« ថ្ងៃទី ២២–២៨ ខែ មេសា ។ ម៉ាថាយ ១៨; លូកា ១០ ៖ ‹ តើត្រូវឲ្យខ្ញុំធ្វើដូចម្ដេចឲ្យបានជីវិតរស់អស់កល្បជានិច្ច ? › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )
« ថ្ងៃទី ២២–២៨ ខែ មេសា ។ ម៉ាថាយ ១៨; លូកា ១០ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២២–២៨ ខែ មេសា
ម៉ាថាយ ១៨; លូកា ១០
« តើត្រូវឲ្យខ្ញុំធ្វើដូចម្ដេចឲ្យបានជីវិតរស់អស់កល្បជានិច្ច ? »
តើសេចក្ដីពិតអ្វីខ្លះនៅក្នុង ម៉ាថាយ ១៨ និង លូកា ១០ ដែលកុមារត្រូវការរៀនសូត្រនោះ ? សូមស្ដាប់រកការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ កាលអ្នកអានជំពូកទាំងនេះ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ អាចជួយអ្នកឲ្យយល់ពីគោលលទ្ធិនេះ ហើយគម្រោងមេរៀននេះអាចផ្ដល់នូវគំនិតបង្រៀននានាដល់អ្នកអំពីរបៀបបង្រៀនសេចក្ដីពិតទាំងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមឲ្យកុមារចែកចាយរបៀបដែលពួកគេបានប្រារព្ធបុណ្យអ៊ិស្ទើរដើម្បីរំឭកអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ខ្ញុំគួរតែអភ័យទោសឲ្យមនុស្សដទៃជានិច្ច ។
កាលអ្នកអាន ម៉ាថាយ ១៨:២១–៣៥ សូមពិចារណាអំពីបទពិសោធន៍ការអភ័យទោសផ្ទាល់របស់អ្នក និងអ្វីដែលកុមារត្រូវដឹងអំពីគោលការណ៍នេះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន ម៉ាថាយ ១៨:២១ ហើយសូមឲ្យកុមារនិយាយឃ្លា « ខ្ញុំអភ័យទោសឲ្យអ្នក » ចំនួនប្រាំពីរដង ។ សូមសួរ « តើការអភ័យទោសឲ្យចំនួនប្រាំពីរដងគ្រប់គ្រាន់ដែរឬទេ ? » សូមអាន ខទី ២២ ហើយពន្យល់ថា ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងជ្រើសរើសដើម្បីអភ័យទោសឲ្យគេជានិច្ច ។
-
សូមប្រាប់ពីរឿងប្រៀបប្រដូចបាវព្រាវដែលឥតអាណិតមេត្តា ( សូមមើល ម៉ាថាយ ១៨:២៣–៣៥ ) ។ ប្រសិនបើចាំបាច់ សូមពន្យល់ថា នៅពេលនរណាម្នាក់ធ្វើរឿងអ្វីមួយមិនល្អដាក់យើង នោះយើងអាចប្រហែលជាមានអារម្មណ៍ថាខឹង ឬសោកស្ដាយភ្លាម ។ ប៉ុន្ដែការអភ័យទោសមានន័យថា យើងអាចមានអារម្មណ៍សុខសាន្ដជាថ្មី ។ ( អ្នកអាចមានអារម្មណ៍បំផុសគំនិតឲ្យជួយកុមារឲ្យយល់ថា ប្រសិនបើនរណាម្នាក់ធ្វើឲ្យពួកគេឈឺចាប់ នោះពួកគេគួរប្រាប់ឪពុកម្ដាយរបស់ពួកគេ ឬមនុស្សដែលគេទុកចិត្តណាមួយ ) ។
-
សូមសរសេរឃ្លា ខ្ញុំអភ័យទោសឲ្យអ្នក នៅលើក្ដារខៀន ហើយប្រាប់កុមារថា ពាក្យទាំងនេះអាចជួយកែប្រែគ្រាក្រៀមក្រំទៅជាគ្រាដ៏រីករាយមួយបាន ។ សូមគូររូបមុខដ៏ក្រៀមក្រំមួយនៅលើក្ដារខៀន ហើយចែកចាយពីគំរូមួយចំនួនពេលកុមារអភ័យទោសឲ្យគ្នាទៅវិញទៅមក ។ បន្ទាប់ពីប្រាប់គំរូមួយៗហើយ សូមឲ្យកុមារម្នាក់ផ្លាស់ប្ដូរមុខក្រៀមក្រំនោះទៅជាទឹកមុខរីករាយវិញ ។
-
សូមច្រៀងជាមួយនឹងកុមារបទ « បិតាសូមជួយកូន » សៀវភៅចម្រៀងកុមារ ៥២ ។ សូមឲ្យពួកគេក្រោកឈរឡើង នៅពេលពួកគេឮពាក្យ ជួយ ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា ព្រះវរបិតាសួគ៌នឹងជួយយើងដល់អភ័យទោសឲ្យមនុស្សដទៃ ។
ព្រះយេស៊ូវបានបង្រៀនខ្ញុំឲ្យមើលទៅមនុស្សទាំងអស់ដូចជាអ្នកជិតខាងខ្ញុំ ហើយស្រឡាញ់ពួកគេ ។
រឿងប្រៀបប្រដូចស្ដីពីសាសន៍សាម៉ារីដ៏សប្បុរសគឺជារឿងដ៏គួរឲ្យចងចាំមួយដែលអាចបង្ហាញដល់កុមារថា នរណាជាអ្នកជិតខាងរបស់យើង ។ សូមគិតអំពីរបៀបដែលអ្នកអាចបំផុសគំនិតកុមារឲ្យ « ទៅចុះ ចូរអ្នកប្រព្រឹត្ត…យ៉ាងដូច្នោះដែរ » ( លូកា ១០:៣៧ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសួរកុមារម្នាក់ៗថា « តើនរណាជាអ្នកជិតខាងរបស់អ្នក ? » សូមពន្យល់ថា ព្រះយេស៊ូវបានបង្រៀនថា នរណាក៏ដោយដែលត្រូវការជំនួយរបស់យើងគឺជាអ្នកជិតខាងរបស់យើង ទោះបីជាគេមិនរស់នៅក្បែរយើងក្ដី ហើយយើងគួរប្រព្រឹត្តចំពោះបុគ្គលនោះដោយសេចក្ដីស្រឡាញ់ ។
-
សូមអាន លូកា ១០:២៥–៣៧ កាលកុមារសម្ដែងរឿងប្រៀបប្រដូចស្ដីពីសាសន៍សាម៉ារីដ៏សប្បុរស ហើយប្ដូរវេនគ្នាដើរតួខុសៗគ្នា ។ បន្ទាប់ពីការសម្ដែងម្ដងៗ សូមឲ្យពួកគេចែកចាយរបៀបដែលពួកគេអាចក្លាយដូចជាសាសន៍សាម៉ារីដ៏សប្បុរសនោះ ។
-
សូមសរសេរនូវឧទាហរណ៍នៃស្ថានភាពពីរបីដែលក្នុងស្ថានភាពនោះមាននរណាម្នាក់ត្រូវការជំនួយ ហើយសូមលាក់ក្រដាសឧទាហរណ៍នោះនៅក្នុងបន្ទប់រៀន ។ សូមឲ្យកុមាររកមើលក្រដាសនោះ ហើយពន្យល់ពីរបៀបដែលពួកគេអាចបង្ហាញសន្ដានចិត្តល្អដល់បុគ្គលរូបនេះនៅក្នុងស្ថានភាពនោះ ។
-
សូមច្រៀងជាមួយនឹងកុមារបទ « ព្រះយេស៊ូវមានបន្ទូលស្រឡាញ់មនុស្សគ្រប់រូប » និង ចិត្តល្អចាប់ផ្ដើមនឹងខ្ញុំ សៀវភៅចម្រៀងកុមារ ទំព័រ ៣៩ ៨៣ ។ សូមចែកកុមារឲ្យធ្វើការជាដៃគូ ហើយសូមឲ្យដៃគូនីមួយៗគិតអំពីរបៀបពីរបីដែលពួកគេអាចបង្ហាញសេចក្ដីស្រឡាញ់ ឬសន្ដានចិត្តល្អដល់មនុស្សដទៃ ។ សូមឲ្យដៃគូនីមួយៗចែកចាយនូវគំនិតរបស់ពួកគេជាមួយនឹងសិស្សនៅក្នុងថ្នាក់ ។
-
សូមឲ្យកុមារសរសេរនូវរបៀបដែលពួកគេអាចបង្ហាញក្ដីស្រឡាញ់ដល់មនុស្សដទៃនៅលើក្រដាសតូចៗ ។ សូមយកក្រដាសតូចៗទាំងនេះចងតគ្នាដូចជាច្រវ៉ាក់ ហើយឲ្យកុមារព្យួរច្រវ៉ាក់ក្រដាសនេះនៅឯផ្ទះរបស់ពួកគេ នៅកន្លែងដែលវាអាចរំឭកពួកគេឲ្យមានចិត្តល្អ ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ព្រះវរបិតាសួគ៌នឹងអភ័យទោសឲ្យខ្ញុំ កាលខ្ញុំអភ័យទោសឲ្យមនុស្សដទៃ ។
កាលកុមារកាន់តែធំឡើង ការអភ័យទោសអាចកាន់តែពិបាកធ្វើឡើង ។ រឿងប្រៀបប្រដូចអំពីបាវព្រាវដ៏ឥតអាណិតមេត្តាអាចជារបៀបងាយចងចាំមួយ ដើម្បីបង្រៀនពួកគេថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងអភ័យទោសដល់មនុស្សគ្រប់រូប ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន ម៉ាថាយ ១៨:២៣–៣៥ ជាមួយនឹងកុមារ ហើយពន្យល់ថា ចៅហ្វាយ ឬស្ដេចនោះតំណាងឲ្យព្រះវរបិតាសួគ៌ ឯបាវព្រាវនោះតំណាងឲ្យយើង ហើយគូកនបាវព្រាវនោះតំណាងឲ្យអស់អ្នកដែលធ្វើខុសនឹងយើង ។ សូមសួរកុមារថា « តើប្អូនៗឃើញថា វាពិបាកនឹងអភ័យទោសឲ្យនរណាម្នាក់នៅពេលណា ? តើប្អូនបានបណ្ដោយឲ្យអារម្មណ៍ឈឺចាប់ទាំងនោះរសាត់ទៅដោយរបៀបណា ? តើប្អូនត្រូវការដើម្បីត្រូវបានអភ័យទោសឲ្យចំពោះកំហុសឆ្គងមួយនោះនៅពេលណា ?
-
សូមបង្ហាញវីដេអូ « Forgive Every One Their Trespasses: The Parable of the Unmerciful Servant » ( LDS.org ) ដើម្បីជួយកុមារឲ្យមើលឃើញពីរឿងប្រៀបប្រដូចនេះ ។
-
សូមសរសេរចំណោទបញ្ហាលេខគុណនេះនៅលើក្ដារខៀន ៧០ × ៧ ហើយសូមជួយកុមារឲ្យដោះស្រាយរកចម្លើយ ។ សូមឲ្យនរណាម្នាក់អាន ម៉ាថាយ ១៨:២១–២២ ហើយពន្យល់ថា ព្រះយេស៊ូវបានប្រើលេខនេះដើម្បីបង្រៀនយើងថា យើងត្រូវអភ័យទោសជានិច្ច ។
-
សូមឲ្យក្រដាសមួយសន្លឹកដល់កុមារគ្រប់គ្នា ហើយសុំឲ្យកុមារគូររូបភាពមួយរបស់កុមារម្នាក់ដែលមិនមានចិត្តល្អដាក់កុមារម្នាក់ទៀត ។ រួចមក សូមឲ្យពួកគេផ្លាស់ប្ដូរក្រដាសរបស់ពួកគេជាមួយនឹងកុមារដែលអង្គុយនៅក្បែរគេ ហើយគូររូបនៅខាងក្រោយខ្នងក្រដាសដែលទើបប្ដូរនោះនូវរបៀបមួយដែលពួកគេអាចបង្ហាញការអភ័យទោសដល់មនុស្សដទៃ ។
-
សូមឲ្យកុមារជួយអ្នកឲ្យគិតអំពីស្ថានភាពពីរបីដែលនរណាម្នាក់ត្រូវតែអភ័យទោសឲ្យមនុស្សម្នាក់ទៀត ។ សូមឲ្យកុមារសម្ដែងរឿងពីរបៀបដែលពួកគេនឹងបង្ហាញការអភ័យទោសនៅក្នុងស្ថានភាពទាំងនោះ ។
-
សូមច្រៀងជាមួយនឹងកុមារបទ « បិតាសូមជួយកូន » សៀវភៅចម្រៀងកុមារ ៥២ ។ សូមជួយកុមារឲ្យយល់ពីន័យនៃជួរទំនុកចម្រៀងនេះនីមួយៗ ហើយឲ្យយល់ពីសារលិខិតនៃចម្រៀងដែលចង់បង្រៀនដល់យើងអំពីការអភ័យទោសដល់មនុស្សដទៃ ។
ខ្ញុំអាចស្រឡាញ់ និងបម្រើដល់មនុស្សដទៃ ជាពិសេសដល់អ្នកដែលត្រូវការ ។
សូមសញ្ជឹងគិតអំពីគ្រានានានៅក្នុងជីវិតរបស់អ្នកផ្ទាល់ កាលនរណាម្នាក់បានធ្វើជា « សាសន៍សាម៉ារីដ៏សប្បុរស » ចំពោះអ្នក ។ តើអ្នកអាចបំផុសគំនិតដល់កុមារឲ្យក្លាយជា « សាសន៍សាម៉ារីដ៏សប្បុរស » ចំពោះមនុស្សដទៃដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមចាត់តាំងផ្នែកនីមួយៗនៃរឿងប្រៀបប្រដូចអំពីសាសន៍សាម៉ារីដ៏សប្បុរសនេះដល់កុមារម្នាក់ៗឲ្យគូររូប ។ សូមឲ្យពួកគេតម្រៀបគំនូររបស់ពួកគេតាមលំដាប់លំដោយ ហើយឲ្យពួកគេតំណាលពីរឿងនេះ ។
-
សូមពន្យល់ដល់កុមារថា ពួកយូដាមិនបានចូលចិត្តពួកសាសន៍សាម៉ារីនោះទេ រហូតដល់ថ្នាក់នៅពេលដែលពួកគេបានធ្វើដំណើរពីទីក្រុងយេរូសាឡិមទៅកាន់កាលីឡេ នោះពួកគេបានធ្វើដំណើរវាងផ្លូវចៀសស្រុកសាម៉ារី ដើម្បីកុំឲ្យជួបនឹងពួកសាសន៍សាម៉ារីណាឡើយ ( សូមមើលផែនទីទាំងឡាយអំពីព្រះគម្ពីរប៊ីប ល.រ. ១ « ផែនទីខាងភូមិសាស្ដ្ររូបនិយមអំពីដែនដីបរិសុទ្ធ » ) ។ ហេតុអ្វីបានជាព្រះយេស៊ូវប្រើរឿងសាសន៍សាម៉ារីម្នាក់ ជាគំរូមួយនៃសន្ដានចិត្តល្អនៅក្នុងរឿងប្រៀបប្រដូចនេះដូច្នេះ ? តើរឿងនេះបង្រៀនយើងអ្វីខ្លះអំពីការជួយដល់មនុស្សដទៃដែលត្រូវការជំនួយនោះ ? ( សូមមើលផងដែរ ម៉ូសាយ ៤:១៦–២២ ) ។
-
សូមឲ្យកុមារចែកចាយពីបទពិសោធន៍មួយ កាលនរណាម្នាក់បានធ្វើដូចជាសាសន៍សាម៉ារីដ៏សប្បុរសនេះចំពោះពួកគេ ។
-
សូមតាំងចិត្តកុមារឲ្យដាក់គោលដៅមួយដើម្បីធ្វើដូចជាសាសន៍សាម៉ារីដ៏សប្បុរសនេះនាសប្ដាហ៍នេះ ។ ឧទាហរណ៍ តើពួកគេស្គាល់នរណាម្នាក់ដែលឈឺ ឬនៅឯកោដែរឬទេ ? ឬនរណាម្នាក់ដែលមិនបានចូលរួមក្នុងព្រះវិហារទៀងទាត់ដែរទេ ? សូមសួរកុមារថា តើពួកគេអាចជួយដល់បុគ្គលនោះដោយរបៀបណា ។
លើកទឹកចិត្តឲ្យរៀនសូត្រនៅផ្ទះ
សូមឲ្យកុមារចែកចាយជាមួយនឹងគ្រួសាររបស់ពួកគេអំពីគោលដៅរបស់ពួកគេដើម្បីធ្វើដូចជាសាសន៍សាម៉ារីដ៏សប្បុរសនេះនាសប្ដាហ៍នេះ ។