ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
គំនិត​ដើម្បី​ពិចារណា ៖ រោងឧបោសថ និង យញ្ញបូជា


« គំនិត​ដើម្បី​ពិចារណា ៖ រោងឧបោសថ និង យញ្ញបូជា » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« គំនិត​ដើម្បី​ពិចារណា ៖ រោងឧបោសថ និង យញ្ញបូជា » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបតំណាង​គំនិត

គំនិត​ដើម្បី​ពិចារណា

រោងឧបោសថ និង យញ្ញបូជា

នៅពេល​យើង​អាន​ព្រះគម្ពីរ​សញ្ញាចាស់ ពេលខ្លះ​យើង​ឃើញ​វគ្គបទគម្ពីរ​វែងៗ​អំពី​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​ព្រះអម្ចាស់ ប៉ុន្តែ អាច​មាន​អារម្មណ៍​ភ្លាមៗ​ថា​មិន​ទាក់ទង​នឹង​សម័យ​របស់​យើង​ទេ ។ និក្ខមនំ ២៥–៣០; ៣៥–៤០; លេវីវិន័យ ១–៩; ១៦–១៧ គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន ។ ជំពូក​ទាំងនេះ​ពិពណ៌នា​លម្អិត​ពី​រោងឧបោសថ​របស់​សាសន៍​អ៊ីស្រាអែល​នៅក្នុង​ទីរហោស្ថាន និង​ការបូជា​សត្វ​ដែល​ត្រូវធ្វើ​នៅទីនោះ ។ រោងឧបោសថ​គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​ដែល​អាច​ចល័ត​បាន ជា​ទីដែល​ព្រះអម្ចាស់​គង់​នៅ​ក្នុង​ចំណោម​ប្រជារាស្រ្ត​របស់ទ្រង់ ។

ព្រះវិហារបរិសុទ្ធ​សម័យទំនើប​របស់យើង​មាន​ភាព​ស្រដៀង​គ្នា​នឹង​រោងឧបោសថ​របស់​សាសន៍​អ៊ីស្រាអែល​ដែរ ប៉ុន្តែ​វា​មិន​ត្រូវគ្នា​ទាំងស្រុង​ដូច​ការពិពណ៌នា​នៅក្នុង​និក្ខមនំ នោះទេ ។ ហើយ​យើង​មិន​សម្លាប់​សត្វ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​យើង​នោះ​ទេ—ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្រ្គោះ​បាន​បញ្ចប់​ការបូជា​សត្វ​ជាង ២,០០០ ឆ្នាំ​កន្លង​ទៅ​ហើយ ។ ប៉ុន្តែ​ទោះ​ជា​មាន​ភាព​ខុសគ្នា​ទាំងនេះ​ក៏​ដោយ ក៏​សព្វថ្ងៃ​នេះ​វា​មាន​តម្លៃ​មហិមា​នៅ​ក្នុង​ការអាន​អំពី​ទម្រង់​ថ្វាយបង្គំ​របស់​សាសន៍​អ៊ីស្រាអែល​ពីបុរាណ​ដែរ ជាពិសេស ប្រសិនបើ​យើង​មើល​ពួកគេ​តាមរបៀប​ដែល​ប្រជារាស្រ្ត​របស់ព្រះ​នៅក្នុង​ព្រះគម្ពីរមរមន​បានធ្វើ—ជារបៀប « ជួយ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​គេ​ក្នុង​ព្រះ​គ្រីស្ទ » ( អាលម៉ា ២៥:១៦; សូមមើល​ផងដែរ យ៉ាកុប ៤:៥; យ៉ារ៉ុម ១:១១ ) ។ នៅពេល​យើង​យល់​ពី​និមិត្តសញ្ញា​នៃ​រោងឧបោសថ និង​ការបូជាសត្វ នោះ​យើង​អាច​ទទួលបាន​ការរីកចម្រើន​នៃ​ការយល់ដឹង​ខាងវិញ្ញាណ​ដែល​នឹង​ពង្រឹង​សេចក្តីជំនឿ​របស់យើង​លើ​ព្រះគ្រីស្ទ​ផងដែរ ។

ប្រជាជន​យក​កូនចៀម​ទៅឲ្យ​សង្ឃ​នៅឯ​រោងឧបោសថ

ការរចនា​រូបភាព​ពី​សាសន៍​អ៊ីស្រាអែល​យក​កូនចៀម​ទៅ​រោងឧបោសថ ដោយ រ៉ូប៊ើត បារេត

រោងឧបោសថ​ពង្រឹង​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ គ្រីស្ទ

នៅពេល​ព្រះ​បង្គាប់​ម៉ូសេ ឲ្យ​សង់​រោងឧបោសថ​មួយ​នៅក្នុង​ជំរំ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​ថ្លែង​ពី​គោលបំណង​របស់​រោងឧបោសថ​នេះ ៖ « ដើម្បី​ឲ្យ​អញ​បាន​នៅ​កណ្តាល​គេ » ( និក្ខមនំ ២៥:៨ ) ។ នៅក្នុង​រោងឧបោសថ វត្តមាន​របស់​ព្រះ​ត្រូវបាន​តំណាង​ដោយ​ហិប​នៃ​សេចក្តីសញ្ញា—ប្រអប់ឈើ ដែល​ស្រោប​មាស ដោយមាន​ចារឹក​នូវ​សេចក្តីសញ្ញា​របស់ព្រះ​ជាមួយ​ប្រជារាស្រ្ត​របស់ទ្រង់ ( សូមមើល និក្ខមនំ ២៥:១០–២២ ) ។ ហិប​នេះ​ត្រូវបាន​រក្សាទុក​នៅបន្ទប់​បរិសុទ្ធបំផុត បន្ទប់​នៅជ្រៅបំផុត ដែល​ត្រូវបាន​ខណ្ឌ​ចែក​ដោយ​ឡែក​ពី​បន្ទប់​ផ្សេងៗ​ក្នុង​រោងឧបោសថ​ដោយ​វាំងនន ។ វាំងនន​នេះ​ជានិមិត្ត​រូប​នៃ​ការបែក​ចេញ​ពី​វត្តមាន​របស់​ព្រះ​ពីព្រោះ​តែ​ការធ្លាក់​របស់​យើង ។

ក្រៅពីម៉ូសេ យើង​ដឹងថា​មាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​ចូល « ទីបរិសុទ្ធ​បំផុត » ( និក្ខមនំ ២៦:៣៤ )—សង្ឃជាន់ខ្ពស់ ។ ដូចជា​សង្ឃដទៃទៀត​ដែរ ដំបូង គាត់​ត្រូវ​តែ​បាន​លាង និង​តាំងប្រេង​ជាមុនសិន ( សូមមើល និក្ខមនំ ៤០:១២–១៣ ) និង​ស្លៀកពាក់​សម្លៀកបំពាក់​ពិសិដ្ឋ​ជានិមិត្ត​រូប​នៃ​តំណែង​របស់​គាត់ ( សូមមើល និក្ខមនំ ២៨ ) ។ មួយឆ្នាំម្តង នៅថ្ងៃ​ដែល​ហៅថា ថ្ងៃ​នៃ​ដង្វាយធួន សង្ឃជាន់ខ្ពស់​នឹង​ថ្វាយ​ដង្វាយ​ជំនួស​មុខ​ឲ្យ​ប្រជារាស្រ្ត​របស់គាត់​ពីមុន​ចូលទៅក្នុង​រោងឧបោសថ​តែ​ម្នាក់ឯង ។ នៅឯ​វាំងនន គាត់​នឹង​ដុត​គ្រឿងក្រអូប ( សូមមើល លេវីវិន័យ ១៦:១២ ) ។ ផ្សែង​គ្រឿងក្រអូប​បាន​ភាយ​ឡើង​ទៅ​ស្ថានសួគ៌​ដែលតំណាង​ឲ្យ​ការអធិស្ឋាន​របស់​ប្រជាជន​កំពុង​ឡើង​ទៅរក​ព្រះ ( សូមមើល ទំនុកដំកើង ១៤១:២ ) ។ បន្ទាប់មក សង្ឃជាន់ខ្ពស់ យក​ឈាម​ពីសត្វ​ដែល​បូជា ដើរ​កាត់​វាំងនន ហើយ​ឆ្ពោះ​ទៅរក​បល្ល័ង្ក​របស់ព្រះ ដែល​ជា​និមិត្ត​រូប​ដោយ​ហិប​នៃ​សេចក្តីសញ្ញា ( សូមមើល លេវីវិន័យ ១៦:១៤–១៥ ) ។

ដោយ​ដឹង​ពី​អ្វី​ដែល​បងប្អូន​ដឹង​អំពី​ព្រះយេស៊ូវ គ្រីស្ទ និង​ព្រះរាជកិច្ច​របស់ទ្រង់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ តើ​បងប្អូន​អាច​មើល​ឃើញ​ពី​របៀប​ដែល​រោងឧបោសថ​បង្ហាញ​ផ្លូវ​យើង​ទៅរក​ព្រះអង្គ​សង្រ្គោះ​ដែរ​ឬ​ទេ ? គឺ​ដូចជា​រោងឧបោសថ និង​ហិប​ដែល​មាននៅក្នុង​រោងឧបោសថ​ដែរ ជាតំណាង​ឲ្យ​វត្តមាន​របស់ព្រះ​នៅក្នុង​ចំណោម​ប្រជារាស្រ្ត​របស់​ទ្រង់ ព្រះយេស៊ូវ គ្រីស្ទ គឺជា វត្តមាន​របស់​ព្រះ​នៅក្នុង​ចំណោម​ប្រជារាស្រ្ត​របស់ទ្រង់ ( សូមមើល យ៉ូហាន ១:១៤ ) ។ ក៏ដូចជា​សង្ឃជាន់ខ្ពស់​ផងដែរ ព្រះយេស៊ូវ គ្រីស្ទ គឺជា​អង្គសម្រុះសម្រួល​រវាងយើង និង​ព្រះជា​ព្រវរបិតា ។ ទ្រង់បាន​ឆ្លងកាត់​វាំងនន​ដើម្បី​ធ្វើ​ការអង្វរក​សម្រាប់​យើង​ដោយ​គុណធម៌​នៃ​ព្រះលោហិត​នៃការពលិកម្ម​របស់​ព្រះអង្គទ្រង់​ផ្ទាល់ ( សូមមើល ហេព្រើរ ៨–១០ ) ។

បងប្អូន​អាច​ដឹង​ពី​ទិដ្ឋភាព​ខ្លះៗ​នៃ​រោងឧបោសថ​របស់​សាសន៍​អ៊ីស្រាអែល ជាពិសេស ប្រសិនបើ​បងប្អូន​ធ្លាប់​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​របស់​បងប្អូន​ផ្ទាល់ ។ ដូចជា​កន្លែង​បរិសុទ្ធ​បំផុត​របស់​រោងឧបោសថ​ដែរ បន្ទប់​សេឡេស្ទាល​របស់​ព្រះវិហារ​បរិសុទ្ធ​តំណាង​ឲ្យ​វត្តមាន​របស់​ព្រះ​ផងដែរ ។ ដើម្បី​ចូលទៅក្នុង​បាន ដំបូង​យើងត្រូវតែ​លាង និង​ចាក់ប្រេងតាំង​ជាមុន​សិន ។ យើង​ពាក់​សម្លៀកបំពាក់​ពិសិដ្ឋ ។ យើង​អធិស្ឋាន​នៅឯ​អាសនា​ដែល​ការអធិស្ឋាន​នោះ​នឹង​ឡើង​ទៅកាន់ព្រះ ។ ហើយនៅទីបំផុត​យើង​ដើរឆ្លងកាត់​វាំងនន​ចូលទីក្នុង​វត្តមាន​របស់ព្រះ ។

ប្រហែល​ភាពស្រដៀងគ្នា​ដែលសំខាន់​បំផុត​រវាង​ព្រះវិហារ​បរិសុទ្ធ​សម័យ​ទំនើប និង​រោងឧបោសថ​ពីបុរាណ គឺ​ថា​ទាំងពីរ បើយល់​ឲ្យបាន​ត្រឹមត្រូវ គឺ​ដើម្បី​ពង្រឹង​សេចក្តីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ គ្រីស្ទ និង​បំពេញ​យើង​ជាមួយនឹង​អំណរគុណ​ចំពោះ​ការពលិកម្ម​ដ៏ធួន​របស់ទ្រង់ ។ ព្រះមាន​ព្រះទ័យ​ចង់​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់​ចូលទៅ​កាន់​ទីវត្តមាន​របស់ទ្រង់ ទ្រង់​សព្វព្រះទ័យ​ចង់ឲ្យ « នគរ…សុទ្ធ​តែ​ជា​សង្ឃ » និង​សង្ឃស្ត្រី ( និក្ខមនំ ១៩:៦ ) ។ ប៉ុន្តែ អំពើបាប​របស់​យើង​រារាំង​យើង​ពី​ការទទួលបាន​ពរជ័យ​នោះ ត្បិត « គ្មាន​អ្វី​ដែល​មិន​ស្អាត អាច​អាស្រ័យ​នៅ​ជាមួយ​នឹង​ព្រះ​បាន​ឡើយ » ( នីហ្វៃទី១ ១០:២១ ) ។ ដូច្នេះ ព្រះ​ជាព្រះវរបិតា​បាន​ចាត់​ព្រះយេស៊ូវ គ្រីស្ទ « ជា​សំដេច​សង្ឃ ខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក » របស់​យើង ( ហេព្រើរ ៩:១១ ) ។ ទ្រង់​បើក​វាំង​នន​សម្រាប់​យើង ហើយ​ប្រទាន​អំណាច​ដល់​រាស្ត្រ គ្រប់​រូប របស់​ព្រះ ដើម្បី « មក​ដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា » ( ហេព្រើរ ៤:១៦ ) ។

សព្វ​ថ្ងៃ​នេះ គោលបំណង​របស់​ព្រះវិហារ​បរិសុទ្ធ​គឺ​លើស​ពី​ការ​ទទួល​បាន​ភាព​តម្កើង​ឡើង​សម្រាប់​ខ្លួន​យើង​ទៅ​ទៀត ។ បន្ទាប់​ពី​ការ​ទទួល​បាន​ពិធី​បរិសុទ្ធ​ផ្ទាល់​ខ្លួន​របស់​យើង នោះ​យើង​អាច​ធ្វើ​ពិធី​ជំនួស​ឲ្យ​បុព្វការី​ជន​របស់​យើង ដោយ​ការទទួល​ពិធី​បរិសុទ្ធ​ជំនួស​ក្នុង​នាម​របស់​ពួកគាត់ ។ បើ​គិត​តាម​របៀប​មួយ យើង​អាច​ប្រែក្លាយ​ទៅ​ជា​សម្ដេច​សង្ឃ​កាល​ពី​បុរាណ—និង​សម្ដេច​សង្ឃ​ដ៏​អស្ចារ្យ—ដោយ​បើក​ផ្លូវ​ទៅ​កាន់​វត្តមាន​របស់​ព្រះ​សម្រាប់​មនុស្ស​ដទៃ​ទៀត ។

ការពលិកម្ម​ជួយ​ពង្រឹង​ជំនឿ​លើ​ព្រះយេស៊ូវ គ្រីស្ទ

គោលការណ៍​នៃ​ដង្វាយធួន និង​ការ​ផ្សះផ្សារ​ត្រូវ​បាន​បង្រៀន​យ៉ាង​មាន​ឥទ្ធិពល​នៅ​ក្នុង​ការអនុវត្ត​នៃ​ការ​បូជា​សត្វ​កាល​ពី​បុរាណ ដែល​កើត​មាន​យូរ​មក​ហើយ​ពី​មុន​ក្រឹត្យវិន័យ​របស់​ម៉ូសេ ។ ដោយសារ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ យើង​ដឹង​ថា លោកអ័ដាម និង​នាងអេវ៉ា​បាន​ថ្វាយ​យញ្ញបូជា បាន​យល់​ពី​សេចក្ដីយោង​ជា​និមិត្តរូប​របស់​វា​ទៅ​នឹង​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​បាន​បង្រៀន​ពី​គោលការណ៍​នេះ​ដល់​កូនចៅ​របស់​ពួកគេ ( សូមមើល ម៉ូសេ ៥:៤–១២ សូម​មើល​ផង​ដែរ លោកុប្បត្តិ ៤:៤ ) ។

និមិត្តរូប​នៃ​ការ​បូជា​សត្វ​អាច​ទំនង​ជា​ចង្អុល​បង្ហាញ​ជា​ពិសេស​នៅ​ថ្ងៃ​នៃ​ដង្វាយធួន​របស់​សាសន៍​អ៊ីស្រាអែល​កាល​ពី​បុរាណ ( « យ៉ុមគីបពួរ » ជា​ភាសា​ហេព្រើរ ) ។ សេចក្ដី​ត្រូវការ​សម្រាប់​ពិធី​ប្រចាំ​ឆ្នាំ​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង លេវីវិន័យ ១៦:៣០ ៖ ថា « ដ្បិត​នៅ​ថ្ងៃ​នោះ​នឹង​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​ញែក​ចេញ​ជា​ស្អាត នោះ​ឯង​រាល់​គ្នា​នឹង​បាន​ស្អាត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​នៅ​ចំពោះ​ព្រះយេហូវ៉ា » ។ ដូច្នេះហើយ វត្តមាន​របស់​ព្រះ​អាច​បន្ត​នៅ​ក្នុង​ចំណោម​ប្រជាជន​នោះ ។ ដង្វាយធួន​នេះ​ត្រូវ​បាន​សម្រេច​ឡើង​តាមរយៈ​ពិធី​ខុសៗ​គ្នា ។ នៅ​ក្នុង​ពិធី​មួយ សត្វ​ពពែ​មួយ​ក្បាល​ត្រូវ​បាន​គេ​សម្លាប់​ធ្វើ​ជា​ដង្វាយ​ថ្វាយ​សម្រាប់​អំពើបាប​របស់​ប្រជាជន​នោះ ហើយ​សម្ដេច​សង្ឃ​បាន​យក​ឈាម​ពពែ​នោះ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត ។ ក្រោយ​មក សម្ដេច​សង្ឃ​បាន​ដាក់​ដៃ​របស់​គាត់​នៅ​លើ​សត្វ​ពពែ​មួយ​ក្បាល​ដែល​មាន​ជីវិត ហើយ​បាន​ប្រាប់​ពី​អំពើបាប​របស់​កូនចៅ​នៃ​អ៊ីស្រាអែល—ជា​និមិត្ត​រូប​នៃ​ការ​បញ្ជូន​អំពើ​បាប​ទាំង​នោះ​ទៅ​ឲ្យ​សត្វ​ពពែ​នោះ ។ បន្ទាប់​មក សត្វ​ពពែ​នោះ​ត្រូវ​បាន​គេ​ដឹក​ចេញ​ពី​ជំរំ​របស់​អ៊ីស្រាអែល ។

នៅ​ក្នុង​ពិធី​សាសនា​នេះ សត្វ​ពពែ​នោះ​តំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ជំនួស​ឲ្យ​ប្រជាជន​ដែល​មាន​បាប ។ អំពើបាប​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​ក្នុង​វត្តមាន​របស់​ព្រះ​ឡើយ ។ ប៉ុន្តែ​ជា​ជាង​បំផ្លាញ ឬ​បណ្ដេញ​ពួក​អ្នក​មាន​បាប​ចេញ នោះ​ព្រះ​បាន​ប្រទាន​វិធី​មួយ​ទៀត—គឺ​សត្វ​ពពែ​មួយ​ក្បាល​ត្រូវ​គេ​សម្លាប់ ឬ​បណ្ដេញ​ចេញ​ជំនួស​វិញ ។ « ឯ​ពពែ​នោះ​ត្រូវ​ផ្ទុក​អស់​ទាំង​សេចក្តី​ទុច្ចរិត​របស់​គេ » ( លេវីវិន័យ ១៦:២២ ) ។

និមិត្តរូប​នៃ​ពិធី​សាសនា​ទាំង​នេះ​បាន​ចង្អុល​ទៅ​រក​វិធី​ដែល​ព្រះ​បាន​ប្រទាន ដើម្បី​នាំ​យើង​ត្រឡប់​ទៅ​វត្តមាន​របស់​ទ្រង់​វិញ—គឺ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ ព្រះអង្គ​សង្គ្រោះ​បាន « ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង » ថែម​ទាំង « អំពើ​ទុច្ចរិត​របស់​យើង​ទាំងអស់​គ្នា » ផង​ដែរ ( អេសាយ ៥៣:៤, ៦ ) ។ ទ្រង់​បាន​ឈរ​ជំនួស​យើង ដោយ​ប្រទាន​ព្រះជន្ម​របស់​ទ្រង់​ដើម្បី​បង់​ថ្លៃ​ទោស​នៃ​អំពើ​បាប រួចហើយ​បាន​យក​ឈ្នះ​សេចក្ដី​ស្លាប់​តាមរយៈ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ( សូម​មើល ម៉ូសាយ ១៥:៨–៩ ) ។ ពលិកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា « ការ​បូជា​មួយ​ដ៏​មហិមា និង​ចុង​ក្រោយ​បង្អស់ មែន​ហើយ ពុំ​មែន​ជា​ការ​បូជា​របស់​មនុស្ស ឬ​ក៏​របស់​សត្វ​ទេ » ប៉ុន្តែ​ជាង​នោះ​ទៀត​គឺ​ជា « ការ​បូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ( អាលម៉ា ៣៤:១០ ) ។ ទ្រង់​គឺជា​ការ​បំពេញ​នៃ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ការ​បូជា​កាល​ពី​បុរាណ​បាន​ចង្អុល​បង្ហាញ​ទៅ ។

ដោយសារ​តែ​ហេតុ​ផល​នេះ បន្ទាប់​ពី​ការ​ពលិកម្ម​របស់​ទ្រង់​បាន​បញ្ចប់ នោះ​ទ្រង់​បាន​មាន​បន្ទូល​ថា « អ្នក​រាល់​គ្នា​មិន​ត្រូវ​ថ្វាយ​ដល់​យើង​នូវ​ការ​ខ្ចាយ​ឈាម​ទៀត​ទេ មែន​ហើយ យញ្ញ​បូជា … ទាំង​ឡាយ​របស់​អ្នក​នឹង​ត្រូវ​ចោល ។ … ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ដល់​យើង​នូវ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប​វិញ » ( នីហ្វៃ​ទី ៣ ៩:១៩–២០ ) ។

ដូច្នេះ នៅពេល​បងប្អូន​ស្វែង​រក​បទគម្ពីរ​នៅ​ក្នុង​គម្ពីរ​សញ្ញា​ចាស់​អំពី​យញ្ញ​បូជា និង​រោងឧបោសថ ( ឬ​ក្រោយ​មក​ទៀត ព្រះវិហារ​បរិសុទ្ធ )—ហើយ​បងប្អូន​នឹង​រក​ឃើញ​យ៉ាង​ច្រើន—សូម​ចងចាំ​ថា គោលបំណង​ចម្បង​របស់​វា​គឺ​ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះមែស៊ី គឺជា​ព្រះយេស៊ូវ​គ្រីស្ទ ។ ចូរ​ឲ្យ​ដួង​ចិត្ត និង​គំនិត​របស់​បងប្អូន​បែរ​ទៅ​រក​ទ្រង់ ។ សូម​ពិចារណា​ពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ដើម្បី​នាំ​យក​បងប្អូន​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះវិញ—និង​អ្វី​ដែល​បងប្អូន​នឹង​ធ្វើ​ដើម្បី​ដើរ​តាម​ទ្រង់ ។

កំណត់​ចំណាំ

  1. និក្ខមនំ ៣៣:៧–១១ លើក​ឡើង​ពី « ត្រសាល​ជំនុំ » ជា​ទី​ដែល​ម៉ូសេ​បាន​ប្រាស្រ័យ​ទាក់ទង​នឹង​ព្រះអម្ចាស់ ប៉ុន្តែ​កន្លែង​នេះ​ពុំ​មែន​ជា​ទី​សម្រាប់​យញ្ញ​បូជា​ដែល​បាន​រៀបរាប់​នៅ​ក្នុង​គម្ពីរ​និក្ខំមនំ និង​លេវីវិន័យ​ទេ ។ យញ្ញ​បូជា​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រោងឧបោសថ​ដែល​បាន​រៀបរាប់​នៅ​ក្នុង និក្ខមនំ ២៥–៣០ ដែល​ព្រះ​បាន​បង្គាប់​ម៉ូសេ​ឲ្យ​សង់ ហើយ​ដែល​កូនចៅ​អ៊ីស្រាអែល​បាន​សង់ ( សូម​មើល និក្ខមនំ ៣៥–៤០ ) ។ រោងឧបោសថ​នេះ ជា​ទី​ដែល​អើរ៉ុន និង​ពួក​កូន​ប្រុស​របស់​លោក​បាន​ធ្វើ​ការ​បូជា​សត្វ ជា​រឿយៗ​ក៏​ហៅ​ថា​ជា « ត្រសាល​ជំនុំ » ដែរ ( ឧទាហរណ៍ សូម​មើល និក្ខមនំ ២៨:៤៣; ៣៨:៣០; លេវីវិន័យ ១:៣ ) ។