« ថ្ងៃទី ៣–៩ ខែ មិថុនា ។ យ៉ូហាន ១៣–១៧ ៖ ‹ ចូរនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំចុះ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )
« ថ្ងៃទី ៣–៩ ខែ មិថុនា ។ យ៉ូហាន ១៣–១៧ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ៣–៩ ខែ មិថុនា
យ៉ូហាន ១៣–១៧
« ចូរនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំចុះ »
សូមអធិស្ឋានដើម្បីដឹងពីតម្រូវការរបស់កុមារដែលអ្នកបង្រៀន កាលអ្នកអាន យ៉ូហាន ១៣–១៧. ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ និងគម្រោងមេរៀននេះអាចជួយអ្នកឲ្យយល់ពីគោលលទ្ធិ និងផ្ដល់ដល់អ្នកនូវគំនិតដើម្បីបង្រៀនកុមារនៅក្នុងថ្នាក់របស់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ដើម្បីជួយកុមារឲ្យចែកចាយអ្វីដែលពួកគេកំពុងរៀននៅឯផ្ទះ សូមហុចក្រដាសរូបបេះដូងមួយតគ្នា ហើយសូមឲ្យកុមារម្នាក់ៗចែកចាយអ្វីមួយដែលគេធ្វើដើម្បីបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សដទៃ ពេលដល់វេនរបស់គេកាន់រូបបេះដូងនេះ ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ព្រះយេស៊ូវសព្វព្រះទ័យឲ្យខ្ញុំបម្រើដល់មនុស្សដទៃ ។
រឿងព្រះយេស៊ូវលាងជើងឲ្យពួកសាវករបស់ទ្រង់គឺជាគំរូនៃការបម្រើដ៏រាបសាមួយ ។ តើអ្នកអាចបំផុសគំនិតដល់កុមារឲ្យធ្វើតាមគំរូរបស់ព្រះយេស៊ូវដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រើរូបភាពនៅក្នុង គម្រោងសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ដើម្បីជួយតំណាលរឿងនៅក្នុង យ៉ូហាន ១៣:១–១៧ ។ សូមឲ្យកុមារចង្អុលបង្ហាញនូវសេចក្ដីលម្អិតមកពីរឿងដែលមាននៅក្នុងរូបភាពទាំងនេះ ។
-
សូមបង្ហាញរូបភាពព្រះយេស៊ូវបម្រើដល់មនុស្សដទៃ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ឬទស្សនាវដ្ដីសាសនាចក្រនានាសម្រាប់គំនិតផ្សេងៗ ) ។ សូមឲ្យកុមារប្ដូរវេនគ្នាកាន់រូបភាព កាលអ្នកតំណាលរឿងដែលពិពណ៌នាពីរូបភាពនោះ ( សូមឲ្យពួកគេជួយប្រាប់រឿងនោះផង ប្រសិនបើពួកគេអាច ) ។
-
សូមសួរកុមារថា តើពួកគេមានអារម្មណ៍បែបណា នៅពេលនរណាម្នាក់ជួយដល់ពួកគេនោះ ។ សូមឲ្យកុមារគូររូបភាពពីរបៀបដែលពួកគេអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទដោយការបម្រើដល់នរណាម្នាក់ ។
ខ្ញុំបង្ហាញសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះយេស៊ូវគ្រីស្ទ តាមរយៈការគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
តើអ្នកអាចជួយកុមារឲ្យយល់ថា ការគោរពប្រតិបត្តិរបស់ពួកគេគឺជាសញ្ញាមួយដែលបង្ហាញថា ពួកគេស្រឡាញ់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យក្រដាសរៀងបេះដូងមួយដល់កុមារម្នាក់ៗឲ្យតុបតែងលម្អ ។ សូមឲ្យពួកគេលើករូបបេះដូងរបស់ពួកគេឡើងរាល់ពេលដែលពួកគេច្រៀងពាក្យ « ស្រឡាញ់ » នៅក្នុងបទ « ព្រះយេស៊ូវមានបន្ទូលស្រឡាញ់មនុស្សគ្រប់រូប » និង « ចូរអ្នកស្រឡាញ់គ្នា » សៀវភៅចម្រៀងកុមារ ទំព័រ ៣៩, ៧៤ ។
-
សូមជួយកុមារឲ្យទន្ទេញ យ៉ូហាន ១៤:១៥ ដោយការលើកក្រដាសរូបបេះដូងរបស់គេឡើង កាលពួកគេនិយាយថា « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ » និងរូបភាពបន្ទះថ្មពីរ កាលពួកគេនិយាយថា « ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ » ។
-
សូមឲ្យកុមារប្ដូរវេនគ្នាធ្វើសកម្មភាពចិត្តល្អ ដែលពួកគេអាចធ្វើដាក់នរណាម្នាក់ដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះយេស៊ូវ ។ សូមអញ្ជើញកុមារផ្សេងទៀតឲ្យទស្សន៍ទាយថា តើពួកគេកំពុងធ្វើអ្វី ។
-
សូមបំពេញទំព័រសកម្មភាពសប្ដាហ៍នេះជាមួយនឹងកុមារ ។
យ៉ូហាន ១៤:២៦–២៧; ១៥:២៦; ១៦:១៣–១៤
ព្រះវិញ្ញាណបរិសុទ្ធជួយខ្ញុំឲ្យមានអារម្មណ៍កាន់តែខិតជិតទៅព្រះយេស៊ូវ ។
ទោះបីជាកុមារដែលអ្នកបង្រៀនមិនទាន់បានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធនៅឡើយក្ដី ក៏ពួកគេអាចរៀនពីរបៀបដែលឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងជីវិតរបស់ពួកគេនាពេលនេះបានដែរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាព អាហារចុងក្រោយ ( សៀវភៅរូបភាពដំណឹងល្អ ល.រ. ៥៤ ) ។ សូមពន្យល់ដល់កុមារថា នៅអាហារចុងក្រោយ ព្រះយេស៊ូវបានបង្រៀនពួកសិស្សរបស់ទ្រង់អំពីព្រះវិញ្ញាណបរិសុទ្ធ ។
-
សូមឲ្យកុមារដាក់ដៃរបស់គេលើបេះដូង និងក្បាលរបស់ពួកគេ ។ សូមបើកព្រះគម្ពីរទៅ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:២ ហើយពន្យល់ថា ព្រះវិញ្ញាណបរិសុទ្ធអាចមានបន្ទូលមកកាន់យើង « នៅក្នុងគំនិតរបស់ [ យើង ] និងនៅក្នុងចិត្តរបស់ [ យើង ] » ឬតាមរយៈការគិត និងអារម្មណ៍របស់យើង ។
-
សូមបិទភ្លើង ហើយលើករូបភាពមួយឡើង ។ រួចសូមបញ្ចាំងភ្លើងពិលទៅលើរូបភាពនោះ ។ សូមសួរសិស្សថា តើភ្លើងពិលគឺដូចជាព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេច ?
-
សូមច្រៀងជាមួយនឹងកុមាររួមគ្នានូវបទ « ព្រះវិញ្ញាណបរិសុទ្ធ » សៀវភៅចម្រៀងកុមារ ទំព័រ ១០៥ ដោយ « សំឡេងតូចរហៀង » ។ សូមឲ្យពួកគេស្ដាប់រកមើលនូវការណ៍ទាំងឡាយដែលព្រះវិញ្ញាណបរិសុទ្ធធ្វើ ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
យ៉ូហាន ១៣:៣៤–៣៥; ១៤:១៥; ១៥:១០–១៤
ខ្ញុំបង្ហាញសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះយេស៊ូវគ្រីស្ទ តាមរយៈការគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
កាលអ្នកអាន វគ្គគម្ពីរទាំងនេះពេលអ្នកសិក្សាផ្ទាល់ខ្លួន សូមគិតអំពីកុមារដែលអ្នកបង្រៀន ។ តើពួកគេនឹងទទួលបានពរជ័យយ៉ាងណា នៅពេលពួកគេយល់ថា ការគោរពប្រតិបត្តិរបស់ពួកគេគឺជាសញ្ញាមួយដែលបង្ហាញថា ពួកគេស្រឡាញ់ព្រះយេស៊ូវគ្រីស្ទនោះ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យទន្ទេញ យ៉ូហាន ១៣:៣៤–៣៥ ។ របៀបមួយដើម្បីទន្ទេញវាឲ្យចេះគឺច្រៀងបទ « ចូរអ្នកស្រឡាញ់គ្នា » សៀវភៅចម្រៀងកុមារ ទំព័រ ៧៤ ហើយជួយកុមារឲ្យរៀនធ្វើកាយវិការស្របតាមចម្រៀង ។
-
សូមឲ្យកុមារសរសេររបៀបដែលព្រះយេស៊ូវបានបង្ហាញថា ទ្រង់ស្រឡាញ់យើងនៅលើក្ដារខៀន ។ អ្នកអាចបង្ហាញរូបភាពនានាមកពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះដើម្បីជួយដល់ពួកគ ( សម្រាប់គំនិតនានា សូមមើល សៀវភៅរូបភាពដំណឹងល្អ ) ។ តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សដទៃ ដូចទ្រង់បានធ្វើដោយរបៀបណា ? សូមឲ្យកុមារម្នាក់ៗក្រោកឈរ ហើយចែកចាយរបៀបមួយដែលគេនឹង « ស្រឡាញ់គ្នាទៅវិញទៅមក » ( យ៉ូហាន ១៣:៣៤ ) ។
-
សូមឲ្យកុមារម្នាក់អាន យ៉ូហាន ១៤:១៥ ។ សូមឲ្យកុមារប្ដូរវេនគ្នាគូររូបដែលតំណាងឲ្យនរណាម្នាក់ដែលរក្សាបទបញ្ញត្តិ ខណៈកុមារផ្សេងទៀតទាយថា តើគេកំពុងគូរអ្វី ។ សម្រាប់ឧទាហរណ៍នៃបទបញ្ញត្តិនានា សូមមើល ដើម្បីកម្លាំងនៃយុវជន ។ តើការរក្សាបទបញ្ញត្តិទាំងនេះបង្ហាញដល់ព្រះអង្គសង្គ្រោះថា យើងស្រឡាញ់ទ្រង់ដោយរបៀបណា ?
ព្រះវិញ្ញាណបរិសុទ្ធដឹកនាំ លួងលោម ហើយថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ។
ឥឡូវនេះ កុមារជាច្រើនបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ តើអ្នកអាចជួយពួកគេឲ្យយល់កាន់តែច្បាស់ពីតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារអានខគម្ពីរខាងក្រោមនេះជាដៃគូ ៖ យ៉ូហាន ១៤:២៦; ១៥:២៦ និង ១៦:១៣ ។ សូមឲ្យពួកគេរកមើលពាក្យដែលបង្រៀនពួកគេពីអ្វីខ្លះដែលព្រះវិញ្ញាណបរិសុទ្ធធ្វើ ។ សូមសរសេរពាក្យទាំងនេះនៅលើក្ដារខៀន ។
-
សូមចែកចាយបទពិសោធន៍មួយ កាលព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំអ្នក បានលួងលោមអ្នក បានព្រមានអ្នក ឬបានថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដល់អ្នក ។ សូមឲ្យកុមារចែកចាយបទពិសោធន៍ដែលពួកគេបានមានជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ ។ តើពួកគេបានស្គាល់ឥទ្ធិពលរបស់ព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ?
-
សូមអញ្ជើញកុមារម្នាក់ៗឲ្យគូររូបមុខរបស់គេនៅលើកាបូបក្រដាសមួយ ។ សូមបញ្ចាំងភ្លើងពិល ដែលតំណាងឲ្យព្រះវិញ្ញាណបរិសុទ្ធទៅក្នុងកាបូបនោះ ។ រួចហើយ សូមដាក់វត្ថុនានាទៅក្នុងកាបូបដែលបាំងពន្លឺនោះដូចជា កន្សែងបង់ក ឬក្រដាសជូតមាត់ ដើម្បីបង្រៀនថា ជម្រើសខុសឆ្គងរបស់យើងអាចរារាំងដល់ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់យើង ។ សូមឲ្យកុមារដកយកកន្សែងបង់ក ឬក្រដាសជូតមាត់ចេញពីកាបូបរបស់គេដើម្បីតំណាងឲ្យការប្រែចិត្ត ។
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវសព្វព្រះទ័យឲ្យខ្ញុំស្គាល់ពួកទ្រង់ ។
អ្នកនឹងផ្ដល់ពរដល់ជីវិតរបស់កុមារជាច្រើនជាដរាបទៅ ដោយការជួយពួកគេឲ្យស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមតាំងដើមឈើមួយ កាលកុមារប្ដូរវេនគ្នាអានខគម្ពីរនៅក្នុង យ៉ូហាន ១៥:១–៨ ។ តើព្រះយេស៊ូវគ្រីស្ទដូចជាដើមទំពាំងបាយជូរដោយរបៀបណា ? តើយើងដូចជាមែករបស់វាដោយរបៀបណា ? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីនៅក្បែរនឹងព្រះអង្គសង្គ្រោះ ?
-
សូមអាន យ៉ូហាន ១៧:៣ ឮៗ ។ សូមសួរកុមារថា តើពួកគេត្រូវធ្វើអ្វីខ្លះដើម្បីស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមចែកចាយរបៀបដែលអ្នកស្គាល់ពួកទ្រង់ ។
លើកទឹកចិត្តឲ្យរៀនសូត្រនៅផ្ទះ
សូមលើកទឹកចិត្តឲ្យកុមារសួរសមាជិកគ្រួសារម្នាក់ពីអ្វីដែលពួកគេអាចធ្វើបានដើម្បីបម្រើដល់គាត់ ។ អំឡុងការបង្រៀននាសប្ដាហ៍ក្រោយ សូមឲ្យពេលដល់កុមារចែកចាយនូវអ្វីដែលពួកគេបានធ្វើ ។