« ថ្ងៃទី ១១–១៧ ខែ កក្កដា ។ ពង្សាវតារក្សត្រ ទី២ ១៧–២៥ ៖ ‹ ទ្រង់ទុកចិត្តដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១១–១៧ ខែ កក្កដា ។ ពង្សាវតារក្សត្រ ទី២ ១៧–២៥ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ១១–១៧ ខែ កក្កដា
ពង្សាវតារក្សត្រ ទី២ ១៧–២៥
« ទ្រង់ទុកចិត្តដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល »
នៅពេលយ៉ូសៀស បានឮពាក្យពេចន៍ចេញពីព្រះគម្ពីរនៃក្រឹត្យវិន័យ ទ្រង់បានឆ្លើយតបដោយសេចក្តីជំនឿ ។ តើបងប្អូនអាចឆ្លើយតបដោយសេចក្តីជំនឿចំពោះអ្វីដែលបងប្អូនបានអាននៅក្នុង ពង្សាវតារក្សត្រ ទី២ ១៧–២៥ ដោយរបៀបណា ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ទោះបីជាមានការងារបម្រើដ៏គួរឲ្យស្ងប់ស្ងែងរបស់អេលីសេ ក្តី ក៏ជីវភាពខាងវិញ្ញាណរបស់នគរភាគខាងជើង នៃសាសន៍អ៊ីស្រាអែលបន្តអន់ថយដែរ ។ ស្តេចទុច្ចរិតផ្សព្វផ្សាយឲ្យមានការគោរពរូបសំណាក ហើយសង្រ្គាម និងការក្បត់សាសនាបានកើតមានឡើងជាច្រើន ។ នៅទីបំផុត នគរពួកសាសន៍អាសស៊ើរ បានច្បាំងដណ្តើមយក ហើយបំបែកពូជអំបូរអ៊ីស្រាអែលទាំងដប់ ។
នៅគ្រាដដែលនោះ នគរយូដាខាងត្បូងក៏ពុំមានលក្ខណៈប្រសើរខ្លាំងទេ ការគោរពរូបសំណាករីករាលដាលនៅទីនោះ ។ ប៉ុន្តែនៅកណ្តាលភាពយ៉ាប់យ៉ឺនខាងវិញ្ញាណនេះ ដំណើររឿងខាងវិញ្ញាណលើកឡើងអំពីស្តេចសុចរិតពីរអង្គដែលនៅគ្រាមួយ បានបង្វែរប្រជារាស្រ្តរបស់ពួកទ្រង់ឲ្យត្រឡប់ទៅរកព្រះអម្ចាស់វិញ ។ មួយអង្គនោះគឺ ហេសេគា ។ នៅអំឡុងការគ្រងរាជ្យរបស់ទ្រង់ សាសន៍អាសស៊ើរ ទើបតែបានទទួលជ័យជំនះនៅភាគខាងជើង បានវាយយកភាគច្រើននៃភាគខាងត្បូង ។ ប៉ុន្តែ ហេសេគា និងប្រជារាស្រ្តរបស់ទ្រង់បានបង្ហាញសេចក្តីជំនឿលើព្រះអម្ចាស់ដែលបានរំដោះយេរូសាឡិមដោយអព្ភូតហេតុ ។ ក្រោយមក បន្ទាប់ពីការក្បត់សាសនាមួយរយៈទៀត យ៉ូសៀស បានចាប់ផ្តើមគ្រងរាជ្យ ។ ដោយបានទទួលការបំផុសគំនិតខ្លះៗតាមរយៈការស្រាវជ្រាវឡើងវិញនៃគម្ពីរក្រឹត្យវិន័យ នោះ យ៉ូសៀស បាននាំមកនូវការកែទម្រង់ដែលធ្វើឲ្យជីវិតសាសនារបស់ប្រជាជនទ្រង់រស់ឡើងវិញ ។
តើយើងរៀនអ្វីខ្លះពីចំណុចសំខាន់ទាំងពីរនេះនៅគ្រាដ៏ខ្មៅងងឹតនៃប្រវត្តិសាស្ត្រសាសន៍យូដា ? នៅក្នុងចំណោមរឿងផ្សេងទៀត បងប្អូនអាចពិចារណាពីអនុភាពនៃសេចក្ដីជំនឿ និងបន្ទូលរបស់ព្រះនៅក្នុងជីវិតរបស់បងប្អូន ។ ដូចជាអ៊ីស្រាអែល និងយូដាដែរ យើងគ្រប់រូបធ្វើទាំងការជ្រើសរើសល្អ និងអាក្រក់ ។ ហើយនៅពេលយើងមានអារម្មណ៍ថា ការកែទម្រង់នានាគឺជារឿងចាំបាច់នៅក្នុងជីវិតរបស់យើង នោះប្រហែលជាគំរូរបស់ហេសេគា និងយ៉ូសៀសអាចបំផុសគំនិតយើងឲ្យ « ទុកចិត្តដល់ព្រះយេហូវ៉ាជាព្រះនៃយើង » ( ពង្សាវតារក្សត្រ ទី២ ១៨:២២ ) ។
សូមមើលផងដែរ របាក្សត្រ ទី២ ២៩–៣៥; វគ្គ « គំនិតដើម្បីពិចារណា » « ព្រះយេស៊ូវហៅ ‹ មកវិញ › ឱអ៊ីស្រាអែលអើយ » ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ខ្ញុំអាចបន្តមានភក្ដីភាពចំពោះព្រះអម្ចាស់អំឡុងគ្រាដ៏លំបាក ។
យើងភាគច្រើនធ្លាប់ជួបប្រទះនូវគ្រាដែលសាកល្បងដល់សេចក្ដីជំនឿរបស់យើង ។ ចំពោះហេសេគា និងប្រជាជនរបស់ទ្រង់ មានគ្រាមួយក្នុងចំណោមគ្រាទាំងនោះបានមកដល់ពេលដែលទ័ពអាសស៊ើរ បានវាយលុកស្រុកយូដា បានបំផ្លាញទីក្រុងជាច្រើន ហើយបានសំដៅទៅក្រុងយេរូសាឡិម ។ នៅពេលបងប្អូនអាន ពង្សាវតារក្សត្រ ទី២ ១៨–១៩ សូមនឹកស្រមៃថាបងប្អូនបានរស់នៅក្នុងក្រុងយេរូសាឡិមអំឡុងគ្រានោះ ។ តើបងប្អូនអាចមានអារម្មណ៍បែបណា ឧទាហរណ៍ ស្ដាប់ឮពាក្យតិះដៀលរបស់សាសន៍អាសស៊ើរដូចដែលបានកត់ត្រានៅក្នុង ពង្សាវតារក្សត្រ ទី២ ១៨:២៨–៣៧ និង ១៩:១០–១៣ ? តើបងប្អូនបានរៀនអ្វីខ្លះមកពីអ្វីដែលហេសេគា បានធ្វើតបមកវិញ ? ( សូមមើល ពង្សាវតារក្សត្រ ទី២ ១៩:១–៧, ១៤–១៩ ) ។ តើព្រះអម្ចាស់បានជួយដល់ហេសេគាយ៉ាងដូចម្ដេច ? ( សូមមើល ពង្សាវតារក្សត្រ ទី២ ១៩:៣៥–៣៧ ) ។ សូមពិចារណាពីរបៀបដែលទ្រង់បានជួយដល់បងប្អូននៅក្នុងគ្រាដ៏លំបាក ។
បងប្អូនក៏អាចពិចារណាផងដែរនូវការពិពណ៌នាអំពីហេសេគានៅក្នុង ពង្សាវតារក្សត្រ ទី២ ១៨:៥–៧ ។ តើខគម្ពីរទាំងនេះ ផ្ដល់យោបល់អំពីហេតុផលអ្វីខ្លះដែលហេសេគា អាចបន្តស្មោះត្រង់ពេលឧបសគ្គបានមកដល់ ? តើបងប្អូនអាចធ្វើតាមគំរូរបស់ទ្រង់យ៉ាងដូចម្ដេច ?
សូមមើលផងដែរ នីហ្វៃទី៣ ៣–៤ D. Todd Christofferson, « Firm and Steadfast in the Faith of Christ » Liahona, ខែ វិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ៣០–១២០ ) ។
អ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ។
សានហេរីប ជាស្តេចស្រុកអាសស៊ើរ មានមូលហេតុត្រឹមត្រូវដើម្បីជឿថាទាហានរបស់ទ្រង់នឹងវាយដណ្តើមបានយេរូសាឡិម ។ ស្រុកអាសស៊ើរ បានយកជ័យជំនះលើប្រជាជាតិជាច្រើន រួមទាំងអ៊ីស្រាអែល—ហេតុអ្វីមិនឈ្នះលើយេរូសាឡិមនោះ ? ( សូមមើល ពង្សាវតារក្សត្រ ទី២ ១៧; ១៨:៣៣–៣៤; ១៩:១១–១៣ ) ។ ប៉ុន្តែព្រះអម្ចាស់មានសារប្រទានឲ្យ សានហេរីប តាមព្យាការីអេសាយ ហើយវាបានកត់ត្រាទុកនៅក្នុង ពង្សាវតារក្សត្រ ទី២ ១៩:២០–៣៤ ។ តើបងប្អូននឹងសង្ខេបសារនេះយ៉ាងដូចម្តេច ? តើសេចក្តីពិតអ្វីខ្លះដែលបងប្អូនរកឃើញនៅក្នុងខគម្ពីរទាំងនេះដែលជួយបងប្អូនឲ្យមានសេចក្តីជំនឿនៅលើព្រះអម្ចាស់ និងផែនការរបស់ទ្រង់ ?
សូមមើលផងដែរ ហេលេមិន ១២:៤–២៣; គោលលទ្ធិ និងសេចក្តីសញ្ញា ១០១:១៦ ។
ព្រះគម្ពីរអាចបង្វែរដួងចិត្តរបស់ខ្ញុំទៅរកព្រះអម្ចាស់ ។
តើបងប្អូនដែលធ្លាប់មានអារម្មណ៍ថាបងប្អូនខ្វះអ្វីមួយខាងវិញ្ញាណដែរឬទេ ? ប្រហែលជាបងប្អូនមានអារម្មណ៍ថា ទំនាក់ទំនងរបស់បងប្អូនជាមួយព្រះគួរមានភាពរឹងមាំជាងមុន ។ តើអ្វីដែលបានជួយបងប្អូនឲ្យត្រឡប់ទៅរកព្រះអម្ចាស់វិញ ? សូមពិចារណាសំណួរទាំងនេះនៅពេលបងប្អូនអានអំពីរបៀបដែលនគរយូដា ឃ្លាតឆ្ងាយពីព្រះអម្ចាស់ក្រោមការដឹកនាំរបស់ស្តេច ម៉ាន៉ាសេ ( សូមមើល ពង្សាវតារក្សត្រ ទី២ ២១ ) និងរបៀបដែលស្តេច យ៉ូសៀស បានជួយពួកគេប្តេជ្ញាចិត្តជាថ្មីចំពោះព្រះអម្ចាស់ ( សូមមើល ពង្សាវតារក្សត្រ ទី២ ២២–២៣ ) ។ តើអ្វីដែលបានបំផុសគំនិត យ៉ូសៀស និងប្រជារាស្រ្តរបស់ទ្រង់ ? ដំណើររឿងនេះអាចជួយបំផុសគំនិតបងប្អូនឲ្យបន្តការប្តេជ្ញាចិត្តរបស់បងប្អូនដើម្បី « ដើរតាមព្រះយេហូវ៉ា … អស់អំពីចិត្ត [ របស់បងប្អូន ] ហើយអស់អំពីព្រលឹង [ របស់បងប្អូន ] »( ពង្សាវតារក្សត្រ ទី២ ២៣:៣ ) ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានណែនាំថា ដំណើររឿងរបស់ស្ដេចយ៉ូសៀស « គឺជារឿងដ៏ល្អបំផុតមួយនៅក្នុងបទគម្ពីរ » (Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ២០០៦] ទំព័រ ៦២ ) ។ ហេតុអ្វីប្រធានឃឹមបឹលអាចមានអារម្មណ៍បែបនោះ ? តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងប្រសាសន៍របស់ប្រធានឃឹមបឹល ជាពិសេសមតិរបស់លោកអំពីស្ដេចយ៉ូសៀស ដែលជួយបងប្អូនឲ្យអនុវត្ត ពង្សាវតារក្សត្រ ទី២ ២២–២៣ នៅក្នុងជីវិតរបស់បងប្អូន ?
សូមមើលផងដែរ អាលម៉ា ៣១:៥Takashi Wada, “Feasting upon the Words of Christ,” Liahona, May 2019, 38–40; “Josiah and the Book of the Law” (video), គេហទំព័រChurchofJesusChrist.org ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
ពង្សាវតាក្សត្រ ទី២ ១៩:១៤–១៩ ។តើយើងអាចរៀនអ្វីខ្លះមកពីគំរូរបស់ហេសេគាដែលអាចជួយយើង ពេលយើងមានបញ្ហា ឬសំណួរពិបាកៗ ? តើព្រះអម្ចាស់បានឆ្លើយតបដល់ការអធិស្ឋានទូលសូមជំនួយរបស់យើងដោយរបៀបណា ? ប្រហែលជាសមាជិកគ្រួសារនីមួយៗអាចធ្វើអ្វីមួយដើម្បីដាក់បង្ហាញនៅក្នុងផ្ទះ ដើម្បីរំឭកដល់ពួកគេឲ្យងាកទៅរកព្រះអម្ចាស់ ។
-
ពង្សាវតារក្សត្រ ទី២ ២២:៣–៧ ។ពួកអ្នកធ្វើការដែលបានរៀបរាប់នៅក្នុង ពង្សាវតារក្សត្រ ទី២ ២២:៣–៧ ត្រូវបានទុកចិត្តឲ្យមើលថែប្រាក់ដែលប្រើដើម្បីសង់ព្រះវិហារបរិសុទ្ធឡើងវិញ « ដ្បិតគេធ្វើការដោយស្មោះត្រង់ » ( ខទី ៧ ) ។ បន្ទាប់ពីអានខគម្ពីរទាំងនេះ បងប្អូនអាចសុំឲ្យសមាជិកគ្រួសារដាក់ឈ្មោះវត្ថុដែលពួកគេត្រូវបានប្រគល់ឲ្យ ។ តើយើងអាចទទួលបានការទុកចិត្តដូចជាពួកអ្នកធ្វើការនៅក្នុងខគម្ពីរទាំងនេះដោយរបៀបណា ?
-
ពង្សាវតារក្សត្រ ទី២ ២២:៨–១១, ១៩; ២៣:១–៣ ។តើអ្វីទៅដែលធ្វើឲ្យយើងចាប់អារម្មណ៍ចំពោះរបៀបដែលយ៉ូសៀស និងរាស្ត្រទ្រង់បានឆ្លើយតបទៅនឹងបន្ទូលរបស់ព្រះ ? តើយើងឆ្លើយតបទៅនឹងបន្ទូលរបស់ព្រះនៅក្នុងបទគម្ពីរយ៉ាងដូចម្ដេច ? សមាជិកគ្រួសាររបស់បងប្អូនអាចចែកចាយវគ្គបទគម្ពីរ ឬដំណើររឿងដែលបានបង្កើនបំណងប្រាថ្នារបស់ពួកគេដើម្បីធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ពង្សាវតាក្សត្រ ទី២ ២៣:២៥ ។តើអ្វីទៅដែលយើងចាប់អារម្មណ៍ចំពោះការពិពណ៌នាអំពីយ៉ូសៀសនៅក្នុងខគម្ពីរនេះ ? គ្រួសាររបស់បងប្អូនអាចគូរនៅលើក្រដាសនូវរូបបេះដូងអំពីរឿងដែលពួកគេអាចធ្វើនៅសប្ដាហ៍នេះ ដើម្បីងាកទៅរកព្រះអម្ចាស់ឲ្យអស់ពី ដួងចិត្តរបស់ពួកគេ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងលើកទឹកចិត្តឲ្យប្រើ ៖ « ពេលខ្ញុំស្វែងយល់គម្ពីរពិសិដ្ឋ » ទំនុកតម្កើង ល.រ ១៥៩ ។