« ថ្ងៃទី ២៧ ខែ ឧសភា–ថ្ងៃទី ២ ខែ មិថុនា ។ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១, ម៉ាថាយ ២៥, ម៉ាកុស ១២–១៣, លូកា ២១៖ ‹ កូនមនុស្សនឹងមក › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )
« ថ្ងៃទី ២៧ ខែ ឧសភា–ថ្ងៃទី ២ ខែ មិថុនា ។ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១, ម៉ាថាយ ២៥, ម៉ាកុស ១២–១៣, លូកា ២១ »ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២៧ ខែ ឧសភា–ថ្ងៃទី ២ ខែ មិថុនា
យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៥; ម៉ាកុស ១២–១៣; លូកា ២១
« កូនមនុស្សនឹងមក »
សូមសញ្ជឹងគិតអំពីអ្វីដែលកុមារដែលអ្នកបង្រៀនត្រូវការរៀនសូត្រពីក្នុង យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៥; ម៉ាកុស ១២–១៣ និង លូកា ២១ ។ សូមសម្របសម្រួលគំនិតនានាសម្រាប់កុមារធំៗនៅក្នុងគម្រោងមេរៀននេះ សម្រាប់កុមារតូចៗ ហើយគំនិតនានាសម្រាប់កុមារតូចៗសម្រាប់កុមារធំៗវិញតាមការគួរ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពមួយដែលទាក់ទងទៅនឹងដំណើររឿងមួយនៅក្នុងការអាននាសប្ដាហ៍នេះ ( ដូចជារូបភាពស្ដ្រីព្រហ្មចារីដប់នាក់មកពី គម្រោងសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ) ។ សូមឲ្យកុមារចែកចាយនូវអ្វីដែលពួកគេដឹងអំពីរឿងនេះ ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ពីមុនព្រះយេស៊ូវយាងមកម្ដងទៀត ដំណឹងល្អនឹងត្រូវបានប្រកាសដល់ពិភពលោកទាំងមូលហើយ ។
ព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់នឹងយាងមកម្ដងទៀត ហើយដំណឹងល្អនឹងត្រូវបានប្រកាសដល់ពិភពលោកទាំងមូល ។ កុមារអាចជួយបំពេញការព្យាករនេះដោយការចែកចាយដំណឹងល្អ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញផែនទី ភូគោល ឬ រូបភាពផែនដី ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៣ ) ហើយសូមជួយកុមារឲ្យនិយាយថា « ដំណឹងល្អនេះ… ត្រូវបានប្រកាសដល់ពិភពលោកទាំងមូល » ( យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:៣១ ) ។ ហេតុអ្វីបានជាព្រះវរបិតាសួគ៌មានព្រះទ័យឲ្យកូនចៅទាំងអស់របស់ទ្រង់ស្ដាប់ឮដំណឹងល្អរបស់ទ្រង់ ?
-
សូមឲ្យកុមារដើរព្រមគ្នានៅកន្លែងមួយ កាលអ្នកច្រៀងរួមគ្នានូវបទ « ខ្ញុំចង់ក្លាយជាអ្នកផ្សាយសាសនាពេលនេះ » និង « ហៅឲ្យបម្រើ » សៀវភៅចម្រៀងកុមារ ទំព័រ ៩០, ៩៤ ។ សូមឲ្យអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ឬដែលទើបតែត្រឡប់មកពីបេសកកម្មឲ្យចែកចាយបទពិសោធន៍របស់ពួកគេក្នុងការចែកចាយដំណឹងល្អ ហើយជួយកុមារឲ្យគិតអំពីរបៀបដែលពួកគេអាចចែកចាយដំណឹងល្អ ។
ខ្ញុំអាចប្រើអំណោយទានដែលព្រះបានប្រទានដល់ខ្ញុំ ។
កុមារតូចៗកំពុងរុករកអំណោយទាន និងសមត្ថភាពនានារបស់ពួកគេ ។ សូមជួយពួកគេឲ្យយល់ថា អំណោយទាន និងសមត្ថភាពទាំងនេះបានមកពីព្រះវរបិតាសួគ៌ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមយកកាក់បីបួនមកប្រើ នៅពេលអ្នកតំណាលរឿងប្រៀបប្រដូចអំពីទេពកោសល្យដែលមាននៅក្នុង ម៉ាថាយ ២៥:១៤–៣០ ។ អ្នកអាចសុំឲ្យកុមារបីនាក់មកធ្វើជាតំណាងឲ្យពួកទាំងបីនាក់ ។ សូមពន្យល់ថា នៅក្នុងជំនាន់របស់ព្រះយេស៊ូវទេពកោសល្យ សំដៅទៅលើប្រាក់ ប៉ុន្ដែនាពេលសព្វថ្ងៃនេះ ទេពកោសល្យ អាចមានន័យថា អំណោយទាន និងសមត្ថភាពរបស់យើង ។
-
សូមឲ្យកុមារប្រាប់ពីរបៀបដែលឪពុកម្ដាយ បងប្អូន គ្រូបង្រៀន ឬមិត្តភក្ដិរបស់ពួកគេបានជួយដល់ពួកគេ ។ តើសមត្ថភាពអ្វីដែលមនុស្សទាំងនេះមាន ដែលជួយពួកគេឲ្យបម្រើដល់មនុស្សដទៃបាន ?
-
សូមសរសេរសំបុត្រខ្លីមួយទៅកាន់កុមារប្រាប់ដល់ពួកគេម្នាក់ៗអំពីអំណោយទាន ឬសមត្ថភាពនានាដែលអ្នកកត់សម្គាល់ឃើញក្នុងពួកគេ ។ សូមបត់សំបុត្រនីមួយៗដូចជាអំណោយ ហើយសូមឲ្យកុមារបើក « អំណោយ » របស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យអភិវឌ្ឍអំណោយទានរបស់ពួកគេ ហើយប្រើវាដើម្បីបម្រើដល់មនុស្សដទៃ ។
ព្រះយេស៊ូវសព្វព្រះទ័យឲ្យខ្ញុំបម្រើដល់មនុស្សដទៃ ។
យើងបម្រើដល់ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវដោយការបម្រើដល់មនុស្សដែលនៅជុំវិញខ្លួនយើង ។ ទោះបីជាកុមារតូចៗក្ដីក៏អាចបម្រើដល់មនុស្សដទៃបានដែរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសង្ខេបរឿងប្រៀបប្រដូចនៅក្នុង ម៉ាថាយ ២៥:៣៤–៤៦ ។ សូមជួយកុមារឲ្យយល់ថា នៅពេលយើងបម្រើដល់មនុស្សដទៃ នោះយើងក៏កំពុងបម្រើព្រះយេស៊ូវដែរ ។
-
សូមលើករូបភាពកុមារមួយនៅក្នុងថ្នាក់របស់អ្នកឡើង អមដោយរូបភាពព្រះយេស៊ូវលាក់នៅក្រោយរូបភាពកុមារ ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីបម្រើដល់កុមាររូបនេះ ? សូមដករូបភាពកុមារចេញ ហើយពន្យល់ថា នៅពេលយើងបម្រើដល់គ្នាទៅវិញទៅមក នោះយើងកំពុងតែបម្រើដល់ព្រះយេស៊ូវដែរ ។
-
សូមឲ្យកុមារគូររូបភាពខ្លួនគេកំពុងបម្រើដល់មនុស្សដទៃតាមរបៀបដែលព្រះអង្គសង្គ្រោះបានរៀបរាប់នៅក្នុង ម៉ាថាយ ២៥:៣៥–៣៦ ។ សូមអញ្ជើញកុមារផ្សេងទៀតឲ្យទស្សន៍ទាយថា តើពួកគេគូរអ្វី ។
-
សូមឲ្យកុមារចែកចាយនូវបទពិសោធន៍នានា កាលនរណាម្នាក់បានបង្ហាញការបម្រើដូចជាព្រះគ្រីស្ទចំពោះពួកគេ ឬក្រុមគ្រួសាររបស់ពួកគេ ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ពីមុនព្រះយេស៊ូវយាងមកម្ដងទៀត ដំណឹងល្អនឹងត្រូវបានប្រកាសដល់ពិភពលោកទាំងមូលហើយ ។
កុមារដែលអ្នកបង្រៀនអាចជួយប្រកាសដំណឹងល្អទៅកាន់ពិភពលោកទាំងមូល ពីមុនការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារចែកចាយនូវពរជ័យផ្សេងៗដែលពួកគេបានទទួល ឬនឹងទទួល ដោយសារពួកគេគឺជាសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទ ។ សូមអាន យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:៣១ រួមគ្នា ហើយសួរកុមារថា តើដំណឹងល្អនឹងប្រទានពរដល់កូនចៅរបស់ព្រះទូទាំងពិភពលោកនេះដោយរបៀបណា ។
-
សូមបង្ហាញផែនទីពិភពលោក ឬផែនទីប្រទេសរបស់អ្នកដល់កុមារ ហើយជួយពួកគេឲ្យរកមើលកន្លែងមួយចំនួនដែលសមាជិកគ្រួសារ ឬមិត្តភក្ដិម្នាក់បានផ្សព្វផ្សាយដំណឹងល្អនៅក្នុងបេសកកម្មមួយ ។
-
សូមឲ្យកុមារពីរបីនាក់រៀបចំឡើងមកចែកចាយនូវរបៀបដែលសមាជិកគ្រួសាររបស់ពួកគេ ឬដូនតារបស់ពួកគេបានស្គាល់ដំណឹងល្អ ។ ប្រសិនបើអាច សូមឲ្យនរណាម្នាក់នៅក្នុងវួដដែលបានបម្រើបេសកកម្មពេញម៉ោងឲ្យចែកចាយបទពិសោធន៍មួយក្នុងការចែកចាយដំណឹងល្អ ។
-
សូមឲ្យកុមារមួយរូបសរសេរឈ្មោះនរណាម្នាក់ដែលគេអាចនិយាយអំពីដំណឹងល្អ ឬអញ្ជើញឲ្យមកព្រះវិហារបាន ។ សូមឲ្យកុមារសរសេរនូវរឿងដែលពួកគេអាចធ្វើបានដើម្បីក្លាយជាអ្នកផ្សព្វផ្សាយសាសនានាពេលនេះផងដែរ ។
ខ្ញុំទទួលខុសត្រូវលើការប្រែចិត្តជឿលើដំណឹងល្អដោយខ្លួនខ្ញុំផ្ទាល់ ។
រឿងប្រៀបប្រដូចអំពីស្ដ្រីព្រហ្មចារីដប់រូបបង្រៀនថា យើងមិនអាចខ្ចីការប្រែចិត្តជឿលើដំណឹងល្អរបស់យើងពីមនុស្សដទៃបានឡើយ ។ តើអ្នកអាចជួយកុមារឲ្យទទួលយកទំនួលខុសត្រូវសម្រាប់ការប្រែចិត្តជឿផ្ទាល់ខ្លួនគេដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារម្នាក់ និងឪពុកម្ដាយរបស់គេឡើងមកដោយរៀបចំជាមុនដើម្បីចែកចាយពីរបៀបដែលពួកគេបានរៀនអំពីរឿងប្រៀបប្រដូចអំពីស្ដ្រីព្រហ្មចារីដប់រូបនៅឯផ្ទះនាសប្ដាហ៍នេះ ។
-
សូមគូររូបចង្កៀងប្រេងមួយនៅលើក្ដារខៀន ហើយសរសេរឈ្មោះថា ទីបន្ទាល់ ។ សូមឲ្យក្រដាសមួយសន្លឹកដល់កុមារម្នាក់ៗដែលមានរៀងដូចជាតំណក់ប្រេងមួយតំណក់ ហើយសូមឲ្យកុមារម្នាក់ៗសរសេរនៅលើក្រដាសនោះនូវអ្វីមួយដែលគេនឹងធ្វើដើម្បីកាន់តែប្រែចិត្តជឿជាងមុនទៅលើដំណឹងល្អ ។ សូមបិទតំណក់ប្រេងរបស់ពួកគេនៅលើក្ដារខៀនជុំវិញចង្កៀងនោះ ។
-
សូមឲ្យកុមារជួយអ្នកធ្វើបញ្ជីនូវការណ៍នានាដែលត្រូវធ្វើ ដើម្បីរៀបចំទទួលភ្ញៀវពិសេសមួយរូប ។ តើការណ៍ទាំងនេះស្រដៀង ឬខុសគ្នាពីរបៀបដែលយើងអាចរៀបចំខាងវិញ្ញាណដើម្បីទទួលការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
សូមសរសេរការណ៍នានាដែលមិនអាចខ្ចីបាននៅលើក្រដាសប្រាំចម្រៀក ។ សូមសរសេរការណ៍នានាដែលអាចខ្ចីបាននៅលើក្រដាសប្រាំចម្រៀកផ្សេងទៀត ។ សូមច្របល់ចម្រៀកក្រដាសទាំងនោះចូលគ្នា ហើយសូមឲ្យកុមាររៀបបែងចែកវាជាពីរក្រុមនេះវិញ ។ សូមអាន ម៉ាថាយ ២៥:១–១៣ រួមគ្នា ។ ហេតុអ្វីបានជាវាសំខាន់ដើម្បីមិនរំពឹងលើមនុស្សដទៃសម្រាប់ការប្រែចិត្តជឿលើដំណឹងល្អរបស់យើង ?
នៅក្នុងការជំនុំជម្រះលើកចុងក្រោយ យើងនឹងប្រាប់ដំណើររឿងជីវិតរបស់យើងដល់ព្រះអម្ចាស់ ។
បន្ទាប់ពីការរស់ឡើងវិញ ព្រះនឹងកាត់សេចក្ដីយើងដោយផ្អែកលើការគោរពប្រតិបត្តិរបស់យើងតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ព្រមទាំងការទទួលយកពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះ ។ រឿងប្រៀបប្រដូចអំពីប្រាក់ និងរឿងប្រៀបប្រដូចអំពីសត្វចៀម និងពពែបង្រៀនយើងអំពីការជំនុំជម្រះចុងក្រោយនេះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់អាន ម៉ាថាយ ២៥:១៤–៣០ ហើយឲ្យសិស្សពាក់កណ្ដាលថ្នាក់ទៀតអាន ម៉ាថាយ ២៥:៣១–៤៦ ។ សូមឲ្យក្រុមទាំងពីរសម្ដែងរឿងប្រៀបប្រដូចដល់សិស្សនៅក្នុងថ្នាក់ ។
-
សូមឲ្យកុមារអាន ម៉ាថាយ ២៥:៣៥–៣៦ ជាដៃគូ ហើយធ្វើបញ្ជីរឿងមួយដែលពួកគេអាចធ្វើដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់គេចំពោះព្រះយេស៊ូវគ្រីស្ទ ។
លើកទឹកចិត្តឲ្យរៀនសូត្រនៅផ្ទះ
សូមឲ្យកុមារចែកចាយនូវរបៀបដែលពួកគេអាចក្លាយជាអ្នកផ្សព្វផ្សាយសាសនាដ៏ល្អមួយជាមួយនឹងគ្រួសាររបស់ពួកគេ ហើយប្រាប់គ្រួសារគេអំពីមនុស្សដែលពួកគេអាចចែកចាយដំណឹងល្អជាមួយ ។