ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
គំនិត​ដើម្បី​ពិចារណា ៖ វង្ស​អ៊ីស្រាអែល


« គំនិត​ដើម្បី​ពិចារណា ៖ វង្ស​អ៊ីស្រាអែល » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« គំនិត​ដើម្បី​ពិចារណា ៖ វង្ស​អ៊ីស្រាអែល » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបតំណាង​គំនិត

គំនិត​ដើម្បី​ពិចារណា

វង្ស​អ៊ីស្រាអែល

នៅ​ទីកន្លែង​ក្នុង​ទីរហោស្ថាន​ភាគ​ខាង​កើត​នៃ​ស្រុក​កាណាន យ៉ាកុប​បាន​រង់​ចាំ​ជួប​បងប្រុស​ភ្លោះ​របស់​គាត់ អេសាវ ដោយ​ភ័យ​ខ្លាច ។ ពេល​ចុង​ក្រោយ​ដែល​យ៉ាកុប​បាន​ឃើញ​អេសាវ ប្រមាណ​ជា ២០ ឆ្នាំ​មុន អេសាវ​បាន​គម្រាម​កំហែង​ចង់​សម្លាប់​គាត់ ។ យ៉ាកុប​បាន​ចំណាយ​ពេល​ពេញ​មួយ​យប់​ទូល​សុំ​ពរជ័យ​ពី​ព្រះ​នៅ​ក្នុង​ទីរហោស្ថាន ។ ដោយសារ​តែ​សេចក្ដី​ជំនឿ ការ​តស៊ូ និង​ការ​តាំង​ចិត្ត​របស់​យ៉ាកុប ព្រះ​បាន​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​គាត់ ។ នៅ​យប់​នោះ​ឈ្មោះ​របស់​យ៉ាកុប​ត្រូវ​បាន​ប្ដូរ​ទៅ​ជា​អ៊ីស្រាអែល ជា​ឈ្មោះ​មួយ​ដែល​មាន​ន័យ​ថា « គាត់​គង់​វង្ស​នៅ​ជាមួយ​នឹង​ព្រះ » ( លោកុប្បត្តិ ៣២:២៨ សូម​មើល​ផង​ដែរលោកុប្បត្តិ ៣២:២៤–៣២ ) ។

ស្ទឹង​យ៉ាបុក

នៅ​ក្បែរ​ស្ទឹង​យ៉ាបុក យ៉ាកុប​បាន​ទទួល​ឈ្មោះ​អ៊ីស្រាអែល ។

នេះ​គឺជា​គ្រា​ដំបូង​ដែល​ឈ្មោះអ៊ីស្រាអែលលេច​ឡើង​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប ហើយ​វា​គឺជា​ឈ្មោះ​មួយ​ដែល​រក្សា​ទុក​នៅ​ក្នុង​ព្រះគម្ពីរ​នោះ និង​នៅក្នុង​ប្រវត្តិសាស្ត្រ ។ មិន​យូរ​ប៉ុន្មាន​ឈ្មោះ​នោះ​ត្រូវ​ប្រើ​សំដៅ​ទៅ​លើ​មនុស្ស​ជាច្រើន ។ អ៊ីស្រាអែល​មាន​កូនប្រុស ១២​នាក់ ហើយ​ពូជ​ពង្ស​របស់​ពួកគេ​ត្រូវ​បាន​គេ​ស្គាល់​ជា « វង្ស​អ៊ីស្រាអែល » ឬ « ពូជ​អំបូរ​​អ៊ីស្រាអែល » « កូនចៅ​អ៊ីស្រាអែល » ឬ « សាសន៍​អ៊ីស្រាអែល » ។

នៅ​ក្នុង​ប្រវត្តិសាស្ត្រ កូនចៅ​អ៊ីស្រាអែល​បាន​ភ្ជាប់ទំនាក់ទំនងជាពិសេស​ទៅ​នឹង​ដើម​កំណើត​របស់​ពួកគេ​ចេញ​ពី​ពូជអំបូរ​មួយ​ក្នុង​ចំណោម​ពូជអំបូរ​ទាំង​ដប់​ពីរ ។ ត្រកូល​របស់​ពួកគេ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​​អត្តសញ្ញាណ​នៃ​សេចក្ដី​សញ្ញា​របស់​ពួកគេ ។ សាវក​ប៉ុល​បាន​ប្រកាស​ថា លោក​គឺជា « ពូជ​អំបូរ​បេនយ៉ាមីន » ( រ៉ូម ១១:១ ) ។ ពេល​លីហៃ​បាន​ចាត់​ពួក​កូន​ប្រុស​រ​បស់​លោក​ទៅ​កាន់​ទីក្រុង​យេរូសាឡិម​ដើម្បី​ទៅ​យក​ផ្ទាំង​លង្ហិន ហេតុផល​មួយ​គឺ​ដោយសារ​ផ្ទាំង​ទាំង​នោះ​មាន​នូវ « ពង្សាវតារ​របស់​ពួក​អយ្យកោ​លោក » ( នីហ្វៃទី​១ ៥:១៤ សូម​មើល​ផង​ដែរ នីហ្វៃ​ទី​១ ៣:៣ ) ។ លីហៃ​បាន​រក​ឃើញ​ថា លោក​គឺជា​ពូជ​ពង្ស​របស់​យ៉ូសែប ហើយ​ការ​យល់ដឹង​របស់​ពូជពង្ស​លោក​ស្ដីពី​ទំនាក់ទំនង​របស់​ពួកគេ​ទៅ​នឹង​វង្ស​អ៊ីស្រាអែល​បាន​បង្ហាញ​ពី​សារៈសំខាន់​ទៅ​កាន់​ពួកគេ​នៅ​ឆ្នាំ​ខាង​មុខ ( សូមមើល អាលម៉ា ២៦:៣៦; នីហ្វៃ​ទី៣ ២០:២៥ ) ។

នៅ​ក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ អ្នក​ប្រហែល​ជា​ឮ​អំពី​អ៊ីស្រាអែល​នៅក្នុង​ឃ្លា​​ដូចជា​« ការប្រមូល​ផ្តុំពួកសាសន៍អ៊ីស្រាអែល » ។ យើង​ច្រៀង​អំពី « ព្រះ​នៃ​អ៊ីស្រាអែល » « សង្ឃឹម​អ៊ីស្រាអែល » និង « ពួក​អែលឌើរ​នៃ​អ៊ីស្រាអែល » ។ នៅ​ក្នុង​ករណី​ទាំង​នេះ យើង​ពុំមែន​កំពុង​និយាយ ឬ​កំពុង​ច្រៀង​អំពី​នគរ​អ៊ីស្រាអែល​ពី​បុរាណ ឬ​ប្រជាជាតិ​សម័យ​ទំនើប​ដែល​ហៅ​ថា​អ៊ីស្រាអែល​តែ​ប៉ុណ្ណោះ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ យើង​កំពុង​សំដៅ​ទៅ​លើ​មនុស្ស​ដែល​ត្រូវ​បាន​ប្រមូល​ផ្ដុំ​មក​ពី​ប្រជាជាតិ​នានា​ជុំវិញ​ពិភពលោក​ចូល​មក​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​កំពុង​សំដៅ​ទៅ​លើ​មនុស្ស​ដែល​គង់​វង្ស​នៅជាមួយ​នឹង​ព្រះ ដែល​ខិតខំ​ស្វែង​រក​ព្រះពរ​របស់​ទ្រង់​ដោយ​ស្មោះ​សរ និង​អ្នក​ដែល​បាន​ក្លាយ​ជា​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់​តាមរយៈ​ពិធី​បុណ្យ​ជ្រមុជទឹក ។

ពរ​លោក​អយ្យកោ​របស់​អ្នក​ប្រកាស​ពី​ទំនាក់ទំនង​របស់​អ្នក​ទៅ​នឹង​ពូជ​អំបូរ​មួយ​នៃ​វង្ស​អ៊ីស្រាអែល ។ ការណ៍​នោះ​គឺ​លើស​ពី​ផ្នែក​មួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៃ​ព័ត៌មាន​ពង្ស​ប្រវត្តិ​ទៅ​ទៀត ។ ការ​ធ្វើ​ជា​ផ្នែក​មួយ​នៃ​វង្ស​នៃ​អ៊ីស្រាអែល​មាន​ន័យ​ថា អ្នក​មាន​ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​មួយ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​មាន​ន័យ​ថា អ្នកដូចគ្នា​នឹង​អ័ប្រាហាំ​ដែរ គឺជា​មធ្យោបាយ​ដើម្បី « ធ្វើ​ជាទី​បញ្ចេញ​ពរ » ដល់​កូនចៅ​របស់​ព្រះ ( លោកុប្បត្តិ ១២:២; អ័ប្រាហាំ ២:៩–១១ ) ។ តាម​ពាក្យ​ពេចន៍​របស់​ពេត្រុស វា​មាន​ន័យ​ថា « អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើសរើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់ » ( ពេត្រុស​ទី​១ ២:៩ ) ។ វា​មាន​ន័យ​ថាអ្នកគឺជា​បុគ្គល​ម្នាក់​ដែល « គង់​វង្ស​ជាមួយ​នឹង​ព្រះ » ពេល​អ្នក​គោរព​សេចក្ដី​សញ្ញា​របស់​អ្នក​ជាមួយ​នឹង​ទ្រង់ ។

កំណត់​ចំណាំ

  1. មាន​អត្ថន័យ​ផ្សេង​ទៀត​សម្រាប់​ឈ្មោះ​អ៊ីស្រាអែល រួម​មាន « ព្រះ​គ្រង​រាជ » ឬ « ព្រះ​ច្បាំង ឬ​តស៊ូ » ។

  2. ទំនុក​តម្កើង ល.រ. ៦, ១៦២, ១៩៧ ។

មែក​ធាង​គ្រួសារ​របស់​យ៉ាកុប

រូបភាព​ស្ដីពី​មែក​ធាង​គ្រួសារ​របស់​យ៉ាកុប ដោយ ខេធ អិល ប៊ីវើស