« ថ្ងៃទី ១៦–២២ ខែ ឧសភា ។ ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤ ៖ ‹ នោះចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១៦–២២ ខែ ឧសភា ។ ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ១៦–២២ ខែ ឧសភា
ចោទិយកថា ៦–៨; ១៥; ១៨; ២៩–៣០; ៣៤
« នោះចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា »
ម៉ូសេបានបង្គាប់ដល់ពួកកូនចៅនៃអ៊ីស្រាអែលឲ្យបង្រៀនព្រះបន្ទូលនៃព្រះអម្ចាស់ដល់កូនចៅរបស់ពួកគេ ( សូមមើល ចោទិយកថា ៦:៧ ) ។ នៅពេលបងប្អូនអានចោទិយកថានៅសប្តាហ៍នេះ សូមស្វែងរកវិធីផ្សេងៗដើម្បីចែកចាយអ្វីដែលបងប្អូនរៀនជាមួយសមាជិកនៃក្រុមគ្រួសារបងប្អូន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ការងារបម្រើរបស់ម៉ូសេនៅលើផែនដីបានចាប់ផ្តើមនៅលើភ្នំមួយ នៅពេលព្រះបានមានបន្ទូលទៅកាន់គាត់ចេញពីគុម្ពបន្លាដែលមានភ្លើងឆេះ ( សូមមើល និក្ខមនំ ៣:១–១០ ) ។ បានបញ្ចប់នៅលើភ្នំផងដែរ ជាង ៤០ ឆ្នាំក្រោយមក នៅពេលព្រះបានប្រទានឲ្យម៉ូសេ មើលឃើញដែនដីសន្យាពីលើកំពូលភ្នំនេបូរ ( សូមមើល ចោទិយកថា ៣៤:១–៤ ) ។ ម៉ូសេ បានចំណាយពេលក្នុងជីវិតរបស់គាត់ដើម្បីរៀបចំកូនចៅនៃអ៊ីស្រាអែលចូលទៅកាន់ដែនដីសន្យានោះ ហើយគម្ពីរចោទិយកថាកត់ត្រាការបង្រៀន ការរំឭក ការដាស់តឿន និងការអង្វរចុងក្រោយជាមួយកូនចៅនៃអ៊ីស្រាអែល ។ ការអានពាក្យសម្ដីរបស់លោកបញ្ជាក់យ៉ាងច្បាស់ថាគោលបំណងពិតប្រាកដនៃការងារបម្រើរបស់ម៉ូសេ—ការរៀបចំតម្រូវការរបស់មនុស្ស—មិនមែនអំពីការរស់រានមានជីវិតនៅក្នុងទីរហោស្ថាន ការដណ្តើមដែនដី ឬការកសាងសហគមន៍នោះទេ ។ គឺវាអំពីការរៀនស្រឡាញ់ព្រះ គោរពទ្រង់ និងបន្តនៅស្មោះត្រង់ចំពោះទ្រង់ ។ នោះគឺជាការរៀបចំដែលយើងទាំងអស់គ្នាត្រូវការដើម្បីចូលទៅកាន់ដែនដីសន្យានៃជីវិតដ៏នៅអស់កល្បជានិច្ច ។ ដូច្នេះខណៈដែលម៉ូសេ មិនដែលបោះជំហាននៅលើ « ស្រុកដែលមានទឹកដោះ និងឃ្មុំហូរហៀរ » ( និក្ខមនំ ៣:៨ ) ដោយសារតែសេចក្តីជំនឿ និងសេចក្តីស្មោះត្រង់របស់លោក លោកពិតជាបានចូលទៅដែនដីសន្យា ដែលព្រះបានរៀបចំសម្រាប់អស់មនុស្សទាំងឡាយណាដែលធ្វើតាមទ្រង់ ។
សម្រាប់ទិដ្ឋភាពទូទៅស្ដីពីគម្ពីរចោទិយកថា សូមមើល« ចោទិយកថា » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ចោទិយកថា ៦:៤–៧; ៨:២–៥, ១១–១៧; ២៩:១៨–២០; ៣០:៦–១០, ១៥–២០
ព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យខ្ញុំស្រឡាញ់ទ្រង់ឲ្យអស់ពីដួងចិត្តខ្ញុំ ។
នៅក្នុងការបង្រៀនចុងក្រោយរបស់លោក ម៉ូសេ បានរំឭកដល់ពួកកូនចៅនៃអ៊ីស្រាអែលថា « ទ្រង់បានគង់នៅជាមួយនឹងឯង អស់រវាង៤០ឆ្នាំនេះ ហើយឯងគ្មានខ្វះខាតអ្វីឡើយ » ទោះជានៅក្នុងទីរហោស្ថានក្តី ( ចោទិយកថា ២:៧ ) ។ ឥឡូវនេះពេលសាសន៍អ៊ីស្រាអែលបានចូលទៅកាន់ដែនដីសន្យាដោយមាន« ទីក្រុង ដែល [ ពួកគេ ] មិនបានសង់ ព្រមទាំងផ្ទះពេញដោយរបស់ល្អគ្រប់មុខ ដែល [ ពួកគេ ] មិនបានប្រមូលទុក » ( ចោទិយកថា ៦:១០–១១ ) នោះម៉ូសេបានភ័យខ្លាចថា ពួកគេនឹងមានចិត្តរឹងរូស ហើយភ្លេចព្រះអម្ចាស់ ។
សូមពិចារណាពីលក្ខខណ្ឌនៃដួងចិត្តរបស់បងប្អូនផ្ទាល់ ពេលបងប្អូនអានការប្រឹក្សារបស់ម៉ូសេ ។ បងប្អូនគួរផ្ដោតលើខគម្ពីរដូចមានខាងក្រោមនេះ ហើយកត់ត្រានូវចំណាប់អារម្មណ៍របស់បងប្អូន ៖
តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីគ្រប់គ្រងដួងចិត្តរបស់បងប្អូនពីការរឹងរូស ហើយស្រឡាញ់ព្រះអម្ចាស់ឲ្យអស់ពីដួងចិត្តរបស់បងប្អូន ? តើទំនាក់ទំនងអ្វីខ្លះដែលបងប្អូនមើលឃើញរវាង ចោទិយកថា ៦:៥–៦ និង ម៉ាថាយ ២២:៣៥–៤០ ? ( សូមមើលផងដែរ លេវីវិន័យ ១៩:១៨ ) ។
សូមមើលផងដែរ Dieter F. Uchtdorf, “A Yearning for Home,” Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២១–២៤ ) ។
« នោះចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា » ។
ជំនាន់នៃសាសន៍អ៊ីស្រាអែលដែលបានចូលទៅកាន់ដែនដីសន្យាភាគច្រើនមិនបានឃើញជំងឺអាសន្នរោគនៅស្រុកអេស៊ីព្ទ ឬបានឆ្លងកាត់សមុទ្រក្រហមឡើយ ។ ម៉ូសេបានដឹងថា ពួកគេ—និងជំនាន់នាពេលអនាគត—ត្រូវចងចាំពីអព្ភូតហេតុរបស់ព្រះ និងក្រឹត្យវិន័យរបស់ព្រះ បើពួកគេចង់បន្តធ្វើជារាស្ត្ររបស់ព្រះ ។
តើម៉ូសេផ្ដល់ការប្រឹក្សាអ្វីខ្លះនៅក្នុង ចោទិយកថា ៦:៤–១២, ២០–២៥ ដែលអាចជួយបងប្អូនឲ្យចងចាំពីរឿងអស្ចារ្យនានាដែលព្រះបានធ្វើសម្រាប់បងប្អូន ? តើបងប្អូនត្រូវបានបំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដើម្បីឲ្យបន្ទូលរបស់ព្រះនឹង« នៅជាប់ក្នុងចិត្តឯងចុះ » រៀងរាល់ថ្ងៃ ? (ខទី ៦) ។
តើបងប្អូនអាចជួយបញ្ជូនបន្តសេចក្តីជំនឿរបស់បងប្អូនទៅកាន់ជំនាន់ក្រោយយ៉ាងដូចម្ដេច ?
សូមមើលផងដែរ ចោទិយកថា ១១:១៨–២១Gerrit W. Gong, “Always Remember Him,” Liahona, ខែឧសភា ឆ្នាំ ២០១៦ ទំព័រ ១០៨–១១; Bible Dictionary, “Frontlets or phylacteries.” ។
ការជួយដល់ជនទ័លក្រតម្រូវឲ្យមានដៃសប្បុរស និងដួងចិត្តដែលមានឆន្ទៈ ។
ចោទិយកថា ១៥:១–១៥ ផ្ដល់ការប្រឹក្សាអំពីការជួយដល់ជនក្រីក្រ និងជនខ្វះខាត រួមទាំងការអនុវត្តជាក់លាក់មួយចំនួនដែលមិនបានធ្វើតាមនៅសព្វថ្ងៃនេះផងដែរ ។ ប៉ុន្តែសូមកត់សម្គាល់ថា ខគម្ពីរទាំងនេះបង្រៀនអំពីហេតុផលដែលយើងគួរជួយជនក្រីក្រ និងរបៀបដែលឥរិយាបថរបស់យើងចំពោះការជួយដល់ពួកគេសំខាន់ចំពោះព្រះអម្ចាស់ ។ តើបងប្អូនមានអារម្មណ៍ថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យបងប្អូនរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះអំពីការបម្រើដល់មនុស្សដទៃ ?
សូមមើលផងដែរ រ័សុល អិម ណិលសុន, “The Second Great Commandment,” Liahona, ខែ វិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ៩៦ -១០០ ) ។
ព្រះយេស៊ូវគ្រីស្ទគឺជាព្យាការីដែលនឹងត្រូវបានលើកឡើងដូចជាម៉ូសេដែរ ។
ពេត្រុស, នីហ្វៃ, មរ៉ូណៃ និងព្រះអង្គសង្គ្រោះផ្ទាល់បានចាប់ផ្ដើមនៅការព្យាករនៅក្នុង ចោទិយកថា ១៨:១៥–១៩ ( សូមមើល កិច្ចការ ៣:២០–២៣; នីហ្វៃទី១ ២២:២០–២១; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤០; នីហ្វៃទី៣ ២០:២៣ ) ។ តើបងប្អូនរៀនអ្វីខ្លះ អំពីព្រះអង្គសង្គ្រោះមកពីខគម្ពីរទាំងនេះ ? តើព្រះអង្គសង្រ្គោះ « ដូចជា » ម៉ូសេយ៉ាងដូចម្តេច ? ( ចោទិយកថា ១៨:១៥ ) ។
តើមានរឿងអ្វីបានកើតឡើងចំពោះម៉ូសេ ?
ទោះជា ចោទិយកថា ៣៤:៥–៨ ចែងថា ម៉ូសេបានស្លាប់ក្ដី ក៏ការយល់ដឹងថ្ងៃចុងក្រោយបានបញ្ជាក់ថា លោកត្រូវបានប្រែរូប ឬបានផ្លាស់ប្ដូរ ដើម្បីលោកមិនត្រូវរងការឈឺចាប់ ឬសេចក្ដីស្លាប់រហូតដល់ត្រូវបានរស់ឡើងវិញ ( សូមមើល អាលម៉ា ៤៥:១៨–១៩; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ម៉ូសេ »; « ពួកអ្នកដែលបានផ្លាស់ប្រែរូប » scriptures.ChurchofJesusChrist.org ) ។ ជាការចាំបាច់សម្រាប់ម៉ូសេដើម្បីផ្លាស់ប្រែរូប ដោយសារលោកត្រូវការរូបកាយមួយដើម្បីផ្ដល់កូនសោបព្វជិតភាពដល់ពេត្រុស យ៉ាកុប និងយ៉ូហាននៅលើភ្នំប្រែរូប ( សូមមើល ម៉ាថាយ ១៧:១–១៣ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
ចោទិយកថា ៦:១០–១៥ ។ខគម្ពីរទាំងនេះអាចបំផុសសមាជិកគ្រួសាររបស់បងប្អូនឲ្យគិតពីរបៀបដែលគ្រួសាររបស់បងប្អូនមានពរ ។ តើយើងអាចធ្វើតាមការប្រឹក្សាថា « ចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា » តាមរបៀបណា ? ( ចោទិយកថា ៦:១២ ) ។ បងប្អូនអាចកត់ត្រាអារម្មណ៍របស់បងប្អូនអំពីពរជ័យរបស់បងប្អូន ប្រហែលជានៅក្នុងសៀវភៅទិនានុប្បវត្តិ ឬនៅលើកម្មវិធី ស្រាវជ្រាវក្រុមគ្រួសារ ។
-
ចោទិយកថា ៦:១៣, ១៦; ៨:៣ ។ខគម្ពីរទាំងនេះបានជួយព្រះអង្គសង្គ្រោះអំឡុងគ្រាដ៏សំខាន់មួយនៅក្នុងព្រះជន្មរបស់ទ្រង់ ដើម្បីមើលឃើញថាតើវាបានជួយទ្រង់តាមរបៀបណា សូមអាន ម៉ាថាយ ៤:១–១០ រួមគ្នា ។ តើវគ្គបទគម្ពីរអ្វីខ្លះបានជួយយើងនៅគ្រាដែលត្រូវការ ?
-
ចោទិយកថា ៧:៦–៩ ។សូមធ្វើអ្វីមួយដើម្បីជួយសមាជិកគ្រួសាររបស់បងប្អូនឲ្យមានអារម្មណ៍ថាពិសេស ដូចជា ការរៀបចំអាហារមួយដែលចូលចិត្ត ។ បន្ទាប់មក បងប្អូនអាចអាន ចោទិយកថា ៧:៦–៩ ហើយពិភាក្សាពីអារម្មណ៍ដែលបងប្អូនមានអំពីអត្ថន័យនៃការ « បានជារបស់ផង » ( ខទី ៦ ) ព្រះអម្ចាស់ ។
-
ចោទិយកថា ២៩:១២–១៣ ។ការពិភាក្សាអំពី ចោទិយកថា ២៩:១២–១៣ ផ្ដល់ឱកាសមួយសម្រាប់សមាជិកគ្រួសាររបស់បងប្អូនដើម្បីពិភាក្សាពីសេចក្ដីសញ្ញាដែលពួកគេនឹងធ្វើ ឬបានធ្វើជាមួយព្រះវរបិតាសួគ៌ ។ តើវាមានអត្ថន័យយ៉ាងណាដើម្បីធ្វើជារាស្ត្ររបស់ព្រះ ? តើសេចក្ដីសញ្ញារបស់យើង « តាំង [ យើង ] … ទុកជារាស្ត្ររបស់ [ ព្រះ ] » ដោយរបៀបណា ? ( ខទី ១៣ ) ។
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងលើកទឹកចិត្តឲ្យប្រើ ៖ « ខ្ញុំចង់រស់តាមដំណឹងល្អ » សៀវភៅចម្រៀងកុមារ ទំព័រ ៧២ ។