ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១៧–២៣ ខែ មេសា ។ ម៉ាថាយ ១៨; លូកា ១០ ៖ « តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​បាន​ជីវិត​អស់កល្បជានិច្ច ? »


« ថ្ងៃទី ១៧–២៣ ខែ មេសា ។ ម៉ាថាយ ១៨; លូកា ១០ ៖ ‹ តើ​ត្រូវ​ឲ្យ​ខ្ញុំធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​បាន​ជីវិត​អស់កល្បជានិច្ច ? › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៧–២៣ ខែ មេសា ។ ម៉ាថាយ ១៨; លូកា ១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

សាសន៍​សាម៉ារី​ចិត្ត​ល្អ

សាសន៍​សាម៉ារី​ចិត្ត​ល្អ ដោយ ឌេន ប៊ើរ

ថ្ងៃទី ១៧–២៣ ខែ មេសា

ម៉ាថាយ ១៨; លូកា ១០

« តើ​ត្រូវ​ឲ្យ​ខ្ញុំធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​បាន​ជីវិត​អស់កល្ប​ជានិច្ច ? »

នៅពេល​បងប្អូន​អាន និង​ពិចារណាប្រកប​ដោយ​ការ​អធិស្ឋាន​ពី ម៉ាថាយ ១៨ និង លូកា ១០ សូម​យកចិត្ត​ទុកដាក់​នឹង​ការបំផុស​គំនិត​ដោយ​ស្ងាត់​ស្ងៀម​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទ្រង់​នឹង​ប្រាប់បងប្អូន​ពី​របៀប​នៃ​ការ​បង្រៀន និង​រឿង​ទាំងអស់​នេះ​អនុវត្ត​ចំពោះ​បងប្អូន ។ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​មាន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅពេល​បងប្អូន​សួរ​សំណួរ​ទៅព្រះអម្ចាស់នោះ បងប្អូន​អាច​ទទួល​បាន​ចម្លើយ​មួយ​ដែល​បងប្អូនមិន​រំពឹង​ទុក ។ តើ​នរណា​ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ ? អ្នក​ទាំងឡាយ​ណាដែល​ត្រូវការ​ជំនួយ និង​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន ។ តើ​អ្នក​ណា​ធំ​ជាង​គេ​ក្នុង​នគរស្ថានសួគ៌ ? កុមារ​ម្នាក់ ។ តើ​វា​គ្រប់គ្រាន់​ទេ​ដើម្បី​អភ័យទោស​ដល់​អ្នក​ដែល​ធ្វើ​ខុស​ប្រាំ​ពីរ​ដង​នោះ ? ទេ បងប្អូន​គួរ​តែ​អភ័យ​ទោស​ប្រាំពីរ​ចិតសិប​ដង ។ ( សូមមើល លូកា ១០:២៩–៣៧; ម៉ាថាយ ១៨:៤, ២១–២២ ) ។ ចម្លើយ​ដែល​មិន​បាន​រំពឹងទុក​មក​ពី​ព្រះអម្ចាស់ អាច​អញ្ជើញ​យើង​ឲ្យ​ផ្លាស់ប្ដូរ​របៀប​ដែល​យើង​គិត មាន​អារម្មណ៍ និង​ប្រព្រឹត្ត ។ ប្រសិន​បើ​បងប្អូន​កំពុង​ស្វែងរក​ព្រះ​ឆន្ទៈ​របស់​ព្រះអម្ចាស់ ដោយសារ​តែ​បងប្អូន​ពិត​ជា​ចង់​រៀន​អំពី​ទ្រង់ នោះ​ព្រះអម្ចាស់​នឹង​បង្រៀន​បងប្អូន​ពី​របៀប​រស់នៅ​តាម​របៀប​មួយ​ដែល​ដឹកនាំ​ទៅ​រក​ជីវិត​អស់កល្បជានិច្ច​ជាមួយ​នឹង​ទ្រង់ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ាថាយ ១៨:២១–៣៥

ប្រសិនបើ​ខ្ញុំ​ទទួល​បាន​ការ​អភ័យទោស​មក​ពី​ព្រះអម្ចាស់ នោះ​ខ្ញុំ​ត្រូវ​តែ​អភ័យទោស​ដល់​អ្នក​ដទៃ​ដែរ ។

យោបល់​របស់​ពេត្រុស​ថា គាត់​អាច​អភ័យទោស​នរណា​ម្នាក់​ប្រាំពីរដង ដែល​វា​ហាក់​ដូចជា​សប្បុរស​ណាស់ ប៉ុន្តែ​ព្រះយេស៊ូវ​បាន​បង្រៀន​ច្បាប់​កាន់តែ​ខ្ពស់​ជាង ។ ចម្លើយ​របស់​ទ្រង់ « ខ្ញុំ​មិន​ថា ឲ្យ​អ្នក​អត់​ទោស​ត្រឹម​តែ​៧​ដង​ទេ គឺ​ដល់​៧​ចិតសិប​ដង​ទៅ​ទៀត » ( ខទី ២២ ) គឺ​ពុំ​មែន​ជា​ការបង្រៀនអំពី​ចំនួន​លេខ​នោះ​ទេ ប៉ុន្តែ​ទ្រង់​បង្រៀន​អំពី​ការអភិវឌ្ឍន៍​អាកប្បកិរិយា​ដូចជា​ព្រះគ្រីស្ទ​ក្នុង​ការ​អភ័យទោស​វិញ ។ នៅពេល​បងប្អូន​អាន​ពាក្យ​ប្រៀបប្រដូច​អំពី​អ្នក​បម្រើ​គ្មាន​ក្តីមេត្តាករុណា ចូរ​ពិចារណា​អំពី​ចំនួន​ដង​ដែលបងប្អូនបាន​ទទួល​អារម្មណ៍នៃ​ក្ដី​មេត្តា​ករុណា​របស់ព្រះ ។ តើ​មាន​នរណា​ម្នាក់​ដែល​ត្រូវការទទួលបាន​សេចក្តីមេត្តាករុណា​ពី​បងប្អូនដែរ​ឬទេ ?

អែលឌើរ ដេវីឌ អ៊ិ សូរិនសិន បានផ្តល់​ការដាស់តឿន​ដ៏​សំខាន់​នេះ ៖ « ថ្វីបើ​យើង​ត្រូវតែ​អភ័យទោស​ដល់​អ្នក​ជិតខាង​ម្នាក់​ដែល​ធ្វើ​ឲ្យ​យើង​មាន​របួស​ក្ដី ក៏​យើងគប្បី​ធ្វើការ​ក្នុងន័យ​ស្ថាប​នា ដើម្បី​ការពារ​កុំ​ឲ្យ​របួស​នោះ​កើត​ឡើង​ម្តង​ទៀត ។ … ការអភ័យទោស​ពុំ​តម្រូវ​ឲ្យ​យើង​ទទួល​យក ឬ​អត់​ឱន​ឲ្យ​សេចក្ដីអាក្រក់ឡើយ ។ … ប៉ុន្តែ​នៅពេល​យើង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើបាប យើង​មិនត្រូវ​អនុញ្ញាត​ឲ្យ​ការ​ស្អប់ ឬ​កំហឹង​គ្រប់គ្រង​លើ​គំនិត ឬ​សកម្មភាព​របស់​យើង​ឡើយ » ( « Forgiveness Will Change Bitterness to Love » Liahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ១២ ) ។

លូកា ១០:១–២០

តើ​ពួក​ចិតសិបនាក់​ជា​នរណា ?

នៅ​ខាង​ក្រោម​នេះ គឺ​ជា​លំនាំ​មួយ​ដែល​បាន​បង្កើត​នៅ​ក្នុង​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ចាស់ ( សូមមើល និក្ខមនំ ២៤:១; ជនគណនា ១១:១៦ ) ព្រះយេស៊ូវគ្រីស្ទ « បានតែងតាំងពួក​ចិត​សិប​នាក់​ » បន្ថែម​ពី​លើ​ពួក​សាវក​ដប់ពីរ​នាក់​របស់​ទ្រង់ ដើម្បី​ធ្វើ​ជាសាក្សី​ពី​ទ្រង់ ផ្សាយ​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ជួយ​ទ្រង់​នៅ​ក្នុង​កិច្ចការ​របស់​ទ្រង់ ។ លំនាំ​នេះ​បន្ដ​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ ។ ពួកចិតសិបនាក់​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ដល់​ពួក​ដប់ពីរ​នាក់​នៅ​ក្នុង​បេសកកម្ម​របស់​ពួកគេ​ក្នុង​នាម​ជា​សាក្សី​ពិសេស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទៅកាន់​ពិភពលោក​ទាំង​មូល ។

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២៥–២៦, ៣៣–៣៤, ៩៧ ។

លូកា ១០:២៥–៣៧

ដើម្បី​ទទួល​បាន​ជីវិត​ដ៏អស់កល្បជានិច្ច ខ្ញុំ​ត្រូវ​ស្រឡាញ់​ព្រះ ហើយស្រឡាញ់​អ្នកជិត​ខាងរបស់ខ្ញុំ​​ឲ្យដូច​ខ្លួន​ខ្ញុំ ។

វា​មាន​ប្រយោជន៍​ដើម្បី​ចាំ​ថា ពាក្យប្រៀបប្រដូច​អំពី​សាសន៍​សាម៉ារី​ចិត្ត​ល្អ គឺ​ជា​របៀប​របស់​ព្រះយេស៊ូវ​ក្នុង​ការឆ្លើយ​នឹង​សំណួរ​ពីរ ៖ « តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​បាន​ជីវិត​អស់​កល្ប​ជានិច្ច ? » និង « តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង​ខ្ញុំ ? » ( លូកា ១០:២៥, ២៩ ) ។ នៅពេល​បងប្អូន​អាន​ពាក្យ​ប្រៀបប្រដូច​នេះ សូម​ចាំ​សំណួរ​ទាំងនេះ​ក្នុង​ចិត្ត ។ តើ​បងប្អូន​រក​បាន​ចម្លើយ​អ្វី ?

នៅ​ជំនាន់​របស់​ព្រះយេស៊ូវ គំនុំ​រវាង​ពួក​សាសន៍​យូដា និង​សាសន៍​សាម៉ារី​គឺ​មាន​នៅ​រាប់​សតវត្សរ៍មកហើយ ។ សាសន៍​សាម៉ារី​គឺ​ជា​កូនចៅ​របស់​ពួក​សាសន៍​យូដា​ដែល​រស់នៅ​ក្នុង​ស្រុក​សាម៉ារី ដែល​បាន​រៀបការ​នឹង​ពួក​សាសន៍​ដទៃ ។ ពួកសាសន៍យូដា​មានអារម្មណ៍​ថា ពួកសាសន៍សាម៉ារី​​ពុក​រលួយ​ដោយសារ​តែ​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​ពួក​សាសន៍​ដទៃ ហើយ​បាន​ក្បត់​សាសនា ។ ពួកសាសន៍យូដា​នឹង​ធ្វើ​ដំណើរ​រាប់​គីឡូ​វាង​ផ្លូវ​ដើម្បី​កុំ​ឲ្យ​ដើរ​កាត់​ស្រុកសាម៉ារី ។ ( សូមមើលផងដែរ លូកា ៩:៥២–៥៤; ១៧:១១–១៨; យ៉ូហាន ៤:៩; ៨:៤៨ ) ។

ហេតុអ្វី​បងប្អូន​គិត​ថា ព្រះអង្គសង្គ្រោះ​បាន​ជ្រើសរើស​សាសន៍សាម៉ារី ជា​សាសន៍​មួយ​ដែល​ត្រូវ​សាសន៍​យូដា​ស្អប់ លើកមក​ធ្វើជា​ឧទាហរណ៍​អំពី​សេចក្ដី​មេត្តា​ករុណា និង​ការ​ស្រឡាញ់​ដល់​អ្នក​ជិត​ខាង​ទៅ​វិញ ? តើ​ពាក្យ​ប្រៀបប្រដូច​នេះ​បំផុសគំនិត​បងប្អូន​ឲ្យ​ធ្វើ​អ្វី​ខ្លះ ?

សូមមើល​ផងដែរ ម៉ូសាយ ២:១៧; « Parable of the Good Samaritan » និង « A Good Samaritan » ( វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

5:6

លូកា ១០:៣៨–៤២

យើង​ជ្រើស​យក « ចំណែក​យ៉ាង​ល្អ » ដោយ​ធ្វើ​ការ​ជ្រើស​រើស​ប្រចាំ​ថ្ងៃ​ដែល​ដឹកនាំ​ទៅ​រក​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

នៅក្នុង លូកា ១០:៣៨–៤២ ព្រះយេស៊ូវ​បាន​អញ្ជើញ​ម៉ាថា​ដោយ​គួរសម​ឲ្យ​គិត​ខុស​ពី​មុន​អំពី​របៀប​ដែល​នាង​ចំណាយ​ពេល​របស់​នាង ។ បន្ទាប់​ពី​ដកស្រង់​ខគម្ពីរ​ទាំងនេះ ស៊ីស្ទើរ ខារ៉ុល អេហ្វ ម៉ាកខន់ឃី បាន​បង្រៀន ៖ « ដើម្បី​ឲ្យ​បាន​បរិសុទ្ធ យើង​ត្រូវតែ​រៀន​អង្គុយ​ឲ្យ​ទៀប​នឹង​ព្រះបាទ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ចំណាយ​ពេល​វេលា​ដល់​សេចក្ដីបរិសុទ្ធ ។ តើ​យើង​ទុក​ទូរសព្ទ បញ្ជី​ការ​ងារ​ដ៏​ច្រើន និង​ការ​ខ្វល់​ខ្វាយ​ពី​រឿង​ខាង​លោកិយ​មួយ​អន្លើរ​ដែរឬ​ទេ ? ការ​អធិស្ឋាន ការ​សិក្សា ហើយ​ការ​ស្ដាប់​បន្ទូល​របស់​ព្រះ​យាង​អញ្ជើញ​ក្ដី​ស្រឡាញ់​ដែល​លាងជម្រះ ហើយ​ព្យាបាល ​ចូល​មក​ក្នុង​ព្រលឹង​យើង ។ ចូរ​យើង​យក​ពេល​ដើម្បី​មាន​ភាពបរិសុទ្ធ ដើម្បី​យើង​អាច​បាន​បំពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏​ពិសិដ្ឋ និង​ដែល​ញែក​ជា​បរិសុទ្ធ » ( « The Beauty of Holiness » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១១ ) ។ បងប្អូន​ប្រហែល​ជា​ចង់​ពិនិត្យ​មើល​ពី​របៀប​ដែល​បងប្អូន​ចំណាយ​ពេលវេលា​របស់​បងប្អូន—សូម្បី​តែ​ទៅលើ​ការណ៍ល្អៗ ។ តើ​មាន​អ្វី​ដែល « ត្រូវការ » ( ខទី ៤២ ) ការយកចិត្ត​ទុកដាក់​របស់​បងប្អូន​ច្រើន​ជាង​នេះ​ទៀត ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ម៉ាថាយ ១៨:១–១១ ។ហេតុអ្វី​ក៏​ព្រះយេស៊ូវ​ចង់​ឲ្យ​យើង​ប្រែក្លាយ​ដូចជា​កុមារតូច ? តើ​គុណលក្ខណៈ​អ្វី​ខ្លះ​ដែល​កូនក្មេង​មាន ដែល​យើង​អាច​អភិវឌ្ឍ​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូច​ព្រះគ្រីស្ទ ? ( សូមមើល ម៉ូសាយ ៣:១៩ ) ។

ព្រះយេស៊ូវ​ជាមួយ​និង​ក្មេងៗ

ព្រះយេស៊ូវ​សព្វព្រះទ័យ​ឲ្យ​កូនសិស្ស​របស់​ទ្រង់​ប្រែក្លាយ​ដូចជា​កុមារ​តូចៗ ។

ម៉ាថាយ ១៨:១៥ ។តើ​យើង​អាច​អនុវត្ត​ការទូន្មាន​នៅក្នុង ម៉ាថាយ ១៨:១៥ ចំពោះ​ការប្រាស្រ័យ​ទាក់ទង​នៅក្នុង​គ្រួសារ​យើង​បាន​យ៉ាង​ដូចម្តេច ? តើ​ការធ្វើ​ដូច្នេះ​នឹង​ផ្ដល់ពរជ័យ​ដល់​គ្រួសារ​យើង​យ៉ាង​ដូចម្ដេច ?

ម៉ាថាយ ១៨:២១–៣៥ ។តើ​ពាក្យ​ប្រៀប​ប្រដូច​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ គ្រីស្ទ ? តើ​វា​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​របៀប​ដើម្បី​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ​ទៀត ?

លូកា ១០:២៥–៣៧ ។សមាជិក​គ្រួសារ​អាច​រីករាយ​នឹង​ការស្លៀកពាក់​តុបតែង ហើយ​សម្ដែង​តាម​ពាក្យ​ប្រៀបប្រដូច​នេះ ។ តើ​ពេលខ្លះ​យើង​អាច​ដូច​មនុស្សប្រភេទ​ខុសៗ​គ្នា​នៅក្នុង​ពាក្យ​ប្រៀបប្រដូច​នេះ​យ៉ាង​ដូច​ម្ដេច​ដែរ ? តើ​ព្រះអង្គ​សង្គ្រោះ​​ដូចជា​សាសន៍​សាម៉ារី​ចិត្ត​ល្អ​យ៉ាង​ដូចម្ដេច ? តើ​យើង​អាច​ក្លាយ​ដូចជា​សាសន៍​សាម៉ារី​ចិត្ត​ល្អ​ដោយ​របៀបណា ?

បងប្អូន​អាច​នឹង​ពិចារណា​ពី​ការច្រៀង​ជាមួយ​គ្នា​នូវ​ទំនុកតម្កើង ឬ​ចម្រៀង​កុមារ​មួយ​បទ ដែល​គាំទ្រ​ដល់​សេចក្ដី​ពិត​នៅក្នុង​ពាក្យ​ប្រៀបប្រដូច​នេះ ។ ឧទាហរណ៍​មួយ​គឺ « ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ » ( ទំនុកតម្កើង ល.រ. ១៣៥ ) ប៉ុន្តែ​មាន​បទ​ជា​ច្រើន​ទៀត ។ សមាជិក​គ្រួសារ​អាច​រីករាយ​នឹង​ការរក​ទំនុកតម្កើង ឬ​ចម្រៀង​មួយ​បទ ហើយ​ពន្យល់​ថាតើ​វា​ទាក់ទង​នឹង​ពាក្យ​ប្រៀបប្រដូច​នេះ​យ៉ាង​ណា ។

លូកា ១០:៣៨–៤២ ។តើ​វា​លំបាក​ដែរឬទេ​ដើម្បី​ដាក់​រឿង​ខាង​វិញ្ញាណ​ឲ្យ​ចូល​ទៅក្នុង​កាលវិភាគ​គ្រួសារ​របស់​បងប្អូន ? រឿង​អំពី​ម៉ារា និង​ម៉ាថា អាច​បំផុសឲ្យ​មាន​ក្រុមប្រឹក្សា​គ្រួសារ ឬ​រាត្រីជួបជុំ​ក្រុមគ្រួសារ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​ប្រសើរ​ឡើង ។ បងប្អូន​អាច​ធ្វើ​បញ្ជី​មួយ​អំពី​របៀប​ដើម្បី​ជ្រើសរើស « ចំណែក​យ៉ាង​ល្អ » ជា​ក្រុមគ្រួសារ ( សូមមើល លូកា ១០:៤២ ) ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ​ ៖ « ព្រះយេស៊ូវ​មាន​បន្ទូល​ស្រឡាញ់​មនុស្ស​គ្រប់​រូប » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៣៩ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ចិញ្ចឹមបីបាច់​បរិយាកាស​នៃ​សេចក្ដីស្រឡាញ់ ។ របៀប​ដែល​សមាជិក​គ្រួសារ​មានអារម្មណ៍ ហើយ​ប្រព្រឹត្ត​ចំពោះ គ្នា​ទៅវិញ​ទៅ​មក អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ស្មារតី​នៅ​ក្នុង​គេហដ្ឋាន​របស់​បងប្អូន ។ សូម​ជួយ​សមាជិក​គ្រួសារ​ទាំងអស់​ឲ្យ​ធ្វើ​ចំណែក​របស់​ពួកគេ​ដើម្បី​បង្កើត​ឲ្យ​មាន​គេហដ្ឋាន​ប្រកប​ដោយ​សេចក្ដីស្រឡាញ់ និង​ការគោរព​គ្នា ដើម្បី​ឲ្យ​មនុស្ស​គ្រ់ប​រូប​នឹង​មាន​អារម្មណ៍​សុវត្ថិភាព​ក្នុង​ការ​ចែកចាយ​បទពិសោធន៍ សំណួរ និង​ទីបន្ទាល់ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៥ ) ។

ព្រះគ្រីស្ទ​នៅ​ជាមួយ​ម៉ារា និង ម៉ាថា

ព្រះគ្រីស្ទ​គង់​នៅក្នុង​ផ្ទះ​របស់​ម៉ារា និង​ម៉ាថា ដោយ វ៉លធើរ រ៉េន