ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៣០ ខែ ឧសភា–ថ្ងៃទី ៥ ខែ មិថុនា ។ ពួក​ចៅហ្វាយ ២–៤; ៦–៨; ១៣–១៦ ៖ « នោះ​ទ្រង់​ក៏​តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ »


« ថ្ងៃ​ទី ៣០ ខែ ឧសភា–ថ្ងៃទី ៥ ខែ មិថុនា ។ ពួក​ចៅហ្វាយ ២–៤; ៦–៨; ១៣–១៦ ៖ ‹ នោះ​ទ្រង់​ក៏​តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃ​ទី ៣០ ខែ ឧសភា–ថ្ងៃទី ៥ ខែ មិថុនា ។ ពួក​ចៅហ្វាយ ២–៤; ៦–៨; ១៣–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

ដេបូរ៉ា​ជាមួយ​កងទ័ព

រចនារូបភាព ដេបូរ៉ា​ដឹកនាំ​កងទ័ព​អ៊ីស្រាអែល © Lifeway Collection /បាន​ទទួល​អាជ្ញា​ប័ណ្ណ​ពី goodsalt.com

ថ្ងៃទី ៣០ ខែ ឧសភា–ថ្ងៃទី ៥ ខែ មិថុនា

ពួក​ចៅហ្វាយ ២–៤; ៦–៨; ១៣–១៦

« នោះ​ទ្រង់​ក៏​តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ »

មាន​រឿងរ៉ាវ​បំផុសគំនិត​ជាច្រើន​ដែលអាច​បាន​រកឃើញ​នៅក្នុង ពួក​ចៅហ្វាយ ២–៤; ៦–៨; ១៣–១៦ ។ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​ប្រើ​រឿងរ៉ាវ​ទាំងនេះ ដើម្បី​ជួយ​កុមារ​ឲ្យខិត​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ និង​មាន​បំណង​ចង់​ដើរ​តាម​ទ្រង់ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​អញ្ជើញ​កុមារ​ម្នាក់ៗ​ឲ្យ​ចែក​ចាយ​រឿង​មួយ​មកពី​ព្រះគម្ពីរ​ដែល​ពួកគេ​បាន​រៀន​ថ្មីៗនេះ ។ បន្ទាប់​មក សុំ​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន​មកពី​រឿង​ទាំងនេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ពួកចៅហ្វាយ ៣:៩

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្រ្គោះ​របស់​ខ្ញុំ ។

នៅពេល​ដែល​សាសន៍​អ៊ីស្រាអែល​បាន​អធិស្ឋាន​ដល់​ព្រះអម្ចាស់ ទ្រង់​បាន​តែងតាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​ដល់​ពួកគេ ។​ សូម​ជួយ​កុមារ​ឲ្យ​ឃើញ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គសង្រ្គោះ​ដែល​ព្រះ​បាន​តែងតាំង​មកដល់​យើង ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ពន្យល់​ដល់​កុមារថា នៅពេល​ដែល​សាសន៍​អ៊ីស្រាអែល​ឈប់​ធ្វើតាម​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់ ពួកគេ​បាន​បាត់បង់​ការ​ការពារ​របស់​ទ្រង់ ហើយ​ត្រូវ​ធ្វើ​ឲ្យ​បរាជ័យ​ដោយសារ​ខ្មាំងសត្រូវ​របស់​ពួកគេ ។ សូម​អាន​មកពី ពួកចៅហ្វាយ ៣:៩ នូវ​ឃ្លា​ថា « ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា » ។ តើ​ពួក​សាសន៏​អ៊ីស្រាអែល​បានធ្វើ​អ្វីខ្លះ នៅពេល​ពួកគេ​ត្រូវការ​ជំនួយ ? សូម​ចែកចាយ​បទពិសោធន៍ នៅពេល​បងប្អូន​បាន​អធិស្ឋាន​ដើម្បី​សុំ​ជំនួយ ហើយ​ព្រះ​បាន​ឆ្លើយតប​ទៅនឹង​ការអធិស្ឋាន​របស់​បងប្អូន ។

  • សូម​អានពី ពួកចៅហ្វាយ ៣:៩ នូវ​ឃ្លាថា « នោះ​ទ្រង់​ក៏​តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ » ហើយ​អញ្ជើញ​កុមារ​ឲ្យ​ថាតាម​បងប្អូន​ឲ្យ​បាន​ពីរបី​ដង ។ សូម​ពន្យល់​ថា អ្នក​ជួយ​សង្គ្រោះ​គឺជា​អ្នក​ដែល​ជួយ​រំដោះ​យើង ។ សូម​បង្ហាញ​កុមារ​នូវ​រូបភាព​មនុស្ស​មួយ​ចំនួន រួមទាំង​រូបភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដាក់​រូបភាព​នោះ​ផ្កាប់មុខ​ចុះ​នៅ​លើ​ឥដ្ឋ ។ សូម​ឲ្យ​កុមារ​ប្ដូរ​វេន​គ្នា​បើក​រូបភាព​នោះ ហើយ​រក​រូបភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​លើក​វាឡើង ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្រ្គោះ​ដែល​ព្រះ​បាន​តែងតាំង​ដើម្បី​ជួយ​សង្គ្រោះ​យើង​ពី​អំពើ​បាប និង​សេចក្តី​ស្លាប់ ។

គេឌាន និង កងទ័ព

គេឌាន​បាន​ទុកចិត្ត​លើ​ព្រះអម្ចាស់ © Lifeway Collection /licensed from goodsalt.com

ពួកចៅហ្វាយ ៦:១១–១៦; ៧:១–៨

ព្រះអម្ចាស់​អាចប្រើ​រឿង​តូចតាច​ដើម្បី​ធ្វើ​កិច្ចការ​ដ៏មហិមា ។

គេឌាន​បាន​ចាត់ទុក​ខ្លួនគាត់​ជា​អ្នកក្រ និង​ជា​មនុស្ស​មិនសូវ​សំខាន់ ប៉ុន្តែ​ព្រះ​បាន​ឃើញ​ថា គាត់ជា « អ្នក​ពូកែ​ក្លាហាន » ( ពួកចៅហ្វាយ ៦:១២ ) ។ សូម​ជួយ​កុមារ​ឲ្យ​ឃើញថា ទោះបីជា​ពួកគេ​មាន​អារម្មណ៏​ថា​តូច​ក៏ដោយ ក៏​ព្រះ​អាច​ធ្វើការ​តាមរយៈ​ពួកគេ​ដើម្បី​ធ្វើ​កិច្ចការ​ដែល​សំខាន់ៗ​បាន​ដែរ ( សូមមើល​អាលម៉ា ៣៧:៦–៧ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រាប់​កុមារថា ព្រះអម្ចាស់​ត្រូវការ​នរណា​ម្នាក់​ជួយ​ទ្រង់ រំដោះ​​ពួកសាសន៏​អ៊ីស្រាអែល​ពីសត្រូវ​របស់​ពួកគេ គឺពួក​ម៉ាឌាន ហើយ​ទ្រង់បាន​ជ្រើសរើស​យក​គេឌាន ។ សូម​អាន ពួកចៅហ្វាយ ៦:១៥ ទៅកាន់​កុមារ ហើយ​សូមសួរ​ពួកគេថា​ហេតុអ្វី​បានជា​គេឌាន​មិនមាន​អារម្មណ៏​ថា គាត់​អាច​ធ្វើអ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ ។ សូមអាន ខទី ១៦ហើយ​សួរ​ពួកគេ​ថា តើ​អ្នកណា​ដែល​ព្រះអម្ចាស់​បាន​និយាយ​ថា​នឹងជួយ​គេឌាន ។ សូម​ប្រាប់​កុមារ​អំពី​គ្រាមួយ នៅពេល​ព្រះ​អម្ចាស់​បាន​សុំឲ្យ​បងប្អូន​ធ្វើអ្វី​ដែល​ពិបាក​ដើម្បី​បម្រើ​ទ្រង់ ហើយ​បងប្អូន​បានមាន​អារម្មណ៏​ថា ទ្រង់​បាន​គង់​ជាមួយ​នឹង​បងប្អូន ។

  • សូម​ដាក់តាំង​បង្ហាញ​រូបភាព​កុមារ ឬ​យុវវ័យ​ធ្វើ​កិច្ចការ​ដ៏អស្ចារ្យ​នៅក្នុង​ការបម្រើ​ព្រះ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អលេខ ១៩, ២៣​, ៩០​, ១០២ ) ឬ​ប្រាប់​អំពី​ឧទាហរណ៍​ដែល​បងប្អូន​បាន​ឃើញ ។ សូម​ជួយ​កុមារ​ឲ្យគិត​អំពី​របៀប​ដែល​ពួកគេ​អាច​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ព្រះ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​គូររូប​ខ្លួន​ពួកគេ​ធ្វើ​កិច្ចការ​អស់ទាំង​នោះ ។

  • សូម​ប្រើ​ទំព័រ​សកម្មភាព​នៅ​សប្តាហ៍នេះ ដើម្បី​បង្រៀន​កុមារ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ធ្វើឲ្យ​កងទ័ព​អ៊ីស្រាអែល​មាន​ចំនួន​តិច​ជាង​មុន ដើម្បី​ឲ្យ​សាសន៍​អ៊ីស្រាអែល​ដឹងថា ព្រះចេស្ដា​របស់​ព្រះអង្គ​បាន​សង្គ្រោះ​ពួកគេ​ឲ្យ​រួច​ផុតពី​ខ្មាំង​សត្រូវ​របស់​ពួកគេ ។ សូម​ចែកចាយ​ឧទាហរណ៍​នៃរឿង​តូចតាច​ដែល​អាច​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​បាន ដូចជា​ឃ្មុំ​ប្រមូល​ទឹក​ដមផ្កា​ដើម្បី​ធ្វើជា​ទឹកឃ្មុំ ។ សូម​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​ថា ព្រះអាច​ជួយ​យើង​ធ្វើ​កិច្ចការ​ដ៏​មហិមា ទោះបីជា​នៅ​ពេល​យើង​មាន​អារម្មណ៏​ថា​តូច​ក៏​ដោយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ពួក​ចៅហ្វាយ ៣:៧–៩, ១២–១៥

ព្រះយេស៊ូវគ្រីស្ទ​គឺជា​អង្គ​សង្គ្រោះ​របស់​ខ្ញុំ ។

ពួក​ចៅហ្វាយ ៣ សូម​ពិពណ៌នា​អំពី​វដ្ត​មួយ​ដែល​បងប្អូន​អាចប្រើ​ដើម្បី​បង្រៀន​កុមារថា ព្រះ​សង្គ្រោះ​យើង​ពី​អំពើ​បាប​តាមរយៈ​ព្រះអង្គសង្រ្គោះ​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​នៅលើ​ក្ដារខៀន​ដូច​តទៅ​នេះ ៖ « បាន​ប្រព្រឹត្ត​សេចក្តី​ដែល​លាមក​អាក្រក់ » « បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា » និង « តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ » ។ សូម​ឲ្យ​កុមារ​ខ្លះ​ស្វែងរក​ឃ្លា​ទាំងនេះ​នៅក្នុង ពួក​ចៅហ្វាយ ៣:៧–៩ហើយ​អញ្ជើញ​កុមារ​ផ្សេងទៀត​ឲ្យ​រក​នៅ​ក្នុង ពួក​ចៅហ្វាយ ៣:១២–១៥ ។ សូម​ពន្យល់​ដល់​កុមារ​ថា នៅក្នុង​ព្រះគម្ពីរ​ពួកចៅហ្វាយ ពួក​សាសន៍​អ៊ីស្រាអែល​បាន « ប្រព្រឹត្ត​សេចក្តី​ដែល​លាមក​អាក្រក់ » ម្តងហើយ​ម្តងទៀត ។ បន្ទាប់​មក នៅពេល​ដែល​ខ្មាំង សត្រូវ​របស់​ពួកគេ​មក​វាយ​លុក ពួកគេ​បាន « អំពាវនាវ​ដល់​ព្រះយេហូវ៉ា » ហើយ​ព្រះអម្ចាស់ « តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ » ដើម្បី​ជួយ​ដល់​ពួកគេ ។ តើ​យើង​រៀនអ្វីខ្លះ​អំពី​ព្រះអម្ចាស់​មកពី​វដ្តនេះ ?

  • សូម​ច្រៀង​ចម្រៀង​ជាមួយ​គ្នា​មួយ​បទ​ដែល​ជួយ​ឲ្យ​កុមារ​យល់ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គ​ប្រោសលោះ និង​ព្រះអង្គ​សង្គ្រោះ​របស់​ពួកគេ ដូចជា​បទ « ទ្រង់​បញ្ជូន​បុត្រា​ទ្រង់មក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២០ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អារម្មណ៏​របស់​ពួកគេ​អំពីអ្វី​ដែល​ព្រះអង្គសង្រ្កោះ​បានធ្វើ​ដើម្បី​រំដោះ​យើង​ពី​អំពើ​បាប ការសាកល្បង​ទុក្ខព្រួយ និង​សេចក្តីស្លាប់ ។

ពួកចៅហ្វាយ ៤:១–១៥

ខ្ញុំ​អាច​ស្មោះត្រង់​នឹង​ព្រះអម្ចាស់ ទោះបី​អ្នកដទៃ​មិន​ស្មោះត្រង់​ក៏ដោយ ។

ទោះបីជា​ពួក​សាសន៍​អ៊ីស្រាអែល​ជាច្រើន​បាន​ឃ្លាតឆ្ងាយ​ពី​ព្រះអម្ចាស់​ក៏ដោយ ក៏មាន​អ្នកខ្លះ​នៅតែ​ស្មោះត្រង់​នឹង​ទ្រង់ ហើយ​អាច​ជួយ​អ្នក​ដទៃ​ជាច្រើន​ឲ្យ​ត្រឡប់​មក​រក​សេចក្តី​សុចរិត​វិញ​ដែរ ។ តើ​បងប្អូន​អាច​ជួយ​លើក​ទឹកចិត្ត​កុមារ​ឲ្យ​នៅ​ស្មោះត្រង់​នឹង​ព្រះអម្ចាស់ ដោយ​មិន​ខ្វល់​ពី​ទង្វើ​របស់​អ្នកដទៃ​យ៉ាង​ដូចម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រាប់​កុមារថា នៅក្នុង​អំឡុង​ពេលមួយ​ដែល​សាសន៍​អ៊ីស្រាអែល​បានធ្វើ​អាក្រក់ ស្ត្រី​សុចរិត​ម្នាក់​ឈ្មោះ​ដេបូរ៉ា និង​មេបញ្ជាការ​កងទ័ព​អ៊ីស្រាអែល ឈ្មោះ​បារ៉ាក បាន​រំដោះ​ពួកអ៊ីស្រាអែល​ពី​សត្រូវ​របស់​ពួកគេ ( សូមមើល ពួកចៅហ្វាយ ៤:១–១៥ ) ។ សូម​អាន​ជាមួយគ្នា ពួកចៅហ្វាយ ៤:១៤ ហើយ​សូម​សួរ​កុមារ​ឲ្យ​ស្វែងរក​អ្វីមួយ​ដែល​ដេបូរ៉ា​បាន​និយាយ ដែល​បង្ហាញ​អំពី​ជំនឿ​របស់​នាង​លើ​ព្រះអម្ចាស់​យ៉ាង​ខ្លាំង ។ សូមឲ្យ​កុមារ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៨៨ ដើម្បី​ស្វែងរក​គោលការណ៍​ដែល​មាន​នៅក្នុង ពួកចៅហ្វាយ ៤:១៤ ។ សូម​លើកទឹកចិត្ត​ឲ្យ​ពួកគេ​ចែកចាយ​នូវអ្វី​ដែល​ព្រះអម្ចាស់​សន្យា ថា « ត្បិត​យើង​នឹង​ទៅ​ពីមុខ​អ្នក » មាន​ន័យ​យ៉ាង​ដូចម្តេច​ចំពោះ​ពួកគេ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការ​គោរព​បទបញ្ញត្តិ ដូចជា​បទ « ជ្រើស​ផ្លូវ​ត្រូវ » ( ទំនុកតម្កើង លេខ ១៤៨ ) ឬ « ជ្រើស​រើស​ផ្លូវ​ត្រូវ » ( សៀវភៅ​ចម្រៀង​កុមារ » ទំព័រ ៨២ ) ។ តើ​យើង​អាច​ក្រោក​ឈរ​សម្រាប់​សេចក្ដី​សុចរិត ហើយ​គោរព​បទបញ្ញត្តិ ទោះបី​អ្នក​ផ្សេងទៀត​នៅជុំវិញ​យើង​មិនធ្វើ យ៉ាង​ដូចម្តេច ?

ពួកចៅហ្វាយ ៧

មាគ៌ា​របស់​ព្រះ គឺខុស​ពី​មាគ៌ា​របស់​លោកិយ ។

ព្រះអម្ចាស់​បាន​សុំ​អោយ​គេឌាន​ធ្វើ​នូវអ្វី​ដែល​គាត់​ប្រហែល​ជា​មិន​យល់​ទេ នៅ​ពេល​នោះ ។ តើ​មាន​អ្វីខ្លះ​បាន​បំផុសគំនិត​ដល់​បងប្អូន​អំពី​រឿង​របស់​គាត់ ? តើ​បងប្អូន​មាន​អារម្មណ៏ថា រឿងនេះ​អាច​ផ្ដល់​ពរជ័យ​ដល់​កុមារ​ដែល​បងប្អូន​បង្រៀន​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ស្រមៃ​ថា ពួកគេ​ត្រូវការ​ប្រមូល​កងទ័ព​រួមគ្នា​ដើម្បី​ទៅ​ប្រយុទ្ធ ។ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ពួកគេ​ត្រូវការ​នៅក្នុង​កងទ័ព​របស់​ពួកគេ ? ដោយ​ប្រើ ពួកចៅហ្វាយ ៧:៤–៧សូម​អញ្ជើញ​កុមារ​ឲ្យ​សម្ដែងនូវ​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​ដល់​គេឌាន​ឲ្យ​ជ្រើសរើស​កងទ័ព​ដែល​នឹង​រំដោះ​ពួក​អ៊ីស្រាអែល​ពី​ពួក​ម៉ាឌាន ។ ហេតុអ្វី​បានជា​ព្រះអម្ចាស់​ចង់ឲ្យ​កងទ័ព​របស់​គេឌាន​មាន​ចំនួន​តិច​យ៉ាង​ដូច្នេះ ? ( សូម​មើល ពួកចៅហ្វាយ ៧:២ ) ។ ហេតុអ្វី​បានជា​ការធ្វើតាម​បញ្ជា​របស់​ព្រះអម្ចាស់​ប្រហែលជា​ពិបាក​សម្រាប់​គេឌាន និង​កងទ័ព​របស់​គាត់ ? សូម​ឲ្យ​កុមារ​ចែកចាយ​នូវ​បទពិសោធន៍​នានា នៅពេល​ពួកគេ​រៀន​ទុកចិត្ត​លើ​ព្រះអម្ចាស់ ទោះបីជា​ការ​ធ្វើ​ដូច្នោះ​វា​ពិបាក​យ៉ាងណា​ក៏ដោយ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូបភាព​ដាវ ខែល ត្រែ ចន្លុះ និង​ក្អម ។ សូម​សួរ​កុមារ​ថា តើ​វត្ថុ​ទាំងនេះ​ណាមួយ​ដែល ពួកគេ​នឹងយក​ទៅ​ជាមួយ ពួក​គេ​ទៅក្នុង​សមរភូមិ ប្រយុទ្ធ ។ សូម​អញ្ជើញ​ពួកគេ​អាន ពួកចៅហ្វាយ ៧:១៦ ដើម្បី​រៀន​អំពី​អ្វី​ដែល​ពលទ័ព​របស់​គេឌាន​យក ទៅ ជាមួយ​ពួកគេ ។ ហេតុអ្វី​បានជា​ត្រូវមាន​ភាពក្លាហាន​ដើម្បី​ធ្វើ បែប នេះ ? សូម​អាន​ជាមួយ គ្នា ពួកចៅហ្វាយ ៧:១៩–២១ ដើម្បី​រៀន​ពីរបៀប​ដែល​ពួកកងទ័ព​ប្រើ​ត្រែ និង​ក្អម ដើម្បី​កម្ចាត់​ពួកម៉ាឌាន ។ តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់​មក​ពី​រឿង​នេះ ?

រូប​តំណាង​ការរៀនសូត្រ

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ចែកចាយ​ជាមួយ​នឹង​សមាជិក​គ្រួសារ​ម្នាក់​អំពី​រឿង​មួយ​ដែល​ពួកគេ​បាន​រៀន​ថ្ងៃនេះ ដែល​ធ្វើឲ្យ​ពួកគេ​ចង់​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កែសម្រួល​សកម្មភាព​ឲ្យ​ស្រប​ទៅ​នឹង​តម្រូវការ ។ សូម​កុំ​ចាត់ទុក​គម្រោង​មេរៀន​ទាំងនេះ​ថា ជា​ការណែនាំ​ដែល​បងប្អូន​ត្រូវ​តែ​ធ្វើ​តាម​នោះទេ ។ ប៉ុន្ដែ សូម​ប្រើ​វា​ជា​ប្រភព​នៃ​គំនិត​បន្ថែម​ដើម្បី​បណ្ដុះ​ការបំផុស​គំនិត​ផ្ទាល់ខ្លួន​របស់​បងប្អូន កាលដែល​បងប្អូន​សញ្ជឹងគិត​អំពី​តម្រូវការ​របស់​កុមារ​ដែល​បងប្អូន​បង្រៀន ។ ឧទាហរណ៍ នៅក្នុង​ករណី​មួយចំនួន​បងប្អូន​អាច​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​កែសម្រួល​សកម្មភាព​សម្រាប់​កុមារ​តូចៗ ដើម្បី​បង្រៀន​កុមារ​ធំៗ ឬ​កែសម្រួល​សកម្មភាព​សម្រាប់​កុមារ​ធំៗ ដើម្បី​បង្រៀន​កុមារ​តូចៗ​វិញ ។