ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១–៧ ខែ សីហា ។ យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២ ៖ « គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ »


« ថ្ងៃទី ១–៧ ខែ សីហា ។ យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២ ៖ « គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ »​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១–៧ ខែ សីហា ។ យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា ៖ ឆ្នាំ ២០២២

បុរស​បី​នាក់​និយាយ​ទៅកាន់​បុរស​ម្នាក់​ដែល​អង្គុយ​នៅលើ​ដី

ការកាត់សេចក្តី​របស់​យ៉ូប ដោយ យ៉ូសែប ប្រ៊ីកឃី

ថ្ងៃទី ១–៧ ខែ សីហា

យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០៤២

« គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ »

នៅពេល​បងប្អូន​សិក្សា កំណត់ហេតុ​របស់​យ៉ូប តើ​មាន​សារលិខិត​អ្វីខ្លះ​ដែល​បងប្អូន​រកឃើញ​សម្រាប់​ជីវិត​របស់​បងប្អូន​ផ្ទាល់ ? តើ​សារលិខិត​មួយណា​ដែល​បងប្អូន​មាន​អារម្មណ៍ថា កុមារ​ដែល​បងប្អូន​បង្រៀន​ត្រូវការ​ស្តាប់ ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​បង្ហាញ​កុមារ​នូវ​រូបភាព​មួយ​អំពី​យ៉ូប ( សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ។ សូម​សួរ​កុមារ​ថា តើ​ពួកគេ​គិតថា​បុរស​ដែល​នៅ​ក្នុង​រូប​នេះ​មាន​អារម្មណ៏​យ៉ាង​ដូចម្ដេច ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​យ៉ូប ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

យ៉ូប ១–២; ១៣:១៥

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នឹង​ជួយ​ខ្ញុំ​ក្នុងគ្រា​លំបាក ពេលខ្ញុំ​មាន​ជំនឿ​លើពួក​ទ្រង់ ។

យ៉ូប​បាន​ទុកចិត្ដ​លើព្រះ ហើយគាត់​អាច​រក្សា​ភាពស្មោះត្រង់ សូម្បី​តែ​ពេល​គាត់​ប្រឈមមុខ​នឹង​ការសាកល្បង​ដ៏​លំបាក​យ៉ាងខ្លាំង ។ រឿង​របស់​យ៉ូប​អាច​ជួយ​កុមារ​ពង្រឹង​ជំនឿ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដូច្នេះ​ពួកគេ​នឹង​បាន​ត្រៀមខ្លួន​ប្រឈមមុខ​នឹង​ការសាកល្បង​ដ៏លំបាក​ទាំងឡាយ​របស់​ពួកគេ​ផ្ទាល់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​ដឹង​អំពី​យ៉ូប ហើយ​ជួយ​ពួកគេ​យល់​អំពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​គាត់ ( សូមមើល យ៉ូប ១–២​ « យ៉ូប » នៅក្នុង ​ដំណើររឿង​ព្រះ​គម្ពីរ​សញ្ញាចាស់ ) ។ សូម​សួរ​ពួកគេ​ថា តើ​ពួកគេ​មាន​អារម្មណ៍​យ៉ាងណា បើពួកគេ​គឺ​ជា យ៉ូប ។ តើ​នរណា​អាច​ជួយ​យើង នៅពេល​យើង​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​នៅក្នុង​ជីវិត​របស់​យើង ? សូម​បង្ហាញ​រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ និង​ពន្យល់ថា ជំនឿ​របស់​យ៉ូប​នៅលើ​ព្រះអម្ចាស់ បានជួយ​គាត់​នៅក្នុង​ការសាកល្បង​របស់គាត់ ( សូមមើល យ៉ូប ១:២១ ) ។

  • សូម​អានទៅ​កាន់កុមារ​នូវ​ពាក្យ​របស់​យ៉ូប​នៅក្នុង យ៉ូប ១៣:១៥​ ៖ « ខ្ញុំ​ទុក​ចិត្ត​ដល់​ទ្រង់ » ។ ដើម្បី​ជួយ​កុមារ​ឲ្យយល់​អំពី​អត្ថន័យ​នៃ​ការ​ទុកចិត្ត​លើព្រះ សូម​និយាយ​ជាមួយ​ពួកគេ​អំពី​មនុស្ស​ផ្សេងទៀត​ដែល​ពួកគេ​ទុកចិត្ត ។ ជា​ឧទាហរណ៍ តើ​យើង​ទុកចិត្ត​ទៅលើ​ឪពុកម្តាយ​យើង​ធ្វើអ្វី​ខ្លះ ? តើ​យើង​ទុកចិត្ត​ទៅលើ​គ្រូបង្រៀន​របស់​យើង​ធ្វើ​អ្វីខ្លះ ? តើ​យើង​ទុកចិត្ត​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ធ្វើអ្វី​ខ្លះ ?​ សូម​បង្ហាញ​នូវ​ការ​ទុកចិត្ត​របស់​បងប្អូន​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ហើយ​ជួយកុមារ​ឲ្យ​គិត​អំពីរបៀប​ដែលពួកគេ​អាច​បង្ហាញថា ពួកគេ​ស្រឡាញ់ និង​ទុកចិត្ត​ទៅលើ​ពួកទ្រង់ ។

យ៉ូប ១៩:២៥

ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះប្រោសលោះ​របស់​ខ្ញុំ ។

យ៉ូប​អាច​ស៊ូទ្រាំ​នឹង​ការសាកល្បង និង​ការរងទុក្ខ ដោយសារ​ជំនឿ​របស់​គាត់​នៅលើ​ព្រះអម្ចាស់ ។ តើ​អ្នក​អាច​ជួយ​កុមារ​ពង្រឹង​សេចក្តី​ជំនឿ​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវគ្រីស្ទ ដែលជា​ព្រះ​ប្រោសលោះ​របស់​យើង​យ៉ាង​ដូចម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​ព្រះយេស៊ូវ​នៅលើ​ឈើឆ្កាង ឬ​ត្រូវបាន​គេបញ្ជុះ​ព្រះសព​ក្នុងផ្នូរ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៥៧,៥៨ ) ។ សុំ​កុមារ​ឲ្យ​ពន្យល់​នូវ​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​រូបភាព ។ សូម​អាន​ទៅ​កាន់កុមារ​នូវ​សក្ខីភាព​របស់​យ៉ូប​ដែល​មាន​នៅក្នុង យ៉ូប ១៩:២៥ ។ សូម​ដាក់តាំង​នូវ​រូបភាព​ព្រះអង្គសង្រ្គោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ ( សូមមើល ​សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៥៩,៦០សូមមើល​ផងដែរ ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ ) និង​ថ្លែងសក្ខីភាព​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្មរស់​ឡើងវិញ ហើយ​មាន​ព្រះជន្ម​រស់នៅ​សព្វថ្ងៃ​នេះ ។ ហេតុអ្វី​យើង​មាន​អំណរគុណ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ?

  • សូម​បង្ហាញ​រូបភាព​របស់​យ៉ូប ហើយ​ពន្យល់ថា យ៉ូប​បាន​មាន​ការឈឺចាប់​យ៉ាង​ខ្លាំងណាស់​ព្រោះ​ស្បែក​របស់​គាត់​មាន​ដំបៅ​ពេញ​ខ្លួន ។ គាត់​បាន​បាត់បង់​ផ្ទះ ហើយ​កូនៗ​របស់​គាត់​បានស្លាប់​ទៀត ។ ប៉ុន្ដែ​យ៉ូប​បានដឹង​អ្វីមួយ​ដែល​សំខាន់​បំផុត ដែលជួយ​លួងលោម​ដល់​គាត់ ។ សូម​អាន យ៉ូប ១៩:២៥ហើយ​សូមសួរ​ទៅ​កុមារ​ថា តើ​យ៉ូប​បាន​ដឹង​អ្វី ។ សូម​ចែកចាយ​ជាមួយ​កុមារ​អំពី​របៀប​ដែល​បងប្អូន​ដឹងថា ព្រះយេស៊ូវគ្រីស្ទ​នៅមាន​ព្រះជន្មរស់ និង​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ទ្រង់ ។

    បុរស​មើល​ទៅ​លើ​មេឃ

    យ៉ូប ដោយ ហ្គារី អិល ខាប

  • សូម​កុមារ​ឲ្យ​ផាត់ពណ៏​លើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ ។ នៅ​ពេល​ដែល​ពួកគេ​ធ្វើ​កិច្ចការ សូម​លេង ឬ​​ច្រៀង​នូវ​ចម្រៀង​មួយ​បទ​អំពី ការមាន​ព្រះជន្មរស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដូច​ជា​បទ « តើ​ព្រះ​យេស៊ូវ​រស់​ឡើង​វិញ​ឬ ? » ឬ « ព្រះយេស៊ូវ​បាន​រស់ឡើងវិញ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៥, ៤៤ ) ។ សុំ​ពួកគេ​ឲ្យ​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ​ចំពោះ​ព្រះយេស៊ូវ និង​ជួយ​ពួកគេ​ឲ្យ​យល់ថា យើងអាច​មាន​អារម្មណ៍​ល្អ​មកពី​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​ជួយ​យើង​ឲ្យ​ដឹងថា ព្រះយេស៊ូវគ្រីស្ទ​ពិតជា​មាន​មែន ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

យ៉ូប ១–២; ១២១៩

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ នឹងជួយ​ខ្ញុំ​យកឈ្នះ​ក្នុងគ្រា​លំបាក ពេលខ្ញុំ​មានជំនឿ​ទៅលើ​ពួក​ទ្រង់ ។

មនុស្ស​គ្រប់គ្នា​មាន​ថ្ងៃ​លំបាក ហើយ​មនុស្ស​ខ្លះ​មានការ​សាកល្បង​ដែលមាន​រយៈពេល​យូរ ។ សេចក្តី​ជំនឿ​របស់​យ៉ូប​ទៅលើ​ព្រះ ជួយ​ទ្រទ្រង់​គាត់​ឲ្យ​ឆ្លងកាត់​ការ​សាកល្បង​ទាំងឡាយ ។ សូម​ពិចារណា​អំពី​របៀប​ដែល​រឿង​របស់​យ៉ូប​អាច​ជួយ​កុមារ​ពង្រឹងនូវ​សេចក្តី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ពួកគេ​អាច​ប្រឈមមុខ​នឹង​ការសាកល្បង​ដ៏លំបាក​របស់​ពួកគេ នៅពេល​បច្ចុប្បន្ន និង​នៅពេល​អនាគត ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​រឿង​របស់​យ៉ូប ។ តើ​គាត់​ជា​មនុស្ស​បែប​ណា ? តើ​មាន​អ្វី​បាន​កើតឡើង​ចំពោះ​គាត់ ? តើ​គាត់​បាន​ឆ្លើយតប​ចំពោះ​បញ្ហា​ដែល​គាត់​ប្រឈមមុខ​យ៉ាង​ដូចម្តេច ? សូម​ចង្អុល​បង្ហាញ​ពួកគេ​នៅ​ក្នុង​ខគម្ពីរ យ៉ូប ១–២ ដើម្បី​ជួយ​ពួកគេ​ប្រាប់​រឿងរ៉ាវ​នេះ ( សូមមើល យ៉ូប ១:១, ១៣–២២; ២:៧–១០សូមមើល « យ៉ូប » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៏​ថា ជា​សារ​ដ៏​សំខាន់​នៃរឿង​របស់​យ៉ូប ។

  • សូម​ដាក់​បង្ហាញ​រូបភាព​មួយចំនួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ ហើយ​សូមសួរ​កុមារ​ថា តើ​ពួកគេ​មាន​អារម្មណ៍​ថា រូបភាព​ទាំងនេះ​បង្រៀន​យើងអ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជា​នរណា ហើយ​ទ្រង់​មាន​លក្ខណៈ​បែបណា ។ តើ​យើង​ដឹង​អ្វី​ខ្លះ​ទៀត អំពី​ទ្រង់ ? សូម​អញ្ជើញ​កុមារ​ឲ្យ​អាន​ខគម្ពីរ​មួយ​ចំនួន​ដូច​តទៅ​នេះ ដើម្បី​រកឲ្យ​ឃើញ​នូវអ្វី​ដែល​យ៉ូប​បានដឹង​អំពី​ព្រះអម្ចាស់ ៖ យ៉ូប ១២:១០, ១៣, ១៦; ១៩:២៥–២៧ ។ ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ដឹង​រឿង​អស់ទាំង​នេះ​អំពី​ព្រះអង្គសង្រ្គោះ ?

  • សូមអញ្ជើញ​កុមារ​ឲ្យ​អាន យ៉ូប ១៩:១៤–១៩ហើយ​សូមសួរ​ពួកគេ​ថា តើ​ខគម្ពីរ​ទាំងនេះ​និយាយ​អំពី​របៀប​ដែល​មនុស្ស​ដទៃ​ទៀត​កំពុង​ប្រព្រឹត្ត​ចំពោះយ៉ូប​យ៉ាង​ដូចម្ដេច ។ តើ​យើង​មាន​អារម្មណ៍​បែបណា ប្រសិនបើ​រឿងនេះ​បាន​កើតឡើង​ចំពោះ​យើង ? សូម​អញ្ជើញ​កុមារ​ឲ្យ​អាន យ៉ូប ១៩:២៣–២៧ ដើម្បី​រកមើល​របៀប​ដែល​យ៉ូប​បានរក​ឃើញ​ការលួងលោម​នៅក្នុង​ស្ថានភាព​នេះ ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្រ្គោះ ? ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់ ដើម្បី​ដឹង​ថា ទ្រង់​មាន​ព្រះជន្ម​រស់​ហើយ​ស្រឡាញ់​យើង ? ( សូមមើល យ៉ូហាន ១៧:៣) ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​គ្នា ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ដូចជា​បទ « ខ្ញុំ​ដឹង​ថា​ព្រះ​ប្រោសលោះ​ខ្ញុំ​នៅ​រស់ » ( ទំនុកតម្កើង លេខ ៧៦ ) ។ តើ​បទ​ចម្រៀងនេះ​ផ្តល់​យោបល់​អ្វី​ខ្លះ អំពី​មូលហេតុ​ដែល​វា​សំខាន់​នៅក្នុង​ការមាន​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ ? សូម​ប្រាប់​ពី​របៀប​ដែល​បងប្អូន​ដឹងថា ព្រះអង្គសង្គ្រោះ​នៅ​មាន​ព្រះជន្ម និង​មូលហេតុ​ដែល​បងប្អូន​មាន​អំណរគុណ​ដល់​ចំណេះដឹង​នេះ ។ សូម​លើកទឹកចិត្ត​ដល់​ពួកគេ​ឲ្យ​ចែកចាយ​អារម្មណ៏ និង​ទីបន្ទាល់​របស់​ពួកគេ​ផងដែរ ។

យ៉ូប ១៩:១៣–១៩; ២២:៥

មិត្ត​ល្អ​ជួយ​លើកស្ទួយ និង​លើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក ។

នៅពេល​ដែល​យ៉ូប​កំពុង​ជួប​ការលំបាក មិត្តភក្តិ​របស់​គាត់​បាន​និយាយថា ព្រះ​កំពុង​ដាក់​ទណ្ឌកម្ម​គាត់​ពីព្រោះ​គាត់​បាន​មាន​បាប ។ រឿងនេះ​អាចជួយ​បងប្អូន​បង្រៀន​កុមារ​នូវ​វិធី​ដ៏ប្រសើរ នៅក្នុង​ការឆ្លើយតប​នៅពេល​មិត្តណា​ម្នាក់​មានបញ្ហា ( សូមមើល យ៉ូប ១៦:១–៥ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​រំឭក​ឡើងវិញ​នូវ​រឿងលំបាកៗ​ជាច្រើន​ដែលបាន​កើតឡើង​ចំពោះយ៉ូប ( សូមមើល យ៉ូប ១:១៣–១៩; ២:៧ ) ។ សូម​អាន​ជាមួយ​គ្នា យ៉ូប ១៩:១៤, ១៩រកមើល​ពី​របៀប​ដែល​មិត្តភក្តិ​របស់​យ៉ូប​មានប្រតិកម្ម​ចំពោះ​ការសាកល្បង​របស់​គាត់ ( សូមមើល​ផងដែរ យ៉ូប ២២:១–៥ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ស្រមៃថា ពួកគេ​គឺជា​មិត្តភក្តិ​របស់យ៉ូប—តើ​ពួកគេ​នឹង​ព្យាយាម​ជួយគាត់​យ៉ាង​ដូចម្តេច ? សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យគិត​ពី​មិត្តម្នាក់ ដែលអាច​នឹង​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក ហើយ​រៀប​គម្រោង​អ្វីមួយ​ដែល​ពួកគេ​អាចធ្វើបាន ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់ និង​ការគាំទ្រ​ដល់​មិត្ត​របស់​ពួកគេ ។

  • សុំឲ្យ​កុមារ​សរសេរ​បញ្ជី​នូវ​គុណសម្បត្តិ​ខ្លះៗ​របស់​មិត្តល្អ និង​រកមើល​ឈ្មោះ​មិត្ត​មួយណា​ដែលមាន​គុណសម្បត្តិ​ទាំងនេះ ។ សូម​បង្ហាញ​រូបភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ។ តើ​ព្រះយេស៊ូវ​គឺជា​មិត្តល្អ​ចំពោះ​យើង​ម្នាក់ៗ​យ៉ាង​ដូម្តេច ? តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

រូប​តំណាង​ការរៀនសូត្រ

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ណាម្នាក់​នូវ​វិធីមួយ​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ​អាចជួយ​ពួកគេ នៅពេល​ដែល​ពួកគេ​មាន​ការពិបាក ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ទាំងឡាយ​ដែល​បាន​សន្យា ។ នៅពេល​ព្រះអម្ចាស់​ប្រទាន​បទបញ្ញត្តិ​មួយ ជាញឹកញាប់​ទ្រង់​សន្យា​នូវ​ពរជ័យ​ទាំងឡាយ​ចំពោះ​ការ​កាន់តាម​បទបញ្ញត្តិ​នោះ ។ នៅពេល​អ្នក​អញ្ជើញ​កុមារ​ឲ្យ​រស់នៅ​តាម​គោលការណ៍​ជាក់លាក់​មួយ​ចំនួន សូមចែកចាយ​សេចក្តី​សន្យា​ដែល​ព្រះ​បាន​ធ្វើ​តាមរយៈ​ព្យាការី ដល់​ជនទាំងឡាយ​ណា​ដែល​រស់នៅ​តាម​គោលការណ៍​នោះ ។ អ្នក​ក៏​អាច​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​នានា​ដែល​អ្នកបាន​ទទួល តាមរយៈ​ការ​រស់នៅ​តាម​គោលការណ៍​នោះ​ផងដែរ ។