ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១៨–២៤ ខែ មេសា ។ និក្ខមនំ ១៨–២០ ៖ « យើងខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្តី​ដែល​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​មក »


« ថ្ងៃទី ១៨–២៤ ខែ មេសា ។ និក្ខមនំ ១៨–២០ ៖ ‹ យើងខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្តី​ដែល​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​មក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋម​សិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៨–២៤ ខែ មេសា ។ និក្ខមនំ ១៨–២០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២២

ភ្នំ

ភ្នំមួយ​នៅ​ស្រុក​អេស៊ីព្ទ​តាម​ទំនៀមទម្លាប់​ជឿ​ថា​ភ្នំនេះ​ជាភ្នំ​ស៊ីណាយ ។

ថ្ងៃទី ១៨–២៤ ខែ មេសា

និក្ខមនំ ១៨–២០

« យើងខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្តី​ដែល​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​មក »

នៅពេល​បងប្អូន​អាន និក្ខមនំ ១៨–២០ សូម​គិត​អំពី​គោលការណ៍​ដែល​នឹង​មាន​អត្ថន័យ​បំផុត​ចំពោះ​កុមារ ។ បងប្អូន​ប្រហែល​ជា​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​គូស​ចំណាំ​គោលការណ៍​មួយ​ក្រៅ​ពី​យោបល់​​ខាងក្រោម​ទាំងនោះ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ ក្រិត្យ​វិន័យ​មួយ​នៃ​ក្រិត្យវិន័យ​ទាំង​ដប់​ប្រការ​ ( ឬ​រំឭក​ក្រឹត្យ​វិន័យ​ពីរបី​ជាមួយ​ពួកគេ ) និង​អំពីមូលហេតុ​ដែល​ពួកគេ​មានអារម្មណ៍ថា​សំខាន់​ដើម្បី​គោរព​តាម​ក្រឹត្យវិន័យ​នោះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

និក្ខមនំ ១៨:៨–១២

ការចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ​អាច​ប្រទាន​ពរដល់​អ្នក​ដទៃ ។

រេហួល​បាន​ត្រេកអរ នៅពេល​ម៉ូសេ​ចែកចាយ​ពីអ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​កូនចៅ​អ៊ីស្រា​អែល ។ ដំណើរ​រឿងនេះ​អាច​បំផុស​គំនិត​កុមារ ដែល​បងប្អូន​បង្រៀន​ឲ្យ​ចែកចាយ​ជាមួយ​អ្នក​ដទៃ​ពី​អ្វី​ដែល​ពួកគេ​ដឹងថា​ជាការ​ពិត ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមអាន ពាក្យសំដី​ខាងក្រោម ដល់​កុមារ មកពី និក្ខមនំ ១៨:៨ ៖ « ឯ​ម៉ូសេ​លោក​ចាប់​តាំង​រ៉ាយរឿង​ប្រាប់​ឪពុក​ក្មេក​ពី​អស់​ទាំង​ការ​ដែល​ព្រះយេហូវ៉ា​ទ្រង់​បាន​ធ្វើ » ។ សូម​សួរ​កុមារ​ប្រសិន​បើ​ពួកគេ​ចងចាំ​អំពី​អ្វី​ដែល​ព្រះអម្ចាស់ បាន​ធ្វើ​ដើម្បី​ជួយ​កុមារ​នៃ​សាសន៍​អ៊ីស្រាអែល​ឲ្យ​រត់​ភៀសខ្លួន​ពី​ស្រុក​អេស៊ីព្ទ ។ ( ដើម្បី​ជួយ​ពួកគេ​ចងចាំ សូម​បង្ហាញ​រូបភាព​ ឬ ទំព័រ​សកម្មភាព​មក​ពី​មេរៀន​មុនៗ ) ។ តើ​ការណ៍​អ្វី​ខ្លះ ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដើម្បី​ជួយ​យើង ? សូម​ជួយ​កុមារ​យល់​ថា ដូច​ម៉ូសេ​ដូច្នោះ ដែរ គឺ​យើង​អាច​ប្រាប់​មនុស្ស​ដទៃទៀត អំពី​រឿង​ដ៏អស្ចារ្យ ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​យើង ។

  • ថ្នាក់អង្គការ​បឋម​សិក្សា​អាច​ជាកន្លែង​មួយ​ដ៏ល្អ​សម្រាប់​កុមារ ដើម្បី​អនុវត្តន៍​នូវ​ការចែកចាយ​ទីបន្ទាល់​សាមញ្ញៗ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​ជាមួយ​ពួកគេ និង​ជួយ​ពួកគេ​ឲ្យ​ចែកចាយ​សេចក្តី​ពិត​នៃ​ដំណឹងល្អ​ផ្សេង​ទៀត ដែល​ពួកគេ​ជឿ​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។

និក្ខមនំ ២០:៣–១៧

ព្រះ​អម្ចាស់​បាន​ប្រទាន​ក្រឹត្យ​វិន័យ​ទាំងឡាយ ពីព្រោះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​រីករាយ ។

ក្រិត្យវិន័យ​ទាំងឡាយ គឺ​ជា​សេចក្តី​ណែនាំ​របស់​ព្រះ​វរបិតា​សួគ៌​សម្រាប់​ការស្វែងរក​ភាពសុខសាន្ត​នៅ​ក្នុង​ជីវិត​នេះ និង​សេចក្តី​អំណរ​សម្រាប់​ភាពអស់កល្ប​ជា​និច្ច ។ តើ​បងប្អូន​អាច​លើក​ទឹកចិត្ត​កុមារ​ឲ្យ​គោរពតាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​ដោយ​របៀបណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមបង្ហាញ​រូបភាព​មក​ពី « ក្រឹត្យវិន័យ​ទាំង​ដប់​ប្រការ »​( នៅ​ក្នុង ដំណើររឿង​ព្រះគម្ពីរសញ្ញាចាស់ )​ហើយ​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​ដឹង​អំពី​ដំណើរ​រឿង ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​ផ្នែកណាមួយ​នៃ​ដំណើរ​រឿង​ដែល​ពួកគេ​មិន​ទាន់​បាន​ស្គាល់ ។

  • កាល​ដែល​បងប្អូន អាន​ក្រឹត្យ​វិន័យ​ពីរបី​មកពី និក្ខមនំ ២០:៣–១៧ ទៅ​កាន់​កុមារ ( ឬ​សម្រាយ​ជា​ពាក្យ​សម្តី​ដែល​ពួកគេ​អាច​យល់ ) សូម​អញ្ជើញ​ពួកគេ​ឲ្យ​លើ​កមេដៃ​ឡើង ប្រសិន​បើ​ក្រិត្យវិន័យ ខាងលើ គឺ​ជា​អ្វី ដែល​យើង​គួរ​ធ្វើ​តាម និង ដាក់​មេដៃចុះ ប្រសិន​បើ​នេះ​ជាអ្វី​ដែល​យើង​មិន​គួរ​ធ្វើ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​សុភមង្គល​ដែល​បាន​មក​អំពី ការគោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះ​( សូមមើល ម៉ូសាយ ២:៤១ ) ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​កុមារ​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌ ប្រទានពរ​ដល់យើង នៅ​ពេល​ដែល​យើង​គោរពតាម​ក្រឹត្យ​វិន័យ ដូចជា​បទ « រក្សា​បទបញ្ញត្តិ» ( សៀវភៅ​ចម្រៀង​កុមារទំព័រ ១៩០ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ស្តាប់​រក​មើល​ពាក្យ​ពេចន៍​ដើម្បី​ស្វែងរក​ពរជ័យ​អ្វី​ដែល​យើង​ទទួល​នៅ​ពេល​ដែល​យើង​គោរពតាម ។

និក្ខមនំ ២០:១២

ខ្ញុំ​អាច​គោរព​ឳពុក​ម្តាយ​របស់​ខ្ញុំ ។

ការ​គោរព​ប្រតិបត្តិ​ឳពុក​ម្តាយ គឺ​លើស​ពី​ការ​គ្រាន់​តែ​គោរព​ពួកលោក ។ សូម​ជួយ​កុមារ​ឲ្យ​យល់​អំពី​វិធី​ផ្សេងៗ​ដែល​ពួកគេ​អាច​គោរព​ប្រតិបត្តិ​ដល់​ឳពុកម្តាយ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​រៀន​ពី​ឃ្លា « ចូរ​ឲ្យ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ ដើម្បី​ឲ្យ​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​ប្រទាន​ឲ្យ » ( និក្ខមនំ ២០:១២ ) ។ ប្រសិន​បើ​ចាំបាច់​សូម​ពន្យល់​ថា ពាក្យ « គោរព​ប្រតិបត្តិ » មនុស្ស​មួយ​ចំនួន​អាច​ចង់​មាន​ន័យ​ថា ជា​ការ​បង្ហាញ​ការគួរសម​សម្រាប់​ពួកលោក ឬ​ដើម្បី​នាំមក​នូវ​សុភមង្គល​ដល់​ពួកគេ ។ តើ​ព្រះយេស៊ូវ​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​គោរព​ប្រតិបត្តិ​ដល់​ព្រះវរបិតាសួគ៌​របស់​ទ្រង់ ? តើ​ទ្រង់​បាន​គោរព​ប្រតិបត្តិ​ដល់​មាតា​របស់​ទ្រង់​ដោយ​របៀបណា ? ( សូមមើល លូកា ២:៤៨-៥១ ; យ៉ូហាន ១៩:២៦–២៧ ) ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​គោរព​ប្រតិបត្តិ​ដល់ឳពុក​ម្តាយ​របស់​ពួកគេ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​ចេញ​ពីគំនិត​របស់​ពួកគេ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើកាត​ថ្លែង​អំណរគុណ​សម្រាប់​ឳពុក​ម្តាយ​របស់ពួកគេ ។ ពួកគេ​អាច​សរសេរ ឬ គូរ​នៅខាងក្នុង​កាតនោះ​នូវអ្វី​ដែល​ពួកគេ​បាន​ធ្វើ​ដើម្បី​គោរព​ប្រតិបត្តិ​ដល់​ឳពុក​ម្តាយ​របស់​ពួកគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

និក្ខមនំ ១៨:១៣–២៦

ខ្ញុំ​អាច ជួយ « ជាជំនួយ »​នៅក្នុង​ការធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ?

ម៉ូសេ​បាន​រៀន​ថា​ការព្យាយាម​ដើម្បី​ដឹកនាំ​កូនចៅ​អ៊ីស្រាអែល​ទាំងអស់​ដោយខ្លួន​លោក គឺ « មិនស្រួល​ទេ » ( និក្ខមនំ ១៨:១៧ ) ។ ការស្រឡាញ់ និង​ការបម្រើ​គ្នា​ទៅវិញ​ទៅមក​អាច​ជួយ​សម្រាល​បន្ទុក​ថ្នាក់ដឹកនាំ​របស់​យើង ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូររង្វង់​ជាច្រើន​នៅ​លើ​ក្ដារខៀន​ដើម្បី​ជាតំណាង​សមាជិក​វួដ ។ សូមគូររង្វង់​បិទស្លាក ប៊ីស្សព ។ តើហេតុ​អ្វី​បាន​វាជា​បញ្ហា​នៅពេល​ប៊ីស្សព គឺ​ជាមនុស្ស​តែ​ម្នាក់​ដែល​ត្រូវ​ជួយ​មនុស្ស​គ្រប់​គ្នា ? សូមអាន​ជាមួយ​គ្នា​នៅក្នុង និក្ខមនំ ១៨:១៣–២៦  ដើម្បី​ស្វែង​រកដំបូន្មាន​អ្វី​ដែល រេហួល ផ្តល់​ឲ្យ​នៅពេល​ម៉ូសេ​ព្យាយាម​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដោយ​ខ្លួន​លោក ។ សូម​ឲ្យ​កុមារ​បិទស្លាក​រង្វង់​ផ្សេងទៀត​ដើម្បី​តំណាង​ឲ្យ​ថ្នាក់ដឹកនាំ​វួដ​ដទៃ​ទៀត ដែល​បាន​ជួយ​ប៊ីស្សព​បម្រើ​អ្នក​ដទៃ ។ តើ​ថ្នាក់​ដឹកនាំ និង​សមាជិក​ដទៃ​ទៀត​អាច​ជួយ​សម្រាល​បន្ទុក​ប៊ីស្សព​ដោយ​របៀបណា ? តើ​យើង​អាច​ធ្វើ​ដូចគ្នា​នេះ​សម្រាប់​ថ្នាក់​ដឹកនាំ​វួដរបស់​យើង​យ៉ាង​ដូចម្តេច ? សម្រាប់​ឳពុក​ម្តាយ​យើង​យ៉ាង​ដូចម្តេច ?

  • សូមជួយ​កុមារ ធ្វើ​បញ្ជី​ថ្នាក់​ដឹកនាំ​នៅក្នុង​វួដ​របស់​បងប្អូន ។ ជា​ថ្នាក់​ទាំងមូល​សូម​ជ្រើសរើស​មនុស្ស​ម្នាក់​ហើយ​ពិភាក្សា​អំពី​អ្វី​ដែល​មនុស្ស​ម្នាក់​នេះធ្វើ ដើម្បី​សម្រេច​កិច្ចការ​របស់​ព្រះអម្ចាស់ និង​អ្វី​ដែល​កុមារ​អាច​ធ្វើ​ដើម្បី​ជួយ ។

    បុរស​ចាប់ដៃ​ជាមួយ​នឹង​ស្ត្រី

    ការ​បម្រើ​អ្នក​ដទៃ គឺ​ជាវិធី​មួយ​ដែល​យើង​អាច​ជួយ​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។

និក្ខមនំ ២០:១–៧

វាសំខាន់​ខ្លាំងណាស់​ដែល​ត្រូវ​ដាក់​ព្រះអម្ចាស់​ដំបូង​គេ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។

យើង​ទាំងអស់​គ្នា​​មាន​អ្វីៗ​ដែល​អាច​នឹងត្រូវ​ល្បួង​ឲ្យ​ដាក់​ពីមុន​ព្រះ​នៅក្នុង​ជីវិត​របស់​យើង ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ការ​ដាក់​ព្រះ​វរបិតាសួគ៌ ជាមុន​ដោយ​របៀបណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមអាន និក្ខមនំ ២០:១–៧ ជាមួយគ្នា ហើយ​ពន្យល់ថា​អ្វី​ក៏ដោយដែល​យើង​ដាក់​ពីមុន​ព្រះ​នៅក្នុង​ជីវិត​របស់​យើង គឺប្រៀប​ដូចជា « ព្រះ​ឯណា​ទៀត » ហើយ «ឆ្លាក់​ធ្វើ​រូប​ណា » ដូច​បាន​រៀបរាប់​នៅក្នុង​ខទី ៣–៤ ។ សូម​សួរ​កុមារថា ហេតុអ្វី​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​យើង​ដាក់​ទ្រង់​ជា​មុន ។ តើ​ពរជ័យ​អ្វី​ដែល​ទ្រង់​បាន​សន្យា​ចំពោះ​យើងប្រសិន​បើ​យើង​ធ្វើតាម ? សូម​សួរ​កុមារ​ថា​តើយើង​អាច​បង្ហាញ​ព្រះវរបិតាសួគ៌​ថា ទ្រង់​សំខាន់​លើស​អ្វីៗ​ទាំងអស់​នៅក្នុង​ជីវិត​របស់​យើង​ដោយ​របៀបណា ។

  • សូមគិត​អំពី​កិច្ចការ​ជំហាន​ដំបូង​មាន​សារៈ​សំខាន់​ដូចជា លាងដៃ មុនពេល​បរិភោគអាហារ ពាក់​ស្រោម​ជើង​មុនពេល​ពាក់​ស្បែក​ជើង ។ តើ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​យើង​មិនធ្វើ​តាម​ជំហាន​សំខាន់ៗ​ទាំងនេះ ? តើ​វា​នឹង​ក្លាយ​ជាដូចម្តេច​ក្នុង​ការ​ដាក់​ព្រះវរបិតាសួគ៌​ជាមុននៅក្នុង​ជីវិត​របស់​យើង ? សូម​ចែកចាយ​ទីបន្ទាល់​របស់បងប្អូន​អំពី​ការដាក់​ព្រះ​ជា​មុន បាន​ប្រទានពរ​ដល់​ជីវិត​បងប្អូន ហើយ​សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ផងដែរ ។

  • សូមច្រៀង​ចម្រៀង​មួយ​បទ​អំពី​ព្រះវរបិតាសួគ៌ ដូចជា​បទ « ព្រះវរបិតា​ស្រឡាញ់​ខ្ញុំសៀវភៅ​ចម្រៀង​កុមារទំព័រ ១៦–១៧ ) ។ តើ​យើង​រៀន​អ្វីខ្លះ​ចេញ​ពី​បទ​ចម្រៀង​អំពី​ហេតុអ្វី​វា​សំខាន់​ក្នុង​ការដាក់​ព្រះវរបិតាសួគ៌​មុនគេ​នៅក្នុង​ជីវិត​របស់យើង ?

និក្ខមនំ ២០:៣–១៧

ព្រះ​អម្ចាស់​បាន​ប្រទាន​ក្រឹត្យ​វិន័យ​ទាំងឡាយ ពីព្រោះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​រីករាយ ។

កុមារ​នឹងកាន់​តែចង់​គោរព​តាម​ក្រឹត្យ​វិន័យ ប្រសិន​បើ​ពួកគេ ឃើញ​វាគឺជា​ការ​បង្ហាញ​សេចក្តីស្រឡាញ់​របស់ព្រះ និង ជាឱកាស​ដើម្បី​សម្តែង​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ទ្រង់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​រៀបចំ​ចម្រៀក​ក្រដាស​ដែល​មាន​ក្រឹត្យ​វិន័យ​នៅក្នុង និក្ខមនំ ២០:៣–១៧ នៅ​លើ​នោះ ។ សូម​សរសេរ​ចាប់ពី​លេខ​មួយ​ដល់​លេខ​ដប់​នៅលើ​ក្តារខៀន ហើយ​អញ្ជើញ​កុមារ​ឲ្យ​ដាក់​ចម្រៀក​ក្រដាស​នោះ​តាម​លំដាប់​លំដោយ​ត្រឹមត្រូវ​នៅលើ​ក្តារខៀន ។ សូម​និយាយ​អំពី​របៀប​ដែល​យើង​អាច​ធ្វើតាម​ក្រឹត្យ​វិន័យ​ទាំងនេះ ។ ពួកគេ​អាច​មើល​នៅក្នុង​អត្ថបទ​ប្រធានបទ​ដំណឹង​ល្អ « ក្រិត្យវិន័យ​ដប់​ប្រការ » ​នៅលើ​គេហទំព័រ ( topics.ChurchofJesusChrist.org ) ។

  • សូមអញ្ជើញ​កុមារ​ឲ្យ​គូររូប​ភាព​នៃ​ពាក្យគន្លឹះ​ចេញពី​ក្រឹត្យ​វិន័យ​ដើម្បី​ជួយ​ពួកគេ​ចងចាំ​វា ។

  • សូម​ដំណាល​រឿង​របស់​ក្លូ ដកស្រង់​ចេញពី​សារលិខិត ស៊ិស្ទើរ ខារូល អិម ស្ទីវិនស៍ « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១៨–២០ ) ។ តើ​រឿង​នេះ​ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​ប្រទាន​ក្រឹត្យ​វិន័យ​ដល់​យើង​ដោយ​របៀប​ណា ? តើ​យើង​អាច​ចាប់​ផើ្តម​គោរព​តាម​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ដោយ​របៀប​ណា ?

រូប​តំណាង​ការ​រៀនសូត្រ

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ចូលចិត្ត​ធ្វើ ពីព្រោះ​តែ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់ ។ សូម​ជួយ​ពួកគេ​ធ្វើ​ការរំឭក​មួយ​សាមញ្ញ​អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ដើម្បី​ពួកគេ​អាច​យក​ទៅផ្ទះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​ព្រះវិញ្ញាណ ។ កុមារ​អាច​​ស្គាល់​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ។ សូម​បង្រៀន​ពួកគេ​ថា អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត សេចក្ដី​ស្រឡាញ់ និង​ដួងចិត្ត​កក់ក្ដៅ​ដែល​ពួកគេ​មាន​នៅ​ពេលដែល​ពួកគេ​និយាយ ឬ​ច្រៀង​ពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ កើត​មាន​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។