« ថ្ងៃទី ២៥–៣១ ខែ កក្កដា ។ នាងអេសធើរ ៖ ‹ ព្រះនាងបានតាំងឡើង … សម្រាប់ពេលនេះឯង › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៥–៣១ ខែ កក្កដា ។ នាងអេសធើរ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ២៥–៣១ ខែ កក្កដា
នាងអេសធើរ
« ព្រះនាងបានតាំងឡើង … សម្រាប់ពេលនេះឯង »
នៅពេលបងប្អូនអាននាងអេសធើរ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណដែលត្រូវនឹងបងប្អូន ហើយសូមកត់ត្រាចំណាប់អារម្មណ៍ដែលបងប្អូនទទួលបាន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ព្រឹត្តិការណ៍ជាច្រើននៅក្នុងគម្ពីរនាងអេសធើរ ហាក់ដូចជារឿងសំណាង ឬ ចៃដន្យ ។ តើបងប្អូនពន្យល់ពីរបៀបដែលក្មេងស្រីកំព្រាសាសន៍យូដាម្នាក់បានក្លាយជាម្ចាស់ក្សត្រីរបស់ពើស៊ី ក្នុងពេលដ៏ត្រឹមត្រូវដើម្បីសង្គ្រោះប្រជារាស្រ្តរបស់នាងរួចពីការសម្លាប់យ៉ាងដូចម្តេច ? តើឱកាសអ្វីខ្លះទៅដែល ម៉ាដេកាយ ជាជីដូនមួយរបស់ព្រះនាងអេសធើរបានឮពីគម្រោងការធ្វើឃាតស្តេចដោយចៃដន្យ ? តើអ្វីៗទាំងនេះជារឿងចៃដន្យ ឬក៏ជាចំណែកនៅក្នុងផែនការដ៏ទេវភាពមួយ ? អែលឌើរ រ៉ូណល អេ រ៉ាសបាន បានថ្លែង ៖ « អ្វីដែលមើលទៅដូចជាឱកាសចៃដន្យគឺតាមពិតត្រូវបានត្រួតពិនិត្យដោយព្រះវរបិតាពេញដោយសេចក្ដីស្រឡាញ់ដែលគង់នៅស្ថានសួគ៌ ។ … ព្រះអម្ចាស់ស្ថិតក្នុងភាពលម្អិតនៅក្នុងជីវិតរបស់យើង » ( « By Divine Design » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៥៦ ) ។ យើងប្រហែលជាមិនស្គាល់ព្រះចេស្តារបស់ព្រះអម្ចាស់នៅក្នុង « ភាពលម្អិត » ទាំងនេះទេ ។ ប៉ុន្តែយើងបានរៀនពីបទពិសោធន៍របស់ព្រះនាងអេសធើរ ថាទ្រង់អាចដឹកនាំយើងនៅលើផ្លូវរបស់យើង និងរៀបចំយើង « សម្រាប់ពេលនេះឯង » ( នាងអេសធើរ ៤:១៤ ) នៅពេលយើងអាចធ្វើជាឧបករណ៍នៅក្នុងព្រះហស្តរបស់ទ្រង់ដើម្បីបំពេញព្រះរាជបំណងរបស់ទ្រង់ ។
សម្រាប់ទិដ្ឋភាពទូទៅស្ដីពីគម្ពីរនាងអេសធើរ សូមមើល « នាងអេសធើរ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះអម្ចាស់អាចធ្វើឲ្យខ្ញុំក្លាយជាឧបករណ៍ដើម្បីផ្ដល់ពរដល់អ្នកដទៃ ។
ស៊ីស្ទើរ អាន ស៊ី. ភីនហ្គ្រី បានបង្រៀនថា « ការក្លាយជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះ គឺជាឯកសិទ្ធិដ៏អស្ចារ្យមួយ និងជាការទទួលខុសត្រូវដ៏ពិសិដ្ឋ ។ ទោះបីយើងរស់នៅកន្លែងណាក៏ដោយ ទោះកាលៈទេសៈរបស់យើងយ៉ាងណាក៏ដោយ មិនថាស្ថានភាពអាពាហ៍ពិពាហ៍ ឬអាយុរបស់យើងប៉ុណ្ណានោះទេ ព្រះអម្ចាស់ត្រូវការ យើងម្នាក់ៗ ដើម្បីបំពេញផ្នែកដ៏ពិសេស [ របស់យើង ] នៅក្នុងការស្ថាបនានគររបស់ទ្រង់នៅក្នុងគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ » ( « Knowing the Lord’s Will for You » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ១១២ ) ។
ខណៈដែលបងប្អូនអានដំណើររឿងរបស់ព្រះនាងអេសធើរ សូមសញ្ជឹងគិតពីរបៀបដែលសេចក្តីថ្លែងការណ៍នេះអនុវត្តចំពោះព្រះនាង ។ សូមស្វែងរកមធ្យោបាយដែលព្រះអម្ចាស់បានធ្វើឲ្យព្រះនាងអាចសង្គ្រោះសាសន៍យូដារបស់ព្រះនាងបាន ( សូមមើល ឧទាហរណ៍ នាងអេសធើរ ២:២១–២៣; ៣:១០–១៤; ៤:១៤–១៦ ) ។ បន្ទាប់មក សូមសញ្ជឹងគិតពីរបៀបដែលទ្រង់បានដឹកនាំជីវិតបងប្អូនតាមរបៀបដែលអនុញ្ញាតឲ្យបងប្អូនផ្ដល់ពរជ័យដល់អ្នកដទៃ ។ តើកាលៈទេសៈ ឬទំនាក់ទំនងអ្វីខ្លះ ដែលបងប្អូនមានអារម្មណ៍ថា ទ្រង់បានដឹកនាំបងប្អូន « សម្រាប់ពេលនេះឯង » ? ( នាងអេសធើរ ៤:១៤ ) ។ ប្រសិនបើបងប្អូនមានពរជ័យលោកអយ្យកោ សូមពិចារណាអានវាដើម្បីរៀនបន្ថែមទៀតអំពីកិច្ចការដែលព្រះអម្ចាស់មានឲ្យបងប្អូនធ្វើ ។
អំនួត និងកំហឹងអាចដឹកនាំទៅរកការធ្លាក់ចុះ ។
នៅក្នុងគម្ពីរនាងអេសធើរ យើងបានរៀនពីនាងអេសធើរ និងម៉ាដេកាយដ៏ស្មោះត្រង់ ក៏ដូចជាអំនួត និងកំហឹងរបស់ហាម៉ាន ដែរ ។ កាលបងប្អូនអាន នាងអេសធើរ ៣; ៥:៩–១៤ សូមពិចារណាការកត់ចំណាំអារម្មណ៍ ពាក្យសម្ដី និងទង្វើរបស់ហាម៉ាន ។ តើពួកគេបានបង្ហាញអ្វីខ្លះអំពីគាត់ និងការជំរុញចិត្តរបស់គាត់ ? តើគាត់បានប្រឈមមុខនឹងផលវិបាកអ្វីខ្លះ ? ( សូមមើល នាងអេសធើរ ៧ ) ។ ការអានអំពីហាម៉ាន អាចលើកទឹកចិត្តបងប្អូនឲ្យវាយតម្លៃអ្វីដែលជំរុញអារម្មណ៍ និងទង្វើរបស់បងប្អូន ។ តើបងប្អូនបានបំផុសគំនិតឲ្យធ្វើការផ្លាស់ប្តូរដែរឬទេ ? តើបងប្អូនអាចងាកទៅរកជំនួយរបស់ព្រះវរបិតាសួគ៌ដោយរបៀបណា ?
សូមមើលផងដែរ សុភាសិត ១៦:៣២; អាលម៉ា ៥:២៨ ។
ការតមអាហារបង្ហាញពីការពឹងផ្អែករបស់ខ្ញុំលើព្រះអម្ចាស់ ។
សូមកត់សម្គាល់ពីលក្ខខណ្ឌដែលបានដឹកនាំព្រះនាងអេសធើរ និងសាសន៍យូដាដទៃទៀតឲ្យធ្វើការតមអាហារ ( សូមមើល នាងអេសធើរ ៣:១៣; ៤:១–៣, ១០–១៧ ) ។ តើការតមអាហារគឺជាពរជ័យសម្រាប់ពួកគេយ៉ាងដូចម្តេច ? ( សូមមើល នាងអេសធើរ ៥:២–៣; ៨:១១–១២ ) ។ ហេតុអ្វីបានជាព្រះអម្ចាស់បានបង្គាប់យើងឲ្យតមអាហារ ? សូមពិចារណាពីអ្វីដែលបងប្អូនអាចធ្វើដើម្បីធ្វើឲ្យការតមអាហារក្លាយជាពរដ៏មហិមានៅក្នុងជីវិតរបស់បងប្អូន ?
សូមមើល អេសាយ ៥៨:៦–១២; ម៉ាថាយ ៤:១–៤; ១៧:១៤–២១ «Fasting: Young Single Adult Ward, Amanda» (video) គេហទំព័រ ChurchofJesusChrist.org ។
នាងអេធើរ ៣:១–១១; ៤:១០–១៧; ៥:១–៤
ការធ្វើរឿងដែលត្រឹមត្រូវ ជាញឹកញាប់តម្រូវឲ្យមានភាពក្លាហានខ្ពស់ ។
នៅពេល ម៉ាដេកាយ និងព្រះនាងអេសធើរ ក្រោកឈរការពារជំនឿរបស់ខ្លួន នោះព្រះនាង និងគាត់បានដាក់ព្រះជន្ម និងជីវិតរបស់ គាត់ទៅក្នុងហានិភ័យ ។ ការជ្រើសរើសរបស់យើងមានផលវិបាកដែលអាចមិនសូវធ្ងន់ធ្ងរ ប៉ុន្តែការធ្វើរឿងត្រឹមត្រូវអាចនៅតែទាមទារសេចក្តីក្លាហានដដែល ។ តើបងប្អូនបានរៀនអ្វីខ្លះមកពី នាងអេសធើរ ៣:១–៤; ៤:១០–១៧ អំពីការមានសេចក្តីក្លាហានធ្វើរឿងដែលត្រឹមត្រូវ ? សូមកត់សម្គាល់ផលវិបាកខុសគ្នាដែល ម៉ាដេកាយ និងព្រះនាងអេសធើរ បានឆ្លងកាត់ បន្ទាប់ពីបង្ហាញសេចក្តីក្លាហាន ( សូមមើល នាងអេសធើរ ៣:៥–១១; ៥:១–៤ ) ។ តើមនុស្សម្នាក់នឹងត្រូវការធ្វើអ្វីខ្លះដើម្បីដឹងអំពីព្រះ ដើម្បីធ្វើការជ្រើសរើសដែលព្រះនាងអេសធើរ និងម៉ាដេកាយ បានធ្វើ—ដើម្បីធ្វើអ្វីដែលត្រឹមត្រូវទោះបីជាមានផលវិបាកអ្វីក៏ដោយនោះ ?
នៅពេលក្រោយដែលបងប្អូនពិចារណាផលវិបាកនៃការធ្វើអ្វីដែលត្រឹមត្រូវ នោះបងប្អូនអាចអនុវត្តព្រះបន្ទូលដ៏ក្លាហានរបស់ព្រះនាងអេសធើរ នៅក្នុង នាងអេសធើរ ៤:១៦ ទៅនឹងស្ថានភាពផ្ទាល់របស់បងប្អូន ។ ឧទាហរណ៍ បងប្អូនអាចនិយាយទៅកាន់ខ្លួនឯងថា « នៅពេលខ្ញុំជ្រើសរើសត្រឹមត្រូវ ប្រសិនបើ ខ្ញុំ [ បាត់បង់មិត្តភក្តិ ] ខ្ញុំ [ បាត់បង់មិត្តភក្តិ ] » ។
សូមមើលផងដែរ ថូម៉ាស អេស ម៉នសុន «May You Have Courage» Liahona, ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ១២៣–២៧ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
នាងអេសធើរ ១–១០ ។បន្ទាប់ពីមើលដំណើររឿងនៃនាងអេសធើរ ហើយ ( សូមមើល « ម្ចាស់ក្សត្រីអេសធើរ » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ក្រុមគ្រួសាររបស់បងប្អូនអាចរីករាយនឹងការធ្វើតុក្កតាអាយ៉ងសាមញ្ញៗពីតួអង្គទាំងឡាយ ( សូមមើល ទំព័រសកម្មភាពសប្តាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ) ។ បន្ទាប់មកពួកគេអាចប្រើតុក្កតាអាយ៉ងទាំងនោះដើម្បីប្រាប់ពីដំណើររឿងឡើងវិញ ។ បងប្អូនក៏អាចច្រៀងចម្រៀងមួយបទអំពីភាពក្លាហាន និងសេចក្តីពិត ដូចជា « ហ៊ាននឹងធ្វើត្រូវ » ជាមួយគ្នា ( សៀវភៅចម្រៀងកុមារ ទំព័រ ៨០ ) ឬ « ធ្វើអ្វីដែលត្រូវ » (ទំនុកតម្កើង ល.រ. ១៤៧ ) ។ តើពាក្យអ្វីនៅក្នុងបទចម្រៀងនេះដែលរំឭកយើងពីព្រះនាងអេសធើរ ?
-
នាងអេសធើរ ២:៥–៧ ។តើយើងអាចរៀនអ្វីចេញពីគំរូរបស់ម៉ាដេកាយ អំពីការជួយសមាជិកគ្រួសារនៅក្នុងគ្រាលំបាក ? តើនរណានៅក្នុងក្រុមគ្រួសារដែលត្រូវការជំនួយរបស់យើង ? សូមដាក់ផែនការដើម្បីជួយពួកគេ ?
-
នាងអេសធើរ ៤:១៥–១៧ ។សេចក្តីក្លាហានរបស់ព្រះនាងអេសធើរ អាចបំផុសគំនិតដល់ក្រុមគ្រួសាររបស់បងប្អូនឲ្យពិភាក្សាពីរបៀបដើម្បីអភិវឌ្ឍសេចក្តីក្លាហាន ដើម្បីឈរការពារសេចក្តីពិតនៅក្នុងស្ថានភាពដែលពួកគេជួបប្រទះ ។ តើព្រះនាងអេសធើរមានន័យដូចម្តេចដែលមានព្រះបន្ទូលថា « បើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ » ? តើព្រះបន្ទូលរបស់ព្រះនាងអនុវត្តចំពោះយើងយ៉ាងដូចម្ដេចដែរ នៅពេលយើងត្រូវការភាពក្លាហាន ? វីដេអូ « Courage » ( ChurchofJesusChrist.org ) ផ្តល់នូវគំរូមួយចំនួន ។
-
នាងអេសធើរ ៩:២៦–៣២ ។ពិធីបុណ្យពោររបស់សាសន៍យូដា ត្រូវបានបង្កើតឡើងដើម្បីរំឭកដំណើររឿងរបស់ព្រះនាងអេសធើរ ។ នៅម៉ោងអាហារនាសប្តាហ៍នេះ សូមពិចារណាការចែកចាយដំណើររឿងនៃពេលដែលសមាជិកគ្រួសាររបស់បងប្អូន រួមទាំងបុព្វការីជនរបស់បងប្អូន បានផ្តល់ពរជ័យដល់អ្នកដទៃ ដោយការឈរការពាររឿងត្រឹមត្រូវដូចជាព្រះនាងអេសធើរ បានធ្វើ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងលើកទឹកចិត្តឲ្យប្រើ ៖ « ហ៊ាននឹងធ្វើត្រូវ » សៀវភៅចម្រៀងកុមារ ទំព័រ ៨០ ។