« ថ្ងៃទី ៤–១០ ខែ កក្កដា ។ ពង្សាវតារក្សត្រ ទី២ ២–៧ ៖ ‹ មានហោរា១នៅពួកអ៊ីស្រាអែលមែន › »ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៤–១០ ខែ កក្កដា ។ ពង្សាវតារក្សត្រ ទី២ ២–៧ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី ៤–១០ ខែ កក្កដា
ពង្សាវតារក្សត្រ ទី២ ២–៧
« មានហោរា១នៅពួកអ៊ីស្រាអែលមែន »
សកម្មភាពនៅក្នុងមេរៀននេះមានគោលបំណងដើម្បីបំផុសគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនរបស់បងប្អូន ។ តាមរយៈការសិក្សាប្រកបដោយការអធិស្ឋានបងប្អូនអាចទទួលបានការបំផុសគំនិតដើម្បីបំពេញតាមតម្រូវការរបស់កុមារដែលបងប្អូនបង្រៀន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
ដើម្បីលើកទឹកចិត្តកុមារឲ្យចែកចាយនូវអ្វីដែលពួកគេដឹងអំពីព្យាការីអេលីសេ សូមអញ្ជើញពួកគេគូររូបអំពីអ្វីដែលគាត់បានធ្វើ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះអាចធ្វើអព្ភូតហេតុទាំងឡាយនៅក្នុងជីវិតខ្ញុំ ។
តាមរយៈព្យាការីអេលីសេ ព្រះអម្ចាស់ប្រទានពរដល់មនុស្សជាច្រើនតាមរបៀបដ៏អស្ចារ្យ ។ សូមជួយកុមារឲ្យស្គាល់អព្ភូតហេតុរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកចាយនូវអព្ភូតហេតុមួយ ឬច្រើនដែលបានកត់ត្រានៅក្នុង ពង្សាវតារក្សត្រ ទី២ ៤–៥ ( សូមមើល « អេលើសេជាព្យាការី » និង « អេលើសេព្យាបាលមេទ័ពណាម៉ាន់ » នៅក្នុង ដំណើរ រឿងព្រះគម្ពីរសញ្ញាចាស់ ) ។ សូមឲ្យកុមារចែកចាយនូវអ្វីដែលពួកគេចូលចិត្តអំពីរឿងទាំងនេះ ។ សូមអញ្ជើញពួកគេឲ្យនិយាយរឿងរ៉ាវទាំងនោះជាមួយគ្នាឡើងវិញ ។
-
សូមថ្លៃងទីបន្ទាល់ថា ព្រះអម្ចាស់អាចប្រើអំណាចរបស់ទ្រង់ ដើម្បីធ្វើការដ៏ អស្ចារ្យទាំងឡាយដើម្បីជួយយើង ។ យើងហៅការណ៍ទាំងនេះថា អព្ភូតហេតុ ។ សូមចែកចាយរបៀបដែលព្រះអម្ចាស់បានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះបងប្អូនតាមវិធីដែលធំ ឬតូច ។ សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីសេចក្តីស្រឡាញ់របស់ព្រះ ដូចជាបទ « ព្រះវរបិតាស្រឡាញ់ខ្ញុំ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៦–១៧ ) ។ សូមឲ្យកុមារចែកចាយពីរបៀបដែលពួកគេដឹងថា ព្រះវរបិតាសួគ៌ស្រឡាញ់ពួកគេ ។
ខ្ញុំអាចជ្រើសរើសធ្វើអ្វីដែលព្រះបញ្ជាតាមរយៈព្យាការីរបស់ទ្រង់ ។
មេទ័ពណាម៉ាន់មានការពិបាកនៅក្នុង ការស្តាប់បង្គាប់ នៅពេលដែលព្យាការីអេលីសេបានប្រាប់គាត់ពីរបៀបដែលអាចជាសះស្បើយពីជំងឺឃ្លង់ ។ សូមពិចារណាអំពីរបៀបដែលអ្នកអាចជួយកុមារឲ្យយល់អំពីពរជ័យដែលបានមកពីការស្តាប់បង្គាប់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់អំពីរឿងរបស់មេទ័ពណាម៉ាន់ ( សូមមើល ពង្សាវតារក្សត្យ ទី២ ៥:៩–១៤« អេលើសេព្យាបាលមេទ័ពណាម៉ាន់ » នៅក្នុងដំណើររឿងព្រះគម្ពីរសញ្ញាចាស់ សូមមើលផងដែរនូវរូបភាពរបស់មេទ័ពណាម៉ាន់នៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ សូមគូសបញ្ជាក់ថា ដំបូងឡើយមេទ័ពណាម៉ាន់មិនចង់លាងសម្អាតនៅក្នុងទន្លេយ័រដាន់ទេ ទោះបីជាអេលីសេបានប្រាប់គាត់ថា ការណ៍នេះនឹងជួយឲ្យជាសះស្បើយពីជំងឺរបស់គាត់ក៏ដោយ ។ សូមប្រាប់អំពីពេលមួយដែលអ្នកមិនប្រាកដថា បងប្អូនចង់ធ្វើអ្វីដែលត្រឹមត្រូវ និងជួយកុមារឲ្យគិតពីបទពិសោធន៍របស់ពួកគេ ។ បន្ទាប់មក សូមចែកចាយពីរបៀបដែលមេទ័ពណាម៉ាន់បានទទួលពរជ័យនៅពេលគាត់ធ្វើការជ្រើសរើសត្រឹមត្រូវ ។
-
សូមអាន ពង្សាវតារក្សត្យ ទី២ ៥:១៣ ទៅកាន់កុមារ និងពន្យល់ថា អ្នកបម្រើរបស់មេទ័ពណាម៉ាន់បានជួយគាត់ឲ្យធ្វើតាមព្យាការីអេលីសេ ។ សូមជួយកុមារឲ្យគិតអំពីរបៀបដែលពួកគេអាចជួយមិត្តភក្តិ ឬសមាជិកគ្រួសាររបស់ពួកគេឲ្យស្តាប់ ហើយធ្វើតាមព្យាការី ។
ព្រះអម្ចាស់ទ្រង់កំពុងមើលថែខ្ញុំ ។
នៅពេលដែលអ្នកបម្រើរបស់ ព្យាការីអេលីសេបានឃើញកងទ័ពស៊ីរីកំពុងឡោមព័ទ្ធពួកគេ គាត់បានភ័យខ្លាចយ៉ាងខ្លាំង ។ ទោះយ៉ាងណា អេលីសេបានប្រាប់គាត់ថា « កុំខ្លាចអ្វីឡើយ » ពីព្រោះព្រះអម្ចាស់គង់នៅជាមួយពួកគេ ( ពង្សាវតារក្សត្យ ទី២ ៦:១៦ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន ពង្សាវតារក្សត្យ ទី២ ៦:១៥ ទៅកាន់កុមារ ឬបកស្រាយវាដើម្បីឲ្យពួកគេអាចយល់បាន ។ សូមអញ្ជើញកុមារឲ្យស្រមៃថា ពួកគេត្រូវបានឡោមព័ទ្ធជុំវិញទៅដោយកងទ័ពដ៏ធំមួយដែលមានសេះ និងរទេះសេះជាច្រើន ដូចអ្នកបម្រើរបស់អេលីសេ ។ តើពួកគេនឹងមានអារម្មណ៍បែបណា ? តើពួកគេនឹងធ្វើអ្វីខ្លះ ? សុំឲ្យពួកគេបិទភ្នែកនៅពេលដែលបងប្អូនអាន ពង្សាវតារក្សត្យ ទី២ ៦:១៦–១៧ ទៅកាន់ពួកគេ ។ នៅពេលអ្នកអានដល់ពាក្យ « ប្រោសឲ្យភ្នែកវាបានមើលឃើញ » សូមឲ្យកុមារបើកភ្នែករបស់ពួកគេ ។ សូមរៀបរាប់ប្រាប់ពួកគេថា អ្វីដែលអ្នកបម្រើបានឃើញ ការពារគាត់ និងអេលីសេ ។ សូមចែកចាយរបៀបដែលបងប្អូនដឹងថា ព្រះអម្ចាស់កំពុងមើលថែយើង ។
-
សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីការដែលព្រះយកព្រះទ័យទុកដាក់នឹងយើង ដូចជានៅវគ្គទីមួយនៃបទ « កូនចៅនៃព្រះទ្រង់គង់ក្បែរអ្នក » ( ទំនុកតម្កើង លេខ ៤៥ ) ។ សូមជំនួសពាក្យនៅក្នុងបទចម្រៀងជាមួយឈ្មោះរបស់កុមារ ដើម្បីបញ្ជាក់ថាព្រះកំពុងមើលថែពួកគេ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ព្រះអាចធ្វើអព្ភូតហេតុទាំងឡាយនៅក្នុងជីវិតខ្ញុំ ។
នៅក្នុងអំឡុងពេលនៃការបម្រើរបស់គាត់ អេលីសេបានព្យាបាល និងផ្ដល់ពរដល់មនុស្សជាច្រើន ។ តើអព្ភូតហេតុនៅក្នុង ពង្សាវតារក្សត្រ ទី២ ៤–៥ អាចជួយកុមារឲ្យស្គាល់ព្រះហស្តរបស់ព្រះវរបិតាសួគ៌ នៅក្នុងជីវិតរបស់ពួកគេយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារសរសេរនៅលើក្តារខៀនអំពីអព្ភូតហេតុឲ្យបានច្រើនតាមដែលពួកគេអាចចាំបានចេញពីបទគម្ពីរ ។ បន្ទាប់មក សូមទុកពេលឲ្យពួកគេរំឭកឡើងវិញ ពង្សាវតារក្សត្រ ទី២ ៤–៥ ហើយបន្ថែមចូលទៅក្នុងបញ្ជីររបស់ពួកគេ ( សូមមើល ពង្សាវតារក្សត្រ ទី២ ៤:១–៧, ១៤–១៧, ៣២–៣៥, ៣៨–៤១, ៤២–៤៤–៥:១០–១៤ ) ។ តើអព្ភូតហេតុទាំងនេះបង្រៀនអ្វីខ្លះ អំពីព្រះទ័យរបស់ព្រះវរបិតាសួគ៌ចំពោះយើង ?
-
សុំឲ្យកុមារនិយាយអំពីអ្វីទៅដែលជា អព្ភូតហេតុ ។ ប្រសិនបើពួកគេត្រូវការជំនួយពួកគេអាចមើល « អព្ភូតហេតុ » នៅក្នុង សេចក្តីណែនាំដល់គម្ពីទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអព្ភូតហេតុដែលព្រះយេស៊ូវបានធ្វើ ។ សូមនិយាយអំពីរបៀបដែលបងប្អូនបានឃើញអំណាចរបស់ព្រះនៅក្នុងជីវិតរបស់បងប្អូន ។ បងប្អូនអាចរាប់បញ្ចូលអព្ភូតហេតុប្រចាំថ្ងៃដូចជា អារម្មណ៍សន្តិភាព អំណោយទាននៃជីវិតប្រចាំថ្ងៃ ឬជំនួយនៅក្នុងកិច្ចការប្រចាំថ្ងៃ ជាដើម ។ សូមអញ្ជើញឲ្យកុមារនិយាយអំពីអព្ភូតហេតុដែលមាននៅក្នុងជីវិតរបស់ពួកគេ ទាំងតូច និងធំ ។
ខ្ញុំអាចជ្រើសរើសធ្វើជាអ្នកស្មោះត្រង់ រាបសា និងគោរពប្រតិបត្តិ ។
មេទ័ពណាម៉ាន់ចង់ជាពីរោគឃ្លង់ ប៉ុន្តែគាត់មិនរំពឹងថានឹងមានការណែនាំដ៏សាមញ្ញដែលព្យាការីអេលីសេបានឲ្យគាត់នោះទេ ៖ « សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ » ( ពង្សាវតារក្សត្យ ទី២ ៥:១០ ) ។ សូមពិចារណាអំពីរបៀបដែលអ្នកអាចប្រើប្រាស់រឿងនេះដើម្បីបង្រៀនកុមារអំពីសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ភាពរាបសា និងការគោរពប្រតិបត្តិតាម ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរ ជំនឿ ភាពរាបសា និង ការគោរពប្រតិបត្តិតាម នៅលើក្តារខៀន ហើយសួរទៅកុមារថា ពាក្យអស់ទាំងនេះមានន័យយ៉ាងដូចម្តេច ( សូមមើល ពិតចំពោះសេចក្តីជំនឿ, ៥៤–៥៦, ៨៦–៨៧, ១០៨–១០៩ ) ។ សូមអញ្ជើញកុមារឲ្យអាន ពង្សាវតារក្សត្យ ទី២ ៥:៩–១៤ ។ ( នៅលើគេហទំព័រChurchofJesusChrist.org ) ។ តើមេទ័ពណាម៉ាន់បានបង្ហាញសេចក្តីជំនឿលើព្រះអម្ចាស់ ភាពរាបសារ និងការគោរពប្រតិបត្តិតាមយ៉ាងដូចម្តេច ខ្លះ ? ហេតុអ្វីបានជាវាសំខាន់សម្រាប់យើង ដើម្បីមាន នូវគុណសម្បត្តិទាំងអស់នេះ ?
-
សូមឲ្យកុមារចែកចាយពីគ្រាមួយ នៅពេល ដែលមិត្តភក្តិម្នាក់បានជួយដល់ ពួកគេឲ្យជ្រើសរើសផ្លូវត្រូវ ។ បងប្អូនក៏អាចចែកចាយនូវបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ ។ សូមអានជាមួយគ្នា ពង្សាវតារក្សត្យ ទី២ ៥:១០–១៣ ដើម្បីរៀនពីរបៀបដែលអ្នកបម្រើរបស់មេទ័ពណាម៉ាន់បានជួយ គាត់ឲ្យស្តាប់ បង្គាប់តាមព្យាការី ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីជួយគ្នាទៅវិញ ទៅមកនៅក្នុងការធ្វើតាមព្យាការីសព្វថ្ងៃនេះ ?
-
សូម អញ្ជើញកុមារឲ្យបំពេញទំព័រសកម្មភាព ហើយចែកចាយជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិណាម្នាក់នូវអ្វីដែល ពួកគេបានរៀនពីរឿងរបស់មេទ័ពណាម៉ាន់នៅក្នុង ពង្សាវតារក្សត្យ ទី២ ៥:១–៥ ។
ខ្ញុំមិននៅម្នាក់ឯងទេ ។
កុមារដែលបងប្អូនបង្រៀន ពេលខ្លះ អាច មានអារម្មណ៍ដូចជាអ្នកបម្រើរបស់អេលីសេដែរ—មិនច្បាស់អំពីរបៀប ដើម្បីប្រឈមមុខនឹងឧបសគ្គដែលនៅចំពោះមុខពួកគេទេ ។ អ្នកអាចប្រើរឿងនៅក្នុង ពង្សាវតារក្សត្យ ទី២ ៦:៨–១៧ ដើម្បីបង្រៀនពួកគេ « កុំខ្លាចអ្វីឡើយ » ពីព្រោះព្រះអម្ចាស់មិនដែលទុកពួកគេចោលឡើយ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានរួមគ្នា ពង្សាវតារក្សត្យ ទី២ ៦:១៥–១៧ ។ សូមអញ្ជើញកុមារម្នាក់ឲ្យសម្តែងជាអ្នកបម្រើរបស់អេលីសេ នៅពេលដែលកុមារដទៃទៀតសួរសំណួរអំពីបទពិសោធន៍របស់គាត់ ដូចជា តើគាត់បានមានអារម្មណ៍យ៉ាងណានៅពេលដែលកងទ័ពស៊ីរីឡោមព័ទ្ធទីក្រុង ឬតើការមើលឃើញកងទ័ពរបស់ព្រះមានលក្ខណៈដូចម្តេចទៅ ។ សូមសួរកុមារអំពីគ្រានានា នៅពេលដែលពួកគេបានទទួលអារម្មណ៍ឯកោនៅ ក្នុងការព្យាយាមរស់នៅតាមដំណឹងល្អ ។ តើព្រះអម្ចាស់ជួយយើងឲ្យដឹងថា យើងមិននៅម្នាក់ឯងដោយរបៀបណា ?
-
សូមច្រៀងចម្រៀងអំពីការពឹងផ្អែកលើព្រះអម្ចាស់ ដូចជាបទ « កាលតស៊ូជឿ »( ទំនុកតម្កើង លេខ ៦០ ) ។ តើបទចម្រៀងនេះបង្រៀនយើងអំពីការទុកចិត្តនៅលើព្រះអម្ចាស់យ៉ាងដូចម្តេច ?
សូមលើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយនូវបទពិសោធន៍ជាមួយក្រុមគ្រួសាររបស់ពួកគេ នៅពេលពួកគេបានស្គាល់ព្រះហស្ដរបស់ព្រះនៅក្នុងជីវិតរបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យសុំដល់សមាជិកគ្រួសាររបស់ពួកគេ ដើម្បីចែកចាយនូវបទពិសោធន៍ស្រដៀងគ្នានោះផងដែរ ។