« ថ្ងៃទី ១៧–២៣ ខែ មិថុនា ។ ម៉ាថាយ ២៧, ម៉ាកុស ១៥, លូកា ២៣, យ៉ូហាន ១៩ ៖ ‹ ការស្រេចហើយ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )
« ថ្ងៃទី ១៧–២៣ ខែ មិថុនា ។ ម៉ាថាយ ២៧, ម៉ាកុស ១៥, លូកា ២៣, យ៉ូហាន ១៩ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១៧–២៣ ខែ មិថុនា
ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩
« ការស្រេចហើយ »
សូមចាប់ផ្ដើមការរៀបចំមេរៀនរបស់អ្នកដោយការអាន ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣ និង យ៉ូហាន ១៩ ។ សូមស្វែងយល់ពីតម្រូវការរបស់កុមារប្រកបដោយការអធិស្ឋាន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមឲ្យកុមារម្នាក់ៗកាន់រូបភាពមកពី គម្រោងសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ។ ខណៈកាន់រូបភាពនោះ កុមារម្នាក់ៗអាចចែកចាយអ្វីមួយដែលគេដឹងអំពីរបៀបដែលព្រះយេស៊ូវបានសុគត ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ម៉ាថាយ ២៧:១១–៦៦, លូកា ២៣; យ៉ូហាន ១៩
ដោយសារព្រះយេស៊ូវបានសុគតសម្រាប់ខ្ញុំ នោះខ្ញុំអាចរស់ឡើងវិញបាន ។
កុមារតូចៗអាចសោកសៅដោយការស្ដាប់ដំណើររឿងការឆ្កាងរបស់ព្រះយេស៊ូវ ។ « ជំពូកទី ៥២ ៖ ឧបសគ្គរបស់ព្រះយេស៊ូវ » និង « ជំពូកទី ៥៣ ៖ ព្រះយេស៊ូវត្រូវគេឆ្កាង »រឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៣៣–៣៨ ឬវីដេអូដែលដូចគ្នានេះ ( LDS.org ) ផ្ដល់នូវគំរូដ៏ល្អមួយអំពីរបៀបដែលអ្នកអាចចែកចាយរឿងនេះជាមួយនឹងពួកគេឲ្យបានត្រឹមត្រូវ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពនៅក្នុង គម្រោងសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ កាលអ្នកតំណាលអំពីឧបសគ្គ ការឆ្កាង និងការបញ្ចុះសព ( សូមមើលផងដែរ សៀវភៅរូបភាពដំណឹងល្អ ល.រ. ៥៧ និង ៥៨ ) ។ សូមឲ្យកុមារចែកចាយនូវអ្វីដែលពួកគេដឹងអំពីព្រឹត្តិការណ៍ទាំងនេះ ។ សូមសង្កត់ធ្ងន់ថា នៅថ្ងៃទីបី ព្រះយេស៊ូវបានរស់ឡើងវិញ មានន័យថាទ្រង់បានមានជីវិតឡើងវិញ ។
-
សូមឲ្យកុមារសរសេរឈ្មោះរឿងមួយចំនួនដែលឪពុកម្ដាយរបស់គេធ្វើសម្រាប់ពួកគេ ដែលពួកគេមិនអាចធ្វើខ្លួនឯងបាន ។ សូមបង្ហាញរូបភាពព្រះអង្គសង្គ្រោះមួយ ។ សូមពន្យល់ថា ដោយសារតែព្រះយេស៊ូវ នោះយើងអាចរស់ឡើងវិញបាន—ជាអ្វីមួយដែលយើងមិនអាចធ្វើបានដោយខ្លួនឯង ។
-
សូមបង្ហាញរូបភាពនរណាម្នាក់ដែលអ្នកស្គាល់ ដែលបានស្លាប់ទៅហើយ ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា ដោយសារតែព្រះយេស៊ូវ បុគ្គលនេះនឹងរស់ឡើងវិញម្ដងទៀត ។
ខ្ញុំអាចអភ័យទោសឲ្យមនុស្សដទៃ ដូចព្រះយេស៊ូវបានធ្វើដែរ ។
តើអ្នកនឹងជួយកុមារឲ្យយល់ពីរបៀបដើម្បីអភ័យទោសឲ្យអស់អ្នកដែលមិនមានចិត្តល្អ ដូចជាព្រះយេស៊ូវបានធ្វើដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមរៀបរាប់ពីរបៀបដែលពួកទាហានមិនមានចិត្តល្អចំពោះព្រះយេស៊ូវ ( សូមមើល ម៉ាថាយ ២៧:២៦–៣៧ ) រួចហើយសូមអាន លូកា ២៣:៣៤ ។ សូមពន្យល់ថា នៅពេលយើងអភ័យទោសឲ្យមនុស្សដទៃ នោះយើងអនុញ្ញាតឲ្យអារម្មណ៍មិនល្អចំពោះពួកគេរសាត់បាត់ទៅ ហើយបង្ហាញសេចក្ដីស្រឡាញ់វិញ ។
-
សូមចែកចាយសាច់រឿងដែលមាននរណាម្នាក់និយាយ ឬធ្វើអ្វីមួយដែលមិនសប្បុរស ។ សូមឲ្យកុមារបង្ហាញពីរបៀបដែលពួកគេនឹងអភ័យទោសដល់បុគ្គលនោះ ។
-
សូមសរសេរពាក្យ ឬឃ្លាមកពីចម្រៀង « បិតាសូមជួយកូន » សៀវភៅចម្រៀងកុមារ ទំព័រ ៥២ នៅលើក្ដារខៀន ។ សូមឲ្យកុមារច្រៀងបទនេះច្រើនដង ដោយលុបចោលពាក្យមួយចំនួនពេលច្រៀងហើយម្ដងៗ រហូតដល់ពួកគេបានរៀនចេះចម្រៀងទាំងស្រុង ។ យោងតាមចម្រៀងនេះ តើយើងគួរអភ័យទោសឲ្យនរណា ? តើនរណាអាចជួយយើងបាន នៅពេលការអភ័យទោសពិបាក ?
-
សូមស្រាវជ្រាវរកលេខចេញថ្មីនៃទស្សនាវដ្ដី Friend ឬ លីអាហូណា ដើម្បីរកមើលរឿងអំពីកុមារម្នាក់ដែលបានអភ័យទោសឲ្យនរណាម្នាក់ ។ សូមចែកចាយរឿងនេះជាមួយនឹងកុមារ ។
ដោយសារព្រះយេស៊ូវបានរងទុក្ខ និងសុគតសម្រាប់ខ្ញុំ នោះខ្ញុំអាចប្រែចិត្ត ហើយទទួលបានការអភ័យទោស ។
ទោះបីជាកុមារនៅក្រោមអាយុប្រាំបីឆ្នាំមិនទាន់មានការទទួលខុសត្រូវក្ដី ក៏វាសំខាន់សម្រាប់ពួកគេដើម្បីចាប់ផ្ដើមរៀនពីពេលនេះទៅពីរបៀបប្រែចិត្តពីជម្រើសខុសឆ្គងដែលពួកគេធ្វើដែរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសង្ខេប លូកា ២៣:៣២–៣៣, ៣៩–៤៣ ហើយសូមចង្អុលបង្ហាញពីចោរពីរនាក់នៅក្នុង រូបភាព ៥៧ នៅក្នុង សៀវភៅរូបភាពដំណឹងល្អ ។ សូមពន្យល់ថា នៅពេលចោរទីមួយបានសើចចំអកដាក់ព្រះយេស៊ូវ នោះចោរទីពីរបានសារភាពថា គាត់បានធ្វើអ្វីមួយខុស—គាត់បានចាប់ផ្ដើមប្រែចិត្ត ។
-
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៦ ដល់កុមារ ។ ហេតុអ្វីព្រះយេស៊ូវបានរងទុក្ខសម្រាប់យើង ?
-
សូមបង្ហាញវីដេអូ « The Shiny Bicycle » ( LDS.org ) ។ សូមពន្យល់ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយយើងឲ្យកែតម្រូវអំពើបាប និងកំហុសនានារបស់យើង ហើយទទួលបានការអភ័យទោស ។
-
សូមឲ្យកុមារគូសដីសនៅលើក្ដារខៀនដើម្បីតំណាងឲ្យជម្រើសខុសឆ្គងនានា ។ រួចហើយ សូមឲ្យពួកគេលុបវាចេញពីក្ដារខៀនដើម្បីតំណាងឲ្យការប្រែចិត្ត ។ សូមបង្ហាញរូបភាពរបស់ព្រះអង្គសង្គ្រោះមួយ ហើយសូមថ្លែងទីបន្ទាល់ថា យើងអាចប្រែចិត្តបានដោយសារតែទ្រង់ ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ម៉ាថាយ ២៧:១១–៦៦, លូកា ២៣; យ៉ូហាន ១៩
ព្រះយេស៊ូវបានសុគតសម្រាប់ខ្ញុំ ដោយសារទ្រង់ស្រឡាញ់ខ្ញុំ ។
ហេតុអ្វីអ្នកមានអំណរគុណដែលព្រះយេស៊ូវគ្រីស្ទបានសុគតសម្រាប់អ្នក ? សូមពិចារណាពីរបៀបដែលអ្នកអាចជួយកុមារឲ្យយល់ពីសារៈសំខាន់នៃពលិកម្មរបស់ព្រះអង្គសង្គ្រោះសម្រាប់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមរាយនូវព្រឹត្តិការណ៍សំខាន់ៗមកពី ម៉ាថាយ ២៧:១១–៦៦ ( សម្រាប់ជំនួយក្នុងការធ្វើការណ៍នេះ សូមមើល « ជំពូកទី ៥២ ៖ ឧបសគ្គរបស់ព្រះយេស៊ូវ » និង « ជំពូកទី ៥៣ ៖ ព្រះយេស៊ូវត្រូវគេឆ្កាង » រឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៣៣–៣៨ ) ។ សូមឲ្យកុមារសិក្សាខគម្ពីរទាំងនេះ ហើយរៀបព្រឹត្តិការណ៍ទាំងឡាយតាមលំដាប់លំដោយត្រឹមត្រូវ ។
-
សូមបង្ហាញវីដេអូ « ព្រះយេស៊ូវត្រូវបានកាត់ទោសនៅមុខលោកពីឡាត់ » និង « ព្រះយេស៊ូវត្រូវបានគេវាយ ហើយឆ្កាង » ( LDS.org ) ។ ( សូមមើលវីដេអូ « ដង្វាយធួន » ផងដែរ LDS.org ) ។ ហេតុអ្វីព្រះយេស៊ូវបានស្ម័គ្រព្រះទ័យរងទុក្ខសម្រាប់យើង ?
-
សូមឲ្យកុមារម្នាក់អាន ម៉ាថាយ ២៧:៥៤ ហើយសូមឲ្យកុមារចែកចាយរឿងអំពីព្រះយេស៊ូវដែលជួយពួកគេឲ្យដឹងថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ។
-
សូមសួរកុមារថា តើពួកគេបានរៀនអ្វីខ្លះអំពីការឆ្កាងមកពី « មើលព្រះប្រោសលោះយើងសុគតហើយ » ទំនុកតម្កើង ទំព័រ ១១៣ ឬទំនុកតម្កើងសាក្រាម៉ង់ផ្សេងទៀត ។
ខ្ញុំអាចអភ័យទោសឲ្យមនុស្សដទៃ ដូចព្រះយេស៊ូវបានធ្វើដែរ ។
វាអាចជាការពិបាកដែលត្រូវអភ័យទោសឲ្យមនុស្សដទៃ ។ កុមារដែលអ្នកបង្រៀននឹងទទួលបានពរជ័យ កាលពួកគេធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយអភ័យទោសឲ្យមនុស្សគ្រប់គ្នា ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារប្ដូរវេនគ្នាអានអំពីពួកទាហានដែលមិនមានចិត្តល្អចំពោះព្រះយេស៊ូវនៅក្នុង ម៉ាថាយ ២៧:២៦–៣៧ ហើយព្រះយេស៊ូវអភ័យទោសឲ្យពួកគេនៅក្នុង លូកា ២៣:៣៤ ។ ( សូមមើលយោបល់ដែលផ្ដល់ដោយការបកប្រែរបស់យ៉ូសែប ស្ម៊ីធ នៅក្នុង លូកា ២៣:៣៤ លេខយោង គ ) ។ តើយើងរៀនអ្វីខ្លះចេញពីគំរូរបស់ព្រះយេស៊ូវ ?
-
សូមសរសេរនៅលើក្ដារខៀននូវ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីអភ័យទោសឲ្យនរណាម្នាក់ដែលមិនមានចិត្តល្អចំពោះអ្នក ? សូមឲ្យកុមារប្ដូរវេនគ្នាសរសេរគំនិតនានានៅលើក្ដារខៀនដូចជា អធិស្ឋានសុំឲ្យមានអារម្មណ៍សណ្ដោសដល់បុគ្គលនោះ ឬ គិតដល់អ្វីល្អៗអំពីបុគ្គលនោះ ។
-
សូមឲ្យកុមារគូររូបភាពស្ថានភាពដែលនរណាម្នាក់មិនមានចិត្តល្អ និងពីរបៀបដែលពួកគេនឹងអភ័យទោសដល់បុគ្គលនោះ ។ សូមឲ្យពួកគេចែកចាយគំនូររបស់ពួកគេជាមួយនឹងសិស្សនៅក្នុងថ្នាក់ ។
ដោយសារព្រះយេស៊ូវបានរងទុក្ខ និងសុគតសម្រាប់ខ្ញុំ នោះខ្ញុំអាចប្រែចិត្ត ហើយទទួលបានការអភ័យទោស ។
មេរៀននេះគឺជាពេលវេលាដ៏ល្អមួយដើម្បីថ្លែងទីបន្ទាល់ថា ដោយសារតែព្រះយេស៊ូវគ្រីស្ទ នោះយើងអាចប្រែចិត្តពីអំពើបាបរបស់យើង ហើយត្រូវបានអភ័យទោស ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារម្នាក់អាន លូកា ២៣:៣២–៣៣, ៣៩–៤៣ ។ សូមពន្យល់ថា មនុស្សពីរនាក់ត្រូវបានឆ្កាងជាមួយនឹងព្រះយេស៊ូវនោះ គឺជាចោរ ។ តើចោរមួយបានបង្ហាញថា គាត់បានចាប់ផ្ដើមប្រែចិត្តដោយរបៀបណា ?
-
សូមសរសេរប្រយោគដូចតទៅនេះនៅលើក្ដារខៀន ដោយទុកចន្លោះសម្រាប់អក្សរទ្រេត ៖ « ខ្ញុំអាចត្រូវបាន អភ័យទោស នៅពេលខ្ញុំ ប្រែចិត្ត ដោយសារតែ ដង្វាយធួន របស់ ព្រះយេស៊ូវគ្រីស្ទ » ។ សូមផ្ដល់តម្រុយឲ្យកុមារដើម្បីជួយពួកគេឲ្យបំពេញចន្លោះទាំងនោះ ។
-
សូមឲ្យកុមារម្នាក់កាន់កាបូប ហើយដាក់ថ្មតូចៗក្នុងកាបូបនោះ កាលកុមារផ្សេងទៀតប្រាប់នូវជម្រើសខុសឆ្គងដែលនរណាម្នាក់អាចជ្រើសរើស ។ សូមជួយកុមារឲ្យប្រៀបធៀបកាបូបទៅនឹងបន្ទុកខាងវិញ្ញាណ ដែលយើងស្ពាយមកពេលយើងធ្វើអំពើបាប ។ តើការប្រែចិត្តដូចជាការយកថ្មចេញពីកាបូបដោយរបៀបណា ?
-
សូមប្រើអត្ថបទ « អ្នកអាចប្រែចិត្ត និងអភ័យទោស » ( Friend ខែ សីហា ឆ្នាំ ២០១៥ ទំព័រ ១០ ) ដើម្បីបង្រៀនដល់កុមារពីរបៀបប្រែចិត្ត ។
លើកទឹកចិត្តឲ្យរៀនសូត្រនៅផ្ទះ
សូមលើកទឹកចិត្តកុមារឲ្យគិតដល់នរណាម្នាក់ដែលត្រូវអភ័យទោស ហើយសម្រេចលើរឿងមួយដែលពួកគេនឹងធ្វើដើម្បីបង្ហាញបុគ្គលនោះថា ពួកគេបានអភ័យទោសឲ្យគាត់ហើយ ។