ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៩–១៥ ខែ ឧសភា ។ ជនគណនា ១១–១៤; ២០–២៤ ៖ « កុំ​ឲ្យ​ចេះ​តែ​បះបោរ​នឹង​ព្រះយេហូវ៉ា ឬ​ខ្លាច »


« ថ្ងៃទី ៩–១៥ ខែ ឧសភា ។ ជនគណនា ១១–១៤; ២០–២៤ ៖ ‹ កុំ​ឲ្យ​ចេះ​តែ​បះបោរ​នឹង​ព្រះយេហូវ៉ា ឬ​ខ្លាច › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៩–១៥ ខែ ឧសភា ។ ជនគណនា ១១–១៤; ២០–២៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២២

ជ្រលង​ភ្នំ​វាល​ខ្សាច់

ថ្ងៃទី ៩–១៥ ខែ ឧសភា

ជនគណនា ១១–១៤; ២០–២៤

« កុំ​ឲ្យ​ចេះ​តែ​បះបោរ​នឹង​ព្រះយេហូវ៉ា ឬ​ខ្លាច »

គម្រោង​នេះ​មិនមាន​ន័យថា ត្រូវតែ​ធ្វើឲ្យ​ដូច​បេះដាក់​នោះ​ទេ ។ ផ្ទុយ​ទៅវិញ សូម​ប្រើវា​ដើម្បី​ទទួល​បាន​គំនិត និង​ការ​បំផុស​គំនិត​សម្រាប់​សកម្មភាព​រៀន​ដែល​នឹង​ផ្ដល់​ពរជ័យ​ដល់​កុមារ​នៅក្នុង​ថ្នាក់​របស់​បងប្អូន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​បង្ហាញ​កុមារ​នូវ​រូបភាព​មួយ​ពី​គម្រោង​នេះ ឬ​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ជាមួយ​បងប្អូន នូវអ្វី​ដែល​ពួកគេ​ដឹង​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅក្នុង​រូបភាព​នោះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ជនគណនា ១១:៤–១០

ខ្ញុំ​អាច​ដឹងគុណ​ចំពោះ​អ្វីដែល​ព្រះបាន​ប្រទាន​ដល់ខ្ញុំ ។

ទោះបី​ព្រះអម្ចាស់​បាន​ធ្វើការ​អស្ចារ្យ​សម្រាប់​កូនចៅ​របស់​អ៊ីស្រាអែល​ក៏​ដោយ ក៏​ពួកគេ​តែងតែ​ផ្តោត​ការយក​ចិត្ត​ទុកដាក់​ទៅលើ​អ្វី​ដែល​ពួកគេ​មិនមាន​ដែរ ។ សូម​ជួយ​កុមារ​ឲ្យ​រៀន​ថ្លែង​អំណរគុណ​ចំពោះ​អ្វី​ដែល​ព្រះ​បាន​ប្រទាន​ដល់​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សួរ​កុមារ ប្រសិន​បើ​ពួកគេ​ចងចាំ​អព្ភូតហេតុ​មួយ​ចំនួន​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដើម្បី​ប្រទានពរ​ដល់​សាសន៍​អ៊ីស្រាអែល​នៅ​ទីរហោស្ថាន​ដែរ​ឬទេ ។ ( ប្រសិន​បើ​កុមារ​ត្រូវការ​ជំនួយ សូម​បង្ហាញ​រូបភាព​ដល់់​ពួកគេ​ចេញ​ពី គម្រោង​មេរៀន​ថ្ងៃទី ៤–១០ ខែ មេសា នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ សូមមើល​ផងដែរ និក្ខមនំ ១៤:២១–២២; ១៥:២៣–២៥; ១៦:៤ ) ។ បន្ទាប់​មក សូម​សង្ខេប​ឲ្យ​ពួកគេ​នូវ ជនគណនា ១១:៤–១០បញ្ជាក់​ថា ព្រះអម្ចាស់​មិនសព្វ​ព្រះហឫទ័យ​ទេ ពីព្រោះ​តែ​សាសន៍​អ៊ីស្រាអែល​បាន​ត្អូញត្អែរ ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​បង្ហាញ​ការដឹងគុណ​ដល់​ព្រះអម្ចាស់ ។

  • សូម​ច្រៀង​ចម្រៀង​រួមគ្នា​មួយបទ​អំពី​ការដឹងគុណ ដូចជា « ចូរ​រាប់​ព្រះពរ » ( ទំនុកតម្កើង លេខ ១៥០ ) ។ សូម​អញ្ជើញ​កុមារ​ម្នាក់ៗ​ឲ្យ​គូរ​រូប​ភាព​នៃ​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ ឬ​ក្រុមគ្រួសារ​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​គិត ឬ​មើល​រូបភាព​របស់​ពួកគេ នៅ​ពេលណា​ដែល​ពួកគេ​ត្រូវ​បាន​ល្បួង​ឲ្យ​ត្អូញត្អែរ​អំពី​អ្វីមួយ​ដែល​ពួកគេ​មិនមាន ។

ជនគណនា ១៣:១៧–៣៣; ១៤:៦–៩

សេចក្ដី​ជំនឿ​អាច​ជួយ​ខ្ញុំ​មិនឲ្យ​ភ័យខ្លាច ។

នៅ​ពេល​ម៉ូសេ​បានចាត់​បុរស ១២ នាក់ ឲ្យ​ទៅរក​ដែនដី​​សន្យា នោះ​បុរស ១០ នាក់​បាន​ត្រឡប់​មកវិញ​ដោយ​ភ័យខ្លាច ដោយសារ​តែ​ប្រជាជន​ដែល​រស់នៅ​ទីនោះ​ខ្លាំងពូកែ ។ បុរស​ពីរនាក់​នៅក្នុង​ចំណោម​ពួកគេ​គឺ កាលែប និង​យ៉ូស្វេ មិនបាន​ភ័យខ្លាច​នោះ​ទេ ពីព្រោះ​ពួកគេ​មាន​ជំនឿ​លើ​ព្រះអម្ចាស់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រើ​រូបភាព ឬ​រូបគំនូរ​នៃ​ទំពាំងបាយជូរ ទឹកឃ្មុំ យក្ស និង​កណ្តូប ដើម្បី​ប្រាប់​កុមារ​ដោយ​សង្ខេប​អំពី​បុរស​ទាំង ១២ នាក់​ដែល​ម៉ូសេ​បាន​ចាត់​ឲ្យ​ទៅ​រុករក​ដែនដី​សន្យា ( សូមមើល ជនគណនា ១៣:១៧–៣៣សូមមើល​ផងដែរ « សែសិប​ឆ្នាំ​នៅក្នុង​ទីរហោស្ថាន » នៅក្នុង ដំណើរ​រឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ) ។ សូម​ពន្យល់​ថា ពួកគេ​បាន​រកឃើញ​ផ្លែឈើ និង​អាហារ​ជាច្រើន ( សូម​អញ្ជើញ​កុមារ​ធ្វើជា​ញ៉ាំអាហារ ) ប៉ុន្តែ​ពួកគេ​ក៏​ភ័យខ្លាច​ផងដែរ ពីព្រោះ​ប្រជាជន​នៅ​ទីនោះ​មាន​មាឌ​ធំ និង​ខ្លាំង ( សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើជា​ភ័យខ្លាច ) ។ សូម​បង្ហាញ​រូបភាព​របស់​ព្រះយេស៊ូវ ហើយ​ចង្អុល​បង្ហាញ​ថា​សាសន៍​អ៊ីស្រាអែល​ពីរនាក់​ឈ្មោះ​កាលែប និង​យ៉ូស្វេ​មិនមាន​ការភ័យខ្លាច​ទេ ដោយសារ​ពួកគេ​មាន​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

  • សូមអាន ជនគណនា ១៤:៩ ទៅដល់​កុមារ ហើយ​និយាយ​អំពី​ពេល​មួយ​នៅ​ពេល​ដែល​បងប្អូន​បានមាន​ការភ័យខ្លាច ប៉ុន្តែ​ជំនឿ​របស់​បងប្អូន​លើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយ​បងប្អូន​ឲ្យ​មាន​ភាពក្លាហាន ។ សូម​ជួយ​កុមារ​ឲ្យ​គិតអំពី​បទពិសោធន៍​ស្រដៀង​នេះ​ដែល​ពួកគេ​ធ្លាប់​មាន ។

    ពួកបុរស​បង្ហាញ​ផ្លែឈើ​ដល់​ម៉ូសេ

    អ្នក​ស៊ើបការណ៍​សាសន៏​អ៊ីស្រាអែល ១០ នាក់​​ភ័យខ្លាច យ៉ូស្វេ និង​កាលែប​មាន​ជំនឿ ។ © Lifeway Collection/បានទទួលអាជ្ញាប័ណ្ណពី goodsalt.com

ជនគណនា ២១:៦–៩

ខ្ញុំ​អាច​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ ។

ដូចគ្នា​នឹង​កូនចៅ​របស់​អ៊ីស្រាអែល ដែល​ត្រូវ​បានជា​សះស្បើយ​ដោយ​មើល​ទៅ​ពស់​លង្ហិន​នោះ កុមារ​នៅ​ក្នុងថ្នាក់​របស់​បងប្អូន​ទទួល​បាន​សេចក្ដី​សង្រ្គោះ ដោយ​មើលទៅ​ព្រះអង្គសង្រ្គោះ​ផងដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រើ​ទំព័រ​សកម្មភាព​សប្តាហ៍នេះ ឬ​រូបភាព​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ប្រាប់កុមារ​នូវ​អ្វី​ដែល​បាន​កើតឡើង​នៅពេល​ដែល « ពស់​ភ្លើង » បាន​ចូលមក​ក្នុង​ជំរំ​របស់​សាសន៍​អ៊ីស្រាអែល ( សូមមើល ជនគណនា ២១:៦–៩ ) ។ សូម​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា ពស់​លង្ហិន​ប្រៀប​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូហាន ៣:១៤–១៥ ) ។ បនា្ទប់​មក​ឲ្យ​កុមារ​ផ្លាស់ប្តូរ​វេនគ្នា ប្រើ​រូបភាពដើម្បី​និទានរឿង​ទៅ​កាន់​គ្នា​ទៅវិញ​ទៅមក ។

  • សូម​ឲ្យ​ពួកគេ​បិទ​ភ្នែក​ អំឡុងពេល​បងប្អូន​ដាក់​រូបភាព​ព្រះយេស៊ូវ​នៅ​កន្លែង​ណា​មួយ​នៅក្នុង​បន្ទប់ ។ បន្ទាប់​មក​សូម​អញ្ជើញ​កុមារឲ្យ​បើកភ្នែក ហើយ​ដើររក​រូបភាព ហើយ​មើល​ទៅ​រូបនោះ ។ សូម​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ​វេនគ្នា​ដើម្បី​ដាក់​រូបភាព ។ រាល់ពេល​ដែលកុមារ​រកឃើញ​រូបភាព សូម​ជួយ​ពួកគេ​គិត​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​មើល​ទៅ​ព្រះអង្គសង្គ្រោះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ជនគណនា ១២

ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​តាម​ព្យាការី​របស់​ទ្រង់ ។

ជនគណនា ១២ មាន​មេរៀន​ដ៏​មាន​តម្លៃ​មួយ​ចំនួន​ដែល​អាច​ជួយ​ដល់​កុមារ នៅពេល​ពួកគេ​ឮ​មនុស្ស​និយាយ​អាក្រក់​អំពី​ព្យាការី​របស់​ព្រះអម្ចាស់ ឬ​អ្នកដឹកនាំ​សាសនាចក្រ​ផ្សេងៗ​ទៀត ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រាប់​កុមារ​ថា មាន​គ្រា​មួយ​ព្រះអម្ចាស់​មិន​សប្បាយ​ព្រះទ័យ​នឹង​អើរ៉ុន និង​ម៉ារាម ដែលជា​បងប្អូន​ប្រុសស្រី​របស់​ម៉ូសេ ។ សូម​អញ្ជើញ​កុមារឲ្យ​អាន ជនគណនា ១២:១–២ ដើម្បី​ស្វែង​យល់​អំពី​មូលហេតុ ។ តាមរយៈ ខទី ៥–៨តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​យ៉ាងណា​ចំពោះ​អើរ៉ុន និង​ម៉ារាម ដែល​និយាយ​ប្រឆាំង​នឹង​ព្យាការី​របស់​ទ្រង់ ?

  • សូម​ជួយ​កុមារ​ឲ្យ​គិត​ពីគំរូ​របស់​មនុស្ស​នៅក្នុង​ព្រះគម្ពីរ ដែលបាន​ធ្វើ​តាម​ព្យាការី​ហើយ​បាន​ទទួល​ពរជ័យ ( ជា​ឧទាហរណ៏​សូមមើល លោកុប្បត្តិ ៧:៧​; នីហ្វៃ​ទី១ ៣:៧ ) ។ តើ​ព្យាការី​នៅរស់​របស់​យើង​បាន​បង្រៀន​យើង​អ្វីខ្លះ ? តើ​យើង​មាន​ពរជ័យ​យ៉ាង​ណា នៅពេល​យើង​ធ្វើ​តាម​ការ​បង្រៀន​របស់​ទ្រង់ ?

ជនគណនា ២១:៤–៩

ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្ដា​ដើម្បី​ព្យាបាល​ខ្ញុំ​ខាង​វិញ្ញាណ ។

ពួកសាសន៍​អ៊ីស្រាអែល​ជាច្រើន​បាន​ស្លាប់ ដោយសារ​ពួកគេ​មិនមាន​ជំនឿ​ថា​ព្រះអម្ចាស់​នឹង​ប្រោស​ពួកគេ​ឲ្យជា បើ​ពួកគេ​គ្រាន់តែ​ក្រឡេកមើល​ពស់​លង្ហិន​នោះ​ទេ ( សូមមើល អាលម៉ា ៣៣:១៨–២០ ) ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​មាន​ជំនឿ​លើ​ព្រះចេស្ដា​សង្គ្រោះ​របស់​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូបភាព​នៃអ្វី​ដែល​ពួកគេ​បាន​អាន​នៅក្នុង ជនគណនា ២១:៤–៩ ។ សូម​ឲ្យ​សិស្ស​ប្រើ​រូបភាព​របស់​ពួកគេ​ដើម្បី​និទាន​រឿង​នោះ ។ សុំ​ឲ្យ​កុមារ​ម្នាក់ៗ​ជ្រើសរើស​បទគម្ពីរ​មួយ​នៅក្នុង​ចំណោម​បទគម្ពីរ​ខាងក្រោម​នេះ​ហើយ​ចែកចាយ​នូវអ្វី​ដែលវា​បន្ថែម​ដល់​ការ​យល់ដឹង​របស់​យើង​អំពី​រឿងនោះ ៖​យ៉ូហាន ៣:១៤–១៥​; នីហ្វៃ​ទី១ ១៧:៤១​; អាលម៉ា ៣៣:១៨–២០​; ហេលេមិន ៨:១៣–១៥; គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ៦:៣៦ ។

  • សូម​សរសេរ​លើ​ក្តារខៀន​នូវ​សំណួរ​ដូចជា តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី « មើលទៅ​ព្រះរាជបុត្រា​នៃព្រះ​ដោយ​នូវ​សេចក្ដីជំនឿ » ?ហេលេមិន ៨:១៥ ) ។ សូម​ឲ្យ​កុមារ​ម្នាក់ៗ​នូវ​ក្រដាស​មួយសន្លឹក ហើយ​អញ្ជើញ​ពួកគេឲ្យ​សរសេរ​ចម្លើយ​ឲ្យបាន​ច្រើន​តាម​ដែល​ពួកគេ​អាច​គិត​បាន ទៅនឹង​សំណួរ​នោះ ។ សូម​ប្រមូល​ក្រដាស អាន​ចម្លើយ​ពីរបី​ឲ្យ​ឮៗ ហើយ​អញ្ជើញ​កុមារ​ឲ្យ​និយាយ​អំពី​របៀប​ដែល​ការធ្វើ​រឿង​ទាំងនេះ​អាច​ជួយ​យើង នៅ​ពេល​យើង​ត្រូវការ​ព្រះចេស្ដា​នៃ​ការព្យាបាល​របស់​ព្រះអង្គសង្គ្រោះ ។

ជនគណនា ២២–២៤

ខ្ញុំ​អាច​ធ្វើតាម​ព្រះហឫទ័យ​របស់​ព្រះ ទោះបី​ជា​អ្នក​ផ្សេងទៀត​ព្យាយាម​បញ្ចុះបញ្ចូល​ខ្ញុំ​មិនឲ្យ​ធ្វើតាម​ក៏ដោយ ។

បាឡាក​បាន​ព្យាយាម​បញ្ចុះបញ្ចូល​បាឡាម ឲ្យ​ដាក់​បណ្ដាសា​ដល់​សាសន៏​អ៊ីស្រាអែល ប៉ុន្តែ​បាឡាម​បាន​ដឹងថា ការណ៏នេះ​ប្រឆាំង​នឹង​ព្រះហឫទ័យ​របស់​ព្រះ ។ គំរូ​របស់​បាឡាម​អាច​ជួយ​ដល់​កុមារ នៅពេល​ពួកគេ​ប្រឈមមុខ​នឹង​សម្ពាធ​ដែល​មិន​ឲ្យ​ស្តាប់​បង្គាប់​ព្រះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សង្ខេប ជនគណនា ២២:១–១៨ ឲ្យកុមារ ដោយ​បញ្ជាក់​អំពី​របៀប​ដែល​បាឡាម​បាន​បដិសេធ​មិនព្រម​ដាក់​បណ្តាសា​ប្រជាជន​របស់​ព្រះឡើយ ទោះបីជា​បាឡាក ​ជា​ស្តេច​ម៉ូអាប់​បានផ្តល់​កិត្តិយស និង​ទ្រព្យសម្បត្តិ​ដល់​គាត់​ក៏ដោយ ។ សុំឲ្យ​កុមារ​ស្វែងរក​ខគម្ពីរ​ដូច​ខាងក្រោម​សម្រាប់​ឃ្លា​ដែល​ពួកគេ​មាន​អារម្មណ៍​ថា បង្ហាញពី​ការប្តេជ្ញាចិត្ត​របស់​បាឡាម​នៅក្នុង​ការធ្វើ​តាម​ព្រះ ៖ ជនគណនា​២២:១៨​; ២៣:២៦​; ២៤:១៣ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ជ្រើសរើស​ឃ្លាមួយ​ដែល​ពួកគេ​ចូលចិត្ត ហើយ​សរសេរ​វា​នៅលើ​កាត​មួយ​សម្រាប់​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ដើម្បី​គោរព​តាម​ព្រះអម្ចាស់ ។

  • សូម​និយាយ​ជាមួយ​កុមារ​អំពី​ស្ថានភាព​ទាំងឡាយ នៅពេល​ដែល​មិត្តភក្តិ ឬ​អ្នកណា​ម្នាក់​អាច​ព្យាយាម​បញ្ចុះបញ្ចូល​ពួកគេ​ឲ្យ​ធ្វើអ្វី​ខុស ដូចជា​បាឡាក​បាន​ធ្វើ​ចំពោះ​បាឡាម ។ តើ​ការប្តេជ្ញា​ចិត្ត​របស់​បាឡាម​ចំពោះ​ព្រះអម្ចាស់​បាន​ជួយ​គាត់​ឲ្យ​ទប់ទល់​នឹង​សម្ពាធ​មកពី​បាឡាក​យ៉ាង​ដូចម្តេច ? សូម​អញ្ជើញ​កុមារ​ឲ្យ​អនុវត្ត​ការឆ្លើយ​តប​ចំពោះ​ស្ថានភាព​ទាំងនេះ ដោយ​ប្រើ​ពាក្យ​ដូចជា​បាឡាម​ដែរ ។

រូប​តំណាង​ការរៀនសូត្រ

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វីមួយ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ដូចជា​រូបភាព ព្រះគម្ពីរ ឬ​ចម្រៀង ដែល​បង្ហាញ​ពីអ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់អង្គការ​បឋមសិក្សា ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ទទួល​យក​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ ។ « ជាញឹកញាប់ គ្រា​ដើម្បី​បង្រៀន​ល្អ​បំផុត​​ពុំ​ត្រូវ​បាន​រំពឹងទុក​ជាមុន​ទេ​—​ឧទាហរណ៍ នៅពេល​នរណា​ម្នាក់​ចែកចាយ​​បទពិសោធន៍ ឬ​សួរ​សំណួរ​មួយ​​ដែល​ដឹកនាំ​ទៅរក​ការ​ពិភាក្សា​ដ៏មាន​អត្ថន័យ ។ … ហើយ​មាន​ឆន្ទៈ​ដើម្បី​ផ្លាស់ប្តូរ​ផែនការ​របស់​បងប្អូន បើចាំបាច់ ដើម្បី​ធ្វើតាម​ការបំផុសគំនិត​ដែល​បងប្អូន​ទទួល​បាន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ១០ ) ។