« ថ្ងៃទី ២៥ ខែ មេសា–ថ្ងៃទី ១ ខែ ឧសភា ។ និក្ខមនំ ២៤; ៣១–៣៤ ៖ ‹ អញនឹងទៅជាមួយនឹងឯង › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៥ ខែ មេសា–ថ្ងៃទី ១ ខែ ឧសភា ។ និក្ខមនំ ២៤; ៣១–៣៤ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ២៦ ខែ មេសា–ថ្ងៃទី ២ ខែ ឧសភា
និក្ខមនំ ២៤; ៣១–៣៤
« អញនឹងទៅជាមួយនឹងឯង »
ពុំមែនរាល់គោលការណ៍ដែលមានអត្ថន័យនៅក្នុងបទគម្ពីរទាំងអស់អាចត្រូវបានលើកឡើងនៅក្នុងគម្រោងទាំងនេះទេ ។ សូមស្តាប់ព្រះវិញ្ញាណដើម្បីជួយបងប្អូនផ្តោតលើសេចក្តីពិតដែលបងប្អូនត្រូវការ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
មានមូលហេតុដើម្បីសង្ឃឹមថា កូនចៅនៃអ៊ីស្រាអែលនឹងបន្តនៅពិតចំពោះព្រះ បន្ទាប់ពីទ្រង់បានបើកសម្តែងក្រឹត្យវិន័យរបស់ទ្រង់ចំពោះពួកគេ ( សូមមើល និក្ខមនំ ២០–២៣ ) ។ ទោះបីជាពួកគេបានរអ៊ូរទាំ ហើយងាករេពីអតីតកាលក្តី នៅពេល ម៉ូសេ អានក្រឹត្យវិន័យនៅជើងភ្នំ ស៊ីណាយ ពួកគេបានធ្វើសេចក្តីសញ្ញានេះ ៖ « យើងខ្ញុំរាល់គ្នានឹងធ្វើតាមគ្រប់អស់ទាំងសេចក្តី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមក ហើយនឹងស្តាប់បង្គាប់គ្រប់ចំពូកផង » ( និក្ខមនំ ២៤:៧ ) ។ បន្ទាប់មកព្រះបានហៅម៉ូសេ ឡើងលើភ្នំ ដោយប្រាប់គាត់ឲ្យធ្វើរោងឧបោសថមួយឡើង ដើម្បី « ឲ្យអញបាននៅកណ្តាលគេ » ( និក្ខមនំ ២៥:៨; សូមមើល ជំពូកទី ២៥–៣០ ) ។
ប៉ុន្តែនៅពេលម៉ូសេ នៅលើកំពូលភ្នំកំពុងរៀនពីរបៀបដែលសាសន៍អ៊ីស្រាអែលអាចបានទ្រង់ទៅជាមួយពួកគេ ពួកសាសន៍អ៊ីស្រាអែលនៅឯជើងភ្នំ ធ្វើរូបសំណាកមាសដើម្បីថ្វាយបង្គំទៅវិញ ។ ពួកគេទើបតែបានសន្យាថា « កុំឲ្យមានព្រះឯណាទៀត » ប៉ុន្តែពួកគេ « រហ័សបែរចេញ » ពីព្រះបញ្ញត្តិរបស់ព្រះ ( និក្ខមនំ ២០:៣; ៣២:៨; សូមមើលផងដែរ និក្ខមនំ ២៤:៣ ) ។ វាគឺជាការបែរចេញដ៏គួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែយើងដឹងចេញពីបទពិសោធន៍ថាសេចក្តីជំនឿ និងការប្តេជ្ញាចិត្តពេលខ្លះអាចត្រូវបានយកឈ្នះដោយការគ្មានអំណត់ សេចក្តីភ័យខ្លាច ឬ ការសង្ស័យ ។ នៅពេលយើងស្វែងរកវត្តមានរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើង វាគឺជាការលើកទឹកចិត្តដើម្បីដឹងថា ព្រះអម្ចាស់មិនបានបោះបង់ចោលសាសន៍អ៊ីស្រាអែលពីបុរាណនោះទេ ហើយទ្រង់នឹងមិនបោះបង់យើងចោលដែរ—ត្បិតទ្រង់ « មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរស និងសេចក្តីទៀងត្រង់ ជាបរិបូរ » ( និក្ខមនំ ៣៤:៦ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
សេចក្តីសញ្ញារបស់ខ្ញុំបង្ហាញឆន្ទៈរបស់ខ្ញុំដើម្បីគោរពក្រឹត្យវិន័យរបស់ព្រះ ។
នៅពេលបងប្អូនអាននៅក្នុង និក្ខមនំ ២៤:៣–៨ អំពីសេចក្តីសញ្ញារបស់សាសន៍អ៊ីស្រាអែលក្នុងការគោរពក្រឹត្យវិន័យរបស់ព្រះ នោះគំនិតរបស់បងប្អូនអាចគិតដល់សេចក្តីសញ្ញាដែលបងប្អូនបានធ្វើជាមួយព្រះ ។ សេចក្តីសញ្ញារបស់សាសន៍អ៊ីស្រាអែលរួមមានទាំងពិធីសាសនាដែលខុសពីអ្វីដែលព្រះតម្រូវនៅសព្វថ្ងៃនេះ ប៉ុន្តែបងប្អូនអាចសម្គាល់ឃើញនូវភាពស្រដៀងគ្នាខ្លះៗ ជាពិសេសប្រសិនបើបងប្អូនពិចារណាពីសេចក្តីពិតដ៏នៅអស់កល្បជានិច្ចដែលត្រូវបានតំណាងដោយពិធីទាំងនេះ ។
ឧទាហរណ៍ ខទី ៤, ៥ និង ៨ បានលើកឡើងពី អាសនា ដង្វាយសត្វពាហៈនៈ និងលោហិត ។ តើអ្វីៗទាំងនេះអាចតំណាងអ្វី ហើយតើវាទាក់ទងនឹងសេចក្តីសញ្ញារបស់បងប្អូនយ៉ាងដូចម្តេច ? តើសេចក្តីសញ្ញារបស់បងប្អូនជួយបងប្អូនឲ្យធ្វើ « តាមគ្រប់អស់ទាំងសេចក្តី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមក » យ៉ាងដូចម្តេច ? ( ខទី ៧ ) ។
សូមមើលផងដែរ ម៉ូសេ ៥:៤–៩ Becky Craven, “Careful versus Casual,” Liahona, ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៩–១១ ។
អំពើបាបគឺជាការងាកចេញពីព្រះ ប៉ុន្តែទ្រង់បានប្រទានផ្លូវឲ្យត្រឡប់មកវិញ ។
តាមរយៈការសញ្ជឹងគិតពិចារណាអំពីរបៀបដែលសាសន៍អ៊ីស្រាអែលដែល « គេបានបង្ខូចចិត្ត » យ៉ាងរហ័ស ( និក្ខមនំ ៣២:៧ ) ដោយការបំពានសេចក្តីសញ្ញារបស់ពួកគេ យើងអាចជៀសវាងពីកំហុសស្រដៀងគ្នានេះបាន ។ នៅពេលបងប្អូនអាន និក្ខមនំ ៣២:១–៨ សូមព្យាយាមដាក់ខ្លួនបងប្អូនជាសាសន៍អ៊ីស្រាអែល—បងប្អូននៅក្នុងទីរហោស្ថាន ម៉ូសេ បានចេញទៅអស់ ៤០ ថ្ងៃទៅហើយ បងប្អូនពុំដឹងថាតើ ឬ នៅពេលណាគាត់ត្រឡប់មកវិញ ហើយការតទល់ជាមួយនឹងសាសន៍កាណាននៅលើដែនដីសន្យាគឺជាអនាគតរបស់បងប្អូន ( សូមមើលផងដែរ និក្ខមនំ ២៣:២២–៣១ ) ។ ហេតុអ្វីបងប្អូនគិតថាសាសន៍អ៊ីស្រាអែលចង់បានរូបសំណាកមាសនោះ ? ហេតុអ្វីបានជាអំពើបាបរបស់សាសន៍អ៊ីស្រាអែលធ្ងន់ធ្ងរខ្លាំងម្ល៉េះ ? ខគម្ពីរទាំងនេះអាចជំរុញបងប្អូនឲ្យគិតពិចារណានូវរបៀបជាច្រើនដែលបងប្អូនអាចត្រូវល្បួងឲ្យដាក់ការទុកចិត្តរបស់បងប្អូនលើនរណាម្នាក់ ឬ អ្វីមួយក្រៅពីព្រះអង្គសង្រ្គោះ ។ តើមានអ្វីខ្លះដែលបងប្អូនមានអារម្មណ៍ថាបានទទួលការបំផុសគំនិតឲ្យធ្វើដូច្នោះ ដែលបងប្អូនអាចដាក់ព្រះមុនគេនៅក្នុងជីវិតរបស់បងប្អូនទាំងស្រុងដែរឬទេ ? តើមានអ្វីបំផុសគំនិតបងប្អូនអំពីការទូលអង្វររបស់ម៉ូសេ ចំពោះព្រះអម្ចាស់នៅក្នុង និក្ខមនំ ៣៣:១១–១៧ ដែរឬទេ ?
ខណៈដែលអំពើបាបរបស់សាសន៍អ៊ីស្រាអែលធ្ងន់ធ្ងរ នោះដំណើររឿងនេះក៏បានបញ្ចូលនូវសារនៃសេចក្តីមេត្តាករុណា និងការអភ័យទោសរបស់ព្រះផងដែរ ។ តើ និក្ខមនំ ៣៤:១–១០ បង្រៀនបងប្អូនអ្វីខ្លះអំពីព្រះអង្គសង្រ្គោះ ? តើទង្វើរបស់ម៉ូសេ ជំនួសឲ្យសាសន៍អ៊ីស្រាអែលរំឭកបងប្អូនពីអ្វីដែលព្រះយេស៊ូវ គ្រីស្ទ បានធ្វើសម្រាប់មនុស្សទាំងអស់យ៉ាងដូចម្តេច ? ( សូមមើល និក្ខមនំ ៣២:៣០–៣២; ម៉ូសាយ ១៤:៤–៨; ១៥:៩; គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:៣–៥ ) ។
ការបកប្រែរបស់យ៉ូសែបស្មីធ និក្ខមនំ ៣៤:១–២ ( នៅក្នុងសេចក្ដីណែនាំដល់គម្ពីរទាំងឡាយ )
តើមានអ្វីខ្លះខុសគ្នារវាងបន្ទះថ្ម ២ ដែលម៉ូសេ បានធ្វើ ?
នៅពេល ម៉ូសេ បានចុះពីលើភ្នំវិញ គាត់បានយកក្រឹត្យវិន័យដែលមានសរសេរនៅលើបន្ទះថ្ម ។ បន្ទាប់ពីដឹងថា សាសន៍អ៊ីស្រាអែលបានបំពានសេចក្តីសញ្ញារបស់ពួកគេ ម៉ូសេ បានបំបែកបន្ទះថ្ម ( សូមមើល និក្ខមនំ ៣១:១៨; ៣២:១៩ ) ។ ក្រោយមក ព្រះបង្គាប់ឲ្យម៉ូសេ ធ្វើបន្ទះថ្ម២ ផ្សេងទៀត ហើយយកវាទៅភ្នំវិញ ( សូមមើល និក្ខមនំ ៣៤:១–៤ ) ។ ការបកប្រែរបស់យ៉ូសែបស្មីធ និក្ខមនំ ៣៤:១–២ ( នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ) បញ្ជាក់ថា បន្ទះថ្ម ២ លើកដំបូង មានរួមបញ្ចូលទាំងពិធីបរិសុទ្ធ « របៀបដ៏បរិសុទ្ធ » របស់ព្រះ ឬ បព្វជិតភាពមិលគីស្សាដែក ។ បន្ទះថ្មលើកទីពីរមានរួមបញ្ចូល « ក្រឹត្យវិន័យ ដែលមានសេចក្តីបញ្ញាត្តិខាងសាច់ឈាម » ។ នេះគឺជាក្រឹត្យវិន័យថ្នាក់ទាបដែលបានគ្រប់គ្រងដោយ « បព្វជិតភាពតូចជាង » ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១៧–២៧ ) ដែលមានន័យថាត្រូវរៀបចំសាសន៍អ៊ីស្រាអែលដើម្បីទទួលក្រឹត្យវិន័យខ្ពស់ជាង និងបព្វជិតភាពខ្ពស់ជាង ដើម្បីពួកគេអាចចូលទីវត្តមានរបស់ព្រះកាន់តែពេញលេញ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
និក្ខមនំ ៣១:១២–១៣, ១៦–១៧ ។បន្ទាប់ពីអានខគម្ពីរទាំងនេះរួច ប្រហែលជាក្រុមគ្រួសាររបស់បងប្អូនអាចពិភាក្សាពីសំណើរបស់ប្រធាន រ័សុល អិម ណិលសុន អំពីឥរិយាបទរបស់យើងនៅថ្ងៃឈប់សម្រាក ៖ « តើទីសម្គាល់អ្វីដែលបងប្អូននឹងថ្វាយជូនព្រះអម្ចាស់ ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់បងប្អូនចំពោះទ្រង់ ? » ( « The Sabbath Is a Delight » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៣០ ) ។ ក្រុមគ្រួសាររបស់បងប្អូនអាចធ្វើទីសម្គាល់ខ្លះៗដើម្បីបិទនៅជុំវិញផ្ទះរបស់បងប្អូនទុកជាការរំឭកដល់បងប្អូនពីរបៀបដែលបងប្អូនបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះអម្ចាស់នៅថ្ងៃឈប់សម្រាក ។ ( សូមមើលផងដែរ វីដេអូជ្រើសរើស “Sabbath Day—At Home” គេហទំព័រ [ ChurchofJesusChrist.org ] ) ។
-
និក្ខមនំ ៣២:១–៨ ។ដើម្បីជួយក្រុមគ្រួសារបងប្អូនពិភាក្សាពីរបៀបដែលសាសន៍អ៊ីស្រាអែលបែរចេញពីព្រះ សូមពិចារណាការបង្កើតផ្លូវមួយទៅកាន់ទ្វារ ( ឬស្វែងរកផ្លូវមួយនៅជិតផ្ទះបងប្អូន ) ។ ខណៈដែលកំពុងដើរនៅលើផ្លូវនេះ នោះសមាជិកគ្រួសារអាចនិយាយអំពីការល្បួងទាំងឡាយដែលយើងជួបប្រទះធ្វើឲ្យយើងបែរចេញ « ពីផ្លូវដែល [ ព្រះអម្ចាស់ ] បានបង្គាប់គេ » ។ តើយើងអាចបន្តនៅលើផ្លូវនេះយ៉ាងដូចម្តេច ? ប្រសិនបើយើងបានវង្វេងផ្លូវ តើយើងអាចត្រឡប់ទៅកាន់ផ្លូវនេះវិញយ៉ាងដូចម្តេច ? តើព្រះអង្គសង្រ្គោះជួយយើងឲ្យធ្វើបែបនេះយ៉ាងដូចម្តេច ?
-
និក្ខមនំ ៣២:២៦ ។បន្ទាប់ពីបានឃើញសាសន៍អ៊ីស្រាអែលកំពុងថ្វាយបង្គំរូបសំណាក ម៉ូសេ បានសួរថា « អ្នកណាដែលនៅខាងព្រះយេហូវ៉ា ? » តើយើងបង្ហាញថាយើងនៅខាងព្រះអម្ចាស់យ៉ាងដូចម្តេច ?
-
និក្ខមនំ ៣៣:១៤–១៥ ។សមាជិកគ្រួសារអាចចែកចាយបទពិសោធន៍នៅពេលពួកគេទទួលអារម្មណ៍ពីអ្វីដែលព្រះបានសន្យាដល់ម៉ូសេ ៖ « អញនឹងទៅជាមួយនឹងឯង ហើយអញនឹងឲ្យឯងបានសម្រាក » ។ អ្នកអាចច្រៀងទំនុកតម្កើងអំពីការពឹងអាស្រ័យរបស់យើងនៅលើព្រះ ដូចជាបទ « សូមគង់នឹងខ្ញុំ » ( ទំនុកតម្កើង ល.រ. ៩៨ ) ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងលើកទឹកចិត្តឲ្យប្រើ ៖ « Who’s on the Lord’s Side? » ទំនុកតម្កើង, លេខ. ២៦០ ។