« ថ្ងៃទី ៩–១៥ ខែ ឧសភា ។ ជនគណនា ១១–១៤; ២០–២៤ ៖ ‹ កុំឲ្យចេះតែបះបោរនឹងព្រះយេហូវ៉ា ឬខ្លាច› » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៩–១៥ ខែ ឧសភា ។ ជនគណនា ១១–១៤; ២០–២៤ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ៩–១៥ ខែ ឧសភា
ជនគណនា ១១–១៤; ២០–២៤
« កុំឲ្យចេះតែបះបោរនឹងព្រះយេហូវ៉ា ឬខ្លាច »
គម្រោងមេរៀននេះគូសបញ្ជាក់គោលការណ៍ដ៏មានតម្លៃមួយចំនួននៅក្នុងគម្ពីរជនគណនា ។ ក៏សូមបើកដួងចិត្តចំពោះគោលការណ៍ផ្សេងទៀតដែលព្រះវិញ្ញាណអាចជួយឲ្យបងប្អូនមើលឃើញផងដែរ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ទោះជាដើរដោយថ្មើរជើងក្ដី ក៏ជាធម្មតាវាមិនចំណាយពេល ៤០ ឆ្នាំដើម្បីធ្វើដំណើរចេញពីទីរហោស្ថានស៊ីណាយទៅកាន់ដែនដីសន្យាក្នុងស្រុកកាណានដែរ ។ ប៉ុន្តែនោះគឺជារយៈពេលដែលកូនចៅអ៊ីស្រាអែលត្រូវការ គឺមិនមែនដើម្បីបំពេញចម្ងាយខាងភូមិសាស្ត្រទេ ប៉ុន្តែដើម្បីបំពេញចម្ងាយខាងវិញ្ញាណ ៖ ចម្ងាយរវាងប្រភេទមនុស្សដែលពួកគេបានធ្វើកាលពីមុន និងប្រភេទមនុស្សដែលព្រះអម្ចាស់ចង់ឲ្យពួកគេប្រែជារាស្ត្រនៃសេចក្ដីសញ្ញារបស់ទ្រង់ ។
គម្ពីរជនគណនារៀបរាប់ពីរឿងដែលបានកើតឡើងនៅអំឡុង៤០ឆ្នាំនោះ រួមទាំងមេរៀនដែលកូនចៅអ៊ីស្រាអែលត្រូវរៀនពីមុនចូលទៅក្នុងដែនដីសន្យាផងដែរ ។ ពួកគេបានរៀនអំពីការស្មោះត្រង់ចំពោះពួកអ្នកបម្រើដ៏ជម្រើសរបស់ព្រះអម្ចាស់ ( សូមមើល ជនគណនា ១២ ) ។ ពួកគេបានរៀនពីការទុកចិត្តលើព្រះចេស្ដារបស់ព្រះអម្ចាស់ សូម្បីតែពេលដែលអនាគតមើលទៅដូចជាគ្មានសង្ឃឹមក្ដី ( សូមមើល ជនគណនា ១៣–១៤ ) ។ ហើយពួកគេបានរៀនថា ការខ្វះសេចក្ដីជំនឿ ឬការខ្វះការទុកចិត្តនាំមកនូវការខូចខាតខាងវិញ្ញាណ ប៉ុន្តែពួកគេអាចប្រែចិត្ត ហើយមើលទៅព្រះអង្គសង្គ្រោះសម្រាប់ការព្យាបាល ( សូមមើល ជនគណនា ២១:៤–៩ ) ។
នៅក្នុងរបៀបមួយចំនួន យើងគ្រប់គ្នាប្រៀបដូចជាសាសន៍អ៊ីស្រាអែលដែរ ។ យើងគ្រប់គ្នាស្គាល់ថាតើទីរហោស្ថានខាងវិញ្ញាណមានលក្ខណៈបែបណា ហើយមេរៀនដូចគ្នាដែលពួកគេបានរៀនអាចជួយយើងឲ្យរៀបចំខ្លួនចូលទៅក្នុងដែនដីសន្យារបស់យើងផ្ទាល់ ៖ គឺជីវិតដ៏នៅអស់កល្បជានិច្ចជាមួយនឹងព្រះវរបិតាសួគ៌របស់យើង ។
សម្រាប់ទិដ្ឋភាពទូទៅស្ដីពីគម្ពីរជនគណនា សូមមើល « ជនគណនា » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
វិវរណៈគឺមានចំពោះមនុស្សគ្រប់រូប ប៉ុន្តែព្រះដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈព្យាការីរបស់ទ្រង់ ។
នៅក្នុង ជនគណនា ១១:១១–១៧, ២៤–២៩ សូមកត់សម្គាល់ពីបញ្ហាដែលម៉ូសេបានជួបប្រទះ និងពីដំណោះស្រាយដែលព្រះបានស្នើសុំ ។ តើបងប្អូនគិតថាម៉ូសេចង់មានន័យយ៉ាងដូចម្ដេច នៅពេលលោកបានពោលថា លោកប្រាថ្នា « ឲ្យបណ្តាជនទាំងឡាយរបស់ព្រះយេហូវ៉ា ចេះទាយដែរ » ? ( ខទី ២៩ ) ។ នៅពេលបងប្អូនពិចារណាពីខគម្ពីរទាំងនេះ សូមគិតពីពាក្យពេចន៍ទាំងនេះរបស់ប្រធាន រ័សុល អិម ណិលសុន ៖ « តើព្រះពិតជា ចង់ មានបន្ទូលទៅកាន់បងប្អូនមែនទេ ? ពិតណាស់ ! … មានរឿងជាច្រើនទៀតដែលព្រះវរបិតាសួគ៌របស់បងប្អូនចង់ឲ្យបងប្អូនដឹង » ( « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ ) ។
ទោះជាយ៉ាងណា ការនិយាយថា មនុស្សគ្រប់គ្នាអាចចេះទាយពុំមែនមានន័យថា ពួកគេអាចដឹកនាំរាស្ត្រព្រះតាមរបៀបដែលម៉ូសេបានធ្វើនោះ ទេ ។ ឧប្បត្តិហេតុដែលបានកត់ត្រានៅក្នុង ជនគណនា ១២ បញ្ជាក់យ៉ាងច្បាស់ពីបញ្ហានេះ ។ នៅពេលបងប្អូនអានជំពូកនេះ តើបងប្អូនរកឃើញការប្រុងប្រយ័ត្នអ្វីខ្លះ ? តើបងប្អូនមានអារម្មណ៍ថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យបងប្អូនយល់ដឹងអ្វីខ្លះអំពីវិវរណៈផ្ទាល់ខ្លួន និងការធ្វើតាមព្យាការី ?
សូមមើលផងដែរ នីហ្វៃទី១ ១០:១៧; គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:១–៧;ដាល្លិន អេក អូក « Two Lines of Communication » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៣–៨៦ ។
ដោយមានសេចក្តីជំនឿលើព្រះអម្ចាស់ ខ្ញុំអាចមានសង្ឃឹមចំពោះអនាគត ។
នៅពេលបងប្អូនអាន ជនគណនា ១៣–១៤ សូមព្យាយាមដាក់ខ្លួនជំនួសឲ្យពួកសាសន៍អ៊ីស្រាអែល ។ ហេតុអ្វីបងប្អូនគិតថាពួកគេចង់ « ត្រឡប់ទៅស្រុកអេស៊ីព្ទវិញ » ?( ជនគណនា ១៤:៣ ) ។ តើបងប្អូនធ្លាប់ដូចអ្នកដែលមានទុទិដ្ឋិនិយមក្នុងការចូលទឹកដីសន្យាទេ ? តើបងប្អូននឹងរៀបរាប់ពី « វិញ្ញាណ » ផ្សេងទៀតដែលកាលែបមានយ៉ាងដូចម្ដេច ? ( ជនគណនា ១៤:២៤ ) ។ តើអ្វីទៅដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍អំពីសេចក្ដីជំនឿរបស់កាលែប និងយ៉ូស្វេ ហើយតើបងប្អូនអាចយកគំរូរបស់ពួកគេទៅអនុវត្តក្នុងស្ថានភាពដែលបងប្អូនជួបយ៉ាងដូចម្ដេច ?
សូមមើលផងដែរ Teachings of Presidents of the Church: Gordon B. Hinckley (២០១៦), ៧៥–៧៦ ។
បើខ្ញុំមើលទៅព្រះយេស៊ូវគ្រីស្ទ នោះទ្រង់អាចព្យាបាលខ្ញុំខាងវិញ្ញាណបាន
ពួកព្យាការីក្នុងព្រះគម្ពីរមរមនបានដឹងពីដំណើររឿងដែលបានកត់ត្រានៅក្នុង ជនគណនា ២១:៤–៩ ហើយបានយល់ពីសារៈសំខាន់ខាងវិញ្ញាណរបស់វា ។ តើ នីហ្វៃទី១ ១៧:៤០–៤១; អាលម៉ា ៣៣:១៨–២២ និង ហេលេមិន ៨:១៣–១៥ បន្ថែមអ្វីខ្លះដល់ការយល់ដឹងរបស់បងប្អូនអំពីដំណើររឿងនេះ ? នៅពេលបងប្អូនសិក្សាបទគម្ពីរទាំងនេះ សូមគិតអំពីការព្យាបាលខាងវិញ្ញាណដែលបងប្អូនចង់បាន ។ ពួកសាសន៍អ៊ីស្រាអែលត្រូវ « [ មើល ] រូបពស់លង្ហិន » ( ជនគណនា ២១:៩ ) ដើម្បីបានជាសះស្បើយ ។ តើបងប្អូនទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះដើម្បីកាន់តែ « សម្លឹងមើលទៅព្រះរាជបុត្រានៃព្រះដោយនូវសេចក្ដីជំនឿ » យ៉ាងពេញលេញ ? ( ហេលេមិន ៨:១៥ ) ។
សូមមើលផងដែរ យ៉ូហាន ៣:១៤–១៥; គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៦Dale G. Renlund, “Abound with Blessings,” Liahona, ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៧០–៧៣ ។
ខ្ញុំអាចធ្វើតាមព្រះឆន្ទៈរបស់ព្រះ ទោះជាមនុស្សដទៃព្យាយាមអូសទាញខ្ញុំមិនឲ្យធ្វើដូច្នោះក្ដី ។
នៅពេល បាឡាក ស្ដេចស្រុកម៉ូអាប់ បានដឹងថា សាសន៍អ៊ីស្រាអែលកំពុងធ្វើដំណើរមក ទ្រង់បានហៅបាឡាម ជាបុរសម្នាក់ដែលចេះឲ្យពរ និងដាក់បណ្ដាសារ ។ បាឡាកចង់ឲ្យលោកធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលចុះខ្សោយដោយការដាក់បណ្ដាសារដល់ពួកគេ ។ សូមកត់សម្គាល់ពីរបៀបដែលបាឡាកបានព្យាយាមអូសទាញបាឡាម ( សូមមើល ជនគណនា ២២:៥–៧, ១៥–១៧ ) ហើយគិតពីការល្បួងទាស់នឹងព្រះឆន្ទៈរបស់ព្រះដែលបងប្អូនជួប ។ តើអ្វីទៅដែលធ្វើឲ្យបងប្អូនមានចំណាប់អារម្មណ៍ទៅលើការឆ្លើយតបរបស់បាឡាមនៅក្នុង ជនគណនា ២២:១៨, ៣៨; ២៣:៨, ១២, ២៦; ២៤:១៣ ?
ជាអកុសល នៅទីបំផុតបាឡាមហាក់ដូចជាចុះចាញ់នឹងការដាក់សម្ពាធ ហើយបានក្បត់នឹងអ៊ីស្រាអែល ( សូមមើល ជនគណនា ៣១:១៦; យូដាស ១:១១ ) ។ សូមពិចារណាពីរបៀបដែលបងប្អូនអាចនៅបន្តស្មោះត្រង់ចំពោះព្រះអម្ចាស់ ទោះជាមានសម្ពាធមកពីមនុស្សដទៃក្ដី ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
ជនគណនា ១១:៤–៦ ។តើឥរិយាបថរបស់យើងធ្លាប់ស្រដៀងគ្នានឹងឥរិយាបថដែលពួកសាសន៍អ៊ីស្រាអែលបានបង្ហាញនៅក្នុង ជនគណនា ១១:៤–៦ ដែរឬទេ ? តើការប្រឹក្សានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:១៥–២១ អាចជួយតាមរបៀបណា ?
-
ជនគណនា ១២:៣ ។តើម៉ូសេបានបង្ហាញថាលោក « សុភាពណាស់ » នៅក្នុង ជនគណនា ១២ ឬនៅក្នុងវគ្គបទគម្ពីរផ្សេងទៀតដែលបងប្អូនធ្លាប់អានតាមរបៀបណា ? បងប្អូនអាចពិនិត្យមើលឡើងវិញនូវការពន្យល់របស់អែលឌើរ ដេវីឌ អេ បែដណា អំពីសេចក្ដីរាបសានៅក្នុងសារលិខិតរបស់លោក បងប្អូនអាចមើលនៅក្នុង « ស្លូតបូត, ភាពស្លូតបូត » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ។ តើយើងរៀនអ្វីខ្លះ អំពីរបៀបដែលយើងអាចប្រែក្លាយកាន់តែស្លូតបូត ? តើមានពរជ័យអ្វីខ្លះដែលអាចកើតមាននៅពេលយើងធ្វើដូច្នោះ ?
-
ជនគណនា ១៣–១៤ ។សមាជិកគ្រួសាររបស់បងប្អូនចំនួនពីរ ( ឬច្រើននាក់ ) អាចធ្វើជាអ្នក « សង្កេតមើល » ( ជនគណនា ១៣:១៧ ) ផ្នែកមួយទៀតនៃផ្ទះរបស់បងប្អូន ដែលហាក់ដូចជាវាជាដែនដីសន្យា ។ បន្ទាប់មក ពួកគេអាចប្រាប់គ្នាដោយផ្អែកទៅលើ ជនគណនា ១៣:២៧–៣៣ ឬ ជនគណនា ១៤:៦–៩ ។ តើយើងរៀនអ្វីខ្លះអំពីសេចក្ដីជំនឿមកពីរបាយការណ៍ពីរផ្សេងគ្នានៅក្នុងខគម្ពីរទាំងនេះ ? តើយើងអាចធ្វើក្លាយកាន់តែដូចជាកាលែប និងយ៉ូស្វេ យ៉ាងដូចម្តេច ?
-
ជនគណនា ២១:៤–៩ ។បន្ទាប់ពីអាន ជនគណនា ២១:៤–៩ ជាមួយនឹង នីហ្វៃទី១ ១៧:៤០–៤១; អាលម៉ា ៣៣:១៨–២២ និង ហេលេមិន ៨:១៣–១៥ គ្រួសាររបស់បងប្អូនអាចធ្វើរូបពស់ក្រដាស ឬដីឥដ្ឋមួយ ហើយសរសេរនៅលើវា ឬនៅលើក្រដាសពីរឿងសាមញ្ញមួយចំនួនដែលបងប្អូនអាចធ្វើដើម្បី « សម្លឹងមើលទៅព្រះរាជបុត្រានៃព្រះដោយនូវសេចក្ដីជំនឿ » ( ហេលេមិន ៨:១៥ ) ។
ចំពោះគំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងលើកទឹកចិត្តឲ្យប្រើ ៖ « ព្រះយេស៊ូវអើយគ្រាន់តែនឹកឡើង » ទំនុកតម្កើង ល.រ ៨០ ។