« ថ្ងៃទី ១០–១៦ ខែ មិថុនា ។ ម៉ាថាយ ២៦, ម៉ាកុស ១៤, លូកា ២២, យ៉ូហាន ១៨ ៖ ‹ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឬទ័យទ្រង់វិញ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )
« ថ្ងៃទី ១០–១៦ ខែ មិថុនា ។ ម៉ាថាយ ២៦, ម៉ាកុស ១៤, លូកា ២២, យ៉ូហាន ១៨ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១០–១៦ ខែ មិថុនា
ម៉ាថាយ ២៦; ម៉ាកុស ១៤; លូកា ២២; យ៉ូហាន ១៨
« កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ »
កាលអ្នកអាន ម៉ាថាយ ២៦; ម៉ាកុស ១៤; លូកា ២២ និង យ៉ូហាន ១៨ សូមរកមើលគោលការណ៍នានាដែលអ្នកមានអារម្មណ៍ថា កុមារត្រូវតែយល់ដឹងពីវា ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពព្រឹត្តិការណ៍នានានៅក្នុងជំពូកទាំងនេះដូចជានៅក្នុង សៀវភៅរូបភាពដំណឹងល្អ ល.រ. ៥៤, ៥៥ និង ៥៦ ហើយសូមឲ្យកុមារប្រាប់ពីអ្វីកំពុងកើតឡើងនៅក្នុងរូបភាពនោះ ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ម៉ាកុស ១៤:២២–២៥, លូកា ២២:១៩–២០
សាក្រាម៉ង់ជួយខ្ញុំឲ្យគិតអំពីព្រះយេស៊ូវ ។
សូមជួយកុមារឲ្យយល់ថា ការទទួលទានសាក្រាម៉ង់គឺជាឱកាសមួយដើម្បីគិតអំពីព្រះយេស៊ូវ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសង្ខេបដំណើររឿងព្រះយេស៊ូវតាំងពិធីសាក្រាម៉ង់ឡើង ។ អ្នកអាចប្រើ « ជំពូកទី ៤៩ ៖ ពិធីសាក្រាម៉ង់ដំបូង » រឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១២៤–២៦ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ ( LDS.org ) ។ សូមមើលវីដេអូ « សាក្រាម៉ង់ » ផងដែរ ( LDS.org ) ។ សូមជួយកុមារឲ្យយល់ថា យើងរំឭកចាំដល់ព្រះយេស៊ូវក្នុងពេលសាក្រាម៉ង់ ។
-
សូមសួរកុមារ តើពួកគេដឹងថានំប៉័ង និងទឹកក្នុងពិធីសាក្រាម៉ង់តំណាងឲ្យអ្វីទៅ ។ សូមពន្យល់ថា សាក្រាម៉ង់ទាំងនេះជួយយើងឲ្យរំឭកចាំថា ព្រះយេស៊ូវបានសុគតជំនួសយើង ហើយបានរស់ឡើងវិញពីសេចក្ដីស្លាប់ ។ សូមបង្ហាញនំប៉័ងមួយដុំ និងទឹកមួយកែវ ខណៈអ្នកជួយកុមារឲ្យទន្ទេញចាំឃ្លា « ដើម្បីរំឭកពី [ ទ្រង់ ] ចុះ » ( លូកា ២២:១៩ ) ។
-
សូមឲ្យកុមារបិទភ្នែករបស់គេ ហើយគិតដល់នរណាម្នាក់ដែលពួកគេស្រឡាញ់ រួចហើយសុំឲ្យពួកគេប្រាប់អ្នកអំពីបុគ្គលនោះ ។ សូមឲ្យកុមារបិទភ្នែករបស់គេម្ដងទៀត ហើយគិតដល់ព្រះអង្គសង្គ្រោះ រួចហើយចែកចាយអ្វីៗដែលពួកគេដឹងអំពីទ្រង់ ។ សូមលើកទឹកចិត្តពួកគេឲ្យគិតអំពីព្រះយេស៊ូវអំឡុងពេលពិធីសាក្រាម៉ង់រាល់សប្ដាហ៍ ។
-
សូមឲ្យកុមារបង្ហាញអ្វីដែលពួកគេអាចធ្វើដើម្បីរំឭកចាំដល់ព្រះយេស៊ូវ ហើយមានគារវភាពអំឡុងពិធីសាក្រាម៉ង់ ។
-
សូមជួយកុមារឲ្យធ្វើសៀវភៅដែលមានការណែនាំនៅលើទំព័រសកម្មភាពនាសប្ដាហ៍នេះ ។ សូមប្រាប់ថា ពួកគេនឹងប្រើវាដើម្បីជួយដល់ពួកគេឲ្យគិតអំពីព្រះយេស៊ូវអំឡុងពិធីសាក្រាម៉ង់ ។
-
សូមជួយកុមារឲ្យស្រាវជ្រាវរករូបភាពព្រះយេស៊ូវក្នុងទស្សនាវដ្ដីសាសនាចក្រមួយចំនួន ហើយបង្កើតបណ្ដុំចងក្រងមួយដែលពួកគេអាចមើលអំឡុងការប្រជុំសាក្រាម៉ង់ ។
ព្រះយេស៊ូវបានរងទុក្ខសម្រាប់ខ្ញុំ ដោយសារទ្រង់ស្រឡាញ់ខ្ញុំ ។
សូមពិចារណាពីរបៀបដែលអ្នកអាចជួយកុមារឲ្យមានអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវដែលមានសម្រាប់ពួកគេ កាលអ្នកពិភាក្សាក្នុងដំណើររឿងការរងទុក្ខរបស់ទ្រង់នៅសួនគែតសេម៉ានី ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារគិតអំពីគ្រាមួយដែលពួកគេបានមានអារម្មណ៍សោកសៅ ឬឈឺចាប់ ។ សូមឲ្យកុមារពីរបីនាក់ឡើងមកចែកចាយតាមការគួរ ។ សូមបង្ហាញរូបភាពនៅក្នុង គម្រោងសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ។ សូមពន្យល់ថា តាមរបៀបមួយចំនួនដែលយើងមិនទាន់យល់ច្បាស់ពេញលេញថា ព្រះយេស៊ូវបានទទួលអស់ទាំងការឈឺចាប់ និងទុក្ខសោកដែលមនុស្សគ្រប់រូបធ្លាប់បានមានអារម្មណ៍ ។ ការណ៍នេះមានន័យថា ទ្រង់អាចជួយយើងឲ្យមានអារម្មណ៍ល្អប្រសើរឡើង នៅពេលយើងមានអារម្មណ៍សោកសៅ ឈឺចាប់ ឬក្រៀមក្រំ ។
-
សូមច្រៀងបទ « ខ្ញុំស្គាល់ក្ដីស្នេហ៍ព្រះសង្គ្រោះ » សៀវភៅចម្រៀងកុមារ ទំព័រ ៤២ ជាមួយនឹងកុមារ ។ សូមឲ្យកុមារចែកចាយពីរបៀបដែលពួកគេបានមានអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ពិធីសាក្រាម៉ង់ជួយខ្ញុំឲ្យរំឭកចាំដល់ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់សម្រាប់ខ្ញុំ ។
តើអ្នកអាចជួយកុមារឲ្យមានបទពិសោធន៍ដ៏កាន់តែមានអត្ថន័យពីពិធីសាក្រាម៉ង់យ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារប្ដូរវេនគ្នាអានខគម្ពីរនៅក្នុង ម៉ាកុស ១៤:២២–២៤ ( សូមមើលផងដែរ ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ ម៉ាកុស ១៤:២០–២៤ [ នៅក្នុងលិបិក្រមគម្ពីរប៊ីប ] ) និង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៥–៧៩ ។ តើពាក្យ និងគំនិតអ្វីខ្លះដែលស្រដៀងគ្នានៅក្នុងវគ្គគម្ពីរទាំងពីរនេះ ?
-
សូមសួរកុមារថា តើពួកគេត្រូវធ្វើអ្វីខ្លះដើម្បីជួយខ្លួនគេឲ្យគិតអំពីព្រះយេស៊ូវអំឡុងពិធីសាក្រាម៉ង់ ។ សូមជួយពួកគេឲ្យស្វែងរកព្រះគម្ពីរ ឬពាក្យពេចន៍មកពីទំនុកតម្កើងនៃពិធីសាក្រាម៉ង់ដែលពួកគេអាចអានអំឡុងពិធីសាក្រាម៉ង់ រួចហើយសរសេរវានៅលើកាតមួយដែលកុមារអាចបើកទៅពេលក្រោយ ពេលពួកគេទទួលទានសាក្រាម៉ង់ ។ សូមច្រៀងចម្រៀងទាំងនេះពីរបីជាមួយនឹងកុមារ ( សូមមើល ទំនុកតម្កើង ល.រ. ៩៩–១១៩ ) ។
-
សូមសរសេរឃ្លាគន្លឹះមកពីការអធិស្ឋានអំឡុងពិធីសាក្រាម៉ង់នៅលើក្ដារខៀន ហើយជួយកុមារឲ្យទន្ទេញវាឲ្យចាំ ។ តើឃ្លាទាំងនេះមានន័យយ៉ាងដូចម្តេច ? ហេតុអ្វីយើងមានអំណរគុណដែលយើងអាចរំឭកសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់យើងបានរាល់សប្ដាហ៍ ?
-
សូមឲ្យអ្នកកាន់បព្វជិតភាពអើរ៉ុនប្រាប់កុមារអំពីបទពិសោធន៍របស់គាត់ក្នុងការរៀបចំ ប្រទានពរ ឬចែកសាក្រាម៉ង់ ។ តើអ្វីទៅដែលជួយគាត់ឲ្យរៀបចំធ្វើការណ៍នេះ ? តើគាត់មានអារម្មណ៍យ៉ាងណា កាលគាត់ធ្វើយ៉ាងនោះ ? តើនំប៉័ង និងទឹករំឭកគាត់អំពីព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
សូមឲ្យកុមារដែលបានជ្រមុជទឹករួចហើយឲ្យចែកចាយអ្វីដែលពួកគេចងចាំអំពីពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។ តើពួកគេបានមានអារម្មណ៍យ៉ាងណា ? តើពួកគេបានធ្វើសេចក្ដីសញ្ញាអ្វី ? ( សូមមើល ម៉ូសាយ ១៨:៨–១០ ) ។ សូមប្រាប់ពួកគេថា រាល់សប្ដាហ៍ពេលយើងទទួលទានសាក្រាម៉ង់ នោះវាអាចដូចជាការទទួលបុណ្យជ្រមុជទឹកម្ដងទៀតដូច្នោះដែរ—យើងអាចត្រូវបានអភ័យទោសឲ្យចំពោះអំពើបាបរបស់យើង ហើយយើងរំឭកសេចក្ដីសញ្ញារបស់យើង ។
នៅក្នុងសួនច្បារគែតសេម៉ានី ព្រះយេស៊ូវគ្រីស្ទបានលើកដាក់មកលើខ្លួនទ្រង់នូវអំពើបាប និងការឈឺចាប់របស់ខ្ញុំ ។
ការដឹងអំពីអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងនៅក្នុងសួនច្បារគែតសេម៉ានីអាចជួយកុមារឲ្យប្រែចិត្តពីអំពើបាបរបស់ពួកគេ ហើយងាកទៅរកព្រះអង្គសង្គ្រោះ នៅពេលពួកគេជួបនឹងឧបសគ្គពិបាកផ្សេងៗ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារអាន ម៉ាថាយ ២៦:៣៦–៤២ ហើយរកមើលពាក្យ ឬឃ្លានានាដែលពិពណ៌នាអំពីអារម្មណ៍ដែលព្រះយេស៊ូវបានទទួលនៅក្នុងសួនច្បារគែតសេម៉ានី ។ តើព្រះយេស៊ូវបានជួបបទពិសោធន៍អ្វីខ្លះ ដែលបានបណ្ដាលឲ្យទ្រង់មានអារម្មណ៍របៀបនេះ ? សូមផ្ដល់ឱកាសឲ្យកុមារចែកចាយអារម្មណ៍របស់ពួកគេអំពីព្រះយេស៊ូវ និងពលិកម្មរបស់ទ្រង់សម្រាប់យើង ។
-
សូមឲ្យកុមារចែកចាយពីគ្រាមួយដែលពួកគេបានមានអារម្មណ៍សោកសៅ ឬឈឺចាប់ ។ សូមសួរកុមារប្រសិនបើពួកគេស្គាល់នរណាម្នាក់ដែលមានអារម្មណ៍ដូចគ្នានេះ ។ សូមពន្យល់ថា នៅក្នុងសួនច្បារគែតសេម៉ានី ព្រះយេស៊ូវបានទទួលអារម្មណ៍នូវអស់ទាំងការឈឺចាប់ និងទុក្ខសោកដែលមនុស្សគ្រប់រូបធ្លាប់បានមាន ។ ទ្រង់ធ្វើបែបនេះ ប្រយោជន៍ឲ្យទ្រង់អាចលួងលោមយើង ពេលយើងត្រូវការទ្រង់ ( សូមមើល អាលម៉ា ៧:១១–១២ ) ។
-
សូមឲ្យកំណាត់ឈើមួយដែលវែងជាងទទឹងនៃទ្វារចូលថ្នាក់រៀនដល់កុមារ ហើយសុំឲ្យគាត់កាន់វាផ្ដេក ហើយព្យាយាមដើរកាត់តាមទ្វារនោះ ។ សូមពន្យល់ថា ឈើនោះតំណាងឲ្យអំពើបាបរបស់យើង ដែលរារាំងយើងមិនឲ្យចូលទៅក្នុងនគររបស់ព្រះបាន ។ សូមដកឈើនោះចេញដើម្បីបង្ហាញថា ព្រះយេស៊ូវបានលើកដាក់មកលើអង្គទ្រង់នូវអំពើបាបរបស់យើង ដើម្បីឲ្យយើងអាចត្រូវបានអភ័យទោស កាលយើងប្រែចិត្ត ។
ខ្ញុំអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវដោយគោរពប្រតិបត្តិដល់ព្រះវរបិតាសួគ៌ ។
ព្រះយេស៊ូវបានបង្ហាញការគោរពប្រតិបត្តិដល់ព្រះវរបិតាសួគ៌ កាលទ្រង់បានមានបន្ទូលថា « កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » ( លូកា ២២:៤២ ) ។ តើអ្នកអាចជួយកុមារឲ្យរៀនសូត្រចេញពីគំរូរបស់ព្រះយេស៊ូវដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមទន្ទេញចាំឃ្លានេះ « កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » ( លូកា ២២:៤២ ) ជាមួយនឹងកុមារ ហើយពិភាក្សាពីអត្ថន័យនៃឃ្លានេះ ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីគោរពតាមព្រះហឬទ័យរបស់ព្រះវរបិតាសួគ៌ ?
-
សូមជួយកុមារឲ្យរកមើលបទបញ្ញត្តិមួយចំនួនដែលពួកគេបានគោរពតាម ។ សូមសួរ ៖ តើពរជ័យអ្វីខ្លះដែលអ្នកបានទទួលដោយការគោរពប្រតិបត្តិដល់ព្រះវរបិតាសួគ៌ ទោះបីជានៅពេលវាពិបាកក្ដី ? សូមឲ្យពួកគេចែកចាយបទពិសោធន៍ និងទីបន្ទាល់របស់ពួកគេផងដែរ ។
ខ្ញុំអាចទទួលបានជំនួយ នៅពេលខ្ញុំអធិស្ឋាន ។
នៅពេលព្រះយេស៊ូវបានអធិស្ឋាននៅក្នុងសួនច្បារគែតសេម៉ានី នោះមានទេវតាមួយអង្គបានលេចមកដើម្បីចម្រើនកម្លាំងដល់ទ្រង់ ។ តើកុមារដែលអ្នកបង្រៀនយល់ថា ពួកគេក៏អាចអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌សុំកម្លាំងផងដែរ ដែរឬទេ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់ដំណើររឿងនៅក្នុង លូកា ២២:៤១–៤៣ ដល់កុមារ ( ប្រហែលដោយការប្រើ « ជំពូកទី ៥១ ៖ ព្រះយេស៊ូវរងទុក្ខនៅឯសួនច្បារគែតសេម៉ានី » រឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១២៩–៣២ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ LDS.org ) ។ សូមពន្យល់ថា នៅពេលព្រះយេស៊ូវបានអធិស្ឋាន នោះព្រះវរបិតាសួគ៌បានបញ្ជូនទេវតាមួយអង្គឲ្យមកចម្រើនកម្លាំងដល់ទ្រង់ ។ តើព្រះវរបិតាសួគ៌បញ្ជូននរណាមកពង្រឹងកម្លាំងដល់យើង ?
-
សូមបង្ហាញរូបភាពទេវតាលួងលោមព្រះគ្រីស្ទនៅក្នុង គម្រោងសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ហើយសូមចែកចាយបទពិសោធន៍មួយដែលអ្នកមានអារម្មណ៍ថា បានរឹងមាំឡើងដោយសារព្រះវរបិតាសួគ៌ ។
លើកទឹកចិត្តឲ្យរៀនសូត្រនៅផ្ទះ
សូមអញ្ជើញកុមារឲ្យចែកចាយជាមួយគ្រួសាររបស់ពួកគេអំពីអ្វីដែលពួកគេនឹងធ្វើ អំឡុងពិធីសាក្រាម៉ង់ដើម្បីចងចាំដល់ព្រះយេស៊ូវ ។