ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២៣–២៩ ខែ ឧសភា ។ យ៉ូស្វេ ១–៨; ២៣–២៤ ៖ « ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ »


« ថ្ងៃទី ២៣–២៩ ខែ ឧសភា ។ យ៉ូស្វេ ១–៨; ២៣–២៤ ៖ ‹ ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៣–២៩ ខែ ឧសភា ។ យ៉ូស្វេ ១–៨; ២៣–២៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

ម៉ូសេ តែង​តាំង​យ៉ូស្វេ

រចនា​រូបភាព​ ​ម៉ូសេ​តែង​តាំង​យ៉ូស្វេ ដោយ ដារ៉ែល ថូម៉ាស

ថ្ងៃទី ២៣–២៩ ខែ ឧសភា

យ៉ូស្វេ ១–៨; ២៣–២៤

« ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ »

ពេល​បងប្អូន​សិក្សា​គម្ពីរ​យ៉ូស្វេ សូម​ពិចារណា​ថាតើ​រឿង​ដែល​បងប្អូន​រៀន​អំពី​ពួក​សាសន៍​អ៊ីស្រាអែល​អាច​បង្កើន​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណា ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ជាច្រើន​ជំនាន់​បាន​កន្លង​ផុត​ទៅ ប៉ុន្តែ​ការ​សន្យា​របស់​ព្រះអម្ចាស់​ហៀប​នឹង​បាន​បំពេញ​ហើយ ៖ គឺ​កូន​ចៅ​អ៊ីស្រាអែល​បាន​ស្ថិត​នៅ​លើ​ព្រំប្រទល់​នៃ​ការ​គ្រង​ដែនដី​សន្យា​ទុក​ជា​មរតក ។ ប៉ុន្តែ​ពួក​គេ​បាន​ជួប​នឹង​ទន្លេ​យ័រដាន់ ក្រុង​យេរីខូរ និង​មនុស្ស​ទុច្ចរិត​ខ្លាំង​ក្លា​ដែល​បាន​បដិសេធ​ព្រះអម្ចាស់ ( សូម​មើល នីហ្វៃទី១ ១៧:៣៥ ) ។ លើស​ពី​នោះ​ទៀត អ្នក​ដឹកនាំ​ជា​ទី​ស្រឡាញ់​របស់​ពួកគេ​គឺ​ម៉ូសេ បាន​ទៅ​បាត់​ហើយ ។ ស្ថានភាព​នោះ​អាច​ធ្វើ​ឲ្យ​ពួក​សាសន៍​អ៊ីស្រាអែល​មួយ​ចំនួន​មាន​អារម្មណ៍​ទន់​ខ្សោយ ហើយ​ភ័យ​ខ្លាច ប៉ុន្តែ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ចូរ​ឲ្យ​មាន​កំឡាំង និង​ចិត្ត​ក្លាហាន​ចុះ » ។ ហេតុអ្វី​ពួកគេ​គួរ​មាន​អារម្មណ៍​បែប​នេះ ? ពុំ​មែន​ដោយសារ​កម្លាំង​របស់​ពួកគេ​ផ្ទាល់​នោះ​ទេ—ឬ​មិន​មែន​ដោយសារ​តែ​កម្លាំង​របស់​ម៉ូសេ ឬ​យ៉ូស្វេ​ដែរ—​ប៉ុន្តែ​ដោយសារ « ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជាមួយ​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ​ផង » ( យ៉ូស្វេ ១:៩ ) ។ នៅពេល​យើង​មាន​ឧបសគ្គ និង​ការលំបាក​ផ្ទាល់​ខ្លួន​ដែល​ត្រូវ​ពុះពារ នោះ​រឿង​អស្ចារ្យ​អាច​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​យើង ដោយសារ​តែ « ព្រះយេហូវ៉ា [ ជា​អង្គ​ដែល ] នឹង​ធ្វើ​ការ​អស្ចារ្យ​នៅ​ក្នុង​ពួក [ យើង ] » ( យ៉ូស្វេ ៣:៥ ) ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​យ៉ូស្វេ សូម​មើល « យ៉ូស្វេ » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

Learn More image
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

យ៉ូស្វេ ១:១–៩

ព្រះ​នឹង​គង់​ជាមួយ​ខ្ញុំ បើ​ខ្ញុំ​ស្មោះត្រង់​ចំពោះ​ទ្រង់ ។

សូម​នឹក​ស្រមៃ​ថាតើ​វា​នឹង​មាន​សភាព​បែប​ណា​ដែរ បើ​យ៉ូស្វេ ត្រូវ​បាន​ហៅ​ជំនួស​ម៉ូសេ​នោះ ។ សូម​កត់​សម្គាល់​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​នៅ​ក្នុង យ៉ូស្វេ ១:១–៩ ដើម្បី​លើក​ទឹក​ចិត្ត​លោក ។ សូម​គិត​ពី​ឧបសគ្គ​ធំៗ​ដែល​បងប្អូន​ជួប​ប្រទះ តើ​អ្វី​ទៅ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ដែល​ផ្ដល់​ភាព​ក្លាហាន​ដល់​បងប្អូន ?

វា​អាច​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​កត់​សម្គាល់​ថា ឈ្មោះ​យ៉ូស្វេ ( យេហូស្វេ ឬ​ យេស្វេ ជា​ភាសា​ហេព្រើរ ) មាន​ន័យ​ថា « ព្រះយេហូវ៉ា​ជួយ​សង្គ្រោះ » ។ ហើយ​ព្រះនាម ព្រះយេស៊ូវ ចេញ​មក​ពី​ពាក្យ យេស្វេ ។ ដូច្នេះ​នៅ ពេល​បងប្អូន​អាន​អំពី​យ៉ូស្វេ សូម​ពិចារណា​ពី​របៀប​ដែល​បេសកកម្ម​របស់​លោក​ក្នុង​ការដឹកនាំ​កូនចៅ​អ៊ីស្រាអែល​ទៅ​ក្នុង​ដែនដី​សន្យា​រំឭក​បងប្អូន​អំពី​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ។

សូមមើល​ផងដែរo Ann M. Dibb, “Be of a Good Courage,” Liahona, ខែឧសភា ឆ្នាំ ២០១០ ១១៤–១៦ ។

យ៉ូស្វេ ២

ទាំង​សេចក្ដី​ជំនឿ និង​ការងារ​គឺចាំបាច់​ចំពោះ​សេចក្ដី​សង្គ្រោះ ។

ពួក​គ្រីស្ទាន​កាល​ពី​បុរាណ​បាន​ឃើញ​រ៉ាហាប​ជា​គំរូ​មួយ​នៃ​អនុភាព​ទាំង​សេចក្ដី​ជំនឿ និង​ការងារ ( សូមមើល ហេព្រើរ ១១:៣១; យ៉ាកុប ២:២៥ ) ។ នៅពេល​បងប្អូន​អាន យ៉ូស្វេ ២ សូម​ពិចារណា​ពី​តួនាទី​នៃ​សេចក្ដី​ជំនឿ និង​ការងារ​របស់​រ៉ាហាប​នៅ​ក្នុង​ការសង្គ្រោះ​ខ្លួន​នាង គ្រួសារ​នាង និង​ក្រុម​សាសន៍​អ៊ីស្រាអែល ។ តើ​ការណ៍​នេះ​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​របៀប​ដែល​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះគ្រីស្ទ និង​ការងារ​របស់​បងប្អូន​អាច​ជះ​ឥទ្ធិពល​ដល់​ខ្លួន​បងប្អូន និង​មនុស្ស​ដទៃ ?

បងប្អូន​ប្រហែល​ជា​មាន​ការ​ចាប់​អារម្មណ៍​ដោយ​ដឹង​ថា រ៉ាហាប គឺជា​បុព្វការីជន​របស់​ស្ដេច​ដាវីឌ និង​ព្រះយេស៊ូវ​គ្រីស្ទ ( សូម​មើល ម៉ាថាយ ១:៥ ) ។ តើ​យើង​អាច​រៀន​មេរៀន​អ្វីខ្លះ​មកពី​រឿង​នេះ ?

រ៉ាហាប

រ៉ាហាប នៅ​ក្បែរ​បង្អួច កំពុង​រង់​ចាំ​ការ​សន្យា ដោយ អេលស្ពេធ យ៉ង់ ។

យ៉ូស្វេ ៣–៤

ខ្ញុំ​អាច​ដក​ពិសោធន៍ « ការ​អស្ចារ្យ » របស់​ព្រះ បើ​ខ្ញុំ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ព្រះអម្ចាស់​មាន​ព្រះរាជ​បំណង​ឲ្យ « គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ដឹង​ថា ព្រះហស្ត​នៃ​ព្រះយេហូវ៉ា​មាន​ព្រះចេស្តា » ( យ៉ូស្វេ ៤:២៤ ) ។ កាល​បងប្អូនអាន យ៉ូស្វេ ៣–៤ សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​ដឹងថា​ព្រះហស្ត​របស់ ព្រះអម្ចាស់​មាន​ព្រះចេស្តា ។ តើ​ព្រះអម្ចាស់​បាន​ធ្វើ « ការ​អស្ចារ្យ » នៅក្នុង​ជីវិត​បងប្អូន​យ៉ាងដូចម្តេច? ( យ៉ូស្វេ ៣:៥ ) ។ តើ​បងប្អូន​អាច​ដកពិសោធន៍—ឬ​ស្គាល់—កិច្ចការ​អស្ចារ្យ​ទាំងនោះ​កាន់តែ​ញឹកញាប់​យ៉ាងដូចម្តេច ? ( ឧទាហរណ៍ សូមមើល យ៉ូស្វេ ៣:១៧ ) ។

ហេតុអ្វី​បងប្អូន​គិតថា​ពួកសាសន៍​អ៊ីស្រាអែល​ត្រូវការ​ញែកខ្លួន​ពួកគេ​ឲ្យបរិសុទ្ធ​ពីមុន​ពួកគេ​ឆ្លង​ទន្លេ​យ័រដាន់ ? តើ​បងប្អូនគិតថា​មាន​សារៈសំខាន់​អ្វីខ្លះ​ដែល​ទឹកទន្លេ​បានញែកចេញ​បន្ទាប់ពី « បាតជើង​របស់ពួក​សង្ឃ … ចុះ​ទៅ​ក្នុង​ទឹក​នៅ​មាត់​ទន្លេ » ? ( យ៉ូស្វេ ៣:១៣, ១៥ ) ។

សម្រាប់​ព្រឹត្តិការណ៍​សំខាន់ៗ​ផ្សេង​ទៀត​ដែល​បានកើតឡើង​នៅឯ​ទន្លេ​យ័រដាន់ សូមមើល ពង្សាវតារក្សត្រ ទី២ ២:៦–១៥; ៥:១–១៤ និង ម៉ាកុស ១:៩–១១ ។ នៅពេល​បងប្អូន​សញ្ជឹងគិត​ពី​បទគម្ពីរ​ទាំងនេះ តើ​បងប្អូន​មើលឃើញ​ព្រឹត្តិការណ៍​ទាំងនេះ​មាន​ទាក់ទងគ្នា​អ្វីខ្លះ ?

សូមមើល​ផងដែរ Gérald Caussé, “Is It Still Wonderful to You?Liahona, ខែឧសភា ឆ្នាំ២០១៥ ទំព័រ 98–100; “Exercise Faith in Christ” ( វីដេអូ ), គេហទំព័រ ChurchofJesusChrist.org.

យ៉ូស្វេ ៦–៨

ការគោរព​ប្រតិបត្តិ​នាំមក​នូវ​ព្រះចេស្តា​របស់ព្រះ​ចូលក្នុង​ជីវិត​របស់ខ្ញុំ ។

ជំពូកទាំងនេះ​ទាក់ទង​នឹង​ការប្រយុទ្ធគ្នា​នៅលើ​ដែនដី​នៃ​ទី​ក្រុង​យេរីខូរ និង​ក្រុង​អៃយ ។ នៅពេល​បងប្អូន​អានវា សូម​ពិចារណា​អំពីរបៀប​ដែលបងប្អូន​តទល់​នឹង​ការល្បួង​នៅក្នុង​ជីវិត​របស់​បងប្អូន​ផ្ទាល់ ( សម្រាប់​ឧទាហរណ៍ សូមមើល យ៉ូស្វេ ៧:១០–១៣ ) ។ តើ​បងប្អូន​បាន​រៀន​អំពី​របៀប​ដែល​ព្រះ​អាច​ជួយ​បងប្អូន និង​អ្វី​ដែល​បងប្អូន​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ព្រះចេស្តា​របស់​ទ្រង់​អ្វីខ្លះ ? ឧទាហរណ៍ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​បងប្អូន​ចាប់អារម្មណ៍​អំពី​សេចក្តីណែនាំ​របស់​ព្រះអម្ចាស់​សម្រាប់​ការយក​ក្រុង​យេរីខូរ ? ( សូមមើល យ៉ូស្វេ ៦:១–៥ ) ។ ប្រហែល​ដំណើររឿង​នៅក្នុង យ៉ូស្វេ ៧ នឹងបំផុស​គំនិត​បងប្អូន​ឲ្យ​កំណត់​បើ « មាន​របស់​ដែល​សម្រាប់​បំផ្លាញ » នៅក្នុង​ជីវិត​បងប្អូន​ដែល​បងប្អូនត្រូវ​យកចេញ ( យ៉ូស្វេ ៧:១៣ ) ។

យ៉ូស្វេ ២៣–២៤

« ត្រូវ​ឲ្យ​តោង​ជាប់​នឹង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា » ។

បន្ទាប់ពី​បំបែក​ដែនដីសន្យា​នៅក្នុង​ចំណោម​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​សាសន៍​អ៊ីស្រាអែល ( សូមមើល យ៉ូស្វេ ១៣–២១ ) យ៉ូស្វេ បាន​ផ្តល់​ឲ្យពួកគេ​នូវការបង្រៀន​ចុងក្រោយ​របស់គាត់ ។ នៅពេល​បងប្អូន​អាន​ការបង្រៀន​ទាំងនេះ​នៅក្នុង យ៉ូស្វេ ២៣–២៤ បងប្អូន​អាច​រក្សា​បញ្ជី​នៃ​ការព្រមាន ការប្រឹក្សា និង​ពរជ័យ​ដែលបាន​សន្យា​ទាំងឡាយ​ដែល​បងប្អូន​រកឃើញ ។ ដោយ​ពិចារណា​អ្វីៗ​ដែល​សាសន៍​អ៊ីស្រាអែល​បាន​ឆ្លងកាត់ ហេតុអ្វី​បងប្អូន​គិតថា យ៉ូស្វេ បានជ្រើសរើស​ប្រាប់ពួកគេ​នូវ​រឿងទាំងនេះ​នៅចុងបញ្ចប់​នៃជីវិត​របស់គាត់​ទៅវិញ ? តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​ដែល​បំផុសគំនិតបងប្អូន​ឲ្យ « តោង​ជាប់​នឹង​ព្រះយេហូវ៉ា » ? ( យ៉ូស្វេ ២៣:៨ ) ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

យ៉ូស្វេ ១:៨ ។តើ​ខគម្ពីរ​នេះ​ណែនាំ​អ្វីខ្លះ​អំពី​របៀប​ដែល​យើង​គួរតែ​ចាប់ផ្តើម​ការសិក្សា​របស់យើង ទាំងផ្ទាល់ខ្លួន និង​ជាក្រុមគ្រួសារ ? តើ​ព្រះគម្ពីរ​បានធ្វើ​ឲ្យ « កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ » របស់យើង និង នាំ​យើង​ឲ្យ « ចម្រើន​ឡើង » យ៉ាងដូចម្តេច ?

យ៉ូស្វេ ៤:៣, ៦–៩ ។បន្ទាប់ពី​អាន​អ្វី​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់​ឲ្យ​សាសន៍​អ៊ីស្រាអែល​ធ្វើ​ជាមួយ​ថ្ម​មក​ពី​ទន្លេ​យ័រដាន់ នោះ​ក្រុមគ្រួសារ​របស់​បងប្អូន​អាច​និយាយ​អំពី​រឿង​ដ៏​អស្ចារ្យៗ​មួយ​ចំនួន​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​បងប្អូន ។ បន្ទាប់មក បងប្អូន​អាច​ឲ្យ​ថ្ម​មួយ​ដុំ​ទៅ​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ ឬ គូរ​នៅលើ​ថ្ម​នោះ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បានធ្វើ​សម្រាប់​ពួកគេ ។

យ៉ូស្វេ ៦:២–៥ ។ក្រុមគ្រួសារ​របស់​បងប្អូន​អាច​រីករាយ​នឹង​ការសម្តែង​តាម​សេចក្តីណែនាំ​ដែល​ព្រះអម្ចាស់​បានប្រទាន​ទៅ​សាសន៍​អ៊ីស្រាអែល ដើម្បី​យកឈ្នះ​លើ​ក្រុង​យេរីខូរ ។ តើ​ព្រះអម្ចាស់​អាច​សព្វព្រះទ័យ​ឲ្យ​យើង​រៀន​ចេញពី​ដំណើររឿង​នេះ​អ្វីខ្លះ ?

យ៉ូស្វេ ២៤:១៥ ។បន្ទាប់ពី​អាន​ខគម្ពីរនេះ​ហើយ សមាជិក​គ្រួសារ​អាច​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​បានជ្រើសរើស​ដើម្បី​បម្រើ​ព្រះអម្ចាស់​ទោះបី​ជា​វា​លំបាក​ក៏ដោយ ។ ហេតុអ្វី​វាមាន​សារៈសំខាន់​ដើម្បី​សម្រេចចិត្ត​បម្រើ​ទ្រង់ « នៅថ្ងៃនេះ » ជាជាង​ការរង់ចាំ​សម្រេចចិត្ត​រហូតដល់​ស្ថានភាព​កើត​ឡើង ? តើ​យើង​អាច​ឧបត្ថម្ភគាំទ្រ​ដល់​សមាជិក​គ្រួសារ​ក្នុង « ផ្ទះ » របស់យើង នៅពេល​យើងព្យាយាម​ដើម្បី « គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា » តាម​របៀប​ណា ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​លើកទឹកចិត្តឲ្យប្រើ ៖ « ជ្រើស​ផ្លូវ​ត្រូវ » ទំនុក​តម្កើង ល.រ ១៤៨ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​ឲ្យ​បាន​ញឹកញាប់ ។ សក្ខីភាព​ដ៏​ស្មោះត្រង់​របស់​បងប្អូន​អំពី​សេចក្តីពិត​អាច​ជាឥទ្ធិពល​ដ៏មាន​ខ្លាំងក្លា​ចំពោះ​ក្រុមគ្រួសារ​របស់​បងប្អូន ។ វា​ពុំ​ត្រូវការ​ឲ្យ​មាន​ពេលវេលា​ច្រើន ឬ ការស្ទាត់ជំនាញ​ឡើយ ។ ទីបន្ទាល់​មាន​អានុភាព​បំផុត នៅពេល​វា​ចំៗ និង​ចេញពី​ចិត្ត ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១១ ) ។

កំផែង​ក្រុង​យេរីខូរ​បាក់

ព្រះអម្ចាស់​បានបណ្តាល​ឲ្យ​កំផែង​ក្រុង​យេរីខូរ​បាក់ ។ © Providence Collection/បាន​ទទួល​អាជ្ញាបណ្ណ​ពី goodsalt.com