ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
គំនិត​ដែល​ត្រូវ​ចងចាំ ៖ គម្ពីរ​ប្រវត្តិសាស្រ្ត​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់


« គំនិត​ដែល​ត្រូវ​ចងចាំ ៖ គម្ពីរ​ប្រវត្តិសាស្រ្ត​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« គំនិត​ដែល​ត្រូវ​ចងចាំ ៖ គម្ពីរ​ប្រវត្តិសាស្រ្ត​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបតំណាង​គំនិត

គំនិត​ដែល​ត្រូវ​ចងចាំ

គម្ពីរ​ប្រវត្តិសាស្រ្ត​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់

ពី​គម្ពីរ យ៉ូស្វេ ដល់​គម្ពីរ នាងអេសធើរ ត្រូវបាន​គេ​ស្គាល់​ថា​ជា « គម្ពីរ​ប្រវត្តិសាស្រ្ត » នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ។ នេះ​មិនមែន​មាន​ន័យថា គម្ពីរ​ដទៃទៀត​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​ពុំមាន​តម្លៃ​ក្នុង​ប្រវត្តិសាស្រ្ត​នោះទេ ។ ផ្ទុយទៅវិញ គម្ពីរ​ប្រវត្តិសាស្រ្ត​ត្រូវបាន​គេហៅ​បែបនោះ ពីព្រោះ​គោលបំណង​ចម្បង​របស់​អ្នកនិពន្ធ គឺ​ដើម្បី​បង្ហាញ​ព្រះហស្ត​របស់ព្រះ​នៅក្នុង​ប្រវត្តិសាស្រ្ត​នៃ​រាស្រ្ត​អ៊ីស្រាអែល ។ គោលបំណង​នៃ​គម្ពីរ​ទាំងនេះ​គឺ​មិនមែន​ដើម្បី​ចែង​ពី​ក្រឹត្យវិន័យ​របស់​ម៉ូសេ ដូចជា​គម្ពីរ លេវីវិន័យ និង ចោទិយកថា នោះទេ ។ វា​មិនមែន​ដើម្បី​បង្ហាញ​ការសរសើរ ឬ​ការទួញសោក​បែប​ទម្រង់​កំណាព្យ ដូច​គម្ពីរ ទំនុកដំកើង និង បរិទេវ នោះទេ ។ ហើយ​វា​ពុំ​បាន​កត់ត្រា​ពាក្យពេចន៍​របស់​ព្យាការី​ដូចជា គម្ពីរ អេសាយ និង អេសេគាល បាន​ធ្វើ​នោះដែរ ។ ផ្ទុយទៅវិញ គម្ពីរ​ប្រវត្តិសាស្រ្ត​ទាំងនេះ​ប្រាប់​ជា​ដំណើររឿង​វិញ ។

បញ្ហា​នៃ​ទស្សនៈ

ជាធម្មតា ដំណើររឿង​នោះ​តំណាល​ចេញពី​ទស្សនៈ​មួយ​ជ្រុង—មែនហើយ ទស្សនៈ ជាច្រើន​ជ្រុង ខុសគ្នា ។ វា​ដូចគ្នា​នឹង​ការ​ដែល​យើង​មិនអាច​មើល​ផ្កា ថ្ម និង​ដើម​ឈើ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​ពេល​តែ​មួយ​ដែរ វា​ចៀស​មិន​រួច​ទេ​ដែល​ដំណើរ​រឿង​ប្រវត្តិ​សាស្ត្រ​មួយ​នឹង​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​របស់​បុគ្គល​ម្នាក់ ឬ​មនុស្ស​មួយ​ក្រុម​ដែល​សរសេរ​ដំណើរ​រឿង​នោះ ។ ទស្សនៈ​នេះ​រួម​មាន​ចំណងខាង​ជាតិសាសន៍ ឬ​ជាតិពន្ធ​របស់​អ្នក​និពន្ធ ព្រមទាំង​ទម្លាប់ និង​ជំនឿ​ខាង​វប្បធម៌​របស់​ពួកគេ ។ ការ​ដឹង​ពី​រឿង​នេះ​អាចជួយ​យើង​ឲ្យ​យល់ដឹង​ថា ពួក​អ្នកនិពន្ធ និង​ពួក​អ្នក​រៀបរៀង​គម្ពីរ​ប្រវត្តិសាស្ត្រ​ទាំងនោះ​បាន​ផ្ដោត​លើ​ព័ត៌មាន​លម្អិត​មួយ​ចំនួន ខណៈដែល​ទុកចោល​រឿង​ផ្សេងៗទៀត ។ ពួកគេ​បាន​ធ្វើ​ការ​ប៉ាន់ស្មាន​មួយ​ចំនួន​ដែល​មនុស្ស​ដទៃ​មិន​បាន​ធ្វើ ។ ហើយ​ពួកគេ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ដោយ​ផ្អែក​លើ​សេចក្ដី​លម្អិត និង​ការ​ប៉ានស្មាន​ទាំងនោះ ។ យើង​ថែម​ទាំង​អាច​មើលឃើញ​ពី​ទស្សនៈ​ខុសៗ​គ្នា​នៅ​ក្នុង​គម្ពីរ​នានា​នៃ​ព្រះគម្ពីរ​ប៊ីប​ផងដែរ ( ហើយ​ពេលខ្លះ​នៅ​ក្នុង​គម្ពីរ​តែ​មួយ ) ។ នៅពេល​យើង​ដឹង​ពី​ទស្សនៈទាំង​នេះ​កាន់តែ​ច្រើន នោះ​យើង​យល់កាន់​តែ​ច្រើន​ពី​គម្ពីរ​ប្រវត្តិសាស្ត្រ​ទាំងនោះ ។

ទស្សនៈរួម​មួយ​នៅ​ក្នុង​គម្ពីរ​ប្រវត្តិសាស្ត្រ​ទាំងអស់​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់​គឺជា​ទស្សនៈ​របស់​កូនចៅ​នៃ​អ៊ីស្រាអែល ជា​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ ។ សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះអម្ចាស់​បាន​ជួយ​ពួកគេ​ឲ្យ​មើល​ឃើញ​ពី​ព្រះហស្ដ​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ និង​ការ​អន្តរាគមន៍​របស់​ទ្រង់​នៅ​ក្នុង​កិច្ចការ​នៃ​ប្រទេស​ជាតិ​របស់​ពួកគេ ។ ខណៈ​ដែល​សៀវភៅ​ប្រវត្តិសាស្ត្រ​ខាង​លោកិយ​មិន​មាន​បំណង​ដើម្បី​មើលឃើញ​រឿង​ទាំងឡាយ​តាម​របៀប​នេះ នោះ​ទស្សនៈ​ខាង​វិញ្ញាណ​នេះ​គឺជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ឲ្យ​គម្ពីរ​ប្រវត្តិសាស្ត្រ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ទាំងឡាយ មាន​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​ដែល​កំពុង​ខិតខំ​ដើម្បី​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ពួកគេផ្ទាល់​លើ​ព្រះ ។

បរិបទ​សម្រាប់​ដំណើររឿង​នៅសល់​ទាំង​ប៉ុន្មាន​នៃ​ព្រះគម្ពីរ​សញ្ញាចាស់

គម្ពីរ​ប្រវត្តិសាស្ត្រ​ទាំង​នេះ​ចាប់ផ្ដើម​ពី​ត្រង់​កន្លែង​ដែល​គម្ពីរ ចោទិយកថា បន្សល់​ទុក គឺ​ការ​ដើរ​វង្វេង​ក្នុង​ទីរហោស្ថាន​ជាច្រើន​ឆ្នាំ​របស់​សាសន៍អ៊ីស្រាអែល​ហៀប​នឹង​បញ្ចប់ ។ គម្ពីរ យ៉ូស្វេ បង្ហាញ​ពី​ពួក​កូនចៅ​អ៊ីស្រាអែល​ត្រៀមខ្លួន​ចូល​ស្រុក​កាណាន ដែល​ជា​ដែនដីសន្យា​របស់​ពួកគេ ហើយ​ពិពណ៌នា​អំពី​របៀប​ដែល​ពួកគេ​គ្រប់គ្រង​លើ​ស្រុក​នេះ ។ គម្ពីរ​បន្ដ​បន្ទាប់ ពី​គម្ពីរ ពួកចៅហ្វាយ រហូត​ដល់​គម្ពីរ ពង្សាវតារក្សត្រ ទី​២ រៀបរាប់​ពី​បទពិសោធន៍​របស់​អ៊ីស្រាអែល​នៅ​លើ​ដែនដីសន្យា តាំង​ពី​ពេល​ដែល​ពួកគេ​បាន​ស្នាក់​នៅ​លើ​ដែនដី​នោះ​រហូតដល់​គ្រា​ដែល​ពួកគេ​ត្រូវ​បាន​វាយ​លុក​ដោយ​សាសន៍​អាសស៊ើរ និង​សាសន៍​បាប៊ីឡូន ។ គម្ពីរ អែសរ៉ា និង នេហេមា ប្រាប់​ពី​ការ​វិលត្រឡប់​របស់​ពួក​សាសន៍​អ៊ីស្រាអែល​ជា​ច្រើនក្រុម​ទៅ​កាន់​រាជធានី​រ​បស់​ពួកគេ​វិញ​គឺ​ទីក្រុង​យេរូសាឡិម នៅ​ច្រើន​ទសវត្សរ៍​ក្រោយ​មក ។ នៅចុង​បញ្ចប់ គម្ពីរ នាងអេសធើរ ទាក់ទង​នឹង​រឿង​មួយ​អំពី​សាសន៍​អ៊ីស្រាអែល​កំពុង​រស់នៅ​និរទេសខ្លួន​នៅ​ក្រោម​ការគ្រប់គ្រង​របស់​សាសន៍​ពើស៊ី ។

ហើយ​នោះគឺជា​កន្លែង​ដែល​កាលប្រវតិ្ត​របស់​ព្រះគម្ពីរ​សញ្ញា​ចាស់​បាន​បញ្ចប់ ។ ពួក​អ្នកអាន​មួយ​ចំនួន​ដែល​អាន​ព្រះគម្ពីរ​ប៊ីប​លើក​ដំបូង​មាន​ការ​ភ្ញាក់ផ្អើល​ដោយ​រក​ឃើញ​ថា ពួកគេ​ពិត​ជា​បាន​បញ្ចប់​ការអាន ដំណើររឿង របស់​ព្រះគម្ពីរ​សញ្ញា​ចាស់ ទាំង​ពួកគេ​មិន​ទាន់​បាន​អាន​ព្រះគម្ពីរ​ចប់​ដល់​ពាក់កណ្ដាល​ផង ។ បន្ទាប់ពី​គម្ពីរ នាងអេសធើរ យើង​មិន​មាន​ព័ត៌មាន​ច្រើន​អំពី​ប្រវត្តិសាស្ត្រ​របស់​ពួកសាសន៍​អ៊ីស្រាអែល​ទេ ។ ផ្ទុយទៅវិញ គម្ពីរ​ក្រោយៗ—ជាពិសេស​គម្ពីរ​របស់​ពួក​ព្យាការី—សម​ស្រប នឹង កាល​វេលា​ដែល​គម្ពីរ​ប្រវត្តិ​សាស្ត្រ​ទាំងនោះ​បាន​បង្ហាញ ។ ឧទាហរណ៍ ការងារ​បម្រើ​របស់​ព្យាការី​យេរេមា កើត​ឡើង​នៅ​អំឡុង​ព្រឹត្តិការណ៍​ដែល​បាន​កត់ត្រា​នៅ​ក្នុង ពង្សាវតារក្សត្រ ទី​២ ២២–២៥ ( និង​ដំណើររឿង​ដូចគ្នា​នៅ​ក្នុង របាក្សត្រ ទី​២ ៣៤–៣៦ ) ។ ការ​ដឹង​ពី​រឿង​នេះ​អាច​ជះឥទ្ធិពល​លើ​របៀប​ដែល​បងប្អូន​អាន​ដំណើរ​រឿង​ប្រវត្តិសាស្ត្រ​ផង និង​គម្ពីរ​របស់​ព្យាការី​ផង ។

ដៃ​កំពុង​កាន់​បំណែក​រូបផ្គុំ​មួយ​ដោយ​មាន​រូបផ្គុំ​មិន​ទាន់ពេញលេញ​នៅ​លើ​តុ

វគ្គបទគម្ពីរ​មួយ​ចំនួន​ប្រហែល​ជា​ដូច​នឹង​បំណែក​រូបផ្គុំ​ដែល​យើង​មិន​ដឹង​ពី​របៀប​ដើម្បី​ដាក់​បំពេញ​នឹង​រូបផ្គុំ​ផ្សេងទៀត​ដែរ ។

នៅពេល​ដែល​អ្វីមួយ​មិន​សម

ដូចគ្នា​នឹង​ប្រវត្តិសាស្ត្រ​ផ្សេងៗ​ទៀត​ដែរ នៅពេល​អាន​ព្រះគម្ពីរ​សញ្ញាចាស់ បងប្អូន​ទំនង​ជា​អាន​អំពី​មនុស្ស​កំពុង​ធ្វើ ឬ​និយាយ​រឿង​ដែល​ចម្លែកៗ ឬ​ថែមទាំង​ធ្វើ​ឲ្យ​មាន​បញ្ហា​ចំពោះ​ក្រសែ​ភ្នែក​របស់​មនុស្ស​សម័យ​ទំនើប​ទៀតផង ។ យើង​គួរ​តែ​រំពឹង​ទុក​ពី​រឿង​នេះ—អ្នក​និពន្ធ​ព្រះគម្ពីរ​សញ្ញា​ចាស់​បាន​មើល​ឃើញ​ពិភពលោក​នេះ​ចេញ​ពី​ទស្សនៈ​មួយ ដែល​ខុស​ប្លែក​ពី​ទស្សនៈ​របស់​យើង​តាម​របៀប​មួយ​ចំនួន ។ អំពើហិង្សា ទំនាក់ទំនង​ជាតិពន្ធ និង​តួនាទី​របស់ស្ត្រី​គឺ​គ្រាន់តែ​ជាបញ្ហា​មួយចំនួន ដែលអ្នកនិពន្ធ​ពី​បុរាណ​ប្រហែលជា​បានឃើញ​ខុសគ្នា​ពី​អ្វី​ដែលយើង​មើល​ឃើញសព្វថ្ងៃនេះ ។

ដូច្នេះ​តើ​យើង​គួរ​ធ្វើ​អ្វី​ខ្លះ​ នៅពេល​យើង​ជួប​នឹង​វគ្គ​បទគម្ពីរ​ដែល​ទំនង​ជា​មាន​បញ្ហា ? ដំបូង វា​អាច​នឹង​ជួយ​បាន ពេល​យើង​ពិចារណា​វគ្គ​នីមួយៗ​នៅ​ក្នុង​បរិបទ​ដ៏​ទូលំទូលាយ​មួយ ។ តើ​វា​សម​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​តាម​របៀប​ណា ? តើ​វា​សម​នឹង​អ្វី​ដែល​បងប្អូន​ដឹង​អំពី​និស្ស័យ​នៃ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ? តើ​វា​សម​នឹង​សេចក្ដីពិត​ដែល​បាន​បើក​សម្ដែង​នៅ​ក្នុង​បទគម្ពីរ​ផ្សេងទៀត ឬ​ជាមួយ​នឹង​ការ​បង្រៀន​របស់​ព្យាការី​នៅ​រស់​តាម​របៀប​ណា ? ហើយ​តើ​វា​សម​នឹង​ការខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណ​ទៅ​កាន់​ដួង​ចិត្ត និង​គំនិត​របស់​បងប្អូន​ផ្ទាល់​តាម​របៀបណា ?

នៅ​ក្នុងករណី​មួយ​ចំនួន វគ្គ​នោះ​ទំនង​ជា​មិន​សម​នឹង​សំណួរ​ទាំង​នេះឡើយ ។ ពេលខ្លះ វគ្គ​នោះ​ប្រហែលជា​ដូច​នឹង​បំណែក​រូបផ្គុំ​មួយ​ដែល​ទំនង​ជា​មិន​មាន​កន្លែង​មួយ​នៅ​ក្នុង​បំណែក​ផ្សេងទៀត​ដែល​បងប្អូន​បាន​ផ្គុំ​រួចហើយ​នោះ​ទេ ។ ការ​ព្យាយាម​ជំរុញ​បំណែក​នោះ​ឲ្យ​ត្រូវគ្នា​មិនមែន​ជា​វិធី​ដ៏​ល្អ​បំផុត​នោះ​ទេ ។ ប៉ុន្តែ​ក៏​មិន​មែន​ជា​ការ​បោះបង់​ចោល​រូបផ្គុំ​ទាំង​មូល​នោះ​ដែរ ។ ផ្ទុយ​ទៅវិញ បងប្អូន​អាច​នឹង​ត្រូវ​ដាក់​បំណែក​នោះ​ឲ្យ​នៅ​មួយ​ឡែក​សិន​នៅ​ពេលនេះ ។ នៅ​ពេល​បងប្អូន​រៀនសូត្រ​បាន​កាន់តែច្រើន ហើយ​ផ្គុំ​រូបផ្គុំ​ចូលគ្នា​បាន​កាន់តែ​ច្រើន នោះ​បងប្អូន​អាច​មើលឃើញ​កាន់តែ​ច្បាស់​ថា​បំណែក​ទាំងនោះ​ត្រូវ​គ្នា​យ៉ាងដូចម្តេច ។

ការធ្វើ​បែបនេះ​ក៏​ជួយ​រំឭក​ផងដែរ​ថា ក្រៅពី​ការធ្វើតាម​តែ​ទស្សនៈ​មួយ​ជ្រុង​ណា​មួយ នោះ​ប្រវត្តិសាស្រ្ត​របស់​បទគម្ពីរ​ក៏​មាន​នូវ​កំហុស​របស់​មនុស្ស​ផងដែរ ( សូមមើល មាត្រា​នៃ​សេចក្តី​ជំនឿ ១:៨ ) ។ ឧទាហរណ៍ អស់​ជា​ច្រើន​សតវត្សរ៍ « សេចក្ដី​ដ៏​ច្បាស់ និង​ពិសេសៗ​ជាច្រើន [ ត្រូវ ] បាន​ដក​យក​ពី [ ព្រះគម្ពីរ​ប៊ីប ] » រួម​ទាំង​សេចក្ដីពិត​ដ៏​សំខាន់​អំពី​គោលលទ្ធិ និង​ពិធី​បរិសុទ្ធ​ទាំងឡាយ​ផង​ដែរ ( នីហ្វៃទី​១ ១៣:២៨; សូមមើល​ផង​ដែរ ខ​ទី ២៩, ៤០ ) ។ នៅពេល​ទន្ទឹម​គ្នា​នេះ​ដែរ យើង​គួរ​តែ​យល់ព្រម​សារភាព​ថា ទស្សនៈ​របស់​យើង​ផ្ទាល់​ក៏​មាន​កំណត់​ផង​ដែរ ៖ វា​នឹងតែង​តែ​មាន​រឿង​ដែល​យើង​មិន​យល់​ទាំង​ស្រុង និង​មាន​សំណួរ​ដែល​យើង​មិន​អាច​ឆ្លើយ​បាន​ជានិច្ច ។

ការ​ស្វែង​រក​ត្បូង​ច្នៃ

ប៉ុន្តែ​នៅ​ពេល​នេះ សំណួរ​ដែល​គ្មាន​ចម្លើយ​មិន​ត្រូវ​រារាំង​យើង​ពី​ត្បូង​ច្នៃ​ដ៏​មាន​តម្លៃ​នៃ​សេចក្ដី​ពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ឡើយ—ទោះ​បី​ត្បូង​ច្នៃ​ទាំងនោះ​ពេល​ខ្លះ​ត្រូវ​បាន​លាក់​បាំង​នៅ​ក្នុង​វាល​ថ្មី​នៃ​បទពិសោធន៍​ដ៏​លំបាកៗ និង​ការ​ជ្រើស​រើស​មិន​ល្អ​ដែល​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​បាន​ជ្រើសយក​ក្ដី ។ ប្រហែល​ជា​រឿង​ដ៏​មាន​តម្លៃ​បំផុត​នៃ​ត្បូង​ច្នៃ​ទាំង​នេះ​គឺជា​ដំណើររឿង និង​វគ្គ​ដែល​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះ—ជាពិសេស​ដំណើររឿង និង​វគ្គ​ដែល​ដឹកនាំ​គំនិត​របស់​យើង​ទៅ​រក​ពលិកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយ​មើល​ចេញពី​ជ្រុង​ណា​មួយ ត្បូង​ច្នៃ​ទាំងនេះ​នៅតែ​ជះពន្លឺ​ចែងចាំង​នៅ​សព្វ​ថ្ងៃ​នេះ ដូច​ជា​វា​បាន​ចែងចាំង​កាល​ពីមុន​ដែរ ។ ហើយ​ដោយសារ​ដំណើររឿង​ទាំងនេះ​ប្រាប់ពី​រាស្រ្ត​នៃ​សេចក្តីសញ្ញា​របស់​ព្រះ—ជា​បុរស និង​ស្រ្តី​ដែល​មានភាព​ទន់ខ្សោយ​ជាមនុស្ស ប៉ុន្តែ​បាន​ស្រឡាញ់ និង​បម្រើ​ព្រះអម្ចាស់—ត្បូង​នៃ​សេចក្តីពិត​ដែល​មាន​នៅក្នុង​គម្ពីរ​ប្រវត្តិសាស្ត្រ​នៃ​ព្រះ​គម្ពីរ​សញ្ញាចាស់ ។

កំណត់​ចំណាំ

  1. រឿងរ៉ាវ​ប្រវត្តិសាស្រ្ត​នៃ​ព្រះគម្ពីរ​ប៊ីប​ដែល​យើង​មាន​សព្វថ្ងៃនេះ គឺជា​ការងារ​ចម្បង​របស់​ពួក​អ្នក​និពន្ធ និង​ពួក​អ្នកចងក្រង​ជាច្រើន​ដែល​មិនបាន​បញ្ចេញ​ឈ្មោះ ដែល​អ្នកខ្លះ​បាន​ធ្វើការ​អស់​ជាច្រើនឆ្នាំ ខ្លះ​ដល់ទៅ​សតវត្សរ៍​ទៀតផង បន្ទាប់ពី​អំឡុងពេល​ដែល​ពួកគាត់​បាន​ពិពណ៌នា​នោះ ។ ពួកគាត់​បាន​ពឹងផ្អែក​លើ​ធនធាន​ប្រវត្តិសាស្រ្ត​ខុសៗគ្នា ហើយ​ធ្វើ​ការសម្រេច​ចិត្ត​អំពី​អ្វី​ដែល​ត្រូវ​បញ្ចូល និង​អ្វី​ដែល​ត្រូវ​ដកចេញ​ពី​ដំណើររឿង​របស់​ពួកគាត់ ។

  2. ឧទាហរណ៍ ទោះបីជា​គម្ពីរ របាក្សត្រ ទី១–ទី២ បាន​គ្របដណ្តប់​លើ​អំឡុងពេល​ប្រហែល​គ្នា​នឹង​គម្ពីរ សាំយូអែល ទី១ ៣១ រហូត​ដល់​ចប់​គម្ពីរ ពង្សាវតារក្សត្រ ទី២ ក្តី ក៏​គម្ពីរ របាក្សត្រ ទី១–ទី២ បាន​គូសបញ្ជាក់​ពី​សេចក្តីលម្អិត​ជាច្រើន និង​បង្ហាញ​ពី​ទស្សនៈ​ខុសៗគ្នា​ផងដែរ ។ មិន​ដូចជា​គម្ពីរ សាំយូអែល ទី១–ពង្សាវតារក្សត្រ ទី២ ទេ គម្ពីរ របាក្សត្រ ទី១–ទី២ ភាគច្រើន​ផ្តោតតែ​ទៅលើ​នគរ​យូដា​ភាគខាង​ត្បូង ហើយ​ជា​ញឹកញាប់​មិន​បញ្ចូល​ដំណើររឿង​អវិជ្ជមាន​អំពី​ស្តេច​ដាវីឌ និង​សាឡូម៉ូន​ឡើយ ( ឧទាហរណ៍ សូម​ប្រៀបធៀប​គម្ពីរ សាំយូអែល ទី២ ១០–១២ ជាមួយ​គម្ពីរ របាក្សត្រ ទី១ ១៩–២០ ហើយ​គម្ពីរ ពង្សាវតារក្សត្រ ទី១ ១០–១១ ជាមួយ​គម្ពីរ របាក្សត្រ ទី២ ៩ ) ។ ចូរ​មក​តាម​ខ្ញុំ សង្កត់​ធ្ងន់​លើ​ការសិក្សា​ដំណើររឿង​នៅក្នុង​គម្ពីរ ពង្សាវតារក្សត្រ ទី១ និង ទី២ ប៉ុន្ដែ​វា​ក៏​មាន​តម្លៃ​នៅក្នុង​ការប្រៀបធៀប​ដំណើររឿង​នោះ​ជាមួយ​គម្ពីរ របាក្សត្រ ទី១ និង ទី២ ផងដែរ ។ វា​អាច​មាន​អត្ថប្រយោជន៍​ដើម្បី​ដឹងថា ការងារ​ចាប់ពី សាំយូអែល ទី១–ពង្សាវតារក្សត្រ ទី២ ហាក់ដូចជា​បានចាប់ផ្តើម​ពីមុន​អាណាចក្រ​បាប៊ីឡូន​បាន​ដណ្តើម​យក​ស្រុក​យូដា​បាន ហើយ​បានចប់​សព្វគ្រប់​នៅ​អំឡុងពេល​ធ្វើ​និរទេស​ខ្លួន​នៅ​ក្រុង​បាប៊ីឡូន ។ ម្យ៉ាងវិញ​ទៀត កំណត់ត្រា​ដែល​បាន​ក្លាយ​ជា​គម្ពីរ របាក្សត្រ ទី១–ទី២ ត្រូវបាន​ចងក្រង បន្ទាប់ពី​ពួកសាសន៍​យូដា​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ក្រោយពី​ការ​និរទេស​ខ្លួន​របស់​ពួកគេ ។ កាលដែល​បងប្អូន​អាន បងប្អូន​អាច​ពិចារណា​ពី​របៀប​ដែល​កាលៈទេសៈ​ខុសៗគ្នា​ទាំងនេះ អាច​ជះ​ឥទ្ធិពល​លើ​ទស្សនៈ​របស់​ពួកអ្នក​ចងក្រង​នៃ​ដំណើររឿង​ខុសៗគ្នា​ទាំងនេះ ។

  3. នៅ​ពេល​ដើម​ធនធាន​នេះ បងប្អូន​នឹង​អាន « ទិដ្ឋភាព​ទូទៅ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ » នៅលើ​កាលប្រវត្តិ​ដែល​បង្ហាញ​ពី​របៀប​ការងារបម្រើ​របស់​ព្យាការី​ម្នាក់ៗ​ត្រូវគ្នា​នឹង​ដំណើររឿង​នៃ​សាសន៍​អ៊ីស្រាអែល ( ក៏​ដូចជា​ដើម្បី​កំណត់​ថា​ត្រូវគ្នា​ឬអត់​ផងដែរ ) ។ បងប្អូន​នឹង​សម្គាល់​ឃើញថា គម្ពីរ​របស់​ព្យាការី​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​ភាគច្រើន កើតឡើង​នៅជិត​ចុង​កាល​ប្រវត្តិ​នោះ—គឺ​នៅមុនពេល និង​ក្រោយពេល​ដែល​ពួកកូនចៅ​នៃ​អ៊ីស្រាអែល​ត្រូវបាន​គេ​វាយលុក និរទេស​ខ្លួន និង​ខ្ចាត់ព្រាត់​គ្នា​ដោយសារ​តែ​ពួកសត្រូវ​របស់​ពួកគេ​បន្ដិច​ប៉ុណ្ណោះ ។