ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១–៧ ខែ សីហា ។ យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២ ៖ « គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ »


« ថ្ងៃទី ១–៧ ខែ សីហា ។ យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២ ៖ ‹ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១–៧ ខែ សីហា ។ យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

បុរស​បី​នាក់​និយាយ​ទៅកាន់​បុរស​ម្នាក់​ដែល​អង្គុយ​នៅលើ​ដី

ការ​កាត់​សេចក្ដី​របស់​យ៉ូប ដោយ យ៉ូសែប ប្រ៊ីកឃី

ថ្ងៃទី ១–៧ ខែ សីហា

យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០៤២

« គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ »

នៅពេល​បងប្អូន​អាន​អំពី​យ៉ូប នោះ​ព្រះវិញ្ញាណ​នឹង​ដឹកនាំ​បងប្អូន​ឲ្យ​រក​ឃើញ​សេចក្ដីពិត​ដ៏​សំខាន់ៗ​ដែល​ទាក់ទង​នឹង​បងប្អូន ។ សូម​កត់​ទុក​អ្វី​ដែល​បងប្អូន​រក​ឃើញ ហើយ​ពិចារណា​ពី​របៀប​ដែល​សេចក្ដីពិត​ទាំង​នេះ​អនុវត្ត​ចំពោះ​បងប្អូន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

វា​ធម្មតា​ទេ​ដើម្បី​ងឿង​ឆ្ងល់​ថា​ហេតុអ្វី​រឿង​អាក្រក់ៗ​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ល្អ—ឬ​ដូច​គ្នា​ដែរ ហេតុអ្វី​រឿង​ល្អៗ​កើត​ឡើង​ចំពោះ​មនុស្ស​អាក្រក់ ។ ហេតុអ្វី​ព្រះ​ដែល​មាន​យុត្តិធម៌​បាន​អនុញ្ញាត​ឲ្យ​រឿង​នោះ​កើត​ឡើង ? សំណួរ​បែប​នេះ​ត្រូវ​បាន​ស្វែង​រក​ចម្លើយ​តាមរយៈ​បទពិសោធន៍​របស់​យ៉ូប ជា​មនុស្ស​ល្អ​ម្នាក់ ដែល​រឿង​អាក្រក់​បាន​កើត​ឡើង​ចំពោះ​គាត់ ។ ដោយសារ​ការ​សាកល្បង​របស់​យ៉ូប មិត្ត​របស់​លោកបាន​ងឿង​ឆ្ងល់​ថាតើ​លោកពិត​ជា​មនុស្ស​ល្អ​ដែរ​ឬ​ទេ ។ យ៉ូប​បាន​អះអាង​ពី​សេចក្ដី​សុចរិត​របស់​លោកផ្ទាល់ ហើយ​បាន​ងឿង​ឆ្ងល់​ថាតើ​ព្រះ​ពិត​ជា​មាន​យុត្តិធម៌​ដែរ​ឬទេ ។ ប៉ុន្ដែ​ទោះ​ជា​លោករងទុក្ខ និង​ងឿង​ឆ្ងល់​ក៏​ដោយ ក៏​យ៉ូប​បាន​រក្សា​សេចក្ដី​ទៀង​ត្រង់ និង​សេចក្ដី​ជំនឿ​របស់​លោកលើ​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ ។ ក្នុង​គម្ពីរ​យ៉ូប សេចក្ដី​ជំនឿ​ត្រូវ​បាន​គេ​ចោទ​សួរ ហើយ​សាក​ល្បង ប៉ុន្តែ​មិន​ដែល​បោះបង់​ចោល​ទាំង​ស្រុង​ឡើយ ។ រឿង​នោះ​ពុំ​មែន​មាន​ន័យ​ថា សំណួរ​ទាំង​អស់​មាន​ចម្លើយ​នោះ​ទេ ។ ប៉ុន្តែ​គម្ពីរ​យ៉ូប​បង្រៀន​ថា រហូត​ដល់​វា​ទទួល​បាន​ចម្លើយ នោះ​សំណួរ និង​សេចក្ដី​ជំនឿ​អាច​កើត​មាន​ជាមួយ​គ្នា ហើយ​មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ពេល​នេះ​ទេ យើង​អាច​ថ្លែង​ទៅ​កាន់​ព្រះអម្ចាស់​​របស់​យើង​ថា « គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ » ( យ៉ូប ១៣:១៥ ) ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​យ៉ូប សូម​មើល « យ៉ូប » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ( scriptures.ChurchofJesusChrist.org ) ។

Learn More image
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

យ៉ូប ១–៣; ១២–១៣

ការ​ទុក​ចិត្ត​របស់​ខ្ញុំ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ខ្ញុំ​ឲ្យ​បន្ត​ស្មោះត្រង់​នៅ​គ្រប់​កាលៈទេសៈ ។

ជំពូក​ដំបូង​នៃ​យ៉ូប​មាន​គោលបំណង​ដើម្បី​បញ្ជាក់​ពី​តួនាទី​របស់​សាតាំង​ជា​មារ​សត្រូវ ឬ​អ្នក​ចោទ​ប្រកាន់​របស់​យើង មិនមែន​រៀបរាប់​ពី​របៀប​ដែល​ព្រះ និង​សាតាំង​មាន​ទំនាក់​ទំនង​នឹង​គ្នា​នោះ​ទេ ។ នៅពេល​បងប្អូន​អាន​ការ​អះអាង​របស់​សាតាំង​ចំពោះ​យ៉ូប ( សូម​មើល យ៉ូប ១:៩–១១; ២:៤–៥ ) បងប្អូន​អាច​ពិចារណា​ថា​តើ​រឿង​ដូច​គ្នា​អាច​ត្រូវ​បាន​លើក​ឡើង​ចំពោះ​បងប្អូន​ដែរ​ឬទេ ។ បងប្អូន​អាច​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​មាន​ហេតុផល​អ្វី​ខ្លះ​ដើម្បី​ស្មោះ​ត្រង់​ចំពោះ​ព្រះ ? សូម​ពិចារណា​ពី​ការសាកល្បង​ដែល​យ៉ូប​ត្រូវ​បាន​ផ្ដល់​ឲ្យ និង​ការ​ឆ្លើយ​តប​របស់​គាត់ ( សូមមើល យ៉ូប ១:២០–២២; ២:៩–១០ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​មក​ពី​លោក ដែល​អាច​ជួយ​បងប្អូន​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ឧបសគ្គ​របស់​បងប្អូន ?

ទោះ​ជា​យ៉ូប​បាន និង​កំពុង​ព្យាយាម​នៅ​ស្មោះត្រង់​ក្ដី ក៏​ការ​សាកល្បង​របស់​លោកនិង​ការ​រងទុក្ខ​របស់​លោក​បាន​បន្ត​ដែរ ( សូម​កត់​ចំណាំ​ពី​ការ​ទួញ​សោក​របស់​លោកនៅ​ក្នុង ជំពូក ៣ ) ។ ពិតណាស់ ការ​រងទុក្ខ​របស់​គាត់​ទំនង​ជា​ធ្ងន់​ធ្ងរ​ណាស់ ហើយ​មិត្ត​របស់លោក​បាន​ប្រាប់​ថា ព្រះ​កំពុង​ដាក់​ទោស​លោក​ហើយ ( សូម​មើល យ៉ូប ៤–៥; ; ១១ ) ។ នៅពេល​បងប្អូន​អាន​ផ្នែក​មួយ​នៃ​ការ​ឆ្លើយ​តប​របស់​យ៉ូប​នៅ​ក្នុង ជំពូក ១២–១៣ សូម​ពិចារណា​ពី​អ្វី​ដែល​យ៉ូប​បាន​ដឹង​អំពី​ព្រះ​ដែល​អាច​ជួយ​លោក​ឲ្យ​បន្ត​ការ​ទុក​ចិត្ត ទោះ​ជា​លោកមាន​ការ​រងទុក្ខ និង​សំណួរ​ដែល​គ្មាន​ចម្លើយ​ក្ដី ។ តើ​បងប្អូន​ដឹង​អ្វី​ខ្លះ​អំពី​ព្រះ​ដែល​ជួយ​បងប្អូន​ឲ្យ​ប្រឈម​នឹង​ឧបសគ្គ​នានា ? តើ​បងប្អូន​បាន​ស្គាល់​សេចក្ដី​ពិត​ទាំងនេះ​ដោយ​របៀប​ណា ហើយ​តើ​វា​បាន​ពង្រឹង​សេចក្ដី​ជំនឿ​របស់​បងប្អូន​ដោយ​របៀប​ណា ?

យ៉ូប ១៩

ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​ខ្ញុំ ។

ពេល​ខ្លះ​សេចក្ដី​ពិត​ដ៏​សំខាន់​បំផុត​ត្រូវ​បាន​បើក​សម្ដែង​ដល់​យើង​នៅ​ក្នុង​ការ​ឈឺចាប់​ដ៏​ជ្រាល​ជ្រៅ​របស់​យើង ។ សូម​ពិចារណា​ពី​ការ​សាកល្បង​ដែល​យ៉ូប​បាន​រៀបរាប់​នៅ​ក្នុង យ៉ូប ១៩:១–២២ និង​សេចក្ដីពិត​ដែល​លោក​បាន​ប្រកាស​នៅ​ក្នុង យ៉ូប ១៩:២៣–២៧ ។ បន្ទាប់​មក​សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​ដឹង​ថា ព្រះ​ដ៏​ប្រោស​លោះ​របស់​បងប្អូន​មាន​ព្រះជន្ម​រស់ ។ តើ​ចំណេះដឹង​នេះ​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​អ្វី​ខ្លះ ពេល​បងប្អូន​ជួប​នឹង​ការ​សាកល្បង​ដ៏​លំបាកៗ ?

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១–១២; ១២២ ។

បុរស​មើល​ទៅ​លើ​មេឃ

យ៉ូប ដោយ ហ្គារី អិល ខាប

យ៉ូប ២១–២៤

« កាល​ណា​ទ្រង់​បាន​សាក​ល​ខ្ញុំ​ស្រេច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​មក​ដូច​ជា​មាស » ។

កាល​បងប្អូន​អាន​អំពី​ការជជែក​វែកញែក​បន្ថែមទៀត​រវាងយ៉ូប និង មិត្តភក្តិ​របស់​លោក អំពី​មូលហេតុ​នៅពីក្រោយ​ការរងទុក្ខ​របស់​យ៉ូប បងប្អូន​អាច​ពិចារណា​ពី​របៀប​ដែល​បងប្អូន​នឹង​ឆ្លើយ​សំណួរ​នៅកណ្តាល​ការជជែក​វែកញែក​របស់​ពួកគាត់ ៖ ហេតុអ្វី​បានជានៅ​ពេលខ្លះ​ជនសុចរិត​ត្រូវរងទុក្ខ ហើយ​ពួក​ទុច្ចរិត​នៅពេលខ្លះ​មិន​បានទទួលទោស​ទៅវិញ ? សូម​គិតអំពី​រឿងនេះ​នៅពេល​បងប្អូនអាន យ៉ូប ២១–២៤ ។ តើ​បងប្អូន​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​របស់ទ្រង់​ដែល​អាច​ជួយ​ផ្តល់​ចម្លើយ​បាន ? សូមមើល ឧទាហរណ៍ នីហ្វៃទី២ ២:១១–១៣; ម៉ូសាយ ២៣:២១–២៣; ២៤:១០–១៦; អ័ប្រាហាំ ៣:២២–២៦ ។

សូមមើលផងដែរ L. Todd Budge, “Consistent and Resilient Trust,” លីអាហូណា, វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៤៧–៤៩ ) ។

យ៉ូប ៣៨; ៤០; ៤២

ព្រះរាជ​តម្រិះ​របស់​ព្រះ​គឺ​ធំជាង​ការគិត​របស់​ខ្ញុំ ។

ដោយ​តានតឹង​ចិត្ត​នឹង​ការចោទប្រកាន់​ពី​មិត្តភក្តិ​របស់​លោក ( សូមមើល យ៉ូប ១៦:១–៥; ១៩:១–៣ ) យ៉ូប បានស្រែក​ទូលទៅ​ព្រះម្តងហើយ​ម្តងទៀត​ពីការរង​ទុក្ខ​របស់លោក ( សូមមើល យ៉ូប ១៩:៦–៧; ២៣:១–៩៣១ ) ។ អែលឌើរ នៀល អេ ម៉ាក់ស្វែល បានសង្កេតឃើញថា « នៅពេល​យើង​មិន​ចេះអត់ធ្មត់​ជាមួយ​នឹង​ពេលវេលា​របស់ព្រះ​ដែល​ប្រកប​ដោយ​សព្វនុភាព​ទេ » ដូចដែល​យ៉ូប បានធ្វើ « គឺ​យើង​កំពុងតែ​បង្ហាញថា យើង​ដឹង​អ្វី​ដែល​ល្អបំផុតហើយ ។ ចម្លែកណាស់ មែនទេ—បើ​យើង​ជាអ្នក​ដឹងអ្វីៗ​គ្រប់យ៉ាង នោះ​យើង​ពុំចាំបាច់​ទៅរក​ដំបូន្មាន​របស់​ទ្រង់ឡើយ » ( « Hope through the Atonement of Jesus Christ » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៦៣ ) ។ សូម​សញ្ជឹងគិត​ពាក្យសម្ដី​ទាំងនេះ​កាល​ដែលបងប្អូន​អាន​ចម្លើយ​របស់ព្រះ​ទៅកាន់​យ៉ូប នៅក្នុង ជំពូកទី ៣៨ និង ៤០ ។ តើ​សេចក្តីពិត​អ្វី​ដែល​ទ្រង់​បង្រៀន​ដល់​យ៉ូប ? ហេតុអ្វី​សេចក្តីពិត​ទាំងនេះ​សំខាន់​ចំពោះយើង​ដើម្បី​ដឹង កាល​ដែល​យើង​តស៊ូ​នឹង​ភាព​លំបាក និង​សំណួរ​ទាំងឡាយ​នៅ​ក្នុង​ជីវិត​រមែងស្លាប់​នេះ ? តើ​អ្វីទៅ​ដែល​ធ្វើ​ឲ្យ​បងប្អូន​មាន​ចំណាប់​អារម្មណ៍​អំពី​ចម្លើយ​របស់​យ៉ូប​នៅ​ក្នុង យ៉ូប ៤២:១–៦ ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

យ៉ូប ១:២០–២២ ។ដើម្បី​យល់​ពីអារម្មណ៍​របស់​យ៉ូប ដូចដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ក្រុមគ្រួសារ​របស់បងប្អូន​អាច​អាន « យ៉ូប » នៅក្នុង ដំណើររឿង​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ឬ​ធ្វើការសម្តែង​តាម យ៉ូប ១:១៣–២២ ។ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​តាមរយៈ​គំរូ​របស់​យ៉ូប ?

យ៉ូប ១៤:១៤ ។តើ​យើង​អាច​ឆ្លើយ​សំណួរ​របស់​យ៉ូប នៅក្នុង​ខគម្ពីរ​ទាំងនេះ​យ៉ាង​ដូចម្តេច ? តើ អាលម៉ា ១១:៤២–៤៤ អាច​ជួយ​យើង​យ៉ាងដូចម្តេច ? ( សូមមើល​ផងដែរ នូវ​វីដេអូ “He Lives—Celebrate Easter Because Jesus Christ Lives,” នៅ​លើ​គេហទំព័រ ChurchofJesusChrist.org) ។

យ៉ូប ១៦:១–៥ ។តើ​យើង​ដែល​ធ្លាប់​ធ្វើ​ដូចជា​មិត្តភក្តិ​របស់​យ៉ូប ដែល​បាន​វិនិច្ឆ័យ និង​រិះគន់​យ៉ូប នៅពេល​លោក​ត្រូវការ​ការលួងលោម​ដែរ​ឬ​ទេ ? ( សូមមើល យ៉ូប ១៦:១–៤; សូមមើល​ផងដែរ យ៉ូហាន ៧:២៤ ) ។ តើ​ពាក្យសម្ដី​របស់​យើង​អាច​ពង្រឹង​ដល់​អ្នកដទៃ​នៅក្នុង​គ្រា​ដែល​គេ​ជួបទុក្ខសោក​យ៉ាងដូចម្តេច ? ( សូមមើល យ៉ូប ១៦:៥ ) ។

យ៉ូប ១៩:២៣–២៧ ។បន្ទាប់ពី​អាន​ខគម្ពីរ​ទាំង​នេះ​ហើយ សមាជិក​គ្រួសារ​អាច​ចែកចាយ​របៀប​ដែល​ពួកគេដឹង​ថា​ព្រះប្រោសលោះ​របស់​យើង​នៅមាន​ព្រះជន្ម ។ បងប្អូន​អាច​ធ្វើការ​ជាមួយគ្នា​ដើម្បី​ដាក់​ពាក្យសម្ដី​នៃ​ទីបន្ទាល់​របស់​បងប្អូន ( ឬ​គំនូរ​របស់​កុមារ​អំពី​ព្រះអង្គ​សង្រ្គោះ) នៅក្នុង​សៀវភៅ​មួយក្បាល ដូចជា កំណត់ហេតុ​ក្រុមគ្រួសារ ( សូមមើល ខទី ២៣ ) ។ បងប្អូន​ក៏​អាច​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ព្រះអង្គ​សង្រ្គោះ ដូចជា « ខ្ញុំ​ដឹង​ថា​ព្រះ​ប្រោស​លោះ​ខ្ញុំ​នៅ​រស់ » ( ទំនុក​តម្កើង ល.រ. ៧៦ ) ហើយ​ចែកចាយ​ឃ្លា​ដែល​ពង្រឹង​សេចក្តីជំនឿ​របស់​បងប្អូន​លើទ្រង់ ។

យ៉ូប ២៣:៨–១១ ។តើ​វា​មាន​ន័យ​យ៉ាងណា​ដើម្បី « ចេញមក » ពី​ការសាកល្បង​របស់​យើង « ដូចជា​មាស » ? តើ​យើង​បាន​ស្គាល់​នរណា​ដែលបាន​ធ្វើ​រឿងនេះ​ដែរ​ឬ​ទេ ? កុមារ​អាច​រីករាយ​នឹង​ការធ្វើ​អ្វីមួយ​ជាមួយនឹង​ពាក្យពេចន៍​ចេញពី ខទី ១០ ដែល​មាន​សរសេរ​នៅលើ​វា ។ បងប្អូន​ក៏​អាច​ពិភាក្សា​ពី​របៀប​ដែល​ព្រះយេស៊ូវ គ្រីស្ទ បាន​យកឈ្នះ​លើ​ឧបសគ្គ​របស់ទ្រង់​ផងដែរ ( សូមមើល លូកា ២២:៤១–៤៤; គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៩:១៦–១៩ ) ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​លើកទឹកចិត្តឲ្យប្រើ ៖ « ព្រះប្រោសលោះ​ខ្ញុំ​នៅរស់ » ទំនុកតម្កើង ល.រ. ៧៧ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

ស្រមៃ ។ ការយល់ដឹង​ដែល​មាន​អត្ថន័យ​អាច​កើតឡើង​នៅពេល​ដែល​យើង​ព្យាយាម​ដាក់ខ្លួន​របស់យើង​នៅក្នុង​បទគម្ពីរ ។ ឧទាហរណ៍ ការដាក់​ខ្លួន​របស់​បងប្អូន​នៅក្នុង​ស្ថានភាព​របស់ យ៉ូប អាច​ជួយ​បងប្អូន​ពិចារណា​ពីទំនាក់​ទំនង​របស់​បងប្អូន​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ គ្រីស្ទ ។

បុរស​ម្នាក់​កំពុង​និយាយ​នឹង​បុរស​ម្នាក់​អង្គុយ​នៅ​លើ​ដី

យ៉ូប និង​មិត្តភក្តិ​របស់​លោក ដោយ អាយលីយ៉ា រីនភីន