ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
គំនិត​ដើម្បី​ពិចារណា ៖ ការអាន​កំណាព្យ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់


« គំនិត​ដើម្បី​ពិចារណា ៖ ការអាន​កំណាព្យ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« គំនិត​ដើម្បី​ពិចារណា ៖ ការអាន​កំណាព្យ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបតំណាង​គំនិត

គំនិត​ដើម្បី​ពិចារណា

ការអាន​កំណាព្យ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់

នៅក្នុង​គម្ពីរ​ទាំងឡាយ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​ដែល​កើតឡើង​ពីមុន​គម្ពីរ យ៉ូប ភាគច្រើន​យើង​ឃើញ​ថា​ជាដំណើររឿង—ដំណើរ​និទានកថា​ដែល​ពិពណ៌នា​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាសន៍​ចេញពី​ទស្សនៈ​ខាងវិញ្ញាណ ។ ណូអេ បាន​ធ្វើ​ទូក ម៉ូសេ បាន​រំដោះ​សាសន៍​អ៊ីស្រាអែល ហាណា បាន​អធិស្ឋាន​ឲ្យ​បាន​កូនប្រុស​ជា​ដើម ។ ល ។ ចាប់ផ្តើម​ជាមួយ​យ៉ូប យើង​ឃើញ​របៀប​សរសេរ​ខុសៗគ្នា កាល​ដែល​អ្នកនិពន្ធ​គម្ពីរ​សញ្ញាចាស់​ងាកទៅរក​ភាសា​ជាកំណាព្យ​ដើម្បី​បង្ហាញ​អារម្មណ៍​ស៊ីជម្រៅ ឬ​ការព្យាករ​ដ៏​មហិមា​តាម​របៀប​ដ៏គួរ​ឲ្យ​ចងចាំ​មួយ ។

យើង​បានឃើញ​ឧទារណ៍​ពីរបី​នៃ​កំណាព្យ​ដែល​លេចឡើង​នៅពាសពេញ​ប្រវត្តិសាស្រ្ត​គម្ពីរ​ទាំងឡាយ​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ។ ហើយ​ចេញពី​គម្ពីរ​យ៉ូប តទៅមុខ​យើង​នឹង​ឃើញ​ថា​កាន់តែ​មានច្រើន ។ គម្ពីរ​យ៉ូប ទំនុកដំកើង និង​សុភាសិត គឺ​ស្ទើរតែ​ជា​កំណាព្យ​ទាំងស្រុង ដែល​ជាផ្នែក​ខ្លះ​នៃ​សំណេរ​របស់​ព្យាការី ដូចជា អេសាយ យេរេមា និង​អេម៉ុស ។ ពីព្រោះ​ការអាន​កំណាព្យ​គឺ​ខុសគ្នា​ពី​ការអាន​ដំណើររឿង​មួយ នោះ​ការយល់ដឹង​អំពី​វា ជាញឹកញាប់ តម្រូវ​ឲ្យ​មាន​ការខិតខំ​ផ្សេងទៀត ។ ទាំង​នេះ​គឺ​ជា​គំនិត​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ការអាន​កំណាព្យ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​របស់​បងប្អូន​កាន់តែ​មាន​អត្ថន័យ ។

រៀន​ស្គាល់​កំណាព្យ​ហេព្រើរ ។

ដំបូង វា​អាច​ជួយ​បងប្អូន​ចាំ​ក្នុង​ចិត្ត​ថា កំណាព្យ​ហេព្រើរ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ គឺ​មិន​អាស្រ័យ​ទៅ​លើ​ពាក្យ​ចុងចួន​ដូចជា​កំណាព្យ​ប្រភេទ​ផ្សេង​នោះទេ ។ ហើយ​ទោះបីជា​ពាក្យចុងចួន ការលេងពាក្យ និង​ពាក្យ​សំឡេង​ដដែលៗ​គឺជា​លក្ខណៈទូទៅ​នៃ​កំណាព្យ​ហេព្រើរ​ពីបុរាណ​ក្ដី ក៏​ជាធម្មតា​ពាក្យ​ទាំងនេះ​ត្រូវ​បាត់បង់​នៅក្នុង​ការបកប្រែ​ដែរ ។ ទោះជា​យ៉ាងណាក្តី លក្ខណៈពិសេស​មួយ​ដែល​បងប្អូន​នឹង​ឃើញ គឺ​ពាក្យ​ដដែលៗ នៃ​ការពិចារណា ឬ​គំនិត ដែល​នៅពេល​ខ្លះ​ត្រូវបាន​ហៅថា « ភាពស្របគ្នា » ។ ខ​ចេញពី​អេសាយ មួយនេះ​មាន​នូវ​ឧទាហរណ៍​ដ៏​សាមញ្ញ ៖

  • ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កម្លាំង​របស់​ឯង

  • ឱ​យេរូសាឡិម​ជា​ទី​ក្រុង​បរិសុទ្ធ​អើយ ចូរ​ប្រដាប់​ដោយ​សំលៀកបំពាក់​ដ៏​រុងរឿង​របស់​ឯង​ចុះ ( អេសាយ ៥២:១ ) ។

ទំនុក​ដំកើង ទី ២៩ មាន​បន្ទាត់​ស្រប​គ្នា​ជាច្រើន—នេះគឺជា​ឧទាហរណ៍​មួយ ៖

  • ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​មាន​អំណាច

  • ព្រះសូរសៀង​នៃ​ព្រះយេហូវ៉ា​មាន​ឫទ្ធានុភាព ( ទំនុក​ដំកើង ២៩:៤ ) ។

ហើយនេះ​ជា​ឧទាហរណ៍​មួយ ដែល​ការដឹងថា​បន្ទាត់​ទីពីរ​ស្រប​គ្នា​នឹង​បន្ទាត់​ទីមួយ តាមពិតទៅ ធ្វើ​ឲ្យ​វគ្គបទគម្ពីរ​កាន់តែ​ងាយស្រួល​យល់ ៖

  • អញ​ក៏​ឲ្យ​ឯង​រាល់​គ្នា​មាន​ធ្មេញ​ស្អាត នៅ​គ្រប់​ទាំង​ទី​ក្រុង​របស់​ឯង

  • ហើយ​ឲ្យ​ខ្វះ​ខាត​អាហារ​នៅ​គ្រប់​ទី​កន្លែង​របស់​ឯង ( អេម៉ុស ៤:៦ ) ។

នៅក្នុង​ឧទាហរណ៍​ទាំងនេះ គំនិត​មួយ​គឺ ត្រូវបាន​លើក​ឡើង​ដដែលៗ​ដោយ​មាន​ខុសគ្នា​តែបន្តិចបន្តួច​ប៉ុណ្ណោះ ។ វិធីសាស្ត្រ​នេះ​អាច​សង្កត់ធ្ងន់​ទៅលើ​គំនិត​ដដែលៗ ខណៈដែល​ប្រើប្រាស់​ភាពខុសគ្នា ដើម្បី​ពិពណ៌នា ឬ​អភិវឌ្ឍ​វា​ឲ្យ​កាន់តែ​ពេញលេញ ។

នៅក្នុង​ករណី​ផ្សេងទៀត ឃ្លា​ស្របគ្នា​ទាំង​ពីរ​ដែល​ប្រើ​ភាសា​ស្រដៀងគ្នា​ដើម្បី​បង្ហាញ​គំនិត​ផ្ទុយគ្នា ដូច​ក្នុង​ឧទាហរណ៍​ខាង​ក្រោម ៖

  • ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្តី​ក្រោធ​ទៅ ៖

  • តែ​ពាក្យ​គំរោះគំរើយ នោះ​បណ្តាល​ឲ្យ​មាន​សេចក្តី​កំហឹង​វិញ ( សុភាសិត ១៥:១ ) ។

ភាព​ស្របគ្នា​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ ។ អ្នក​និពន្ធ​បាន​ធ្វើ​វា​ឡើង​ដោយ​ចេតនា ។ វា​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​បង្ហាញ​អារម្មណ៍ ឬ​សេចក្តីពិត​ខាងវិញ្ញាណ​តាមរបៀប​មួយ ដែល​ចំពោះ​ពួកគេ គឺទាំង​មាន​អនុភាព និង​ស្រស់ស្អាត ។ ដូច្នេះ​នៅពេល​បងប្អូន​ឃើញ​ភាព​ស្របគ្នា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ សូម​សួរខ្លួន​បងប្អូនថា តើវា​ជួយ​បងប្អូន​ឲ្យ​យល់​ពី​សារ​របស់​អ្នក​និពន្ធ​យ៉ាងដូចម្តេច ។ ឧទាហរណ៍ តើ​អេសាយ​បានព្យាយាម​ចង់​និយាយ​អ្វីខ្លះ​ទាក់ទង​នឹង « កម្លាំង » ជាមួយ « ប្រដាប់​ដោយ​សំលៀកបំពាក់​ដ៏​រុងរឿង » និង « ស៊ីយ៉ូន » ជាមួយ « យេរូសាឡិម » ? ( អេសាយ ៥២:១ ) ។ តើ​អ្វី​ដែល​យើង​អាច​សន្និដ្ឋាន​បាន​អំពីឃ្លា « តបឆ្លើយ​ដោយស្រទន់ » ប្រសិនបើ​យើង​ដឹងថា « ពាក្យ​គំរោះគំរើយ » គឺ​ផ្ទុយពី​វា​នោះ ? ( សុភាសិត ១៥:១ ) ។

បុរស​ម្នាក់​កំពុង​សរសេរ​នៅលើ​រមូរ​ក្រដាស

ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើង​វិញ ដោយ វ៉លធើរ រ៉េន

កំណាព្យ​របស់​ហេព្រើរ​ជា​មិត្តភក្តិ​ថ្មី

វាអាច​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​បងប្អូន​ដើម្បី​ប្រៀបធៀប​ការអាន​កំណាព្យ​ទៅនឹង​ការជួប​មនុស្ស​ថ្មី​ម្នាក់ ។ ឧទាហរណ៍ បងប្អូន​អាចប្រៀបធៀប​ការអាន​កំណាព្យ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ទៅនឹង​ការជួប​នរណា​ម្នាក់​មកពី​ប្រទេស​ឆ្ងាយ និង​មាន​វប្បធម៌​បរទេស ជាអ្នក​ដែល​មិន​និយាយ​ភាសា​ដូច​យើង—ហើយ​ជា​អ្នក​ដែល​មាន​អាយុ​ជាង​ពីរពាន់​ឆ្នាំ ។ ដំបូង បុគ្គល​រូបនេះ​ប្រហែល​ជា​និយាយ​អ្វី​ដែល​យើង​មិនយល់ ប៉ុន្តែ​នោះ​ពុំមាន​ន័យថា គាត់ ឬ​នាង​គ្មាន​អ្វី​ដែល​មានតម្លៃ​ដើម្បី​ប្រាប់​យើង​នោះទេ ។ ដោយ​មាន​សេចក្តីអំណត់​ខ្លះៗ និង​ការអាណិត​អាសូរ​ខ្លះៗ នោះ​មនុស្ស​ដែល​យើង​ស្គាល់​ថ្មី​អាច​ក្លាយ​ជាមិត្តភក្តិ​ជាទីស្រឡាញ់​របស់​យើង​នៅទីបំផុត ។ យើង​គ្រាន់តែ​ត្រូវការ​ចំណាយពេល​ខ្លះៗ​ជាមួយគ្នា ដោយការ​ព្យាយាម​យល់ពី​ទស្សនៈ​របស់​គាត់ ឬ នាង ។ យើង​ថែមទាំង​ប្រហែល​ជា​រកឃើញថា នៅក្នុង​ដួងចិត្ត​របស់​យើង តាមពិតទៅ យើង​យល់គ្នា​បាន​យ៉ាងល្អ ។

ដូច្នេះ​នៅពេល​បងប្អូន​អាន​វគ្គបទ​គម្ពីរ​ចេញពី​អេសាយ​ជា​លើកដំបូង ឧទាហរណ៍ ពិចារណា​វាជា​ការណែនាំ​ខ្លួន​ដំបូង​របស់​បងប្អូន​ចំពោះ​អ្នក​ស្គាល់​គ្នាថ្មី ។ សូមសួរ​ខ្លួន​បងប្អូន​ថា « តើ​អ្វី​ទៅ​ជា​ចំណាប់​អារម្មណ៍​ខ្ញុំ ? » តើ​វគ្គ​បទគម្ពីរ​នេះ​ធ្វើ​ឲ្យ​បងប្អូន​មាន​អារម្មណ៍​យ៉ាងដូចម្តេច—សូម្បីតែ​បងប្អូន​មិន​យល់​គ្រប់​ពាក្យ​ក្តី ? បន្ទាប់មក​សូម​អាន​ម្តងទៀត អាន​ឲ្យ​បាន​ច្រើន​ដង បើអាច​ធ្វើបាន ។ អ្នកខ្លះ​បាន​រកឃើញ​អត្ថន័យ​បន្ថែមទៀត​ដោយការអាន​វគ្គ​បទគម្ពីរ​ឲ្យ​ឮៗ ។ សូម​កត់សម្គាល់​ពាក្យ​ជាក់លាក់​ដែល​អេសាយ បានជ្រើសរើស ជាពិសេស ពាក្យ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ស្រមៃឃើញ​ជា​រូបភាព​នៅ​ក្នុង​ចិត្ត​របស់​បងប្អូន ។ តើ​រូបភាព​ទាំងនេះ​ធ្វើ​ឲ្យ​បងប្អូន​មាន​អារម្មណ៍​យ៉ាងណា ? តើ​រូបភាព​នេះ​បង្ហាញ​ពី​អារម្មណ៍​របស់​អេសាយ យ៉ាងណា​ខ្លះ ? ពេល​ដែល​បងប្អូន​សិក្សា​ពាក្យពេចន៍​កំណាព្យ​របស់​ព្រះគម្ពីរ​សញ្ញាចាស់​កាន់​តែច្រើន នោះ​បងប្អូន​នឹង​ឃើញ​ថា​ពួកគាត់​ជ្រើសរើស​ពាក្យ និង​បច្ចេកទេស​របស់​ពួកគាត់​ដោយ​ចេតនា​ដើម្បី​បង្ហាញ​សារ​ខាងវិញ្ញាណ​យ៉ាងជ្រាលជ្រៅ ។

កំណាព្យ​អាច​ជា​មិត្តភក្តិ​ដ៏​ល្អ​អស្ចារ្យ ពីព្រោះ​វា​ជួយ​យើង​យល់​ពី​អារម្មណ៍ និង​បទពិសោធន៍​របស់​យើង ។ កំណាព្យ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​មានតម្លៃ​ជា​ពិសេស ពីព្រោះ​វា​ជួយ​យើង​ឲ្យ​យល់​ពី​អារម្មណ៍ និង​បទពិសោធន៍​ដ៏​សំខាន់​បំផុត​របស់​យើង—គឺជា​អ្វីៗ​ដែល​ទាក់ទង​នឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ ។

កាល​ដែល​បងប្អូន​សិក្សា​កំណាព្យ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ សូមចងចាំថា ការសិក្សា​ព្រះគម្ពីរ​គឺ​មានតម្លៃ​បំផុត នៅពេល​វា​ដឹកនាំ​យើង​ទៅរក​ព្រះ​យេស៊ូវ គ្រីស្ទ ។ សូម​ស្វែងរក​ទីសម្គាល់ រូបភាព និង​សេចក្តីពិត​ដែល​ស្ថាបនា​សេចក្តីជំនឿ​របស់​បងប្អូន​នៅលើ​ទ្រង់ ។ សូម​ស្ដាប់​រក​ការបំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ កាល​បងប្អូន​សិក្សា ។

អក្សរសិល្ប៍​ប្រាជ្ញា

នៅក្នុង​ផ្នែកមួយ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ កំណាព្យ​គឺជា​អ្វី​ដែល​ពួក​អ្នកប្រាជ្ញ​ហៅថា « អក្សរសិល្ប៍​ប្រាជ្ញា » ។ យ៉ូប សុភាសិត និង សាស្តា ចូលក្នុង​ប្រភេទ​នេះ ។ ខណៈដែល​ទំនុកដំកើង​បង្ហាញ​អារម្មណ៍​នៃ​ការសរសើរ ការទួញយំ និង​ការថ្វាយបង្គំ អក្សរសិល្ប៍​ប្រាជ្ញា​ផ្តោតទៅលើ​ការទូន្មាន​ដែល​មិនចេះ​រីងស្ងួត ឬ​ជ្រាលជ្រៅ ជា​សំណួរ​បែប​ទស្សនវិជ្ជា​វិញ ។ ឧទាហរណ៍ គម្ពីរ​យ៉ូប ស្វែងយល់​ពី​យុត្តិធម៍​របស់​ព្រះជាម្ចាស់ និង​មូលហេតុ​នៅពីក្រោយ​ការរង​ទុក្ខវេទនា​របស់​មនុស្ស ។ សុភាសិត ផ្តល់ឲ្យ​នូវ​ឱវាទ​អំពី​របៀប​រស់នៅ​ឲ្យ​បាន​ល្អ រួមទាំង​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា​ដែល​ប្រមូល​បាន ហើយ​ចែក​ពី​ជំនាន់​មុនៗ ។ ហើយ​សាស្តា ក៏ចាប់ផ្តើម​ឆ្ងល់​អំពី​គោលបំណង​នៃ​ជីវិត​នេះ—នៅ​ពេល​អ្វីៗ​ហាក់​ដូចជា​ឆ្លងកាត់​តែមួយ​ភ្លែត ហើយ​ដោយ​ព្រាវ តើ​យើង​រកឃើញ​អត្ថន័យ​ពិត​នៅឯណា ? បងប្អូន​ប្រហែលជា​គិត​អំពី​អក្សរសិល្ប៍​ប្រាជ្ញា​ជា​ការសន្ទនា​ប្រកប​ដោយ​ការគិត​គូរ​ជាមួយ​អ្នកប្រឹក្សា​ដែល​បំផុសគំនិត ដែល​ចង់ចែកចាយ​ការសង្កេតឃើញ​ខ្លះៗ​អំពី​ព្រះ និង​ពិភពលោក​ដែល​ទ្រង់​បាន​បង្កើត—ហើយ​ប្រហែលជា​ជួយ​បងប្អូន​ឲ្យ​យល់អំពី​រឿងទាំងនេះ​ប្រសើរ​ជាង​មុន​បន្តិច​នូវ​អ្វី​ដែល​បងប្អូន​បាន​យល់ពី​មុន ។