« ថ្ងៃទី ៦–១២ខែឧសភា ។ លូកា ១២–១៧; យ៉ូហាន ១១ ៖ ‹ សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ ›»ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ គម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩( ២០១៩ )
« ថ្ងៃទី ៦–១២ខែឧសភា ។ លូកា ១២-១៧ យ៉ូហាន ១១ »ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ គម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩
កូនប្រុសខ្ជះខ្ជាយ ដោយ លីស លេម៉ុន ស្វិនដល
ថ្ងៃទី ៦–១២ខែឧសភា
លូកា ១២–១៧, យ៉ូហាន ១១
« សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ »
នៅពេលអ្នក អាន លូកា ១២–១៧ និង យ៉ូហាន ១១, សូមស្វែងរកអ្វីដែលព្រះវរបិតាសួគ៌ចង់ឲ្យអ្នកដឹង និងធ្វើ ប្រកបដោយការអធិស្ឋាន ។ ការសិក្សារបស់អ្នកអំពីជំពូកទាំងនេះ អាចបើកដួងចិត្តរបស់អ្នកចំពោះសារលិខិតដែលមានន័យសម្រាប់តែអ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
នៅក្នុងស្ថានភាពភាគច្រើនបំផុត ចៀមចំនួន ៩៩ ក្នុងចំណោមចៀមមួយរយ ត្រូវបានចាត់ទុកថាល្អណាស់—ប៉ុន្តែពុំមែនដូច្នោះ នៅពេលចំនួននោះជាតំណាងឲ្យកូនចៅរបស់ព្រះជាទីស្រឡាញ់នោះទេ ( សូមមើលគ និង ស ១៨:១០) ។ នៅក្នុងករណីនោះ ទោះជាព្រលឹងតែមួយក៏សក្ដិសមនឹងទទួលបានការស្វែងរកយ៉ាងខ្លាំងដោយហ្មត់ចត់ផងដែរ « រហូតទាល់តែយើងរក[ ឃើញ ] » (លូកា ១៥:៤) ដូចព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុងរឿងប្រៀបប្រដូចនៃចៀមដែលវង្វេងបាត់ ។ បន្ទាប់មកអំណរអាចចាប់ផ្ដើមមានឡើង « ដ្បិតថានៅស្ថានសួគ៌នឹងមានសេចក្តីអំណរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ដែលប្រែចិត្តវិញ ជាជាងមនុស្សសុចរិត៩៩នាក់ដែលមិនត្រូវការប្រែចិត្តទេ » ( លូកា ១៥:៧ ) ។ បើរឿងនោះហាក់ដូចជាអយុត្តិធម៌ វានឹងជាប្រយោជន៍ដើម្បីចងចាំថា តាមពិត គឺថាពុំមាននរណាម្នាក់ដែលថា « ពុំចាំបាច់ត្រូវប្រែចិត្ត » នោះទេ ។ យើងទាំងអស់គ្នាត្រូវការការជួយសង្គ្រោះ ។ ហើយយើងទាំងអស់គ្នាអាចចូលរួមនៅក្នុងការជួយសង្គ្រោះ ការរីករាយជាមួយនឹងគ្រប់ព្រលឹងដែលត្រូវបានសង្គ្រោះ ( សូមមើលគ និង ស ១៨:១៥–១៦) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ខ្ញុំគួរតែដាក់ដួងចិត្តរបស់ខ្ញុំទៅលើរឿងសំខាន់ដ៏អស់កល្បជានិច្ច ជាជាងទៅលើរឿងនៃលោកិយនេះ ។
ហេតុអ្វីព្រះមានបន្ទូលថា « ឱមនុស្សល្ងីល្ងើអើយ » ចំពោះមនុស្សដែលខិតខំធ្វើការខ្លាំង ប្រកបដោយជោគជ័យ ដែលបានសង់ជង្រុកដ៏ធំៗ ហើយបំពេញក្នុងជង្រុកនោះដោយផលនៃកិច្ចការរបស់គាត់ដូច្នេះ ? ( សូមមើល លូកា ១២:១៦–២១ ) ។ នៅក្នុងជំពូកទាំងនេះនៅ លូកា ព្រះអង្គសង្គ្រោះបង្រៀនរឿងប្រៀបប្រដូចជាច្រើនដែលអាចជួយយើងបើកភ្នែកមើលហួសពីរឿងខាងលោកិយឲ្យមើលទៅដល់រឿងអស់កល្បជានិច្ច ។ រឿងប្រៀបប្រដូចមួយចំនួនមានរៀបរាប់នៅត្រង់នេះ ។ តើអ្នកនឹងសង្ខេបសារនៃរឿងប្រៀបប្រដូចនេះយ៉ាងដូចម្ដេច ? តើអ្នកគិតថា ព្រះអម្ចាស់កំពុងប្រាប់អ្នកអ្វីខ្លះ ?
-
បុរសអ្នកមានល្ងីល្ងើរ (លូកា ១២:១៣–២១)
-
អាហារពេលយប់ដ៏ធំ (លូកា ១៤:១២–២៤)
-
រឿងកូនប្រុសខ្ជះខ្ជាយ (លូកា ១៥:១១–៣២)
-
អ្នកបម្រើអាក្រក់ (លូកា ១៦:១–១២)
-
បុរសអ្នកមាន និងឡាសារលូកា ១៦:១៩–៣១)
សូមមើលផងដែរ ម៉ាថាយ ៦:១៩–៣៤; នីហ្វៃទី ២ ៩:៣០; គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១០ ។
ព្រះវរបិតាសួគ៌រីករាយព្រះទ័យនៅពេលអស់អ្នកដែលបានវង្វេងបាត់ ត្រូវបានរកឃើញមកវិញ ។
តើអ្នកធ្លាប់ងឿងឆ្ងល់ថាតើព្រវរបិតាសួគ៌មានព្រះទ័យយ៉ាងណាអំពីអ្នកដែលបានធ្វើបាប ឬបាន« វង្វេងបាត់ » ដែរ ឬទេ ? ពួកផារិស៊ី និងពួកអាចារ្យ បានរិះគន់ដល់ព្រះយេស៊ូវ ដែលបានទាក់ទងនឹងមនុស្សដូច្នេះ ។ តបមកវិញ ព្រះយេស៊ូវប្រាប់អំពីរឿងប្រៀបធៀបចំនួនបី ដែលមាននៅក្នុងលូកា ១៥អំពី—ចៀមដែលបាត់ កាក់ដែលបាត់ និងរឿងកូនប្រុសខ្ជះខ្ជាយ ។
នៅពេលអ្នកអានរឿងប្រៀបប្រដូចទាំងនេះ ចូរពិចារណាអំពីការធ្វើបញ្ជីមួយអំពីភាពស្រដៀងគ្នា និងភាពខុសគ្នារវាងរឿងទាំងនោះ ។ ឧទាហរណ៍ អ្នកអាចរកមើលអ្វីដែលវង្វេងបាត់ ហើយតើវារកឃើញដោយរបៀបណា ហេតុអ្វី ហើយតើមនុស្សមានប្រតិកម្មយ៉ាងណា នៅពេលបានរកឃើញ ។ តើព្រះយេស៊ូវមានសារលិខិតអ្វីខ្លះសម្រាប់អស់អ្នកដែលបាន « វង្វេងបាត់ »—រួមទាំងអស់អ្នកដែលពុំគិតថាបានរកឃើញផង ? តើមានសារលិខិតអ្វីខ្លះ ដែលទ្រង់មានសម្រាប់មនុស្សដែលស្វែងរកអ្នកដែលបានវង្វេងនោះ ?
ប្រាកដណាស់ វាតែងតែល្អ ប្រសើរជាងដើម្បីកុំឲ្យវង្វេងបាត់នោះ ។ ទាក់ទងនឹងលូកា ១៥:៧អែលឌើរ ជេម អ៊ិ ថាល់មេហ្គ បានសរសេរថា « គ្មានការដោះសារចំពោះការបកប្រែថា មនុស្សមានបាបដែលប្រែចិត្ត គឺត្រូវបានទទួលអាទិភាពខ្ពស់ជាងព្រលឹងដែលសុចរិតមួយ ដែលបានតស៊ូនឹងអំពើបាបនោះទេ »(Jesus the Christ [ ឆ្នាំ ១៩១៦ ] ទំព័រ ៤៦១) ។ ទោះជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាមានអំពើបាប ហើយត្រូវការការជួយសង្គ្រោះ ហើយសារលិខិតលួងលោមចិត្តក្នុងរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះ គឺថាយើងម្នាក់ៗអាចប្រែចិត្ត ហើយត្រឡប់ទៅរកសេចក្ដីសុចរិត ដ្បិតព្រះមានព្រះរាជបំណងថាមិនឲ្យព្រលឹងណាមួយត្រូវវិនាសឡើយ ។
សូមមើលផងដែរឬ គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១៦; ជែហ្វ្រី អ័រ ហូឡិន « The Other Prodigal, » Ensign ខែឧសភា ឆ្នាំ ២០០២ទំព័រ ៦២–៦៤ ។
ប្រាក់ដែលបានបាត់ ដោយ ជេមស៍ ធីសសត
តើព្រះគ្រីស្ទកំពុងបង្រៀនអ្វីខ្លះនៅ ក្នុងរឿងប្រៀបប្រដូចនៃអ្នកត្រួតត្រាទុច្ចរិត ?
អែលឌើរ ជេម អ៊ិ ថាល់មេហ្គ បានពន្យល់មេរៀនមួយដែលយើងអាចរៀនមកពីរឿងប្រៀបប្រដូច ៖ « ចូរឧស្សាហ៍ព្យាយាម ព្រោះថ្ងៃដែលអ្នកអាចប្រើទ្រព្យសម្បត្តិខាងលោកិយរបស់អ្នកនឹងកន្លងផុតទៅយ៉ាងឆាប់ ។ សូមរៀនមេរៀនមួយមកពីមនុស្សមិនស្មោះត្រង់ និងមនុស្សអាក្រក់ ប្រសិនបើពួកគេប្រុងប្រយ័ត្នខ្លាំង ក្នុងការផ្គត់ផ្គង់សម្រាប់ពេលអនាគតដែលពួកគេបានគិតទុក នោះតើអ្នកដែលជាអ្នកជឿទៅលើអនាគតដ៏អស់កល្បជានិច្ច គប្បីផ្គត់ផ្គង់កាន់តែប្រសើរជាងនេះទៀតប៉ុណ្ណាទៅ ! បើអ្នកពុំរៀនមានប្រាជ្ញា ហើយប្រុងប្រយ័ត្ននៅក្នុងការប្រើប្រាស់‹ ប្រាក់ខាងលោកិយមិនសុចរិត › ផង តើអ្នកអាចត្រូវបានទុកចិត្តនឹងទ្រព្យសម្បត្តិកាន់តែច្រើនយូរ អង្វែងយ៉ាងដូចម្ដេច ? (Jesus the Christ, ទំព័រ ៤៦៤) ។
ការដឹងគុណចំពោះពរជ័យរបស់ខ្ញុំ នឹងនាំខ្ញុំឲ្យខិតទៅជិតនឹងព្រះ ។
បើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សឃ្លង់ទាំងដប់ តើអ្នកគិតថាអ្នកនឹងត្រឡប់មកថ្លែងអំណរគុណដល់ព្រះអង្គសង្គ្រោះឬទេ ? តើមានពរជ័យបន្ថែមទៀតអ្វីខ្លះដែលមនុស្សកើតឃ្លង់ដែលមកថ្លែងអំណរគុណបានទទួល ដោយសារតែគាត់ចេះថ្លែងអំណរគុណ ? តើការបង្ហាញពីការដឹងគុណជះឥទ្ធិពលដល់ជីវិតខាងវិញ្ញាណរបស់អ្នកយ៉ាងដូចម្ដេចខ្លះ ? វាអាចនឹងមានអត្ថប្រយោជន៍ចំពោះអ្នកដើម្បីចាប់ផ្ដើមសរសេរនូវអ្វីដែលអ្នកមានអំណរគុណនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ដូចប្រធាន ហិនរី ប៊ី អាវរិង បានពិពណ៌នានៅ ក្នុងសារលិខិតរបស់លោក « O Remember, Remember » (Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៦៦–៦៩ ) ។
ព្រះយេស៊ូវគ្រីស្ទគឺជាអង្គរស់ឡើងវិញ និង ជាជីវិត ។
អព្ភូតហេតុនៃការប្រោសឡាសា ពីស្លាប់ គឺជាទីបន្ទាល់ដ៏មានអំណាច និងពុំអាចបដិសេធបាន ថាព្រះយេស៊ូវគឺពិតជាព្រះរាជបុត្រារបស់ព្រះ និងជាព្រះមែស៊ីដែលបានសន្យា ។ តើពាក្យ ឃ្លា ឬសេចក្ដីលម្អិតអ្វីខ្លះនៅក្នុងយ៉ូហាន ១១:១–៤៦ជួយពង្រឹងដល់សេចក្ដីជំនឿរបស់អ្នកថា ព្រះយេស៊ូវគ្រីស្ទ គឺជា « ការរស់ឡើងវិញ និងជាជីវិត » ? តើចំណេះដឹងនេះជះឥទ្ធិពលដល់ជីវិតរបស់អ្នក និងការជ្រើសរើសរបស់អ្នកយ៉ាងដូចម្ដេច ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលអ្នកអានគម្ពីរជាមួយនឹងគ្រួសាររបស់អ្នក នោះព្រះវិញ្ញាណអាចជួយអ្នកដឹងថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារអ្នក ។ នេះ គឺជាការផ្ដល់យោបល់មួយចំនួន ៖
តើសមាជិកគ្រួសាររបស់អ្នកយល់ពីអារម្មណ៍នៃការបាត់បង់អ្វីមួយ ឬ—យល់ពីអារម្មណ៍វង្វេងដែរឬទេ ? ការនិយាយអំពីបទពិសោធន៍របស់ពួកគេអាចចាប់ផ្ដើមជាការពិភាក្សាមួយអំពីរឿងប្រៀបប្រដូចនៃចៀមដែលវង្វេងបាត់ និងកាក់ដែលបាត់ ។ ឬអ្នកអាចលេងល្បែងកំសាន្ដមួយដែលឲ្យនរណាម្នាក់ពួន ហើយសមាជិកគ្រួសារដទៃទៀតព្យាយាមដើររកគាត់ ។ តើសកម្មភាពនេះជួយយើងឲ្យយល់អំពីរឿងប្រៀបប្រដូចទាំងនេះយ៉ាងដូចម្ដេច ?
តើយើងអាចក្លាយដូចជាព្រះវរបិតានៅ ក្នុងរឿងនេះដោយរបៀបណា នៅពេលយើងបាត់មនុស្សជាទីស្រឡាញ់ ? តើយើងអាចរៀនមកពីបទពិសោធន៍របស់កូនច្បងអ្វីខ្លះ ដែលអាចជួយយើងប្រែក្លាយដូចជាព្រះគ្រីស្ទ ? តើឪពុកនៅក្នុងរឿងប្រៀបប្រដូចនេះ មានលក្ខណៈដូចជាព្រះវរបិតាសួគ៌យើងតាមរបៀបណា ?
ដើម្បីជួយសមាជិកគ្រួសារអនុវត្តដំណើររឿងនៃមនុស្សឃ្លង់ទាំងដប់នាក់ នោះអ្នកអាចអញ្ជើញពួកគេឲ្យសរសេរកំណត់ចំណាំអំពីការដឹងគុណជាសម្ងាត់ ហើយដាក់វានៅក្នុងផ្ទះ។ អ្នកក៏អាចច្រៀងជាមួយគ្នានូវបទ« ចូររាប់ព្រះពរ » ទំនុកតម្កើងលេខ ១៦៤ ហើយពិភាក្សាអំពីពរជ័យដែលគ្រួសាររបស់អ្នកបានទទួល ។
សមាជិកគ្រួសារអាចមើលវីដេអូ « ឡាសាត្រូវបានប្រោសពីស្លាប់ » (LDS.org) ហើយចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។
ការកែលម្អការបង្រៀនរបស់យើង
ប្រើរឿងនិទាន និងឧទាហរណ៍ដើម្បីបង្រៀនគោលការណ៍ទាំងឡាយនៃដំណឹងល្អ ។ ជាញឹកញាប់ ព្រះអង្គសង្គ្រោះ បានបង្រៀនអំពីគោលការណ៍ដំណឹងល្អដោយប្រើរឿងនិទាន និងរឿងប្រៀបធៀប ។ ចូរគិតអំពីឧទាហរណ៍ និងរឿងនិទានមកពីជីវិតរបស់អ្នកផ្ទាល់ ដែលអាចធ្វើឲ្យគោលការណ៍ដំណឹងល្អមានជីវិតនៅក្នុងគ្រួសាររបស់អ្នក ( សូមមើលការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ២២) ។
តើប្រាំបួននាក់ទៀតនៅឯណា ដោយ លីស លេម៉ុន ស្វិនដល