ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
គំនិត​ដើម្បី​ពិចារណា ៖ « ព្រះយេស៊ូវ​ហៅ ‹ មកវិញ › ឱ​វង្ស​អ៊ីស្រាអែល​អើយ »


« គំនិត​ដើម្បី​ពិចារណា ៖ ‹ ព្រះយេស៊ូវ​ហៅ « មកវិញ » ឱ​វង្ស​អ៊ីស្រាអែល​អើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« គំនិត​ដើម្បី​ពិចារណា ៖ ‹ ព្រះយេស៊ូវ​ហៅ « មកវិញ » ឱ​វង្ស​អ៊ីស្រាអែល​អើយ » » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបតំណាង​គំនិត

គំនិត​ដើម្បី​ពិចារណា

« ព្រះយេស៊ូវ​ហៅ ‹ មកវិញ › ឱ​វង្ស​អ៊ីស្រាអែល​អើយ »

នៅ​ទីរហោស្ថាន​ស៊ីណាយ ម៉ូសេ បាន​ប្រមូល​កូនចៅ​នៃ​អ៊ីស្រាអែល​នៅឯ​ជើងភ្នំ ។ នៅ​ទី​នោះ ព្រះអម្ចាស់​បាន​ប្រកាសថា ទ្រង់​មាន​ព្រះទ័យ​ចង់​ប្រែក្លាយ​ទាសករ​ដែល​បានរំដោះ​ថ្មីៗ​នេះ​ទៅ​ជា​ប្រជាជន​ដែល​ខ្លាំង​ពូកែ ។ ទ្រង់​មាន​បន្ទូលថា « ឯង​រាល់​គ្នា​នឹង​បាន​ធ្វើ​ជា​នគរ​ដល់​អញ​ដែល​សុទ្ធតែ​ជា​សង្ឃ ហើយ​ជា​សាសន៍​បរិសុទ្ធ​ឲ្យ​អញ​ដែរ » ( និក្ខមនំ ១៩:៦ ) ។ ទ្រង់​បានសន្យាថា​ពួកគេ​នឹង​លូតលាស់ និង​បានចម្រើន ទោះបីជា​ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​មារសត្រូវ​ដែល​ខ្លាំងជាង និង​មានអំណាច​ជាងក្តី ( សូមមើល ចោទិយកថា ២៨:១–១៤ ) ។

អ្វីៗ​ទាំងអស់នេះ​នឹងកើតឡើង​មិនដោយសារ​តែ​សាសន៍​អ៊ីស្រាអែល​មាន​ចំនួនច្រើន ឬ​ខ្លាំងជាង ឬ​ស្ទាត់ជំនាញ​ជាង​នោះទេ ។ វា​នឹង​កើតឡើង ព្រះអម្ចាស់​បានពន្យល់ថា « បើ​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្តី​សញ្ញា​របស់​អញ » ( និក្ខមនំ ១៩:៥ ) ។ វាគឺជា​ព្រះចេស្តា​របស់ព្រះ មិនមែន​ជា​អំណាច​របស់ពួកគេ​ទេ ដែល​នឹង​ធ្វើ​ឲ្យពួកគេ​ខ្លាំងក្លា​នោះ ។

ប៉ុន្តែ​សាសន៍​អ៊ីស្រាអែល​ពុំបាន​គោរពតាម​ព្រះបន្ទូល​របស់​ទ្រង់​ជានិច្ច​នោះទេ ហើយ​យូរៗទៅ​ពួកគេ​បាន​ឈប់គោរពតាម​សេចក្តីសញ្ញា​របស់ទ្រង់ ។ មនុស្ស​ជាច្រើន​ចាប់ផ្តើម​ថ្វាយបង្គំ​ព្រះ​ផ្សេងទៀត ហើយ​ទទួលយក​ការអនុវត្តន៍​នៃ​វប្បធម៍​ដែល​នៅជុំវិញ​ពួកគេ ។ ពួកគេ​បាន​បដិសេធ​អ្វីដែល​បានធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជាប្រជាជាតិ​មួយ ខុសពី​មនុស្ស​ផ្សេងទៀត—ជា​ទំនាក់ទំនង​សេចក្តីសញ្ញា​របស់ពួកគេ​ជាមួយ​ព្រះអម្ចាស់ ។ បើគ្មាន​ព្រះចេស្តា​របស់ព្រះ​ការពារ​ពួកគេ​ទេ ( សូមមើល ពង្សាវតារក្សត្រ ទី២ ១៧:៦–៧ ) គ្មានអ្វី​បញ្ឈប់​មារសត្រូវ​របស់ពួកគេ​ឡើយ ( សូមមើល របាក្សត្រ ទី២ ៣៦:១២–២០ ) ។

ការខ្ជាត់ខ្ជាយ

ជាច្រើនដង​នៅចន្លោះ ប្រហែល ឆ្នាំ ៧៣៥ និង ៧២០ ម.គ.ស. សាសន៍​អាសស៊ើរ បានលុកលុយ​នគរ​អ៊ីស្រាអែល​ភាគខាងជើង ដែល​ជា​លំនៅដ្ឋាន​នៃ​ពូជអំបូរ​ទាំងដប់​ក្នុង​ចំណោម​ពូជអំបូរ​ទាំងដប់ពីរ ហើយ​បានចាប់​យក​សាសន៍​អ៊ីស្រាអែល​រាប់ពាន់​នាក់​ជា​ឈ្លើយ​ទៅ​កាន់ ផ្នែក​ផ្សេងៗ​នៃ​អាណាចក្រ​អាសស៊ើរ ( សូមមើល ពង្សាវតារក្សត្រ ទី២ ១៧:១–៧ ) ។ សាសន៍​អ៊ីស្រាអែល​ទាំងនេះ​ត្រូវបាន​គេស្គាល់​ថាជា « ពួក​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រាអែល​ដែល​បាត់ » មួយផ្នែក ពីព្រោះ​ពួកគេ​ត្រូវ​បាន​យក​ចេញ​ពី​មាតុភូមិ​របស់​ពួកគេ និង​ខ្ជាត់ខ្ជាយ​ទៅក្នុង​ចំណោម​ជាតិសាសន៍​ផ្សេងៗ ។ ប៉ុន្តែ​ពួកគេ​ក៏វង្វេង​កាន់តែ​ខ្លាំងផងដែរ ៖ យូរៗទៅ​ពួកគេ​បាត់បង់​ការដឹង​អំពី​អត្តសញ្ញាណ​ជា​ប្រជារាស្រ្ត​ក្នុង​សេចក្តីសញ្ញា​របស់ព្រះ ។

ពីព្រោះ​នគរ​យូដា​ភាគខាងត្បូង​កាល​នោះ​សុចរិត​ជាង​នគរ​ភាគ​ខាងជើង ដែល​ធ្វើ​ឲ្យ​វា​អាច​ស្ថិត​នៅ​រយៈពេល​យូរ​ជាង ។ ប៉ុន្តែ​នៅទីបំផុត ប្រជាជន​នៅទីនោះ​ក៏បាន​ងាកចេញ​ពី​ព្រះអម្ចាស់​ដែរ ។ ពួក​អាសស៊ើរ បានវាយ​ប្រហារ និង​ដណ្តើម​បាន​នគរ​ភាគខាងត្បូង​ស្ទើរ​តែ​ទាំងស្រុង មានតែ​យេរូសាឡិម​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ការពារ​ដោយអព្ភូតហេតុ ( សូមមើល ពង្សាវតារក្សត្រ ទី២ ១៩; អេសាយ ១០:១២–១៣ ) ។ ក្រោយមក នៅ​ចន្លោះ​ឆ្នាំ ៥៩៧ និង ៥៨០ ម.គ.ស. ប្រជាជន​បាប៊ីឡូន​បាន​បំផ្លាញ​យេរូសាឡិម ដោយរួម​ទាំង​ព្រះវិហារ​បរិសុទ្ធ និង​បាន​ចាប់យក​អ្នកស្រុក​ជាច្រើន​ពីទីក្រុង​ផងដែរ ( សូមមើល ពង្សាវតារក្សត្រ ទី២ ២៤–២៥; របាក្សត្រ ទី២ ៣៦; យេរេមា ៣៩៥២ ) ។ ប្រហែល​ជា ៧០ ឆ្នាំ​ក្រោយមក សាសន៍​យូដា​ដែល​នៅសេសសល់​បានត្រូវ​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅ​យេរូសាឡិម​វិញ ហើយ​សង់​ព្រះវិហារ​បរិសុទ្ធ​ឡើងវិញ ។ ទោះជាយ៉ាង​ណាក្តី មាន​ប្រជាជន​ជាច្រើន​នៅ​តែ នៅ​បាប៊ីឡូន​ដដែល ។

កាល​ជាច្រើន​ជំនាន់​បាន​កន្លង​ផុតទៅ សាសន៍​អ៊ីស្រាអែល​មកពី​គ្រប់​ពូជអំបូរ​បាន « កម្ចាត់កម្ចាយ … ដោយ​ខ្យល់កួច ឲ្យ​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​គេ​មិន​បាន​ស្គាល់​ឡើយ » ( សាការី ៧:១៤; សូមមើល​ផងដែរ អេម៉ុស ៩:៨–៩ ) ។ ខ្លះទៀត​ត្រូវបាន​ដឹកនាំ​ទៅកាន់​ដែនដី​ផ្សេង​ដោយ​ព្រះអម្ចាស់ ( សូមមើល នីហ្វៃទី២ ១:១–៥; អោមណៃ ១:១៥–១៦ ) ។ ផ្សេងទៀត បានចាកចេញ​ពី​អ៊ីស្រាអែល​ដើម្បី​គេច​ពី​ការតាមចាប់ ( សូមមើល ពង្សាវតារក្សត្រ ទី២ ២៥:២២–២៦; យេរេមា ៤២:១៣–១៩; ៤៣:១–៧ ) ឬ​ដោយ​ហេតុ​ផល​នយោបាយ ឬ​សេដ្ឋកិច្ច ។

យើងហៅ​ហេតុការណ៍​នេះ​ថា​ការខ្ជាត់ខ្ជាយ​នៃ​សាសន៍​អ៊ីស្រាអែល ។ វា​ជាការសំខាន់​ដើម្បី​ដឹង​នូវ​មូលហេតុ​ជា​ច្រើន​អំពី​ការខ្ជាត់ខ្ជាយ​នេះ ។ មូលហេតុមួយ វា​គឺជា​ប្រធានបទ​ដ៏​សំខាន់​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ៖ ព្យាការី​សញ្ញាចាស់​ជាច្រើន​បានធ្វើ​ជាសាក្សី​ចំពោះ​ការធ្លាក់ចុះ​ខាងវិញ្ញាណ​យ៉ាងខ្លាំង​ដែល​បានដឹកនាំ​ដល់​ការខ្ជាត់ខ្ជាយ​នៃ​សាសន៍​អ៊ីស្រាអែល ។ ពួកលោក​បាន​មើលឃើញ​ជាមុន​នូវ​ការខ្ជាត់ខ្ជាយ​នេះ ហើយ​បាន​ព្រមាន​អំពី​រឿងនេះ ហើយ​ពួកលោក​មួយចំនួន​ថែមទាំង​បានឆ្លង​កាត់វា​ផង ។ រឿងនោះ​វា​ផ្តល់​ជាអត្ថប្រយោជន៍​នៅពេល​បងប្អូន​អាន​គម្ពីរ​អេសាយ យេរេមា អេម៉ុស និង​គម្ពីរ​ជាច្រើនទៀត​នៅផ្នែក​ក្រោយ​ទៀត​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ ដោយមាន​បរិបទនេះ​នៅក្នុង​គំនិត នៅពេល​បងប្អូនអាន​ការព្យាកររបស់​ពួកលោក​អំពី​ស្រុកអាសស៊ើរ និង​បាប៊ីឡូន រូបសំណាក និង​ការជាប់ឃុំឃាំង ការបំផ្លាញ និង​ការស្តារឡើងវិញ​នៅ​ទី​បំផុត នោះ​បងប្អូននឹង​ដឹង​នូវអ្វី​ដែល​ពួកលោក​កំពុង​និយាយ​អំពី ។

ការ​យល់​ដឹង​ពី​ការ​ខ្ចាត់​ខ្ចាយ​នៃ​អ៊ីស្រាអែល​នឹង​ជួយ​បងប្អូន​ឲ្យ​យល់​ដឹង​ពី​ព្រះគម្ពីរ​មរមន​ប្រសើរ​ផង​ដែរ ដោយសារ​ព្រះគម្ពីរ​មរមន​គឺជា​កំណត់ត្រា​នៃ​មែក​នៃ​វង្ស​អ៊ីស្រាអែល​ដែល​ខ្ចាត់​ខ្ចាយ ( សូម​មើល នីហ្វៃ​ទី១ ១៥:១២ ) ។ កំណត់ត្រា​នេះ​ចាប់ផ្ដើម​ជាមួយ​គ្រួសារ​លីហៃ​ភៀស​ខ្លួន​ចេញ​ពី​ក្រុង​យេរូសាឡិម​ប្រហែល​ជា ៦០០ ម.គ.ស. ពី​មុន​ប្រជាជន​បាប៊ីឡូន​បាន​វាយ​ប្រហារ ។ លីហៃ​គឺជា​ព្យាការី​មួយ​រូប​ដែល​បាន​ព្យាករអំពី​ការ​ខ្ចាត់​ខ្ចាយ​របស់​វង្ស​អ៊ីស្រាអែល ។ ហើយ​គ្រួសារ​គាត់​បាន​ជួយ​បំពេញ​ការ​ព្យាករនោះ ដោយ​យក​មែក​នៃ​វង្ស​អ៊ីស្រាអែល​របស់​ពួកគេ ហើយ​ដាក់​វា​នៅ​ផ្នែក​មួយ​ផ្សេង​ទៀត​នៃ​ពិភពលោក​នៅ​ទ្វីបអាមេរិក ។

ប្រជាជន​កំពុង​ចាកចេញ​ពី​ទីក្រុង​ដែល​កំពុង​ឆេះ

សេចក្ដី​បំផ្លិច​បំផ្លាញ​នៃ​ក្រុង​យេរូសាឡិម ដោយ នេប៊ុស្សា-អាដាន ដោយ វិល្លាម ប្រាស៊ី ហូល © Providence Collection/បាន​ទទួល​អាជ្ញា​បណ្ណ​មកពី goodsalt.com

ការ​ប្រមូល​ផ្ដុំ

ប៉ុន្តែ ការ​ខ្ចាត់​ខ្ចាយ​នៃ​វង្ស​អ៊ីស្រាអែល​គឺជា​ដំណើរ​រឿង​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ ។ ព្រះអម្ចាស់​ពុំ​បំភ្លេច​រាស្ត្រ​របស់​ទ្រង់​ឡើយ ហើយ​ទ្រង់​ក៏​មិន​បោះបង់​ពួកគេ​ចោល​ទាំង​ស្រុង​ដែរ សូម្បី​តែ​ពេល​ដែល​ពួកគេ​បោះ​បង់​ទ្រង់​ក្ដី ។ ការ​ព្យាករណ៍​ជា​ច្រើន​ដែល​ថា​វង្ស​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ខ្ចាត់​ខ្ចាយ​មាន​មក​ជាមួយ​នឹង​ការ​សន្យា​ជា​ច្រើន​ថា ព្រះ​នឹង​ប្រមូល​ផ្ដុំ​ពួកគេ​នៅ​ថ្ងៃ​ណា​មួយ ។

ថ្ងៃ​នោះ​គឺជា​ថ្ងៃ​នេះ—គឺ​ជា​ជំនាន់​របស់​យើង ។ ការ​ប្រមូល​ផ្តុំ​នោះ​បាន​ចាប់​ផ្ដើម​រួច​ហើយ ។ នៅ​ឆ្នាំ ១៨៣៦ រាប់​ពាន់​ឆ្នាំ​បន្ទាប់​ពី​ម៉ូសេ បាន​ប្រមូល​ផ្ដុំ​កូនចៅ​អ៊ីស្រាអែល​នៅ​ជើង​ភ្នំ​ស៊ីណាយ ម៉ូសេ​បាន​បង្ហាញ​ខ្លួន​នៅ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ដើម្បី​ប្រគល់​ដល់​យ៉ូសែប ស្ម៊ីធ នូវ « កូនសោ​ទាំងឡាយ​នៃ​ការ​ប្រមូល​សាសន៏​អ៊ីស្រាអែល ពី​ទិស​ទាំងបួន​នៃផែន​ដី » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:១១ ) ។ ឥឡូវ​នេះ នៅ​ក្រោម​ការ​ដឹកនាំ​នៃ​អ្នក​ដែល​កាន់​កូន​សោ​ទាំង​នេះ នោះ​ពូជ​អំបូរ​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ​មក​ពី​គ្រប់​ប្រជាជាតិ​ដែល​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​អាច​ទៅ​ដល់ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ហៅ​ការ​ប្រមូល​ផ្ដុំ​នេះ​ថា « ជា​រឿង​ដ៏​សំខាន់​បំផុត​កំពុង​តែ​កើត​ឡើង​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ ។ ពុំ​មាន​អ្វី​ផ្សេង​ទៀត​អាច​ធំ​សម្បើម​ជាង មាន​សារៈសំខាន់​ជាង និង​មាន​ឫទ្ធិ​ជាង​កិច្ចការ​នេះ​នោះ​ទេ ។ ហើយ​បើ​បងប្អូន​ជ្រើសរើស បើ​ប្អូនៗ​ចង់​ធ្វើ បងប្អូនអាច​ធ្វើជា​ចំណែក​ដ៏សំខាន់​ក្នុងកិច្ចការនេះ » ។

តើ​បងប្អូន​អាច​ធ្វើ​វា​ដោយ​របៀប​ណា ? តើ​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​មាន​ន័យ​ដូច​ម្ដេច ? តើ​មាន​ន័យ​ថា​ជា​ការ​ស្ដារ​ពូជអំបូរ​ទាំង​ដប់​ពីរ​ឡើង​វិញ​ទៅ​កាន់​ដែន​ដី​ដែល​ពួកគេ​ធ្លាប់​គ្រង​មរតក​ឬ ? តាម​ពិត មាន​ន័យ​ថាជា​អ្វី​មួយ​ដែល​ធំ​ជាង ហើយ​មាន​ភាព​អស់​កល្ប​ជាង ។ ដូចជា​ប្រធាន ណិលសុន បាន​ពន្យល់ ៖

« នៅពេល​យើង​និយាយអំពី ការ​ប្រមូលផ្ដុំ យើង​គ្រាន់តែ​និយាយ​អំពី​សេចក្ដីពិត​ជា​មូលដ្ឋាន​គ្រឹះ​នេះ ៖ គ្រប់បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​របស់​យើង នៅទាំង​សងខាង​នៃ​វាំងនន ស័ក្ដិសម​នឹង​ស្ដាប់​ឮ​សារលិខិត​នៃ​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ …

« រាល់​ពេល ដែល​បងប្អូន​ធ្វើ អ្វីមួយ ដើម្បី​ជួយ នរណា​ម្នាក់—ទាំង​សងខាង​នៃ​វាំងនន—បោះជំហាន​ទៅ​មុខ​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក និង​ព្រះវិហារបរិសុទ្ធ​ដ៏​សំខាន់​របស់​ពួកគេ នោះ​បងប្អូន​កំពុង​ជួយ​ប្រមូល​អ៊ីស្រាអែល​ហើយ ។ វា​សាមញ្ញ​ដូច្នោះ​ឯង » ។

ការណ៍​នេះ​កើត​ឡើង​ដូច​ជា​អ៊ីស្រាអែល​ថ្លែង​ថា « ម្នាក់​ម្ដង​ម្នាក់​ម្ដង »​( អេសាយ ២៧:១២ ) ឬ​ដូចជា​យេរេមា បាន​ទស្សន៍​ទាយ​ថា « ម្នាក់​ពី​ក្រុង​១ ហើយ​២​នាក់​ពី​ពូជ​អំបូរ​១ » ( យេរេមា ៣:១៤ ) ។

ការ​ប្រមូល​អ៊ីស្រាអែល​មាន​ន័យ​ថា ការ​នាំ​កូន​ចៅ​របស់​ព្រះ​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។ វា​មាន​ន័យ​ថា​ការ​ស្ដារ​ពួកគេ​ត្រឡប់​ទៅ​រក​ទំនាក់​ទំនង​សេចក្ដី​សញ្ញា​របស់​ពួកគេ​ជាមួយ​នឹង​ទ្រង់ ។ វា​មាន​ន័យ​ថា ការ​ស្ថាបនា​ឡើង​វិញ​នូវ « សាសន៍​បរិសុទ្ធ » ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​ស្ថាបនា​ជា​យូរ​មក​ហើយ ( និក្ខមនំ ១៩:៦ ) ។

ហៅ​មក​វិញ

ក្នុង​នាម​ជា​អ្នក​រក្សា​សេចក្ដី​សញ្ញា​ម្នាក់ បងប្អូន​ជា​ផ្នែក​នៃ​វង្ស​អ៊ីស្រាអែល ។១០ បងប្អូន​ត្រូវបាន​ប្រមូលផ្តុំ ហើយ​បងប្អូន​គឺជា​អ្នក​ប្រមូលផ្តុំ ។ រឿងរ៉ាវ​វីរភាព​ដែល​មាន​រយៈពេល​រាប់​សតវត្សរ៍​ដែល​បាន​ចាប់ផ្តើម​ដោយ​សេចក្តីសញ្ញា​រវាង​ព្រះ និង​អ័ប្រាហាំ​កំពុង​តែឈាន​ដល់កម្រិត​ខ្ពស់បំផុត ហើយ​បងប្អូន​គឺជា​មនុស្ស​សំខាន់​នៅ​ក្នុង​ដំណើរ​រឿង​នោះ ។ ឥឡូវនេះ​គឺជា​ពេល​ដែល « ព្រះយេស៊ូវ​ហៅ ‹ មកវិញ › ឱ​វង្ស​អ៊ីស្រាអែល​អើយ » ។១១

នេះគឺជា​សារ​របស់​ពួក​អ្នក​ប្រមូលផ្តុំ ៖ មករក​សេចក្តី​សញ្ញា​វិញ ។ មក​ស៊ីយ៉ូន​វិញ ។ មក​រក​ព្រះយេស៊ូវគ្រីស្ទ​វិញ ដែល​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​ទ្រង់​នឹង​នាំ​អ្នក​ទៅផ្ទះ​របស់​ព្រះ ជា​ព្រះវរបិតា​របស់​អ្នក​វិញ ។

កំណត់​ចំណាំ

  1. ពូជអំបូរ​ទាំងដប់​ដែល​ត្រូវ​បាន​ចាប់​ជា​ឈ្លើយសឹក​ដោយ​សាសន៍​អាសស៊ើរ គឺ រូបេន, ស៊ីម្មាន, អ៊ីសាខារ, សាប់យូល៉ូន, ដាន់, ណែបថាលី, កាឌ់, អេស៊ើ, អេប្រាអិម និង​ម៉ាន៉ាសេ ។ សមាជិក​នៃ​ពូជ​អំបូរ​លេវី គឺត្រូវបាន​បែកខ្ញែកទៅ​ទឹកដី​របស់​ពូជអំបូរ​ផ្សេង​ទៀត ដើម្បី​បំពេញ​ទំនួលខុសត្រូវ​ជា​សង្ឃ​របស់ពួកគេ ។

  2. នគរ​ភាគខាង​ត្បូង​មាន​ពូជអំបូរ​យូដា និង​ពូជអំបូរ​បេនយ៉ាមីន ។ ទោះជាយ៉ាងណាក្តី សមាជិក​នៃ​ពូជអំបូរ​មួយ​ចំនួនទៀត​ក៏​បានរស់នៅ​ទីនោះ​ដែរ ( សូមមើល របាក្សត្រ ទី២ ១១:១៤–១៧ ) ។ ឧទាហរណ៍ លីហៃ ដែល​បានរស់នៅ​យេរូសាឡិម គឺជា​ពូជអំបូរ​របស់​ម៉ាន៉ាសេ ។

  3. សូមមើល អែសរ៉ា ១; ; នេហេមា ២ ។ អាណាចក្រ​សាសន៍​បាប៊ីឡូន​ត្រូវបាន​គ្រប់គ្រង​ដោយ​អាណាចក្រ​សាសន៍​ពើស៊ី ។ គឺ​ស្តេច​សាសន៍ ពើស៊ី ព្រះនាម ស៊ីរូស នោះ​ហើយ ដែល​ព្រះអង្គ​បាន​ព្រះរាជ​អនុញ្ញាត​ក្រុម​សាសន៍​យូដា​ជាច្រើន​ដែល​បាននិរទេស​ឲ្យ​វិល​ត្រឡប់មក​យេរូសាឡិម​វិញ ។

  4. នៅ​ឆ្នាំ ៧០ គ. ស. យេរូសាឡិម និង​ព្រះវិហារបរិសុទ្ធ​នៅក្រុង​នេះ​ក៏ត្រូវបាន​បំផ្លាញ​ម្តងទៀត លើកនេះ គឺ​ដោយ​សាសន៍​រ៉ូម ហើយ​សាសន៍​យូដា​ដែល​នៅសេសសល់​ត្រូវបាន​ខ្ជាត់ខ្ជាយ​ទៅ​ដែនដី​ផ្សេងៗ​ទូទាំង​ផែនដី ។

  5. សូមមើល យេរេមា ២៩:១៨; អេសេគាល ២២:១៥; ហូសេ ៩:១៧; អេម៉ុស ៩:៩; នីហ្វៃទី១ ១:១៣ ។

  6. សូមមើល នីហ្វៃទី១ ១:១៣, ១៨–២០; ១០:១២–១៤ ។

  7. សូមមើល អេសាយ ៥:២៦; ២៧:១២; ៥៤; យេរេមា ១៦:១៤–១៥; ២៩:១៤; ៣១:១០; អេសេគាល ១១:១៧; ៣៤:១២; ៣៧:២១–២៨; សាការី ១០:៨; នីហ្វៃទី១ ១០:១៤; ២២:២៥; នីហ្វៃទី៣ ១៦:១–៥; ១៧:៤ ។

  8. ប្រធាន រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « សង្ឃឹម​នៃ​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) បន្ថែម​ទៅ​នឹង New Era និង Ensign ទំព័រ ៨ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  9. សូមមើល រ័សុល អិម. ណិលសុន និង​វិនឌី ដបុលយូ ណិលសុន « សង្ឃឹម​នៃ​អ៊ីស្រាអែល » ទំព័រ ១៥ ChurchofJesusChrist.org ។

  10. សូមមើល នីហ្វៃទី២ ៣០:២ ។

  11. « ចូរ​យើង​អរសប្បាយ » ទំនុក​តម្កើង ល.រ. ៣ ។