« ថ្ងៃទី ១៥–២១ ខែ សីហា ។ ទំនុកដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦ ៖ ‹ ខ្ញុំនឹងថ្លែងប្រាប់ពីការដែលទ្រង់បានប្រោសដល់ព្រលឹងខ្ញុំ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១៥–២១ ខែ សីហា ។ ទំនុកដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី ១៥–២១ ខែ សីហា
ទំនុកដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦
« ខ្ញុំនឹងថ្លែងប្រាប់ពីការដែលទ្រង់បានប្រោសដល់ព្រលឹងខ្ញុំ »
គំរូរបស់បងប្អូនជាអ្នករៀនដំណឹងល្អអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើកុមារ ។ សូមចែកចាយជាមួយនឹងកុមារអំពីបទពិសោធន៍ខាងវិញ្ញាណរបស់បងប្អូនអំពីការរៀនដំណឹងល្អ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមចែកចាយជាមួយកុមារអំពីខមួយមកពី គម្ពីរទំនុកដំកើង ចម្រៀងទំនុកតម្កើង ឬបទចម្រៀងរបស់កុមារណាមួយ ដែលជួយបងប្អូនឲ្យមានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ។ សូមផ្តល់ឱកាសឲ្យកុមារម្នាក់ៗធ្វើដូចគ្នា ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
នៅពេលខ្ញុំធ្វើការជ្រើសរើសខុស ព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំឲ្យផ្លាស់ប្តូរ ។
សូមជួយកុមារឲ្យយល់ថា កំហុសទាំងឡាយ គឺជាផ្នែកមួយនៃជីវិតរមែងស្លាប់ ហើយយើងអាចទទួលបានជំនួយមកពីព្រះយេស៊ូវគ្រីស្ទ ដើម្បីយកឈ្នះវា ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកចាយរឿងដ៏សាមញ្ញមួយមកពីជីវិតរបស់បងប្អូន ឬមកពី ប្រិយមិត្ត ឬ លីអាហូណា អំពីក្មេងប្រុសម្នាក់ដែលបានធ្វើការជ្រើសរើសខុស ក៏ប៉ុន្តែបានទទួលជំនួយមកពីព្រះអង្គសង្គ្រោះដើម្បីធ្វើជាមនុស្សកាន់តែប្រសើរឡើងវិញ ( ឧទាហរណ៏ សូមមើលវីដេអូ « The Shiny Bicycle » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមអាន ទំនុកដំកើង ៥១:១០ ហើយចែកចាយអំណរដែលបងប្អូនមាន នៅពេលព្រះអង្គសង្គ្រោះជួយបងប្អូនឲ្យមាន « ចិត្តបរិសុទ្ធ » និង « វិញ្ញាណត្រឹមត្រូវ » ។
-
សូមបង្ហាញកុមារនូវសកម្មភាពនៅលើទំព័រសកម្មភាពសប្ដាហ៍នេះ ។ សូមចង្អុលទៅកាន់រូបភាព ហើយឲ្យកុមារពិពណ៌នានូវអ្វីដែលពួកគេឃើញ ។ សូមអានចំណងជើងដើម្បីជួយដល់កុមាររៀនអំពីការប្រែចិត្ត និងការអភ័យទោស ។
ខ្ញុំអាចប្រាប់អ្នកដទៃអំពីព្រះយេស៊ូវគ្រីស្ទ ។
ពាក្យដែលពេញទៅដោយសេចក្តីជំនឿរបស់កុមារ មាននូវអំណាចពិសេសដើម្បីប៉ះដួងចិត្តមនុស្ស ។ សូមផ្តល់ទំនុកចិត្តដល់កុមារថា ទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ អាចជួយអ្នកដទៃបាន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានទៅកាន់កុមារ ទំនុកដំកើង ៧១:៨ ហើយសូមគូររូបមាត់មួយដ៏ធំនៅលើក្តារខៀន ។ សូមឲ្យពួកគេជួយបងប្អូន « បំពេញ » មាត់នោះ ជាមួយនឹងអ្វីដែលយើងអាចប្រាប់អ្នកដទៃអំពីព្រះយេស៊ូវគ្រីស្ទ ។
-
សូមហុចរូបភាពរបស់ព្រះយេស៊ូវមួយតៗគ្នាជុំវិញថ្នាក់ ។ ចូរឲ្យកុមារផ្លាស់វេនគ្នាកាន់រូបភាព ហើយនិយាយពីអ្វីមួយដែលពួកគេដឹងអំពីទ្រង់ ។ តើទ្រង់បានធ្វើអ្វីខ្លះសម្រាប់យើង ? ( រូបភាពនៅក្នុង សៀវភៅរូបភាពដំណឹងល្អ អាចជួយផ្ដល់គំនិតមួយចំនួន ) ។
ព្រះវរបិតាសួគ៌ព្រះសណ្ដាប់ ហើយឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។
ទំនុកដំកើងជាច្រើន ដូចជាការអធិស្ឋានទូលសុំជំនួយ ការណែនាំំ ឬការការពារមកពីព្រះ ។ សូមពិចារណាពីរបៀបដែលបងប្អូនអាចជួយកុមារឲ្យបង្កើតសេចក្តីជំនឿរបស់ពួកគេថា ព្រះវរបិតាសួគ៍ព្រះសណ្ដាប់ឮ ហើយឆ្លើយតបពួកគេ នៅពេលពួកគេអធិស្ឋាន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសួរកុមារថា តើពួកគេនិយាយជាមួយមនុស្សដែលរស់នៅទីកន្លែងឆ្ងាយៗដោយរបៀបណា ? សូមបង្ហាញពួកគេនូវអ្វីដែលយើងអាចប្រើ ដើម្បីទាក់ទងគ្នា ដូចជាទូរសព្ទ ឬសំបុត្រ ។ សូមអានទៅកាន់កុមារ ទំនុកដំកើង ៨៦:៧ ។ តើយើងអាច « អំពាវនាវ » ដល់ព្រះវរបិតាសួគ៌យ៉ាងដូចម្តេច ? តើទ្រង់ឆ្លើយតបដល់យើងយ៉ាងដូចម្ដេច ?
-
សូមអញ្ជើញកុមារឲ្យធ្វើកាយវិការនានាដែលពួកគេធ្វើជារៀងរាល់ថ្ងៃ ដូចជា ភ្ញាក់ពីគេង ញ៉ាំអាហារពេលព្រឹក ចេញទៅសាលារៀន ឬចូលគេង ។ សូមជួយពួកគេ រកពេលវេលានៅពេលថ្ងៃ ដើម្បីពួកគេអាចអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។ សូមថ្លែងទីបន្ទាល់ថា យើងអាចអធិស្ឋានទៅកាន់ទ្រង់គ្រប់ពេលទាំងអស់ ហើយទ្រង់តែងតែឮយើងជានិច្ច ។
-
សូមច្រៀងចម្រៀងមួយបទអំពីការអធិស្ឋានជាមួយគ្នា ដូចជាបទ « ការអធិស្ឋានរបស់កុមារ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦ ) ។ សូមប្រាប់កុមារអំពីពេលមួយ ដែលព្រះបានឆ្លើយតបការអធិស្ឋានរបស់បងប្អូន ។
« ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា » ។
ព្រះគម្ពីរអាចស្ថាបនាសេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ដោយជួយយើងឲ្យចងចាំទ្រង់ « ការអស្ចារ្យដែលទ្រង់បានធ្វើកាលពីដើម » ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានទៅកាន់កុមារ ទំនុកដំកើង ៧៧:១១ហើយប្រាប់ពួកគេពីរបៀបដែលបងប្អូនព្យាយាម « រឭកពីអស់ទាំងការនៃព្រះយេហូវ៉ា » រួមទាំងកិច្ចការរបស់ទ្រង់ នៅក្នុងជីវិតរបស់បងប្អូនផងដែរ ។ សូមអញ្ជើញកុមារឲ្យគូររូបភាពដើម្បីជួយពួកគេចងចាំនូវអ្វីដែលអស្ចារ្យដែលទ្រង់បានធ្វើ ។
-
សូមបង្ហាញរូបភាពដែលមកពីសៀវភៅនេះ ឬមកពី ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ដើម្បីរំឭកដល់កុមារអំពីរឿងទាំងឡាយដែលពួកគេបានរៀននៅក្នុងព្រះគម្ពីរសញ្ញាចាស់ អំពីការអស្ចារ្យទាំងឡាយ ដែលព្រះអម្ចាស់បានធ្វើសម្រាប់រាស្ត្ររបស់ទ្រង់ ។ សូមសួរកុមារថា តើរឿងទាំងអស់នេះណាមួយដែលពួកគេចូលចិត្តជាងគេ ហើយហេតុអ្វី ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ការប្រែចិត្ត គឺជាការផ្លាស់ប្តូរនៅក្នុងដួងចិត្ត ។
ទំនុកដំកើង ៥១ មានផ្ទុកទៅដោយសេចក្តីពិតអំពីការប្រែចិត្ត ។ តើបងប្អូនអាចជួយកុមារឲ្យយល់អំពីសេចក្ដីពិតទាំងនេះដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារម្នាក់ៗអាននូវសេចក្តីយោងបទគម្ពីរដែលមាននៅលើទំព័រសកម្មភាពសប្ដាហ៍នេះ ។ សូមឲ្យកុមារស្វែងរកពាក្យដែលបង្រៀនពួកគេអំពីការប្រែចិត្ត ។ សូមឲ្យពួកគេសរសេរពាក្យទាំងនោះនៅលើក្តារខៀន ។ បន្ទាប់ពីគ្រប់គ្នាបានចែកចាយហើយ សូមសួរកុមារពីរបៀបដែលពួកគេនឹងឆ្លើយតបនឹងមិត្តម្នាក់ដែលសួរថា « តើការប្រែចិត្តមានន័យយ៉ាងដូចម្តេច ? »
-
សូមគូររូបបេះដូងមួយនៅលើក្ដារខៀន ។ សូមកុមារឲ្យរៀបរាប់អំពើបាបមួយចំនួនដែលសាតាំងល្បួងយើងឲ្យធ្វើ ។ សូមសរសេរអំពើបាបទាំងនោះនៅក្នុងបេះដូង ។ សូមឲ្យកុមារស្វែងរកពាក្យ ចិត្ត នៅក្នុង ទំនុកដំកើង ៥១:១០, ១៧ ។ តើខគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីការប្រែចិត្ត ? ( សូមមើល ខទី ៦ ) ។ សូមជួយកុមារឲ្យយល់ថា ទោះបីជាយើងឈប់ប្រព្រឹត្តអំពើបាបក៏ដោយ ក៏ដួងចិត្តរបស់យើងត្រូវការផ្លាស់ប្តូរដើម្បីឲ្យយើងកែប្រែចិត្ត ។ សូមឲ្យកុមារលុបបំបាត់អំពើបាបនៅក្នុងបេះដូងនៅលើក្តារខៀន ហើយសរសេរពាក្យថ្មីដែលពិពណ៌នាអំពីការផ្លាស់ប្តូរនៅក្នុងដួងចិត្តរបស់យើង នៅពេលយើងប្រែចិត្ត ។ សូមចែកចាយនូវទីបន្ទាល់របស់បងប្អូនថា ព្រះអាច « បង្កើតចិត្តបរិសុទ្ធនៅក្នុង [ យើង ] » នៅពេលយើងប្រែចិត្ត( ខទី ១០ ) ។
« ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា » ។
សាសន៏អ៊ីស្រាអែលបានបង្រៀនកុមាររបស់ពួកគេអំពីអព្ភូតហេតុទាំងឡាយដែលព្រះបានធ្វើសម្រាប់ពួកគេ ដើម្បីឲ្យកុមារ « បានតាំងចិត្តសង្ឃឹមដល់ព្រះ » ( ទំនុកដំកើង៧៨:៧ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារចែកចាយរឿងដែលពួកគេចូលចិត្តមួយចំនួនមកពីបទគម្ពីរជាមួយបងប្អូន ( រូបភាពមកពី សៀវភៅរូបភាពដំណឹងល្អ អាចជួយពួកគេគិតអំពីរឿងទាំងនោះ ) ។ ហេតុអ្វីបានជាពួកគេចូលចិត្តរឿងទាំងអស់នេះ ? តើរឿងទាំងនេះបង្រៀនយើងអ្វីខ្លះអំពីព្រះអម្ចាស់ ? សូមអាន ទំនុកដំកើង ៧៧:១១; ៧៨:៧ ជាមួយគ្នា ។ ហេតុអ្វីវាសំខាន់ដែលត្រូវ « រឭកពីអស់ទាំងការនៃព្រះយេហូវ៉ា » ?
-
សូមឲ្យកុមារអាន ទំនុកដំកើង ៦៦:១៦ ហើយគិត ឬសរសេរចម្លើយទៅនឹងសំនួរថា តើអ្វី « ដែលទ្រង់បានប្រោសដល់ព្រលឹងខ្ញុំ ? » បន្ទាប់មក ឲ្យកុមារចែកចាយចម្លើយរបស់ពួកគេ ប្រសិនបើពួកគេចង់ចែកចាយ ។ តើយើងអាចធ្វើអ្វីខ្លះដើម្បី « ចងចាំជានិច្ច » ( ម៉រូណៃ ៤:៣; ៥:២ ) នូវអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់យើង ?
ព្រះអម្ចាស់សព្វព្រះទ័យនឹងអភ័យទោស ។
នៅពេលយើងធ្វើអំពីបាប សាតាំងចង់ឲ្យយើងគិតថា ព្រះអម្ចាស់នឹងមិនអភ័យទោសឲ្យយើងឡើយ ។ សូមជួយកុមារស្ថាបនាជំនឿរបស់ពួកគេថា ព្រះអម្ចាស់ « ទ្រង់បម្រុងតែនឹងអត់ទោសក៏មានសេចក្តីសប្បុរសជាបរិបូរ » ( ទំនុកដំកើង ៨៦:៥ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពរបស់ព្រះអង្គសង្រ្គោះ ( ដូចជារូបភាពនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ហើយសួរកុមារថា តើពួកគេនឹងប្រើពាក្យអ្វីខ្លះដើម្បីពិពណ៌នាអំពីទ្រង់ ។ សូមអញ្ជើញពួកគេស្វែងរកពាក្យទាំងឡាយដែលពិពណ៌នាពីទ្រង់ នៅក្នុង ទំនុកដំកើង ៨៦:៥, ១៣, ១៥ ។ បើចាំបាច់ សូមជួយពួកគេឲ្យនិយមន័យនៃពាក្យទាំងនេះ ។ តើយើងអាចនិយាយអ្វីទៅកាន់មិត្តម្នាក់ដែលមានអារម្មណ៍ថា ព្រះខ្ញាល់នឹងពួកគេនៅពេលពួកគេធ្វើអំពើបាប ?
-
សូមច្រៀងជាមួយកុមារនូវបទចម្រៀងដែលបងប្អូនមានអារម្មណ៍ថានឹងជួយពួកគេឲ្យយល់ពីលក្ខណៈអភ័យទោសរបស់ព្រះអង្គសង្គ្រោះ ដូចជាបទ« ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ( ទំនុកតម្កើង លេខ ១១៥ ) ។ សូមចែកចាយទីបន្ទាល់របស់បងប្អូនថា ព្រះយេស៊ូវគ្រីស្ទ សព្វព្រះទ័យអភ័យទោសឲ្យយើង ។
សូមលើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារម្នាក់ៗរកមូលហេតុមួយ ដែលពួកគេស្រឡាញ់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយមូលហេតុនោះ ជាមួយនរណាម្នាក់នៅឯផ្ទះ ។ សូមថ្លែងទីបន្ទាល់ថា ពាក្យរបស់ពួកគេនឹងផ្ដល់ពរដល់មនុស្សម្នាក់នោះ ។