ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១៨–២៤ ខែ កក្កដា ។ អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨ ៖ « ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​មួយ​យ៉ាង​ធំ »


« ថ្ងៃ​ទី ១៨–២៤ ខែ កក្កដា អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨ ៖ ‹ ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​មួយ​យ៉ាង​ធំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃ​ទី ១៨–២៤ ខែ កក្កដា អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

ព្រះវិហារបរិសុទ្ធ​សូរ៉ូបាបិល

រចនារូបភាព​ព្រះវិហារ​បរិសុទ្ធ​សូរ៉ូបាបិល ដោយ សែម ឡយឡ័រ

ថ្ងៃ​ទី ១៨–២៤ ខែ កក្កដា

អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦;

« ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​មួយ​យ៉ាង​ធំ »

ប្រធាន អែសរ៉ា ថាហ្វ ប៊ែនសិន បានបង្រៀនថា « ព្រះបន្ទូល​របស់ព្រះ … ​មាន​អនុភាព​ដើម្បី​ពង្រឹង​ពួក​បរិសុទ្ធ ហើយ​បំពាក់​អាវុធ​ដល់​ពួក​គេ​ជា​ព្រះវិញ្ញាណ ដើម្បី​ពួកគេ​អាច​តតាំង​នឹង​អំពើ​អាក្រក់ កាន់​ខ្ជាប់​នឹង​សេចក្ដី​ល្អ ហើយ​រក​ឃើញ​អំណរ​នៅ​ក្នុង​ជីវិត​នេះ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ​២០១៤ ] ទំព័រ ១១៨ ) ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ប្រជាជន​យូដា​បាន​ជាប់​ជា​ឈ្លើយ​នៅ​ក្រុង​បាប៊ីឡូន​ប្រមាណ​ជា ៧០ ឆ្នាំ ។ ពួកគេ​បាន​បាត់​បង់​ក្រុង​យេរូសាឡិម និង​ព្រះវិហារ​បរិសុទ្ធ ហើយ​មាន​ពួកគេ​ជា​ច្រើន​បាន​ភ្លេច​ការ​តាំងចិត្ត​របស់​ខ្លួន​ចំពោះ​ក្រឹត្យ​វិន័យ​របស់​ព្រះ ។ ប៉ុន្តែ​ព្រះ​មិន​បាន​ភ្លេច​ពួកគេ​ទេ ។ ពិតណាស់ ទ្រង់​បាន​ប្រកាស​​តាមរយៈ​ព្យាការី​របស់​ទ្រង់​ថា « អញ​នឹង​ប្រោស​ឯង​រាល់​គ្នា ហើយ​នឹង​ធ្វើ​សម្រេច​ដល់​ឯង​រាល់​គ្នា តាម​ពាក្យ​ល្អ​របស់​អញ ដោយ​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​ទី​នេះ​វិញ » ( យេរេមា ២៩:១០ ) ។ ដោយ​គោរព​ដល់​ការ​ព្យាករ​នេះ ព្រះអម្ចាស់​បាន​បើក​ផ្លូវ​មួយ​ឲ្យ​សាសន៍​យូដា​ត្រឡប់​មកវិញ ហើយ​ទ្រង់​បាន​បង្កើត​ពួក​អ្នក​បម្រើ​ដែល​បាន​សម្រេច « ការ​មួយ​យ៉ាង​ធំ » សម្រាប់​រាស្ត្រ​របស់​ទ្រង់ ( នេហេមា ៦:៣ ) ។ ពួក​អ្នក​បម្រើ​ទាំង​នេះ​រួម​មាន អ្នកគ្រប់គ្រង​ម្នាក់​មានឈ្មោះថា សូរ៉ូបាបិល​ផង​ដែរ ដែល​មើល​ខុស​ត្រូវ​លើ​ការ​សាង​សង់​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ឡើងវិញ ឯ អែសរ៉ា ជា​សង្ឃ និង​ជា​អាចារ្យ​ម្នាក់​ដែល​បានបង្វែរ​ដួងចិត្ត​ប្រជាជន​ឲ្យ​ត្រឡប់​ទៅរក​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​វិញ ហើយ នេហេមា ក្រោយមក​ក្លាយជា​អ្នកគ្រប់គ្រង​សាសន៍​យូដា ដែល​បាន​ដឹកនាំ​ការងារ​សាងសង់​កំផែង​ការពារ​ជុំវិញ​យេរូសាឡិម ។ ពិតប្រាកដណាស់ ពួកលោក​បាន​ជួប​នឹង​ការប្រឆាំង ប៉ុន្តែ​ក៏​បាន​ទទួលជំនួយ​ពី​ប្រភព​ដែល​ពុំបាន​រំពឹង​ទុក​ផងដែរ ។ បទពិសោធន៍​របស់​ពួកលោក​អាច​ប្រាប់ និង​បំផុស​ដល់​យើង ពីព្រោះ​យើង​ក៏​កំពុង​ធ្វើ​កិច្ចការ​មួយ​យ៉ាងធំ​ផងដែរ ។ ដូចជា​ពួកលោក​ផងដែរ កិច្ចការ​របស់​យើង​ដែលត្រូវ​ធ្វើ​ជា​ច្រើន​មាន​ជាប់​ទាក់ទង​ជាមួយ​នឹង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់ និង​ការការពារ​ខាងវិញ្ញាណ​ដែល​យើង​ឃើញ​មាន​នៅ​ក្នុង​ទ្រង់ ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​អែសរ៉ា និង​គម្ពីរ​នេហេមា សូម​មើល « អែសរ៉ា » និង « នេហេមា » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

អែសរ៉ា ១

ព្រះអម្ចាស់​បាន​បំផុសគំនិត​ដល់​ប្រជាជន​ឲ្យ​សម្រេច​នូវ​ព្រះរាជ​បំណង​របស់​ទ្រង់ ។

បន្ទាប់ពី ពើស៊ី បាន​ច្បាំងដណ្តើម​យក​អាណាចក្រ​បាប៊ីឡូន ស្តេច​សាសន៍ ពើស៊ី ព្រះនាម ស៊ីរូស ត្រូវបាន​បំផុសគំនិត​ដោយ​ព្រះអម្ចាស់​ឲ្យ​បញ្ជូន​សាសន៍​យូដា​មួយក្រុម​ទៅកាន់​យេរូសាឡិម​ដើម្បី​សង់​ព្រះវិហារ​បរិសុទ្ធ​ឡើងវិញ ។ នៅពេល​បងប្អូនអាន អែសរ៉ា ១ សូម​កត់​សម្គាល់​ពី​អ្វី​ដែល​ស្តេច​ស៊ីរូស ស្ម័គ្រ​ព្រះទ័យ​ធ្វើ​ដើម្បី​គាំទ្រ​ដល់​សាសន៍​យូដា​នៅក្នុង​កិច្ចការ​ដ៏សំខាន់​នេះ ។ តើ​បងប្អូន​មើល​ឃើញ​ព្រះអម្ចាស់​កំពុង​ធ្វើ​ការ​តាមរយៈ​បុរស និង​ស្ត្រី​ជុំវិញ​បងប្អូន រួម​ទាំង​អ្នក​ដែល​មិន​មែន​ជា​សមាជិក​សាសនាចក្រ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច ? តើ​ការណ៍​នេះ​ប្រាប់​អ្វីខ្លះ​ដល់​បងប្អូន​អំពី​ព្រះអម្ចាស់ និង​កិច្ចការ​របស់​ទ្រង់ ?

សូមមើល​ផងដែរ អេសាយ ៤៤:២៤–២៨ ។

អេសរ៉ា ៣:៨–១៣; ៦:១៦–២២

ព្រះវិហារ​បរិសុទ្ធ​អាច​នាំ​យក​អំណរ​មក​ឲ្យ​ខ្ញុំ ។

នៅ​ពេល​សាសន៍​បាប៊ីឡូន​ដណ្ដើម​បាន​ក្រុង​យេរូសាឡិម ពួកគេ​បាន​យក​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​ដុត​បំផ្លាញ​ចោល​គ្មាន​សល់ ( សូមមើល ពង្សាវតារក្សត្រ ទី២ ២៥:១–១០; របាក្សត្រ ទី២ ៣៦:១៧–១៩ ) ។ តើ​បងប្អូន​គិត​ថា បងប្អូន​អាច​មាន​អារម្មណ៍​បែប​ណា ប្រសិន​បើ​បងប្អូន​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​យូដា​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ ? ( សូមមើល ទំនុក​ដំកើង ១៣៧ ) ។ សូម​កត់​សម្គាល់​ពី​អារម្មណ៍​របស់​ពួក​យូដា ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​ពួកគេ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់មក​វិញ ហើយ​សង់​ព្រះវិហារ​បរិសុទ្ធ​ជា​ថ្មី ( សូម​មើល អែសរ៉ា ៣:៨–១៣; ៦:១៦–២២ ) ។ សូម​ពិចារណា​ពី​អារម្មណ៍​របស់​បងប្អូន​ផ្ទាល់​អំពី​ព្រះវិហារ​បរិសុទ្ធ ។ ហេតុអ្វី​ព្រះវិហារ​បរិសុទ្ធ​គឺជា​ប្រភព​នៃ​អំណរ ? តើ​បងប្អូន​អាច​បង្ហាញ​ការ​ដឹង​គុណ​របស់​បងប្អូន​ថ្វាយ​ព្រះអម្ចាស់​ចំពោះ​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀប​ណា ?

សម្រាប់​គំរូ​នៅ​សម័យ​ទំនើប​អំពី​ភាព​រីករាយ​ចំពោះ​ការ​សាង​សង់​ព្រះវិហារ​បរិសុទ្ធ សូម​មើល « The Laie Hawaii Temple Youth Cultural Celebration » ( ChurchofJesusChrist.org ) ។

គ្រួសារ​ដើរ​នៅក្នុង​បរិវេណ​ព្រះវិហារ​បរិសុទ្ធ

ព្រះវិហារ​បរិសុទ្ធ​អាចជា​ប្រភព នៃ​សេចក្តីអំណរ​នៅក្នុង​ជីវិត​របស់​យើង ។

អែសរ៉ា ៤–៦; នេហេមា ២;

ខ្ញុំ​អាច​ជួយ​កិច្ចការ​របស់​ព្រះ​ឲ្យ​លឿន​ទៅ​មុខ ទោះ​ជា​មាន​ឧបសគ្គ​ក្ដី ។

កិច្ចការ​របស់​ព្រះអម្ចាស់​កម្រ​គ្មាន​ឧបសគ្គ​ណាស់ ហើយ​រឿង​នេះ​ក៏​មាន​ពិត​ចំពោះ​ការ​ខិតខំ​ដែល​បាន​ដឹកនាំ​ដោយ​សូរ៉ូបាបិល និង​នេហេមា​ដែរ ។ ចំពោះ​ករណី​ទាំង​ពីរ​នេះ « ពួក​ខ្មាំង​សត្រូវ​របស់​ពួក​យូដា » ( អែសរ៉ា ៤:១ ) គឺ​ជា​ពួក​សាសន៍​សាម៉ារី—ជា​ពូជ​ពង្ស​អ៊ីស្រាអែល​ដែល​បាន​លាយ​បញ្ចូល​គ្នា​នឹង​ពួក​សាសន៍​ដទៃ ។ ការ​អាន​អំពី​ឧបសគ្គ​របស់​ពួកគេ​ក្នុង​ការសង់​ព្រះវិហារ​បរិសុទ្ធ ( សូម​មើល អែសរ៉ា ៤–៦ ) អាច​ដឹកនាំ​បងប្អូន​ឲ្យ​ពិចារណា​ពី​ឧបសគ្គ​ដែល​កិច្ចការ​របស់​ព្រះ​ជួប​ប្រទះ​សព្វ​ថ្ងៃ​នេះ និង​របៀប​ដែល​បងប្អូន​អាច​ឆ្លើយ​តប​ពេល​ឧបសគ្គ​កើត​ឡើង ។

ស្រដៀង​គ្នា​នេះ​ដែរ ការ​អាន​កិច្ចការ​របស់​នេហេមា​ជួស​ជុល​កំផែង​ក្រុង​យេរូសាឡិម ( សូមមើល នេហេមា ២;  ) អាច​បណ្ដាល​ឲ្យ​បងប្អូន​សញ្ជឹង​គិត​ពី​កិច្ចការ​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​ធ្វើ ។ តើ​បងប្អូន​រៀនអ្វី​ខ្លះ​មក​ពី​គំរូ​របស់​នេហេមា ?

សូមមើល​ផងដែរ Dieter F. Uchtdorf, “We Are Doing a Great Work and Cannot Come Down,” Liahona, ខែ ឧសភា ឆ្នាំ ២០០៩ទំព័រ ៥៩–៦២ ។

អែសរ៉ា ៧; នេហេមា ៨

ខ្ញុំ​មាន​ពរ ពេល​ខ្ញុំ​សិក្សា​ព្រះគម្ពីរ ។

សូម្បី​តែ​បន្ទាប់​ពី​ព្រះវិហារ​បរិសុទ្ធ​បាន​សង់​ឡើង​វិញ​ក្ដី ក៏​ប្រជាជន​នៅ​ក្រុង​យេរូសាឡិម​បាន​មាន​បញ្ហា​ខាង​វិញ្ញាណ​អស់​ជា​ច្រើន​ជំនាន់​ដែរ ផ្នែក​មួយ​គឺ​ដោយ​សារ​ពួកគេ​មាន​សិទ្ធិ​ប្រើ​ប្រាស់ « គម្ពីរ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ » ( នេហេមា ៨:១ ) មាន​កំណត់ ។ អែសរ៉ា ដ៏​ជា​អាចារ្យ​បាន​ទទួល​ការអនុញ្ញាត​មក​ពី ​ស្ដេច​ពើស៊ី ​ឲ្យ​ទៅ​កាន់​ក្រុង​យេរូសាឡិម ជា​កន្លែង​ដែល​លោក « យក​ក្រឹត្យ​វិន័យ​មក​នៅ​ចំពោះ​មុខ​នៃ​ពួក​ជំនុំ » ( នេហេមា ៨:២ ) ។ តើ​បងប្អូន​អាច​ធ្វើ​តាម​គំរូ​របស់ អែសរ៉ា ដូច​ដែល​បាន​រៀបរាប់​នៅ​ក្នុង អែសរ៉ា ៧:១០ យ៉ាងដូចម្តេច ? នៅពេល​បងប្អូន​អាន នេហេមា ៨ ដែល​បាន​ផ្ដល់​ដំណើរ​រឿង​អំពី ​អែសរ៉ា កំពុង​អាន​ក្រឹត្យវិន័យ​ទៅ​កាន់​ប្រជាជន តើ​បងប្អូន​មាន​គំនិត​អ្វីខ្លះ អំពី​អនុភាព​នៃ​បន្ទូល​របស់​ព្រះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ?

សូម​មើល​ផង​ដែរ Teachings: Ezra Taft Benson ទំព័រ ១១៥–២៤ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

អែសរ៉ា ៣:៨–១៣; ៦:១៦–២២ ។តើ​ពួក​យូដា​បាន​បង្ហាញ​អំណរ​របស់​ពួកគេ​ដោយ​របៀប​ណា​ចំពោះ​ព្រះវិហារ​បរិសុទ្ធ ពេល​វា​ត្រូវ​បាន​សង់​ឡើង​វិញ ហើយ​បាន​ឧទ្ទិស​ឆ្លង ? តើ​យើង​នឹង​ធ្វើ​អ្វីខ្លះ​ដើម្បី​បង្ហាញ​អំណរ​របស់​យើង​ចំពោះ​ព្រះវិហារ​បរិសុទ្ធ ? ប្រហែល​ជា​គ្រួសារ​របស់​បងប្អូន​អាច​មើល​រូបភាព​ព្រះវិហារ​បរិសុទ្ធ ហើយ​ពិភាក្សា​អំពី​របៀប​ដែល​ព្រះវិហារ​បរិសុទ្ធ​នាំ​អំណរ​ដល់​បងប្អូន ( សូម​មើល temples.ChurchofJesusChrist.org ) ។

អែសរ៉ា ៧:៦, ៩–១០, ២៧–២៨ ។ជាច្រើន​ដង​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ អែសរ៉ា​បាន​សរសេរ​ថា ព្រះអម្ចាស់​បាន​ការពារ​លោក ពេល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​យេរូសាឡិម ។ តើ​ឃ្លា​នេះ​អាច​មាន​ន័យ​យ៉ាង​ណា ? តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ការពារ​របស់​ព្រះអម្ចាស់ ? ប្រហែល​ជា​សមាជិក​គ្រួសារ​អាច​ចែកចាយ​គំរូ​មក​ពី​ជីវិត​របស់​ពួកគេ ។

នេហេមា ២;   ។ដំណើរ​រឿង​របស់​នេហេមា​អាច​បំផុស​ដល់​សមាជិក​គ្រួសារ នៅពេល​ពួកគេ​ជួប​នឹង​ឧបសគ្គ កាល​ពួកគេ​ធ្វើ « ការ​មួយ​យ៉ាង​ធំ » ( នេហេមា ៦:៣) ។ សមាជិក​គ្រួសារ​អាច​សង់​កំផែង​មួយ​ពី​វត្ថុ​ដែល​បងប្អូន​មាន​នៅ​ក្នុង​ផ្ទះ​របស់​បងប្អូន ពេល​បងប្អូន​អាន​រួម​គ្នា​ពី​វគ្គ​សំខាន់ៗ ( ដូចជា នេហេមា ២:១៧–២០; ៤:១៣–១៨; ៦:១–៣ ) ។ តើ​យើង​រៀន​អ្វីខ្លះ​មកពី​នេហេមា​ចំពោះ​ការ​ប្រឈម​នឹង​ឧបសគ្គ ? តើ​ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់​ឲ្យ​យើង​ធ្វើ​កិច្ចការ​ធំ​អ្វីខ្លះ ? តើ​ព្រះអម្ចាស់​បាន​ពង្រឹង​យើង​ឲ្យ​យក​ឈ្នះ​ឧបសគ្គ​ក្នុង​កិច្ចការ​នេះ​តាម​របៀបណា ?

នេហេមា ៨:១–១២ ។នៅ​ក្នុង នេហេមា ៨ អែសរ៉ា​អាន​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ទៅ​កាន់​ប្រជាជន​ដែល​ស្រែក​ឃ្លាន​ចង់​ឮ​បន្ទូល​របស់​ព្រះ ។ ការ​អាន ខ​ទី ១–១២ អាច​ជួយ​ពង្រឹង​ការ​ដឹង​គុណ​របស់​គ្រួសារ​បងប្អូន​ចំពោះ​បន្ទូល​របស់​ព្រះ ។ តើ​ប្រជាជន​នោះ​មាន​អារម្មណ៍​បែប​ណា​ចំពោះ​ក្រឹត្យ​វិន័យ​របស់​ព្រះ ? តើ​យើង​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅមក​ឲ្យ « យល់​បទ​ដែល​អាន​មើល​នោះ » ដោយ​របៀប​ណា ? ( ខ​ទី ៨ ) ។

សម្រាប់​គំនិត​បន្ថែម​ពី​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​លើកទឹកចិត្តឲ្យប្រើ ៖ « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៩ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ចែកចាយ​បទគម្ពីរ​ជា​គ្រួសារ ។ អំឡុង​ការ​សិក្សា​បទគម្ពីរ​ជា​គ្រួ​សារ​របស់​បងប្អូន សូម​ផ្ដល់​ពេល​ឲ្យ​សមាជិក​គ្រួសារ​ចែកចាយ​នូវ​វគ្គ​បទគម្ពីរ មកពី​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដែល​មាន​អត្ថន័យ​ជាក់​លាក់​ចំពោះ​ពួកគេ ។

អែសរ៉ា កំពុង​អាន​បទគម្ពីរ​ទៅ​កាន់​ប្រជាជន

ការរចនា​រូបភាព​ពី​អែសរ៉ា កំពុង​អាន​បទគម្ពីរ​ទៅ​កាន់​ប្រជាជន​នៅ​ក្រុង​យេរូសាឡិម ដោយ អេច វិល្ល័ដ អ័តធិប © Providence Collection/បាន​ទទួល​អាជ្ញា​បណ្ណ​មកពី goodsalt.com