« ថ្ងៃទី ៨–១៤ ខែ សីហា ។ ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ ៖ ‹ ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៨–១៤ ខែ សីហា ។ ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២២
ថ្ងៃទី ៨–១៤ ខែ សីហា
ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦
« ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ »
សូមកុំដាក់កំហិតខ្លួនឯងក្នុងការជ្រើសរើសទំនុកដំកើង ឬគោលការណ៍ដែលបានណែនាំនៅក្នុងគម្រោងនេះ ។ សូមឲ្យព្រះវិញ្ញាណដឹកនាំបងប្អូនទៅកាន់សេចក្តីពិតដែលជួយបងប្អូនឲ្យមានអារម្មណ៍កាន់តែខិតជិតព្រះអម្ចាស់ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
យើងពុំដឹងច្បាស់ថា នរណាជាអ្នកសរសេរទំនុកដំកើងឡើយ ។ ផ្នែកខ្លះត្រូវបានសរសេរដោយស្តេចដាវីឌ ប៉ុន្តែភាគច្រើននៃគម្ពីរនេះយើងមិនស្គាល់ អ្នកនិពន្ធទេ ។ ប៉ុន្តែក្រោយពីអានទំនុកដំកើង យើងអាចមានអារម្មណ៍ដូចជាយើងស្គាល់បេះដូងនៃអ្នកតែងទំនុកដំកើងនេះ ទោះបីជាយើងពុំស្គាល់ឈ្មោះរបស់ពួកគេក្តី ។ អ្វីដែលយើងដឹងគឺថា ទំនុកដំកើង គឺជាផ្នែកដ៏សំខាន់មួយនៃការថ្វាយបង្គំក្នុងចំណោមសាសន៍អ៊ីស្រាអែល ហើយយើងដឹងថា ព្រះអង្គសង្រ្គោះបានដកស្រង់ចេញពីគម្ពីរនេះជាញឹកញាប់ ។ នៅក្នុងទំនុកដំកើង យើងមានឱកាសដើម្បីចូលទៅក្នុងព្រលឹងនៃប្រជាជនរបស់ព្រះពីបុរាណ ។ យើងមើលឃើញពីអារម្មណ៍របស់ពួកគេចំពោះព្រះ អ្វីដែលពួកគេព្រួយបារម្ភ និងរបៀបដែលពួកគេរកឃើញសេចក្តីសុខសាន្ត ។ ក្នុងនាមជាអ្នកជឿនៅសព្វថ្ងៃនេះ នៅទូទាំងពិភពលោក យើងនៅតែប្រើពាក្យសម្ដីទាំងនេះនៅក្នុងការថ្វាយបង្គំរបស់យើង ។ អ្នកតែងទំនុកដំកើងហាក់ដូចជាមានឱកាសដើម្បីចូលទៅក្នុងព្រលឹង របស់យើង និងហាក់ដូចជាបានរកឃើញរបៀបដើម្បីបង្ហាញពីអារម្មណ៍របស់យើងអំពីព្រះ អ្វីដែលយើងព្រួយបារម្ភ និងរបៀបដែលយើងរកឃើញសេចក្តីសុខសាន្ត ។
សម្រាប់ទិដ្ឋភាពទូទៅស្ដីពីគម្ពីរទំនុកដំកើង សូមមើល« ទំនុកដំកើង » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ទំនុកដំកើង ១; ២៣; ២៦–២៨; ៤៦
ទំនុកដំកើងបង្រៀនយើងឲ្យទុកចិត្តលើព្រះអម្ចាស់ ។
បងប្អូនអាចកត់សម្គាល់កាលដែលបងប្អូនអានទំនុកដំកើងថាអ្នកនិពន្ធបង្ហាញសេចក្តីភ័យខ្លាច ទុក្ខព្រួយ ឬការថប់បារម្ភញឹកញាប់ប៉ុណ្ណា ។ អារម្មណ៍បែបនោះគឺធម្មតាទេ ទោះបីជាមនុស្សមានជំនឿក្តី ។ ប៉ុន្តែអ្វីដែលធ្វើឲ្យទំនុកដំកើង បំផុសគំនិតគឺជាដំណោះស្រាយដែលគម្ពីរនេះមាន រួមទាំងការទុកចិត្តទាំងស្រុងលើព្រះអម្ចាស់ ។ សូមពិចារណាសារដ៏បំផុសគំនិតទាំងនេះ កាលដែលបងប្អូនអាន ទំនុកដំកើង ១; ២៣; ២៦–២៨; ៤៦ ។ សូមរកមើលអ្វីដូចមានខាងក្រោម និងសរសេរអ្វីដែលបងប្អូនរកឃើញ ៖
-
ការអញ្ជើញឲ្យទុកចិត្តលើព្រះអម្ចាស់ ៖
-
ពាក្យពេចន៍ដែលពិពណ៌នាពីព្រះអម្ចាស់ ៖
-
ពាក្យពេចន៍ដែលពិពណ៌នាសេចក្តីសុខសាន្ត កម្លាំង និងពរជ័យផ្សេងទៀតដែលទ្រង់ប្រទានឲ្យ ៖
-
ពាក្យពេចន៍ដែលពិពណ៌នាអំពីអស់អ្នកដែលទុកចិត្តលើទ្រង់ ៖
ទំនុកដំកើងបង្ហាញដល់គំនិតរបស់យើងទៅកាន់ព្រះជន្ម និងការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ។
ទំនុកដំកើងជាច្រើនបង្ហាញពីជីវិតរមែងស្លាប់របស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគ្រីស្ទាននៅក្នុងសម័យព្រះគម្ពីរសញ្ញាថ្មីបានឃើញទំនាក់ទំនងទាំងនេះផងដែរ—ឧទាហរណ៍ ពួកគេបានស្គាល់នៅក្នុង ទំនុកដំកើង ២ ជាសេចក្តីយោងទៅនឹងការសាកល្បងរបស់ព្រះយេស៊ូវ ពីមុនស្តេច ហេរ៉ូឌ និង លោកប៉ុនទាស ពីឡាត់ ( សូមមើល កិច្ចការ ៤:២៤–៣០ ) ។ សូមពិចារណាអាន ទំនុកដំកើង ២ និង ២២ ជាមួយ ម៉ាថាយ ២៧:៣៥–៤៦; លូកា ២៣:៣៤–៣៥ និង យ៉ូហាន ១៩:២៣–២៤ ។ សូមរកមើលទំនាក់ទំនងរវាងពាក្យទាំងនេះនៅក្នុងទំនុកដំកើង និងព្រះជន្មនៃព្រះអង្គសង្រ្គោះ ហើយបន្តរកមើលទំនាក់ទំនងស្រដៀងគ្នានេះ កាលដែលបងប្អូនសិក្សាគម្ពីរនៃទំនុកដំកើងនៅពីរបីសប្តាហ៍ខាងមុខនេះ ។
សូមស្រមៃថាបងប្អូនគឺជាសាសន៍យូដានៅក្នុងសម័យរបស់ព្រះយេស៊ូវ ដែលជាអ្នកស្គាល់ទំនុកដំកើង ហើយបានឃើញទំនាក់ទំនងទាំងនេះទៅនឹងព្រះជន្មរបស់ព្រះអង្គសង្រ្គោះ ។ តើចំណេះដឹងនេះអាចជាពរជ័យចំពោះបងប្អូនយ៉ាងដូចម្តេច ?
សូមមើលផងដែរ ទំនុកដំកើង ៣១:៥; ៣៤:២០; ៤១:៩; លូកា ២៤:៤៤; ហេព្រើរ ២:៩–១២ ។
ទំនុកដំកើង ៨; ១៩; ៣៣
« ផែនដីមានពេញដោយសេចក្តីសប្បុរសនៃព្រះយេហូវ៉ា » ។
ការអាន ទំនុកដំកើង ៨; ១៩; និង ៣៣ អាចបំផុសបងប្អូនឲ្យពិចារណាពីការបង្កបង្កើតដ៏អស្ចារ្យជាច្រើនរបស់ព្រះអម្ចាស់ ។ ផ្ដោតយកចិត្តទុកដាក់លើគំនិត និងអារម្មណ៍របស់បងប្អូន នៅពេលបងប្អូនអាន ។ តើការបង្កបង្កើតរបស់ព្រះអម្ចាស់ « សម្តែងពីសិរីល្អនៃព្រះ » ចំពោះបងប្អូនយ៉ាងដូចម្តេច ? ( ទំនុកដំកើង ១៩:១ ) ។
ព្រះសូរសៀងរបស់ព្រះយេហូវ៉ាមានអំណាច « ឲ្យចិត្តរីករាយសប្បាយ » ។
នៅក្នុងទំនុកដំកើង ពាក្យដូចជា សេចក្តីបន្ទាល់ សេចក្តីបញ្ញត្ត ក្រឹត្យក្រម និង ខច្បាប់ អាចសំដៅទៅលើព្រះពន្ទូលនៃព្រះអម្ចាស់ផងដែរ ។ សូមគិតពីការណ៍នេះកាលបងប្អូនអាន ទំនុកដំកើង ១៩:៧–១១ ។ តើខគម្ពីរទាំងនេះផ្ដល់យោបល់អ្វីខ្លះដល់បងប្អូនអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ? តើ ទំនុកដំកើង ២៩ បង្រៀនបងប្អូនអំពីព្រះសូរសៀងរបស់ទ្រង់អ្វីខ្លះ ? តាមបទពិសោធន៍របស់បងប្អូន តើព្រះបន្ទូល ឬព្រះសូរសៀងនៃព្រះអម្ចាស់ត្រូវនឹងការពិពណ៌នាទាំងនេះយ៉ាងដូចម្តេច ?
ការចូលទៅក្នុងទីវត្តមានរបស់ព្រះអម្ចាស់ត្រូវការបរិសុទ្ធភាព ។
ដោយសារព្រះវិហារបរិសុទ្ធនៅយេរូសាឡិមបានសង់នៅលើភ្នំ នោះឃ្លា « ភ្នំនៃព្រះយេហូវ៉ា » ( ទំនុកដំកើង ២៤:៣ ) អាចសំដៅទៅលើព្រះវិហារបរិសុទ្ធ ឬពីទីវត្តមានរបស់ព្រះ ។ តើការណ៍នេះ បន្ថែមលើការយល់ដឹងរបស់បងប្អូនពី ទំនុកដំកើង ២៤ យ៉ាងដូចម្ដេច? តើការមាន « ដៃស្អាត និងចិត្តបរិសុទ្ធ » មានន័យយ៉ាងដូចម្តេចចំពោះបងប្អូន ? ( ទំនុកដំកើង ២៤:៤ ) ។
តើ ទំនុកដំកើង ២៦ និង ២៧ បង្រៀនបងប្អូនអ្វីខ្លះអំពីព្រះដំណាក់នៃព្រះ ?
សូមមើលផងដែរ ទំនុកដំកើង ១៥ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
ទំនុកដំកើង ២២ ។ខណៈដែលសមាជិកគ្រួសារម្នាក់អានទំនុកដំកើងនេះ សមាជិកដទៃទៀតអាចមើលរកអ្វីដែលស្រដៀងគ្នានៅក្នុង ម៉ាថាយ ២៧:៣៥–៤៦ ។ បន្ទាប់មកពួកគេអាចចែកចាយអារម្មណ៍របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ និងពលិកម្មរបស់ទ្រង់ចំពោះយើង ។
-
ទំនុកដំកើង ២៣ ។ទំនុកដំកើង ២៣ គឺជាការបំផុសគំនិតសម្រាប់ទំនុកតម្កើងជាច្រើន ដូចជាបទ « ឱ!ព្រះទ្រង់់ឃ្វាលខ្ញុំពិត » និង « ទ្រង់ជាអ្នកគង្វាលនឹងរៀបចំ » ( ទំនុកតម្កើង ល.រ. ៥៥, ៥៦ ) ។ ប្រហែលជាគ្រួសាររបស់បងប្អូនចង់ច្រៀងទំនុកតម្កើងមួយក្នុងចំណោមទំនុកតម្កើងទាំងនេះ ហើយធ្វើការកំណត់សម្គាល់ពាក្យនៅក្នុងទំនុកដំកើងដែលបានបំផុសគំនិតដល់ទំនុកច្រៀង ។ ឬពួកគេអាចរីករាយនឹងការគូររូបអំពីអ្វី មួយដែលពួកគេរកឃើញនៅក្នុងទំនុកដំកើង ឬទំនុកតម្កើង ហើយអនុញ្ញាតឲ្យសមាជិកគ្រួសារទស្សន៍ទាយពីខគម្ពីរ ឬទំនុកច្រៀងដែលត្រូវគ្នានឹងរូបភាពទាំងនោះ ។ តើព្រះអម្ចាស់គឺដូចជាអ្នកគង្វាលរបស់យើងយ៉ាងដូចម្ដេច ?
-
ទំនុកដំកើង ២៤:៣–៥ ។ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃការមានដៃស្អាតស្អំ និងដួងចិត្តបរិសុទ្ធ បងប្អូនអាចអាន ទំនុកដំកើង ២៤:៣–៥ កាលសមាជិកគ្រួសារលាងសម្អាតដៃរបស់ពួកគេ ។ តើដៃអាចតំណាងឲ្យអ្វីនៅក្នុងទំនុកដំកើងនេះ ? តើដួងចិត្តមាននិមិត្តរូបអ្វី ? តើយើងអាចធ្វើអ្វីខ្លះដើម្បីលាងសម្អាតដៃខាងវិញ្ញាណរបស់យើង ហើយធ្វើឲ្យដួងចិត្តយើងបានបរិសុទ្ធ ?
-
ទំនុកដំកើង ៣០:៥, ១១ ។ទំនុកដំកើង ៣០:៥ មាននូវការសន្យាថា « ទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បានតែព្រឹកឡើង គង់នឹងមានសេចក្តីអំណរឡើងដែរ » ។ តើព្រះអម្ចាស់បានប្រែភាពសោកសៅរបស់យើងឲ្យទៅ ជាអំណរដោយរបៀបណា ? សមាជិកគ្រួសារមួយចំនួនអាចរីករាយសម្ដែងនូវអ្វីដែល ខទី ១១ ពិពណ៌នា ។
-
ទំនុកដំកើង ៣៣ ។សូមកត់សម្គាល់ថាតើពាក្យ ទាំងអស់ ត្រូវបានប្រើប៉ុន្មានដងនៅក្នុងទំនុកដំកើងនេះ ។ តើយើងរៀនអ្វីខ្លះអំពីព្រះអម្ចាស់មកពីការប្រើម្ដងហើយម្ដងទៀតនៃពាក្យនេះ ជាពិសេសនៅ ក្នុង ខទី ១៣–១៥ ?
-
ទំនុកដំកើង ៤៦:១០ ។បងប្អូនអាចធ្វើអ្វីមួយរួមគ្នាដែលតម្រូវឲ្យសមាជិកគ្រួសារ « បង្អង់សិន » ។ តើការបង្អង់សិនអាចជួយយើងឲ្យស្គាល់ព្រះដោយរបៀបណា ? តើយើងមានឱកាសអ្វីខ្លះដើម្បីបង្អង់សិន ហើយមកស្គាល់ព្រះ ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងលើកទឹកចិត្តឲ្យប្រើ ៖ « ឱ!ព្រះទ្រង់ឃ្វាលខ្ញុំពិត » ទំនុកតម្កើង ល.រ ៥៥ ។