ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១៨–២៤ ខែ មេសា ។ និក្ខមនំ ១៨–២០ ៖ « យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្តី ដែល​ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​មក »


« ថ្ងៃទី ១៨–២៤ ខែ មេសា ។ និក្ខមនំ ១៨–២០ ៖ ‹ យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្តី ដែល​ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​មក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៨–២៤ ខែ មេសា ។ និក្ខមនំ ១៨–២០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

ភ្នំ

ភ្នំ​មួយ​នៅ​ស្រុក​អេស៊ីព្ទ មានទំនៀមទម្លាប់​ជឿថា​ជា​ភ្នំ ស៊ីណាយ

ថ្ងៃទី ១៨–២៤ ខែ មេសា

និក្ខមនំ ១៨–២០

« យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្តី ដែល​ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​មក »

ស៊ីស្ទើរ មីឈែល ក្រេហ្គ បានបង្រៀនថា « ក្នុង​នាម​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់ [ ព្រះយេស៊ូវគ្រីស្ទ ] អ្នក​អាច​ទទួល​ការបំផុស និង​វិវរណៈ​ផ្ទាល់​ខ្លួន​ស្រប​ទៅ​នឹង​បទបញ្ញត្តិ​របស់​ទ្រង់​ដែល​មាន​ជាពិសេស​សម្រាប់​អ្នក » ( « Spiritual Capacity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២១ ) ។ សូម​កត់ត្រា និង​ធ្វើតាម​ការបំផុសគំនិត​ដែល​អ្នក​ទទួល នៅពេល​អ្នកអាន និក្ខមនំ ១៨–២០ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

ការធ្វើដំណើរ​របស់​សាសន៍​អ៊ីស្រាអែល​ចេញពី​អេស៊ីព្ទ ទៅកាន់​ជើងភ្នំ​ស៊ីណាយ គឺ​ពោរពេញ​ទៅដោយ​អព្ភូតហេតុ​ជាច្រើន—ការបើក​សម្ដែង​ដែល​មិនអាច​ប្រកែកបាន​នៃ​ព្រះចេស្តា សេចក្តីស្រឡាញ់ និង​សេចក្តីមេត្តា​ករុណា​របស់​ព្រះអម្ចាស់​ដែល​មិន​អាចប្រៀប​ផ្ទឹម​បាន ។ ទោះជាយ៉ាងណាក្តី ក៏ព្រះអម្ចាស់​ប្រទានពរជ័យ​ដល់​ពួកគេ​លើសពី​ការរំដោះ​ពួកគេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​បានបំពេញ​សេចក្តីស្រេកឃ្លាន​ខាងរូបកាយ​របស់ពួកគេ ។ ទ្រង់​មានព្រះទ័យ​ចង់ឲ្យ​ពួកគេ​ក្លាយជា​រាស្រ្ត​ក្នុង​សេចក្តីសញ្ញា​របស់ទ្រង់ « ដាច់ជារបស់ » និង « សាសន៍​បរិសុទ្ធ » ( និក្ខមនំ ១៩:៥–៦ ) ។ នៅសព្វថ្ងៃនេះ ពរជ័យ​នៃ​សេចក្តីសញ្ញា​របស់ទ្រង់​បានប្រទាន​ឲ្យ​លើសពី​សាសន៍ ឬ​ប្រជាជន​តែមួយ ។ ព្រះ​មានព្រះទ័យ​ចង់​ឲ្យ​កូនចៅ​របស់ទ្រង់​ទាំងអស់​ក្លាយជា​ប្រជារាស្រ្ត​នៃ​សេចក្តីសញ្ញា​របស់ទ្រង់ ដើម្បី « ស្តាប់​តាម [ ទ្រង់ ] ឥឡូវ ហើយ​កាន់​តាម​សេចក្តី​សញ្ញា [ របស់ទ្រង់ ] » ( និក្ខមនំ ១៩:៥ ) ត្បិត​ទ្រង់​បាន​បង្ហាញ​សេចក្តីមេត្តាករុណា​របស់ទ្រង់ « ដល់​ទាំង​ពាន់​ដំណ នៃ​ពួក​អ្នក​ដែល​ស្រឡាញ់ [ ទ្រង់ ] ហើយ​កាន់​តាម​បញ្ញត្ត​របស់​[ របស់ទ្រង់ ] ទាំង​ប៉ុន្មាន​វិញ » ( និក្ខមនំ ២០:៦ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

និក្ខមនំ ១៨:១៣–២៦

ខ្ញុំ​អាច​ជួយ « ជា​ជំនួយ​ដល់ » ការធ្វើការងារ​របស់​ព្រះអម្ចាស់ ។

នៅពេល​អ្នកអាន​ពាក្យប្រឹក្សា​របស់​ម៉ូសេ ដែល​បានទទួល​ពី​យេត្រូ ជា​ឪពុក្មេក​របស់​លោក សូម​សញ្ជឹងគិត​ពីរបៀប​ដែល​អ្នក​អាច​ដូចជា « មនុស្ស​ទៀងត្រង់ » ( នៅពេលខ្លះ ត្រូវបាន​បកប្រែថា​ជា​មនុស្ស « គួរ​ឲ្យទុកចិត្ត » ) ដូចបាន​ពិពណ៌នា​នៅក្នុង ខទី ២១ ។ តើ​អ្នក​អាច​ជួយ « ជា​ជំនួយ​ដល់ » ដល់​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​អ្នកយ៉ាងដូចម្តេច ? ( ខទី ២២ ) ។ ឧទាហរណ៍ តើ​ការប្រឹក្សា​នេះ​អនុវត្ត​ចំពោះ​កិច្ចខិតខំ​ធ្វើ​ការងារបម្រើ​របស់​អ្នក​យ៉ាងដូចម្តេច ?

អ្នក​ក៏អាច​ពិចារណា​ដែរថា​ តើ​​ពេលខ្លះ​អ្នកដូចជា​ម៉ូសេ ដោយ​ព្យាយាម​ធ្វើ​ច្រើន​ពេក​យ៉ាងដូចម្តេច ? តើ​ពាក្យប្រឹក្សា​របស់​យេត្រូ អនុវត្ត​ចំពោះ​អ្នក​យ៉ាងដូចម្តេច ?

សូមមើល​ផងដែរ ម៉ូសាយ ៤:២៧; ហិនរី ប៊ី អាវរិង « The Caregiver » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១២១–២៤ ។

បុរស​ចាប់ដៃ​ជាមួយ​នឹង​ស្រ្តី

ការធ្វើ​ការងារ​បម្រើ​ដល់​អ្នកដទៃ​គឺ​ជា​វិធីមួយ​ដែល​យើង​អាច​ធ្វើ​ជាចំណែក​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។

និក្ខមនំ ១៩:៣–៦

ប្រជារាស្រ្ត​ក្នុង​សេចក្តី​សញ្ញា​របស់ព្រះអម្ចាស់​គឺ​មានតម្លៃ​ចំពោះទ្រង់ ។

សូមពិចារណា​ថាតើ​វាមាន​អត្ថន័យ​យ៉ាងណា​ដើម្បី​ធ្វើជា « ដាច់​ជា​របស់ » នៃ​ព្រះអម្ចាស់ ( និក្ខមនំ ១៩:៥ ) ។ ប្រធាន រ័សុល អិម ណិលសុន បាន​ផ្តល់​ឲ្យ​នូវ​ការពន្យល់​អំពី​ឃ្លា​នេះ​ថា « នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ពាក្យ​ភាសាហេព្រើរ ​របស់ ត្រូវបាន​បកប្រែ​ជា​ភោគទ្រព្យ ដែល​មានន័យថា ‹ ទ្រព្យសម្បត្តិ​ដែល​មានតម្លៃ › ឬ ‹ រតនៈសម្បត្តិ › ។… ការ​ដែល​យើង​ត្រូវបាន​កំណត់​ដោយ​ពួកអ្នក​បម្រើ​នៃ​ព្រះអម្ចាស់​ថា​ជា រាស្ត្រ​​របស់​ទ្រង់ គឺ​ជា​ការសរសើរ​នៃ​លំដាប់​ខ្ពស់​បំផុត » ( « Children of the Covenant » Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៣៤ ) ។ តើ​ការដឹងថា ការ​រក្សា​សេចក្តីសញ្ញា​របស់អ្នក​ធ្វើ​ឲ្យ​អ្នក​ក្លាយជា « ដាច់ជា​របស់ » មានឥទ្ធិពល​លើ​របៀប​ដែល​អ្នក​រស់នៅ​យ៉ាងដូចម្តេច ?

សូមមើល​ផងដែរ ជែរីត ដបុលយូ ហ្គង « Covenant Belonging » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៨០–៨៣ ។

និក្ខមនំ ១៩:១០–១១, ១៧

ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏ពិសិដ្ឋ​ទាមទារ​ឲ្យ​មានការរៀបចំខ្លួន ។

ព្រះអម្ចាស់​បាន​ប្រាប់ទៅ​ម៉ូសេ​ថា ដំណ​នៃ​សាសន៍​អ៊ីស្រាអែល​ត្រូវរៀបចំខ្លួន​ពីមុន​ពួកគេ​អាច « ទៅជួប​នឹង​ព្រះ » ( និក្ខមនំ ១៩:១០–១១, ១៧ ) ហើយ​រក្សា​សេចក្តីសញ្ញា​ជាមួយទ្រង់ ( សូមមើល និក្ខមនំ ១៩:៥ ) ។ តើ​អ្នក​ត្រូវធ្វើ​អ្វី​ដើម្បី​រៀបចំខ្លួន​ទទួល​បទពិសោធន៍​ដ៏ពិសិដ្ឋ​នៅក្នុង​ជីវិត​របស់អ្នក ដូចជា​ការទៅ​ព្រះវិហារ​បរិសុទ្ធ ឬ​ការទទួលទាន​សាក្រាម៉ង់ ? តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បាន​រៀបចំខ្លួន​ទាំងស្រុង​ដើម្បី​ទទួល​បទពិសោធន៍​ទាំងនេះ ? សូម​គិតពី​សកម្មភាព​ខាងវិញ្ញាណ​មួយចំនួន​ដែល​តម្រូវ​ឲ្យ​មានការរៀបចំខ្លួន និង​សញ្ជឹងគិត​ពិចារណា​ពីរបៀប​ដែល​ការរៀបចំ​ខ្លួន​អាច​ជះឥទ្ធិពល​ដល់​ប្រភេទ​នៃបទពិសោធន៍​ដែល​អ្នក​មាន ។

និក្ខមនំ ២០

ព្រះ​ពោរពេញទៅ​ដោយ​សេចក្តីមេត្តា​ករុណា ។

នៅពេល​អ្នក​អាន និក្ខមនំ ២០ សូម​ពិចារណា​កត់ត្រា​ពី​ក្រឹត្យវិន័យ​ទាំង​ដប់ប្រការ​ដែល​អ្នក​មាន​អារម្មណ៍ថា អ្នក​កំពុងតែ​គោរពតាម ហើយ​ដែល​អ្នក​គិតថា អ្នក​អាច​គោរពបាន​កាន់តែ​ស្មោះត្រង់​ថែម​ទៀត ។ អ្នក​អាចជ្រើសរើស​ក្រឹត្យវិន័យ​មួយ​ដើម្បី​អនុវត្ត​តាម ហើយ​បន្ទាប់មក សិក្សា​ពីវា​ឲ្យ​លម្អិត ដោយការ​អាន​ខគម្ពីរ​ដែល​ពាក់ព័ន្ធគ្នា ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ឬ សារលិខិត​មកពី​សន្និសីទ ( សូមមើល ប្រធានបទ​នៃ​សម័យប្រជុំ ( topics section ) នៃ conference.ChurchofJesusChrist.org ) ។ សូម​ពិចារណា​បញ្ចូល​នៅក្នុង​ការសិក្សា​របស់អ្នក​នូវ​ពរជ័យ​ទាំងឡាយ​ដែល​ជនទាំងឡាយ​ណា​គោរពតាម​បទបញ្ញត្តិ​ទទួលបាន ។ តើ​ពរជ័យ​ទាំងនេះ​បង្ហាញ​សេចក្តីមេត្តាករុណា និង​សេចក្តីស្រឡាញ់​របស់​ព្រះចំពោះ​អ្នក​យ៉ាងដូចម្តេច ?

សូមមើល​ផងដែរ ខារូល អិម ស្ទីហ្វិន « If Ye Love Me, Keep My Commandments » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១៨–២០ ។

និក្ខមនំ ២០:១–៧

វាសំខាន់​ណាស់​ក្នុងការ​ទុកព្រះអម្ចាស់​ជាអាទិភាព​ទីមួយ​នៅក្នុង​ជីវិត​របស់ខ្ញុំ ។

ការអាន និក្ខមនំ ២០:១–៧ អាច​បំផុសគំនិតអ្នក​ឲ្យគិត​អំពី​អាទិភាព​នៅក្នុង​ជីវិត​របស់អ្នក—អ្នក​ក៏អាច​សរសេរ​វា​នៅក្នុង​បញ្ជី​មួយ​ផងដែរ ។ តើ​មាន​អ្វីខ្លះ​ដែល​អ្នក​អាច​ចង់​ដាក់​អាទិភាព « ព្រះឯណា » ឬ « ឆ្លាក់​ធ្វើ​រូប​ណា​ » ( និក្ខមនំ ២០:៣–៤ ) ដែលអ្នកត្រូវបាន​ល្បួងឲ្យ​ដាក់ពីមុនព្រះ ? តើ​ការ​ដាក់​ព្រះអម្ចាស់​ជាទិភាព​ទីមួយ​ជួយ​អ្នក​ជាមួយរឿង​សំខាន់​ផ្សេងៗ​ទៀត​នៅក្នុង​ជីវិត​អ្នក​យ៉ាងដូចម្តេច ? តើ​អ្នក​ទទួល​ការបំផុសគំនិត​ឲ្យ​ធ្វើ​អ្វី​ដើម្បី​បង្កើន​ការផ្តោត​យកចិត្ត​ទុកដាក់​របស់អ្នក​នៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ គ្រីស្ទ ?

សូមមើល​ផងដែរ ដាល្លិន អេក អូក « No Other Gods » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧២–៧៥ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

និក្ខមនំ ១៨:៨–១២ ។តើ​ទីបន្ទាល់​របស់​ម៉ូសេ ពី​ការរំដោះ​របស់​ព្រះ​មានឥទ្ធិពល​អ្វីខ្លះ​មកលើ​យេត្រូ ? តើ​កិច្ចការ​ដ៏អស្ចារ្យ​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​បានធ្វើ​មក​កាន់ក្រុមគ្រួសារ​របស់យើង ? តើ​យើង​អាច​ចែកចាយ​បទពិសោធន៍​របស់​យើង​ជាមួយ​នរណា​ខ្លះ ? តើ​យើង​អាច​ថែរក្សា​បទពិសោធន៍​ទាំងនេះ​ដល់​តំណ​ខាងមុខ​យ៉ាងដូចម្តេច ?

និក្ខមនំ ១៨:១៣–២៦ ។ខគម្ពីរ​ទាំងនេះ​អាចបំផុសគំនិត​ដល់​ក្រុមគ្រួសារ​របស់អ្នក​អំពី​ការបម្រើ​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន​របស់អ្នក ដូចជា ប៊ីស្សព ថ្នាក់ដឹកនាំ​ក្រុមយុវវ័យ ឬ​គ្រូបង្រៀន​អង្គការ​បឋមសិក្សា ។ តើ​ការទទួលខុសត្រូវ​អ្វីខ្លះ​ដែល​ពួកគាត់​មាន​ដែល​ហាក់​ដូចជា « ហួសកម្លាំង » ( និក្ខមនំ ១៨:១៨ ) សម្រាប់​មនុស្ស​ម្នាក់​ដើម្បី​ធ្វើ​តែ​ម្នាក់ឯង ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​ពួកគាត់ ?

និក្ខមនំ ២០:៣–១៧ ។សូមគិត​ពីរបៀប​ដ៏មាន​អត្ថន័យ​ដើម្បី​ពិភាក្សា​អំពី ក្រឹត្យវិន័យ​ទាំងដប់​ប្រការ​ជាក្រុមគ្រួសារ ។ ឧទាហរណ៍ អ្នក​អាច​សរសេរ​ក្រិត្យវិន័យ​ដែល​នៅក្នុង និក្ខមនំ ២០:៣–១៧ នៅលើ​ចម្រៀក​ក្រដាស​ចំនួន​ដប់ ។ បន្ទាប់មក សមាជិកគ្រួសារ​អាច​បង្រួមវា​ទៅជា​ពីរផ្នែក ៖ ( ១ ) គោរពព្រះ និង ( ២ ) ស្រឡាញ់​អ្នកដទៃ ( សូមមើល​ផងដែរ ម៉ាថាយ ២២:៣៦–៤០ ) ។ សូម​ពិចារណា​ជ្រើសរើស​ក្រឹត្យវិន័យ​មួយ ឬ​ពីរ​រាល់ថ្ងៃ​នៅសប្តាហ៍នេះ ហើយ​សូមពិភាក្សា​វា​លម្អិត​ជាមួយគ្នា ។ ឧទាហរណ៍ តើ​ការគោរព​ក្រឹត្យវិន័យ​នេះ​ពង្រឹង​ដល់​ក្រុមគ្រួសារ​របស់​យើង​យ៉ាងដូចម្តេច ? តើ​ព្រះអង្គសង្រ្គោះ​គោរព​ក្រឹត្យវិន័យ​នេះ​យ៉ាងដូចម្តេច ?

និក្ខមនំ ២០:១២ ។ដើម្បី​យល់​ឲ្យ​បាន​ប្រសើរ​អំពី និក្ខមនំ ២០:១២ វាអាច​មាន​អត្ថប្រយោជន៍ ប្រសិនបើ​ក្រុមគ្រួសារ​របស់​អ្នក​រកមើល​អត្ថន័យ​នៃ​ពាក្យ « គោរពប្រតិបត្តិ » ។ បន្ទាប់មក សមាជិក​គ្រួសារ​អាច​ធ្វើបញ្ជី​មួយ​អំពីអ្វីៗដែល​យើង​អាចធ្វើ​ដែល​ជាការគោរពប្រតិបត្តិ​ដល់​ឪពុកម្តាយ​របស់​យើង ? អ្នក​អាច​ច្រៀង​ចម្រៀង​អំពី​ការគោរព​ប្រតិបត្តិ ដូចជា បទ ( ខ្ញុំ​នឹង​ឆាប់​ធ្វើតាម » ( សៀវភៅចម្រៀង​កុមារ ទំព័រ ៧១ ) ហើយ​បន្ទាប់មក សូមប្រើ​គំនិតខ្លះៗ​នៅក្នុង​បញ្ជី​របស់​អ្នក​ដើម្បី​សរសេរ​ឃ្លាថ្មីទៀត​នៃ​បទ​ចម្រៀង​នេះ ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀងដែល​បាន​​ស្នើ ៖ « រក្សា​បទ​បញ្ញត្តិ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៨–៦៩ ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

រក​ពេល​មួយ​ដែល​ល្អ​សម្រាប់​អ្នក ។ វា​ងាយស្រួល​ដើម្បី​រៀន​បទគម្ពីរ នៅពេល​អ្នក​អាច​សិក្សា​ព្រះគម្ពីរ​ដោយគ្មាន​ការរំខាន ។ សូមស្វែងរក​ពេលវេលា​ដែល​ល្អ​សម្រាប់​អ្នក ហើយ​សូម​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព​របស់​អ្នក​ដើម្បីសិក្សា​ឲ្យបាន​ជាប់លាប់​នៅពេលវេលា​នោះ​ជារៀងរាល់​ថ្ងៃ ។

ម៉ូសេ​កាន់បន្ទះ​ថ្ម

រូបភាព​ម៉ូសេ​កាន់​ក្រឹត្យវិន័យ​ដប់ប្រការ ដោយ សែម ឡយឡ័រ