« ថ្ងៃទី ២៩ ខែ មេសា–ថ្ងៃទី ៥ ខែ ឧសភា ។ យ៉ូហាន ៧–១០ ៖ ‹ ខ្ញុំគឺជាអ្នកគង្វាលដ៏ល្អ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )
« ថ្ងៃទី ២៩ ខែ មេសា–ថ្ងៃទី ៥ ខែ ឧសភា ។ យ៉ូហាន ៧–១០ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២៩ ខែ មេសា–ថ្ងៃទី ៥ ខែ ឧសភា
យ៉ូហាន ៧–១០
« ខ្ញុំគឺជាអ្នកគង្វាលដ៏ល្អ »
កាលអ្នកអាន ម៉ាថាយ ៧–១០ សូមគិតអំពីកុមារដែលអ្នកបង្រៀន ។ គំនិតជាច្រើនសម្រាប់កុមារធំៗនៅក្នុងគម្រោងមេរៀននេះក៏អាចសម្របសម្រួលសម្រាប់កុមារតូចៗបានផងដែរ ហើយគំនិតនានាសម្រាប់កុមារតូចៗក៏អាចសម្រួលមកបង្រៀនដល់កុមារធំៗបាន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមឲ្យកុមារចែកចាយអ្វីមួយដែលពួកគេបានធ្វើកាលពីសប្ដាហ៍មុនដើម្បីក្លាយដូចជាសាសន៍សាម៉ារីដ៏សប្បុរសនោះ ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ការកាន់តាមបទបញ្ញតិ្តទាំងឡាយនឹងជួយខ្ញុំឲ្យដឹងថា បទបញ្ញតិ្តទាំងនោះគឺជាការពិត ។
ព្រះយេស៊ូវបានបង្រៀនថា យើងអាចទទួលបានទីបន្ទាល់នៃសេចក្ដីពិតដែលទ្រង់បានចែកចាយមួយ នៅពេលដែលយើងរស់នៅតាមសេចក្ដីពិតនោះ ។ តើអ្នកអាចប្រើរឿងនេះដើម្បីបង្រៀនដល់កុមារថា សេចក្ដីសុខសាន្ដដែលយើងមានអារម្មណ៍ កាលយើងគោរពតាមបទបញ្ញត្តិទាំងឡាយនោះ ជួយយើងឲ្យដឹងថា បទបញ្ញតិ្តទាំងនោះគឺជាការពិតដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសង្ខេប ម៉ាថាយ ៧:១៧ ជាពាក្យសាមញ្ញដែលកុមារអាចយល់បាន ។ សូមជួយពួកគេឲ្យដឹងថា ការគោរពតាមបទបញ្ញតិ្តទាំងឡាយជួយយើងឲ្យមានអារម្មណ៍កាន់តែខិតជិតទៅព្រះយេស៊ូវគ្រីស្ទ ប្រហែលដោយការច្រៀងរួមគ្នានូវបទ « រក្សាបទបញ្ញត្តិ » ឬ « ជ្រើសរើសផ្លូវត្រូវ » សៀវភៅចម្រៀងកុមារ ទំព័រ ៦៨, ៨២ ។ ចូរសុំឲ្យកុមារស្ដាប់រកមើលថា តើយើងនឹងទទួលបានពរជ័យប៉ុណ្ណា កាលយើងរក្សាបទបញ្ញត្តិទាំងឡាយ ។
-
សូមចែកចាយបទពិសោធន៍មួយ នៅពេលអ្នកបានដឹងថា បទបញ្ញត្តិមួយគឺបានមកពីព្រះ ដោយសារអ្នកបានរស់នៅតាមវា ដូចជាការបង់ដង្វាយមួយភាគក្នុងដប់ ឬការអភ័យទោសដល់នរណាម្នាក់ដែលមិនមានចិត្តល្អ ។ សូមឲ្យកុមារគិតអំពីបទពិសោធន៍មួយដែលពួកគេមាន កាលពួកគេបានរក្សាបទបញ្ញត្តិមួយ ។ សូមសួរថា « តើប្អូនបានមានអារម្មណ៍យ៉ាងណា បន្ទាប់ពីប្អូនបានគោរពតាមនោះ ? »
-
សូមជ្រើសរើសបទបញ្ញត្តិមួយចំនួន ហើយគូររូបភាពសាមញ្ញពីរដែលតំណាងឲ្យបទបញ្ញត្តិនីមួយៗ ។ សូមផ្កាប់រូបភាពទាំងអស់ចុះនៅលើដី ហើយឲ្យកុមារប្ដូរវេនគ្នាផ្គូផ្គងបទបញ្ញត្តិទាំងឡាយរួមគ្នា ។ សូមថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃបទបញ្ញត្តិទាំងឡាយ និងអំពីរបៀបដែលការធ្វើតាមបទបញ្ញត្តិទាំងឡាយនោះបានពង្រឹងដល់ទីបន្ទាល់របស់អ្នក ។
ព្រះយេស៊ូវបានគោរពតាមព្រះបិតាទ្រង់ ។
ព្រះយេស៊ូវគ្រីស្ទតែងតែធ្វើនូវអ្វីៗដែលសព្វព្រះទ័យដល់ព្រះបិតាទ្រង់ដែលគង់នៅស្ថានសួគ៌ ។ តើអ្នកអាចជួយកុមារឲ្យស្វែងរករបៀបដើម្បីធ្វើតាមគំរូរបស់ទ្រង់ដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យថាសារឡើងវិញនូវអ្វីដែលព្រះយេស៊ូវបានមានបន្ទូលអំពីព្រះវរបិតាសួគ៌នៅក្នុង យ៉ូហាន ៨:២៩ ៖ « ខ្ញុំចេះតែធ្វើការដែលគាប់ដល់ព្រះហឫទ័យទ្រង់ជាដរាប » ។ សូមឲ្យពួកគេចែកចាយរឿងនានាដែលព្រះយេស៊ូវបានធ្វើ ដែលធ្វើឲ្យព្រះវរបិតាសួគ៌រីករាយព្រះទ័យ ។ សូមបង្ហាញដល់ពួកគេនូវរូបភាពមួយចំនួនមកពី សៀវភៅរូបភាពដំណឹងល្អ ដើម្បីជួយផ្ដល់គំនិតផ្សេងៗដល់ពួកគេ ។
-
សូមសួរកុមារថា តើមានអ្វីដែលធ្វើឲ្យពួកគេរីករាយ ។ រួចសួរថា តើពួកគេអាចធ្វើអ្វីខ្លះនាសប្ដាហ៍នេះដើម្បីធ្វើឲ្យសមាជិកគ្រួសារមួយរូប ឬមិត្តភក្ដិម្នាក់សប្បាយរីករាយ ។ សូមឲ្យកុមារគូររូបភាពខ្លួនគេធ្វើសកម្មភាពទាំងនោះ ហើយយកទៅផ្ទះដើម្បីរំឭកដល់ពួកគេ ។
-
សូមឲ្យឪពុក ឬម្ដាយរបស់កុមារម្នាក់មកចែកចាយបទពិសោធន៍ កាលកូនរបស់គាត់បានធ្វើអ្វីមួយដែលបានធ្វើឲ្យគាត់សប្បាយចិត្ត ។ សូមឲ្យកុមារចែកចាយពីអារម្មណ៍ដែលគេមាន ។
ព្រះយេស៊ូវស្គាល់ខ្ញុំ ហើយទ្រង់ស្រឡាញ់ខ្ញុំ ។
រឿងប្រៀបប្រដូចអំពីអ្នកគង្វាលដ៏ល្អអាចជួយកុមារឲ្យយល់ថា ព្រះយេស៊ូវស្រឡាញ់ពួកគេ ហើយស្គាល់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារគូររូបភាពមួយដែលតំណាងឲ្យអ្វីមួយដែលមាននៅក្នុងរឿងប្រៀបប្រដូចអំពីអ្នកគង្វាលដ៏ល្អនោះ ដូចជាកូនចៀម ចោរលួច ឬឆ្កែព្រៃមួយ ។ សូមអាន យ៉ូហាន ១០:១–១៨ ដល់កុមារ ហើយសុំឲ្យពួកគេលើកគំនូររបស់ពួកគេឡើង កាលពួកគេឮអ្នកអានអំពីអ្វីដែលពួកគេបានគូរនោះ ។ សូមពន្យល់ថា គឺដូចជា « អ្នកគង្វាលដ៏ល្អ » ដែលដឹកនាំ ហើយស្រឡាញ់ហ្វូងចៀមរបស់គេដែរ ព្រះយេស៊ូវស្រឡាញ់យើង ហើយដឹកនាំយើងទាំងអស់គ្នាឲ្យត្រឡប់ទៅរកទ្រង់វិញ ។ សូមតុបតែងស្លៀកពាក់ឲ្យកុមារមួយរូបដូចជាអ្នកគង្វាលម្នាក់ ហើយឲ្យកុមារក្នុងថ្នាក់ចែកចាយពីរបៀបដែលព្រះយេស៊ូវគឺដូចជាអ្នកគង្វាលម្នាក់របស់យើង ។
-
សូមបង្ហាញរូបភាពព្រះយេស៊ូវ និងកូនចៀមនៅក្នុង គម្រោងសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ។ តើយើងដឹងថា ព្រះយេស៊ូវស្រឡាញ់កូនចៀមរបស់ទ្រង់ដោយរបៀបណា ? តើយើងអាចប្រាប់ថា កូនចៀមទាំងនោះស្រឡាញ់ព្រះយេស៊ូវដោយរបៀបណា ?
-
សូមជួយឲ្យកុមារធ្វើសកម្មភាពនៅលើទំព័រសកម្មភាពនាសប្ដាហ៍នេះ ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ការកាន់តាមបទបញ្ញតិ្តទាំងឡាយនឹងជួយខ្ញុំឲ្យដឹងថា បទបញ្ញតិ្តទាំងនោះគឺជាការពិត ។
អ្នក និងកុមារដែលអ្នកបង្រៀនអាចមានបទពិសោធន៍នានាក្នុងការរស់នៅតាមសេចក្ដីពិតដំណឹងល្អ និងការរៀនថា វាគឺជាការពិត ។ តើអ្នកអាចជួយកុមារឲ្យចេះដឹងដោយផ្អែកលើបទពិសោធន៍ទាំងនោះ កាលអ្នកបង្រៀនដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរខគម្ពីរនីមួយក្នុង យ៉ូហាន ៧:១៤–១៧ នៅលើក្រដាសផ្សេងៗគ្នា ហើយដាក់បង្ហាញវាក្នុងលំដាប់មិនរៀបរយ ។ សូមឲ្យកុមារតម្រៀបវាតាមលំដាប់លំដោយ ហើយពិនិត្យខគម្ពីរក្នុង យ៉ូហាន ៧:១៤–១៧ ថាវាត្រឹមត្រូវដែរឬទេ ។ សូមឲ្យកុមារធ្វើការជាដៃគូ ហើយចែកចាយការយល់ដឹងរបស់ពួកគេអំពីខគម្ពីរនីមួយៗជាមួយនឹងដៃគូរបស់គេ ។ តើការគោរពប្រតិបត្តិតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះបានជួយពួកគេឲ្យដឹងថា បទបញ្ញត្តិទាំងឡាយនោះពិតដោយរបៀបណា ?
-
សូមចែកចាយឧទាហរណ៍មកពីព្រះគម្ពីរដែលបង្ហាញពីពរជ័យនានាដែលប្រជាជនបានទទួលដោយសារការរស់នៅតាមសេចក្ដីពិតដំណឹងល្អទាំងឡាយ ដូចជាដានីយ៉ែល ( សូមមើល ដានីយ៉ែល ៦ ) ឬ នីហ្វៃ ( សូមមើល នីហ្វៃទី ១ ៣–៤ ) ។
-
សូមអញ្ជើញកុមារម្នាក់ពីរបីថ្ងៃពីមុនបង្រៀនឲ្យសរសេរអំពីពេលមួយដែលគេបានទទួលទីបន្ទាល់មួយអំពីបទបញ្ញត្តិមួយដោយការរស់នៅតាមបទបញ្ញត្តិនោះ ។ អំឡុងការបង្រៀន សូមឲ្យកុមារនោះចែកចាយពីអ្វីដែលគាត់បានសរសេរ ។
សេចក្ដីពិតអាចធ្វើឲ្យយើងមានសេរីភាព ។
កាលកុមារចេះតែធំឡើង នោះពួកគេនឹងជួបមនុស្សដែលជឿថា ការរស់នៅតាមដំណឹងល្អគឺជាការបំបិទសិទ្ធិ ។ តើអ្នកអាចប្រើ យ៉ូហាន ៨:៣១–៣៦ ដើម្បីពន្យល់ពីការនិយាយបែបនោះដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារអាន យ៉ូហាន ៨:៣១–៣៦ ហើយចែកចាយនូវគំនិតរបស់គេអំពីអត្ថន័យនៃពាក្យ បាវបម្រើរបស់អំពើបាប ។ តើការបង្រៀនទាំងឡាយរបស់ព្រះយេស៊ូវជួយយើងឲ្យមានសេរីភាពតាមរបៀបណា ?
-
សូមឲ្យកុមារម្នាក់ជួយអ្នករុំខ្សែពួរ ក្រមារ ឬកន្សែងមួយថ្នមៗជុំវិញក‑ដៃអ្នក ដើម្បីបង្ហាញថា យើងចងជំពាក់នឹងអំពើបាប ពេលយើងប្រព្រឹត្តវាម្ដងហើយម្ដងទៀតដោយមិនបានកែប្រែចិត្តនោះ ។
-
សូមបង្ហាញមេសោមួយតំណាងឲ្យអំពើបាប និងកូនសោមួយតំណាងឲ្យសេចក្ដីពិតនៃដំណឹងល្អដែលអាចធ្វើឲ្យយើងមានសេរីភាពបាន ។ ឧទាហរណ៍ ការដឹងអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះអាចផ្ដល់សេរីភាពដល់យើងឲ្យកែប្រែចិត្ត ហើយត្រូវបានអភ័យទោសចំពោះអំពើបាបរបស់យើងទាំងឡាយ ។ ឬ ការដឹងអំពីពាក្យសម្ដីនៃប្រាជ្ញាវាងវៃអាចផ្ដល់សេរីភាពដល់យើងដើម្បីចៀសវាងពីការញៀនផ្សេងៗ ។
ព្រះយេស៊ូវគឺដូចជាអ្នកគង្វាលម្នាក់សម្រាប់យើង ។
កាលអ្នកសិក្សារឿងប្រៀបប្រដូចអំពីអ្នកគង្វាលដ៏ល្អនោះ សូមរកមើលសេចក្ដីពិតនានាដែលបង្រៀនអំពីទំនាក់ទំនងរបស់យើងជាមួយនឹងព្រះអង្គសង្គ្រោះ ។ តើការដឹងពីសេចក្ដីពិតទាំងនេះនឹងប្រទានពរជ័យដល់កុមារយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរពាក្យ អ្នកគង្វាលដ៏ល្អ និង អ្នកស៊ីឈ្នួល នៅលើក្តារខៀន ។ សូមពន្យល់ថា អ្នកស៊ីឈ្នួលគឺជានរណាម្នាក់ដែលត្រូវបានជួលឲ្យមកធ្វើការងារប្ដូរយកកម្រៃ ។ សូមឲ្យកុមារសរសេរពីភាពខុសគ្នាដែលពួកគេរកឃើញនៅក្នុង យ៉ូហាន ១០:១–១៨ រវាងអ្នកគង្វាលដ៏ល្អម្នាក់ និងអ្នកស៊ីឈ្នួលម្នាក់ ។ ហេតុអ្វីបានជាអ្នកចង់ដើរតាមអ្នកគង្វាលដ៏ល្អម្នាក់ ជាជាងធ្វើតាមអ្នកស៊ីឈ្នួលទៅវិញ ?
-
សូមគូរ ឬបង្ហាញរូបភាពទ្វារមួយ ។ សូមអានរួមគ្នាក្នុង យ៉ូហាន ១០:៧–៩ ហើយសូមសួរកុមារថា តើព្រះយេស៊ូវគឺដូចជាទ្វារមួយដោយរបៀបណា ។ យោងតាម ខទី ៩ តើមានពរជ័យអ្វីខ្លះនឹងកើតឡើងចំពោះអ្នកទាំងឡាយដែល « ចូលតាម » ទ្វារនោះ ? តើយើងចូលតាមទ្វារដែលព្រះយេស៊ូវគ្រីស្ទបានផ្ដល់ឲ្យយើងដោយរបៀបណា ?
លើកទឹកចិត្តឲ្យរៀនសូត្រនៅផ្ទះ
សូមជួយកុមារឲ្យគិតអំពីបទបញ្ញត្តិមួយដែលពួកគេអាចគោរពតាមបានកាន់តែពេញលេញជាងនេះ ។ សូមឲ្យពួកគេព្យាយាមគោរពតាមបទបញ្ញត្តិនោះអំឡុងសប្ដាហ៍ក្រោយនេះ ។