« ថ្ងៃទី ២៧ ខែ មិថុនា–ថ្ងៃទី ៣ ខែ កក្កដា ។ ពង្សាវតារក្សត្រ ទី១ ១៧–១៩ ៖ ‹ បើព្រះយេហូវ៉ាទ្រង់ជាព្រះ នោះចូរដើរតាមទ្រង់ទៅ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៧ ខែ មិថុនា–ថ្ងៃទី ៣ ខែ កក្កដា ។ ពង្សាវតារក្សត្រ ទី១ ១៧–១៩ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ២៧ ខែ មិថុនា–ថ្ងៃទី ៣ ខែ កក្កដា
ពង្សាវតារក្សត្រ ទី១ ១៧–១៩
« បើព្រះយេហូវ៉ាទ្រង់ជាព្រះ នោះចូរដើរតាមទ្រង់ទៅ »
នៅពេលបងប្អូនអានព្រះគម្ពីរ បងប្អូនកំពុងអនុវត្តសេចក្តីជំនឿ ដែលរៀបចំដួងចិត្ត និងគំនិតរបស់បងប្អូនដើម្បីស្តាប់ « សំឡេងតូចរហៀងៗ » នៃព្រះវិញ្ញាណ ( ពង្សាវតារក្សត្រ ទី១ ១៩:១២ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
វង្សអ៊ីស្រាអែលបានវង្វេងស្មារតី ។ សាមគ្គីភាព និងភាពរុងរឿងដែលសម្រេចបាននៅក្រោម ដាវីឌ និងសាឡូម៉ូន គឺមានតាំងពីយូរយារណាស់មកហើយ ហើយទំនាក់ទំនងសេចក្តីសញ្ញាជាតិជាមួយព្រះអម្ចាស់ គឺជាការចងចាំយូរយារមកហើយសម្រាប់មនុស្សជាច្រើន ។ នគរនៃអ៊ីស្រាអែលត្រូវបានបែងចែក ដែលមានពូជអំបូរទាំងដប់បានបង្កើតជានគរខាងជើងនៃអ៊ីស្រាអែល និងពូជអំបូរពីរទៀតបង្កើតជានគរនៃយូដាខាងត្បូង ។ នគរទាំងនេះមិនមានស្ថិរភាពខាងវិញ្ញាណឡើយ ដែលបានដឹកនាំដោយស្តេចដែលបានរំលោភលើសេចក្តីសញ្ញារបស់ពួកគេជាមួយព្រះអម្ចាស់ ហើយជះឥទ្ធិពលឲ្យអ្នកដទៃធ្វើដូចគ្នា ( សូមមើល ពង្សាវតារក្សត្រ ទី១ ១១–១៦ ) ។ ប៉ុន្តែការក្បត់សាសនាមានសភាពធ្ងន់ធ្ងរជាពិសេសនៅនគរភាគខាងជើង ជាកន្លែងដែលស្តេច អ័ហាប់ បានលើកទឹកចិត្តសាសន៍ អ៊ីស្រាអែលឲ្យគោរពព្រះបាលជាព្រះក្លែងក្លាយ ។
វាស្ថិតនៅក្នុងការរៀបចំនេះដែលព្យាការីអេលីយ៉ា ត្រូវបានហៅឲ្យបង្រៀន ។ ដំណើររឿងនៃការងារបម្រើរបស់លោកបានបញ្ជាក់ច្បាស់ថា សេចក្តីជំនឿផ្ទាល់ខ្លួនលើព្រះអម្ចាស់អាចលូតលាស់បាននៅក្នុងចំណោមជនសុចរិត សូម្បីតែក្នុងមជ្ឈដ្ឋានដ៏ទុច្ចរិតក្តី ។ នៅពេលខ្លះព្រះអម្ចាស់ឆ្លើយតបចំពោះជំនឿបែបនោះ ជាមួយនឹងអព្ភូតហេតុដ៏អស្ចារ្យនៅទីសាធារណៈ ដូចជា ភ្លើងធ្លាក់ពីលើមេឃ ជាដើម ។ ប៉ុន្តែ ទ្រង់ក៏ធ្វើឲ្យមានអព្ភូតហេតុផ្ទាល់ខ្លួនដោយស្ងប់ស្ងាត់ផងដែរ ដូចជា ការបំពេញតម្រូវការផ្ទាល់ខ្លួនរបស់ស្រ្តីមេម៉ាយដ៏ស្មោះត្រង់ និងកូនប្រុសរបស់នាង ជាដើម ។ ហើយជាញឹកញាប់បំផុត អព្ភូតហេតុរបស់ទ្រង់គឺមានលក្ខណៈផ្ទាល់ខ្លួនដែលមានតែបងប្អូនប៉ុណ្ណោះដែលដឹង—ឧទាហរណ៍ នៅពេលព្រះអម្ចាស់បើកសម្តែងព្រះអង្គទ្រង់ និងព្រះឆន្ទៈរបស់ទ្រង់ តាមរយៈ « សំឡេងតូចរហៀងៗ » ( ពង្សាវតារក្សត្រ ទី១ ១៩:១២ ) ។
សម្រាប់សាច់រឿងបន្ថែមទៀតអំពី អេលីយ៉ា សូមមើល « អេលីយ៉ា » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ការអញ្ជើញឲ្យមានពលិកម្មគឺជាឱកាសរបស់ខ្ញុំដើម្បីអនុវត្តសេចក្តីជំនឿរបស់ខ្ញុំ ។
ជាដំបូង វាហាក់ដូចជាមានការលំបាកយល់អំពីមូលហេតុដែលព្យាការី អេលីយ៉ា បានសុំឲ្យស្រ្តីមេម៉ាយនៅសារិបតាផ្តល់អាហារ និងទឹកដល់លោកមុនពេលផ្តល់អាហារដល់ខ្លួននាង និងកូនប្រុសដែលស្រេកឃ្លាន របស់នាង ។ ប៉ុន្តែសំណើរបស់ អេលីយ៉ា ក៏អាចឃើញថាជាពរជ័យដល់ក្រុមគ្រួសារដ៏តូចនេះផងដែរ ។ ពួកគេត្រូវការពរជ័យរបស់ព្រះអម្ចាស់ ហើយជាញឹកញាប់ការពលិកម្មតែងតែនាំមកនូវពរជ័យ—រួមទាំងពរជ័យនៃការមានជំនឿកាន់តែរឹងមាំ ។
នៅពេលបងប្អូនអានដំណើររឿងនេះ សូមដាក់ខ្លួនបងប្អូនជំនួសស្រ្តីមេម៉ាយដ៏អស្ចារ្យម្នាក់នេះ ។ តើមានអ្វីខ្លះដែលធ្វើឲ្យបងប្អូនចាប់អារម្មណ៍ចំពោះគាត់ ? សូមពិចារណាពីឱកាសដែលបងប្អូនត្រូវអនុវត្តសេចក្តីជំនឿរបស់បងប្អូន—រួមទាំងឱកាសដើម្បីធ្វើការលះបង់ ។ តើបងប្អូនអាចកាន់តែប្រែក្លាយដូចជាស្រ្តីមេម៉ាយនេះយ៉ាងដូចម្តេច ?
សូមមើលផងដែរ ម៉ាថាយ ៦:២៥–៣៣; លូកា ៤:២៤–២៦ Lynn G. Robbins, « Tithing—a Commandment Even for the Destitute » Liahona, ខែឧសភា ឆ្នាំ២០០៥ទំព័រ ៣៤–៣៦ ។
« បើព្រះយេហូវ៉ាទ្រង់ជាព្រះ នោះចូរដើរតាមទ្រង់ទៅ » ។
ពួកសាសន៍អ៊ីស្រាអែល អាចមានអារម្មណ៍ថាពួកគេមានមូលហេតុល្អៗដើម្បីថ្វាយបង្គំព្រះបាល ទោះបីជា ព្រះអម្ចាស់បានបង្គាប់ថា « កុំឲ្យមានព្រះឯណាទៀតនៅចំពោះអញឲ្យសោះ » ក្តី ( និក្ខមនំ ២០:៣ ) ។ ព្រះបាល ត្រូវបានស្គាល់ថាជាព្រះនៃខ្យល់ព្យុះ និងទឹកភ្លៀង ហើយបន្ទាប់ពីបីឆ្នាំ នៃគ្រោះរាំងស្ងួត ពួកគេត្រូវការខ្យល់ព្យុះយ៉ាងខ្លាំង ។ ហើយការថ្វាយបង្គំព្រះបាល ត្រូវបានទទួលស្គាល់ដោយសង្គម និងការយល់ព្រមពីព្រះមហាក្សត្រ និងមហាក្សត្រី ។ នៅពេលបងប្អូនអាន ពង្សាវតារក្សត្រ ទី១ ១៨ សូមពិចារណាពីស្ថានភាពណាមួយនៅក្នុងជីវិតរបស់បងប្អូនដែលអាចប្រៀបធៀបទៅនឹងស្ថានភាពរបស់សាសន៍អ៊ីស្រាអែល ។ តើបងប្អូនធ្លាប់ឃើញថាខ្លួងឯងមានភាពមន្ទិលចំពោះការធ្វើតាមព្រះអម្ចាស់ ពីព្រោះជម្រើសផ្សេងទៀតហាក់ដូចជា សមហេតុផល និងគួរឲ្យទាក់ទាញអារម្មណ៍ដែរឬទេ ? ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៨:២១ ) ។ នៅក្នុងហេតុការណ៍ដែលកើតឡើងនៅក្នុងជំពូកនេះ តើបងប្អូនគិតថាព្រះអម្ចាស់បានព្យាយាមបង្រៀនប្រជាជនអំពីព្រះអង្គទ្រង់ផ្ទាល់ និងអំពីព្រះបាលអ្វីខ្លះ ? តើមានបទពិសោធន៍អ្វីខ្លះដែលបានបង្រៀនបងប្អូនពីសេចក្តីពិតស្រដៀងគ្នានេះ ?
វាអាចជារឿងគួរឲ្យចាប់អារម្មណ៍ដើម្បីកំណត់សម្គាល់នូវរឿងរ៉ាវដែលអេលីយ៉ា បាននិយាយ និងបានធ្វើនៅក្នុងជំពូកនេះដែលបង្ហាញសេចក្តីជំនឿរបស់លោកនៅលើព្រះអម្ចាស់ ? តើបងប្អូនបានរៀនអ្វីខ្លះពីអេលីយ៉ា អំពីសេចក្តីជំនឿ ?
សូមមើលផងដែរ យ៉ូស្វេ ២៤:១៥; នីហ្វៃទី២ ២:២៦–២៨; ឌី ថត គ្រីស្តូហ្វឺសិន « ការជ្រើសរើស និង ការបេ្ដជ្ញាចិត្ត » ( ការប្រជុំធម្មនិដ្ឋាន ទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២០ ) ChurchofJesusChrist.org ។
ជាញឹកញាប់ ព្រះអម្ចាស់មានបន្ទូលដោយស្ងប់ស្ងាត់ និងសាមញ្ញ ។
នៅពេលម្ចាស់ក្សត្រី យេសិបិល បានឮអំពីអ្វីដែលបានកើតឡើងចំពោះពួកសង្ឃរបស់ទ្រង់នៅលើភ្នំកើមែល ទ្រង់មិនបានប្រែចិត្តជឿនោះទេ—ទ្រង់បានអាក់អន់ព្រះទ័យទៅវិញ ។ ដោយការខ្លាចបាត់បង់ជីវិតរបស់លោក អេលីយ៉ា បានរត់ចូលទៅក្នុងទីរហោស្ថាន ហើយបានស្វែងរកជម្រកនៅក្នុងរូងភ្នំ ។ នៅទីនោះ កើតមានភាពឯកោ និងការបាក់ទឹកចិត្ត លោកបានមានបទពិសោធន៍ជាមួយព្រះអម្ចាស់ខុសពីអ្វីដែលបានកើតឡើងនៅលើភ្នំកើមែល ។ តើបទពិសោធន៍របស់អេលីយ៉ា នៅក្នុង ពង្សាវតារក្សត្រ ទី១ ១៩:១–១៨ បង្រៀនបងប្អូនអ្វីខ្លះអំពីរបៀបដែលព្រះអម្ចាស់ទំនាក់ទំនងជាមួយបងប្អូននៅក្នុងគ្រាលំបាករបស់បងប្អូន ? សូមគិតអំពីគ្រានៅក្នុងជីវិតរបស់បងប្អូន នៅពេលបងប្អូនបានដកពិសោធន៍នឹងសំឡេងរបស់ទ្រង់ ។ តើបងប្អូនត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានការដឹកនាំរបស់ទ្រង់កាន់តែញឹកញាប់ ?
សូមសញ្ជឹងគិតពីពាក្យពេចន៍ និងឃ្លាដែលបានប្រើនៅក្នុងខគម្ពីរដូចតទៅនេះដើម្បីពិពណ៌នារបៀបដែលព្រះអម្ចាស់ទំនាក់ទំនងជាមួយយើង ៖ ហេលេមិន ៥:៣០; នីហ្វៃទី៣ ១១:៣–៧; គោលលទ្ធិ និងសេចក្តីសញ្ញា ៦:២២–២៣; ៨:២–៣; ៩:៨–៩; ១១:១២–១៤; ៣៦:២ ។
សូមមើលផងដែរ ទំនុកដំកើង ៤៦:១០; នីហ្វៃទី១ ១៧:៤៥ រ័សុល អិម ណិលសុន « ស្តាប់ទ្រង់ » Liahona,ខែឧសភា ឆ្នាំ២០២០ ទំព័រ ៨៨–៩២ ។
ការបម្រើព្រះអម្ចាស់មានអាទិភាពជាងកង្វល់ខាងលោកិយ ។
ការពិតដែលថា អេលីសេ មានគោ ១២ នឹម បង្ហាញថាលោកប្រហែលជាអ្នកមានទ្រព្យសម្បត្តិម្នាក់ ។ តើបងប្អូនមានចំណាប់អារម្មណ៍យ៉ាងណាអំពីទង្វើរបស់លោកដែលបានកត់ត្រានៅក្នុង ពង្សាវតារក្សត្រ ទី១ ១៩:១៩–២១ ? តើបងប្អូនអាចធ្វើតាមគំរូរបស់ អេលីសេ យ៉ាងដូចម្តេច ?
សូមមើលផងដែរ ម៉ាថាយ ៤:១៨–២២ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
ពង្សាវតារក្សត្រ ទី១ ១៧:១–១៦ ។ វីដេអូ « Elijah and the Widow of Zarephath » គេហទំព័រ ( ChurchofJesusChrist.org ) និង រូបភាពនៅក្នុងគម្រោងមេរៀននេះ អាចជួយក្រុមគ្រួសាររបស់អ្នកមើលឃើញដំណើររឿងនៅក្នុង ពង្សាវតារក្សត្រ ទី១ ១៧:១–១៦ ។ បន្ទាប់ពីអានខគម្ពីរទាំងឡាយ និងការមើលនៅក្នុងធនធានទាំងនេះ សមាជិកគ្រួសារម្នាក់ៗអាចរៀបរាប់ពីគុណសម្បត្តិដ៏បំផុសគំនិតដែលស្រ្តីមេម៉ាយមាន ។ តើព្រះអម្ចាស់បានប្រាប់ឲ្យយើងធ្វើអ្វីខ្លះដើម្បីបង្ហាញសេចក្តីជំនឿរបស់យើង ?
-
ពង្សាវតារក្សត្រ ទី១ ១៨ ។« អេលីយ៉ា និងពួកសង្ឃព្រះបាល » ( នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ) អាចជួយក្រុមគ្រួសាររបស់បងប្អូនរៀនពីដំណើររឿងនេះនៅក្នុង ពង្សាវតារក្សត្រ ទី១ ១៨ ។ តើមានអ្វីដែលរារាំងយើងមិនឲ្យមានការប្តេជ្ញាចិត្តទាំងស្រុងចំពោះព្រះអម្ចាស់ដែរឬទេ ? តើយើងអាចបង្ហាញឆន្ទៈរបស់យើងក្នុងការជ្រើសរើសទ្រង់យ៉ាងដូចម្តេច ? ( សូមមើល ខទី ២១ ) ។
-
ពង្សាវតារក្សត្រ ទី១ ១៩:១១–១២ ។តើមានអ្វីខ្លះដែលអាចជួយក្រុមគ្រួសាររបស់បងប្អូនយល់ពីសារៈសំខាន់នៃការស្តាប់តាម « សំឡេងតូចរហៀងៗ » ? បងប្អូនអាចអាន ពង្សាវតារក្សត្រ ទី១ ១៩:១១–១២ ជាមួយគ្នាជាសំឡេងទន់ភ្លន់ ឬច្រៀងតិចៗអំពីព្រះវិញ្ញាណ ដូចជាបទ « ព្រះវិញ្ញាណបរិសុទ្ធ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥៦ ) ។ បងប្អូនអាចបន្ថែមសំឡេងរំខានមួយចំនួនដើម្បីបង្ហាញពីរបៀបដែល សាតាំងព្យាយាមរារាំងយើងមិនឲ្យស្តាប់ឮសំឡេងតូចរហៀងៗ ។ សមាជិកគ្រួសារអាចចែកចាយអ្វីដែលពួកគេធ្វើ ដើម្បីងាយនឹងទទួលការបំផុសគំនិតពីព្រះវិញ្ញាណ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងលើកទឹកចិត្តឲ្យប្រើ ៖ « ព្រះវិញ្ញាណបរិសុទ្ធ » សៀវភៅចម្រៀងកុមារ ទំព័រ ៥៦ ។