះ​ជួយ​អ្នក​យល់​កាន់​តែ​ល្អ​ប្រសើរ​អំពី អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​នៅក្នុងខ ២១–២២អំពី​ការ​ធ្វើ​តាម​ព្រះទ័យ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ? តើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​ស្គាល់​ព្រះអម្ចាស់​ច្បាស់​ប៉ុណ្ណា ? តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ស្គាល់​ទ្រង់​បាន​កាន់​តែ​ល្អ​ប្រសើរ ?

សូមមើល​ផងដែរ ដេវីឌ អេ បែតណា « If Ye Had Known Me » Ensignលីអាហូណា ខែ​វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១០២–៥ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​អ្នក​សិក្សា​ទេសនកថា​នៅលើ​ភ្នំ​ជា​មួយ​នឹង​គ្រួសារ​របស់​អ្នក នោះ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​អ្នក ។ នេះ គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

ម៉ាថាយ ៦–៧

របៀប​មួយ​ដើម្បី​រៀន​មកពី ម៉ាថាយ ៦–៧ ជា​គ្រួសារ​មួយ គឺ​ត្រូវ​មើល​វីដេអូ « ទេសនកថា​នៅ​លើ​ភ្នំ ៖ ការ​អធិស្ឋាន​របស់​ព្រះអម្ចាស់ » និង « ទេសនកថា​នៅ​លើ​ភ្នំ ៖ ទ្រព្យសម្បត្តិ​នៅ ស្ថានសួគ៌ » ( LDS.org ) ។ សមាជិក​គ្រួសារ​អាច​មើល​តាម​នៅក្នុង​គម្ពីរ​របស់​ពួកគេ ហើយ​ផ្អាក​វីដេអូ​នៅពេល​ណា​ពួកគេ​ស្ដាប់​ឮ​អ្វី​មួយ​ដែល​ពួកគេ​ចង់​ពិភាក្សា ។ សកម្មភាព​នេះ​អាច​មានរយៈ​ពេល​ជា​ច្រើន​ថ្ងៃ បើ​ចាំបាច់ ។

ម៉ាថាយ ៦:៥–១៣

តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ការ​អធិស្ឋាន​មកពី​របៀប​ដែល​ព្រះអម្ចាស់​បាន​អធិស្ឋាន ? តើ​យើង​អាច​ប្រើ​ការ​អធិស្ឋាន​របស់​ទ្រង់​ជា​គំរូ​មួយ​ដើម្បី​កែលម្អ​ការអធិស្ឋាន​ផ្ទាល់​ខ្លួន និង​ការ​អធិស្ឋាន​ជា​គ្រួសារ​របស់​យើង​យ៉ាង​ដូចម្ដេច ? ( សូមមើល​ផងដែរ លូកា ១១:១–១៣) ។ បើ​អ្នក​មាន​កូន​តូចៗ អ្នក​អាច​ហាត់​អធិស្ឋាន​ជា​មួយ​គ្នា ។

ម៉ាថាយ ៦:៣៣

តើ​វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី « ស្វែងរក​នគរ​នៃ​ព្រះ​ជាមុន​សិន​… » ? តើ​យើង​ធ្វើ​រឿង​នេះ​ជា​គ្រួសារ​យ៉ាង​ដូចម្ដេច ?

ម៉ាថាយ ៧:១–៥

អ្នក អាច​ប្រើ​កំទេចឈើ​តូច​មួយ និង​ចំណែក​ឈើ​ធំ​មួយ​មក ដើម្បី​ធ្វើ​ជា​តំណាង​ឲ្យ​ធ្នឹម និង​កំទេច​ដី នៅពេល​អ្នក​ពិភាក្សា​អំពី​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ អំពី​ការ​វិនិច្ឆ័យ​ដល់​អ្នកដទៃ ។ សូម​ពិចារណា​អាន​នៅ​ផ្នែក​ចាប់ផ្តើម​គឺ « ការ​វិនិច្ឆ័យ​អ្នកដទៃ »នៅក្នុងពិត​ចំពោះ​សេចក្ដី​ជំនឿទំព័រ ៩០–៩១ ជា​ចំណែក​នៃ​ការ​ពិភាក្សា​នេះ ។

ម៉ាថាយ ៧:២៤–២៧

ដើម្បី​ជួយ​គ្រួសារ​អ្នក​យល់​បាន​កាន់​តែ​ល្អ​ប្រសើរ​នូវ​រឿងប្រៀបធៀប​របស់​ព្រះអង្គសង្គ្រោះ​អំពី​មនុស្ស​ប៉ិនប្រយ័ត្ន និង​មនុស្ស​ល្ងង់ អ្នកអាច​ឲ្យ​ពួកគេ​ចាក់​ទឹក​នៅ​លើ​ដី​ខ្សាច់ បន្ទាប់​មក​ចាក់​នៅ​លើ​ដុំ​ថ្ម​មួយ ។ តើ​យើង​អាច​សង់​គ្រឹះ​ខាង​វិញ្ញាណរបស់​យើង​នៅ​លើ​ថ្ម​យ៉ាង​ដូចម្ដេច ?

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ចែកចាយ​ពី​ការយល់ដឹង ពិភាក្សា​អំពី​គោលការណ៍​ដែល​អ្នក​បាន​រៀន​ចេញ​មកពី​ការ​សិក្សា​ផ្ទាល់ខ្លួន​របស់​អ្នក គឺ​ពុំ​គ្រាន់​តែ​ជា​វិធី​ល្អ​មួយ​ប៉ុណ្ណោះ​ដើម្បី​បង្រៀន​អ្នកដទៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ពង្រឹង​ដល់​ការយល់ដឹង​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​បាន​អាន​ផងដែរ ។ សូម​ព្យាយាម​ចែកចាយ​អំពីគោលការណ៍​មួយ​ដែល​អ្នក​បាន​រៀន​មក​ពី​ការអាន​ក្នុង​សប្ដាហ៍​នេះ​ជាមួយ​នឹង​សមាជិក​គ្រួសារ​ម្នាក់ ឬ​នៅ​ក្នុង​ថ្នាក់ ។

ព្រះយេស៊ូវ​កំពុង​អធិស្ឋាន

ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នកដោយ ដែល ផាសុន