ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៤–១០ ខែ កក្កដា ។ ពង្សាវតារក្សត្រ ទី២ ២–៧ ៖ « មាន​ហោរា​១​នៅ​ពួក​អ៊ីស្រាអែល​មែន »


« ថ្ងៃទី ៤–១០ ខែ កក្កដា ។ ពង្សាវតារក្សត្រ ទី២ ២–៧ ៖ ‹ មាន​ហោរា​១​នៅ​ពួក​អ៊ីស្រាអែល​មែន › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៤–១០ ខែ កក្កដា ។ ពង្សាវតារក្សត្រ ទី២ ២–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

អេលីសេ បង្ហាញ​រទះចម្បាំងមានភ្លើង​ដល់បាវបម្រើ

រចនារូបភាព​​អេលីសេ​កំពុងបង្ហាញ​រទះចម្បាំងដែលមានភ្លើង​ដល់បាវបម្រើរបស់​លោក © Review & Herald Publishing/បាន​ទទួល​អាជ្ញា​បណ្ណមកពី goodsalt.com

ថ្ងៃទី ៤–១០ ខែ កក្កដា

ពង្សាវតារក្សត្រ ទី២ ២–៧

« មាន​ហោរា​១​នៅ​ពួក​អ៊ីស្រាអែល​មែន »

ពេល​បងប្អូន​អាន​ព្រះគម្ពីរ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ធ្វើ​ឲ្យ​បងប្អូន​ចាប់អារម្មណ៍​នូវ​ឃ្លា និង​វគ្គបទគម្ពីរ​មួយចំនួន ។ សូម​ពិចារណា​សរសេរ​ទុក​ពី​មូលហេតុ​ដែល​វគ្គបទគម្ពីរ​ទាំងនេះ​មានន័យ​ចំពោះ​បងប្អូន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

បេសកកម្ម​ចម្បងរបស់​ព្យាការី​ គឺ​ដើម្បី​បង្រៀន និង​ថ្លែងទីបន្ទាល់​ពី​ព្រះអង្គ​សង្រ្គោះ ​ព្រះ​យេស៊ូវ គ្រីស្ទ ។ ទោះជា​យ៉ាងណាក្តី កំណត់ត្រា​របស់​យើង​ពី​ព្យាការី អេលីសេ មិនបាន​បញ្ចូលច្រើន​ពី​ការបង្រៀន ឬ​ការ​ថ្លែងទីបន្ទាល់​របស់​លោក​ឡើយ ។ អ្វី​ដែល​កំណត់ត្រា​នេះ​បាន​បញ្ចូល​គឺជា​អព្ភូតហេតុ​ដែល​អេលីសេ បាន​សម្តែង ដោយ​រួមទាំង​ការប្រោស​ក្មេង​ម្នាក់​ឲ្យ​រស់​ពីស្លាប់ ( សូមមើល ពង្សាវតារក្សត្រ ទី២ ៤:១៨–៣៧ ) ការផ្តល់​អាហារ​ដល់​ក្រុមមនុស្ស​ជាមួយ​អាហារ​ដែល​មានតែ​បន្តិចបន្តួច ( សូមមើល ពង្សាវតារក្សត្រ ទី២ ៤:៤២–៤៤ ) ហើយនិង​ការព្យាបាល​អ្នកកើត​រោគឃ្លង់ ( សូមមើល ពង្សាវតារក្សត្រ ទី២ ៥:១–១៤ ) ។ ដូច្នេះ ខណៈដែល​យើង​គ្មាន​សម្ដី​របស់​អេលីសេ ថ្លែង​សាក្សី​ពី​ព្រះគ្រីស្ទ នោះ​យើង​នៅតែ​មាន​ទូទាំង​ការងារបម្រើ​របស់​អេលីសេ នូវ​ការសម្តែងមក​ដ៏​មានអនុភាព​ពី​ព្រះចេស្ដា​នៃ​ការផ្តល់​ព្រះជន្ម ការចិញ្ចឹមបីបាច់ និង​អំណាច​ព្យាបាល​របស់​ព្រះអម្ចាស់​ដែរ ។ ការសម្តែងមក​បែបនោះ​គឺ​មាន​ច្រើន​ឥតគណនា​នៅក្នុង​ជីវិត​របស់យើង ដែលពេលខ្លះ យើងពុំ​បានដឹង​ឡើយ ។ ដើម្បី​មើលឃើញ​វា យើង​ត្រូវតែ​ស្វែងយល់​ពី​អព្ភូហេតុ​ដែល អេលីសេ បាន​ស្វែងរក នៅពេល​លោក​បាន​អធិស្ឋាន​ជំនួស​បាវបម្រើ​វ័យក្មេង​ដែល​ពេញ​ដោយ​ការភ័យខ្លាច​របស់​គាត់ « ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ » ( ពង្សាវតារក្សត្រ ទី២ ៦:១៧ ) ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី ពង្សាវតារក្សត្រ ទី២ សូមមើល « ពង្សាវតារក្សត្រ » នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ពង្សាវតារក្សត្រ ទី២ ២–៦

ព្រះអាច​ធ្វើ​ឲ្យ​មាន​អព្ភូតហេតុ​នៅក្នុង​ជីវិត​របស់ខ្ញុំ ។

ជាញឹកញាប់ អព្ភូតហេតុ​ជួយ​យើង​យកឈ្នះ​លើ​រឿងលំបាក​នៃ​ជីវិត​រមែងស្លាប់​នេះ—នៅសម័យ​របស់​អេលីសេ ដី​ឥតជីវជាតិ​ត្រូវការ​ទឹកបរិសុទ្ធ ហើយ​ពូថៅ​ដែល​បាត់​ត្រូវរក​ឲ្យឃើញ ( សូមមើល ពង្សាវតារក្សត្រ ទី២ ២:១៩–២២; ៦:៤–៧ ) ។ ប៉ុន្តែ​អព្ភូតហេតុ​ក៏អាច​បង្វែរ​ចិត្ត​របស់យើង​ទៅរក​ព្រះអម្ចាស់ និង​បង្រៀន​យើង​ពី​មេរៀន​ខាងវិញ្ញាណ​ផងដែរ ។ នៅពេល​បងប្អូន​អាន ពង្សាវតារក្សត្រ ទី២ ២–៦ សូមពិចារណា​ពី​ការធ្វើ​បញ្ជី​អព្ភូតហេតុ​ដែល​បងប្អូន​រកឃើញ ហើយ​សូម​ពិចារណា​ពី​មេរៀន​ខាងវិញ្ញាណ​ដែល​បងប្អូន​រៀន​ចេញពី​អព្ភូតហេតុ​នីមួយៗ ។ តើ​អព្ភូតហេតុ​ទាំងនេះ​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ និង​អ្វី​ដែល​ទ្រង់​អាច​ធ្វើ​នៅក្នុង​ជីវិត​របស់​បងប្អូន ?

សូមមើល​ផងដែរ នីហ្វៃទី២ ២៦:១២–១៣; ២៧:២៣; មរមន ៩:៧–២១; មរ៉ូណៃ ៧:៣៥–៣៧ ។  Liahona, ខែ វិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ៨៨–៩០ ។

ពង្សាវតារក្សត្រ ទី២ ៤:៨–១៧; ៧:១–១៦

ព្រះបន្ទូល​នៃ​ព្រះ​អម្ចាស់​នឹង​ត្រូវបាន​បំពេញ តាមរយៈ​ព្យាការី​របស់ទ្រង់ ។

ដូចដែល​បានកត់ត្រា​នៅក្នុង ពង្សាវតារក្សត្រ ទី២ ៤:៨–១៧; ៧:១–១៦ ព្រះអម្ចាស់​បានបំផុស​អេលីសេ ឲ្យ​ព្យាករ​ពីអ្វីៗ​ដែល​នឹងកើតឡើង—អ្វីៗ​ដែល​តាមទស្សនៈ​របស់​អ្នកដទៃ ហាក់ដូចជា​មិនកើតឡើង​ឡើយ ។ នៅពេល​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ សូមគិត​អំពី​របៀប​ដែល​បងប្អូន​ឆ្លើយតប​ចំពោះ​ព្រះបន្ទូល​របស់ព្រះអម្ចាស់​តាមរយៈ​ព្យាការី​របស់ទ្រង់​នៅសព្វថ្ងៃ​នេះ ។ តើ​ការបង្រៀន ការព្យាករ ឬ​ការសន្យា​អ្វី​ដែល​បងប្អូន​បានឮ​ពី​ព្យាការី​ដែល​នៅរស់ ? តើ​បងប្អូន​នឹងធ្វើ​អ្វី​ដើម្បី​ធ្វើតាម​សេចក្តីជំនឿ​ពី​ការសន្យា​ទាំងនោះ ?

សូម​មើល នីហ្វៃ​ទី៣ ២៩:៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ១:៣៧–៣៨ ។

ពង្សាវតារក្សត្រ ទី២ ៥

ប្រសិនបើ​ខ្ញុំ​បន្ទាបខ្លួន និង​ប្រតិបត្តិតាម ព្រះយេស៊ូវ គ្រីស្ទ អាច​ព្យាបាល​ខ្ញុំបាន ។

នៅពេល​ខ្លះ​វាងាយស្រួលជាង​ដើម្បី​ស្វែងរក​អត្ថន័យ​ផ្ទាល់ខ្លួន​នៅក្នុង​ព្រះគម្ពីរ នៅពេល​បងប្អូន​ប្រៀបធៀប​រឿង​ខាងរូបកាយ​ទៅនឹង​ដំណើររឿង​ខាងវិញ្ញាណ ។ ឧទាហរណ៍ ខណៈ​កំពុងអាន ពង្សាវតារក្សត្រ ទី២ ៥ បងប្អូន​អាច​ប្រៀបធៀប​រោគ​ឃ្លង់​របស់​ណាម៉ាន់ ជាមួយ​ការប្រឈម​ខាងវិញ្ញាណ​ដែល​បងប្អូន​កំពុង​ជួបប្រទះ ។ ដូចជា ណាម៉ាន់ ផងដែរ ប្រហែលជា​បងប្អូន​សង្ឃឹមថា​ព្រះអម្ចាស់​នឹង « ធ្វើ​ការ​អ្វី​យ៉ាង​ធំ » ( ខទី ១៣ ) ដើម្បី​ជួយ​បងប្អូន ។ តើ​បទពិសោធន៍​របស់ ណាម៉ាន់ បង្រៀន​បងប្អូន​អ្វីខ្លះ ? នៅក្នុង​ជីវិត​របស់បងប្អូន តើ​អ្វី​ដែល​ដូចនឹង​ការធ្វើតាម​ការប្រឹក្សា​ងាយៗ​ដើម្បី « ឲ្យបាន​ស្អាត » ?

សូម​កត់ចំណាំ ពី​របៀប​ដែល​បទពិសោធន៍​របស់ ណាម៉ាន់ បានជះ​ឥទ្ធិពល​លើ​សេចក្តីជំនឿ​របស់​គាត់​លើ​ព្រះ​នៃ​អ៊ីស្រាអែល ? ( សូមមើល ខទី ១៥ ) ។ តើបទពិសោធន៍​អ្វី​ដែល​បាន​ពង្រឹង​សេចក្តីជំនឿ​របស់​បងប្អូន​លើ​ព្រះ ?

សូមមើល​ផងដែរ លូកា ៤:២៧; ពេត្រុស ទី១ ៥:៥–៧; អាលម៉ា ៣៧:៣–៧; អេធើរ ១២:២៧ L. Whitney Clayton, « Whatsoever He Saith unto You, Do It » Liahona, ខែ ឧសភា ឆ្នាំ ២០១៧, ទំព័រ ៩៧–៩៩; “Naaman and Elisha” ( វីដេអូ ), គេហទំព័រ​ChurchofJesusChrist.org ។

ពង្សាវតារក្សត្រ ទី២ ៦:៨–២៣

« ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត » ។

តើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ថា មាន​ភាពលើសលប់ និង​ភ័យខ្លាច​ទេ ដោយ​ងឿងឆ្ងល់​ដូចជា​បាវបម្រើ​វ័យក្មេង​របស់​អេលីសេ បានមាន​ដែរ​ឬ​ទេ « តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច ? » ( សូមមើល ពង្សាវតារក្សត្រ ទី២ ៦:៨–២៣ ) ។ តើ​អ្វី​ដែល​បំផុស​បងប្អូន​អំពី​ចម្លើយ​របស់​អេលីសេ ? តើ​ដំណើររឿង​នេះ​ផ្លាស់ប្តូរ​របៀប​ដែល​បងប្អូន​គិត និង​មាន​អារម្មណ៍​អំពី​ការសាកល្បង​របស់​បងប្អូន ការទទួល​ខុសត្រូវ​របស់​បងប្អូន ឬ​ការខិតខំ​របស់​បងប្អូន​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​ដែរ​ឬ​ទេ ?

នៅពេល​បងប្អូន​សញ្ជឹងគិត សូម​ពិចារណា​ប្រសាសន៍​របស់​ប្រធាន ហិនរី ប៊ី អាវរិង ៖ « ដូចជា​បាវបម្រើ​របស់​អេលីសេ រូបនោះ​ផងដែរ​មាន​អ្នកនៅ​ជាមួយ​បងប្អូន​ច្រើន​ជាង​អ្នក​ដែល​បងប្អូន​អាច​ឃើញ​ប្រឆាំង​នឹង​បងប្អូន ។ ពួកគេ​ខ្លះ​ដែល​នៅជា​មួយ​បងប្អូន ប៉ុន្តែ​កែវភ្នែក​រមែង​ស្លាប់​របស់​បងប្អូន​មិនអាច​មើលឃើញ​ឡើយ ។ ព្រះអម្ចាស់​នឹង​លើក​បងប្អូន​ឡើង ហើយ​នៅពេល​ខ្លះ​ក៏ហៅ​អ្នកដទៃ​មក​នៅ​ជាមួយ​បងប្អូន » ( « O Ye That Embark » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៥៨ ) ។

សូមមើល​ផងដែរ ទំនុកដំកើង ១២១; គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:៨៨ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

ពង្សាវតារក្សត្រ ទី២ ២:១–១៤ ។សូមគិត​អំពី​មនុស្ស​ដែល​បានឃើញ អេលីសេ « ពាក់ » ក្រមា​របស់​អេលីយ៉ា ( ឬ​សម្លៀកបំពាក់—ដែល​ជានិមិត្ត​រូប​នៃ​ការហៅ​ជា​ព្យាការី ) ។ តើ​រឿងនេះ​អាច​ជះឥទ្ធិពល​លើ​របៀប​ដែល​ពួកគេ​បាន​ឆ្លើយតប​ទៅនឹង​ការងារ​បម្រើ​របស់​អេលីសេ យ៉ាងដូចម្តេច ? ( សូមមើល ផងដែរ ពង្សាវតារក្សត្រ ទី១ ១៩:១៩ ) ។ ប្រហែល​ជា​សមាជិក​គ្រួសារ អាច​ប្តូរវេនគ្នា​ពាក់ « ក្រមា » និង​ថ្លែង​ពី​របៀប​ដែល​ពួកគេ​បានឃើញ​ព្រះអម្ចាស់​បាន​គាំទ្រ និង​ពង្រឹង​អស់​អ្នក​ដែល​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​សាសនាចក្រ​របស់ទ្រង់ ។

ពង្សាវតារក្សត្រ ទី២ ៤ ។បងប្អូន​អាច​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យអាន​អំពី​អព្ភូតហេតុ​មួយ​នៅក្នុង​ចំណោម​អព្ភូតហេតុ​នានា​នៅក្នុង ពង្សាវតារក្សត្រ ទី២ ៤ ( សូមមើល ខទី ១–៧, ១៤–១៧, ៣២–៣៥, ៣៨–៤១, ៤២–៤៤ ) ហើយ​សូម​សរសេរ​តម្រុយ​មួយ​ដើម្បី​ជួយ​សមាជិក​គ្រួសារ​ដទៃ​ទៀត​ធ្វើការ​ទាយ​ពី​អព្ភូតហេតុ​ដែល​គាត់ ឬ​នាង​កំពុង​ពិពណ៌នា ។ តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់ និង​អព្ភូតហេតុ​របស់ទ្រង់​ចេញ​ពី​ជំពូក​នេះ ? តើ​អព្ភូតហេតុ​អ្វី—ធំ ឬ តូច—​ដែល​យើង​បានឃើញ​នៅក្នុង​ជីវិត​យើង ?

ពង្សាវតារក្សត្រ ទី២ ៥:១–១៥ ។នៅពេល​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ ហើយ​ពិចារណា​ពី​កិច្ចការ​តូចតាច​ដែល ណាម៉ាន់ ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ សូម​ពិចារណា​កិច្ចការ​សាមញ្ញ​ដែល​ព្យាការី​របស់​យើង​បាន​សុំ​ឲ្យ​យើង​ធ្វើ​ផងដែរ ។ តើ​ក្រុមគ្រួសារ​របស់​យើង​អាច​ធ្វើតាម​ពាក្យទូន្មាន​របស់​លោកឲ្យ​បានប្រសើរ​យ៉ាងដូចម្តេច ?

ក្រុមគ្រួសារ​បងប្អូន​អាច​អាន « អេលីសេ ព្យាបាល ណាម៉ាន់ » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ) ។

ពង្សាវតាក្សត្រ ទី២ ៥:២០–២៧ ។តើ កេហាស៊ី អាច​ទទួល​អត្ថប្រយោជន៍​មកពី​ការអាន « សេចក្តី​ស្មោះ​ត្រង់ និង​សេចក្ដីសុចរិត » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន យ៉ាងដូចម្តេច ? ( ទំព័រ ៣១ ) ។ តើ​ការមិនមាន​ភាព​ស្មោះត្រង់​បំផ្លាញ​យើង​យ៉ាងដូចម្តេច ? តើ​យើង​មានពរ​យ៉ាងណា​ដោយសារ​ភាព​ស្មោះត្រង់ ?

ពង្សាវតាក្សត្រ ទី២ ៦:១៣–១៧ ។សមាជិក​គ្រួសារ​អាច​រីករាយ​នឹង​ការគូរ​រូបភាព​មួយ​ពី​បទពិសោធន៍​របស់​អេលីសេ និង​បាវបម្រើ​របស់​លោក​ដែល​បានពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ តើ​ខគម្ពីរ​ទាំងនេះ​ជួយ​យើង​នៅពេល​យើង​មានអារម្មណ៍​ឯកោ ឬ​ធុញថប់​យ៉ាងដូចម្តេច ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​លើកទឹកចិត្តឲ្យប្រើ ៖ « កូនចៅ​នៃ​ព្រះ​អើយ​ទ្រង់​គង់​ក្បែរ​អ្នក » ទំនុកតម្កើង ល.រ. ៤៥ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​លើក​ទឹកចិត្ត​ឲ្យ​មាន​ការសួរ​សំណួរ ។ សំណួរ​របស់​កុមារ​គឺជា​ការបង្ហាញថា​ពួកគេ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី រៀន ។ ប្រសិនបើ​បងប្អូន​មិនដឹង​ពីចម្លើយ​ចំពោះ​សំណួរ​របស់ពួកគេ​ទេ សូម​ស្វែងរក​ចម្លើយ​សម្រាប់​ពួកគេ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៥–២៦ ) ។

ណាម៉ាន់ កំពុង​លាង​សម្អាត​ខ្លួន​នៅ​ក្នុង​ទន្លេ

ការរចនា​រូបភាព​ពី​ណាម៉ាន់ បានជាសះស្បើយ​ពី​រោគឃ្លង់ ដោយ ផល ម៉ាន